ខែត្រជាក់ចូលមកដល់មនុស្សជាច្រើនអាចជួបប្រទះបញ្ហាស្បែកស្ងួត និងបែកស្រកាដែលនេះគឺជាបញ្ហាប្រឈមខ្លាំងបំផុតក្នុងរដូវរងា។
បញ្ហានេះអាចជៀសវាងបានប្រសិនបើយើងអនុវត្តតតិចនិកការពារស្បែកឱ្យបានត្រឹមត្រូវ។អ្នកនឹងអាចរក្សាស្បែកឱ្យមានសុខភាពល្អ មានសំណើម និងភ្លឺរលោង។
ខាងក្រោមនេះគឺជាតិចនិកមួយចំនួនក្នុងការថែរក្សាស្បែកនិងសម្រស់ក្នុងរដូវរងានេះ៖
១. ផ្តល់សំណើមដល់ស្បែកឱ្យបានញឹកញាប់
លាបក្រែមឬឡេផ្តល់សំណើមភ្លាមៗដល់ស្បែកមុខ និងដងខ្លួនបន្ទាប់ពីងូតទឹករួច។
២. ជៀសវាងការងូតទឹកក្តៅ
ទឹកក្តៅអាចកម្ចាត់ប្រេងធម្មជាតិចេញពីស្បែករបស់អ្នកដូច្នេះសូមជ្រើសរើសងូតទឹកក្តៅឧណ្ហៗ មិនក្តៅខ្លាំងឬងូតទឹកធម្មតាជំនួសវិញ ដោយកំណត់ពេលវេលាងូតទឹករបស់អ្នកត្រឹម ៥-១០នាទីបានហើយ។
៣. ផ្តល់សំណើមពីខាងក្នុង
ផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃតាមដែលអាចធ្វើទៅបានដើម្បីរក្សាជាតិទឹកនៅក្នុងខ្លួន។បន្ថែមពីនោះទៀតអ្នកអាចបញ្ចូលអាហារដែលមានជាតិទឹកខ្ពស់ ដូចជាត្រសក់ ក្រូច និងបន្លែបៃតងជាដើម ។
៤.ជូតសម្អាតស្បែកថ្នមៗបន្ទាប់ពីងូតទឹករួច
ជៀសវាងការដុសខាត់ ឬជូតសម្អាតស្បែកខ្លាំងៗ។ ចូរជ្រើសរើសផលិតផលដែលមានសារធាតុអាស៊ីតអាល់ហ្វាអ៊ីដ្រូស៊ីស៊ី (AHAs) មកលាបលើស្បែកជាប្រចាំដើម្បីប្រឆាំងនឹងភាពចាស់។
៥. ប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ
ការពារស្បែករបស់អ្នកជាមួយនឹងឡេការពារកម្តៅជាប្រចាំថ្ងៃទោះបីជាក្នុងរដូវរងាក៏ដោយព្រោះកាំរស្មី UV នៅតែអាចធ្វើឱ្យស្បែករបស់អ្នកខូចខាតបាន។
៦. ការពារបបូរមាត់របស់អ្នក
ចូរប្រើប្រាស់ក្រែមបំប៉នបបូរមាត់ដែលមានកម្រិតSPF ដើម្បីការពារការប្រេះនិងការស្ងួតបបូរមាត់។ ចូរលាបវាឱ្យបានញឹកញាប់ពេញមួយថ្ងៃ។
៧.ថែរក្សាស្រទាប់ស្បែកដោយប្រើប្រាស់សេរ៉ូម
ចាប់ផ្តើមប្រើប្រាស់ជាមួយនឹងសេរ៉ូមផ្តល់សំណើមដល់ស្បែកដែលមានផ្ទុកអាស៊ីត Hyaluronic ដែលជាសារធាតុផ្តល់សំណើមធម្មជាតិនិងរក្សាជាតិទឹកសម្រាប់ស្បែក។
៨. ស្លៀកសម្លៀកបំពាក់ការពារខ្សល់ត្រជាក់
ស្លៀកសម្លៀកបំពាក់ខោអាវរងានិងរុំករជាមួយនឹងកន្សែងដើម្បីការពារស្បែករាងកាយពីខ្យល់ត្រជាក់មកប៉ះលើស្បែក។
៩. ជៀសវាងការលាងសម្អាតដៃច្រើនដងពេក
ក្នុងរដូវត្រជាក់ចូរជៀសវាងការលាងសម្អាតដៃច្រើនដងក្នុងមួយថ្ងៃ។ចូរប្រើប្រាស់សាប៊ូលាងដៃដែលមានសំណើមស្រាលៗហើយលាបក្រែមដៃបន្ទាប់ពីលាងសម្អាតរួច។
១០. លាបឡេលើស្បែកមុខនិងដងខ្លួនរៀងរាល់យប់មុនចូលគេង
មុនចូលគេងចូរលាបឡេលើស្បែកជារៀងរាល់យប់ដែលនេះជាវិធីដែលជួយផ្តល់សំណើមដល់ស្បែកពេញមួយយប់សម្រាប់ការជួសជុលកោសិការនៅលើស្បែក។
តាមរយៈការប្រើប្រាស់តិចនិកទាំងអស់នេះអ្នកអាចការពារស្បែករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពពីរងឥទ្ធិពលអាក្រក់ដែលបណ្តាលមកពីបញ្ហាអាកាសធាតុត្រជាក់៕
តាខ្មៅ: ក្រោយពីដំណើរការចាប់តាំងពីឆ្នាំ២០១៩ ឥដ្ឋអេកូរាប់សិបដុំច្នៃពីសំរាមប្លាស្ទិក ទទួលបានការគាំទ្រច្រើនពីអតិថិជនហើយម្ចាស់សិប្បកម្មក៏បានអះអាងដែរថា ផលិតផលគ្រឿងវិស័យសំណង់នេះមិនត្រឹមតែជួយបរិស្ថានទេថែមទាំងមានគុណភាពអាយុកាលយូរអង្វែងក្នុងវិស័យសំណង់។
លោក សុខ ធី ស្ថាបនិកក្រុមហ៊ុន Eco-Bricksបានប្រាប់សារព័ត៌មាន SR News ថា៖ «ឥដ្ឋរបស់យើងអាចមានអាយុកាលជាង១០០ ឆ្នាំនិងមានកម្លាំងខ្លាំងជាងឥដ្ឋដីឥដ្ឋក្រហមស្តង់ដារពី ៥ទៅ ៦ដង»។
ទំរាំតែមានថ្ងៃនេះ ក្រុមហ៊ុនផលិតឥដ្ឋអេកូបានឆ្លងកាត់ឧបសគ្គជាច្រើនទាំងការខ្វះខាតដើមទុននិងវត្ថុធាតុដើម។
កាលណោះ លោក ធី មិនមានសូម្បីតែម៉ាស៊ីនសម្រាប់កិនប្លាស្ទិក។លោកត្រូវប្រើកន្ត្រៃ និងកាំបិត ដើម្បីកាត់ប្លាស្ទិក ជាបំណែកតូចៗ។
តាមរយៈការសិក្សាពីអ៊ីនធើណិតគួបផ្សំនឹងបទពិសោធន៍ពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និងឥណ្ឌាលោកបានចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ២០១៩។
រោងចក្រកែច្នៃសំរាមប្លាស្ទិកនេះក៏បានបំផុសគំនិតឲ្យប្រជាជនខ្មែរយល់ដឹងពីការកែច្នៃសំរាមទៅជាឥដ្ឋនិងបានធ្វើឲ្យពួកគេបានប្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាមឬដុតប្លាស្ទិក។
លោក សុខ ធី បានឱ្យដឹងថា៖ «ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំហើយឥដ្ឋមួយដុំមានតម្លៃ១០០០រៀលហើយអតិថិជនក៏អាចធ្វើការជ្រើសរើសប្រភេទឥដ្ឋអេកូ ទៅតាមការចង់បានផងដែរដោយមាន៣ ប្រភេទគឺ ឥដ្ឋឡាំតូ ឥដ្ឋសម្បកឈើ និងឥដ្ឋធម្មតា»។
សូម្បីតែដំណើរការផលិតឥដ្ឋអេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានផងដែរ។
លោកបានឱ្យដឹងទៀតថា៖ «យើងសម្ងួតឥដ្ឋដោយមិនប្រើឈើដុតសម្ងួតនោះទេដោយសង្វាក់ផលិតកម្មរបស់យើងធ្វើតាមបច្ចេកទេសដោយគ្រាន់តែស្រោចទឹកប៉ុណ្ណោះ។នេះក៏ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងកាត់បន្ថយតម្លៃថ្លៃដើមផងដែរ»។
សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះពានរង្វាន់ចំនួន៤សម្រាប់សហគ្រិនឆ្នើមប្រចាំឆ្នាំនិងបានលក់គម្រូអាជីវកម្មជាហ្វ្រេនឆាយទៅចំនួន១០ក្រុមហ៊ុនផ្សេងទៀដោយបង្រៀនបច្ចេកទេសផលិតដល់ក្រុមហ៊ុនទាំងនោះក្នុងការផលិតឥដ្ឋអេកូមានគុណភាពដូចគ្នានឹងក្រុមហ៊ុនមេ។
សិប្បកម្មផលិតឥដ្ឋអេកូមានទីតាំងស្ថិតនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក ឥដ្ឋអេកូ Eco-Bricksឬសូមទំនាក់ទំនងទូរសព្ទលេខ ០៨៥ ២២៤ ៤៦៦៕
Youtuberនិងអ្នកបង្កើតមាតិកាឌីជីថល កំពុងលក់ឃ្លីបវីដេអូដែលពួកគេមិនបានប្រើប្រាស់ ទៅកាន់ក្រុមហ៊ុន AI ដើម្បីបណ្តុះបញ្ញាសិប្បនិម្មិតជាថ្នូរនឹងប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងការចុះកិច្ចសន្យាផ្តាច់មុខម្តងៗ។
ក្រុមហ៊ុនដូចជា OpenAI, Google និង Moonvalley កំពុងទិញចូលនូវឃ្លីបវីដេអូដែលមិនបានផ្សាយនៅលើប្រព័ន្ធអនឡាញដោយគិតថា វីដេអូទាំងនេះពិតជាមានតម្លៃក្នុងការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិ ព្រោះវាជាមាតិកាខុសប្លែកពីគេ។
តម្លៃសម្រាប់វីដេអូមានចាប់ពី$1 ទៅ $4 ក្នុងមួយនាទី និងអាចមានតម្លៃកាន់តែខ្ពស់សម្រាប់វីដេអូកម្រិតគុណភាព4K វីដេអូថតដោយដ្រូន ឬវីដេអូដែលមានចលនាបែប 3D។ ភាគច្រើនវីដេអូដែលមិនបានប្រើប្រាស់ពី YouTube និងTikTok ត្រូវបានលក់ក្នុងតម្លៃ $1 ទៅ$2 ក្នុងមួយនាទី។
តម្រូវការសម្រាប់ទិន្នន័យវីដេអូនេះកើតឡើងដោយសារកម្មវិធីបង្កើតវីដេអូ AI ដាក់ដំណើរការដោយ OpenAI,Meta និង Adobe ត្រូវការទិន្នន័យវីដេអូប្លែកជាច្រើនក្នុងការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត។
ការលក់ចេញវីដេអូដែលមិនត្រូវបានប្រើប្រាស់គឺជាប្រភពចំណូលបន្ថែមមួយ សម្រាប់អ្នកបង្កើតមាតិកា។
Moonvalley បានបញ្ជាក់ថាពួកគេច្រើនតែទទួលទិន្នន័យសម្រាប់បណ្តុះបណ្តាលពីអ្នកបង្កើត និងអ្នកផលិតមាតិកា ដែលមានចំណាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យាលក់វីដេអូ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះក្រុមហ៊ុន AI បានទទួលការរិះគន់ចំពោះការប្រើប្រាស់មាតិកាអនឡាញដោយមិនបានបង់ប្រាក់។
ការដាក់ពាក្យបណ្តឹងលើOpenAI, Meta និងក្រុមហ៊ុនផ្សេងៗទៀតបានចោទប្រកាន់ពីការរំលោភសិទ្ធិចេញផ្សាយដោយប្រើសម្រង់អត្ថបទ រូបភាពនិងវីដេអូដោយគ្មានការអនុញ្ញាត។
កិច្ចសន្យាលក្ខណៈផ្តាច់មុខជាមធ្យោបាយស្របច្បាប់សម្រាប់អ្នកបង្កើតមាតិកាដើម្បីទទួលបានប្រាក់ចំណេញ ក៏ដូចជាការពារកម្មសិទ្ធិបញ្ញា។
តួយ៉ាងដូចជាក្រុមហ៊ុនTroveo AI បានបង់ប្រាក់ចំនួន $5 លានទៅបណ្ដាអ្នកបង្កើតមាតិកា។កិច្ចព្រមព្រៀងលក្ខណៈផ្តាច់មុខ មិនអនុញ្ញាតឲ្យក្រុមហ៊ុន AI ចម្លងអត្តសញ្ញាណឬការបំប្លែងស្នាដៃរបស់អ្នកបង្កើតមាតិកា ហើយផ្ដល់ឱ្យអ្នកបង្កើតមាតិកានូវចំណូលស្របនឹងការការពារស្នាដសរបស់ពួកគេ។
ក្រុម Creative ArtistsAgency (CAA) ដែលតំណាងដោយ Amelia Dimoldenberg និង AlanChikin Chow បានធានាឲ្យអតិថិជនទទួលបានប្រាក់ចំណេញគ្រប់គ្រាន់និងការពារប្រឆាំងនឹងផលប៉ះពាល់កេរ្តិ៍ឈ្មោះ។
យ៉ាងណាមិញ លោក Dan Levitt ពី Wasserman យល់ឃើញថា នេះជាឱកាសចំណេញរយៈពេលខ្លីសម្រាប់អ្នកបង្កើតមាតិកា ប៉ុន្តែលោកក៏បានបញ្ជាក់ថា ឱកាសនេះក៏មានកាលកំណត់ដែរអាស្រ័យលើការវិវត្តនៃឧស្សាហកម្មនេះ៕
ប្រភព៖ japantimes
ភ្នំពេញ : ស្ថិតនៅសិប្បកម្មមួយកន្លែងនៃសង្កាត់ចោមចៅដបប្លាស្ទិកជាង៤០០តោននៅក្នុងស្ដុកកំពុងរង់ចាំកម្មករដែលកំពុងតែញាប់ដៃញាប់ជើងហូតជាសរសៃៗដើម្បីកែច្នៃជាអំបោសប្រើប្រាស់ប្រចាំថ្ងៃ។
ភាពមមាញឹកនៃចង្វាក់ផលិតកម្មនេះត្រូវបានត្រួតពិនិត្យដោយលោកលោក ហាស់ គា ដែលកំពុងឈរក្នុងរោងសិប្បកម្មផលិតអំបោសខណៈកម្មករជាច្រើនពាក់ស្រោមដៃការពារការមុតកំពុងអង្គុយហូតសរសៃជ័រចេញពីដបប្លាស្ទិក។
លោក គា ដែលជាម្ចាស់សិប្បកម្ម បានធ្វើឱ្យគំនិតផលិតអំបោសពីដបប្លាស្ទិកក្លាយជាអាជីវកម្មពិតៗតាមរយៈការមើលវីដេអូលើយូធូបគួបផ្សំនឹងការខិតខំស្រាវជ្រាវបន្ថែម។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «ដំបូងខ្ញុំគ្រាន់តែមើលយូធូបឃើញវីដេអូបរទេសបង្ហាញពីការផលិតអំបោសពីដបទឹកសុទ្ធ ពេលនោះខ្ញុំគិតថានៅស្រុកយើងសម្បូរដបទឹកសុទ្ធ ហើយមានតម្លៃ ថោកទៀតផងខ្ញុំក៏បានស្រាវជ្រាវលំអិតបន្ថែមពីដំណើរការផលិត»។
នៅក្នុងដើមឆ្នាំ២០២៣ សិប្បកម្មកែច្នៃប្លាស្ទិកក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញត្រូវបានបង្កើតនិងបានផ្ដល់ការងារដល់អ្នករស់នៅជុំវិញនោះប្រមាណជាជិត៣០នាក់។
កម្មករទាំងនោះសុទ្ធសឹងតែជាស្ត្រីវ័យចំណាស់ៗនិងមានជីវភាពខ្សត់ខ្សោយ ដោយពួកគាត់ជាអ្នកកែច្នៃអំបោសពីដបប្លាស្ទិក ដែលកំពុងមានគាំទ្រផ្គត់ផ្គង់នៅលើទីផ្សារ។
លោក គាដែលជាម្ចាស់សិប្បកម្មកែច្នៃអំបោសប្លាស្ទិកបានសម្ដែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តដែលសិប្បកម្មរបស់ខ្ញុំបានរួមចំណែកក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ ថែមទាំងបានជួយបរិស្ថានបានមួយកម្រិតទៀតផង»។
អំបោសធ្វើអំពីដបទឹកសុទ្ធធន់មិនថាការបោសដីភក់ ស្លឹកឈើ សំរាមសើម សំរាមស្ងួត លាមកសត្វ គ្រួសថ្ម ជាដើមហើយងាយលាងទឹកសម្អាតយកមកប្រើប្រាស់ឡើងវិញ។
វត្ថុធាតុដើមក្នុងការធ្វើអំបោសមិនមានអ្វីច្រើនលើសពីដបប្លាស្ទិកដងឫស្សី លួស និងសរសៃជ័រនោះទេ។
លោក គា បានរៀបរាប់ពីដំណើរការផលិតថា៖«ដើម្បីផលិតបានជាអំបោសដ៏រឹងមាំមួយបានយើងត្រូវការដងឫស្សី មួយ ម៉ែត្រ២តឹកយកមកបំពាក់ជើងក្អែកលួស២លីកន្លះជាមួយនឹងសរសៃជ័រ៥ខាំមករុំចុងអំបោសយកប្រវែងបួនតឹករួចឃ្លុំបេដោយដបទឹកសុទ្ធនៅជាប់នឹងក្បាលអំបោសដើម្បីឲ្យមានសោភ័ណភាពរួចក្រងសរសៃជ័រដបទឹកសុទ្ធដោយប្រើខ្សែតាន់ស្វិតដើម្បីឲ្យសរសៃអំបោសរឹងបន្តិច»។
ក្នុងមួយថ្ងៃៗសិប្បកម្មរបស់លោកអាចផលិតអំបោសបានពី២០០ទៅ៥០០ដើមជាមួយកម្លាំងកម្មករ ១៦នាក់។អំបោស១ដើមមានតម្លៃ១០,០០០ រៀលនិង១៥,០០០រៀល។
ម្ចាស់អាជីវកម្មវ័យ៤០ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលមានក្រុមហ៊ុនបោសសម្អាតតាមដងផ្លូវទីសាធារណៈមួយបានកុម្ម៉ង់អំបោសពីសិប្បកម្មលោកយកទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោករំពឹងថា បើមានក្រុមហ៊ុនដទៃផ្សេងទៀចាប់អារម្មណ៍កុម្ម៉ង់បន្ថែមនោះវារឹតតែល្អ ដោយសារសិប្បកម្មនេះគាំទ្រការកែច្នៃប្រើប្រាស់ឡើងវិញ ហើយផលិតផលត្រូវបានធ្វើដោយដៃសុទ្ធសាធ។
នាថ្ងៃអនាគត លោក គា ចង់ពង្រីកសិប្បកម្មនេះឱ្យកាន់តែធំថែមទៀតដើម្បីជួយដល់អ្នកខ្វះខាតឲ្យបានកាន់តែច្រើនក៏ដូចជារួមចំណែកកែច្នៃកាកសំណល់ដបប្លាស្ទិកជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក អំបោសប្រើមិនខូចឬសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ២២២ ០០០៕
ភ្នំពេញ:ខ្មែរយើងមានម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខហើយអាហារទាំងនោះបានវិវត្តខ្លួនទៅជាអាហារ វេចខ្ចប់ដើម្បីងាយស្រួលទុកបានយូរមិនពិបាកក្នុងការចម្អិន។
អាហារទាំងនោះមានដូចជាបុកត្រីឆ្អើរ បុនកន្ទុយហេស ប្រហុកអង្ក្រង កាពិឆាបាត់ដំបង ប្រហុកឦសានប្រហុកខ្ទិះសាច់ប្រឡាក់ និងអាហារជាច្រើនមុខទៀតដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងនិងក្រៅស្រុក។
ការនាំចេញអាហារប្រពៃណីទៅបរទេសអាចធ្វើទៅបានអាស្រ័យលើសុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់មានស្ដង់ដារពីបណ្ដាសិប្បកម្មនិងសហគ្រាសស្រុកក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក
ក្រុមហ៊ុនមួយនេះបានចាប់ផ្ដើមផលិតម្ហូបអាហារវេចខ្ចប់នៅពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិកូវីដ ១៩។
ខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរ ហើយហាងទំនិញនិងផ្សារក៏ផ្អាកដំណើរការនោះអាជីវកម្មមួយនេះបានប្រែក្លាយវិបត្តិទៅជាឱកាស។
ប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីទិញរបស់របរប្រើប្រាស់និងចំណីអាហារបាននោះទេ ដូច្នេះម្ចាស់អាជីវកម្មក៏បានពិភាក្សាជាមួយនឹងចុងភៅលៃលកយ៉ាងណាធ្វើម្ហូបវេចខ្ចប់ដឹកជញ្ជូនដល់គេហដ្ឋានអតិថិជនតែម្ដង។
អាហារទាំងនោះសុទ្ធសឹងជាមុខម្ហូបខ្មែរដូចជាប្រហុកអង្ក្រង បុកកន្ទុយហេស និងកាពិឆាបាត់ដំបងជាដើម ដោយផ្ដើមចេញពីការវេចខ្ចប់ងាយៗដាក់ក្នុងកំប៉ុងជ័រ។នេះបើយោងតាមការរំឭកប្រាប់ពីលោក ជា ចិត្រាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន។
លោកបានឱ្យដឹងទៀតថា៖ «បន្ទាប់ពីមានការផ្ទុះការចាប់អារម្មណ៍និងគាំទ្រខ្លាំងយើងក៏ពិភាក្សាជាមួយអ្នករួមបណ្តាក់ទុនម្តងទៀតដើម្បីបង្កើតជាសហគ្រាសក្នុងគោលបំណងចង់ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ក៏ដូចជាចង់រក្សាកេរដំណែលម្ហូបអាហារខ្មែរឲ្យទៅជាស្តង់ដារដូចជាផលិតផលផ្សេងៗដែលនាំចូលហើយក៏ដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលនិងធ្វើការនាំចេញទៅក្រៅប្រទេសផងដែរ»។
គោលដៅនេះអាចសម្រេចបានដោយអាស្រ័យលើទីផ្សារគុណភាព តម្លៃ និងរសជាតិរបស់ផលិតផលផងដែរ។អាហារខ្មែរនីមួយៗត្រូវបានឆ្លងកាត់ដំណាក់កាលផលិតជាច្រើនមុននឹងឈានដល់ការវេចខ្ចប់ច្រកកំប៉ុង។
លោក ចិត្រា បន្ថែមទៀតថា៖ «ដើម្បីបុកត្រីឆ្អើរឲ្យបានឆ្ងាញ់យើងត្រូវមានគ្រឿងផ្សំដូចជាអំបិល ស្ករ បន្លែ ត្រីអណ្ដែងឆ្អើរ មើមរំដេង ។ល។មកលាងសម្អាតឲ្យស្អាតរួចយកបន្លែហាន់ឲ្យល្អិតៗ»។
រសជាតិឆ្ងាញ់ និងគុណភាពល្អក៏ពឹងផ្អែកលើការសម្រិតសម្រាំងសាច់ត្រីផងដែរ ដោយលោកបានបញ្ជាក់ថា៖ «យើងជ្រើសរើសយកត្រីអណ្ដែងសាច់លឿងលេខមួយយកមកធ្វើដើម្បីធានាបាននូវរសជាតិពិសេស។ត្រីអណ្ដែងអាំងដែលយើងយកមកបេះយកតែសាច់ទេ ឆ្អឹងនិងស្បែកមិនយកទេ»។
គ្រឿងផ្សំទាំងអស់គឺត្រូវយកទៅរម្លីងឲ្យឡើងឈ្ងុញទើបយកមកលាយបញ្ចូលគ្នាក្នុងម៉ាស៊ីនកិនឲ្យម៉ដ្តរួចច្រកកែវ ហើយយកទៅសម្លាប់មេរោគដើម្បីធានាបានអនាម័យល្អ។
ប្រធានគ្រប់គ្រងវ័យ៣០ឆ្នាំរូបនេះបានបញ្ជាក់ទៀតថាបុកត្រីឆ្អើរដែលជាម្ហូបពិសេសលក់ដាច់ជាងគេនោះ មានការវេចខ្ចប់ពីរប្រភេទគឺទម្ងន់មួយខាំកន្លះមានតម្លៃ១៥.០០០រៀល និងទម្ងន់បួនខាំមានតម្លៃ៣២.០០០រៀល។
បុកត្រីឆ្អើរ បុកកន្ទុយហេសប្រហុកអង្ក្រង និងឆាកាពិបាត់ដំបង ត្រូវបានអតិថិជនមានការគាំទ្រជាខ្លាំង មិនថាក្នុងស្រុកឬសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង នូវែលសេឡង់ អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនក៏គ្រោងនឹងបន្ថែមជម្រើសអាហារវេចខ្ចប់ដោយធ្វើអាម៉ុកនិងនំបញ្ចុកក្រៀមលក់ចែកចាយផងដែរ។
ក្រៅពីជាអាជីវកម្មផលិតនិងវេចខ្ចប់អាហារប្រពៃណីលក្ខណៈស្ដង់ដារ សហគ្រាសមួយនេះបានរួមចំណែកនៅក្នុងសង្គមជាច្រើនដូចជាការនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈសិក្សាទៅចែកជូនមណ្ឌលកុមារកំព្រានៃអង្គការនៅអង្គការមែកឈើកុមារអូទីសឹមនិងមណ្ឌលកុមារកំព្រាជាច្រើនកន្លែងទៀតផងដែរ។
ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.កមានទីតាំងស្ថិតនៅផ្ទះលេខ៣០៥ផ្លូវ១០០៥ ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសេនសុខ ភ្នំពេញ។
ព័ត៌មានបន្ថែមពី ផលិតនេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុកអ៊ីអ៊ែនអឹមយ៉ាំមីឬទំនាក់ទំនងទូរសព្ទលេខ ០១០/០១៧ ២៦៨ ៨៦៨៕
ក្រុមហ៊ុន Foxconn ដែលជាអ្នកផលិតឧបករណ៍អេឡិចត្រូនិកតាមកុងត្រាធំបំផុតក្នុងពិភពលោកនិងជាអ្នកផ្គត់ផ្គង់សំខាន់សម្រាប់ក្រុមហ៊ុន Apple បានរាយការណ៍ប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ត្រីមាសទី៤ឆ្នាំ ២០២៤ ដោយសារទីផ្សារមានតម្រូវការយ៉ាងខ្លាំងលើម៉ាស៊ីនមេ (server) នៃបញ្ញាសិប្បនិម្មិត (AI)។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសបញ្ចប់នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២៤ បានកើនឡើង ១៥,២% បើប្រៀបធៀបទៅនឹងឆ្នាំមុនដល់ ២,១៣ ទ្រីលានដុល្លារតៃវ៉ាន់ (៦៤,៧២ ពាន់លានដុល្លារអាមេរិក) ដែលលើសពីការព្យាករណ៍ទំហំ ២,១ ទ្រីលានដុល្លារតៃវ៉ាន់ដែលប៉ាន់ប្រមាណដោយ LSEG SmartEstimate។
ការកើនឡើងនេះមានមូលដ្ឋានមកពីតម្រូវការខ្លាំងលើម៉ាស៊ីនមេ(server) ដើម្បីប្រតិបត្តិការប្រព័ន្ធ AI។ ផលិតផលដែលមកនូវការកើនឡើងប្រាក់ចំណូលយ៉ាងខ្លាំងក្លា គឺ Foxconn cloud និងNetwork របស់ Foxconn ដែលរួមមានអតិថិជនដូចជាក្រុមហ៊ុនឈីប AI របស់ Nvidia ជាដើម។
ផ្ទុយទៅវិញផ្នែកឧបករណ៍អេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ ដែលរួមបញ្ចូលផលិតផលដូចជា iPhone របស់ក្រុមហ៊ុន Apple បានប្រកាសថា «ការកើនឡើងប្រហាក់ប្រហែល»បើប្រៀបធៀបទៅនឹងឆ្នាំមុន។
គួរបញ្ជាក់ថាក្នុងខែធ្នូឆ្នាំ២០២៤ តែមួយគត់ ប្រាក់ចំណូលសរុបរបស់ Foxconn បានឈានដល់ ៦៥៤,៨ ទ្រីលានដុល្លារតៃវ៉ាន់ ដែលកើនឡើង ៤២,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុននិងជាកម្រិតខ្ពស់ទីពីរបំផុតសម្រាប់ខែនេះ។
ក្នុងឆ្នាំ ២០២៤ភាគហ៊ុនរបស់ Foxconn បានកើនឡើង៧៦% ដែលលើសពីការកើនឡើង ២៨,៥%នៃទីផ្សារទូលំទូលាយរបស់តៃវ៉ាន់។ ក្រុមហ៊ុនមានគម្រោងប្រកាសលទ្ធផលប្រាក់ចំណូលទាំងស្រុងសម្រាប់ត្រីមាសទី៤ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥៕
ប្រភព៖ Reuters
សេដ្ឋកិច្ចរបស់វៀតណាមមានសន្ទុះយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ដោយមានការកើនឡើង GDPដល់ ៧,០៩% បើប្រៀបធៀបនឹងអត្រា ៥,០៥% នៅឆ្នាំ ២០២៣ ដែលធ្វើឱ្យ GDP សរុបកើនដល់ ៤៧៦,៣ ពាន់លានដុល្លារ។
ការកើនឡើងនេះជាលទ្ធផលនៃសន្ធុះការនាំចេញច្រើននិងលំហូរចូលការវិនិយោគពីបរទេសយ៉ាងខ្លាំងក្លា។
គួរបញ្ជាក់ថា នៅត្រីមាសទីបួន GDP របស់វៀតណាម បានកើនឡើងរហូតដល់៧,៥៥% ដែលកំណើនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ។ការិយាល័យស្ថិតិទូទៅ (GSO) បានបញ្ជាក់ថា វៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មទទួលអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការប្រើប្រាស់ជុំវិញពិភពលោក បើទោះបីជាប្រទេសនេះបានរងគ្រោះធម្មជាតិដូចជាមហន្តរាយព្យុះខ្លាំងក្លានៅអាស៊ីកាលពីឆ្នាំមុនក៏ដោយ។
ការនាំចេញនៅឆ្នាំ ២០២៤ បានកើនឡើងពី ១៤,៣% ដល់ ៤០៥,៥៣ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ដោយក្នុងនោះមានការនាំចេញផលិតផលអេឡិចត្រូនិចទូរស័ព្ទស្មាតហ្វូន សម្លៀកបំពាក់ និងផលិតផលកសិកម្ម។ ការនាំចូលបានកើនឡើងពី ១៦,៧% ដល់ ៣៨០,៧៦ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្ម២៤,៧៧ពាន់លានដុល្លារ។ ទំហំលំហូរចូលការវិនិយោគបរទេសបានកើនឡើងពី ៩,៤% ដល់ ២៥,៣៥ ពាន់លានដុល្លារ។
លើសពីនេះទៅទៀត ដើម្បីទប់ស្កាត់ការខ្វះខាតអគ្គិសនីដែលបានកើតឡើងកាលពីឆ្នាំមុនរដ្ឋាភិបាលបានបង្កើនការនាំចូលថ្មធ្យូងថ្មពី ២៤,៨% ដល់ ៦៣,៨ លានតោនដែលបណ្តាលឱ្យការផលិតអគ្គិសនីកើនឡើង ៩,៦% ដល់ ២៩៣,៣ ពាន់លានគីឡូវ៉ាត់ម៉ោង។
តម្លៃសេវាកម្មសរុបនៅឆ្នាំ ២០២៤បានកើនឡើងជាមធ្យម ៣,៦៣% ខណៈដែលផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៤%។ សម្លឹងទៅអនាគតវៀតណាមបានកំណត់គោលដៅកំណើន GDP ផ្លូវការចន្លោះពី ៦,៥% ដល់ ៧,០% សម្រាប់ឆ្នាំ ២០២៥ ដោយនាយករដ្ឋមន្ត្រីផាម មិញឈិញ បានបង្ហាញពីបំណងជំរុញឱ្យកំណើនឡើងដល់ ៨,០%។ ការិយាល័យស្ថិតិទូទៅGSO បានសង្កត់ធ្ងន់លើសារសំខាន់នៃការតាមដានគោលនយោបាយរូបិយវត្ថុធ្វើឱ្យមានស្ថិរភាពអត្រាប្តូរប្រាក់ និងការតាមដានដៃគូពាណិជ្ជកម្មធំៗយ៉ាងកៀកបំផុតដើម្បីអនុវត្តគោលនយោបាយទាំងអស់ឱ្យទាន់ពេលវេលា៕
ប្រភព៖ Reuters
ការប្រើប្រាស់ស្ក្រាប់កាហ្វេដើម្បីខាត់ស្បែកមុខ និងដងខ្លួនគឺជាវិធីធម្មជាតិមួយដែលអាចជួយជម្រុះកោសិកាស្បែកចាស់ៗ និងធ្វើឱ្យស្បែកភ្លឺម៉ត់ទន់រលោង។
អ្នកក៏អាចធ្វើស្ក្រាប់នេះបានដោយខ្លួនឯងនៅផ្ទះដោយប្រើប្រាស់គ្រឿងផ្សំងាយៗ ដែលស្រួលរកទិញបាននៅតាមទីផ្សារផងដែរ។
ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីសាស្ត្រសាមញ្ញៗក្នុងការធ្វើស្ក្រាប់ផ្សំពីកាហ្វេ៖
គ្រឿងផ្សំ៖
• ម្សៅកាហ្វេ ១០ស្លាបព្រាបាយ
• អម្ពិលទុំ មួយកូនចាន(លាយទឹកបន្តិចរួច ច្របាច់យកសាច់អំពិលទុំសុទ្ធ)
• ម្សៅល្មៀត ៥ស្លាបព្រាបាយ
• ទឹកឃ្មុំ ៥ស្លាបព្រាបាយ
• ទឹកដោះគោឆៅ កន្លះកំប៉ុង
អត្ថប្រយោជន៍៖
• កាហ្វេជួយជម្រុះកោសិកាស្បែកចាស់ៗ។
• អំពិលទុំសម្បូរសារធាតុចិញ្ចឹមដូចជាវីតាមីនC ជួយឱ្យស្បែកមានសុខភាពល្អ។
• ម្សៅល្មៀតជួយធ្វើឲ្យស្បែកភ្លឺថ្លា និងម៉ត់រលោង។
• ទឹកឃ្មុំជួយឱ្យស្បែកមានសំណើមហើយធន់នឹងកម្ដៅថ្ងៃ។
• ទឹកដោះគោឆៅសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីនដែលជួយផ្ដល់ជាតិទឹក និងពន្យារការវិវត្តន៍នូវស្នាមជ្រីវជ្រួញនៅលើស្បែក។
វិធីធ្វើ
