ជីវិត និង សង្គម

ពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ធ្វើឡើងដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញៈ ជារៀងរាល់ឆ្នាំនាថ្ងៃ ៤និង៥ កើត ខែជេស្ឋ ប្រជាជនរស់នៅក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញតែងតែរៀបចំប្រារព្ធពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» «អ្នកតាកាហ៊េ» ដើម្បីបន់ស្រន់សុំទឹកភ្លៀងនាដើមរដូវវស្សានិងសូមពរជ័យ សេចក្តីសុខចម្រើន ដល់មនុស្សសត្វទាំងពួង។

ជាចាស់ទុំក្នុងភូមិដែលបានឃើញនិងដក់ជាប់ទិដ្ឋភាពនៃពិធីសុំទឹកភ្លៀងនេះតាំងពីកុមារភាពមក អ្នកស្រី​ ទឺ គីម មានប្រសាសន៍បានសារព័ត៌មានSR ថា៖​ «កម្មវិធីហែរអ្នកតាព្រីងក្អែក​​នេះធ្វើឡើងដើម្បី​សុំសេចក្ដីសុខចម្រុងចម្រើន សុំទឹកភ្លៀង​តាមប្រពៃណីទំនៀមទម្លាប់ចាស់បុរាណមក។ កម្មវិធីនេះមាន ការប្រគេនចង្ហាន់ព្រះសង្ឃ សូត្រមន្ត​ប្រោះព្រំ​ មានការតុបតែងខ្លួន ដង្ហែទៅកាន់អ្នកតាព្រីងក្អែកនិងមានការ ប្រណាំងគោ សេះ។  

សកម្មភាពយុវជនគូរមុខដើម្បីចូលរួមកម្មវិធីហែ។ រូបភាព៖ រ៉ាសហ៊ីម

ស្ត្រីវ័យ៧២ឆ្នាំរូបនេះបន្តថាអ្នកស្រីមានជំនឿមុតមាំយ៉ាងខ្លាំងលើពិធីសុំទឹកភ្លៀងនេះ ព្រោះនាំឱ្យ គ្រួសារអ្នកស្រីនិងអ្នកភូមិជួបសុខសប្បាយ ហើយកូនប្រុសអ្នកស្រីចំនួន៣នាក់ បានស្នងប្តីរបស់ គាត់ចូលរួមក្នុងពិធីសុំទឹកភ្លៀង«ហែអ្នកតាព្រីងក្អែក» ពុំដែលខកខានឡើយ។

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខុសពីពិធីសុំទឹកភ្លៀងនៅតាមតំបន់ដ៏ទៃទៀតនោះគឺពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» នេះ មានមនុស្សចាស់ក្មេង ស្រីប្រុស​នាំគ្នា គូរមុខ គូរមាត់តុបតែងខ្លួនប្លែកៗ ជាតួអង្គ មនុស្សព្រៃ សត្វ ឬអមនុស្សដូចជា ព្រាយ ខ្មោចឬម្រិញគង្វាលជាដើម។ បន្ថែមពីនោះ ក៏មានការតែង ខ្លួនជាមេទ័ពកាន់ព្រះខ័នរាជ ដែលដឹកនាំមុខគេចេញដង្ហែក្បួនតាមដងផ្លូវ ឆ្ពោះទៅ កាន់ទីវាលស្រែ នៃដីទួលអ្នកតាព្រីងក្អែក។  

រូបភាព៖ រ៉ាស់ហ៊ីម

យុវជនវ័យ​ ២៧ឆ្នាំ​លោក​សុខ រ៉េត ដែលតុបតែងមុខជាតួ​យក្សបានឱ្យដឹងថា​ លោកមានបានចូល រួមកម្មវិធីហែអ្នកតាព្រីងក្អែកនេះប្រមាណ៥ឆ្នាំជាប់គ្នាមកហើយ​ ចំណែកការគូសមុខមាត់ តុបតែងខ្លួន​គឺគ្រាន់តែជា​​សិល្បៈ​កម្សាន្ត​ឱ្យមើលទៅប្លែកនិងបង្កការសប្បាយក្នុងកម្មវិធីនេះប៉ុណ្ណោះ ជាពិសេស អ្នកចូលរួមមិនត្រូវកំណត់អាយុឡើយ។

បុរសម្នាក់ទៀត ដែលតែងខ្លួនជាជនជាតិដើមភាគតិចលោក ​ចាន់ ជិន បានលើកឡើងថា លោកបានខកខាន តុបតែងខ្លួនចូលរួមពិធីនេះអស់រយៈពេល៧ឆ្នាំមកហើយដោយហេតុអៀនខ្មាស និងជាប់រវល់បំពេញការងារ ប៉ុន្តែឆ្នាំនេះ លោកសម្រេចចិត្តចូលរួមក្នុងពិធីនិងតុបតែងខ្លួនដង្ហែក្បួន ជាមួយអ្នកភូមិ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ពេលបានចូលរួមបែបនេះ បើខ្ញុំមិនចូលរួម និងផ្តើមថែរក្សាឡើងវិញនោះទេនោះវានឹងបាត់ជាមិនខាន ហើយបើខ្ញុំមិន​ធ្វើជាគម្រូ ក្មេងៗជំនាន់ ក្រោយដែលអៀនខ្មាសក៏ពួកគេមិនហ៊ានចូលរួមដែរ ចឹងយើងរួមគ្នាទាំងអស់គ្នា ថែរក្សាមរតក​ដូនតា កុំឱ្យបាត់​បង់។

រូបភាព៖ រ៉ាស់ហ៊ីម

នៅជុំវិញបរិវេណប្រារព្វពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ក៏មានរៀបចំនូវការកម្សាន្តនានា ដូចជា ការគប់ប៉ោងៗ ជិះកន្ត្រកវិលជិះទោង ការសម្តែងជិះម៉ូតូហោះ និងល្ខោនជាដើម ក្រៅពីនេះក៏ មានការតាំងលក់នូវភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខជាពិសេសមានការការពារសុខសុវត្ថិភាព របស់អ្នកចូលរួមបានយ៉ាងតឹងរ៉ឹង។  

រូបភាព៖ រ៉ាស់ហ៊ីម

អត្ថបទពេញនិយម

ស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ

គន្លឹះខ្លះៗជួយឱ្យអ្នកត្រៀមខ្លួនបានល្អ ពេលទៅមើលសមរាត្រីនៅអង្គរវត្ត

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence