ដោយនឹករឭកអតីតកាលធ្លាប់ទស្សនាវីដេអូឯកសារបញ្ចាំតាមកញ្ចក់ទូរទស្សន៍និងការមើលឃើញពីកង្វះព័ត៌មានផ្សព្វផ្សាយពីជីវៈចម្រុះដ៏សម្បូរបែបនៅប្រទេសកម្ពុជាទើបលោក សុខ វិជ្ចា ជារុក្ខវិទូមួយរូប បានការផ្ដួចផ្ដើមបង្កើតជាក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជានេះឡើង។
បង្កើតឡើងក្នុងឆ្នាំ២០២២ ក្រុមនេះសមាជិកចំនួន ៣នាក់ ក្នុងបំណងផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវជីវៈចម្រុះរុក្ខជាតិ សត្វ អម្បូរប៉ារ៉ាស៊ីតដែលស្ថិតនៅក្នុងស្ថានប្រព័ន្ធនៃជីវៈចម្រុះទាំងមូល។
លោក វិជ្ចា ជារុក្ខវិទូនិងជាអ្នកស្រាវជ្រាវជីវៈចម្រុះនិងជាសមាជិកក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជាបានប្រាប់ SR News ឱ្យដឹងថា៖ «ខ្ញុំបង្កើតក្រុមនេះឡើងដែលមានសមាជិក៣រូបហើយមើលឃើញប្រទេសយើងមានការកង្វះព័ត៌មានក្នុងការផ្សព្វផ្សាយអំពីជីវៈចម្រុះនៅប្រទេសយើងដូចជាព័ត៌មាននិយាយពី សត្វ និយាយពីរុក្ខជាតិអីអត់មានអ្នកធ្វើទេ»។
អ្នកស្រាវជ្រាវជីវៈចម្រុះរូបនេះបានរំឭកប្រាប់ថា៖ «សម័យខ្ញុំនៅក្មេងៗ គឺគេមានឯកសារសត្វដែលនិយាយភាសាខ្មែរមើលនៅលើទូរទស្សន៍បានតែសព្វថ្ងៃអត់ឃើញមានអ្នកផលិតទេ។ ណាមួយខ្ញុំជំនាញខាងរុក្ខជាតិស្រាប់ក៏ខ្ញុំបង្កើតក្រុមនឹងឡើងបំណងចង់ផ្សព្វផ្សាយព័ត៌មានអំពីរុក្ខជាតិដើម្បីឱ្យប្រជាជនយើងបានដឹងពីអត្ថប្រយោជន៍របស់វា»។
លោកបានចងក្រងឯកសារស្រាវជ្រាវដើម្បីចែករំលែកចំណេះដឹងអំពីរុក្ខជាតិ ជាប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជា ដើម្បីឱ្យប្រជាជនយើងបានដឹងពីអត្ថប្រយោជន៍របស់រុកក្ខជាតិទាំងនោះផងដែរ។
ក្នុងកិច្ចការស្រាវជ្រាវនេះលោកវិជ្ចា មានការចាប់អារម្មណ៍ជាខ្លាំងទៅលើអម្បូរផ្កា រុក្ខជាតិ និងសត្វកម្រៗនៅប្រទេសកម្ពុជា។
រុក្ខវិទូ និងជាអ្នកស្រាវជ្រាវជីវៈចម្រុះរូបនេះបានបន្តថា៖ «សម្រាប់ការសិក្សាស្រាវជ្រាវនេះដែរខ្ញុំចាប់អារម្មណ៍ជាងគេទៅលើអម្បូររុក្ខជាតិផ្កាកេសរកូលព្រៃ រុក្ខជាតិចាប់សត្វល្អិត ផ្នែកសត្វវិញមានដូចជាពពួកសត្វល្អិត សត្វស្លាបមួយចំនួន និងសត្វកម្រៗ ដែលមានវត្តមាននៅក្នុងប្រទេសពីសម័យមុនហើយសព្វថ្ងៃមានការបាត់បង់វត្ដមាន»។
លោកបានលើកឡើងថា៖ «ឧទាហរណ៍ដូចជាសត្វរមាសសត្វគោព្រៃ ដែលបានផុតពូជទៅហើយ ខ្ញុំបានចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺសត្វឈ្មុសទេស (សំពោចក្រអូប) នៅស្រុកខ្មែរនៅមាននៅឡើយទេនាពេលបច្ចុប្បន្ន»។
មូលហេតុនៃការវិនាសរបស់សត្វឈ្មុសទេសដែលជាថនិកសត្វម្យ៉ាងមានទឹកកាមក្លិនក្រអូប នាំឱ្យមានការប្រមាញ់សម្លាប់ដោយព្រានព្រៃដើម្បីយកទៅលក់ឱ្យឈ្មួញទុចរិតប្រមូលទិញ យកទៅធ្វើគ្រឿងក្រអូប ឬទឹកអប់។នេះបើយោងតាមការលើកឡើងរបស់លោក វិជ្ចា។
ចំណែករុក្ខជាតិផ្កាកេសរកូលព្រៃ នៅប្រទសកម្ពុជាមានចំនួនច្រើន តែមិនទាន់មានការស្រាវជ្រាវលម្អិតនៅឡើយទេថាមានប៉ុន្មានប្រភេទនៅឡើយនោះទេ។
លោកបានឱ្យដឹងថា នាពេលសព្វថ្ងៃនេះគេអាចកំណត់ប្រភេទកេសរកូលត្រឹមតែជាង ៥០០ប្រភេទប៉ុណ្ណោះដោយទាមទារការសិក្សារុករកបន្ថែម។