១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា
២.ច្របល់ឱ្យសព្វ រហូតបានល្បាយស្ក្រាប់ខាប់ល្មម
៣.យកស្ក្រាប់មក បន្ថែមគ្រឿងផ្សំផ្សេងៗដូចជា យ៉ាអួ ឬពងទាផ្នែកពណ៌សតាមចំណង់ចំណូលចិត្ត និងប្រភេទស្បែក។
វិធីប្រើ
១.ងូតទឹកលាង សម្អាត ផ្ទៃមុខ និងដងខ្លួនឱ្យបានស្អាតល្អជាមួយសាប៊ូជាមុនសិន។
២.ដុសស្ក្រាប់លើដងខ្លួនប្រមាណ ៥ នាទី រួចអប់ទុកលើស្បែក ១៥-៣០នាទី ដើម្បីឱ្យជាតិស្ក្រាប់ជ្រាបចូលស្បែកបានល្អ។
៣.មុនលាងសម្អាតដងខ្លួន យកស្ក្រាប់មកអប់លើផ្ទៃមុខឱ្យបាន ៥នាទី (សូមស្ក្រាប់លើផ្ទៃមុខក្រោយដងខ្លួន)។
៤.លាងជម្រះទឹកចេញ ទាំងផ្ទៃមុខ និងដងខ្លួន រួចជាការស្រេច ។
កំណត់ចំណាំ
ប្រើស្ក្រាប់២-៣ ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានផលល្អ។
លាងជម្រះស្បែកឱ្យបានស្អាតល្អមុន និងដុសស្ក្រាប់លើស្បែក៕
ភ្នំពេញៈ ការបង្ហើរខ្លែង កើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែររាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកាលកន្លងមក ខ្លែងខ្មែរ ជាពិសេសខ្លែងឯកស្ទើរតែបាត់បង់ការនិយមបង្ហើរកម្សាន្តលេង ដោយសារតែពលរដ្ឋខ្មែរមួយចំនួនមានជំនឿថា ខ្លែងជាវត្ថុអពមង្គល ប៉ុន្តែនៅឆ្នាំ២០២៤ ការបង្ហើរខ្លែងហាក់លេចវត្តមាន និងមានប្រជាប្រិយភាពមកវិញដោយមានការរៀបចំ នូវព្រឹត្តិការណ៍បង្ហើរខ្លែងជាច្រើនតាមបណ្តារាជធានី-ខេត្ត។
នាពេលនេះ សារព័ត៌មាន SR NEWS នឹងគាស់កកាយពីប្រវត្តិនិងការនិយមបង្ហើរខ្លែងរបស់ប្រជាជន ជូនអ្នកទាំងអស់ឱ្យបានដឹង៖
+ ប្រវត្តិខ្លែងខ្មែរ
នៅសម័យនគរភ្នំកាលពីដើមស.វទី១ ដល់ស.វទី៧ នៃគ.សជនជាតិខ្មែរ ចេះបង្ហោះខ្លែងរួចទៅហើយ ដោយការបង្ហោះខ្លែងនេះបានទទួលឥទ្ធិពលពីប្រទេសចិន។
លោក ហ្ស៊ក សឺដែស អ្នកបុរាណវិទូដែលបានសិក្សាស្រាវជ្រាវជាច្រើនពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបានរកឃើញសិលាចារឹកមួយនាគ.ស ៩៧២។ សិលាចារឹកនោះបានបញ្ជាក់អំពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងតង្វាយជាច្រើនមុខដូចជា មាសប្រាក់ សំរឹទ្ធិភ្លុក លង្ហិន ពាន គ្រឿងភ្លេង លំពែង និងខ្លែង៥ទៀតផង។ លោកហ្ស៊ក សឺដែសមិននឹកស្មានថា មានខ្លែង៥នៅក្នុងតង្វាយឯទៀតៗដែលសុទ្ធសឹងជាវត្ថុមានតម្លៃនោះសោះឡើយ ។ ប្រការដែលគួរឱ្យស្តាយនោះគឺសិលាចារឹកពុំបានប្រាប់ឱ្យដឹងថា តើខ្លែងដែលមានចំណែកនៅក្នុងរណ្តាប់តង្វាយនោះគេប្រើប្រាស់សម្រាប់ធ្វើអ្វីនោះឡើយ ។
នៅគ្រឹស្តសករាជ ១៥៩០ លោកកៀរ៉ូហ្សា ដីសង់ អង់តូនីញ៉ូជនជាតិព័រទុយហ្គាល់ ដែលបានធ្វើដំណើរមកកម្ពុជាបានសរសេរទុកថា «ប្រជាជនខ្មែរបានចាត់ចែងធ្វើពិធីបង្ហើរខ្លែងដែលធ្វើពីក្រដាសនិងដើមបបុស។ ខ្លែងនោះមានចងខ្សែវែង ហើយអាចហោះហើរឡើងទៅលើអាកាសបានកាលណាត្រូវខ្យល់បក់មក។ខ្លែងនោះមានបន្លឺស្នូរសំឡេងអ្វីមួយពីរោះគួរឱ្យចង់ស្តាប់» ។
ខ្លែងនៅក្នុងសង្គមខ្មែរមានច្រើនដូចជា ខ្លែងឯក ឬខ្លែងព្នងខ្លែងប្រម៉ង់ ខ្លែងកណ្តូង ខ្លែងកូនមាន់ ខ្លែងខ្លែងហៅប៉ៅ មេអំបៅខ្លែងផ្កាយ ខ្លែងខ្លោះ ខ្លែងផ្កា ជាដើម។ រូបរាងនៃខ្លែងមានការរចនាទៅតាមការចូលចិត្តរៀងៗខ្លួន និងទៅតាមការច្នៃប្រឌិតរបស់អ្នកធ្វើ។
+ ប្រវត្តិព្រះរាជពិធីបង្ហើរខ្លែង
តាមឯកសាររបស់វិជ្ជាស្ថានលំនៅខ្មែរ របស់បានបញ្ជាក់ថា «ការបង្ហើរខ្លែងគឺជាព្រះរាជពិធីមួយសម្រាប់គោរពបូជាដល់ព្រះចូឡាមណីចេតិយដែលប្រតិស្ឋាននៅវិមានត្រៃត្រឹង្ស ។ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥កើត ខែមិគសិរ។ គេបានរៀបចំធ្វើរោងពិធីនៅគ្រប់ទិសទាំងបួន និងរោងធំមួយនៅចំកណ្តាល ។ព្រះសង្ឃជាព្រះរាជាគណៈក្នុងព្រះនគរត្រូវបាននិមន្តមកចម្រើនព្រះបរិត្តនៅគ្រប់រោងទាំងប្រាំ ដែលមានអុជគោមបំភ្លឺនៅតាមរោងនីមួយៗព្រមទាំងមានយកខ្លែងប្រាំទៅដាក់តាំងនៅទីនោះផងដែរ ។ពិធីនោះបានធ្វើឡើងក្នុងរជ្ជកាលព្រះបាទ ស្រីសុរិយោពណ៌ ដែលគង់នៅព្រះបរមរាជវាំងឧដុង្គមានជ័យ។
លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានឱ្យដឹងថា ក្រោយតមកទៀតក្នុងរជ្ជការព្រះបាទសម្តេចអង្គដួង ព្រះរាជកិច្ចប្រារព្ធពិធីបង្ហើរខ្លែងក៏ត្រូវបានចាប់ផ្តើមធ្វើម្តងទៀត តាមលំនាំប្រពៃណីព្រះពុទ្ធសាសនា ។ ប៉ុន្តែរជ្ជកាលក្រោយៗមកទៀតបន្ទាប់ពីគ្រឹស្តសករាជ១៨៥៩ គេពុំឃើញមានការប្រារព្ធពិធីបង្ហើរខ្លែងនេះទៀតឡើយ។ប៉ុន្តែទោះបីយ៉ាងនេះក្តី កាលណារដូវរំហើយចូលមកដល់ គឺខ្យល់បក់មកពីទិសខាងជើងប្រជារាស្ត្រនៅគ្រប់ទិសទី នាំគ្នាបង្ហើរខ្លែងលេងកម្សាន្តទាំងចាស់ទាំងក្មេងក្រោយពីបានប្រមូលផលស្រូវរួចហើយ។ ខ្លែងដែលប្រជាជនលេងនៅតាមនិគមជនបទផ្សេងៗទូទាំងប្រទេសនោះចែកជាពីរផ្នែក ៖
-ចាស់ៗ និយមបង្ហើរខ្លែងព្នង ឬខ្លែងអែក ។
-ក្មេងៗលេងខ្លែង តូចៗដូចជាខ្លែងកណ្តូង ខ្លែងហោប៉ៅ ឬប្រប៉ៅខ្លែងផ្កាយ ខ្លែងគោម ខ្លែងប៉ោត ។ល។
+ ការរស់ឡើងវិញនៃពិធីបង្ហើរខ្លែង
កម្ពុជា បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនជំនាន់ដូចនេះហើយ ការបង្ហើរខ្លែង ក៏ពុំសូវមានការនិយម លេងផងដែរ។លុះសង្គ្រាមបញ្ចប់ទៅ កម្ពុជាបានខិតខំធ្វើឲ្យខ្លែងខ្មែររស់ឡើងវិញរហូតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៤ ដោយសារមានការផ្តួចផ្តើមគំនិតពីលោកអ៊ំព្រឹទ្ធាចារ្យស៊ឹម សារ៉ាក់ បានប្រមូលបានអ្នកស្នេហាខ្លែងចំនួន ២៧នាក់ ហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំអោយមានមហោស្រពខ្លែង លើកទី១។ ចាប់តាំងពីពេលនោះមកខ្លែងឯក ក៏បានចាប់លេចរូបរាងឡើងជាថ្មីម្តងទៀត ហើយមហោស្រពបង្ហោះខ្លែង ក៏បានរៀបចំឡើងរហូតមកដល់បច្ចុប្បន្ន។
ខ្លែងឯកបានចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិតាមបណ្តាប្រទេសនានាដូចជាប្រទេសកូរ៉េ ជប៉ុន បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អង់គ្លេស ។ល។ មិនតែប៉ុណ្ណោះយើងក៏មានសារមន្ទីរខ្លែងខ្មែរផងដែរ ដែលត្រូវបានបង្កើតនៅឆ្នាំ២០០៣ដើម្បីតម្កល់ទុកខ្លែងខ្មែរតែម្តង។
ចំណែកនៅឆ្នាំ២០២៤ គេសង្កេតឃើញថា ការបង្ហើរខ្លែងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ បងប្អូនប្រជាពលរដ្ឋជាពិសេសការបង្ហើរខ្លែងឯក ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរនិងខ្លែងសេរីប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយលើកតម្កើនមរតកវប្បធម៌ជាតិ និងជំរុញវិស័យទេសចរណ៍ វប្បធម៌ដែលមានការចូលរួមយ៉ាងច្រើនកុះករ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗសរុបចំនួនប្រមាណ ៥០០ខ្លែង៕
ភ្នំពេញៈ ពិព័រណ៍«ដីមាស» របស់សិល្បករល្បីលំដាប់អន្តរជាតិ លាង ស៊ីកន នឹងត្រូវតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ។ ពិព័រណ៍ «ដីមាស» គឺជាពិព័រណ៍ទោលរបស់សិល្បករខ្មែរដំបូងគេ ដែលមានតាំងបង្ហាញនូវស្នាដៃសិល្បៈជាច្រើន និងរំលេចឱ្យឃើញពីភាពអស្ចារ្យនៃទឹកដី សិល្បៈ ចម្លាក់ និងរឿងរ៉ាវដែលទាក់ទងនឹងទឹកដីសុវណ្ណភូមិរបស់កម្ពុជាយើង។
សិល្បករ លាង ស៊ីកន បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា លោកពិតជាមានមោទនភាពណាស់ ដែលស្នាដៃរបស់លោកបានតាំងបង្ហាញនៅសារមន្ទីរជាតិ ដែលជាកន្លែងតម្កល់ទុកនូវស្នាដៃរបស់បុព្វបុរស ហើយនេះក៏ជាលើកដំបូងផងដែរដែលសិល្បករជាតិមានពិព័រណ៍ទោលនៅទីនេះ។
លោកបញ្ជាក់ថា៖ «កាលពីមុនក៏មានការតាំងពិព័រណ៍នៅសារមន្ទីរដែរ តែតាំងពិព័រណ៍ទាំងនោះមានជាលក្ខណៈក្រុម និងពិព័រណ៍របស់សិល្បករបរទេស ហើយវេលានេះគឺជាពិពរណ៍តែឯងបានន័យថា ជាសិល្បករក្នុងស្រុក ខ្ញុំមានមោទនភាពខ្លាំងណាស់។ ទី២ សារមន្ទីរជាកន្លែងកំពូល តាំងនូវស្នាដៃបុព្វបុរស បានន័យថាជាកន្លែងបណ្តុំដូងព្រលឹងជាតិ ហើយខ្ញុំមានឱកាសបានបង្ហាញស្នាដៃខ្លួនដល់ភ្ញៀវជាតិ និងអន្តរជាតិនៅទីតាំងអស្ចារ្យបែបនេះ»។
លោក លាង ស៊ីកន បានបន្តថា ពិព័រណ៍ទោល «ដីមាស» នឹងធ្វើឡើងរយៈពេល២ខែ ចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២៥ ដែលក្នុងនោះមានស្នាដៃសិល្បៈចំនួន ១៨ ផ្ទាំង។
ឈ្មោះពិព័រណ៍ «ដីមាស» ត្រូវបានលោក លាង ស៊ីកន ពន្យល់ថា អត្ថន័យនៃពាក្យថា «ដីមាស» គឺមានប្រវត្តិ និងធាតុផ្សំជាច្រើន តួយ៉ាងជនជាតិខ្មែរបានរស់នៅលើទឹកដីកំណើតនេះ ដូចមានបញ្ជាក់នៅក្នុងរឿងព្រះថោងនាងនាគ នៅពេលសមុទ្ររឹងទៅ បានក្លាយទៅជាផែនដី ឬទឹកដីរបស់ខ្មែរ ហើយបានកកើតជីវៈចម្រុះ និងវប្បធម៌ខ្លួនឯងតែម្តង។
លោកពន្យល់បន្តថា៖ «ទន្លេមេគង្គកើតមានជាច្រើនសតវត្សរ៍កន្លងមក ទន្លេនេះនាំហូរចូលដីល្បាប់ កាលណាទឹកហូរកាត់ទន្លេបួនមុខ វាហូរចូលទៅទន្លេសាបទៅក្នុងបឹងទន្លេសាប សម្រាប់ទស្សនៈរបស់ខ្ញុំ វាប្រៀបបានជាការកូរសមុទ្រទឹកដោះមួយបែបធម្មជាតិ បានន័យថា រៀងរាល់ឆ្នាំ វាហូរចូលបឹងទន្លេសាប វិលមួយជុំ ហើយចេញមកវិញ វាមានរឿងរ៉ាវប្រហាក់ប្រហែលគ្នាអ៊ីចឹង មួយឆ្នាំៗ វាកូរ វាបានដីល្បាប់ បានជីវចម្រុះ វាបានជីវិតផ្សេងៗរាប់មិនអស់ គឺពិសេសខ្លាំងណាស់ដូចកូរសមុទ្រទឹកដោះ គេបានទឹកអម្រឹត គេបានផ្កាបណ្ណាជាតិ និងអ្វីផ្សេងៗ»។
លោក ស៊ីកន បន្ថែមថា ទឹកដីខ្មែរមានសណ្ឋានដូចបាតខ្ទះ និងមានខ្ពង់រាបព័ទ្ធជុំវិញ ដែលជាលក្ខណៈ អំណោយផលជួយបន្ថែមនូវជីវភាពដល់តំបន់ផ្សេងៗពោល គឺហូរទម្លាក់ទៅកាន់តំបន់ទំនាបកណ្តាល ដែលជួយឱ្យការធ្វើកសិកម្មទទួលបានទិន្នផលល្អ និងមានតំបន់ជួរភ្នំក្រវាញដែលជាកន្លែងទាក់ទាញ យកទឹកភ្លៀងទៅសាបព្រោះឱ្យ ការដាំដុះនៅតំបន់ទំនាបកណ្តាលកាន់តែសម្បូរហូរហារ ជាពិសេសអាកាសធាតុ ខ្មែរទទួលឥទ្ធិពលខ្យល់ម៉ូសុង ដែលកត្តាទាំងនេះគឺជាអំណោយផលមាស ជាដីមាស ត្រូវនឹងឈ្មោះដែល ដូនតាហៅតំបន់អាស៊ីអាគ្នេយ៍ថា «សុវណ្ណភូមិ» ។
មិនត្រឹមតែប៉ុណ្ណោះ សិល្បកររូបនេះក៏បានរំឭកពីរឿងរ៉ាវដែលលោកបានជួបប្រទះពីកុមរាភាព ជាប់ទាក់ទងនឹងដីមាសថា៖ «ក្រោយការដួលរលំក្នុងឆ្នាំ១៩៧៩ ប្រទេសជាតិក៏បានរស់ឡើងវិញ ពេលហ្នឹងខ្ញុំនៅក្មេងពេលយើងឃ្លាន យើងដើររើសគ្រាប់ស្រូវនៅក្នុងស្រែ ដែលរាយប៉ាយពីមុន ហើយពេលភ្លៀងធ្លាក់ចុះមកវា (ស្រូវ) ដុះទាន់ពេលវេលា ចំពេលយើងអត់ ចឹងយើងបានច្រូតកាត់ បានព្រោះ បានធ្វើវាទៅទៀតនេះហើយខ្ញុំចាត់ទុកថា ជាដីមាស ស្រូវផ្លែមកដូចពណ៌មាស គ្រាប់ជាវាមាសយើងអាចទិញដូរលក់ជាមាស ព្រោះកាលជំនាន់មុន គេដូរមាស យើងមានស្រូវមានអី គេដូរជាមាស»។
«សរុបមក ដីមាស គឺជាដីដែលមានគុណប្រយោជន៍ហាក់បីដូចជាដីដែលមានញាណ សម្រាប់ខ្ញុំ វាមានឥទ្ធិពលមានដួងព្រលឹងរបស់បុព្វបុរសពីមួយជំនាន់ទៅមួយជំនាន់ បានន័យថា ពេលជាន់ទៅឱ្យយើងមានកម្លាំងឋាមពល យើងមានឋាមពល ដីក៏មានឋាមពល»។ នេះបើតាម លោក លាង ស៊ីកន៕
សៀមរាប:ក្នុងទីធ្លាផ្ទះឈើអមដោយរុក្ខជាតិតូចធំគ្រែធំទាបៗមានតម្រៀបកៅអីជ័រជុំវិញត្រូវបានប្រែក្លាយជាទីកន្លែងសម្រាប់កុមាររៀនគំនូរ និងសិល្បៈនានា។រីឯបរិវេណក្នុងផ្ទះវិញតុឈើតម្រៀបគ្នាជាជួរគឺជាបន្ទប់សិក្សាស្វាគមន៍កុមារមកក្រេបជញ្ជក់ចំណេះដឹងអង់គ្លេសក្នុងភូមិមួយនៅទឹកដីទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាបអង្គរ។
នេះជាសាលាសហគមន៍Village Homeschool ដែលស្ថិតនៅភូមិស្រះស្រង់ត្បូង ឃុំនគរធំ ស្រុកសៀមរាប។នៅទីនេះសិស្សានុសិស្សចំនួន ៣០០នាក់ កំពុងទទួលបានសិក្សាភាសាអង់គ្លេស និងចំណេះដឹងទូទៅខ្លះៗដោយឥតគិតថ្លៃក្រោមគំនិតផ្ដួចផ្ដើមរបស់កញ្ញា យត់ សីយ័ន្ដ។
ធ្លាប់ជាក្មេងរស់ក្នុងគ្រួសារក្រីក្រ កញ្ញាសីយ័ន្ត មានចិត្តចង់ចេះចង់ដឹងភាសាបរទេសជាខ្លាំង ប៉ុន្តែកាល ណោះស្ថានភាពគ្រួសារពុំអំណោយផល។
លុះដល់ពេលចម្រើនវ័យធំឡើង កញ្ញាមានលទ្ធភាពចាប់យកជំនាញភាសាអង់គ្លេសហើយថែមទាំងទទួលបានឱកាសការងារល្អទៀត។
យ៉ាងណាមិញ បទពិសោធន៍គ្មានឱកាសសិក្សាភាសាបរទេសពីកុមារភាពបានជំរុញឱ្យកញ្ញា សីយ័ន្ត សម្រេចចិត្តបោះបង់អាជីពការងារ មកចាប់យកក្ដីស្រមៃបើកសាលាបង្រៀនក្មេងក្រីក្រដើម្បីបណ្តុះបណ្តាលក្មេងៗនៅក្នុងតំបន់ដែលខ្លួនរស់នៅ ព្រោះតែខ្លួនធ្លាប់ឆ្លងកាត់នូវការលំបាកទាំងអស់នេះ។
ស្ថាបនិកសាលាសហគមន៍Village Homeschool បានប្រាប់សារព័ត៌មាន SR News ថា៖«មូលហេតុដែលធ្វើឱ្យខ្ញុំមានឆន្ទៈ បង្កើតសាលានេះឡើងដោយខ្លួនខ្ញុំផ្ទាល់ជាក្មេងដែលរស់នៅតំបន់ហ្នឹង ក្នុងស្ថានភាពមកពីគ្រួសារក្រីក្រតែចង់ចេះចង់រៀនភាសានិងជំនាញផ្សេងៗ តែអត់លទ្ធភាពនិងឱកាសដោយសារត្រូវលក់ដូរវត្ថុអនុស្សាវរីយ៍តាមប្រាសាទដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ»។
ស្ថាបនិកសាលាសហគមន៍Village Homeschool បានរំឭកទៀតថា៖«ស្ថានភាពបែបហ្នឹងមិនមែនជួបប្រទះតែខ្ញុំម្នាក់ទេគឺមានក្មេងៗជាច្រើន ប្រឈមនឹងបញ្ហាដូចជាខ្ញុំដែរដោយសារមូលហេតុខាងលើនេះហើយ បានជំរុញទឹកចិត្ដឱ្យខ្ញុំចង់បង្កើតមណ្ឌលឬសាលាដែលអាចផ្ដល់ឱកាសដល់ក្មេងៗដែលគ្មានលទ្ធភាពបានចូលរៀននឹងទទួលបានការអប់រំផ្សេងៗ»។
កញ្ញា សីយ័ន្ដ ក៏បានសម្រេចចិត្តបង្កើតសាលាVillage Home School ដំបូងនៅឆ្នាំ២០១៧ ដោយផ្ដើមចេញពីសិស្សមកចុះឈ្មោះរៀនជាង៣០នាក់ប៉ុណ្ណោះ។
សាលានេះទទួលសិស្សឲ្យចូលរៀនបានចាប់ពីអាយុ៦ឆ្នាំឡើងទៅ ដោយមានការបង្រៀនអង់គ្លេសដែលជាភាសាគោល។ សាលាសហគមន៍Village Homeschool ក៏បានបន្ថែមនូវចំណេះដឹងទូទៅគំនូរ កីឡា និងការអប់រំសុខភាពអនាម័យផងដែរ។
ការបង្រៀនមានតែមួយវេនទេគឺចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង៧យប់ ដោយគ្រូស្ម័គ្រចិត្តចំនួន ១៣នាក់ នៅក្នុងសាលាសហគមន៍ដ៏កក់ក្ដៅមួយនេះ។
កញ្ញា សីយ័ន្ដ បានបញ្ជាក់ផងដែរថា៖ «នៅសាលាយើងមិនមានបន្ទប់ទេបង្រៀននៅកណ្ដាលវាលដែលចែកចេញជា១៤ថ្នាក់ដោយ៥ថ្នាក់ទៀតធ្វើនៅដីក្រោយភូមិ»។
ចាប់តាំងពីការកកើតប្រមាណ៧ឆ្នាំមកនេះសាលាសហគមន៍បានផ្ដល់ការសិក្សាឥតគិតថ្លៃរហូតដល់ពាក់កណ្ដាល ឆ្នាំ២០២៤ទើបស្ថាបនិកត្រូវបង្ខំចិត្តស្នើសុំវិភាគទានតិចតួចពីក្រុមគ្រួសារសិស្សដើម្បីទ្រទ្រង់ដំណើរការប្រចាំថ្ងៃ។
ស្ថាបនិកសាលាសហគមន៍វ័យ៣៧ឆ្នាំបានពន្យល់ថា៖ «កាលពីដើមឡើយសាលាយើងខ្ញុំពុំយកកម្រៃពីសិស្សទេដោយសាលាយើងទទួលការជួយឧបត្ថម្ភពីបណ្ដាលមិត្ដភក្តិនិងបងប្អូនក្នុងការចំណាយប្រចាំខែទៅលើទឹក ភ្លើងនិងសម្ភារសិក្សារបស់សិស្ស។ ប៉ុន្តែចាប់តាំងពីខែឧសភាឆ្នាំ២០២៤មកនេះ យើងពុំទទួលបានការជំនួយទៀតទេ»។
ទោះបីជាយ៉ាងណាក៏ដោយកញ្ញា សីយ័ន្តទទូចប្រាប់ថា ការខិតខំប្រឹងប្រែងប៉ុន្មានឆ្នាំកន្លងមកនេះមិនត្រូវអាសាបង់ត្រឹមនេះទេដោយកញ្ញាត្រូវស្វះស្វែងរកជំនួយបន្តទៀតដើម្បីអនាគតសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងសាលាមួយនេះ។
កញ្ញាបានលើកឡើងថា៖ «ការស្នើសុំឱ្យសិស្សានុសិស្សឲ្យជួយចូលរួមប្រាក់ម្នាក់ៗ៣០០០រៀល ក្នុងមួយខែៗ គឺជាការសម្រេចចិត្តមួយដ៏លំបាកបំផុត ព្រោះកន្លងមកមានឮពាក្យនិយាយថាខ្ញុំយកក្មេងៗមកធ្វើជាអាជីវកម្មប៉ុណ្ណោះ»។
ស្ថាបនិកសាលាសហគមន៍បានបញ្ជាក់ថា៖ «តាមពិតទៅសាលាយើងមិនចង់បានអីច្រើនទេគ្រាន់តែសង្ឃឹមថាសាលានឹងអាចបន្ដដើរទៅមុខបានហើយសង្ឈឹមថាបងប្អូនសប្បរជនអាចចូលរួមចំណែកខ្លះៗដើម្បីឱ្យសាលាអាចបន្ដទៅមុខទៀត!»។
សម្រាប់ព័ត៌មានបន្ថែមពីសាលានិងចេតនាចង់ធ្វើការឧបត្ថម្ភនានា សូមទំនាក់ទំនងហ្វេសប៊ុកផេក Village Homeschoolឬទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៤១១៣៧៣៕
ដោយនឹករឭកអតីតកាលធ្លាប់ទស្សនាវីដេអូឯកសារបញ្ចាំតាមកញ្ចក់ទូរទស្សន៍និងការមើលឃើញពីកង្វះព័ត៌មានផ្សព្វផ្សាយពីជីវៈចម្រុះដ៏សម្បូរបែបនៅប្រទេសកម្ពុជាទើបលោក សុខ វិជ្ចា ជារុក្ខវិទូមួយរូប បានការផ្ដួចផ្ដើមបង្កើតជាក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជានេះឡើង។
បង្កើតឡើងក្នុងឆ្នាំ២០២២ ក្រុមនេះសមាជិកចំនួន ៣នាក់ ក្នុងបំណងផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវជីវៈចម្រុះរុក្ខជាតិ សត្វ អម្បូរប៉ារ៉ាស៊ីតដែលស្ថិតនៅក្នុងស្ថានប្រព័ន្ធនៃជីវៈចម្រុះទាំងមូល។
លោក វិជ្ចា ជារុក្ខវិទូនិងជាអ្នកស្រាវជ្រាវជីវៈចម្រុះនិងជាសមាជិកក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជាបានប្រាប់ SR News ឱ្យដឹងថា៖ «ខ្ញុំបង្កើតក្រុមនេះឡើងដែលមានសមាជិក៣រូបហើយមើលឃើញប្រទេសយើងមានការកង្វះព័ត៌មានក្នុងការផ្សព្វផ្សាយអំពីជីវៈចម្រុះនៅប្រទេសយើងដូចជាព័ត៌មាននិយាយពី សត្វ និយាយពីរុក្ខជាតិអីអត់មានអ្នកធ្វើទេ»។
អ្នកស្រាវជ្រាវជីវៈចម្រុះរូបនេះបានរំឭកប្រាប់ថា៖ «សម័យខ្ញុំនៅក្មេងៗ គឺគេមានឯកសារសត្វដែលនិយាយភាសាខ្មែរមើលនៅលើទូរទស្សន៍បានតែសព្វថ្ងៃអត់ឃើញមានអ្នកផលិតទេ។ ណាមួយខ្ញុំជំនាញខាងរុក្ខជាតិស្រាប់ក៏ខ្ញុំបង្កើតក្រុមនឹងឡើងបំណងចង់ផ្សព្វផ្សាយព័ត៌មានអំពីរុក្ខជាតិដើម្បីឱ្យប្រជាជនយើងបានដឹងពីអត្ថប្រយោជន៍របស់វា»។
លោកបានចងក្រងឯកសារស្រាវជ្រាវដើម្បីចែករំលែកចំណេះដឹងអំពីរុក្ខជាតិ ជាប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជា ដើម្បីឱ្យប្រជាជនយើងបានដឹងពីអត្ថប្រយោជន៍របស់រុកក្ខជាតិទាំងនោះផងដែរ។
ក្នុងកិច្ចការស្រាវជ្រាវនេះលោកវិជ្ចា មានការចាប់អារម្មណ៍ជាខ្លាំងទៅលើអម្បូរផ្កា រុក្ខជាតិ និងសត្វកម្រៗនៅប្រទេសកម្ពុជា។
រុក្ខវិទូ និងជាអ្នកស្រាវជ្រាវជីវៈចម្រុះរូបនេះបានបន្តថា៖ «សម្រាប់ការសិក្សាស្រាវជ្រាវនេះដែរខ្ញុំចាប់អារម្មណ៍ជាងគេទៅលើអម្បូររុក្ខជាតិផ្កាកេសរកូលព្រៃ រុក្ខជាតិចាប់សត្វល្អិត ផ្នែកសត្វវិញមានដូចជាពពួកសត្វល្អិត សត្វស្លាបមួយចំនួន និងសត្វកម្រៗ ដែលមានវត្តមាននៅក្នុងប្រទេសពីសម័យមុនហើយសព្វថ្ងៃមានការបាត់បង់វត្ដមាន»។
លោកបានលើកឡើងថា៖ «ឧទាហរណ៍ដូចជាសត្វរមាសសត្វគោព្រៃ ដែលបានផុតពូជទៅហើយ ខ្ញុំបានចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺសត្វឈ្មុសទេស (សំពោចក្រអូប) នៅស្រុកខ្មែរនៅមាននៅឡើយទេនាពេលបច្ចុប្បន្ន»។
មូលហេតុនៃការវិនាសរបស់សត្វឈ្មុសទេសដែលជាថនិកសត្វម្យ៉ាងមានទឹកកាមក្លិនក្រអូប នាំឱ្យមានការប្រមាញ់សម្លាប់ដោយព្រានព្រៃដើម្បីយកទៅលក់ឱ្យឈ្មួញទុចរិតប្រមូលទិញ យកទៅធ្វើគ្រឿងក្រអូប ឬទឹកអប់។នេះបើយោងតាមការលើកឡើងរបស់លោក វិជ្ចា។
ចំណែករុក្ខជាតិផ្កាកេសរកូលព្រៃ នៅប្រទសកម្ពុជាមានចំនួនច្រើន តែមិនទាន់មានការស្រាវជ្រាវលម្អិតនៅឡើយទេថាមានប៉ុន្មានប្រភេទនៅឡើយនោះទេ។
លោកបានឱ្យដឹងថា នាពេលសព្វថ្ងៃនេះគេអាចកំណត់ប្រភេទកេសរកូលត្រឹមតែជាង ៥០០ប្រភេទប៉ុណ្ណោះដោយទាមទារការសិក្សារុករកបន្ថែម។
ការចុះទៅស្រាវជ្រាវនេះផងដែរក៏ជួបឧបសគ្គជាច្រើនរួមមាន ខ្វះមធ្យោបាយធ្វើដំណើរ បញ្ហាអាកាសធាតុតំបន់ខ្លះមានសត្វកាចសាហាវ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលតម្រូវឱ្យមានអ្នកនាំផ្លូវស្គាល់ទីតាំងច្បាស់លាស់។
សមាជិកក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជារូបនេះបានបន្តថា៖ «សម្រាប់ការស្រាវជ្រាវរបស់ខ្ញុំក៏មានជួបបញ្ហាមួយចំនួនដែរតែអ្វីដែលរៀងចោទជាគេនោះគឺបញ្ហាមីននៅស្រុកយើង ដោយហេតុថានៅផ្ទៃដីនៅស្រុកយើងមិនទាន់ការរាវមីនអស់នៅឡើយទេ»។
លោក វិជ្ចា បន្តថា៖ «អ៊ីចឹងរាល់ពេលខ្ញុំចុះទៅស្រាវជ្រាវម្ដងៗខ្ញុំក៏មានការប្រយ័ត្នដែរយើងក៏រកអ្នកដែលស្គាល់ព្រៃច្បាស់លាស់ហើយធ្លាប់ដើរទើបយើងមានសុវត្ថិភាព។ ហើយក៏មានឧបសគ្គដូចជា ខ្វះមធ្យោបាយធ្វើដំណើរក្នុងការចូលតំបន់ព្រៃជ្រៅៗ»។
ក្រៅពីបញ្ហាមីននៅស្រុកយើងឧបសគ្គផ្សេងទៀតនោះរាល់ការចុះទៅព្រៃជ្រៅនេះទៀតសោតក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជាធ្វើដំណើរដោយរថយន្តបានត្រឹមតែផ្លូវធំ។ការបន្តដំណើរដោយថ្មើរជើងទៅដល់ទីតាំង អាចប្រឈមនឹងសត្វព្រៃកាចសាហាវមួយផង។
តាមរយៈការជម្នះឧបសគ្គទាំងនេះក្រុមជីវៈចម្រុះនៃប្រទេសកម្ពុជា បានប្រើប្រាស់ព័ត៌មានពីការស្រាវជ្រាវរបស់ខ្លួនចេញផ្សាយជាសមិទ្ធផលសៀវភៅមគ្គុទេសក៍ស្តីពី កេសរកូលព្រៃចំនួន ៣ក្បាល សៀវភៅនិយាយអំពីវិធីដាំផ្កាកេសរកូល មានចំនួន ២ក្បាល និងសៀវភៅរុក្ខជាតិឱសថកម្ពុជាជាដើម។
ទោះយ៉ាងណាក្ដី តំណាងសមាជិកសក្រុមរូបនេះបានទទួលស្គាល់ថាការស្រាវជ្រាវ និងផ្ដល់ព័ត៌មានរបស់ក្រុមលោកនៅមានកម្រិតនៅឡើយ ដោយសារសមាជិកតែ៣នាក់ ប៉ុណ្ណោះដែលជាអ្នកជំនាញ។
រុក្ខវិទូរូបនេះបានបង្ហើបប្រាប់ថា៖«អ៊ីចឹងធ្វើឱ្យការទាញយកផលប្រយោជន៍ចេញពីធនធានធម្មជាតិក៏នៅមានកម្រិតដូចគ្នាឧទាហរណ៍ស្ដីពីការប្រើប្រាស់ ការកែច្នៃទៅជាវត្ថុប្រើប្រាស់ ឬរុក្ខជាតិឱសថ យើងនៅប្រើតិចបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងយើងនៅតិចជាងគេនៅឡើយ»។
យ៉ាងណាមិញក្រុមរបស់លោក វិជ្ចា នៅតែមានអារម្មណ៍រំភើបនឹងការងារសិក្សាស្រាវជ្រាវជីវៈចម្រុះនៅប្រទេសកម្ពុជាដែលភាគច្រើនមានតំបន់ព្រៃដែលពុំទាន់ត្រូវបានសិក្សា។
លោកបានលើកឡើងទៀតថា៖ «អ៊ីចឹងរាល់អ្វីដែលស្រាវជ្រាវចេញពីតំបន់ព្រៃក៏ដូចជាធនធានធម្មជាតិនៅប្រទេសយើងមានលក្ខណថ្មីមិនមែនមានលក្ខណថ្មីតែអ្នកស្រាវជ្រាវក្នុងស្រុកនោះទេ គឺថ្មីសម្រាប់អ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលមកពីក្រៅប្រទេសដូចគ្នា»។
ក្នុងនាមលោកជាអ្នកស្រាវជ្រាវជីវៈចម្រុះម្នាក់លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើងជួយថែរក្សាព្រៃឈើធនធានធម្មជាតិ ដោយទាញយកអនុផលព្រៃឈើមកជំនួសវិញដើម្បីទទួលបានប្រយោជន៍បានយូរអង្វែង ជាជាងការកាប់បំផ្លាញព្រោះតែប្រយោជន៍រយៈពេលខ្លី។
ប្រិយមិត្តចូលចិត្តចង់ស្វែងយល់អំពីរុក្ខជាតិនិងសត្វ អាចចូលទៅកាន់ទំព័រហ្វេសប៊ុក ជីវៈចម្រុះនៃប្រទេសកម្ពុជា៕
ការកាត់បន្ថយរសជាតិផ្អែម ប្រៃ និងរសជាតិដិតខ្លាំងនៅក្នុងរបបអាហាររបស់អ្នកផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនរួមទាំងការធ្វើឱ្យប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូងការគ្រប់គ្រងទម្ងន់កាន់តែប្រសើរជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ។
ទាំងនេះគឺជាអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាពដែលបានមកពីការកាត់បន្ថយរសជាតិជាតិផ្អែមប្រៃ និងរសជាតិដិតខ្លាំង៖
១. កាត់បន្ថយជាតិស្ករ (រសជាតិផ្អែម)
ការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖កាត់បន្ថយការឡើងជាតិស្ករក្នុងឈាម ការកើនឡើងនូវកម្រិតអាំងស៊ុលីនក្នុងឈាមដែលជាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទពីរ។
សុខភាពបេះដូង៖ការកាត់បន្ថយកម្រិតទ្រីគ្លីសេរីដដែលជាបណ្តុំសារធាតុខ្លាញ់ធាត់នៅក្នុងសរសៃឈាមអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
ការគ្រប់គ្រងទម្ងន់៖ ការកាត់បន្ថយជាតិស្ករកាត់បន្ថយការទទួលទានកាឡូរី ជួយការពារភាពធាត់។
សុខភាពមាត់ធ្មេញកាន់តែប្រសើរឡើង៖កាត់បន្ថយភាពពុកធ្មេញនិងការឈឺធ្មេញដែលបណ្តាលមកពីបាក់តេរីដែលមាននៅក្នុងជាតិស្ករ។
ការកាត់បន្ថយការរលាក៖ជាតិស្ករលើសអាចបង្កឱ្យមានការរលាក ដែលនាំឱ្យកើតជំងឺរ៉ាំរ៉ៃដូចជាជំងឺរលាកសន្លាក់។
សុខភាពស្បែកកាន់តែប្រសើរ៖ការទទួលទានជាតិស្ករតិចអាចកាត់បន្ថយការកើតមុន និងសញ្ញានៃភាពចាស់។
២. កាត់បន្ថយអំបិល (រសជាតិប្រៃ)
ការរក្សាសម្ពាធឈាម៖ការទទួលទានជាតិសូដ្យូមខ្ពស់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺលើសឈាម។ដូច្នេះការកាត់បន្ថយអំបិលជួយរក្សាសម្ពាធឈាមធម្មតា។
ការបន្ថយអត្រាជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូង៖ ការកាត់បន្ថយជាតិប្រៃជួយគ្រប់គ្រងតុល្យភាពជាតិទឹកនិងកាត់បន្ថយភាពតានតឹងលើសរសៃឈាម។
សុខភាពតម្រងនោម៖ការកាត់បន្ថយហានិភ័យនៃក្រួសក្នុងតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ។
សុខភាពឆ្អឹងប្រសើរឡើង៖កម្រិតជាតិអំបិលលើសអាចនាំឱ្យបាត់បង់ជាតិកាល់ស្យូមដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ ដូច្នេះការកាត់បន្ថយជាតិប្រៃជួយឱ្យសុខភាពឆ្អឹងកាន់តែប្រសើរឡើង។
៣. កាត់បន្ថយរសជាតិដិតខ្លាំង(ការប្រើសារធាតុបង្កើនរសជាតិអាហារ MSG និងរសជាតិសិប្បនិម្មិត)
ការទប់ស្កាត់ការផ្ទុកលើសទម្ងន់៖កាត់បន្ថយរសជាតិដិតខ្លាំង ធ្វើឱ្យអ្នកបរិភោគទទួលបានរសជាតិធម្មជាតិមិនធ្វើឱ្យញៀនអាហារ និងទទួលទានលើសកំណត់។
កាត់បន្ថយហានិភ័យនៃការឈឺក្បាលប្រកាំងនិងឈឺក្បាល៖ សារធាតុ MSG និងសារធាតុបន្ថែមដែលមានរសជាតិដិតអាចបង្កឱ្យមានការឈឺក្បាលចំពោះបុគ្គលដែលងាយរងគ្រោះ។ ដូច្នេះការកាត់បន្ថយសារធាតុទាំងនេះក៏ដ៏ដូចជាបន្ទាបអត្រាប្រឈមនឹងអាការៈប្រកាំង និងឈឺក្បាល ។
ការសម្រួលប្រព័ន្ធរំលាយអាហារ៖ការកាត់បន្ថយរសជាតិសិប្បនិម្មិតជួយបង្ការការហើមពោះ និងរលាក ។
កាត់បន្ថយហានិភ័យនៃប្រតិកម្មអាលែកហ្ស៊ី៖សារធាតុសិប្បនិម្មិតបង្កើនរសជាតិខ្លះអាចបណ្តាលឱ្យមានប្រតិកម្មអាលែកហ្ស៊ី។រាល់ការកាត់បន្ថយរសជាតិសិប្បនិម្មិតក៏ដូចជាធ្វើឱ្យអ្នកជៀសឆ្ងាយប្រតិកម្មអាលែកហ្ស៊ីផងដែរ។
ការកែតម្រូវបន្តិចម្តងៗដើម្បីកាត់បន្ថយជាតិស្ករ អំបិល និងរសជាតិដិតខ្លាំងអ្នកអាចបង្កើតរបៀបរស់នៅប្រកបដោយនិរន្តរភាពនិងគាំទ្រដល់សុខុមាលភាពរយៈពេលវែង។
ការកាត់បន្ថយជាតិផ្អែម ប្រៃនិងរស់ជាតិដិតខ្លាំង អាចជួយបង្ការបញ្ហាសុខភាពជាច្រើនរួមមានជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងការកើនទម្ងន់។ការរស់នៅដោយផ្អែកលើអាហាររូបត្ថម្ភមានតុល្យភាព និងសុខភាពល្អគឺជាចំណុចសំខាន់សម្រាប់ជីវិតប្រកបដោយសុខភាពល្អ៕
«អ្នកទេសចរណ៍ម្នាក់ ដើមឈើមួយដើម» ជាពាក្យស្លោកប្រចាំសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងក៏ព្រោះតែអ្នកទេសចរអាចសាងអនុស្សាវរីយ៍រួមគ្នាអភិរក្សធម្មជាតិជាមួយសហគមន៍តាមរយៈការជាវដើមកោងកាងបណ្ដុះដោយអ្នកភូមិ យកមកដាំក្នុងទឹកដីកោះរ៉ុងដែលល្បីឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឈ្វង់មើលឃើញដល់បាត។
ដូច្នេះហើយវាមិនចម្លែកទេដែលក្រៅពីល្បីឆ្នេរសមុទ្រដ៏ស្រស់ស្អាតកោះរ៉ុងដែលគោលដៅទេសចរណ៍ដ៏ពេញនិយមនៅខេត្តព្រះសីហនុ ក៏មានព្រៃកោងកាងដ៏ធំល្វើងល្វើយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង៣០ហិកតា។
ព្រៃកោងកាងនេះត្រូវបានបង្កើតទៅជាសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងក្នុងឆ្នាំ២០២១ ក្នុងបំណងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានក្នុងតំបន់នោះជាពិសេសបញ្ចៀសការវាទទីខុសច្បាប់នានាផងដែរ។
សហគមន៍អេកូទេសចរណ៍មួយនេះសម្បូរទៅដោយព្រៃកោងកាងចាក់ឫសត្របាញ់ប្រទាក់គ្នាពេញផ្ទៃទឹកបង្កើតបានជាទេសភាពដ៏ទាក់ទាញ ក៏ដូចជាអំណោយផលជាជម្រកជីវចម្រុះជាច្រើនប្រភេទដែលអាស្រ័យរស់នៅតាមធម្មជាតិ។
អ្វីដែលកាន់តែពិសេសនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងមានស្ពានខ្វាត់ខ្វែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរទស្សនា ជញ្ជាំងរុក្ខជាតិអមសងខាងគួរឱ្យទាក់ទាញ ត្រជាក់ភ្នែក និងសក្ដិសមសម្រាប់ការថតរូបអនុស្សាវរីយ៍។
ក្រៅពីការដើរមើលសម្រស់ព្រៃកោងកាងដ៍ស្រស់បំព្រងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងទឹកដីកោះរ៉ុង ក៏មានសកម្មភាពកម្សាន្តផ្សេងៗដូចជាការជួលកាយ៉ាក់ជិះលេងតាមដងព្រែក ការដើរមើលសួនសត្វហាងកាហ្វេកណ្តាលព្រៃកោងកាង ក្យូសសម្រាប់សម្រាកលម្ហែកាយ និងពិសាអាហារកន្លែងថតរូបបេះដូងស្អាតៗ និងមានលក់នំបញ្ចុកអ្នកកោះដែលជាម្ហូបល្បីប្រចាំកោះធ្វើដោយអ្នកភូមិផ្ទាល់ទៀតផង។
សំបុត្រចូលទស្សនានៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងមានតម្លៃ ៦០០០រៀល សម្រាប់ភ្ញៀវខ្មែរ និង ៨០០០រៀល សម្រាប់ភ្ញៀវបរទេស។
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងមានទីតាំងស្ថិតក្នុងភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយធ្វើដំណើរប្រមាណ ១៥នាទីពីផែកោះតូច៕
កំពត៖ អ្នកសិក្សាស្រាវជ្រាវឯករាជ្យមួយរូបក្នុងប្រទេសកម្ពុជា បានស្រាយមន្ទិលពិតដោយលើកឡើងថា «វាជារឿងមិនពិតទេ» ចំពោះពាក្យចចាមអារាម ដែលប្រជាជនខ្មែរតែងនិយាយតៗគ្នាថា«ថ្លែនមានពិសខ្លាំង ពេលវាខាំអាចបណ្ដាលឱ្យស្លាប់បាន»។
លោក ទិត សំណាងអ្នកសិក្សាស្រាវជ្រាវឯករាជ្យ បានផ្ដល់បទសម្ភាសន៍តាមរយៈអនឡាញមកកាន់សារព័ត៌មាន SR News ឱ្យដឹងថា៖«សត្វថ្លែនមិនថាតែនៅប្រទេសកម្ពុជាយើង នៅអាស៊ីរបស់យើងតែម្ដង គឺមិនមានពិសទេ»។
អ្នកសិក្សាស្រាវជ្រាវឯករាជ្យរូបនេះបានពន្យល់ទៀតថា៖«អ៊ីចឹងបានន័យថា អ្នកស្រាវជ្រាវជាច្រើនឆ្នាំណាស់មកហើយគាត់បានស្រាវជ្រាវច្បាស់លាស់មានឯកសារ មាន DNA នឹងបានបញ្ជាច្បាស់ៗថាសត្វថ្លែនមិនថាញី ឬឈ្មោលមិនមានពិស ដូចពាក្យចចាមអារាមនោះទេ»។
សត្វថ្លែនខាំមិនមានអាការៈឈឺចុកចាប់វិលមុខអ្វីនោះទេ ដោយសត្វនេះមិនមានចង្កូមដូចសត្វទៅនឹងសត្វអាសិរពិសនោះទេ។
លោក សំណាង បានពិពណ៌អំពីសត្វថ្លែនថាវាមានធ្មេញល្អិតតូចៗ ហើយការខាំរបស់វាទៀតសោត មិនមានកម្លាំងនោះទេ។វាអាចធ្វើឱ្យមុតសាច់បន្តិចបាន ក្នុងករណីដែលវាខាំនៅកន្លែងសាច់របស់មនុស្សមានភាពជ្រាយៗប៉ុណ្ណោះ។
អ្នកសិក្សាស្រាវជ្រាវឯករាជ្យរូបនេះបានរៀបរាប់ភិនភាគសម្គាល់សត្វល្មូននេះថា៖ «សត្វថ្លែនមានរូបរាងតូចស្រលូនស្រកាវារលោងខ្លាំង ខ្លះមានឆ្នូត ៣ ៤ឆ្នូតនៅលើដងខ្លួនដោយខ្លះមាននៅលើខ្លួន ខ្លះមាននៅលើក្បាលរហូតដល់កន្ទុយរបស់វាមានខ្លះឆ្នូតរៀងក្រហម ខ្លះលឿងតាមបទពិសោធន៍ខ្ញុំដែលរកបាន»។
រីឯថ្លែនម្យ៉ាងទៀតមានខ្លួនវែងហើយដៃជើងខ្លីតូចស្រដៀងទៅនឹងសត្វពស់ ត្រូវបានមនុស្សភាពច្រើន យល់ច្រឡំថាវាជាថ្លែនមានពិសសាហាវ។តាមការពិតវាស្ថិតនៅក្នុងអំបូរ Lygosoma ហើយវាមិនមានពិសដូចជាការលើកឡើងនោះទេ។នេះបើយោងទៅតាមការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវ។
នៅប្រទេសកម្ពុជាសត្វថ្លែនមាន ៣ អម្បូរ៩ ពួក និងមានប្រមាណ ៣០ប្រភេទប៉ុណ្ណោះ។ថ្លែននីមួយៗតែងតែនៅតំបន់ផ្សេងៗគ្នា ដោយខ្លះនៅក្នុងតំបន់ព្រៃនិងខ្លះទៀតត្រូវបានប្រទះឃើញក្នុងស្រុកភូមិជាញឹកញយផងដែរ។
ក្នុងចំណោមអម្បូរថ្លែនទាំងអស់ អ្នកសិក្សាស្រាវជ្រាវឯករាជ្យវ័យ ២៩ឆ្នាំ រូបនេះបានគូសបញ្ជាក់ថា៖ «មានថ្លែនមួយប្រភេទដែលគេទទួលស្គាល់ជាងអន្តរជាតិដែលមានឈ្មោះថាScincella nigrofasciata វាមានតែនៅស្រុកខ្មែរប៉ុណ្ណោះមិនទាន់រកឃើញនៅតំបន់ណាផ្សេងនោះទេ»។
ការសិក្សាចងក្រងសត្វល្មូន ពស់និងសត្វថ្លែន ត្រូវបានលោក សំណាង ធ្វើឡើងអស់រយៈពេលជាង ៣ ឆ្នាំមកហើយដោយសារតែចិត្តស្រឡាញ់លើការសិក្សាស្រាវជ្រាវអំពីសត្វ បន្ថែមពីលើអាជីពជាបុគ្គលិកបម្រើការរីសតមួយកន្លែងនៅតំបន់ភ្នំក្រវាញ។
លោកបានសិក្សាជំនាញស្រាវជ្រាវសត្វពីអ្នកជំនាញដែលមានការទទួលស្គាល់ក្នុងស្រុកនិងអ្នកជំនាញអន្តរជាតិជាច្រើនរូប បន្ថែមពីលើការសិក្សាស្រាវជ្រាវតាមអ៊ីនធើណិត។
លោក សំណាងក៏មានទំនាក់ទំនងល្អជាមួយអ្នកជំនាញស្រាវជ្រាវជីវច្រុះនៃកម្ពុជា និងត្រូវជាសិស្សជំនិតរបស់ប្រធានក្រុមស្រាវជ្រាវនិងអភិរក្សដីគោក លោក នាង ធី ដែលមានបទពិសោធន៍សិក្សាស្រាវជ្រាវអស់រយៈពេលជាង១០ឆ្នាំ ជាមួយការទទួលស្គាល់ទាំងថ្នាក់ជាតិនិងអន្តរជាតិ។
អ្នកស្រាវជ្រាវឯករាជ្យរូបនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យព្យាយាមសិក្សាស្រាវជ្រាវឱ្យបានច្រើនតាមរយៈYoutube ឬតាមបណ្ដាញសង្គមនានាដែលមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ជាជាងការស្តាប់ពាក្យចរចាមអារាមគ្មានមូលដ្ឋានច្បាស់លាស់៕
កំពង់ធំៈផ្តើមចេញពីការប្រមូលផ្តុំក្មេងៗដែលស្រឡាញ់សិល្បៈមកហាត់រៀននូវទម្រង់សិល្បៈបុរាណ ពេលនេះក្រុមសិល្បៈវត្តព្រៃក្ទម្ព បានក្លាយជាក្រុមសិល្បៈមួយលេចធ្លោប្រចាំខេត្តកំពង់ធំនិងទទួល បានការសម្តែងជាច្រើនទាំងនៅក្នុងស្រុក និងបណ្តាខេត្ត។
ក្រុមសិល្បៈវត្តព្រៃក្ទម្ពគឺជាក្រុមសិល្បៈមួយប្រចាំវត្តព្រៃក្ទម្ព ដែលបង្ហាត់ក្មេងៗទាំងប្រុសនិងស្រី នូវសិល្បៈយីកេ របាំក្បាច់បុរាណខ្មែរជាច្រើន ដូចជារបាំជូនពររបាំបួងសួងព្រាហ្ម របាំអប្សរាជាដើមនិងមានទីតាំងស្ថិតនៅស្ថិតក្នុងភូមិនីពេជ «ខ» ឃុំនីពេជស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក វី ថៃអ្នកគ្រប់គ្រងក្រុមសិល្បៈវត្តព្រៃក្ទម្ព បានប្រាប់សារព័ត៌មាន SRNEWS ថា ការផ្តួចផ្តើម បង្កើតក្រុមសិល្បៈវត្តព្រៃក្ទម្ពកើតចេញពីគំនិតរបស់ ភិក្ខុថិរចិត្តោ ក្រូច សំបាន ព្រះគ្រូចៅអធិការវត្តបុញ្ញក្ខេត្ត រតនារាមព្រៃក្ទម្ព ហៅវត្តព្រៃក្ទម្ពដែលព្រះអង្គមានទឹកព្រះទ័យ ស្រឡាញ់នូវទម្រង់សិល្បៈ ខ្មែរបុរាណនិងចង់បង្កើតឱ្យមានក្រុមសិល្បៈមួយប្រចាំវត្តផងដែរ។
លោក វី ថៃ បញ្ជាក់ថា៖ «បង្កើតដំបូងនៅចុងឆ្នាំ ២០១៩ពេលហ្នឹងព្រះអង្គបានរកគ្រូសិល្បៈដែលគាត់ ស្ម័គ្រចិត្តមកបង្រៀនគាត់ឈ្មោះលោកគ្រូ ហម ច័ន្ទធឿន នៅខេត្តសៀមរាប គាត់ជាអតីតសិស្សនៅសាលាវិចិត្រសិល្បៈ ជំនាញផ្នែកល្ខោនយីកេ និងរបាំបុរាណហើយពេលបង្កើតដំបូងហ្នឹង មានសិស្សចូលមកហាត់ដល់ទៅ ៨៧ នាក់គឺថាច្រើនខ្លាំង អាចថាជាប្រវត្តិសាស្ត្រហើយ ហើយក្មេងៗទាំងអស់នោះជាក្មេងក្នុងភូមិនេះឯង»។
ទទួលបានសិស្សមកហាត់រៀនច្រើនក៏ពិតមែនប៉ុន្តែក្រុមសិល្បៈថ្មីថ្មោងនេះ ត្រូវជួបប្រទះនឹងឧបសគ្គ និងបញ្ហាជាច្រើនរួមមានទាំងធនធានមនុស្ស ថវិកា និងសម្ភារៈ។
«បង្កើតដំបូងពិបាកខ្លាំងទី១ពួកគាត់សុទ្ធតែអត់ធ្លាប់ហាត់រៀនពីមុនមក អ៊ីចឹងយើងត្រូវបង្ហាត់បន្តិចម្តងៗ ក្បាច់បាត ពត់ដៃជើង ទី២ កន្លែងហាត់រៀនដំបូងយើងអត់មានកន្លែងទេ យើងក្រាល កៅស៊ូនៅដីធម្មតា ហើយឱ្យពួកគាត់ហាត់ហាត់យូរៗសិស្សខ្លះក៏ឈប់ខ្លះទៅ តែយើងនៅតែ តស៊ូហាត់រហូតមក ទី៣ដំបូងៗខ្វះខាតសម្ភារៈ យើងសុំលុយពីលោក (ព្រះសង្ឃ) ទិញខ្សែក្រវាត់ ទិញអីផ្សេងៗហើយក្មេងៗពាក់តែអាវណយរាំធម្មតាទេ មិនទាន់មានអីពាក់ស្អាតទេ និយាយទៅពេលខ្វះ សុំលុយលោកទិញ»។ នេះបើតាមលោក វី ថៃ
បើទោះបីជាជួបនឹងការលំបាកយ៉ាងណាក៏ក្រុមសិល្បៈមួយនេះ នៅតែតស៊ូបន្តដំណើរទៅមុនរហូតបានចេញសម្តែងនៅតាមទីវត្តអារាម និងកម្មវិធីនានា។ លុះកណ្តាលឆ្នាំ២០២១ ក្រុមសិល្បៈ វត្តព្រៃក្ទម្ព ក៏ចាប់ផ្តើមមានការគាំទ្រ និងស្គាល់ច្រើនហើយក៏ទទួលបានការសម្តែងច្រើនផងដែរ។
ក្មេងៗនៅក្នុងក្រុមសិល្បៈវត្តព្រៃក្ទម្ពទទួលបានការហ្វឹកហាត់ចំនួន៣ថ្ងៃក្នុង១សប្តាហ៍ ដោយចាប់ផ្តើម ពីម៉ោង ១ រសៀលដល់ម៉ោង ៥ ល្ងាច សម្រាប់ថ្ងៃសុក្រ ចំណែកថ្ងៃសៅរ៍-អាទិត្យ ចាប់ផ្តើមហាត់សម្តែងពីម៉ោង៧ព្រឹក ដល់ម៉ោង ១១ព្រឹក និងហាត់បន្តពីម៉ោង២រសៀល ដល់ម៉ោង៦ ល្ងាច។
គិតមកដល់ពេលនេះក្រុមសិល្បៈវត្តព្រៃក្ទម្ព បានបណ្តុះបណ្តាលអ្នកស្រឡាញ់សិល្បៈ បានចំនួន៣ជំនាន់ ដែលមានចំនួនប្រមាណជិត ២០០នាក់ ដែលភាគច្រើនជាសិស្សស្រីមានអាយុចាប់ពី៦ឆ្នាំឡើង និងមានគ្រូបង្ហាត់ចំនួន១នាក់និងមានអ្នកជំនាញសិល្បៈជួយបង្ហាត់បង្ហាញផងដែរ។
អ្នកគ្រប់គ្រងក្រុមសិល្បៈវត្តព្រៃក្ទម្ពបញ្ជាក់បែបនេះថា «លោកគ្រូ ហមច័ន្ទធឿន គាត់នៅតែបង្ហាត់ ១ខែ គាត់ចុះមក១អាទិត្យមកមើលក្មេងៗ ក្រៅពីនេះសិស្សធំដែលរៀនពីមុនៗ គាត់ជាអ្នកបង្ហាត់បន្ត ហើយព្រះសង្ឃស្គាល់អ្នកសិល្បៈច្រើន ភាគច្រើនជាសិស្សមកពីខាងសាលារចនា អ៊ីចឹងព្រះអង្គ អញ្ជើញពួកគាត់ឱ្យមកជួយបង្ហាត់បង្ហាញនិងកែក្បាច់ ជួយកែតម្រូវពួកគាត់ធ្វើឱ្យត្រូវ»។
ក្រៅពីការបង្ហាត់បង្រៀនការសម្តែងសិល្បៈនៅក្នុងវត្តព្រៃក្ទម្ពនេះ ក៏បង្រៀនក្មេងៗដែលជាអ្នកស្នង មរកតដូនតានេះនូវការធ្វើគ្រឿងតុបតែង លម្អតួសម្តែងផងដែរ។
លោកបញ្ជាក់ថា «ក្មេងៗទាំងអស់ គាត់ចេះចាក់ស្បៃ ចាក់អីខ្លួនឯងដោយសារយើងមិនមែនបង្រៀន គាត់តែរាំទេយើងបណ្តុះគាត់ឱ្យចេះផ្សារស្ពាន់ខ្លួនឯង ឱ្យគាត់ចេះធ្វើខ្សែក្រវាត់ឱ្យគាត់ចេះចាក់ស្បៃអី ខ្លួនឯង ភាគច្រើនសិស្សស្រីៗអី គាត់ឃើញអីស្អាតៗអីគាត់ផ្សារខ្លួនឯង ស្រឡាញ់ម៉ូតណាធ្វើខ្លួនឯងយើងគ្រាន់តែចំណាយលុយទិញស្ពាន់ឱ្យពួកគាត់»។
ក្រុមសិល្បៈវត្តព្រៃក្ទម្ពមានសម្តែងដូចជា ល្ខោនយីកេ របាំបុប្ផាលោកីយ៍ របាំទិវាប្រពៃ របាំជូនពរ របាំបួងសួងព្រាហ្ម របាំឆួយឆាយបួងសួង របាំតាយ៉ែរបាំព្រាបសន្តិភាព របាំនារីជាជួល របាំភួងនារី របាំអប្សរា។
ជាក្រុមសិល្បៈប្រចាំវត្តព្រក្ទម្ពនិងប្រចាំភូមិផងនោះ ក្រុមសិល្បៈមួយនេះ ទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវក្នុងខេត្តរបស់ខ្លួន និងនៅតាមបណ្តាខេត្តនានា។
លោក វី ថៃ រៀបរាប់ថា៖ «ឥឡូវនេះយើងទទួលបានកម្មវិធីច្រើន ភាគច្រើនតាមរោងការនិងបុណ្យផ្កាអី ហ្នឹងតាមវត្ត និងកម្មវិធីផ្សេងដែលមានគណៈអធិបតីយើងមានរបាំជូនពរ បួងសួង ហើយគេតែងតែរកពួកយើងរហូត បើចាប់ពីចេញវស្សាយើងមានកម្មវិធីរហូត ជាពិសេសរវល់ខ្លាំងចន្លោះខែ៤ដល់ខែ៦ រដូវគេការ បុណ្យ ហើយភាគច្រើនគេហៅទៅដល់សៀមរាប ព្រះវិហារ កំពង់ចាមកំពង់ធំ ស្វាយរៀង ជាដើម»។
លោក បន្តថា ថវិកាដែលទទួលបានពីការសម្តែងពុំបានបែងចែកជាចំណូលចូលវត្តឡើយ ដោយត្រូវបានបែងចែកឱ្យសិល្បករវិញដើម្បីលើកទឹកចិត្តដល់ពួកគាត់ ខណៈនាពេលអនាគត អ្នកគ្រប់គ្រងរូបនេះនឹងព្យាយាមបញ្ជូលនូវទម្រង់សិល្បៈមួយចំនួនបន្ថែមទៀត៕
កំពង់ឆ្នាំងៈ ការងារស្មូនដីគឺជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង និងជាការងារមួយមានតាំងពីដូនតាមក ។មិនត្រឹមតែស្នងមរតកស្នាដៃដូនតាប៉ុណ្ណោះទេ សមាជិកគ្រួសារអ្នកស្រី ជុំស្រីពេជ្រ ក៏បានបញ្ជូលនូវ ក្បូរក្បាច់ខ្មែរដ៏ស្រស់ស្អាតលើផលិតផលស្មូនដីនិងធ្វើកុលាលភាជន៍ចេញពីវត្ថុធាតុដើមក្នុងស្រុក ទៀតផង។
ម្ចាស់សិប្បកម្មភ្នំក្រាំងដីមាស អ្នកស្រីជុំ ស្រីពេជ្រ បានប្រាប់សារព័ត៌មាន SR News ថាអាជីវកម្មស្មូនដី នេះ មានតំណតាំងដូនតារបស់អ្នកស្រីមកម្ល៉េះដោយគ្រាន់តែពីមុនក្រុមគ្រួសារអ្នកស្រីផលិត និងលក់ដូរជាលក្ខណៈតូចតាចក្នុងភូមិស្រុកតែប៉ុណ្ណោះ ហើយផលិតផលទាំងនេះក៏ធ្វើឡើងតាមបែបប្រពៃណី ផងដែរ។
អ្នកស្រីបន្ថែមថាបច្ចុប្បន្ននេះសិប្បកម្មរបស់អ្នកស្រី នៅតែបន្តធ្វើផលិតផលស្មូនដីបែបប្រពៃណីនេះ ដដែល និងបានបន្ថែមនូវការច្នៃប្រឌិត បង្កើតផលិតផលថ្មីនិងបញ្ជូលទាំងការគូរក្បាច់ខ្មែរ លើផលិតផលស្មូនទាំងនោះផងដែរ។
«សព្វថ្ងៃយាយខ្ញុំអាយុ៩០ជាងនិង៨០ជាង នៅធ្វើឆ្នាំងធំៗដដែល ធ្វើពីដី គឺដីឥដ្ឋ ហើយនៅកន្លែងនេះយើងធ្វើអីដោយដៃផ្ទាល់ អត់មានម៉ាស៊ីនអីជួយទេ បន្ថែមពីនេះយើងក៏មានគូរឆ្លាក់ក្បាច់ គឺក្បាច់ខ្មែរ ទាំងអស់លើផលិតផល អ៊ីចឹងយើងមានផលិតផលច្រើនណាស់សុទ្ធតែស្អាតៗ យើងមានទាំងស្មូនដី និងកុលាលភាជន៍។ នេះបើតាមអ្នកស្រីស្រីពេជ្រ
ម្ចាស់សិប្បកម្មរូបនេះរំឭកពីដើមហេតុដែលនាំឱ្យក្រុមគ្រួសារអ្នកស្រី យកក្បាច់ខ្មែរទៅរំលេចលើផលិតផលស្មូនដីបែបនេះថា៖ «កាលពី១០ឆ្នាំមុនមានអង្គការជប៉ុនមួយចុះមកទីនេះ គេចុះមកយក តែ១០នាក់ទេឱ្យទៅរៀនជំនាញនៅជប៉ុន ពេលនោះគេចុះមកហ្នឹង គេឃើញបងស្រីខ្ញុំ មានជំនាញស្វាហាប់នឹងការងារ គេឱ្យគាត់ទៅជប៉ុនរយៈពេល៣ខែគឺទៅរៀនឆ្លាក់ក្បាច់ខ្មែរ ក្បាច់អីផ្សេងៗចំណុចហ្នឹងហើយទើបជាចំណុចដែលយើងចេះគូរក្បាច់ និងយកប្រើដល់សព្វថ្ងៃ»។
ក្រោយពីបានសិក្សាចេះចាំស្ទាត់នូវការគូរក្បាច់រួចមកបងស្រីរបស់អ្នកស្រីស្រីពេជ្រ ក៏ត្រឡប់មក ប្រទេសកម្ពុជាវិញ បន្ទាប់មកបងប្រុសរបស់ស្រីពេជ្រ ក៏ត្រូវបានខាងអង្គការជប៉ុន ជ្រើសរើសឱ្យទៅសិក្សាផ្នែកកុលាលភាជន៍នៅប្រទេសជប៉ុនវិញម្តងដែលផ្តោតទៅលើការលាយផ្សំនូវសារធាតុផ្សេងៗដើម្បីបង្កើតបានជាល្បាយលាបលើផលិតផលស្មូន។
អ្នកស្រី ស្រីពេជ្រ រៀបរាប់ថា៖ «បងប្រុសទៅរៀនខាងពិសោធន៍ដី និងសេរ៉ាមិច (កុលាលភាជន៍)គាត់ទៅរៀនរបៀបលាយ គ្រឿងសេរ៉ាមិច របៀបទឹកថ្នាំរលោងៗហើយទឹកថ្នាំនេះមិនមែននាំចូលទេ គឺផលិតនៅក្នុងស្រុក ដូចជាសំបកលាសថ្មបាយក្រៀម ថ្មផ្សេងៗ និងមានសារធាតុច្រើនទៀត ដែលសុទ្ធតែជាវត្ថុធាតុដើមក្នុងស្រុក»។
ចំពោះការសិក្សាផ្នែកពិសោធន៍ដី ឬបំបែកដីស្រី្តវ័យ៣៦ឆ្នាំខាងលើនិយាយថា មុនពេលមិនទាន់ មកវត្តមានអង្គការជប៉ុនអ្នកស្មូនដីនៅខេត្តកំពង់ឆ្នាំង ប្រើប្រាស់ដីតែមួយប្រភេទប៉ុណ្ណោះសម្រាប់ស្មូន គឺប្រភេទដីឥដ្ឋ ប៉ុន្តែបច្ចុប្បន្នពួកគាត់អាចបំបែកដីបានចំនួន ៣ប្រភេទ រួមមាន ប្រភេទដីក្រហម ដីស និងដីឥដ្ឋដោយប្រើប្រាស់ទៅតាមបច្ចេកទេសក្នុងការស្មូន។
សិប្បកម្មភ្នំក្រាំងដីមាសមានផលិតផលស្មូនដីជាច្រើនដូចជា ឆ្នាំងដី ពាង ផើង ជើងក្រាន ខ្ទិះ ឆ្នាំងស៊ុបឆ្នាំងសម្ល ឆ្នាំងដុតមាន់ ឈុតស្មូនដីសម្រាប់ក្មេងៗ ផ្តិល ជើងពាន ប្រទីបនិងផលិតផលជាច្រើនទៀត។
ផលិតផលរបស់អ្នកខេត្តកំពង់ឆ្នាំងនេះទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងតំបន់ និងម្ចាស់អាជីវកម្មតាមបណ្តារាជធានី-ខេត្ត ដ្បិតផលិតផលទាំងនេះ អ្នកជាវយកទៅប្រើប្រាស់ផងនិងតាំងលម្អ តាមហាង និងគេហដ្ឋានផងដែរ។
អ្នកស្រី ជុំ ស្រីពេជ្រ ពន្យល់បែបនេះថា៖ «ទឹកដៃយើងធ្វើស្អាត មើលទៅរស់រវើក ហើយបើនិយាយ ពីរូបរាងគឺយើងប្រើក្បាច់ខ្មែរយើងទាំងអស់ ហើយបើភ្ញៀវគាត់មានគម្រូឱ្យយើងខាងខ្ញុំក៏ធ្វើជូនគាត់ បានទាំងអស់ដូចគ្នា ហើយពេលនេះភ្ញៀវយើងកុម្ម៉ង់ច្រើនៗជាឈុតតែម្តង កុម្ម៉ង់៥០០ ទៅ១០០០អីទៅតាមផលិតផលនីមួយៗ ហើយយើងក៏មានការអាប់ដេត (Update) ថ្មីៗរហូត»។
ទាក់ទិននឹងភាពល្បីល្បាញក្នុងការធ្វើនូវផលិតផលស្មូនដីនេះម្ចាស់អាជីវកម្មសម្បុរស្រអែមខាងលើ បានរំឭកថា ប្រព័ន្ធបណ្តាញសង្គមគឺជាផ្នែកមួយក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកស្រី ឱ្យមានទទួលបានការគាំទ្រខ្លាំង ដ្បិតប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងប្រកបមុខរបរស្មូនដីនេះជាច្រើន។
«ចប់កូវីដផ្ទុះខ្លាំងម៉ងនៅក្នុងឆ្នាំ ២០២២ ពេលនោះផ្ទុះការធ្វើឆ្នាំងដី ទឹកសម្លនំបញ្ចុក ដោយសារតែពេលហ្នឹង បងប្អូនយើងទិញតែឆ្នាំងដីតាមរឺម៉ក់ រទេះដែលគេធ្វើដូចបាត្រលោក គម្របវារាងប៉ិតៗ ពេលអ៊ីចឹងខ្ញុំនឹកច្នៃវាខ្ញុំប្រាប់បងស្រីថា ធ្វើបែបនេះមានចំណុះ២លីត្រសម្រាប់នំបញ្ចុក១គីឡូកន្លះ រហូតដល់១០គីឡូ ពេលនោះយើងចាក់ក្បាច់ទៀតក្បាច់ដំបូងមានតែត្របកឈូកទេ អត់ទាន់មានក្បាច់ផ្សេងៗទេហើយខ្ញុំក៏ចាប់ផ្តើមប៉ុស្តិ៍ ពេលនោះក៏ផ្ទុះខ្លាំងម៉ោង ផ្អើលពេញភូមិពេញស្រុកអ៊ីចឹងទៅ ហើយគេចាប់ផ្តើមស្គាល់ខ្ញុំក៏ចាប់ផ្តើមច្នៃអីថ្មីៗថែមទៀត»។ នេះបើតាមអ្នកស្រី ស្រីពេជ្រ
សម្រាប់ដំណើរការនៃការធ្វើផលិតផលស្មូនដីនេះម្ចាស់សិប្បកម្មភ្នំក្រាំងដីមាស រៀបរាប់ថា ជំហ៊ានដំបូងត្រូវយកដីពីតំបន់ក្បែរភ្នំក្រាំងដីមាស និងយកដីមកហាលឱ្យស្ងួតរួចយកកិនក្នុងម៉ាស៊ីន និងមកលាយជាមួយលាយវត្ថុធាតុផ្សេងៗដើម្បីបង្កើតបានជាល្បាយដី សម្រាប់យកទៅស្មូនជាឆ្នាំង ឬផលិតផលផ្សេង។
ចំណែកការធ្វើកុលាលភាជន៍ ឬសេរ៉ាមិចមានភាពពិបាក និងប្រើពេលយូរ ពោលក្រោយពីស្មូនដី ជារូបរាងនៃផលិតផលណាមួយហើយត្រូវឆ្លាក់ក្បាច់នៅលើនោះ និងត្រូវយកទៅជ្រលក់ជាមួយ ល្បាយសេរ៉ាមិចបន្ទាប់មកត្រូវដុត និងដាក់ចូលឡ ដែលមានកម្ពៅខ្ពស់ ដោយត្រូវរក្សាគម្លាតនិងពិនិត្យយ៉ាងដិតដល់។
សិប្បកម្មភ្នំក្រាំងដីមាសមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង៕
ខេត្ដព្រះសីហនុ៖ ជាដែនដីលើសាគរមួយតភ្ជាប់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុកោះរ៉ុងបានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ពីភូមិនេសាទបែបប្រពៃណីទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។កោះនេះបានក្លាយជាទីក្រុងថ្មីផ្លូវការក្នុងឆ្នាំ ២០១៩ដោយបានទាក់ទាញទេសចរមកពីជុំវិញពិភពលោកមកទទួលបទពិសោធន៍សម្រស់ឆ្នេរដ៏ស្រស់ស្អាត ជីវិតពេលរាត្រីដ៏រស់រវើក និងសកម្មភាពកម្សាន្តដ៏សម្បូរបែប។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាទឲ្យដឹងថា៖ «ទីក្រុងកោះរ៉ុង ភាគច្រើនភ្ញៀវទេសចរប៉ែកអឺរ៉ុបចូលចិត្តមកកម្សាន្តដោយសារតែទទួលបានទាំងផាសុកភាព សន្តិសុខ និងភាពស្ងប់ស្ងាត់»។
លោកបានលើកឡើងថា៖ «អ្វីដែលសំខាន់កោះរ៉ុង គឺជាគោលដៅតំបន់ទេសចរណ៍ដ៏ពេញនិយសម្រាប់ភ្ញៀវទេសចរសម្ពាយ ឬ Backpackers ចូលចិត្តមកកម្សាន្តយ៉ាងច្រើនលើសលប់»។
ទោះបីជាភ្ញៀវទេសចរសម្ពាយមិនមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចមូលដ្ឋានទាំងនៅកោះដីគោកយ៉ាងណាក៏ដោយ ក៏ពួកគេបានចូលរួមចំណែកជួយមូលដ្ឋានដល់អ្នកលក់ដូរ និងសេវាកម្មផ្សេងៗដែលបង្កើតការងារ និងមុខរបរ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលរងខេត្ដព្រះសីហនុ ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មាន៣០ស្ថាប័នទស្សនាកោះរ៉ុង កាលពីដើមខែធ្នូ។
លើសពីនេះទេសចរសម្ពាយជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ទៅកាន់បណ្ដាញរបស់ពួកគេនៅទូទាំងពិភពលោកឱ្យបានស្គាល់កោះរ៉ុង និងនាំភ្ញៀវទេសចរជាច្រើនផ្សេងទៀតមកកម្សាន្ដ។
លោក ឌីម៉ង់ បានថ្លែងទៀតថា៖ «ភ្ញៀវទេសចរសម្ពាយចូលចិត្តរុករកទៅតាមទីតាំងដែលមានសក្តានុពលទេសចរណ៍ផ្សេងៗហើយពួកគេក៏ជាអ្នកដែលមានបណ្តាញផ្សព្វផ្សាយឱ្យគ្នាទៅវិញទៅមកនៅរាល់ទីតាំងទាំងពិភពលោកដែលក្រុមរបស់ពួកគេយល់ឃើញថាមានភាពទាក់ទាញ មានសេវាកម្មល្អ និងតម្លៃល្អ»។
ទីក្រុងកោះរ៉ុង គឺជាទីប្រជុំកោះចំនួន ១៨។ មានតែកោះរ៉ុង និងកោះរ៉ុងសំឡឹមប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅដោយទីនោះត្រូវបានចែកចេញជាពីរសង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសំឡឹម។
ដែនកោះទាំងនេះមានធនធានធម្មជាតិដ៏ស្រស់បំព្រងត្រជាក់ភ្នែកឆ្នេរសមុទ្រពណ៌សវែងអន្លាយ ដែលជាទីទាក់ទាញចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្សាន្ត។
សព្វថ្ងៃនេះកោះរ៉ុងគឺជាមេដែកមួយសម្រាប់ភ្ញៀវទេសចរដោយមានកំពង់ផែទូកល្បឿនលឿនជំនួសផែនេសាទប្រពៃណី។ ជាពិសេស ភូមិកោះតូចបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កោះដែលល្បីល្បាញដោយសារការកម្សាន្តពេលរាត្រីដ៏សកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់និងបឹងហ្គាឡូ។
លោក ឌីម៉ង់ បានបន្ថែមថា៖ «ក្នុងនាមជារដ្ឋបាលខេត្ត យើងនៅតែបន្តធ្វើកិច្ចការងារជាមួយអ្នកជំនាញទេសចរណ៍ដោយមានការចង្អុលបង្ហាញណែនាំបន្ថែមទៀតពីបណ្តាថ្នាក់ជាតិក៏ដូចជាក្រសួងទេសចរណ៍ និងសហការជាមួយដៃគូទាំងរដ្ឋ ឯកជន អង្គការ និងសង្គមស៊ីវិលធ្វើយ៉ាងណាដើម្បីបង្កើតផលិតផលទេសចរណ៍ដើម្បីទាក់ទាញទៅដល់ក្រុមទេសចរសម្ពាយនេះ»។
លោកបានលើកឡើងថា រដ្ឋបាលខេត្ដក៏ដូចជារដ្ឋបាលក្រុងកោះរ៉ុងនឹងបង្កើតឱ្យមានការតាមដានពិនិត្យមើលអំពីតម្លៃទំនិញក៏ដូចជាសេវាកម្មទៅដល់ភ្ញៀវទេសចរសម្ពាយនេះផងដែរដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគេ៕
កំពង់ស្ពឺ: សំឡេងចម្រៀងបន្លឺឡើងកំដរសិល្បករគ្មានសាលាឱ្យប្រើអារម្មណ៍ផ្ចិតផ្ចង់ក្នុងការបិទស្បែកសម្បកកង់ម៉ូតូលើគ្រោងដែក បង្កើតបានជាចម្លាក់សត្វនានាដូចជា រូបសេះសមុទ្រ និងដាយណូស័រដ៏ធំ។
ដោយមានទេពកោសល្យពីធម្មជាតិស្រាប់លោក មានទិដ្ឋភាព អាចរចនាសម្បកកង់ចេញជារូបសត្វយ៉ាងរស់រវើក ដោយគ្រាន់តែមើលយូធូបនិងស្រាវជ្រាវបន្ថែម។
លោកបានប្រាប់ការព័ត៌មាន SR News ថា៖«មូលហេតុដែលរូបខ្ញុំចាប់យករបរធ្វើរូបចម្លាក់សត្វចេញពីសម្បកកង់ម៉ូតូដោយខ្ញុំគិតថាវាជារបបមួយមិនសូវមានអ្នកធ្វើហើយខ្ញុំចាត់ទុករបររូបចម្លាក់នេះជាអាជីពប្រចាំថ្ងៃដោយគ្រាន់តែខ្ញុំធ្វើតាមវីដេអូយូធូបនិងស្រាវជ្រាវខ្លះៗហើយក៏ចាប់ផ្តើមធ្វើវាតែម្ដង»។
ត្បិតតែវត្ថុធាតុដើមធ្វើពីសម្បកកង់ម៉ូតូក៏ពិតមែនតែទឹកដៃធ្វើចម្លាក់ប្លែកៗរបស់លោក ដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមអាចទាក់ទាញអតិថិជនឱ្យហ៊ានចំណាយប្រាក់ទិញវាយកទៅតាំងលម្អ។
លោកទិដ្ឋភាពបានបន្តទៀតថា៖ «ពេលឃើញវីដេអូភ្លែតខ្ញុំក៏ចាប់ផ្តើមធ្វើភ្លាមហើយក៏មានអតិថិជនចាប់អារម្មណ៍ ហើយក៏ទិញភ្លែតតែម្ដង»។
លោកបានចាប់យករបរធ្វើចម្លាក់ពីសម្បកកង់ម៉ូតូក្នុងឆ្នាំ២០១៩។ប្រមាណ ៥ឆ្នាំកន្លងមកនេះ លោកបានផ្ចិតផ្ចង់ធ្វើរូបចម្លាក់ជាច្រើនតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនក៏ដូចជាតាមការកុម្ម៉ង់ពីអតិថិជន។
ចំពោះដំណើរការនៃការផលិតវិញ សិល្បករវ័យ ៣៦ឆ្នាំរូបនេះបានរៀបរាប់ត្រួសៗថា៖«ដើម្បីបានរូបចម្លាក់មួយៗយើងត្រូវគូសព្រាងរូបជាមុនសិន ឧទាហរណ៍ថាយើងត្រូវធ្វើជារូបដំរី យើងត្រូវតែគូសរូបដំរីឲ្យរួចសិន ទើបផ្សាដែកធ្វើជាគម្រោងរូបដំរីនោះទើបយកបន្ទះសម្បកកង់ម៉ូតូមកបិទជុំវិញរូបទៅតាមរូបរាងគ្រោងដែកដែលផ្សារួចនោះចុងក្រោយយើងត្រូវលាងសម្អាតរូបនោះរួចបាញ់ថ្នាំជាការស្រេច»។
យ៉ាងណាក្ដី ចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើរូបចម្លាក់នេះគឺការផ្សាគ្រោងដែកឲ្យរឹងមាំ ដើម្បីធានាបានថាវាអាចទ្រទម្ងន់ធ្ងន់បាន។ការចៀរសម្បកកង់ម៉ូតូទៀតសោត ក៏ទាមទារការប្រុង ប្រយ័ត្ននិងបច្ចេកទេសដោយសារតែតំណាក់កាលនេះអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។
ចំណែកឯសម្បកកង់ម៉ូតូចាស់ៗ លោកមានឈ្មួញកណ្ដាលយកមកលក់ឱ្យលោកដើម្បីប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការកែច្នៃជារូបចម្លាក់។
លោក ទិដ្ឋភាព បានបន្ថែមទៀតថា លោកក៏មានស្នាដៃធ្វើរួចស្ដុកក្នុងរោងជាងផងដែរដូចជាក្បាលដំរី រមាស តោ ខ្លាឃ្មុំស ហនុមាន សត្វដាយណូស័រ និងសេះសមុទ្រ។
ស្នាដៃរបស់លោកត្រូវបានលក់ចែកចាយទៅដល់ខេត្តសៀមរាប បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងបណ្ដាខេត្តក្រុងមួយទៀត។
រូបដែលលោកផលិតចេញមកមានភិនភាគដូចទៅនឹងរូបភាពពិតៗដែលនាំឱ្យសន្ទុះនៃការគាំទ្រកាន់តែច្រើន។ ទន្ទឹមនឹងនោះ លោកក៏ទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានផងដែរ។
សត្វដាយណូស័រនិងសេះសមុទ្រកម្ពស់ពីរម៉ែត្រកន្លះដូចគ្នាមានតម្លៃ២,០០០ដុល្លារ។ សម្រាប់តម្លៃដ៏ខ្ពស់នេះ លោកត្រូវចំណាយរយៈពេលក្នុងការផលិតមួយខែកន្លះដោយប្រើកម្លាំងកូនជាងចំនួនបីនាក់ក្នុងចំណោម ៤នាក់ដែលត្រូវបានលោកបណ្ដុះបណ្ដាលឱ្យបន្តជំនាញមួយនេះ។
សិប្បកម្មលោក ទិដ្ឋភាពស្ថិតនៅភូមិទួលពោធិ៍ជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព័ត៌មានបន្ថែមពី រូបចម្លាក់នេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក មាន ទិដ្ឋភាព Meantithpheapទំនាក់ទំនងទូរសព្ទលេខ ០១៥ ៤៧៧ ៧៧៣៕
សក់ស្អាតជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកសម្រស់ឱ្យមានភាពទាក់ទាញ។ដូច្នេះការថែរក្សាសក់ឱ្យមានភាពរឹងមាំ ទន់រលោង គឺជារឿងចាំបាច់បំផុត។ ជាការពិតណាស់ការកក់សក់ជាប្រចាំគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នងការថែទាំសក់តែការដែលបន្ថែមដោយការប្រើប្រាស់ថ្នាំអប់សក់រឹតតែជាវិធីសាស្ត្រដ៏ប្រពៃក្នុងការធ្វើឱ្យសក់កាន់តែភ្លឺរលោង និងរឹងមាំ។
ខាងក្រោមនេះគឺប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំអប់សក់ជាប្រចាំដែលអ្នកគួរយល់ដឹង៖
១. ធ្វើឱ្យសក់មានសំណើម និងទន់រលោង
ការអប់សក់ជាប្រចាំជួយផ្ដល់សំណើមដល់សក់និងធ្វើឲ្យសក់មានសភាពទន់រលោង ជាពិសេសជួយការពារសក់មិនឲ្យស្ងួត និងបែកចុង។
២. ការពារសក់ពីការខូចខាត
ការអប់សក់ជួយបង្កើតស្រទាប់ការពារពីការខូចខាតដោយសារការប្រើប្រាស់ឧបករណ៍កម្តៅ និងសារធាតុគីមីផ្សេងៗក្នុងគ្រឿងសម្អាងនៃផលិតផលថែរក្សាសក់។
៣. ងាយស្រួលក្នុងការសិតសក់
សក់ដែលប្រើប្រាស់ថ្នាំអប់គឺមានសំណើមងាយស្រួលក្នុងការសិត និងមិនជំពាក់គ្នាជាងសក់ដែលមិនប្រើបាស់ថ្នាំអប់សក់។
៤. កាត់បន្ថយបញ្ហាសក់ជ្រុះ
ការអប់សក់ជាការផ្តល់សារធាតុចិញ្ចឹមដល់ឫសគល់នៃសក់ពង្រឹងសរសៃសក់ ដែលជាកត្តាការពារសក់មិនឱ្យសក់ងាយជ្រុះ។
៥. ផ្តល់ក្លិនក្រអូបដល់សរសៃសក់និងមានភាពភ្លឺថ្លាទាក់ទាញ
ថ្នាំអប់សក់អាចជួយបង្កើនភាពរលោង និងមានភាពភ្លឺថ្លា ជាពិសេសវាមានក្លិនក្រអូបដែលធ្វើឲ្យសក់មានក្លិនល្អជាច្រើនម៉ោងគួរជាទីទាក់ទាញ។
ការអប់សក់ជាប្រចាំមិនត្រឹមតែជួយលើកសម្រស់នៃផ្នែកសក់ប៉ុណ្ណោះទេប៉ុន្តែវាជាការជួយការពារសុខភាពសក់ឱ្យមានភាពរឹងមាំបានយូរអង្វែង។ ដូច្នេះការរក្សារទម្លាប់នៃការកក់សក់ដោយបន្ថែមជាមួយ និងការអប់សក់ជាប្រចាំពិតជាអាចធ្វើឲ្យសក់មានសំណើមភ្លឺថ្លា និងរឹងមាំ ស្រស់ស្អាតគួរជាទីទាក់ទាញ៕
កំពង់ធំ៖ ស្ថិតលើផ្ទៃបឹងទន្លេសាប សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រៅពីល្បីទេសភាពធម្មជាតិស្រស់ស្អាតក៏មានប្រជាពលរដ្ឋជាសិប្បករច្នៃកំប្លោកដោយដៃ ធ្វើជារបស់ប្រើប្រាស់និងវត្ថុអនុស្សាវរីយ៍ជាអត្តសញ្ញាណមួយរបស់សហគមន៍ផងដែរ។
ក្នុងចំណោមប្រជាពលរដ្ឋជាង ១ពាន់គ្រួសារដែលភាគច្រើនអ្នកប្រកបរបរនេសាទត្រី អ្នកស្រី អ៊ួង ចាន់ថន ឆ្លៀតបង្កើនការកែច្នៃកំប្លោកធ្វើជាវត្ថុអនុស្សាវរីយ៍លក់យកចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារបន្ថែមពីលើមុខរបរអាហារដ្ឋានបណ្ដែតទឹក ។
អ្នកស្រី ចាន់ថន ជាអ្នកកែច្នៃកំប្លោក និងសមាជិកសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ បានប្រាប់សារព័ត៌មាន SRNews ឱ្យដឹងថា៖ «អ្នករស់នៅតំបន់នេះភាគច្រើនជាអ្នកនេសាទហើយក៏ជាតំបន់ការពារ ទិសដៅទេសចរណ៍សំខាន់ៗ។ ចំណែកឯគ្រួសារខ្ញុំជាអ្នកចំណាកស្រុកមករស់នៅទីនេះមិនមែនជាអ្នកនេសាទនោះទេ តែខ្ញុំបានបើកអាហារដ្ឋានបណ្ដែតទឹកហើយក៏ឆ្លៀតបង្កើនការកែច្នៃកំប្លោកធ្វើជាវត្ថុអនុស្សាវរីយ៍ជាច្រើនដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ»។
ដោយមានការគាំទ្រពីអង្គការ VSOCambodia អ្នកស្រីបានធ្វើការកែលម្អអាហារដ្ឋាន និងសិប្បកម្មឱ្យបានល្អប្រើសើរជាងមុន ដើម្បីទទួលភ្ញៀវទេសចរគ្រប់រូប។
ទន្ទឹមនឹងនោះអ្នកស្រីក៏ឆ្លៀតរើសកំប្លោកអណ្ដែតតាមបឹងទន្លេសាទយកទៅកែច្នៃឱ្យទៅជារបស់ដែលមានប្រយោជន៍និងជួយបរិស្ថានបានមួយចំណែកទៀតផង។
យោងតាមការស្រាវជ្រាវ កំប្លោកមួយដើមស្រូបអាចបយកទឹករហូតដល់៥ លីត្រ ហើយវាបានធ្វើឱ្យប៉ះពាល់បរិស្ថាន ដូចជា ការស្ទះចរាចរណ៍ផ្លូវទឹកជីវចម្រុះ ទប់ស្កាត់ពន្លឺព្រះអាទិត្យនិងអុកស៊ីហ្ស៊ែនមិនឱ្យជ្រាបចូលទៅដល់រុក្ខជាតិផ្សេងៗនៅក្រោមទឹក។
ការកាត់កំប្លោកយកទៅកែច្នៃ ត្រូវបានចាត់ទុកជាទង្វើដែលជួយបរិស្ថាននិងជីវភាពសហគមន៍មួយកម្រិតផងដែរ។
សម្រាប់អ្នកស្រី ចាន់ថន អ្នកស្រីចាប់ផ្ដើមប្រមូលវត្ថុធាតុដើមដោយកាត់កំប្លោកនៅតាមដងទន្លេដែលអណ្ដែតជិតផ្ទះ។
ម្ចាស់សិប្បកម្មកែច្នៃកំប្លោកវ័យ៤០ឆ្នាំរូបនេះបានប្រាប់បន្តថា៖ «ដំបូងខ្ញុំទៅកាត់កំប្លោកដែលអណ្ដែតនៅជិតៗផ្ទះតាមដងទន្លេរួចយកមកលាងទឹក និងដាក់ហាលថ្ងៃរយៈពេល ១៧ថ្ងៃ បានវាស្ងួតល្អបន្ទាប់មកយកទៅបោកសាប៊ូ ហើយយើងយកទៅស្ពង់រួចទើបយើងយកមកកែច្នៃបាន»។
រយៈពេលនៃការផលិតអាចឈានដល់មួយខែដោយសារតែអ្នកស្រីមិនមានម៉ាស៊ីនសម្ងួតដូចសិប្បកម្មធំៗ។ ការផលិតដោយដៃសុទ្ធនិងពឹងផ្អែកលើអាកាសធាតុ ១០០ភាគរយ អាចធ្វើឱ្យអ្នកស្រីត្រូវចំណាយពេលរហូតដល់១ខែក្នុងការហាលវត្ថុធាតុដើមឱ្យស្ងួត។
ក្នុងរដូវដែលមានកម្ដៅថ្ងៃពេញលេញការចំណាយពេលហាលអាចបង្រួមពេលនៅសល់ពី ១៥ ទៅ១៧ថ្ងៃ។ ក្រោយមកទៀតកំប្លោកត្រូវបានយកទៅបោកជាមួយសាប៊ូហើយយកទៅឆ្នើរ ហើយឆ្ពុងស្រដៀងទៅនឹងត្រីចង្អើរ ដើម្បីឱ្យស្ងួតទឹកសាប៊ូ។ការឆ្អើរកំប្លោកមានការចងតង់កៅស៊ូ ដោយមិនឱ្យផ្សែងចេញក្រៅនោះទេ។
ដោយសារតែការលំបាកតាំងពីប្រមូលផលរហូតដល់ដំណាក់កាលកែច្នៃនេះហើយទើបអ្នកដែលបានបានរៀនច្នៃកំប្លោកពីអង្គការមួយចំនួនធំបានបោះបង់ចោលជំនាញនេះ។
ដោយឡែកអ្នកស្រី ចាន់ថន ដែលនៅតែតស៊ូធ្វើរហូតដល់សព្វថ្ងៃបានប្រាប់ឱ្យដឹងថា៖ «និយាយជាក់ស្ដែងខ្ញុំអត់បានទៅរៀនវគ្គកែច្នៃកំប្លោករបស់អង្គការដូចសមាជិកប្រមាណជាង១០នាក់របស់សហគមន៍នោះទេ ខ្ញុំចេះធ្វើដោយខ្លួនឯងនិងបានលួចរៀនពីប្អូនដែលបានទៅរៀនជាមួយអង្គការនោះ»។
អ្នកស្រីបានបន្តថា៖ «ណាមួយគ្រួសារខ្ញុំខាងជីដូន ខាងអ៊ុំគាត់ជាអ្នកធ្វើអង្រឹង កន្ទេល ស្បែកជើង ដូច្នេះខ្ញុំចេះពីនោះមកគួបផ្សំខ្ញុំចេះចាក់កាបូបស្រាប់យើងអាចច្នៃពីគាត់បាន។ការធ្វើនេះវាពិជាពិកមែនអ៊ីចឹងហើយទើបពួកគាត់បោះបង់ចោលអស់»។
កំប្លោកទាំងនោះដែរអាចយកទៅកែច្នៃទៅជាវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជា៖ កាបូប មួក ទ្រនាប់កែវ ទ្រនាប់ចាន ត្រនាប់ឆ្នាំងដែលមានតម្លៃសមរម្យ។ តែការលក់ស្នាដៃសិប្បកម្មកំប្លោកទទួលបានប្រាក់ចំណូលច្រើនជាងអាជីវកម្មលក់ម្ហូបអាហាររបស់អ្នកស្រីទៅទៀត។
លោកស្រី ចាន់ថន បានបន្តថា៖«កំប្លោកនេះខ្ញុំកែច្នៃបានទៅជាកាបូបតូច ធំមានរាងមូលៗដូចនំគ្រក់ មានរាងជ្រុង រាងត្រវែងដែលមានតម្លៃចាប់ពី៥ដុល្លារឡើងទៅដល់៤០ដុល្លារ។ ហើយកាបូបដែលមានតម្លៃ ៣៥-៤០ដុល្លារ ទាល់តែមានភ្ញៀវកម្ម៉ង់ទើបធ្វើជូនភ្ញៀវតែកាបូបដែលមានតម្លៃទាបជាងនេះ គឺខ្ញុំធ្វើជាប្រចាំ»។
នាថ្ងៃអនាគតអ្នកស្រី អ៊ួង ចាន់ថនមានបំណងក្នុងការពង្រីកទីតាំងឱ្យធំទូលាយជាងនេះ បើសិនជាមានជំនួយបន្ថែមឬមានលទ្ធភាព។
អ្នកស្រីក៏មានគម្រោងប្រមូលអ្នកដែលបានរៀនជំនាញកែច្នៃកំប្លោកនេះនិងទទួលទិញផលិតផលសម្រេចពីពួកគាត់យកទៅតាំងលក់បន្ត ដើម្បីសម្រួលជីវភាពសមាជិកសហគមន៍បានមួយកម្រិតទៀតដោយក្ដីរំពឹងថាទីផ្សារសិប្បកម្មខ្មែរនឹងកាន់តែរីកចម្រើននោះ។
អ្នកស្រី ចាន់ថន ក៏បានលើកឡើងដែរថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនបែរមកជួយគាំទ្រផលិតផលខ្មែរជាជាងផលិតបរទេសដើម្បីឱ្យកូនខ្មែរមានការងារធ្វើ និងមិនមានការចំណាកស្រុក»។
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ និងលាតសន្ធឹងលើផ្ទៃដីប្រមាណ២៣.០០០ហិកតា។
អ្នកទេសចរអាចធ្វើដំណើរទៅពីទីរួមខេត្តកំពង់ឆ្នាំងទៅកាន់កំពង់ទូកឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំងប្រមាណ៤០គីឡូម៉ែត្រ រួចbnjtជិតទូកសហគមន៍ប្រមាណ ១០ ទៅ១៥នាទីប៉ុណ្ណោះ នឹងទៅដល់សហគមន៍ អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយតែម្ដង។
ព័ត៌មានលំអិនអំពីសិប្បកម្មកែច្នៃកំប្លោក និងអាហារដ្ឋានបណ្ដែតទឹកសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៨៥៣០០ ៧២៩ និង ០៨៨ ៦៣៨ ៦៣ ២៣៕
កំពង់ចាមៈផ្តើមចេញពីការយកឫស្សីធ្វើជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងមានអ្នកសុំទិញបន្តយកទៅប្រើប្រាស់ អ្នកស្រី អាន សុវណ្ណីបានចាប់ឱកាសបង្កើតជាសិប្បកម្មកែច្នៃឫស្សី ធ្វើជាគ្រឿងសង្ហារឹមនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
អ្នកស្រីអាន សុវណ្ណនី ម្ចាស់សិប្បកម្មឫស្សីខ្មែរ ប្រាប់សារព័ត៌មាន SR News ថាសព្វថ្ងៃនេះ សិប្បកម្មឫស្សីខ្មែរ មានផលិតផលជាច្រើនដូចជា តុ ទូ កៅអី សាឡុងធ្នើដាក់សៀវភៅ ខោអាវ ស្បែកជើង គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយក៏ដូចជាសម្ភារៈដែលធ្វើពីឫស្សី សម្រាប់តាំងលម្អផងដែរ។ បន្ថែមពីនេះអ្នកស្រី ក៏មានសេវាកម្មរៀបចំក្នុងការដេគ័រតាមផ្ទះ ហាង និងទីតាំងកម្សាន្តនានាដូចជាការដេគ័ររបង ជញ្ជាំង ពិដាន និងមានសង់ជាក្យូស ធ្វើម៉ូតផ្ទះនិងបឹងកាឡូជាដើម។
ម្ចាស់សិប្បកម្មខាងលើនេះបានឱ្យដឹងថា គំនិតនៃការបង្កើតមុខរបរកែច្នៃឫស្សីនេះចាប់លេចចេញជារូបរាងឡើង ក្នុងអំឡុងពេលអ្នកស្រីសម្រាកពីការងារហើយត្រូវមកមើលថែកូន និងម្តាយក្មេកនៅឯខេត្តកំពង់ចាម។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំជាអ្នកធ្វើការធនាគារ តែពេលនោះខ្ញុំឈប់ធ្វើការត្រឡប់មកមើលថែអ្នកម្តាយក្មេកឈឺ និងកូន អំឡុងពេលនោះ យើងត្រូវសន្សំសំចៃលុយកាក់ ចៃដន្យពូដែលត្រូវជាប្អូនរបស់ម៉ាក់ក្មេកខ្ញុំគាត់ចេះធ្វើតុទូពីឫស្សី ខ្ញុំក៏ឱ្យគាត់ធ្វើចែកគ្នាក្នុងគ្រួសារប្រើមានគ្រែគេង និងធ្នើដាក់ស្បែកជើងហើយខ្ញុំក៏ធ្វើឱ្យគ្រួសារម៉ាក់ប៉ាបង្កើតខ្ញុំនៅខាងស្រុកដែរស្រាប់តែពេលនោះ មានគេសុំទិញតពីពួកគាត់ វាជាឱកាសខ្ញុំក៏គិតថាបើយើងធ្វើលក់វាយ៉ាងម៉េចដែរ? អ៊ីចឹងខ្ញុំក៏ធ្វើធ្នើដាក់ស្បែកជើង៣ជាន់តូចៗផ្ញើឱ្យគាត់លក់ ថ្ងៃណាបានលុយចាំឱ្យខ្ញុំវិញចៃដន្យអីចេះតែមានគេកុម្ម៉ង់តៗគ្នារហូត »។
នៅក្នុងឆ្នាំ២០១៩ សិប្បកម្មឫស្សីខ្មែរដែលស្ថិតនៅក្នុងខេត្តកំពងចាមនេះបានបើកដំណើរការជាលក្ខណៈគ្រួសារ ដោយមានសមាជិកចំនួន៣នាក់រួមមានអ្នកស្រីសុវណ្ណនី រួមនឹងស្វាមី និងលោកពូ
ដោយធ្វើការផ្សព្វផ្សាយលក់សម្ភារៈធ្វើពីឬស្សីនេះតាមរយៈបណ្តាញសង្គម។
អ្នកស្រីសុវណ្ណនី រំឭកថា អាជីវកម្មថ្មីថ្មោងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនមានទាំងការជាវពី សំណាក់បងប្អូនជិតខាង និងប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសការលក់ដូរតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គមរហូតអ្នកស្រីពង្រីកអាជីវកម្ម និងបន្ថែមសមាជិករហូតដល់៧នាក់។
ម្ចាស់អាជីវកម្មរូបនេះបន្តទៀតថា៖«ពេលនោះអត់ដល់១ឆ្នាំទេ មានភ្ញៀវបឹងកាឡូនៅខាងព្រះវិហារគាត់កុម្ម៉ង់មួយបឹងកាឡូម៉ង ទាំងដែរខ្ញុំថ្មីសុទ្ធវាជាឱកាសយើងមួយទៀត ព្រោះយើងទទួលរបស់ថ្មីដែលយើងអត់ដែលធ្វើដោយសារមួយបឹងកាឡូនោះមានទាំងការដេគ័រ មានតុ ទូ សាឡុង បាអ៊ីនិយាយទៅមួយឈុត ហើយខ្ញុំក៏រកគំនិតច្នៃអីថ្មីៗផងដែរ»។
មិនទាន់បានប៉ុន្មានជំងឺកូវីដ១៩ក៏ចូលមកដល់ដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាទាំងអស់ បាន ជួបប្រទះនឹងបញ្ហា តែទោះជាយ៉ាងណាម្ចាស់សិប្បកម្មឫស្សីខ្មែរខាងលើនេះបានប្រែក្លាយបញ្ហាទៅជាឱកាសវិញ ដោយអ្នកស្រីបានចំណាយពេលសិក្សាស្រាវជ្រាវ រករូបមន្តដើម្បីធ្វើយ៉ាងណារក្សាទុកឫស្សីឱ្យបានយូរនិងមានគុណភាពល្អ។
«ធ្វើដំបូង យើងអត់ទាន់គិតថាធ្វើយ៉ាងម៉េចឱ្យវាជាប់ឱ្យវាល្អចឹងទេ ហើយឫស្សីភាគច្រើន គឺមេស៊ី ហើយឫស្សីមានច្រើន មានឫស្សីស្រុកឫស្សីព្រៃ ឫស្សីពីងពុង និងឫស្សីខ្លី យើងត្រូវធ្វើតេស្តឫស្សីទាំងនោះទាល់ពេលកូវីដហ្នឹង យើងមានពេលយើងចាប់ផ្តើមពិសោធន៍ ធ្វើយ៉ាងណាកុំឱ្យមេស៊ីយើងធ្វើតាំងពីវិធីបុរាណ វិធីសម័យ រហូតមានបុរាណលាយសម័យច្រើនដែរ៥ទៅ៦មុខ ចុងក្រោយយើងពិសោធន៍ជោគជ័យ ១របៀប យើងប្រើមកដល់ពេលនេះ»។ នេះបើតាម អ្នកស្រី អាន សុវណ្ណនី
សម្រាប់ដំណើរការនៃការផលិតសម្ភារៈធ្វើពីឫស្សីនេះម្ចាស់សិប្បកម្មសម្បុរស្រអែមខាងលើនេះ បញ្ជាក់ថា ផលិតផលឫស្សីរបស់អ្នកស្រីអាចប្រើប្រាស់ចាប់ពី១០ឆ្នាំឡើងទៅ បើភ្ញៀវថែទាំ ដោយរក្សាសម្ភារៈទាំងនោះមិនឱ្យត្រូវថ្ងៃក្តៅ ជាពិសេសធានាលើគុណភាពឫស្សី។
ទាក់ទងនឹងការធានាគុណភាពឫស្សីបែបនេះម្ចាស់អាជីវកម្មនៅក្នុងខេត្តកំពង់ចាមរៀបរាប់យ៉ាងដូច្នេះថា៖ «យើងមានដំណាក់កាលធ្វើដើម្បីឱ្យឫស្សីយើងល្អយើងមានការព្យាបាលវា និងធ្វើឱ្យវាលើសពីឫស្សីធម្មតាខ្ញុំធ្វើធម្មតាចន្លោះពី ២ខែ ទៅ៣ខែ ដោយវីធីធ្វើខ្ញុំមានអាងត្រាំដែលអាចត្រាំបាន៨០០ ដើមក្នុងម្តង យើងមានវត្ថុផ្សេងៗដាក់ក្នុងនោះហើយយើងមានតាមប្រភេទឫស្សី បើតូចយើងត្រាំ១០ថ្ងៃ បើធំ យើងត្រាំ១៥ ថ្ងៃបន្ទាប់មកយើងយកឫស្សីទៅស្ងោរ ហើយយកទៅស្ទីមឱ្យអស់ជាតិទឹកហើយបានយើងយកទៅហាល ចុងក្រោយបានយកមកធ្វើ»។
សម្រាប់ឫស្សីដែលយកមកផលិតជាសម្ភារៈនេះគឺអ្នកស្រី សុវណ្ណនី បានប្រមូលទិញពីអ្នកស្រុកក្នុងតំបន់ដ្បិតទឹកដីខេត្តកំពង់ចាមនេះ សម្បូរដោយដើមឫស្សីស្រាប់ បន្ថែមពីនេះអ្នកស្រីក៏មានដីដាំឫស្សីផងដែរ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំទិញពីអ្នកស្រុកជិតនេះ តែឥឡូវគាត់ផ្គត់ផ្គងអត់ទាន់ អ៊ីចឹងខ្ញុំឱ្យបងប្រុសខ្ញុំបង្កើតដាំឫស្សីនៅខេត្តក្រចេះ ខ្ញុំដាំលើដី១៥ហិកតា ដោយទទួលបានផល ៧០០០ដើមចាប់ពីឥឡូវហ្នឹងទៅ វត្ថុធាត់ដើមយើងលែងបារម្ភហើយ»។
ម្ចាស់សិប្បកម្មឫស្សីខ្មែរអ្នកស្រី អាន សុវណ្ណនី បន្ថែមថា អាជីវកម្មរបស់អ្នកស្រី បានចូលរួមជាចំណែកមួយក្នុងការជួយទៅដល់ពលរដ្ឋនៅស្រុកតួយ៉ាងការទទួលដើមឫស្សីពីអ្នកស្រុក និងការផ្តល់ឱកាសការងារដល់យុវជនដែលមានបំណងចាប់ជំនាញធ្វើសម្ភារៈពីឫស្សីនេះផងដែរ។
សិប្បកម្មឫស្សីខ្មែរមានទីតាំងស្ថិតនៅភូមិអំពិល ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
ពោធិ៍សាត់:ស្ថិតនៅទឹកដីល្បីល្បាញដែលជាអត្តសញ្ញាណចម្លាក់ផ្ដិលខាត់ថ្មកែវលោក ស្វាយប៉ុក គឺជាជាងចិត្តធ្ងន់ដូចផ្ទាំងថ្ម ទើបអាចប្រើភាពអំណត់ដាប់ឆ្លាក់ប្រែក្លាយវត្ថុធាតុដើមជាចម្លាក់ថ្មកែវដ៏មានតម្លៃ។
ចម្លាក់លើថ្មជាសិល្បៈមួយ ដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាដោយខេត្តពោធិ៍សាត់ត្រូវបានគេស្គាល់ថាជាទឹកដីនៃជាងចម្លាក់ថ្មកែវដ៏ជំនាញក្នុងការដាប់គូរវាសទៅតាមក្បួនខ្នាត ហើយរំលេចជាស្នាដៃតម្លៃរាប់ពាន់ដុល្លារសម្រាប់ការលក់ទាំងក្នុង និងនាំចេញទៅក្រៅប្រទេស។
ត្បិតតែចម្លាក់ថ្មកែវមានតម្លៃខ្ពស់តែអាជីពនេះក៏ទាមទារការតាំងចិត្ត និងអត់ធ្មត់ខ្លាំងផងដែរ ដូចជាលោកប៉ុកដែលចំណាយពេលជាង ២ឆ្នាំ ក្រេបជញ្ជក់ចំណេះជំនាញឆ្លាក់រូបលើថ្មជាមួយលោកគ្រូស្វាយ ពឿន ជាគ្រូបង្គោលក្នុងក្រុមជាងចាប់តាំងពីឆ្នាំ ១៩៩៨។
ឈរជើងលើអាជីវកម្មចម្លាក់ថ្មកែវជាង១៤ឆ្នាំ សិប្បកររូបនេះបានប្រាប់SR News ពីមូលហេតុនៃការចាប់យកអាជីពជាងចម្លាក់ថា៖«បានជាខ្ញុំចាប់របរជាជាងចម្លាក់នេះ ព្រោះជារបរមួយសម្រាប់ទំនុបបម្រុងគ្រួសារហើយក៏ជារបរមួយថ្លៃថ្នូរសុចរិតនិងជាកាងារមួយដែលជួយផ្សព្វផ្សាយពី វប្បធម៌ និងអរិយធម៌ខ្មែរ ជាកេរមរតកបន្តវេនពីដូនតាមកដល់បច្ចុប្បន្ននិងកូនចៅជំនាន់ក្រោយ»។
ជាមួយឧប្បនិស្ស័យ និងទេពកោសល្យស្រាប់លោកប៉ុក អាចមានសមត្ថភាពពេញលេញក្នុងការដើរលើវិថីអាជីពជាជាងចម្លាក់ ហើយនៅឆ្នាំ២០១០ លោកក៏សម្រេចចិត្តចាប់ផ្តើមបើកមុខរបរតូចមួយ ដោយប្រើប្រាស់ជំនាញចម្លាក់ថ្មរហូតដល់បច្ចុប្បន្ន។
សមិទ្ធផលទាំងអស់ពីសិប្បកម្មរបស់លោកមានការចូលរួមពីកូនជាង៦នាក់ដោយក្នុងនោះខ្លះជាជាជាងជំនាន់មុន ហើយខ្លះទៀតក៏ត្រូវជាក្មួយដែលលោកបានបណ្តុះបណ្តាលដោយផ្ទាល់។
ក្រៅពីទាមទារកម្លាំងច្រើនគ្នា លោកបានបញ្ជាក់ទៀតថាក្នុងការឆ្លាក់រូបព្រះមួយអង្គទាមទារចំណេះដឹងការតស៊ូ ផ្ចិតផ្ចង់អំណត់អត់ធ្មត់មែនទែនទើបទទួលបានរូបចម្លាក់ត្រូវក្បួនខ្នាត និងមានក្បូរក្បាច់ស្រស់ស្អាត។
បុរសវ័យ៤១ឆ្នាំរូបនេះបានបន្តថា៖«ក្នុងការឆ្លាក់រូបព្រះមួយអង្គ ខ្ញុំត្រូវកំណត់ទៅលើទំហំដែលភ្ញៀវបានកុម្ម៉ង់សិន ដោយខ្ញុំត្រូវកាត់ថ្មតាមទំហំដែលបានកំណត់ដោយខ្នាតរួចបានគូសព្រាងនៅលើថ្ម ទៅតាមក្បួនខ្នាតនិងទំហំរួចទើបចាប់ផ្ដើមដាប់ទម្លាក់ឲ្យចេញជារូបរាង រួចទើបខ្ញុំរៀបចំសម្រួលធ្វើជាជើងដៃនិងចាប់ផ្តើមលម្អិតផ្នែកនីមួយៗនៃរូប ពីផ្នែកខាងក្រោមរហូតដល់ផ្នែកខាងលើបន្ទាប់មកខ្ញុំ ត្រូវឆ្លាក់បើកមុខ រួចខាត់វាជាការស្រេច»។
លោក ប៉ុក បន្ថែមទៀតថាចំពោះរូបព្រះថ្មកែវមួយអង្គ ដែលមានភ្នែនពីរម៉ែត្រ និងតម្លៃ ៦,៥០០ដុល្លារត្រូវប្រើរយៈពេល មួយខែ១៥ថ្ងៃ ដោយចំណាយកម្លាំងកូនជាងចំនួនបីនាក់។
អ្វីដែលលំបាកបំផុតក្នុងដំណាក់កាលឆ្លាក់គឺការដាប់ថ្មធ្វើជារូបព្រះនេះ ដែលទាមទារជំនាញ ការតស៊ូ និងចិត្ដអំណត់ខ្លាំងមែនទែន។
រូបចម្លាក់មួយអង្គៗត្រូវបានដាក់ឲ្យប្រជាពុទ្ធបរិស័ទនិងព្រះសង្ឃជាវដាក់តម្កល់នៅទីវត្តអារាមនៅតាមផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម។ស្នាដៃចម្លាក់នេះទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ដោយមានអ្នកជាវយកទៅបរទេសផងដែរដូចជាសហរដ្ឋអាមេរិក ថៃ វៀតណាម បារាំង និងបណ្ដាប្រទេសដទៃទៀត។
ថ្មជាច្រើនត្រូវបាននាំមកពីកន្លែងផ្សេងៗគ្នាដូចជា ថ្មកែវមានប្រភពមកពីខេត្តពោធិ៍សាត់ និងថ្មភក់ជាថ្មលេខពីរ បន្ទាប់ពីថ្មកែវគឺយកមកពីខេត្តព្រះវិហារនិងកំពង់ធំ។
លោក ប៉ុក បានប្រាប់ពីវត្ថុធាតុដើមក្នុងការធ្វើចម្លាក់ថា៖«ចំពោះថ្មកែវយើងទិញមកគិតជាគីឡូដោយមួយគីឡូតម្លៃចាប់ពី២០០០រៀលរហូតទៅដល់៤០០០០រៀល ចំពោះថ្មភក់ មួយគីបតម្លៃ ២០០០រៀល ថ្មម៉ាប ១គីប តម្លៃ២០០ដុល្លារទៅដល់២៥០ដុល្លារ»។
ជាងចម្លាក់ថ្មកែវក៏បានបញ្ជាក់ដែរថា៖«រាល់រូបចម្លាក់ទាំងអស់ យើងអាចឆ្លាក់បានទៅតាមការកុម្ម៉ង់របស់អតិថិជន»។
សិប្បកម្មលោក ស្វាយ ប៉ុកមានទីលំស្ថិតនៅ ភូមិ អូរស្តៅ ឃុំ ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ខេត្តពោធិ៍សាត់។ព័ត៌មានបន្ថែមពី រូបចម្លាក់នេះ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុកចម្លាក់ថ្មកែវ ខេត្តពោធិ៍សាត់ ទំនាក់ទំនងទូរសព្ទលេខ ០១២ ២៧១ ៤៧៧៕
ខេត្ដព្រះសីហនុ៖ នៅក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុនឆ្នេរមាសឆ្នេរប្រាក់នៃបរិវេណឧទ្យានជាតិរាមឈើចំណាស់មួយអាយុកាលរាប់សតវត្សរ៍ បានទាក់ទាញចិត្ដភ្ញៀវទេសចរឱ្យឆៀងចូលទស្សនា។
ដើមចំបក់យក្សនេះ ដែលត្រូវបានរកឃើញនៅឆ្នាំ២០១០អំឡុងពេលសាងសង់តំបន់អភិវឌ្ឍឆ្នេរមាសឆ្នេរប្រាក់ សព្វថ្ងៃបន្តលូតលាស់រស់រានឈរជាសក្ខីភាពនៃប្រវត្តិសាស្ត្ររាប់សតវត្សរ៍ ដែលទាក់ទាញការគោរពនិងកោតសរសើរចំពោះភាពដ៏អស្ចារ្យនៃធម្មជាតិ។
លោក FuHang អគ្គនាយកក្រុមហ៊ុន យិះ ចៀ ដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់ក្នុងខេត្តព្រះសីហនុបានឲ្យដឹងថាបានឱ្យដឹងថា៖ «វាត្រូវបានស្គាល់ជា«ព្រះមាតាធរណី» ដែលសភាពរបស់ឈើយក្សនេះមានវល្លិ៍វារព័ទ្ធជុំវិញដ៏គួរឱ្យអស្ចារ្យដោយមានឫសជ្រៅ និងស្លឹកដុះស៊ុបទ្រុបច្រើន»។
លោកបានបន្ដទៀតថា ឈើចំបក់មានកម្ពស់ ៥០ម៉ែត្រ និងប្រវែងមួយជុំធំដែលមនុស្សរហូតដល់១៧នាក់ទើបស្រាក់ដៃគ្នាព័ទ្ធជុំ។
ការរកឃើញនៃអច្ឆរិយធម្មជាតិនេះបានផ្លាស់ប្តូររបៀប ដែលមនុស្សមើលការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន។
ចំពេលមានការជជែកវែកញែកជុំវិញតុល្យភាពរវាងកំណើនសេដ្ឋកិច្ចនិងការអភិរក្សបរិស្ថានការការពារដើមឈើគឺជានិមិត្តសញ្ញាបង្រួបបង្រួមនៃការគោរពអេកូឡូស៊ី។
អ្នកទស្សនាឧទ្យានជាតិរាម និងតំបន់ជុំវិញត្រូវបានលើកទឹកចិត្តឱ្យធ្វើដំណើរទៅទស្សនាដើមចំបក់យក្សដ៏អស្ចារ្យនេះ។
គួរបញ្ជាក់ថា ឧទ្យានជាតិរាមស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ក្បែរក្រុងព្រះសីហនុ ឧទ្យានជាតិរាមមានផ្ទៃដីជាង ២១,០០០ហិកតា និងនៅតែជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ជីវៈចម្រុះ។
ឧទ្យាននេះគឺជាជម្រកនៃព្រៃកោងកាងប្រព័ន្ធអេកូត្រូពិច និងជីវិតសត្វសមុទ្រដ៏សម្បូរបែបដែលគាំទ្រដល់ប្រភេទសត្វជិតផុតពូជនានា។
ចំពោះភាពស្រស់ស្អាតនៃឧទ្យានអ្នកទេសចរអាចចូលរួមក្នុងសកម្មភាពទេសចរណ៍ធម្មជាតិដូចជា ការឡើងភ្នំ ការមើលសត្វស្លាបនិងដំណើរកម្សាន្តតាមទូកដើម្បីទទួលយកបទពិសោធន៍នៃសម្បត្តិធម្មជាតិរបស់កម្ពុជា៕
កំពង់ធំ៖ ស្ថិតនៅផ្ទៃទឹកនៃបឹងទន្លេសាប ឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩លើទំហំផ្ទៃដីប្រមាណ ២៣.០០០ហិកតា ដោយផ្ដល់បទពិសោធន៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត នៅតំបន់ព្រៃសហគមន៍ ព្រៃលិចទឹក ជាមួយការបម្រើសេវាកម្មផ្ទះស្នាក់បោះតង់ ម្ហូបអាហារ កាណូតតូចធំ ជាដើម។
លោក សូ សុន អនុប្រធានទី២សហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ ទទួលបន្ទុកភ្ញៀវទេសចរណ៍ចេញចូល បានប្រាប់ SRNews ឱ្យដឹងថា៖ «ការបង្កើតសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយដោយមើលឃើញថា មានសក្តានុពលលើផ្នែកអេកូទេសចរណ៍ជាច្រើន។ ទី១ដោយពលរដ្ឋនៅនឹងបឹងទន្លេសាប។ ទី២យើងមានធនធានធម្មជាតិដ៏ល្អស្អាត។ ទី៣យើងមានព្រែកអភិរក្សសម្បូរទៅដោយត្រីមេពូជដោយទីនេះមាន ព្រៃសហគមន៍ព្រៃលិចទឹកទំហំផ្ទៃដីប្រមាណ ២៣.០០០ ហិកតា»។
ដោយមើលឃើញពីសក្តានុពលលើវិស័យអេកូទេសចរអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានផ្ដើមគំនិតបង្កើតជាសហគមន៍នេះឡើង ក្រោមការជួយឧបត្ថម្ភបន្ថែមពីអង្គការ VSO Cambodia។
ផលវិជ្ជមាននៃការចងក្រងជាសហគមន៍ការពារធនធានធម្មជាតិ
កាលពីមិនទាន់បានបង្កើតសហគមន៍នេះឡើង អនុផលមច្ឆាជាតិមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយមានការប្រព្រឹត្តបទល្មើសផលនេសាទគ្រប់ទម្រង់ហើយប្រជាពលរដ្ឋមិនសូវយល់ដល់ដឹងអំពីការអភិរក្ស និងកង្វះអនាម័យជាដើម។
លោក សូ សុន អនុប្រធានទី២ សហគមន៍បានប្រាប់បន្តថា៖«កន្លងមកនោះ ពេលដែលមិនទាន់មានសហគមន៍គឺយើងអត់សូវមានត្រីសម្បូរដូចឥឡូវទេ ដោយខ្វះការយាមល្បាត ពួកគាត់អាចលួចនេសាទខុសច្បាប់តាមចិត្តធ្វើឱ្យត្រីមិនជាសម្បូរទេ»។
ក្រោយបង្កើតសហគមន៍ឡើងមក អង្គការ FACTក៏បានផ្តល់ជូននូវគម្រោងជាច្រើនសម្រាប់សហគមន៍ផាត់សណ្តាយ ដូចជាទឹកស្អាតការគ្រប់គ្រងសំរាម ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការបញ្ចូល សកម្មភាពអេកូទេសចរណ៍និងការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបជាដើម។
អនុប្រធានទី២ សហគមន៍ រូបនេះបានបន្តថា៖ «រហូតដល់ឆ្នាំ២០១៩ដោយមានការគាំទ្រពី អង្គការ FACT ទៅលើថវិការល្បាតទំនុកបម្រុងផ្សេងៗ ដើម្បីបង្កើតជាសហគមន៍នេះឡើង ហើយបានបង្កើតជាគណៈកម្មការបង្កើតក្រុមល្បាត ក្រុមកែច្នៃ និងក្រុមតូចៗជាច្រើនទៀត។ អ៊ីចឹងនៅ ៥-៦ឆ្នាំចុងក្រោយនេះធ្វើឱ្យត្រីសម្បូរខ្លាំង និងមានការសាទរជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំជាតិក៏ដូចជាប្រជាពលរដ្ឋយើងផងដែរ»។
ឃុំផាត់សណ្តាយ មានភូមិចំនួន ៥មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០%ជាអ្នកប្រកបរបរនេសាទត្រី។ ដោយមានការប្រចាំការ ២៤ម៉ោងពីប្រជាសហគមន៍ ទាំងផលមច្ឆាជាតិ ទាំងសត្វស្លាបក៏មានការកើនឡើងជាលំដាប់ផងដែរ។
បទពិសោធន៍ទេសចរណ៍នៅសហគមន៍ផាត់សណ្តាយ
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។
អ្នកទេសចរមានជម្រើសចំនួនពីរដើម្បីធ្វើដំណើរទៅកាន់សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ជាមួយជម្រើសតាមផ្លូវគោកប្រើប្រាស់មធ្យោបាយដោយរថយន្តឬម៉ូតូ និងជម្រើសតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែនមកកាន់សហគមន៍។
អ្នកធ្វើដំណើរអាចចេញពីទីរួមខេត្តកំពង់ឆ្នាំងទៅកាន់កំពង់ទូកឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំងប្រមាណ ៤០គីឡូម៉ែត្រ រួចជិតទូកសហគមន៍ប្រមាណ១០ទៅ១៥នាទីប៉ុណ្ណោះនឹងទៅដល់សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយតែម្ដង។
នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយនេះដែរភ្ញៀវទេសចរនិយមធ្វើដំណើរទៅកម្សាន្តនាអំឡុងខែវិច្ឆកា ដល់ចុងខែមេសា។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តពីដោយទីនេះអាចរីករាយនឹងទេសភាពព្រៃសហគមន៍ និងព្រៃលិចទឹកជាច្រើនហិកតា។
ភ្ញៀវអាចទៅរីករាយនឹងទិដ្ឋភាពផ្ទះបណ្ដែតទឹកឡើងប៉មគយគន់ទេសភាពអុំទូកចូលមើលព្រៃលិចទឹក ស្វែងយល់សកម្មភាពនេសាទ ទស្សនាការកែច្នៃត្រីរបស់ប្រជាសហគមន៍គយគន់សត្វស្លាបចម្រុះជាច្រើនប្រភេទ ឱ្យចំណី និងទស្សនាត្រីមេពូជ ព្រមទាំងទស្សនាព្រែកអភិរក្សទាំង៥ របស់សហគមន៍ នៅផ្ទៃបឹងទន្លេសាបជាដើម។
ស្ថិតនៅក្នុងតំបន់ព្រៃលិចទឹករាប់ម៉ឺនហិកតាក៏មានដើមស្តី (ប្រភេទឈើព្រៃលិចទឹក) ទំហំដ៏ធំ (ប្រមាណ ១០ ឱបមនុស្សពេញវ័យ)ដែលមានអាយុកាលជាង ២០០ឆ្នាំ។
រីឯនារដូវប្រាំង ភ្ញៀវអាចដើរកម្សាន្តក្នុងភូមិមើលជីវភាពរស់នៅក្នុងតំបន់ដែលជាអាជីវកម្មបៃតងភូមិបណ្ដែតទឹកនិងដាក់ចំណីឱ្យត្រីមេពូជធម្មជាតិដោយផ្ទាល់ស្រដៀងទៅនឹងត្រីនៅក្នុងស្រះចិញ្ចឹមដែរ។
សេវាកម្មផ្ដល់ជូនដោយប្រជាពលរដ្ឋនៅសហគមន៍
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយមានសេវាកម្មទូកតូចសម្រាប់មនុស្ស១ ដល់ ៣នាក់មានតម្លៃ ១៥ដុល្លារ, ទូកធំសម្រាប់មនុស្ស៤ទៅ៦នាក់ តម្លៃ ២០ដុល្លារ, សេវាទស្សនាចរ ២០ទៅ៦០ដុល្លារ, ទូកអុំជិះជុំវិញភូមិទៅមើលព្រៃលេចទឹក ទៅមើលប៉មមើលទស្សភាពពីលើ តម្លៃ៥ដុល្លារក្នុងមួយទូក។
តម្លៃផ្ទះស្នាក់៥ដុល្លារសម្រាប់ភ្ញៀវជាតិ និង៧ដុល្លារសម្រាប់ភ្ញៀវបរទេស។ សេវាបោះតង់៣០ទៅ៤០ដុល្លារ និងសេវាជួលទីតាំងសម្រាប់ប្រជុំ ឬកម្មវិធីផ្សេងៗតម្លៃ៣០ទៅ៥០ដុល្លារ។
អ្នកស្រី អ៊ួង ចាន់ថនតំណាងសមាជិកសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ បានប្រាប់សារព័ត៌មាន SRNews ឱ្យដឹងថា៖ «សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយតំបន់ការពារ ទិសដៅទេសចរណ៍សំខាន់ៗ យើងមានសេវាកម្មជាច្រើនដូចជា៖ «សេវាកម្មផ្ទះស្នាក់បោះតង់ ម្ហូបអាហារ មានកាណូតតូចធំសម្រាប់ដឹកភ្ញៀវជិះកម្សាន្តតាមព្រៃសហគមន៍ទស្សនាថ្ងៃរះ និងថ្ងៃលិចនៅផ្ទៃបឹងទន្លេសាបដែលគេហៅថាអាជីវកម្មបៃតងភូមិបណ្ដែតទឹកជាដើម»។
នាពេលថ្មីៗនេះសហគមន៍ក៏មានសេវាកម្មកញ្ចប់ដំណើរកម្សាន្តមួយថ្ងៃវិលល្ងាច ជាមួយតម្លៃចូលរួមដំណើរទស្សនាចរ ២៩ដុល្លារជិះពីកំពង់ចម្លងឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង៣៩ដុល្លារ ពីភ្នំពេញទៅតម្លៃនេះបូករួមទាំងការហូបចុក។
សេវាកម្មម្ហូបអាហារនេះផងដែរ អ្នកស្រីចាន់ថន បានបញ្ជាក់ប្រាប់ថា៖ «រាល់ម្ហូបអាហាររបស់ខ្ញុំទាំងអស់គឺដកបដិភាពចូលសហគមន៍ជាប្រចាំដូចអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចតម្លៃ ៥ ដុល្លារ សម្រាប់ភ្ញៀវជាតិខ្ញុំដក១ ដុល្លារ, ៧ ដុល្លារសម្រាប់បរទេសខ្ញុំដក ២ ដុល្លារចូលសហគន៍»។
អ្នកស្រីក៏សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទេសចរនៅតំបន់នេះឱ្យបានកាន់តែច្រើនដើម្បីបានជំនួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងភូមិកាន់តែប្រសើរឡើងក៏ដូចជារួមចំណែកដល់សកម្មភាពអភិរក្សមេពូជត្រីក្នុងបឹងទន្លេសាបផងដែរ។
ទន្ទឹមនឹងនោះអ្នកស្រី ចាន់ថនក៏សាទរនឹងស្វាគមន៍ភ្ញៀវកាន់តែច្រើន ដោយអ្នកស្រីសម្គាល់ឃើញថា៖ «អំឡុងចុងឆ្នាំ ២០២៤នេះ ឃើញប្លែកមានភ្ញៀវបរទេសមកច្រើនហើយក៏មានភ្ញៀវអង្គការ និងភ្ញៀវជាតិមកទេសចរ កម្សាន្តនៅទីនេះគាត់មកមើលព្រៃសហគមន៍ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹក ឡើងទៅប៉មមើលទេសភាពអុំទូកចូលមើលព្រៃលិចទឹក ទៅមើលដើមស្ដីដែលមានអាយុកាលជាង ២០០ឆ្នាំមួយខែៗមានភ្ញៀវប្រហែល៨០ទៅជាង១០០នាក់អីដែរ»។
បើបងប្អូនមានបំណងចង់ទៅលេងសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ សូមទំនាក់ទំនងសួរនាំព័ត៌មានតាមរយៈលេខ011 519 995 / 088 6632088 ឬតាមរយៈគេហទំព័រហ្វេសប៊ុក PhatsandayEcotourism សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ៕
ខេត្ដព្រះសីហនុ៖ ក្នុងរយៈពេល ១១ ខែកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន២១៣ គម្រោង ដែលមានទុនវិនិយោគ ៦០២៦ លានដុល្លាអាមេរិក ដែលត្រូវបានរំពឹងថានឹងបង្កើតការងារដល់កម្មករនិយោជិតប្រមាណ ៣៩៥៧៨ កន្លែង។
ទិន្នន័យនេះត្រូវបានលើកឡើងដោយ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដែលបានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុងខេត្តព្រះសីហនុ។
គម្រោងទាំងអស់រួមមាន៖
· គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០៣គម្រោង ស្មើនឹង ៤៨% មានទុនវិនិយោគសរុប ២៥១០ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៥៥៨ កន្លែង
· គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៨៦ គម្រោងស្មើនឹង ៤០% មានទុនវិនិយោគសរុប ២ ៦៩៩ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៣០ ២៣១ កន្លែង
· ការពង្រីកគម្រោង ចំនួន ១៧ គម្រោង ស្មើនឹង ៨% មានទុនវិនិយោគសរុប ៧៦៨ លានដុល្លារអាម៉េរិក ដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៧៤៨ កន្លែង
· គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៧ គម្រោងស្មើនឹង ៣% មានទុនវិនិយោគសរុប ៣០ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤១ កន្លែង។
សូមគូសបញ្ជាក់ថា គម្រោងទាំងអស់ខាងលើគ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និងគម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមានទុនវិនិយោគ ២ ១៥៥លានដុល្លារអាម៉េរិក, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមានទុនវិនិយោគ ២ ១៨១ លានដុល្លារអាម៉េរិក, ឧស្សាហកម្មមាន ៣៥ គម្រោង ស្មើនឹង ១៦% ដែលមានទុនវិនិយោគ ១ ១៩០ លានដុល្លារអាម៉េរិក,និង វិស័យផ្សេងទៀត មាន ៣២ គម្រោង ដែលមានទុនវិនិយោគ ២៣៧លានដុល្លារអាមេរិក។
យោងតាមប្រសាសន៍លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តខេត្តព្រះសីហនុ ខេត្តឆ្នេរសមុទ្រមួយនេះមានផ្ទៃដីសរុប ២.៦៥៨,៩០គីទ្បូម៉ែត្រក្រទ្បានិងមានប្រជាជនប្រមាណ ៣១០.០០០នាក់ និងមានកោះតូច-ធំចំនួន៣២ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥,៨១គីទ្បូម៉ែត្រទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹមស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះគម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តនិងរីករាយជាមួយនឹងធម្មជាតិ ទាំងអស់នេះ។
លោកបានឱ្យដឹងផងដែរថា៖ «ក្នុងឆ្នាំ២០២៣ខេត្តព្រះសីហនុទទួលបាន ផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ចំនួន៤.៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម១,២២% នៅឆ្នាំ២០២៣៕
បន្ទាប់ពីស្វាគមន៍អ្នកចូលរួមរាប់ពាន់នាក់មកភ្លក្សអាហារឆ្ងាញ់ៗនៅ The Elysée កោះពេជ្រក្រោមជំនោរទន្លេដ៏ត្រជាក់ និងបរិយាកាសរីករាយមួយចុងភៅសង្ហា និងតារាចម្រៀងល្បីៗសប្ដាហ៍នេះ NhamFesta Picnic Under the Blossoms ជាកម្មវិធីបែបពិកនិកលើកដំបូងគេ នៅគម្រោង អ័រគីដេដឹប៊ូតានិចស៊ីធី។
សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មី អាចធ្វើឱ្យអារម្មណ៍ល្ហែល្ហើយជាមួយបរិស្ថានធម្មជាតិបាននៅកម្មវីធិទី២ ដែលមានឈ្មោះថា NhamFesta PicnicUnder the Blossoms ជាកម្មវិធីដែលត្រូវបានធ្វើឡើងជាមួយដៃគូសហការនៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី (Orkide The Botanic City)។
ព្រឹតិ្តការណ៍បែបពិកនិចដំបូងគេបង្អស់នៅថ្ងៃទី២១-២២ ខែធ្នូនេះ ជាឱកាសល្អសម្រាប់ការជួបជុំមិត្តភកិ្ត ដើម្បីសម្រាកលម្ហែកាយជាមួយក្រុមគ្រួសារ។
នៅថ្ងៃទីសៅរ៍ ទី ២១ ខែធ្នូនេះ កម្មវិធីចាប់ផ្ដើមជាមួយសិក្ខាសាលារៀនធ្វើវត្ថុអនុស្សាវរីយ៍បែបឃ្យូតៗនៅម៉ោង ៣រសៀល។ បន្ទាប់មកមានការសម្តែងក្រុមតន្ត្រី ការលេងហ្គេម និងពិសេសការប្រកួតដែលដឹកនាំដោយចុងភៅសុធារិទ្ធ ចាប់ពីម៉ោង ៧ ដល់ ៨យប់។
ពេលយប់អ្នកចូលរួមទទួលទានអាហារបែបពិកនិក នឹងទទួលបានការប្រគំកំដរពីក្រុមតន្ត្រីរួមទាំងមានការចាក់បញ្ចាំងខ្សែភាពយន្តក្រៅ រហូតដល់ម៉ោង ១០យប់ផងដែរ។
អ្នកចូលរួមអាចថតរូបស្អាតៗ ពិសេសជាមួយសួនបែតង និងការតុបតែងដ៏ស្រស់ស្អាតបែបធម្មជាតិរបស់បុរីអ័រគីដេ ហើយក៏ទទួលបាននូវអារម្មណ៍ស្រស់ស្រាយបន្ថែមដោយមានការកម្សាន្តជាច្រើននិងការទស្សនាកុនក្រោមដំបូលមេឃ ផងដែរដើម្បីបង្កើនអនុស្សាវរីយ៍ល្អៗ។
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ សិក្ខាសាលារៀនធ្វើវត្ថុអនុស្សាវរីយ៍ផ្សេងៗនឹងបើកម្តងទៀតនៅម៉ោង៣ រសៀល ដោយមានការសម្តែងក្រុមតន្ត្រី ការលេងភ្លេង ឬហ្គេ ការលេងល្បែងជាគូ ការសម្តែងនិងការច្រៀងដោយតារាចម្រៀងលោក នីកូ ចាប់ពីម៉ោង ៨ ដល់ ៨កន្លះយប់ ហើយបន្តដោយការចាក់បញ្ចាំងខ្សែភាពយន្តរហូតដល់១០យប់។
កញ្ញា អ៊ុង ចរិយា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Unbox Marketing បានឱ្យដឹងថា៖ «ពួកយើងក៏មានគោលបំណងបង្កើនការយល់ដឹងអំពីមុខម្ហូបទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ។ បន្ថែមពីនេះវាក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍និងគាំទ្រដល់ឧស្សាហកម្មម្ហូបអាហារ ជាពិសេសអាជីវកម្មនៅក្នុងស្រុកឱ្យមានឱកាសរកប្រាក់ចំណូលបន្ថែមបាន»។
មិនថាអ្នកកំពុងស្វែងរកអាហារឆ្ងាញ់ៗឬចង់សាកល្បងអ្វីថ្មីដូចជាការរៀនធ្វើ ( DIY) និងអង្គុយស្ដាប់ចម្រៀងនោះទេ NhamFesta Picnic Under the Blossoms នឹងផ្ដល់បទពិសោធន៍ប្លែកៗឱ្យអ្នកទាំងអស់គ្នាជាមួយនឹងធម្មជាតិ ប្លង់ថតរូបស្អាតៗ និងការកម្សាន្តជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេករបស់ NhamFestaFood Festival។
NhamFesta Picnic Under the Blossoms ត្រូវបានធ្វើនៅគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ហើយកុំភ្លេចទៅចូលរួមលេងហ្គេមញ៉ាំអាហារពិកនិក មើលកុន និងស្ដាប់ចម្រៀងទាំងអស់គ្នាណា៕
ទម្លាប់អាក្រក់មួយចំនួនដែលយើងមិនចាប់អារម្មណ៍នៅក្នុងការរស់នៅ គឺជាមូលហេតុចម្បងដែលជំរុញឱ្យសារធាតុពុលឬកាកសំណល់ផ្សេងៗកើនឡើងនៅក្នុងរាងកាយ។
ជាកាពិតណាស់ រាល់សារធាតុពុលនិងកាកសំណល់ទាំងអស់នោះ គឺជាដើមហេតុធ្វើឱ្យប្រព័ន្ធក្នុងរាងកាយមិនដំណើរការល្អនិងជំរុញការរំខានប៉ះពាល់ដល់សុខភាពទូទៅ ជាពិសេសឈានដល់ការលាងឈាមទៀតផង។
ទម្លាប់អាក្រក់ទាំងអស់នោះរួមមាន៖
១.ការបរិភោគអាហារមិនមានប្រយោជន៏ដល់រាងកាយ
ការទទួលទានអាហារដែលមានជាតិប្រេង,ស្ករ, ច្រើនពេកជាពិសេសការប្រើប្រាស់អាហារឬផលិតផលដែលមានសារធាតុគីមីរក្សាអាហារទុកបានយូរ (preservatives) និងជាតិសារធាតុបន្ថែមរសជាតិក្លិន និងពណ៌អាហារ (additives)។
២. ការប៉ះពាល់ជាមួយជាតិពុលពីបរិយាកាស
ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងបរិយាកាសដែលមានភាពកខ្វក់ដោយធូលីឬសារធាតុគីមី។ រីឯមួយចំណែកទៀត គឺការប្រើប្រាស់គ្រឿងសម្អាងឬផលិតផលថែរក្សាស្បែកដែលមានសារធាតុគីមីខ្ពស់។
៣. ការទទួលទានជាតិអាល់កុលនិងជាតិកាហ្វេអ៊ីនច្រើនពេក
ការផឹកស្រា ឬជាតិកាហ្វេអ៊ីនច្រើនអាចបង្កភាពខូចខាតដល់ថ្លើមនិងប្រព័ន្ធផ្សេងៗ។
៤. ការមិនបរិភោគទឹកមិនបានគ្រប់គ្រាន់
ទឹកសំខាន់ណាស់សម្រាប់រាងកាយ។ ការមិនផឹកទឹកគ្រប់គ្រាន់អាចបណ្តាលឱ្យប្រព័ន្ធរំលាយអាហារមិនដំណើរការល្អនិងបង្កការប្រមូលផ្តុំសារធាតុពុលក្នុងខ្លួន។
៥. ការមិនមានទន្លាប់ហាត់ប្រាណ
ការមិនធ្វើលំហាត់ប្រាណអាចពន្យឺតប្រព័ន្ធបន្សាបជាតិពុលក្នុងរាងកាយហើយការសិក្សារបានឱ្យដឹងថាភាពអស់កម្លាំងដោយគ្មានសកម្មភាពរាងកាយធ្វើឱ្យកាកសំណល់មិនត្រូវបានបញ្ចេញចោល។
៦. ការប្រើប្រាស់សារធាតុញៀន ឬបារី
ការប្រើប្រាស់សារធាតុញៀន និងបារីមានសារធាតុពុលដល់សួត, ឈាម, និងប្រព័ន្ធផ្សេងៗ។
៧. ការមិនគេងឱ្យគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យប្រព័ន្ធលាងជាតិពុលក្នុងរាងកាយ(detox system) មិនដំណើរការបានល្អ។
ដើម្បីជៀសវាងនៅទម្លាប់អាក្រក់ៗទាំងអស់នោះអ្នកគួរតែ៖
• បរិភោគអាហារសម្បូរបន្លែនិងផ្លែឈើ
• ផឹកទឹកស្អាតគ្រប់គ្រាន់ និងហាត់ប្រាណទៀងទាត់
• ឈប់ជក់បារី និងជៀសវាងជាតិអាល់កុល
• គេងឱ្យបានគ្រប់គ្រាន់
• ជៀសវាងការប្រើផលិតផលដែលមានសារធាតុគីមីខ្ពស់
តាមដាន និងបង្កើតទម្លាប់ល្អៗក្នុងជីវិតប្រចាំថ្ងៃជាផ្នែកសំខាន់បំផុតសម្រាប់ការបង្ការបញ្ហាទាំងអស់នេះ៕
តាកែវ: នៅតាមពិធីមង្គលការបុណ្យទាន វត្តអារាម និងកម្មវិធីប្រពៃណីនានា សូរសំឡេងភ្លេងខ្មែរត្រូវបានបន្លឺឡើងយ៉ាងពីរោះរណ្ដំ។ប៉ុន្តែវង់ភ្លេងខ្មែរពីបរមបុរាណដែល ជាអត្តសញ្ញាណជាតិដ៏សំខាន់នេះ បានថមថយប្រជាប្រិយភាពទៅតាមជំនាន់និងត្រូវបានជំនួសដោយតន្ត្រីសម័យ។
ដោយចាប់អារម្មណ៍ឃើញដូច្នោះហើយ ទើបលោក ហេងសែន ជាតន្ត្រីករបុរាណ នៅក្នុងផ្សារព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវបានស្វះស្វែងថែរក្សាតន្ត្រីប្រពៃណីខ្មែរតាមរយៈការផលិតឧបករណ៍ភ្លេងលក់ ក៏ដូចជាផលិតជាវីដេអូបង្រៀនពីការលេងតន្ត្រីបុរាណសម្រាប់អ្នកដែលបានជាវឧបករណ៍ភ្លេងពីរូបលោក។
បុរសវ័យ៣២រូបនេះបានប្រាប់បន្តទៀតថា៖ «មូលហេតុដែលខ្ញុំផលិតនិងលក់ ក៏ដូចជាបង្រៀនភ្លេងទៅអ្នកដែលជាវឧបករណ៍ភ្លេងទៅព្រោះបច្ចុប្បន្នឧបករណ៍ភ្លេងមិនសូវមានអ្នកចាប់អារម្មណ៍ច្រើន ធ្វើឲ្យរូបខ្ញុំខ្លាចថាថ្ងៃណាមួយឧបករណ៍ភ្លេងទាំងនេះនឹងត្រូវបានបាត់បង់ ទើបខ្ញុំខិតខំថែរក្សាតាមរយៈការផលិត វីដេអូរបៀបបង្រៀនលេងភ្លេង»។
លោកបានបញ្ចូលគំនិតអភិរក្សជាមួយសិប្បកម្មក្រោមឈ្មោះយីហោថា«ជួយថែរក្សា ឧបករណ៍ភ្លេងខ្មែរ» ដែលគំនិតនេះផុសចេញពីសាវតារបស់លោកជាតន្ត្រីករមួយរូប។
លោក ហេង សែនបានរៀបរាប់ឱ្យ SR News ឲ្យដឹងថា៖ «ដោយសារខ្ញុំជាអ្នកលេងភ្លេងបុរាណស្រាប់ ទើបខ្ញុំផលិតឧបករណ៍ភ្លេងខ្មែរលក់និងបង្រៀនភ្លេងទៅកាន់អ្នកដែលចង់រៀននិងអ្នកដែលបានទិញឧបករណ៍ភ្លេងពីរូបខ្ញុំទៅ»។
លោក ហេង សែន បានឱ្យដឹងថា ដំណើរការនៃការផលិតឧបករណ៍ភ្លេងនីមួយៗមានភាពសាំញ៉ាំច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាលទម្រាំចេញជាឧបករណ៍សម្រេច។
ឧបករណ៍ដែលលក់ដាច់ជាងគេគឺ ទ្រនិងស្គរហើយគោលបំណងនៃការជាវរបស់អតិថិជនខុសៗគ្នា ដោយអ្នកខ្លះប្រើក្នុងការប្រកបមុខរបរទទួលទានជាប្រចាំថ្ងៃឬធ្វើជាវត្ថុតាំងនៅផ្ទះ។ អតិថិជនខ្លះទៀតបានទិញឧបករណ៍ភ្លេងខ្មែរដោយសារតែចិត្តស្រឡាញ់ បំណងជួយអភិរក្ស ឬចំណូលចិត្តទុកប្រគំលេងម្ដងម្កាល។
សម្រាប់ការផលិតឧបករណ៍ភ្លេងនីមួយៗលោកលៃលកផលិតដោយខ្លួនឯងខ្លះនិងជួលឱ្យគេធ្វើខ្លះ។
ម្ចាស់សិប្បកម្មក្រោមឈ្មោះថា «ជួយថែរក្សាឧបករណ៍ភ្លេងខ្មែរ» បានបញ្ជាក់ថា ទ្រមានតម្លៃចាប់ពី១៤.០០០រៀលរហូតដល់១៨.០០០រៀល។ចំពោះស្គរវិញមានតម្លៃចាប់ពីតម្លៃ៨០.០០០រៀលរហូតដល់១៨០.០០០រៀលទៅតាមប្រភេទឈើ ស្បែកនិងក្បូរក្បាច់រចនារបស់វា។
សព្វថ្ងៃនេះលោក ហេង សែន ក៏មានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះថា«ជួយថែរក្សាឧបករណ៍ភ្លេងខ្មែរ» សម្រាប់បង្ហោះលក់ឧបករណ៍ភ្លេងក៏ដូចជាវីដេអូ របៀបលេងភ្លេងដែរដើម្បីផ្សព្វផ្សាយឲ្យកូនខ្មែរបានឃើញនិងបានស្គាល់ក្នុងបំណងជំរុញការថែរក្សាមរតកមួយនេះឲ្យគង់វង្សយូរអង្វែង។
លោករំពឹងថា នឹងបន្តសិប្បកម្មធ្វើឧបករណ៍ភ្លេងក៏ដូចជាបង្កើនការវីដេអូបង្រៀនការលេងភ្លេងបុរាណឲ្យបានច្រើនដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងប្រទេសនិងទៅកាន់ពិភពលោក។
ព័ត៌មានបន្ថែមពី ឧបករណ៍ភ្លេងខ្មែរនេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក ជួយថែរក្សារ ឧបករណ៍ភ្លេងខ្មែរឬទំនាក់ទំនងទូរសព្ទលេខ ០៩៧ ៦៤៩០៦៣៦ /០១០ ៦៧៥១២៣៕
ខេត្ដព្រះសីហនុ៖ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុពោលគឺគម្រោងវិនិយោគ ដែលត្រូវបានសាងសង់ ហើយបានផ្អាក ពន្យារ និង/ឬពុំមានសកម្មភាព វិនិយោគ ឬសកម្មភាពធុរកិច្ច ចាប់ពីឆ្នាំ ២០១៦។
ផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្ត វិធានការកន្លងមកបានផ្តល់សញ្ញាវិជ្ជមាននិងបង្កើនជំនឿទុកចិត្តដល់វិនិយោគិន ប៉ុន្តែបានកម្រិតត្រឹមគម្រោងវិនិយោគជាប់គាំង។
ជាក់ស្ដែងសកម្មភាពវិនិយោគ និងសកម្មភាពធុរកិច្ច ក៏បាននិងកំពុងជួបប្រទះបញ្ហាប្រឈមដូចជាការបង់ពន្ធអាករ និងកម្រៃផ្សេងៗច្រើន សំណង់សាងសង់ពុំមាន ឬខុសលិខិតអនុញ្ញាតសាងសង់និងការសាងសង់ពុំមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ការកំណត់តម្លៃអចលនទ្រព្យខ្ពស់ កង្វះទុនវិនិយោគបន្ថែមនិងវិវាទរវាងម្ចាស់សំណង់ និងម្ចាស់ដីជាដើម។
ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុឯកឧត្តម ជា កុកហុង ដែលមានតួនាទីជាប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុបានថ្លែងក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយគូសបញ្ជាក់នូវវិធានការបន្ថែម ដាក់ចេញដោយរាជរដ្ឋាភិបាល ដូចខាងក្រោមនេះ៖
១. លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិង ពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែមសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។
២. លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរិមារយៈពេល៣ ឆ្នាំ និង ប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល រយៈពេល ៣ ឆ្នាំសម្រាប់គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតនៅក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
៣. លើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែល ផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់គម្រោង ឬ សកម្មភាពធុរកិច្ចជាប់គាំងក្នុង ខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និង ការជួសជុលកែលម្អលើអគារដែលជាប់តាំង។
៤. លើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ឆ្នាំ។
៥. លើកលែងពន្ធអចលនទ្រព្យ និង លើកលែងទណ្ឌកម្មរដ្ឋបាល(ពន្ធបន្ថែម និង ការប្រាក់) ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ហើយការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះ ប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។
៦. លើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិត អនុញ្ញាតសាងសង់លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬ វិញ្ញាបនបត្រប្រើប្រាស់សំណង់។
៧. សម្រួលនីតិវិធី និង បែបបទនៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងការងារសំណង់ រួមទាំងកាត់បន្ថយរយៈពេលនៃការស្នើសុំលិខិតអនុញ្ញាតឬ វិញ្ញាបនបត្រប្រើប្រាស់សំណង់។
៨. សម្របសម្រួលក្នុងការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្តុំ សំណង់ និង ថ្លៃត្រួតពិនិត្យនិង បញ្ជាក់គុណភាព និង សុវត្ថិភាពសំណង់ ដោយសហការជាមួយក្រសួង ស្ថាប័នវិស័យឯកជន ម្ចាស់ដី និង ម្ចាស់សំណង់។
៩. សម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ចរួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និង លិខិត អនុញ្ញាតនានាព្រមទាំងការចុះបញ្ជីជា គ.ល.គ និង សហគ្រាស។
១០. រៀបចំគោលការណ៍ និងសម្របសម្រួលការបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ និង ផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងកំណត់តម្លៃយោង សម្រាប់អចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ។
១១. រៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍនៅតាមភូមិ សង្កាត់ និង ផ្លូវសំខាន់ៗ ដូចជា តំបន់ ទេសចរណ៍ពិសិដ្ឋតំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញបាន វិថី អាហារ និងរមណីយដ្ឋាន/ កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និងភូមិសាស្ត្រជាក់ស្តែង។
១២. ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែល ពាក់ព័ន្ធនឹងការវិនិយោគ ។
គួរបញ្ចាក់ឱ្យដឹងផងដែរថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៥» ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅខែ មករា ឆ្នាំ ២០២៤៕
កំពតៈ សហក្រិនស្ត្រីផលិតអំបិលនៅក្នុងខេត្តកំពតទទួលបានឱកាសពង្រីអាជីវកម្មរបស់ខ្លួន តាមរយៈ កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបរបស់ធនាគារប្រៃសណីយ៍(CPBank) ដែលជាគម្រោងក្រោម ភាពជាដៃគូរវាងធនាគារអភិវឌ្ឃន៍អាស៊ី ADBនិង CP Bank។
អ្នកស្រី ហុង ស្រីមុំ ជាសហក្រិនស្ត្រីផលិតអំបិលនៅក្នុងស្រុកទឹកឈូខេត្តកំពតបានឱ្យដឹងថា កម្ចីប្រាក់ របស់ធនាគារប្រៃសនីយ៍ បានផ្តល់នូវឱកាសដ៏ល្អប្រសើរក្នុងការជួយដល់អ្នកស្រីក្នុងការពង្រីកអាជីវកម្ម ដើម្បីទទួលបានចំណូលបន្ថែម និងផ្តល់នូវទំនុកចិត្តផងដែរ។
អ្នកស្រីរៀបរាប់ពីការពង្រីកអាជីវកម្មតាមរយៈកម្ចីប្រាក់របស់ធនាគារប្រៃសនីយ៍យ៉ាងដូច្នេះថា៖ «ខ្ញុំខ្ចីប្រាក់រយៈពេល៦ឆ្នាំពីធនាគារប្រៃសនីយ៍ ទី១ ខ្ញុំពង្រីកស្រែបណ្តុះអំបិលកាលពីមុនមានចំនួន ២៥ស្រែ ពេលនេះខ្ញុំមាន៣៥ស្រែនិងរៀបចំឃ្លាំងអំបិលផ្សេងៗដែលធ្លុះធ្លាយ បើនិយាយកាលពីមុន មានផលលំបាកណាស់កាលមុនស្រែបណ្តុះយើងវាតិច យើងបានទិន្នផលតិច លុយយើងក៏វាដូច្នេះដែរ អ៊ីចឹងការផ្គត់ផ្គង់ក្នុងគ្រួសារឱ្យកូនទៅរៀនក៏ពិបាកដែរតែពេលនេះយើងងាយស្រួល ព្រោះយើងទទួល បានចំណូលច្រើន ហើយនៅពេលបង់ដាច់យើងសល់ដីស្រែអំបិល ១០ ហ្នឹង»។
អ្នកស្រីបន្ថែមថា កម្ចីប្រាក់របស់ធនាគារប្រៃសណីយ៍មិនមានភាពស្មុគស្មាញរហ័សទាន់ចិត្ត និងមានអត្រា ការប្រាក់ទាបដែលកត្តាទាំងនេះផ្តល់ជូនឱ្យអតិថិជនដូចជាលោកស្រីនូវភាពងាយស្រួលនិងអត្ថប្រយោជន៍ច្រើន។
«តាមរយៈកម្ចីនេះ មានភាពងាយស្រួលពេលខ្ញុំការដាក់ឯកសារទៅហ្នឹង ពួកគាត់មករៀបចំឱ្យខ្ញុំទាន់ចិត្ត ព្រោះពេលនោះខ្ញុំត្រូវការប្រញាប់ដែរ ហើយបើថាខាងធនាគារគាត់ឱ្យ គឺរៀបចំឯកសារ គឺបានតែម្តង»។ នេះបើតាមអ្នកស្រី ស្រីមុំ
ស្ត្រីរូបនេះបង្ហាញពីភាពសប្បាយចិត្ត ដោយមើលឃើញថាសហក្រិនស្ត្រីអាចធ្វើអ្វីបានគ្រប់យ៉ាង ជាពិសេសការបង្កើតមុខរបរ និងការពង្រីអាជីវកម្មមិនដូចពាក្យថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ»។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និងធនាគារប្រៃសណីយ៍កម្ពុជា(CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់១០លានដុល្លារដើម្បីគាំទ្រដល់ការស្តារឡើងវិញ នូងស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពីផលប៉ះពាល់កន្លងមកដោយជំងឺកូវីដ ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ។យ៉ាងហោចណាស់ ៥០% នៃប្រាក់កម្ចីនេះ ត្រូវបាន បម្រុងទុកសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។
ទាក់ទងនឹងគម្រោងនេះអ្នកស្រី ស្រីមុំ យល់ឃើញថា៖ «គម្រោងនេះ គឺជាគម្រោងល្អខ្លាំងណាស់ ឱ្យស្រ្តីទាំងអស់ដែលអត់ហ៊ានខ្ចីឱ្យហ៊ានខ្ចី ព្រោះយើងអាចខ្ចីធនាគារដោយពេញចំហ បើមិនអ៊ីចឹងទេ យើងទៅខ្ចីខាងក្រៅគឺមានការប្រាក់ថ្លៃ អ៊ីចឹងខ្ញុំណែនាំស្ត្រីទាំងអស់ ដែលខ្វះដើមទុនរកស៊ីអ៊ីចឹងអាចទៅធនាគារប្រៃសនីយ៍ទៅមិនខុសចិត្តទេ ព្រោះខ្ញុំពង្រីកបានច្រើនណាស់»។
លោកស្រី Jyotsana Varma នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) មានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសប្បាយរីករាយណាស់ នៅពេលដែលអ្នកទទួលផល ដូចជាអ្នកស្រីស្រីមុំ ដែលបានខ្ចីប្រាក់ដោយប្រើប្រាស់ទទួលបានប្រសិទ្ធភាព ហើយលោកស្រីសង្ឃឹមថា គម្រោងនេះនឹងអាចពង្រីកភាពជាសហក្រិនរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕
មណ្ឌលគិរី៖ សិប្បកម្ម«តែសុខភាពទៀបបារាំង មាសស្នេហ៍មណ្ឌលគិរី» បានកែច្នៃកសិផល ផ្លែទៀបបារាំង ដែលជាផ្លែឈើមានគុណប្រយោជន៍ច្រើនដល់សុខភាពទៅតែឆុងផឹកល្អទាំងចំពោះសុខភាព និងរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក។
លោក អូន មាសស្នេហ៍ បានបង្កើតសិប្បកម្មនេះឡើងនៅក្នុងអំឡុងឆ្នាំ ២០២២ ដោយមានទីតាំងស្ថិតនៅភូមិ មេប៉ៃ ឃុំ ពូជ្រៃ ស្រុក ពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។
លោកបានប្រាប់អ្នកសារព័ត៌មាន SR News ឱ្យដឹងថា៖ «ការបង្កើតឡើងដើម្បីជួយលើកកម្ពស់នូវផលិតផលក្នុងស្រុកកាត់បន្ថយការនាំចូលផលិតផលខាងក្រៅប្រទេស និងគិតគូរដល់សុខភាពប្រជាពលរដ្ឋយើងជាចម្បង»។
តែសុខភាពទៀបបារាំងមាសស្នេហ៍ មណ្ឌលគិរី ជាឈ្មោះម្ចាស់សិប្បកម្មលក្ខណៈជាមួយឈ្មោះយីហោទាក់ទាញហើយអតិថិជនក៏ងាយស្រួលចំណាំផងដែរ។
ម្ចាស់សិប្បកម្ម តែសុខភាពទៀបបារាំងមាសស្នេហ៍មណ្ឌលគិរី បានប្រាប់បន្តថា៖ «ខ្ញុំបើកសិប្បកម្មលក្ខណៈគ្រួសារធ្វើនៅគេហដ្ឋានខ្លួនឯងហើយមូលហេតុដែលដាក់ឈ្មោះ មាសស្នេហ៍ ព្រោះតែវាគឺជាឈ្មោះហៅក្រៅរបស់ខ្ញុំផ្ទាល់ណាមួយគិតថា អតិថិជនងាយស្រួលចំណាំ មានភាពទាក់ទាញ់ និងធ្វើឱ្យមានការចាប់អារម្មណ៍»។
លើសពីស្លាកយីហោទាក់ទាញផ្លែទៀបបារាំង ទៀតសោតក៏មានគុណប្រយោជន៍ជាច្រើនយ៉ាងដល់សុខភាព។ ចំណុចពិសេសមួយទៀតគឺវាមានក្លិនឈ្ងុយខុសពីតែទូទៅដែលជាហេតុនាំឱ្យលោក មាសស្នេហ៍ ជ្រើសរើសយកផ្លែទៀបបារាំងផលិតជាតែនេះតែម្ដង។
ម្ចាស់អាជីវកម្មរូបនេះបានរៀបរាប់ពីអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួនថាតែសុខភាព ទៀបបារាំង មានក្លិនឈ្ងុយពិសេស ធ្វើឱ្យអាម្មណ៍កាន់តែស្រស់ថ្លា ជួយសម្រស់ដល់ការគេងទប់ស្កាត់បញ្ហា ផ្ដាសសាយ ជួយសម្រួលដល់ផ្លូវដង្ហើម សម្រួលដល់ភាពតានតឹង ផ្លូវអាម្មណ៍ជួយព្យាបាលបញ្ហារោគស្ដ្រី ធ្លាក់ ស មេរោគផ្សិត នឹងមេរោគ (HPV) ដែលអាចបង្ករទៅជាជំងឺមហារីក។ការផឹកតែទៀបបារាំងក្ដៅក្នុងរដូវរងារអាចជួយបន្ថយអាការៈផ្ដាសសាយបានយ៉ាងល្អប្រសើរ។
វត្តុធាតុដើមត្រូវបានប្រមូលទិន្និផលពីចម្ការរបស់លោកផ្ទាល់គួបផ្សំនឹងការប្រមូលទិញផ្លែទៀបបារាំងពីប្រជាកសិករនៅក្នុងតំបន់ ដើម្បីយកមកផលិតកែច្នៃធ្វើជាតែ។កត្តាសំខាន់ជួយឱ្យប្រជាកសិករទទួលបានចំណូលមួយកំរិត ជួយលើក កម្ពស់ផលិតផលក្នុងស្រុកកាត់បន្ថយការនាំចូលផលិតផលខាងក្រៅ រួមទាំងជួយគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។
ម្ចាស់អាជីវកម្មវ័យ២៣ឆ្នាំរូបនេះបានលើកឡើងថា៖ «យើងមានចម្ការទៀបបារាំងខ្លួនឯងផ្ទាល់ និងបានប្រមូលទិញផ្លែទៀបពីប្រជាកសិករដែលដាំនៅក្នុងខេត្តមណ្ឌលគិរីនេះបន្ថែមទៀតដើម្បីធ្វើជាវត្ថុធាតុដើមយកមកផលិតជាតែសុខភាពលក់នៅលើទីផ្សារ រួមទាំងបង្កើនប្រាក់ចំណូលដល់ពួកគាត់បានមួយកម្រិត»។
ផលិតផលតែទៀបបារាំងនេះឆ្លងកាត់ការផលិតយ៉ាងផ្ចិតផ្ចង់ដោយមានការលាងសម្អាត ចិតសំបក ហាន់ជាបន្ទះ និងដាក់ចូលម៉ាស៊ីនសម្ងូត។ បន្ទាប់មកចំណិតទៀបត្រូវបានដាក់ចូលម៉ាស៊ីនចម្អិនមួយដំណាក់កាលទៀតដើម្បីឱ្យកាន់តែមានក្លិនឈ្ងុយល្អ។
សម្រាប់ការដាក់លលក់នៅលើទីផ្សារតែទៀបបារាំងមានបីជម្រើសគឺ តែទៀបបារាំង កំប៉ុងចំនុះ ២០០ក្រាម តម្លៃ ៩ដុល្លារ, កញ្ចប់២០០ក្រាម តម្លៃ ៧ដុល្លារ, និងកញ្ចប់ ៥០០ក្រាម តម្លៃ ១៦ដុល្លារ។
ដោយសិក្សាពីបទពិសោធន៍អ្នកស្រុកនៅក្នុងតំបន់និងស្រាវជ្រាវបន្ថែមពីប្រទេសជិតខាង ក្រោមការជួយជ្រោមជ្រែងពីក្រសួងឧស្សាហ៍កម្មវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រសួងពាក់ព័ន្ធផ្សេងទៀតផងដែរនោះតែសុខភាពទៀបបារាំង ត្រូវបានទទួលស្គាល់ និងគាំទ្រជាខ្លាំងនាពេលបច្ចុប្បន្ន។
ម្ចាស់អាជីវកម្មបានលើកឡើងថា៖«ការធ្វើទីផ្សារតែងតែមានការប្រកួតប្រជែង អ្វីដែលសំខាន់សិប្បកម្ម តែសុខភាពនឹងពង្រឹងលើការផលិត រួមទាំងលើគុណភាពឱ្យកាន់តែល្អ និងបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត»។
ចក្ខុវិស័យនាថ្ងៃអនាគតលោក មាសស្នេហ៍ ចង់ឱ្យប្រជាជនខ្មែរក្រឡេកមកប្រើប្រាស់នៅផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីកាត់បន្ថយផលិតផលនាំចូល។
ទន្ទឹមនឹងនោះ លោករំពឹងថា៖«សិប្បកម្មនឹងពង្រីកបន្ថែមលើគុណភាពស្ដង់ដានៃការផលិត រួមទាំងបង្កើតជារោងចក្រសមល្មមដែលអាចបម្រើការអតិថិជនឱ្យបានទាន់តម្រូវការផ្លាស់ប្ដូរការវេចខ្ចប់ឱ្យកាន់តែមានភាពទាក់ទាញ និងបន្ថែមនៅផលិតផលកែច្នៃផ្សេងៗទៀត»។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់គេហទំព័រហ្វេសប៊ុក តែសុខភាពទៀបបារាំងមាសស្នេហ៍ ឬលេខទំនាក់ទំនង 097-666-4090៕
សៀមរាប:ត្បិតតែចម្លាក់របស់លោកស៊ាប រតនៈ ច្នៃពីកាសែតនិងក្រដាសការិយាល័យតែគុណតម្លៃវត្ថុសិល្បៈដ៏ផ្ចិតផ្ចង់ទាំងនេះ អាចនាំចំណូលជូនលោកខ្ទង់ពាន់ដុល្លារថែមទាំងចូលរួមលើកស្ទួយកម្រិតជីវភាពជនមានពិការភាពនិងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
ខុសពីចម្លាក់ធ្វើពីឈើ ដែក ថ្ម ប្រាក់ឬស្ពាន់ចម្លាក់របស់លោកបានប្រើប្រាស់កាកសំណល់ក្រដាសដែលមានទម្ងន់ស្រាល ហើយរឹងមាំ។បច្ចេកទេសនិងសិល្បៈចម្លាក់ពីក្រដាសនេះត្រូវបានបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងម្នាក់មុននឹងលោក រតនៈ អាចចាប់ផ្ដើមមុខរបរនេះបាន។
លោកបានរំឭកប្រាប់ថា៖ «ខ្ញុំចាប់ផ្តើមរៀនចម្លាក់នេះតាំងពីឆ្នាំ២០១០មកម្ល៉េះ បង្រៀនដោយលោកគ្រូជនជាតិបារាំងឈ្មោះហ្វីលីបរ៉ូសូ។ ដោយក្ដីស្រឡាញ់ការងារហត្ថកម្មនេះហើយបានធ្វើឲ្យរូបខ្ញុំខិតខំពុះពាររហូត ចេះស្ទាត់ជំនាញ។ដោយលោកគ្រូ ហ្វីលីបរ៉ូសូមានវ័យកាន់ចាស់ទើបគាត់បានផ្ទេរមុខរបរនេះមកឲ្យរូបខ្ញុំជាអ្នកបន្តវេននៅក្នុងឆ្នាំ២០១៧»។
អស់រយៈពេលជាង ១ទសវត្សរ៍ លោក រតនៈជាម្ចាស់អាជីវកម្ម «ចាយ៉ាវ អាត»(Jayav Art) នៅភូមិទ្រាំងសង្កាត់ស្លក្រាម ខេត្តសៀមរាបបានច្នៃក្រដាសកាសែតនិងក្រដាសការិយាល័យដែលគេឈប់ប្រើ ទៅជាចម្លាក់ទាំងទម្រង់បុរាណ និងសម័យសម្រាប់តាំងលម្អខាងក្នុងអគារ។
លោកបានប្រាប់ SR News ពីគំនិតធ្វើចម្លាក់ពីក្រដាសនេះថា៖ «វាមិនត្រឹមចូលរួមកែច្នៃកាកសំណល់ឡើងវិញនោះទេអាជីវកម្មមួយ នេះក៏រក្សាទម្រង់ចម្លាក់សិល្បៈខ្មែរនិងបានផ្សព្វផ្សាយទៅកាន់ភ្ញៀវបរទេស ដែលមកទស្សនាទឹកដីអង្គរផងដែរ»។
អាជីវកម្មចាយ៉ាវ អាតបានផលិតរូបចម្លាក់បានជាង២០ទម្រង់ខុសៗគ្នារួមមានដូចជារូប អប្សរា រូបបដិមាចាប ដំរី គោ និងរូបព្រះគណេស ជាដើម។ ចម្លាក់ភាគច្រើនជាពណ៌ធម្មតា ព្រោះភ្ញៀវនិយមរចនាប័ទ្មបែបបុរាណ។
លោកបានបន្ថែមទៀតថា ពីដំណាក់កាលទៅមួយដំណាក់ការទាមទារភាពម៉ត់ចត់យកចិត្តទុកដាក់ និងអំណត់អត់ធន់ជាខ្លាំងមុននឹងទទួលបានស្នាដៃចម្លាក់ដ៏មានតម្លៃ។
សិប្បកររូបនេះបានរៀបរាប់ឱ្យ SR News ឲ្យដឹងថា៖ «ក្រដាសកាសែតនិងក្រដាសពីការិយាល័យជាច្រើនត្រូវបានយកមកកាត់ជាបំណែកតូចៗរួចដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋក្លាយទៅជាល្បាយទើបយកត្រាំទឹករួចយកទៅក្រឡុកជាមួយនឹងម៉ាស៊ីនក្រឡុកម្ដងទៀតដើម្បីឲ្យវាម៉ដ្ឋល្អទើបច្របាច់ពូតយកទឹកចេញ រួចលាយជាមួយនឹងកាវ ហើយទើបយកទៅបិទម្ដងមួយដុំៗចូលទៅ ក្នុងពុម្ពរូបចម្លាក់នីមួយៗ ដែលបានត្រៀមទុករួចស្រេច ហើយហាលថ្ងៃវាពី១២ម៉ោងទៅទៅ២៤ម៉ោង អាស្រ័យទៅលើកម្ដៅថ្ងៃ»។
ភ្ងៀវក៏អាចធ្វើការកម្ម៉ង់រូបចម្លាក់និងពណ៌តាមការចូលចិត្តរបស់ខ្លួនឯងផងដែរ។រាល់រូបចម្លាក់ទាំងអស់ដែលភ្ញៀវទេសចរទិញយកទៅភាគច្រើនក្នុងគោលបំណងតាំងលម្អនៅតាមគេហដ្ឋាន ហាង និងភោជនីយដ្ឋាននៅក្នុងខេត្តសៀមរាប។
បច្ចុប្បន្ន រូបចម្លាក់ពីក្រដាសកាសែតនេះមានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវជាតិនិងភ្ញៀវបរទេសជាមួយទីផ្សារកាន់តែទូលំទូលាយជាងមុន។
បុរសវ័យ៣៥រូបនេះបានបញ្ចាក់ថាចម្លាក់ដែលធ្វើពីក្រដាសនីមួយៗអាចមានតម្លៃចាប់ពី៧ដុល្លាររហូតដល់៤០០ដុល្លារ ឬក៏អាចហក់ខ្ពស់ជាងនេះ អាស្រ័យទៅតាមទំហំនៃរូបចម្លាក់តូចឬធំ។
លោក រតនៈ បានបន្តទៀតថាមុខរបរមួយនេះមិនត្រឹមតែជួយបរិស្ថានតែប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយុវជនមានពិការភាពគថ្លង់មកពីអង្គការគ្រួសារថ្មីដោយសម្រួលជីវភាពពួកគាត់ឱ្យទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបន្តការសិក្សាឱ្យវែងឆ្ងាយ។
ក្រៅពីការងាររូបចម្លាក់ប្រចាំថ្ងៃសិប្បកម្មចាយ៉ាវ អាត(Jayav Art) ក៏មានទទួលបង្រៀនក្មេងៗជំនាន់ក្រោយ ដែលមានបំណងចង់ក្រេបជញ្ជក់ចំណេះជំនាញសិល្បៈនេះផងដែរ។
ព័ត៌មានបន្ថែមពី រូបចម្លាក់នេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Jayav Art Paper និងទំនាក់ទំនងទូរសព្ទលេខ ០១០ ២៧៤៤៧០៕
សឹ្ទងត្រែង:ចង្កឹះធាងទ្រាំងបានមានវត្តមាននៅលើទីផ្សារយូរលង់ណាស់មកហើយ តាមរយៈការខិតខំប្រឹងប្រែងពីមន្ទីរកិច្ចការនារីខេត្ត ទទួលបន្ទុកមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដែលបានផ្សព្វផ្សាយលក់និងដំណើរការនៃការផលិតជាង១១ឆ្នាំមកហើយ។
ដើមឡើយ នៅក្នុងមូលដ្ឋានក្នុងភូមិមនឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ សម្បូរដើមទ្រាំងដែលប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាច្នៃធ្វើចង្កឹះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្តោះ។
ដោយមើលឃើញដូច្នេះហើយ ទើបមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផ្ដួចផ្ដើមគំនិតរកចំណូលបន្ថែមជូនប្រជាពលរដ្ឋស្របពេល ខណៈដែលវត្ថុធាតុដើមសម្បូរស្រាប់។ការចងក្រងជាក្រុមអ្នកផលិតចង្កឹះធាងទ្រាំងនេះធ្វើឡើងនៅឆ្នាំ ២០១៣។
អ្នកស្រី ប៉ាន បញ្ជារ៉ា ជាអនុប្រធានមន្ទីរកិច្ចការនារីខេត្តបានប្រាប់ SR News ថា៖ «ដើម្បីអាចឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានមុខរបរបន្ទាប់បន្សំបន្ថែមទៀតក្រៅពីការងារស្រែចម្ការ ទើបខាងមជ្ឈមណ្ឌលយើងខ្ញុំបានបង្កើតជាក្រុមដែលមានសមាជិក១០នាក់ភាគច្រើនសុទ្ធតែជាមនុស្សចាស់»។
បន្ទាប់ពីបង្កើតក្រុមសិប្បកម្មធ្វើចង្កឹះធាងទ្រាំងបានហើយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីក៏បានផ្សព្វផ្សាយនិងជួយរកទីផ្សារជូនពួកគាត់រហូតដល់ពេលបច្ចុប្បន្នដែលមានរយៈពេលជាង ១១ឆ្នាំមកហើយ។
អ្នកស្រី បញ្ជារ៉ា បានបញ្ជាក់ថា ចង្កឹះធាងទ្រាំងមាន ២ប្រភេទគឺចង្កឹះមូល និងចង្កឹះជ្រុង។ ការជ្រើសរើសធាងទ្រាំងដែលល្អសម្រាប់ធ្វើជាចង្កឹះជាធាងតាយសាក (ធាងទ្រាំងដែលចាស់ល្អ ស្ងួត សម្បុរខ្មៅ និងក្រឡាស្អា។ ការកាត់ត្រូវធ្វើឡើងដោយរណារឱ្យស្មើមុខល្អប្រវែង២៦សង់ទីម៉ែត្រ ទើបយកបំណែកធាងមកច្រៀកជា ចម្រៀកៗទំហំ ១ សង់ទីម៉ែត្រ ដោយវាស់ជាមួយនឹងពុម្ពឈើ។
បន្ទាប់មក ចម្រៀកធាងទ្រាំងដែលបានច្រៀករួចត្រូវយកមកវាស់កំណត់បណ្ដោយប្រវែង១០សង់ទីម៉ែត្ររួចបិតឲ្យគល់ចង្កឹះធំ និងតូចស្ដួចនៅខាងចុង។នៅខាងដើមចង្កឹះមានអង្កត់ផ្ចិត០,៧ សង់ទីម៉ែត្រ និងចុងចង្កឹះមានអង្កត់ផ្ចិត០,៥សង់ទីម៉ែត្រ។ ចង្កឹះដែលត្រូវខ្នាតហើយ ត្រូវយកទៅខាត់រំលីងឱ្យរលោងស្អាតល្អដោយប្រើក្រដាសខាត់ម៉ដ្ឋរួចវេចខ្ចប់ក្នុងមួយបាច់មាន១០គូ។
អនុប្រធានមន្ទីរកិច្ចការនារីខេត្តអ្នកស្រី បញ្ជារ៉ា បានបន្តទៀតថា៖ «សមាជិកក្នុងក្រុមមានប្រមាណ១០នាក់ហើយក្នុងម្នាក់ៗអាចបិតចង្កឹះបាន៥ដុំក្នុង១ថ្ងៃ ហើយសព្វថ្ងៃនេះពួកគាត់ក៏ផលិតជាលក្ខណ:គ្រួសារផងដែរ។ចំពោះចង្កឹះ១ដុំមានតម្លៃ ៧០០០៛ មានចំនួន១០គូចំពោះតម្លៃបោះដុំវិញមួយដុំតម្លៃ៦០០០៛»។
អ្នកស្រីបានបន្ថែមទៀតថាចំពោះការលក់លើទីផ្សារវិញ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីជាអ្នកទទួលទិញ ក៏ដូចជាផ្តល់ជាបច្ចេកទេសសម្របសម្រួល និងរកទីផ្សារជូនប្រជាពលរដ្ឋ។
