ភ្នំពេញៈ ការបង្ហើរខ្លែង កើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែររាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកាលកន្លងមក ខ្លែងខ្មែរ ជាពិសេសខ្លែងឯកស្ទើរតែបាត់បង់ការនិយមបង្ហើរកម្សាន្តលេង ដោយសារតែពលរដ្ឋខ្មែរមួយចំនួនមានជំនឿថា ខ្លែងជាវត្ថុអពមង្គល ប៉ុន្តែនៅឆ្នាំ២០២៤ ការបង្ហើរខ្លែងហាក់លេចវត្តមាន និងមានប្រជាប្រិយភាពមកវិញដោយមានការរៀបចំ នូវព្រឹត្តិការណ៍បង្ហើរខ្លែងជាច្រើនតាមបណ្តារាជធានី-ខេត្ត។
នាពេលនេះ សារព័ត៌មាន SR NEWS នឹងគាស់កកាយពីប្រវត្តិនិងការនិយមបង្ហើរខ្លែងរបស់ប្រជាជន ជូនអ្នកទាំងអស់ឱ្យបានដឹង៖
+ ប្រវត្តិខ្លែងខ្មែរ
នៅសម័យនគរភ្នំកាលពីដើមស.វទី១ ដល់ស.វទី៧ នៃគ.សជនជាតិខ្មែរ ចេះបង្ហោះខ្លែងរួចទៅហើយ ដោយការបង្ហោះខ្លែងនេះបានទទួលឥទ្ធិពលពីប្រទេសចិន។
លោក ហ្ស៊ក សឺដែស អ្នកបុរាណវិទូដែលបានសិក្សាស្រាវជ្រាវជាច្រើនពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបានរកឃើញសិលាចារឹកមួយនាគ.ស ៩៧២។ សិលាចារឹកនោះបានបញ្ជាក់អំពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងតង្វាយជាច្រើនមុខដូចជា មាសប្រាក់ សំរឹទ្ធិភ្លុក លង្ហិន ពាន គ្រឿងភ្លេង លំពែង និងខ្លែង៥ទៀតផង។ លោកហ្ស៊ក សឺដែសមិននឹកស្មានថា មានខ្លែង៥នៅក្នុងតង្វាយឯទៀតៗដែលសុទ្ធសឹងជាវត្ថុមានតម្លៃនោះសោះឡើយ ។ ប្រការដែលគួរឱ្យស្តាយនោះគឺសិលាចារឹកពុំបានប្រាប់ឱ្យដឹងថា តើខ្លែងដែលមានចំណែកនៅក្នុងរណ្តាប់តង្វាយនោះគេប្រើប្រាស់សម្រាប់ធ្វើអ្វីនោះឡើយ ។
នៅគ្រឹស្តសករាជ ១៥៩០ លោកកៀរ៉ូហ្សា ដីសង់ អង់តូនីញ៉ូជនជាតិព័រទុយហ្គាល់ ដែលបានធ្វើដំណើរមកកម្ពុជាបានសរសេរទុកថា «ប្រជាជនខ្មែរបានចាត់ចែងធ្វើពិធីបង្ហើរខ្លែងដែលធ្វើពីក្រដាសនិងដើមបបុស។ ខ្លែងនោះមានចងខ្សែវែង ហើយអាចហោះហើរឡើងទៅលើអាកាសបានកាលណាត្រូវខ្យល់បក់មក។ខ្លែងនោះមានបន្លឺស្នូរសំឡេងអ្វីមួយពីរោះគួរឱ្យចង់ស្តាប់» ។
ខ្លែងនៅក្នុងសង្គមខ្មែរមានច្រើនដូចជា ខ្លែងឯក ឬខ្លែងព្នងខ្លែងប្រម៉ង់ ខ្លែងកណ្តូង ខ្លែងកូនមាន់ ខ្លែងខ្លែងហៅប៉ៅ មេអំបៅខ្លែងផ្កាយ ខ្លែងខ្លោះ ខ្លែងផ្កា ជាដើម។ រូបរាងនៃខ្លែងមានការរចនាទៅតាមការចូលចិត្តរៀងៗខ្លួន និងទៅតាមការច្នៃប្រឌិតរបស់អ្នកធ្វើ។
+ ប្រវត្តិព្រះរាជពិធីបង្ហើរខ្លែង
តាមឯកសាររបស់វិជ្ជាស្ថានលំនៅខ្មែរ របស់បានបញ្ជាក់ថា «ការបង្ហើរខ្លែងគឺជាព្រះរាជពិធីមួយសម្រាប់គោរពបូជាដល់ព្រះចូឡាមណីចេតិយដែលប្រតិស្ឋាននៅវិមានត្រៃត្រឹង្ស ។ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥កើត ខែមិគសិរ។ គេបានរៀបចំធ្វើរោងពិធីនៅគ្រប់ទិសទាំងបួន និងរោងធំមួយនៅចំកណ្តាល ។ព្រះសង្ឃជាព្រះរាជាគណៈក្នុងព្រះនគរត្រូវបាននិមន្តមកចម្រើនព្រះបរិត្តនៅគ្រប់រោងទាំងប្រាំ ដែលមានអុជគោមបំភ្លឺនៅតាមរោងនីមួយៗព្រមទាំងមានយកខ្លែងប្រាំទៅដាក់តាំងនៅទីនោះផងដែរ ។ពិធីនោះបានធ្វើឡើងក្នុងរជ្ជកាលព្រះបាទ ស្រីសុរិយោពណ៌ ដែលគង់នៅព្រះបរមរាជវាំងឧដុង្គមានជ័យ។
លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានឱ្យដឹងថា ក្រោយតមកទៀតក្នុងរជ្ជការព្រះបាទសម្តេចអង្គដួង ព្រះរាជកិច្ចប្រារព្ធពិធីបង្ហើរខ្លែងក៏ត្រូវបានចាប់ផ្តើមធ្វើម្តងទៀត តាមលំនាំប្រពៃណីព្រះពុទ្ធសាសនា ។ ប៉ុន្តែរជ្ជកាលក្រោយៗមកទៀតបន្ទាប់ពីគ្រឹស្តសករាជ១៨៥៩ គេពុំឃើញមានការប្រារព្ធពិធីបង្ហើរខ្លែងនេះទៀតឡើយ។ប៉ុន្តែទោះបីយ៉ាងនេះក្តី កាលណារដូវរំហើយចូលមកដល់ គឺខ្យល់បក់មកពីទិសខាងជើងប្រជារាស្ត្រនៅគ្រប់ទិសទី នាំគ្នាបង្ហើរខ្លែងលេងកម្សាន្តទាំងចាស់ទាំងក្មេងក្រោយពីបានប្រមូលផលស្រូវរួចហើយ។ ខ្លែងដែលប្រជាជនលេងនៅតាមនិគមជនបទផ្សេងៗទូទាំងប្រទេសនោះចែកជាពីរផ្នែក ៖
-ចាស់ៗ និយមបង្ហើរខ្លែងព្នង ឬខ្លែងអែក ។
-ក្មេងៗលេងខ្លែង តូចៗដូចជាខ្លែងកណ្តូង ខ្លែងហោប៉ៅ ឬប្រប៉ៅខ្លែងផ្កាយ ខ្លែងគោម ខ្លែងប៉ោត ។ល។
+ ការរស់ឡើងវិញនៃពិធីបង្ហើរខ្លែង
កម្ពុជា បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនជំនាន់ដូចនេះហើយ ការបង្ហើរខ្លែង ក៏ពុំសូវមានការនិយម លេងផងដែរ។លុះសង្គ្រាមបញ្ចប់ទៅ កម្ពុជាបានខិតខំធ្វើឲ្យខ្លែងខ្មែររស់ឡើងវិញរហូតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៤ ដោយសារមានការផ្តួចផ្តើមគំនិតពីលោកអ៊ំព្រឹទ្ធាចារ្យស៊ឹម សារ៉ាក់ បានប្រមូលបានអ្នកស្នេហាខ្លែងចំនួន ២៧នាក់ ហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំអោយមានមហោស្រពខ្លែង លើកទី១។ ចាប់តាំងពីពេលនោះមកខ្លែងឯក ក៏បានចាប់លេចរូបរាងឡើងជាថ្មីម្តងទៀត ហើយមហោស្រពបង្ហោះខ្លែង ក៏បានរៀបចំឡើងរហូតមកដល់បច្ចុប្បន្ន។
ខ្លែងឯកបានចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិតាមបណ្តាប្រទេសនានាដូចជាប្រទេសកូរ៉េ ជប៉ុន បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អង់គ្លេស ។ល។ មិនតែប៉ុណ្ណោះយើងក៏មានសារមន្ទីរខ្លែងខ្មែរផងដែរ ដែលត្រូវបានបង្កើតនៅឆ្នាំ២០០៣ដើម្បីតម្កល់ទុកខ្លែងខ្មែរតែម្តង។
ចំណែកនៅឆ្នាំ២០២៤ គេសង្កេតឃើញថា ការបង្ហើរខ្លែងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ បងប្អូនប្រជាពលរដ្ឋជាពិសេសការបង្ហើរខ្លែងឯក ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរនិងខ្លែងសេរីប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយលើកតម្កើនមរតកវប្បធម៌ជាតិ និងជំរុញវិស័យទេសចរណ៍ វប្បធម៌ដែលមានការចូលរួមយ៉ាងច្រើនកុះករ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗសរុបចំនួនប្រមាណ ៥០០ខ្លែង៕