ការចុះទៅស្រាវជ្រាវនេះផងដែរក៏ជួបឧបសគ្គជាច្រើនរួមមាន ខ្វះមធ្យោបាយធ្វើដំណើរ បញ្ហាអាកាសធាតុតំបន់ខ្លះមានសត្វកាចសាហាវ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលតម្រូវឱ្យមានអ្នកនាំផ្លូវស្គាល់ទីតាំងច្បាស់លាស់។
សមាជិកក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជារូបនេះបានបន្តថា៖ «សម្រាប់ការស្រាវជ្រាវរបស់ខ្ញុំក៏មានជួបបញ្ហាមួយចំនួនដែរតែអ្វីដែលរៀងចោទជាគេនោះគឺបញ្ហាមីននៅស្រុកយើង ដោយហេតុថានៅផ្ទៃដីនៅស្រុកយើងមិនទាន់ការរាវមីនអស់នៅឡើយទេ»។
លោក វិជ្ចា បន្តថា៖ «អ៊ីចឹងរាល់ពេលខ្ញុំចុះទៅស្រាវជ្រាវម្ដងៗខ្ញុំក៏មានការប្រយ័ត្នដែរយើងក៏រកអ្នកដែលស្គាល់ព្រៃច្បាស់លាស់ហើយធ្លាប់ដើរទើបយើងមានសុវត្ថិភាព។ ហើយក៏មានឧបសគ្គដូចជា ខ្វះមធ្យោបាយធ្វើដំណើរក្នុងការចូលតំបន់ព្រៃជ្រៅៗ»។
ក្រៅពីបញ្ហាមីននៅស្រុកយើងឧបសគ្គផ្សេងទៀតនោះរាល់ការចុះទៅព្រៃជ្រៅនេះទៀតសោតក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជាធ្វើដំណើរដោយរថយន្តបានត្រឹមតែផ្លូវធំ។ការបន្តដំណើរដោយថ្មើរជើងទៅដល់ទីតាំង អាចប្រឈមនឹងសត្វព្រៃកាចសាហាវមួយផង។
តាមរយៈការជម្នះឧបសគ្គទាំងនេះក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជា បានប្រើប្រាស់ព័ត៌មានពីការស្រាវជ្រាវរបស់ខ្លួនចេញផ្សាយជាសមិទ្ធផលសៀវភៅមគ្គុទេសក៍ស្តីពី កេសរកូលព្រៃចំនួន ៣ក្បាល សៀវភៅនិយាយអំពីវិធីដាំផ្កាកេសរកូល មានចំនួន ២ក្បាល និងសៀវភៅរុក្ខជាតិឱសថកម្ពុជាជាដើម។
ទោះយ៉ាងណាក្ដី តំណាងសមាជិកសក្រុមរូបនេះបានទទួលស្គាល់ថាការស្រាវជ្រាវ និងផ្ដល់ព័ត៌មានរបស់ក្រុមលោកនៅមានកម្រិតនៅឡើយ ដោយសារសមាជិកតែ៣នាក់ ប៉ុណ្ណោះដែលជាអ្នកជំនាញ។
រុក្ខវិទូរូបនេះបានបង្ហើបប្រាប់ថា៖«អ៊ីចឹងធ្វើឱ្យការទាញយកផលប្រយោជន៍ចេញពីធនធានធម្មជាតិក៏នៅមានកម្រិតដូចគ្នាឧទាហរណ៍ស្ដីពីការប្រើប្រាស់ ការកែច្នៃទៅជាវត្ថុប្រើប្រាស់ ឬរុក្ខជាតិឱសថ យើងនៅប្រើតិចបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងយើងនៅតិចជាងគេនៅឡើយ»។
យ៉ាងណាមិញក្រុមរបស់លោក វិជ្ចា នៅតែមានអារម្មណ៍រំភើបនឹងការងារសិក្សាស្រាវជ្រាវជីវៈចម្រុះនៅប្រទេសកម្ពុជាដែលភាគច្រើនមានតំបន់ព្រៃដែលពុំទាន់ត្រូវបានសិក្សា។
លោកបានលើកឡើងទៀតថា៖ «អ៊ីចឹងរាល់អ្វីដែលស្រាវជ្រាវចេញពីតំបន់ព្រៃក៏ដូចជាធនធានធម្មជាតិនៅប្រទេសយើងមានលក្ខណថ្មីមិនមែនមានលក្ខណថ្មីតែអ្នកស្រាវជ្រាវក្នុងស្រុកនោះទេ គឺថ្មីសម្រាប់អ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលមកពីក្រៅប្រទេសដូចគ្នា»។
ក្នុងនាមលោកជាអ្នកស្រាវជ្រាវជីវៈចម្រុះម្នាក់លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើងជួយថែរក្សាព្រៃឈើធនធានធម្មជាតិ ដោយទាញយកអនុផលព្រៃឈើមកជំនួសវិញដើម្បីទទួលបានប្រយោជន៍បានយូរអង្វែង ជាជាងការកាប់បំផ្លាញព្រោះតែប្រយោជន៍រយៈពេលខ្លី។
ប្រិយមិត្តចូលចិត្តចង់ស្វែងយល់អំពីរុក្ខជាតិនិងសត្វ អាចចូលទៅកាន់ទំព័រហ្វេសប៊ុក ជីវៈចម្រុះនៃប្រទេសកម្ពុជា៕