រាល់ផលិតផលសម្រេចទាំងអស់ក៏ត្រូវបានស្ដុករក្សាទុកដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែង ដែលជាទីតាំងចែកចាយលក់បន្តទាំងក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសផងដែរ។
អតិថិជនដែលបានជាវយកទៅប្រើប្រាស់រួចហើយភាគច្រើនពួកគាត់បានទទួលស្គាល់ទាំងគុណភាព និងតម្លៃ ជាមួយការគុណភាពប្រើបានយូរជាងចង្កឹះជ័រនិងឫស្សី។
ការធ្វើចង្កឹះនេះគឺ បិតដោយដៃសុទ្ធសាធមិនមានការប្រើប្រាស់ម៉ាស៊ីននោះទេ ទាំងសម្ភារៈ និងឧបករណ៍ក្នុង ផលិតមានដូចជា កាំបិតបន្ទោះ រណារក្រដាសខាត់ ពុម្ពវាស់ខ្នាត ខ្សែម៉ែត្រ និងវត្ថុធាតុជាធាងទ្រាំង។
ប៉ុន្តែសព្វថ្ងៃវត្ថុធាតុដើមដ៏សំខាន់នេះកាន់តែខ្សត់ពុំសម្បូរដូចមុន ដោយសារតែការកាប់ឆ្ការព្រៃយកដីធ្វើចម្ការ។
ដូច្នេះហើយ អ្នកស្រី បញ្ជារ៉ា ជំរុញឲ្យអាជ្ងាធរជួយអភិរក្សដើមទ្រាំងកុំឱ្យបាត់បង់។ទន្ទឹមនឹងនោះការបន្តរកទីផ្សារនិងផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ដឹងពីគុណតម្លៃនៃចង្កឹះកែច្នៃដោយដៃរបស់ប្រជាពលរដ្ឋពិតជាសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរ។
ក្រៅពីធ្វើជាចង្កឹះ ដើមទ្រាំងក៏មានប្រយោជន៍ជាច្រើនដែលអាចយកមកកែច្នៃដូចមានវែកឆា វែកជ្រួយបាយ កញ្ច្រែង ទ្រូ ឈើច្រត់ និងឈ្នាង។ សម្រាប់សឹ្លកទ្រាំង គេអាចយកមកត្បាញជាស្លឹកប្រក់ផ្ទះ កន្ទេល មួក កាបូប កន្ត្រក និងអាចយកមកចារជាក្បួនច្បាប់ផ្សេងៗ។
ព័ត៌មានបន្ថែមពី ចង្កឹះធាងទ្រាំងសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ៨៤២ ៥៩១៕
សេលីណា ហ្គូមេស (Selena Gomez) បានបង្ហើបថា នាងបានភ្ជាប់ពាក្យជាមួយអ្នកនិពន្ធបទចម្រៀងប៊េននី ប្លង់កូ (Benny Blanco)។
តារាសម្ដែង និងចម្រៀងវ័យ ៣២ឆ្នាំរូបនេះបានបង្ហោះរូបចិញ្ចៀនភ្ជាប់ពាក្យដ៏ធំមួយលើបណ្ដាញសង្គម Instagram ដោយមានចំណងជើងថា “forever begins now” មានន័យថា «អ្វីដែលស្ថិតស្ថេរជារៀងរហូតចាប់ផ្ដើមនៅពេលនេះហើយ»។
ការសម្រេចចិត្តភ្ជាប់ពាក្យនេះ កើតឡើងបន្ទាប់ពីអ្នកទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងស្នេហាកាលពីឆ្នាំមុន។
តារាចម្រៀងប៉ុប ថេល័រ ស្វីហ្វ (Taylor Swift) គឺស្ថិតក្នុងចំណោមឥស្សរជនល្បីឈ្មោះ ដែលផ្តល់ការអបអរសាទរដល់ការប្រកាសភ្ជាប់ពាក្យនេះ។
សេលីណា ដែលត្រូវបានសម្រាំងសម្រាប់ពានរង្វាន់ Grammy ចំនួនពីរដង បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមរបស់នាងពាក់ចិញ្ចៀន និងត្រូវបានឱបដោយគូណ្ដឹង Blanco។
លោក ប្លង់កូ អាយុ ៣៦ឆ្នាំ បានបញ្ចេញមតិនៅលើការបង្ហោះនោះថា៖ «ហេ ចាំ… នោះជាប្រពន្ធខ្ញុំ»។
រីឯតារាចម្រៀង ស្វីហ្វ បានបញ្ចេញមតិឆ្លើយថា៖ «ចាស ខ្ញុំនឹងធ្វើជាក្មេងស្រីកាន់ផ្កា [ក្នុងមង្គលការ]»។
តារារ៉េប Cardi B, តារាសម្តែង Gwyneth Paltrow, Jennifer Aniston និង Suki Waterhouse និងតារាចម្រៀង Lil Nas X ក៏បានផ្ញើសារជូនពរគូដណ្ដឹងថ្មីថ្មោងនេះផងដែរ។
នៅក្នុង Instagram Story ដែលត្រូវបានចែករំលែកជាមួយអ្នកតាមដាន ៤២៣ លាននាក់របស់នាង សេលីណា បានបង្ហាញពីវីដេអូរំលេចចិញ្ចៀនរបស់នាងទៅកាន់មនុស្សជាទីស្រឡាញ់នៅលើទូរស័ព្ទ។
សេលីណា និងផលិតករ ប្លង់កូ បានសហការគ្នាលើបទចម្រៀង I Can't Get Enough ក្នុងឆ្នាំ ២០១៩ និង Single Soon ក្នុងឆ្នាំ ២០២៣ មុនពេលប្រកាសពីទំនាក់ទំនងរបស់ពួកគេ។
តារាចម្រៀង សេលីណា ដែលមានកំណើតនៅរដ្ឋតិចសាស់រូបនេះ ធ្លាប់មានទំនាក់ទំនងមួយតារាចម្រៀងចាស្ទីន ប៊ីប៊ើរ (Justin Bieber) តែស្រមោលស្នេហ៍នេះត្រូវបានអ្នកគាំទ្រគាស់កកាយរហូតមកទល់សព្វថ្ងៃ។
នៅឆ្នាំ ២០២៤ នេះ សេលីណា បានចូលបញ្ជីអ្នកមានទ្រព្យសម្បត្តិលំដាប់មហាសេដ្ឋីយោងទៅតាមចំណាត់ថ្នាក់ពី Bloomberg ជាមួយទ្រព្យសម្បត្តិចំនួន ១.៣ ពាន់លានដុល្លារ ដែលភាគច្រើនជាចំណូលបានមកពីក្រុមហ៊ុនគ្រឿងសម្អាង Rare Beauty make up របស់នាង។
កាលពីថ្ងៃច័ន្ទ នាងបានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Golden Globe ចំនួនពីរ ក្នុងប្រភេទតារាសម្តែងតួរងក្នុងតន្ត្រីអូប៉េរ៉ា Emilia Pérez និងមួយទៀតសម្រាប់តួសម្តែងល្អបំផុតនៅក្នុងរឿង Only Murders in the Building៕
ប្រភព៖ BBC
រឿង «KRAVEN the Hunter» ចាក់បញ្ចាំងជាផ្លូវការហើយបន្ទាប់ពីមានការពន្យាពេលជាច្រើនដងតាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។
រឿង ”Kraven The Hunter" (KRAVEN អ្នកប្រមាញ់) គឺជាប្រភេទ Action Movie ដែលបង្ហាញពីកំពូលវីរបុរសតាមប្រមាញ់ជនពាលដែលធ្វើរឿងអាក្រក់ៗក្នុងសង្គម ជាមួយនឹងឈុតឆាក វាយតប បាញ់បោះយ៉ាងសាហាវ។
សាច់រឿងនេះផងដែរ តួអង្គ Kraven គឺជាតួអង្គកំពូលវីរបុរសតាមប្រមាញ់ជនពាលមិនថាជនពាលទាំងនោះ ត្រូវបានចាប់ខ្លួនឃុំឃាំងនៅក្នុងគុកយ៉ាងណាដោយក៏ Kraven មិនលើកលែងដែរ តាមរយៈការបន្លំខ្លួនធ្វើជាអ្នកទោស ដើម្បីទៅសម្លាប់ជនពាលទាំងអស់នោះទាល់តែបាន។
រឿងនេះដឹកនាំដោយលោក J.C. Chandor ដែលជាផលិតករភាពយន្តជនជាតិអាមេរិកដ៏ល្បីល្បាញខាងនិពន្ធ និងដឹកនាំរឿង។ ស្នាដៃរបស់លោកមានដូចជារឿង Margin Call, All Is Lost, A Most Violent Year, និងTriple Frontier ជាដើម។ ចំណែកឯតួឯក Kravenសម្តែងដោយលោក Aaron Taylor-Johnson ដែលជាតារាសម្តែងជនជាតិអង់គ្លេសដ៍ល្បី មិនត្រឹមតែល្បីប៉ុននោះទេ តែលោក Aaron Taylor-Johnson នៅក្នុងសាច់រឿងគឺមានរូបរាងសង្ហាទាក់ទាញជាទីបំផុត។
រឿង « KRAVEN the Hunter » មានការចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២៤ នេះតែម្តងនៅក្នុងរោងកុនមួយចំនួនក្នុងប្រទេសកម្ពុជាបន្ទាប់ពីចាក់បញ្ចាំង Pre-screening កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤នេះ៕
សារធាតុចិញ្ចឹមគឺពិតជាសំខាន់ណាស់ក្នុងការទ្រទ្រង់រាងកាយឱ្យមានភាពរឹងមាំនិងលូតលាស់បានល្អ។
បរិមាណសារធាតុចិញ្ចឹមតិចឬច្រើនដែលផ្តល់ឱ្យរាងកាយគឺអាស្រ័យលើរបបអាហារប្រចាំថ្ងៃ។សារធាតុចិញ្ចឹមទាំងអស់នោះបែងចែកជាក្រុមសំខាន់ៗដែលមានតួនាទីពិសេសផ្សេងៗគ្នា។
ខាងក្រោមគឺជាក្រុមសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយត្រូវការជាចំបាច់៖
១.សារធាតុប្រូតេអ៊ីន
តួនាទី៖ សារធាតុប្រូតេអ៊ីនជាសារធាតុចម្បងសម្រាប់ការកសាង និងជួសជុលកោសិកានិងសាច់ដុំ។ ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ផលិតអង់ស៊ីម និងអ័រម៉ូន។
ប្រភពអាហារ៖ សាច់គោ ស៊ុត បន្លែ សណ្តែក និងផលិតផលទឹកដោះគោ។
២.សារធាតុកាបូអ៊ីដ្រាត
តួនាទី៖ សារធាតុកាបូអ៊ីដ្រាតផ្តល់ថាមពលដល់រាងកាយ និងខួរក្បាល។វាគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រព័ន្ធឈាមរត់ និងសាច់ដុំ។
ប្រភពអាហារ៖ អង្ករ មី ដំឡូង និងផ្លែឈើ ។
៣.សារធាតុខ្លាញ់
តួនាទី៖ សារធាតុខ្លាញ់ផ្តល់ថាមពលបន្ថែម បង្កើត Cortexនិងជួយក្នុងការស្រូបយកវីតាមីន ដែលបង្កើតជាក្រុមវីតាមីនរលាយក្នុងខ្លាញ់រួមមាន វីតាមីន A, D, E និង K។
ប្រភពអាហារ៖ ប្រេងអូលីវ អាហារសមុទ្រ និងគ្រាប់ធញ្ញជាតិ។
៤. វីតាមីន
តួនាទី៖សារធាតុវីតាមីនជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងគ្រប់គ្រងដំណើរការនៃការលូតលាស់ក្នុងរាងកាយ។
ប្រភពអាហារ៖ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោ។
៥.សារធាតុរ៉ែ
តួនាទី៖ សារធាតុរ៉ែជួយដល់ការចងសាច់ដុំ ធ្វើឱ្យសុខភាពឆ្អឹងប្រសើរឡើង និងមុខងារប្រព័ន្ធប្រសាទ។
ប្រភពអាហារ៖ អាហារសមុទ្រ បន្លែស្លឹក និងផលិតផលទឹកដោះគោ។
៦.អាហារជាតិសរសៃ
តួនាទី៖ អាហារដែលមានជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារ និងការរំលាយអាហារជាតិខ្លាញ់។
ប្រភពអាហារ៖ សណ្តែកបារាំង ដំឡូង ពោត ល្ពៅ ការ៉ុត ផ្កាខាត់ណា និងខ្ទឹមបារាំងជាដើម ។
៧.ទឹក
តួនាទី៖ សារធាតុទឹកជួយរក្សាលំនឹងរាងកាយ ជួយកម្ចាត់ជាតិពុល និងបំពេញសារធាតុចិញ្ចឹម។
ប្រភព៖ ទឹកសាប ផ្លែឈើ និងបន្លែដែលមានជាតិសំណើមខ្ពស់។
យោងតាមអាយុ និងសកម្មភាពរាងកាយរបស់មនុស្សម្នាក់ៗការទទួលទានសារធាតុចិញ្ចឹមទាំងអស់នេះគួរតែមានតុល្យភាពត្រឹមត្រូវដើម្បីរក្សាបាននូវសុខភាពល្អ៕
ភ្នំពេញ៖ ក្រុមយុវជនចាម្ប៍សហការជាមួយមជ្ឈមណ្ឌលសោតទស្សន៍ បុប្ផាណា បានរៀបចំទិវានំប្រពៃណីចាម្ប៍នាថ្ងៃសៅរ៍ ទី៧ខែធ្នូ ក្នុងគោលបំណងផ្សព្វផ្សាយ និងថែរក្សាប្រពៃណីទំនៀមទម្លាប់សហគមន៍ចាម្ប៍ ក៏ដូចជាឆ្លុះបញ្ចាំងពីវប្បធម៌ចម្រុះសម្បូរបែបនៅប្រទេសកម្ពុជា។
តំណាងក្រុមយុវជនវប្បធម៌ចាម្ប៍កម្ពុជាលោក ពៀត ផល្លា ហៅ ហ្វីឡា បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា៖ «ការធ្វើពិធីទិវានំប្រពៃណីចាម្ប៍ឆ្នាំ ២០២៤ នេះដែរ គឺការជួបជុំយុវជនចាម្ប៍នៅរាជធានីភ្នំពេញក៏ដូចជាបង្ហាញឱ្យសាធារណៈជនទាំងជនជាតិចាម្ប៍ផ្ទាល់ និងជនជាតិផ្សេងនៅប្រទេសកម្ពុជាបានស្គាល់ពីនំប្រពៃណីចាម្ប៍មួយចំនួន ដែលមកពីតំបន់ផ្សេងៗគ្នាដូចជា កំពង់ឆ្នាំងពោធិ៍សាត់ ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងគ្រប់ទិសទីដែលជាសហគមន៍ចាម្ប៍ ដើម្បីឱ្យគេដឹងពីនំប្រពៃណីចាម្ប៍និងបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរៀនស្គាល់គ្នាទៅវិញទៅមករវាងយុវជនចាម្ប៍និងចាម្ប៍ ក៏ដូចជាយុវជនចាម្ប៍ និងយុវជនដទៃទៀត ដែលមកពីសហគមន៍ផ្សេងៗនៅប្រទេសកម្ពុជារៀនស្វែងយល់ពីគ្នាទៅវិញទៅមក»។
នំដែលយកមកបង្ហាញក្នុងកម្មវិធីនេះចំនួន ៥មុខ ក្នុងរួមមាន៖ ហៅប៉ាក់, តប៉ៃជាល, លទ្រាំ, តប៉ៃក្រាស់ និង ហៅក្រាម ដែលនំបីប្រភេទយកពីខេត្តកំពង់ឆ្នាំង និងពីរប្រភេទទៀតយកពីខេត្តក្រចេះ។ ហើយនំហៅប៉ាក់ បង្ហាញពីសិស្បៈក្បូរក្បាច់ភាពសម្បូរបែប គំនិតច្នៃប្រឌិត និងតំណាងឱ្យស្ថាបត្យកម្មបុរាណចាម្ប៍។
នំទាំងនេះមិនសូវមានលក់នៅលើទីផ្សារប៉ុន្មាននោះទេ ដោយភាគច្រើនគេធ្វើលក់តែនៅតាមភូមិស្រុកហើយសម្រាប់តែពីធីបុណ្យប្រពៃណីតាមតំបន់ដូចជាថ្ងៃមង្គលការពីធីបង្កក់កូន ឡើងផ្ទះ និងកម្មវិធីសាសនាផ្សេងៗទៀត។
ទិវានំប្រពៃណីចាម្ប៍ត្រូវបានប្រារព្វឡើងជាលើកទី៣ដោយឆ្នាំទី១ ត្រូវបានធ្វើឡើងនៅសារមន្ទីរខ្លែង នៅទល់មុខរដ្ឋសភា។ រីឯលើកទី២ និងលើកទី៣នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា។
អ្វីដែលខុសប្លែកពីឆ្នាំមុនៗ គឺឆ្នាំនេះក្រុមយុវជនចាម្បន៍បានរៀបចំឱ្យអ្នកចូលរួមទទួលបានការបង្ហាញ និងបង្ហាត់បង្រៀនពីអ្នកជំនាញធ្វើនំ ក៏ដូចជាភ្លក្សនំនៅទីនោះផ្ទាល់ផងដែរ។
ការចែករំលែករបៀបធ្វើនំ(លទ្រាំ) ជានំប្រពៃណីចាម្ប៍ ត្រូវបានអមដោយការប្រគំភ្លេងស្គរប្រពៃណីចាម្ប៍ពីបុរាណការសំណេះសំណាលចែករំលែកចំណេះដឹងផ្សេងពីគ្នាទៅវិញទៅមក និងនាទីសំណួរចម្លើយពីសំណាក់ភ្ញៀវកិត្តិយស។
អ្នកនាង ម៉ៃសំ ជាពិធីការនី និងជាតំណាងយុវជនចាន្ប៍ បានប្រាប់ SR News ថា៖ «នំ លទ្រាំ ជានំមួយប្រភេទក្នុងចំណោមនំចាម្ប៍ដទៃទៀតដែលយើងយកមកបង្ហាញក្នុងកម្មវិធីនេះហើយគ្រឿងផ្សំនំនេះមាន ម្សៅខ្សាយ និងស្ករត្នោត ហើយយើងត្រូវត្រៀម ស្លឹកចេកឈើតូច ប្រេងឆា ខ្ទះ ចង្រ្កានផងដែរ»។
អ្នកនាងបានរៀបរាប់ទៀតថា៖ «របៀបធ្វើ ដោយលាយម្សៅខ្សាយ និងស្ករត្នោត ឱ្យក្លាយជាល្បាយតែមួយបន្ទាប់មកយកម្សៅតូចៗដាក់លើស្លឹកចេកសង្កត់ឱ្យសំប៉ែត រួចយកឈើតូចៗមកខៃឱ្យមានប្រហោង៤ ក្រោយមកយើងយកទៅចៀនជាការស្រេច»។
តំណាងក្រុមយុវជនវប្បធម៌ចាម្ប៍កម្ពុជា សូមលើកទឹកចិត្តយុវជនទាំងអស់ឱ្យស្វែងយល់អំពីនំដែលជាអត្ដសញ្ញាណរបស់សហគមន៍នីមួយៗហើយទិវានំនេះទៀតសោតមិនសំដៅទៅលើនិន្នាការនយោបាយឬសាសនាណាមួយនោះឡើយ។
ខណៈដែលទិវានេះគ្រាន់តែជាការផ្សព្វផ្សាយបង្ហាញពីប្រពៃណីតាមតំបន់ ដែលជាផ្នែកមួយនៃវប្បធម៌ចម្រុះនៅកម្ពុជានោះលោក ហ្វីឡា បានបញ្ជាក់បន្ថែមថា៖«នេះជាកម្មវិធីសាធារណៈដែលមិនប៉ះពាល់ទៅនឹងសាសនាអ្វីនោះទេ។ វាគ្រាន់តែជាការបង្ហាញអំពីនំមុខម្ហូបរបស់ជនជាតិចាម្ប៍តាមតំបន់ផ្សេងៗគ្នា ព្រោះតំបន់មួយៗមានប្រពៃណីខុសៗគ្នាមុខម្ហូបក៏មានអត្តសញ្ញាណផ្សេងគ្នារៀងៗខ្លួន វាមិនមែនជាកម្មវិធីសាសនា ឬឥទ្ធិពលពីសាសនាណាមួយនោះទេ»៕
សៀមរាប៖ អស់រយៈការជាង ២ទសវត្សរ៍ វិចិត្រសាលពិព័រណ៍ ធាម បានទាក់ទាញភ្ញៀវមកពីជុំវិញពិភពលោកមកទស្សនាស្ញប់ស្ញែងការប្រមែប្រមូលតាំងវត្ថុបុរាណខ្មែរ និងរបស់ប្រើប្រាស់ពីបរមបុរាណច្រើនសម័យកាល។
វិចិត្រសាល ដែលជាផ្ទះអតីតនាយកផ្នែកសិល្បៈនៅសិប្បករអង្គរឬ Artisan’s Angkor នេះក៏មានតាំងបង្ហាញនិងលក់វត្ថុសិល្បៈ សិប្បកម្មខ្មែរបែបសហសម័យ រួមមានរូបស្មូនខ្មុក-ម្រ័ក្សណ៍សិល្បៈដេគ័រផ្ទៃក្នុងអគារ និងវត្ថុអនុស្សាវរីយ៍នានា។
បង្កើតឡើងដោយលោក លឹម មួយធាម ជាសិល្បករខ្មែរភៀសខ្លួនរស់នៅប្រទេសបារាំងអំឡុងឆ្នាំ១៩៧៩វិចិត្រសាលផ្ដល់បទពិសោធន៍ទស្សនាវត្តុបុរាណ និងសិល្បៈ អមដោយការរៀបរាប់ពិពណ៌នាពីបុគ្គលិកជាមគ្គុទេសក៏ប្រកបដោយចំណេះដឹង។
ក្នុងចំណោមនោះ កញ្ញា តឿម ពៅ ដែលបម្រើការផ្នែកលក់នៅវិចិត្រសាលធាម បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា៖«ក្នុងនាមខ្ញុំជាអ្នកធ្វើការនៅទីនោះខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយក្រៃលែងព្រោះនៅទីនោះបង្រៀនខ្ញុំឱ្យស្គាល់អំពីវិចិត្រសាលដ៏អស្ចារ្យរបស់លោក ធាមបង្រៀនខ្ញុំឱ្យយល់ដឹងពីសាសនា ការរស់នៅរបស់ប្រជាជនខ្មែរនិងការធ្វើជាមគ្គុទេសក៏ និងទទួលបានប្រាក់ខែមានចំណូលចូលក្នុងគ្រួសារផងដែរ»។
វិចិត្រសាលមិនត្រឹមតែជួយឱ្យពួកគាត់មានការងារ និងចំណូលផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេថែទាំងផ្ដល់ឱកាសរៀនសូត្រអំពីប្រវត្តិសាស្ត្រ សិល្បៈ សាសនា និងវប្បធម៌រស់នៅរបស់ប្រជាជនខ្មែរពីអតីតកាលតរហូតមកផងដែរ។
ក្នុងវិចិត្រសាល ធាមមានការតាំងបង្ហាញពីប្រភេទវត្ថុបុរាណ ដែលត្រូវបានប្រមែប្រមូលពីអ្នកភូមិកំឡុងពេលលោក ធាម បានធ្វើទស្សនកិច្ចជុំវិញប្រទេសកម្ពុជា។
វត្ថុទាំងនោះរួមមានគ្រឿងឧបករណ៍ភ្លេង ឧបករណ៍នេសាទផ្ទះបាយជាលក្ខណៈប្រពៃណីបុរាណ ម៉ូតផ្ទះគម្រូតូចៗ ការបង្ហាញសូត្រខ្មែរឧបករណ៍គ្រឿងរៀបចំសម្រាប់ពិធីបុណ្យ សម្លៀកបំពាក់រៀបមង្គលការ គ្រឿងអលង្ការ គំនូរ ចម្លាប់ធ្វើពីឈើ ស្ពាន់ និងថ្មជាដើម។
ជាមួយការរចនាសួនច្បាររៀបចំបែបភូមិខ្មែរដែលមានផ្ទះតូចៗសសរ និងជណ្ដើរវែងៗផ្ទះអ្នកភូមិតាមដងទន្លេ វិចិត្រសាល ធាមផ្ដល់នូវបរិយាកាសស្រស់ស្រាយនិងប្លង់ថតរូបដ៏សម្បូរបែបសម្រាប់បណ្ដាភ្ញៀវមកទស្សនា។
កញ្ញា ធឿន ដាណែត ដែលរស់នៅទឹកដីសៀមរាបទើបតែបានមកដល់វិចិត្រសាល ធាម ជាលើកទីមួយ ហើយកញ្ញាចាប់អារម្មណ៍រូបគំនូរប្លែកនៅក្នុងវិចិត្រសាលនេះជាពិសេសរូបគំនូររបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដ៏លេចធ្លោជាងគេ។
កញ្ញាបានបង្ហាញពីចំណាប់អារម្មណ៍ទៀតថា៖ «ពេលចូលមកដល់កន្លែងនេះ មានអារម្មណ៍ថាប្លែកមែនទែនព្រោះនៅកន្លែងហ្នឹងមានរបស់ប្លែកជាច្រើ នដែលយើងមិនធ្លាប់បានស្គាល់ពីមុនដូចជាវត្ថុបុរាណដែលបន្ដល់ទុកពីមុន មានរូបគំនូរដើមឈើធំៗហើយត្រជាក់ស្រួល»។
ពេលបើកដំណើរការដំបូងនៅអំឡុងឆ្នាំ២០១១ វិចិត្រសាល ធាម បានស្វាគមន៍អ្នកចូលទស្សនាឥតគិតថ្លៃ។ក្រោយស្ថាបនិកវិចិត្រសាលមើលឃើញពីការចំណាយច្រើនលើការថែទាំ ជួសជុល និងតម្រូវការបន្ថែមវត្ថុសិល្បៈឥតឈប់ឈររៀងរាល់ឆ្នាំ។លោកក៏សម្រេចចិត្តលក់សំបុត្រចូលទស្សនា ដើម្បីរ៉ាប់រងការចំណាយមួយផ្នែក។
កញ្ញា ពៅ ដែលបម្រើការផ្នែកលក់នៅវិចិត្រសាល ធាម បានឱ្យដឹងថាតម្លៃចូលទស្សនា ១ម៉ឺនរៀលសម្រាប់ភ្ញៀវខ្មែរ ២ម៉ឺនរៀលសម្រាប់បរទេស និងមិនគិតថ្លៃក្មេងក្រោម១២ឆ្នាំ។
បុគ្គលិកវិចិត្រសាលវ័យ២២ឆ្នាំ រូបនេះបានរៀបរាប់យ៉ាងពិស្តារថា៖«ដើរចូលទៅក្នុងបងប្អូននិងឃើញមានផែនទីសម្រាប់ចូលទស្សនា។ ផ្នែកទីមួយ ជាលក្ខណៈសារមន្ទីរមាននិយាយអំពីជីវប្រវត្តិលោក ធាម និងមានតាំងអំពីរបស់បុរាណនិងរូបព្រះពុទ្ធផ្សេងៗរហូតមកដល់ចំណុចដើមពោធិ៍ យើងត្រូវដើរទៅក្នុងទៅទស្សនាគ្រឿងភ្លេងបុរាណបន្ទាប់មកទៀតផ្ទះបាយ និងឧបករណ៍នេសាទ សម័យបុរាណបន្ទាប់មកទៀតចូលទៅបន្ទប់បង្ហាញវត្ថុបុរាណគ្រឿងសូត្រ និងឧបករណ៍បុណ្យដើរទៅសួនច្បារឡើងទៅលើ និងឃើញគំនូរ ដែរបញ្ចេញគំនិតពីលោកធាម និងគូរដោយរូបលោកផ្ទាល់ផងដែរ។ចុងក្រោយមើលកន្លែងធ្វើរបស់របរលក់ និងគំនូរ ហើយបញ្ចប់ត្រឹមហាងលក់វត្ថុអនុស្សាវរីយ៍និងវត្ថុប្រើប្រាស់ផ្ទះបាយ»។
ក្រៅពីទស្សនាវត្ថុបុរាណ វិចិត្រសាល ធាម ក៏មានទីតាំងសម្រាប់ជួលថតសម្លៀកបំពាក់ថត Pre-wedding ថតលក្ខណៈគ្រួសារផលិតផល កម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗផងដែរ។
វិចិត្រសាល ធាម ស្ថិតនៅចម្ងាយ ៥០ ម៉ែត្រពីវិទ្យាល័យហ៊ុន សែន សៀមរាបលើវិថី ៣០ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបចាប់បើកពីម៉ោង៨ ព្រឹកដល់ម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក Theam's Gallery,Siem Reap ឬតាមរយៈលេខទូរសព្ទ 078 208161៕
ក្រោមជំនោរខ្យល់ត្រជាក់ជាប់មាត់ទន្លេ ស្ដង់តម្រៀបគ្នាជាជួរ បំភ្លឺដោយអំពូលភ្លើងទាក់ទាក់មនុស្សម្នាមកភ្លក្សអាហារឆ្ងាញ់ៗអង្គុយលម្ហែកាយក្រោមបរិយាកាសដ៏រីករាយជាមួយតន្ត្រី និងសកម្មភាពប្រកួតដ៏រំជើបរំជួលជាច្រើនទៀត។
នេះជាទិដ្ឋភាពនៅកម្មវិធី ញ៉ាំហ្វេសតា (NhamFesta) ដែលបានទាក់ទាញមនុស្សរាប់ពាន់នាក់មកចូលរួមនៅសប្ដាហ៍ដំបូង ជាមួយកម្មវិធីឈ្មោះថា NhamFesta Go Global ដែលបានប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំង TheElysée កោះពេជ្រ រាជធានីភ្នំពេញ។
សប្ដាហ៍ដំបូងរបស់ ញ៉ាំហ្វេសតា បានចាប់ផ្តើមដោយមានការបើកជាពិធីករអមដោយការសម្តែងក្រុមតន្ត្រី។ អ្នកចូលរួមបានរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើន រួមទាំងប្រកួតប្រជែងញ៉ាំអាហារ និងភេសជ្ជៈ ការបញ្ចេញស្នាដៃដោយ ចុងភៅរូបសង្ហា សុធារិទ្ធ ការប្រកួតញ៉ាំស្រាបៀរ Carlsberg, Singha, Blanc និង Somersby រួមទាំងការសម្ដែងរបស់តារាចម្រៀងដ៏ល្បីល្បាញ Kwan ដែលមានហ្វេនៗចោមរោមជុំវិញឆាកតែម្ដង។
រៀបចំឡើងដោយ UnboxMarketing Agency កម្មវិធី វិធី NhamFesta GoGlobal សប្ដាហ៍បន្ទាប់នឹងធ្វើឡើងនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យថ្ងៃទី ១៣ ១៤ និង ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំង The Elysée កោះពេជ្រ រាជធានីភ្នំពេញ មុននឹងបន្តផ្ដល់បទពិសោធន៍ថ្មី ដល់អ្នកចូលរួមតាមរយៈពិព័រណ៍អាហារបែបពិកនិកវិញម្ដង។
កម្មវីធិទី២ ដែលមានឈ្មោះថា NhamFesta PicnicUnder the Blossoms ជាកម្មវិធីដែលត្រូវបានធ្វើឡើងជាមួយដៃគូសហការOrkide Development។
ព្រឹត្តិការណ៍នេះមានទីតាំងស្ថិតនៅ គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide TheBotanic City) នៅថ្ងៃទី២១-២២ខែធ្នូនេះ។ អ្នកចូលរួមអាចថតរូបស្អាតៗពិសេសជាមួយសួនបែតងនិងការតុបតែងដ៏ស្រស់ស្អាតបែបធម្មជាតិរបស់បុរីអ័រគីដេហើយក៏ទទួលបាននូវអារម្មណ៍ស្រស់ស្រាយបន្ថែមដោយមានការកម្សាន្តជាច្រើននិងការទស្សនាកុនបែបoutdoor ផងដែរដើម្បីបង្កើនអនុស្សាវរីយ៍ល្អៗ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេករបស់ NhamFestaFood Festival។
NhamFesta Go Global រីករាយស្វាគមន៍អ្នកទាំងអស់គ្នានៅថ្ងៃសុក្រដល់ថ្ងៃអាទិត្យក្នុងរយៈពេល ៣ថ្ងៃទៀត ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤នៅទីតាំង The Elysée កោះពេជ្រ។
សម្រាប់ NhamFestaPicnic Under the Blossoms នឹងធ្វើឡើងនៅថ្ងៃទី ២១-២១ ខែធ្នូ នៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី។
សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ក្នុងការជួលតូបសូមទំនាក់ទំនងទៅកាន់ Telegram:+855 87 474 277 និង +855 69 936 303៕
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកថ្ងៃ១២ ធ្នូ ជារៀងរាល់ឆ្នាំ ប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្សដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រីយុវវ័យ និងកុមារ ដែលជាអំពើរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។
តើ "ការជួញដូរមនុស្ស" ជាអ្វី?
ការជួញដូរមនុស្ស គឺជាការជ្រើសរើសការដឹកជញ្ជូនការផ្ទេរ ការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយក មនុស្សដោយមធ្យោបាយគំរាមកំហែងឬការប្រើកម្លាំង ឬការបង្ខិតបង្ខំតាមរូបភាពផ្សេងៗ ដូចជា ការចាប់ពង្រត់ការក្លែងបន្លំ ការបោក បញ្ឆោត ការរំលោភលើអំណាច ឬតួនាទីទៅលើជនដែល ងាយទទួលរងគ្រោះឬការផ្តល់ ឬការទទួលជាលុយកាក់ ឬផលកម្រៃ ផ្សេងៗដើម្បីឲ្យមានការ យល់ព្រមពីអ្នកគ្រប់គ្រងលើជនម្នាក់ទៀតក្នុងគោលបំណងដើម្បីធ្វើការ "កេងប្រវ័ញ្ច"។
ការកេងប្រវ័ញ្ច៖ ត្រូវរាប់បញ្ចូលជាអប្បបរមានូវការធ្វើអាជីវកម្មពេស្យាចារលើអ្នកដទៃ ឬការកេងប្រវ័ញ្ចផ្លូវភេទតាមរូបភាពផ្សេងទៀតការងារដោយបង្ខំ ឬសេវាកម្មទាសភាព ឬការអនុវត្តដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងទាសភាព (ភាពជាអ្នកបម្រើដាច់ថ្លៃ)ឬការដកហូតសរីរាង្គជាដើម ។
ការជ្រើសរើសការដឹកជញ្ជូន ការផ្ទេរការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយកកុមារ ក្នុងគោល បំណងធ្វើអាជីវកម្មត្រូវចាត់ទុកថាជា "ការជួញដូរមនុស្ស" ទោះបីជាអំពើនេះ មិនជាប់ពាក់ព័ន្ធទៅ នឹងមធ្យោបាយណាមួយខាងលើក៏ដោយ។("កុមារ" មានន័យថាមនុស្សណាម្នាក់ ដែលមានអាយុ ក្រោម១៨ឆ្នាំ) ។
កត្តាមួយចំនួនដែលនាំឲ្យមានការជួញដូរមនុស្សបណ្តាលមកពីភាពមិនស្មើគ្នារវាងបុរសនិងស្ត្រីភាពក្រីក្រ ជាពិសេសកង្វះការងារនៅមូលដ្ឋានជាដើម។ម្យ៉ាងទៀតការចាកចេញពីស្រុកកំណើតដើម្បីទៅរកការងារធ្វើក៏នាំឲ្យមានការជួញដូរមនុស្សផងដែរ។
តើអំពើជួញដូរមនុស្ស ផ្តល់ផលប៉ះពាល់អ្វីខ្លះ?
- អំពើជួញដូរមនុស្ស បានបំផ្លាញដល់សន្តិសុខមនុស្សជាតិដោយការកេងប្រវ័ញ្ច និងរំលោភបំពានលើសិទ្ធិ អាយុជីវិត កិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។
- ជនល្មើសជួញដូរមនុស្សកេងយកផលប្រយោជន៍ពីជនរងគ្រោះដោយចាត់ទុកថា “ ជាទំនិញ និងជាទាសករសម័យទំនើប ”ដោយមិនគិតពីទុក្ខវេទនា និងការខាតបង់របស់ជនរងគ្រោះ ។
- ពលរដ្ឋមួយចំនួនទាំងបុរស ស្រ្តី យុវវ័យ និងកុមារក្លាយជាជនរងគ្រោះ ដោយសារតែបានជឿលង់ តាមការសន្យាផ្តល់ផលប្រយោជន៍ការលួងលោម ឬបង្ខិតបង្ខំ តាមគ្រប់មធ្យោបាយ របស់មេខ្យល់ ព្រមទាំងការអូសទាញផ្សេងទៀតដោយមិនបានដឹងថា ខ្លួនកំពុងតែចូលក្នុងសំណាញ់ របស់ឧក្រិដ្ឋជន ពិបាកនឹងដកថយក្រោយ ។
- ពលករជាច្រើន បានចេញទៅរកការងារធ្វើនិងយុវនារីខ្លះស្វែងរកគូស្រករនៅក្រៅប្រទេស តាមរយ:មេខ្យល់ ឬមិត្តភក្តិ តែត្រូវបានគេជួញដូរធ្វើទណ្ឌកម្ម ប្រមាថមាក់ងាយ មិនបានអ្វីក្រៅពី ខាតបង់ទ្រព្យសម្បត្តិ ពេលវេលាកិត្តិយស សេចក្តីថ្លៃថ្នូរ ខ្លះធ្លាក់ខ្លួនពិការមានជម្ងឺរ៉ាំរ៉ៃ ញៀនថ្នាំមានផ្ទៃពោះដោយគ្មានការទទួលខុសត្រូវ និងខ្លះបានបាត់បង់ជីវិត ។
សូមជម្រាបថា គ្រប់ករណី ដែលអ្នកសង្ស័យថាជាអំពើជួញដូរមនុស្ស៖ជួញដូរពលកម្ម ឬជួញដូរផ្លូវភេទ ជាពិសេសលើស្រ្តី និងកុមារសូមរាយការណ៍ទៅបណ្តាញនៃរចនាសម្ព័ន្ធគណ:កម្មាធិការជាតិគ្រប់ថ្នាក់ ឬតាមលេខទូរស័ព្ទ១២៨៨ ឬ ០២៣ ៩៩៧៩១៩ ។
អត្ថបទដកស្រង់៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញៈ សិទ្ធិមនុស្សគឺជាសិទ្ធិដែលកើតមានចំពោះមនុស្សគ្រប់រូប ដោយមិនគិតពីពូជសាសន៍ ភេទ សញ្ជាតិជាតិពិន្ធុ ភាសា សាសនា ឬស្ថានភាពផ្សេងៗដទៃទៀតឡើយ។សិទ្ធិមនុស្សរួមមានសិទ្ធិរស់រានមានជីវិត និងមានសេរីភាពសេរីភាពរួចផុតពីអំពើទាសភាព និងការធ្វើទារុណកម្មសេរីភាពខាងការមានទស្សនយោបល់ និងការបញ្ចេញមតិ សិទ្ធិការងារ និងការអប់រំនិងសិទ្ធិផ្សេងៗទៀតជាច្រើន។ មនុស្សគ្រប់រូបទទួលបាននូវសិទ្ធិទាំងអស់នេះដោយគ្មានការរើសអើងនោះឡើយ។
សេចក្ដីថ្លែងការណ៍ជាសាកលស្ដីពី “សិទ្ធិមនុស្ស” ត្រូវបានអង្គការសហប្រជាជាតិប្រកាសឱ្យប្រតិបត្ដិ នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ១៩៤៨។ “ទិវា១០ធ្នូ” ជាថ្ងៃទទួលស្គាល់ថាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងលើកតម្កើងតម្លៃមនុស្សឱ្យមានសេចក្ដីថ្លៃថ្នូរពេញលេញ។
មាត្រាទាំង ៣០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សរួមមាន៖
* មាត្រា១៖
មនុស្សទាំងអស់កើតមកមានសេរីភាពនិងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ។ មនុស្សមានវិចារណញ្ញាណនិងសតិសម្បជញ្ញៈ ជាប់ពីកំណើត ហើយគប្បីប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាពជាបងប្អូន។
* មាត្រា២៖
មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ដែលមានចែងក្នុងសេចក្ដីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែកបែបណាមួយមានជាអាទិ៍ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយឬមតិផ្សេងៗទៀតដើមកំណើតជាតិ ឬទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពដទៃផ្សេងៗទៀតឡើយ។
លើសពីនេះមិនត្រូវធ្វើការប្រកាន់បែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយខាងដែនសមត្ថកិច្ច ឬខាងអន្ដរជាតិរបស់ប្រទេសឬដែនដីដែលបុគ្គលណាម្នាក់រស់នៅទោះបីជាប្រទេស ឬដែនដីនោះឯករាជ្យក្ដីស្ថិតក្រោមអាណាព្យាបាលក្ដី ឬគ្មានស្វយ័តគ្រប់គ្រងក្ដីឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយ ដល់អធិបតេយ្យភាពក្ដី។
* មាត្រា៣៖
បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាពនិងសន្ដិភាពផ្ទាល់ខ្លួន។
* មាត្រា៤៖
គ្មានជនណាម្នាក់ត្រូវស្ថិតនៅក្នុងទាសភាពឬស្ថិតក្នុងភាពជាអ្នកបម្រើដាច់ថ្លៃឡើយ។ ទាសភាពនិងទាសពាណិជ្ជកម្មតាមគ្រប់ទម្រង់ទាំងអស់ត្រូវហាមឃាត់។
* មាត្រា៥៖
គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្មឬការប្រព្រឹត្ដិមកលើខ្លួន ឬទណ្ឌកម្មឃោរឃៅអមនុស្សធម៌ឬបន្ថោកបន្ទាបបានឡើយ។
* មាត្រា៦៖
ជនគ្រប់រូបមានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈគតិយុត្ដរបស់ខ្លួននៅគ្រប់ទីកន្លែង។
* មាត្រា៧៖
ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង។មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារស្មើៗគ្នាប្រឆាំងនឹងការរើសអើងណាដែលរំលោភលើសេចក្ដីប្រកាសនេះ ព្រមទាំងប្រឆាំងនិងញុះញង់ឲ្យមានការរើសអើង។
* មាត្រា៨៖
មនុស្សគ្រប់រូបមានសិទ្ធិរកដំណោះស្រាយសក្ដិសិទ្ធមួយនៅចំពោះមុខសាលាជំរះក្ដីជាតិ ដែលមានសមត្ថកិច្ចចំពោះអំពើទាំងឡាយណាដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញឬដោយច្បាប់។
* មាត្រា៩៖
គ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួនឃុំខ្លួនឬនិរទេសខ្លួនតាមអំពើចិត្តឡើយ។
* មាត្រា១០៖
មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាពេញលេញសុំឲ្យតុលាការឯករាជ្យ និងមិនលំអៀងពិនិត្យរឿងក្ដីរបស់ខ្លួនជាសាធារណៈនិងដោយសមធម៌ដើម្បីសម្រេចលើសិទ្ធិនិងកាតព្វកិច្ចនិងលើភាពសមហេតុផលនៃការចោទប្រកាន់ទាំងឡាយខាងបទព្រហ្មទណ្ឌមកលើខ្លួន។
* មាត្រា១១៖
១៖ ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌត្រូវសន្មតជាជនគ្មានទោសរហូតដល់ពិរុទ្ធភាពត្រូវបានរកឃើញនៅក្នុងសវនាករជាសាធារណៈដែលមានការធានាចាំបាច់ដើម្បីឲ្យជននោះការពារខ្លួន។
២៖គ្មានជនណាម្នាក់ត្រូវបានផ្ដន្ទាទោសពីបទល្មើសព្រហ្មទណ្ឌនៅពេលធ្វើអំពើឬមានការខកខាននេះដូចគ្នានេះដែរមិនត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។
* មាត្រា១២៖
គ្មានមនុស្សណាម្នាក់ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពាល់ដល់កិត្តិយសនិងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ជនគ្រប់រូបមានសិទ្ធិទទួលការការពារពីច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកឬការប៉ះពាល់បែបនេះ។
* មាត្រា១៣៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរីនិងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋានក្នុងរដ្ឋមួយ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសណាមួយរួមទាំងប្រទេសរបស់ខ្លួនផង និងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
* មាត្រា១៤៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិស្វែងរក និងទទួលកន្លែងជ្រកកោនក្នុងប្រទេសដទៃទៀតក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។
២៖ សិទ្ធិសុំជ្រកកោននេះមិនអាចលើកមកសំអាងបានទេក្នុងករណីមានការចោទប្រកាន់ដែលពិតជាកើតឡើងពីបទល្មើសមិនមែននយោបាយរបស់សហប្រជាជាតិ។
* មាត្រា១៥៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិមួយ។
២៖ គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់ខ្លួនបានឡើយ។
* មាត្រា១៦៖
១៖មនុស្សប្រុសស្រីដល់អាយុគ្រប់ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ជាតិ ឬសាសនាឡើយ។មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងចំណងអពាហ៍ពិពាហ៍និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។
២៖អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្តទៅបានលុះត្រាតែមានការព្រមព្រៀងដោយសេរីនិងពេញលេញពីអនាគតប្ដីប្រពន្ធ។
៣៖ គ្រួសារជាអង្គភាពធម្មជាតិនិងជាអង្គភាពមូលដ្ឋាននៃសង្គមហើយគ្រួសារមានសិទ្ធិទទួលការការពារពីសង្គមនិងរដ្ឋ។
* មាត្រា១៧៖
១៖ មនុស្សគ្រប់រូបទោះតែម្នាក់ឯងក្ដីឬដោយរួមជាមួយអ្នកដទៃក្ដីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។
២៖ គ្មានជនណាម្នាក់ត្រូវបានដកហូតកម្មសិទ្ធិតាមអំពើចិត្តឡើយ។
* មាត្រា១៨៖ជនគ្រប់រូបមានសិទ្ធិសេរីភាពខាងការគិតសតិសម្បជញ្ញៈ និងសាសនាសិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពផ្លាស់ប្ដូរសាសនា ឬជំនឿព្រមទាំងសេរីភាពសម្ដែងសាសនាឬជំនឿរបស់ខ្លួនតែម្នាក់ឯង ឬដោយរួមជាមួយអ្នកដទៃជាសាធារណៈឬជាឯកជនតាមការបង្ហាត់បង្រៀនការអនុវត្តការគោរពបូជានិងការប្រព្រឹតិ្តតាម។
* មាត្រា១៩៖ មនុស្សគ្រប់រូបមានសិទ្ឋិសេរីភាព ក្នុងការមានមតិនិងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគា្មនការជ្រៀតជ្រែកនិងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាននិងគំនិតនានាដោយគា្មនព្រំដែនទឹកដីទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។
* មាត្រា២០៖
១៖ មនុស្សគ្រប់រូបមានសិទ្ឋិសេរីភាព ក្នុងការប្រជុំឬការរួមគា្នជាសមាគមដោយសន្តិវិធី។
២៖ គ្មានជនណាម្នាក់ត្រូវបានបង្ខិតបង្ខំឲ្យចូលរួមក្នុងសមាគមណាមួយឡើយ។
* មាត្រា២១៖
១៖មនុស្សគ្រប់រូបមានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។
២៖ មនុស្សគ្រប់រូបមានសិទ្ឋិចូលបម្រើមុខងារសារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព។
៣៖ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនាំកិច្ចការសាធារណៈ។ឆន្ទៈនេះ ត្រូវសម្តែងចេញតាមរយៈការបោះឆ្នោតទៀងទាត់តាមពេលកំណត់និងពិតប្រាកដដែលមានលក្ខណៈសាកលស្មើភាព និងសម្ងាត់ឬតាមនីតិវិធីសមមូលដែលធានាសេរីភាពនៃការបោះឆ្នោត។
* មាត្រា២២៖
ក្នុងឋានៈជាសមាជិកនៃសង្គមមនុស្សគ្រប់រូបមានសិទ្ឋិទទួលបានសន្តិសុខសង្គមនិងមានបុព្វសិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ដែលចាំបាច់សម្រាប់សេចក្តីថ្លៃថ្នូរនិងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈការខិតខំរបស់ជាតិនិងសហប្រតិបត្តិការអន្ដរជាតិ និងដោយយោងទៅតាមការរៀចំនិងធនធានរបស់ប្រទេសនីមួយៗ។
* មាត្រា២៣៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើជ្រើសរើសការងារដោយសេរីទទួលលក្ខណ្ឌការងារត្រឹមត្រូវ និងពេញចិត្តនិងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នាចំពោះការងារដូចគ្នាដោយគ្នានការរើសអើង។
៣៖ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភការ ដោយសមធម៌និងពេញចិត្តដើម្បីធានាអត្ថិភាពរស់នៅរស់ខ្លួននិងគ្រួសារឲ្យសមស្របនឹងសេចក្ដីថ្លៃថ្នូរនៃមនុស្ស និងត្រូវបានបំពេញបន្ដែមទៀតដោយមធ្យោបាយផ្សេៗនៃការកាពារផ្នែកសង្គមប្រសិនបើចាំបាច់។
៤៖ មនុស្សគ្រប់រូបមានសិទ្ធិបង្កើតសហជីពនិងចូលរួមក្នុងសហជីពដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
* មាត្រា២៤៖
មនុស្សគ្រប់រូបមានសិទ្ធិឈប់សម្រាក និងលំហែកាយកំសាន្ដរូមបញ្ជូលទាំងកម្រិតម៉ោងការងារសមហេតុផលនិងការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់។
* មាត្រា២៥៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួននិងគ្រួសាររួមមានចំណីអាហារសម្លៀកបំពាក់លំនៅដ្ឋានការថែទាំសុខភាពនិងការងារសង្គមកិច្ចចាំបាច់ផ្សេងៗទៀផង។មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើមានជំងឺពិការមេម៉ាយ ឬពោះម៉ាយចាស់ជរាឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្ដាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន។
២៖ មាតុភាពនិងកុមារភាពមានសិទ្ធិទទួលជំនួយនិងការថែទាំពិសេស។ កុមារគ្រប់រូបទោះកើតពីឪពុកម្ដាយមានខាន់ស្លាឬឥតខាន់ស្លាក្ដី ត្រូវបានទទួលការការពារខាងសង្គមកិច្ចដូចគ្នា។
* មាត្រា២៦៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។ការអប់រំត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សានិងអប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ការអប់រំខាងបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវរៀបចំឲ្យមានជាទូទៅ។ការអប់រំឧត្ដមសិក្សាត្រូវបើកឲ្យចូលរៀនស្មើភាពគ្នាដោយឈរលើមូលដ្ឋានសមត្ថភាព។
២៖ ការអប់រំត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងការពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានការអប់រំនេះត្រូវលើកកំពស់ការយល់ដឹងការអត់ឱនអធ្យាស្រ័យគ្នានិងមិត្តភាពរវាងប្រជាជាតិ និងក្រុមពូជសាសន៍ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់សហប្រជាជាតិក្នុងការថែរក្សាសន្ដិភាព។
៣៖ មាតាបិតាមានសិទ្ធិជាអាទិភាពក្នុងការជ្រើសរើសប្រភេទនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន។
* មាត្រា២៧៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់សហគមន៍អាស្រ័យផលសិល្បៈនិងចូលរួមចំណែកក្នុងវឌ្ឍនភាពវិទ្យាសាស្ដ្រនិងក្នុងផលប្រយោជន៍ដែលបានមកពីវឌ្ឍនភាពនេះ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្ត្រ ឬសិល្បៈដែលជាស្នាដៃរបស់ខ្លួន។
* មាត្រា២៨៖
មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិដែលធ្វើអោយសិទ្ធិ និងសេរីភាពចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។
* មាត្រា២៩៖
១៖ មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហគមន៍ដែលជាកន្លែងតែមួយគត់ដែលអាចបង្កើតបានការរីកចម្រើនដោយសេរីនិងពេញបរិបូរណ៌នូវបុគ្គលិក្ខណៈរបស់ខ្លួន។
២៖ ក្នុងការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ខ្លួនមនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមតែកំរិតព្រំដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់និងការគោរពសិទ្ធិនិងសេរីភាពរបស់អ្នកដទៃនិងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈនិងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។
៣៖ តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះមិនអាចយកទៅប្រើផ្ទុយ និងគោលបំណងនិងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិឡើយ។
* មាត្រា៣០៖
គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះអាចត្រូចបានបកស្រាយតម្រូវថារដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់មានសិទ្ធិបែបណាមួយធ្វើក្នុងការធ្វើសកម្មភាព ឬការប្រព្រឹត្តអំពើអ្វីមួយដែលសំដៅទៅបំផ្លិចបំផ្លាញនូវសិទ្ធិនិងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ៕
អត្ថបទដកស្រង់៖ មជ្ឈមណ្ឌលសិទ្ធកម្ពុជា
ភ្នំពេញៈ អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពលឬតួនាទីដោយមន្ត្រីរដ្ឋ អ្នកនយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរបស់ខ្លួនដើម្បីទទួលបានលាភ សក្ការៈឬផ្ដល់ /ទទួលនូវលក្ខខណ្ឌអនុគ្រោះផ្សេងៗដែលមិនអនុលោមទៅតាមច្បាប់ជាធរមាន។
ទោះបីជាគ្មាននិយមន័យជាសាកលណាមួយអំពីអំពើពុករលួយក្ដីក៏ប៉ុន្តែនៅពេលដែលលើកឡើងពីអំពើពុករលួយ ជាទូទៅគេតែងតែនឹកទៅដល់ការរំលោភបំពានអំណាចសាធារណៈឬការប្រើប្រាស់មុខតំណែងសាធារណៈ ដើម្បីទទួលបានផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនសម្រាប់ក្រុមខ្លួនឬអ្នកដែលជិតស្និទ្ធទៅនឹងបុគ្គលជាអ្នកកំពុងស្ថិតនៅក្នុងមុខតំណែង។
បើតាមអង្គការតម្លាភាពបានចែកអំពើពុករលួយជា ៦ប្រភេទដូចជា៖ ១.ការស៊ីសំណូក ២.ការប្រកាន់បក្សពួក ៣.ការកេងបន្លំ ៤.ការគំរាមគំហែងដោយប្រើអំណាច ៥.ការឧបត្ថម្ភក្រៅផ្លូវការដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ និងទី៦.គឺ អំពើពុករលួយក្នុងនយោបាយ។
អំពើពុករលួយបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋក្រីក្រនិងក្រុមជនងាយរងគ្រោះ តាមរយៈការបង្កើនការចំណាយ និងកាត់បន្ថយលទ្ធភាពរបស់ពលរដ្ឋនៅក្នុងការទទួលបានសេវានិងសិទ្ធិជាមូលដ្ឋាន ដូចជា សេវាសុខាភិបាល ការអប់រំ កម្មវិធីសង្គមហេដ្ឋារចនាសម្ព័ន្ធ ការទទួលបាននូវយុត្តិធម៌និងសិទ្ធិស្មើភាពក្នុងនាមជាពលរដ្ឋជាដើម។ លើសពីនេះទៅទៀតផលប៉ះពាល់សង្គមទាំងមូលមានដូចជា៖ការបង្កើតគំលាតរវាងអ្នកមាន និងអ្នកក្រ ពន្យឺតកំណើនសេដ្ឋកិច្ចជាតិបង្កើតភាពអត់ការងារធ្វើ និងអតិផរណា និងបាត់បង់ក្តីសង្ឃឹមសម្រាប់អនាគត។
អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើរដ្ឋាភិបាលនិងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការការពារសាធារណជន ដែលនាំឱ្យមានកើនឡើងនូវការគំរាម កំហែងផ្នែកសន្តិសុខដែលកាន់តែពិបាកគ្រប់គ្រង។ ម្យ៉ាងវិញទៀត ជម្លោះគឺបង្កើតឱកាសឱ្យមានអំពើពុករលួយនិងធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយវា។
កំណែទម្រង់មួយចំនួន ដើម្បីកាត់បន្ថយអំពើពុករលួយ
- ផ្ដន្ទាទោសលើការប្រព្រឹត្តអំពើនិងបទល្មើសពុករលួយទាំងទ្រង់ទ្រាយធំ និងតូច។
- ស្ដារនិងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទី និងអំណាច។ ស្ថាប័នសាធារណៈដែលទទួលបន្ទុកជាអ្នកត្រួតពិនិត្យមានដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយនិងស្ថាប័នសវនកម្ម ត្រូវតែមានឯករាជ្យភាព មានធនធានគ្រប់គ្រាន់ និងត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីស្វែងរក និងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង។
- រដ្ឋសភានិងតុលាការត្រូវតែមាន ឯករាជ្យភាព និងអាចទប់ស្កាត់ការបំពានហួសដែនសមត្ថកិច្ច របស់អង្គនីតិប្រតិបត្តិ។
- ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយនិងធានាថាបទប្បញ្ញត្តិ នោះស្របតាម បទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ។
- អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលស្របតាមបទដ្ឋានអន្តរជាតិ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានដើម្បីឱ្យប្រជាពលរដ្ឋដឹងថា តើថវិកាសាធារណៈ ត្រូវបានចំណាយលើអ្វីខ្លះធនធានរដ្ឋត្រូវបានបែងចែកយ៉ាងដូចម្ដេច ហើយបង្កឱ្យមានការ បើកចំហចំពោះការត្រួតពិនិត្យពីអ្នកសារព័ត៌មាននិងសង្គមស៊ីវិល
- ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជនរួមទាំងការ លើកកម្ពស់ តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈនិងការគោរពច្បាប់ ដោយស្មើភាព។
អត្ដបទដកស្រង់៖ អង្គការតម្លាភាព
ភ្នំពេញៈ នៅក្នុងទិវាជាតិអ្នកនិពន្ធ ៧ ធ្នូ ឆ្នាំ២០២៤នេះ អ្នកនិពន្ធនិងគ្រូបង្រៀន បានបង្ហាញពីការ អបអរសាទរ និងចាក់ទុកទិវានេះមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ និងការឱ្យតម្លៃលើអ្នកនិពន្ធ។
លោក ពៅ មករាជាអ្នកនិពន្ធប្រលោមលោក និងអត្ថបទភាពយន្ត បានប្រាប់សារព័ត៌មាន SR News ថា ទិវាជាតិអ្នកនិពន្ធ មានសំខាន់មិនមែនសម្រាប់តែអ្នកនិពន្ធគឺសម្រាប់ប្រជាជនខ្មែរទាំងមូល ពិសេសអ្នក និយមចូលចិត្តការអាន និងជាថ្ងៃដែលរម្លឹកក៏ដូចជាបញ្ជាក់ពីភាពពេញបរិបូរណ៍ដោយសុខសន្តិភាពនិងនិរន្តិ៍ភាពនៃសង្គមជាតិមួយតាមរយៈស្នាដៃអ្នកនិពន្ធ។
លោកបន្តថា ដ្បិតការងារជាអ្នកនិពន្ធមិនសូវទទួលបានតម្លៃឬការមើលឃើញពីគុណតម្លៃពីមហាជន ទូទៅឱ្យទូលាយក៏ពិតមែនប៉ុន្តែអ្នកនិពន្ធក៏ជាអ្នកដែលបានចូលរួមក្នុងកិច្ចការផ្សេងៗ ឬជាផ្នែកមួយនៃ កោសិកាសង្គមដូចគ្នា។
លោកសង្កត់ធ្ងន់ថាកន្លងមក ការរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធបានកើតឡើង ហើយគ្មានដំណោះស្រាយណាអាចជួយអ្នកនិពន្ធដែលរងគ្រោះឬមានដំណោះស្រាយណាប្រសើរ ក្រៅពីសំងំមើលការរំលោភសិទ្ធិ ដូច្នេះនៅពេលមាន «ទិវាជាតិអ្នកនិពន្ធ»នេះគឺបានបង្ហាញពីភាពចាំបាច់ បំផុតសម្រាប់អ្នកនិពន្ធទាំងអស់គ្នា ក្នុងការការពារសិទ្ធនិងកម្មសិទ្ធ។
ចំណែក លោក ឡាយរដ្ឋា គ្រូបង្រៀននៅវិទ្យាល័យ ជាស៊ីម ព្រែក អញ្ចាញ (សាលារៀនជំនាន់ថ្មី) បានអបអរសាទរទិវាអ្នកនិពន្ធ និងចាត់ទុកទិវានេះ ពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកនិពន្ធ ត្បិតអ្នកនិពន្ធជាមគ្គុទេស ដែលអាចដឹកនាំមនុស្សទៅរកផ្លូវមួយ ដែលគេចង់ទៅបានតាមរយ:ស្នាដៃរបស់ពួកគេ បន្ថែមពីនេះ អ្នកនិពន្ធអាចប្រាប់ពីរឿងពិតក្នុងសង្គម ដែលកំពុងកើតតមានឡើងតាមរយៈស្នាដៃខ្លួន។
គ្រូបង្រៀនរូបនេះក៏លើកទឹកចិត្តដល់អ្នកនិពន្ធទាំងអស់ ឱ្យមានកម្លាំងចិត្តបន្តស្នាដៃរបស់ខ្លួនកាន់តែ ខ្លាំងឡើងនិងផលិតអ្វីៗថ្មីក្នុងស្នាដៃរបស់ខ្លួន និងស្នើឱ្យមហាជនឱ្យតម្លៃទៅលើស្នាដៃរបស់អ្នកនិពន្ធគ្រប់ៗរូបផងដែរ។
មិនខុសគ្នានេះដែរអ្នកនិពន្ធ ពៅ មករា ក៏សំណូមពរដល់មិត្តអ្នកអាន ចូលរួមការពារកម្មសិទ្ធិបញ្ញាគោរពស្រលាញ់ស្នាដៃអ្នកដទៃ និងមិនលួចចម្លងស្នាដៃអ្នកនិពន្ធដោយប្រការណាមួយ និងសូមផ្តាំផ្ញើ ដល់អ្នកនិពន្ធក្មេងៗជំនាន់ក្រោយឱ្យព្យាយាមគិតគូរលើវិធិសាស្ត្រនិពន្ធការផ្សព្វផ្សាយ បង្កើតគំនិត ឬសាច់រឿងដោយមិនចម្លង ដើម្បីជាផ្នែកមួយលើកតម្លើងអក្សរសាស្ត្រអក្សរសិល្ប៍ជាតិផងដែរ។
ជាមួយគ្នានេះដែរ លោក ប៊ិន រ៉ាត់អ្នកនិពន្ធប្រលោមលោក ធ្លាប់បានលើកឡើងថា ទិវាជាតិអ្នកនិពន្ធ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កវីនិពន្ធជើងចាស់ រៀមច្បង ដែលបានចាកចេញទៅហើយ គឺមានទិវាជាតិអ្នកនិពន្ធដើម្បីរំឭកពីគុណតម្លៃ និងការដឹងគុណដល់ពួកគាត់ ចំពោះការចូលរួមបង្កើតស្នាដៃ ទាំងអក្សរសាស្ត្រ និងអក្សរសិល្ប៍ ដើម្បីសង្គមជាតិកន្លងមក។
សូមជម្រាបថា សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករ ឬអ្នកបង្កើត ស្នាដៃផ្សេងៗទៀតក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយ ក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមជាមុនពីផលិតករ។
នៅក្នុងកម្ពុជា ក៏មានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលដែរ ដែលត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៥ខែមីនា ឆ្នាំ២០០៣។ ច្បាប់ខាងលើនេះ មានគោល បំណងធានា ការគោរពសិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនិងការពារនូវផលិតផលវប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាមនិងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវ ស្របច្បាប់លើ ផលិតផលវប្បធម៌ទាំងនេះដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី ៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាជាតិអ្នកនិពន្ធ» ក្នុងគោលបំណងបង្កើនគុណតម្លៃនិងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រអក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ៕
ភ្នំពេញ:ធ្លាប់តែឃើញកាបូបដៃដាក់លុយបុរសធ្វើអំពី ជ័រ ស្បែកសត្វ ត្រណាត់ជាដើមតែសិប្បកម្មឈ្លាសវៃមួយនេះ បានច្នៃពោះវៀនកង់ឡានធ្វើជាកាបូបលុយបុរស ដែលមានរូបរាងពណ៌ស្រស់ស្អាតធន់នឹងការប្រើប្រាស់បានយូរតម្លៃសមរម្យហើយក៏កំពុងបោះជំហានទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបផងដែរ។
គោលបំណងធំបំផុតនៃការបង្កើតសិប្បកម្មឈ្លាសវៃនេះឡើងគឺដើម្បីជួយផ្តល់ឱកាសការងារដល់ជនពិការក៏ដូចជាអ្នកមិនមានការងារធ្វើ នៅតាមសហគមន៍ឲ្យពួកគាត់មានប្រាក់ចំណូលសមរម្យផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ការផលិតកាបូបពីពោះវៀនកង់ឡានក៏រួមចំណែកលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងផលិតផលកែច្នៃដោយដៃ របស់សិប្បករខ្មែរផងដែរ។
ស្ថាបនិកសិប្បកម្ម លោក ឡាវ ចំរើនបានរៀបរាប់ឱ្យដឹងថា៖ «យើងយកវត្ថុធាតុដើមដែលគេបោះចោលយកមកកែច្នៃធ្វើជារបស់ប្រើប្រាស់ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថានក៏ដូចជាចង់ផ្សព្វផ្សាយអំពីផលិតផលធ្វើដោយដៃនៅក្នុងប្រទេសកម្ពុជាយើង»។
ដំណើរការផលិតកាបូបពីពោះវៀនកង់ឡានមានរយៈពេលប្រមាណ១០ឆ្នាំមកនេះ លោកត្រូវការវត្ថុធាតុដើមពីរសំខាន់ៗគឺទី១ពោះវៀនកង់ឡានចាស់ៗ និងទី២ ក្រណាត់សម្រាប់ការដេរធ្វើជាហោប៉ៅ។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «យើងត្រូវយកពោះវៀនកង់ឡានលាងសម្អាតទឹកឲ្យស្អាតរួចយកវាមកកាត់ទៅតាមខ្នាត និងពុម្ពដែលយើងត្រូវការ។ សម្រាប់ផ្នែកខាងមុខនៃកាបូបយើងក៏កាត់ច្នៃម៉ូតនិងអ៊ុតវាបន្ថែមទៀតដើម្បីឱ្យវាមានគុណភាពល្អបន្ទាប់ពីរចនាម៉ូតផ្នែកខាងមុខកាបូបហើយ យើងត្រូវផ្គុំកម្ដៅឲ្យវាទន់ ដើម្បីងាយស្រួលដេរភ្ជាប់គ្នាជាការស្រេច»។
បុរសវ័យ៤៣ឆ្នាំរូបនេះបានបន្ថែមទៀតថាទន្ទឹមនឹងការផលិតបានកាបូបដ៏ស្រស់ស្អាតនេះ លោកក៏ត្រូវជម្នះកត្តាប្រឈមក្នុងការផលិតផងដែរដូចជាពិបាកក្នុងការដេរ (ស្វិត)និងត្រូវការលាងសម្អាតជាច្រើនដង។
ចំពោះវត្ថុធាតុដើមពោះវៀនកង់ឡាន លោកត្រូវដើរទិញពីអ្នកប៉ះកង់ឡានធំៗនៅតាមជាយក្រុងដោយតម្រូវតាមលក្ខខណ្ឌ និងបរិមាណផលិតជាក់ស្ដែងរបស់លោក។
សិប្បកម្ម ឈ្លាសវៃ ផលិតកាបូបដៃប្រុសមួយនេះក្នុងមួយថ្ងៃៗសិប្បករម្នាក់ៗអាចផលិតបានពី២ ទៅ ៥ កាបូប ទៅតាមម៉ូតស្រួល ឬម៉ូដស្មុគស្មាញពិបាកផលិត។ កាបូបដៃបុរសធ្វើពីពោះវៀនកង់ឡានមានតម្លៃចាប់ពី៣០,០០០រៀល រហូតដល់ ៦០,០០០រៀល។
ក្រៅពីផលិតកាបូបដៃដាក់លុយបុរសសិប្បកម្មនេះក៏មានផលិតកាបូបស្រី កាបូបស្ពាយ កាបូបយួរដៃ គម្របសៀវភៅ ប្រដាប់ដាក់កាតនិងរបស់របរជាច្រើនមុខទៀត។
សព្វថ្ងៃនេះសិប្បកម្មឈ្លាសវៃមានជាងដេរ១០នាក់ដែលកំពុងបំពេញការងារនៅតាមសហគមន៍។
លោក ឡាវ ចំរើន បានឱ្យដឹងទៀតថា៖ «សម្រាប់កាបូបនេះមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវក្រៅស្រុក ហើយយើងក៏មានការនាំចេញទៅលក់នៅស្រុកក្រៅផងដែរដូចជាប្រទេស អង់គ្លេសនិង អូស្ត្រាលី»។
សម្រាប់គម្រោងទៅថ្ងៃអនាគតខាងសិប្បកម្មនឹងខិតខំស្វែងរកអតិថិជនឱ្យបានច្រើន ដើម្បីបង្កើនការផលិតផ្ដល់ការងារដល់ប្រជាជននៅសហគមន៍ និងបន្តផ្សព្វផ្សាយផលិតផលសិប្បកម្មជនពិការកម្ពុជាយើងផងដែរ។
សិប្បកម្មឈ្លាសវៃ ស្ថិតនៅផ្ទះលេខ១១៥ ផ្លូវ ៣០សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ព័ត៌មានបន្ថែមពីកាបូបលុយបុរសអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Smart Craft Cambodiaឬទំនាក់ទំនងទូរសព្ទលេខ ០១២ ៦៣៣ ៩៣៨៕
ភ្នំពេញៈ ក្រុមដំណើរខ្មែរ នឹងរៀបចំមហោស្រពសិល្បៈដំណើរខ្មែរ លើកទី១រយៈពេល៣ថ្ងៃ ដែលនឹងមាន ការបង្ហាញនូវសិល្បៈជាច្រើនទម្រង់ ដើម្បីរួបរួមអ្នកស្នេហាវិស័យសិល្បៈខ្មែរនិងផ្សារភ្ជាប់អតីតកាល បច្ចុប្បន្ន បន្តទៅអនាគតដើម្បីឱ្យកូនខ្មែរបានស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រសិល្បៈរបស់ខ្លួន។
លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ប្រាប់សារព័ត៌មាន SR News ថា មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ ឆ្នាំ២០២៤គឺជាព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ នៅអគាខេមរ៉ានីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លើវិថីវិចិត្រសិល្បៈសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ប្រព្រឹត្តិទៅក្រោមប្រធានបទ «ព្រលឹងសិល្បៈចម្រៀង និងភាពយន្តខ្មែរ» ក្នុងគោលបំណងរម្លឹកអនុស្សាវរីយ៍ និងបង្ហាញឯកសារជាប្រវត្តិសាស្ត្រដល់មហាជនឱ្យបានស្គាល់ពីភាពអស្ចារ្យនៃសិល្បៈភាពយន្តនិងចម្រៀងខ្មែរដែលធ្លាប់កើតមាន ហើយនាំយុវជនជំនាន់ថ្មីទៅកាន់អតីតកាលដ៏ផូផង់សម័យយុគមាសខ្មែរមុនឆ្នាំ១៩៧៥ ដែលនេះជាការរួមចំណែកផ្តល់ចំណេះដឹង និងបណ្តុះមនសិការស្នេហាវប្បធម៌ជាតិនិងជាវេលាបង្កើនទំនាក់ទំនងរវាងសិល្បកររៀមច្បង និងសិល្បករបច្ចុប្បន្ន។
ប្រធានក្រុមដំណើរខ្មែរ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ផ្សារភ្ជាប់យុវជននិងសិល្បៈ សិល្បការិនី ជាមួយនឹងមហាជន ជាពិសេសនោះ គឺនឹងបង្ហាញពីប្រវត្តិសាស្ត្រខ្មែរយើងសម័យសង្គមរាស្ត្រនិយម និងសម័យមុនឆ្នាំ១៩៧៥ គឺផ្សព្វផ្សាយមរតកស្នាដៃពីជំនាន់យុគមាស»។
លោក វីរៈ រៀបរាប់ពីអារម្មណ៍ថា៖ «សម្រាប់ខ្ញុំជាអ្នករៀបចំខ្ញុំមានសេចក្តីរីករាយណាស់ ព្រោះខ្ញុំបានធ្វើអ្វី ដែលខ្ញុំស្រឡាញ់ ព្រោះថាការងារនេះខ្ញុំស្រឡាញ់តាំងពីដើមមក ហើយខ្ញុំចង់រៀបព្រឹត្តិការណ៍ធំៗបែបនេះសំខាន់ព្រឹត្តិការណ៍នេះប្លែកពីរាល់ដងដោយសារកន្លងមកយើងធ្លាប់ធ្វើកម្មវិធីតូចៗ ដូចជាស្លាបកាអនុស្សាវរីយ៍លើកទី១ ដែលគ្រាន់តែជួបជុំអ្នកស្រឡាញ់សិល្បៈ តែលើកនេះគឺយើងដាក់បញ្ជូលសិល្បៈចម្រុះចូលក្នុងកម្មវិធីនេះ»។
នៅក្នុងព្រឹត្តិការណ៍មហោស្រពសិល្បៈនេះមានកម្មវិធីជាច្រើនដូចជា ការចាក់បញ្ចាំងខ្សែភាពយន្តសម័យយុគមាស (ទសវត្សរ៍៦០និង ៧០) ចំនួន៥រឿង រួមមាន រឿងព្រះចន្ទគោរព រឿងសុវណ្ណហង្ស រឿងគូកម្មទេបងរឿងនាងសក់ក្រអូប និងភាពយន្តឯកសារ ស្តីពីដំណើរទស្សនកិច្ចរបស់ លោកហ្សាលដឹហ្គោលនៅក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៦៦។
បន្ថែមពីនេះក៏មាននូវការតាំងពិព័រណ៌ភាពយន្តល្បីៗសម័យយុគមាសការសម្តែងផ្ទាំងទស្សនីយភាព ចម្រៀងក្រោមចំណងជើងថា «ព្រលឹងភាពយន្ត»វេទិកាពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទមរតក សិល្បៈ ការបង្ហាញម៉ូតការប្រគំតន្ត្រីរាត្រីយុគមាស និងការប្រឡងប្រជែងស្នាដៃតែងនិពន្ធរឿងខ្លីពានរង្វាន់ សម្តេចក្រុមព្រះនរោត្តមចក្រពង្ស។
ទាក់ទងនឹងការប្រកួតប្រជែងស្នាដៃតែងនិពន្ធរឿងខ្លី លោក វីរៈវ៉ារ៉ានី បានពន្យល់ថា ទិសដៅរបស់ក្រុម ដំណើរខ្មែរគឺជាផ្តោតលើការសិក្សាស្រាវជ្រាវសិល្បៈចម្រៀង និងភាពយន្ត ចំណែកឫសគល់នៃសិល្បៈទាំង២នេះ ក៏ជាប់ទាក់ទងនឹងអក្សរសាស្ត្រ អក្សរសិល្បិ៍ផងដែរដូច្នេះទើបក្រុមដំណើរខ្មែរ រៀបចំការ ប្រឡងប្រជែងស្នាដៃតែងនិពន្ធរឿងខ្លីពានរង្វាន់សម្តេចក្រុមព្រះនរោត្តមចក្រពង្ស ដើម្បីលើកទឹកចិត្តឱ្យយុវជន យុវនារីក៏ដូចជាមហាជន ចូលរួមក្នុងការសរសេរអត្ថបទល្អៗ ក្នុងនោះប្រសិនបើអត្ថបទណាមួយមានខ្លឹមសារល្អមុតជ្រៅនឹងត្រូវបានយកទៅផលិតជាខ្សែភាពយន្តផងដែរ។
មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ ទទួលស្វាគមន៍ភ្ញៀវកិត្តិយសចូលរួមដោយសេរីក្នុងនោះកម្មវិធី នឹងចាប់ផ្តើមកម្មនៅវេលាម៉ោង ៨:00 នាទី ព្រឹក ដល់ម៉ោង ២១:00នាទីយប់។ កម្មវិធីនេះផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជានិងមានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ស្ថាប័នមួយចំនួន ទៀតនិងមានដៃគូផ្សព្វផ្សាយរួមមានៈ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន SR News និងបណ្តាញផ្សព្វផ្សាយនានា។
ប្រធានក្រុមដំណើរខ្មែរ លោក វីរៈ វ៉ារ៉ានី ស្នើឱ្យយុវជននិងសាធារណជនចូលរួមឱ្យបានច្រើន ដើម្បីស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរឱ្យបានច្បាស់លាស់ក៏ដូចជារួមចំណែកក្នុងការគាំទ្រនូវមរតកស្នាដៃរបស់សិល្បករ សិល្បការនីនិងរៀមច្បងជំនាន់មុន។
គួរបញ្ជាក់ថា ក្រុមដំណើរខ្មែរ គឺជាក្រុមយុវជនស្រាវជ្រាវអំពីសិល្បៈភាពយន្តនិងចម្រៀងខ្មែរក្នុងអំឡុងទសវត្សរ៍ទី៦០ និង៧០ ដែលបង្កើតឡើងនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ និងមានសមាជិកសរុប២៨នាក់។
ក្រៅពីការងារខាងលើនេះ ក្រុមដំណើរខ្មែរក៏បានធ្វើការសិក្សាលើផ្នែកវប្បធម៍ ប្រវត្តិសាស្ត្រ ព្រះរាជវង្សានុវង្សខ្មែរ និងមានផលិតភាពយន្តឯកសារនិងភាពយន្តប្រឌិតខ្លីៗ ដែលស្នាដៃទាំងនោះ អស់នេះមានទាំងប្រភេទអត្ថបទ សំឡេងនិងវីដេអូ៕
សៀមរាប៖ ចងក្រងកសិករជាក្រុមៗដើម្បីងាយស្រួលរកទីផ្សារនិងកាត់បន្ថយការចំណាកស្រុក សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិកប្រមាណ ៤០០នាក់។
កញ្ញា ចៅ សុភ័ក្ត្រត្រា បុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានប្រាប់សារព័ត៌មានSRNews ៖«ការបង្កើតសមាគមនេះឡើងដើម្បីងាយស្រួលរកទីផ្សារជូនកសិករ ឧទាហរណ៍ថា កសិករគាត់មានផលិតផលរួចហើយតែគាត់ពិបាកការនាំយកមកទីផ្សារខាងក្រៅមានន័យថាគាត់មានតែម៉ូយដែលនៅជិតៗទីតាំងគាត់ប៉ុណ្ណោះ»។
អ្នកសម្របសម្រួលរូបនេះបានបន្តទៀតថា៖«ណាមួយយើងចង់កាត់បន្ថយការចំណាក ស្រុករបស់ពួកគាត់ផងដែរ ក្រោមការគាំទ្របច្ចេកទេសរបស់អង្គការអាគ្រីស៊ុត ដែលផ្ដល់ជូននូវវិធីសាស្ត្រដាំដុះ រហូតដល់ការកែច្នៃ»។
សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបមានសមាជិកប្រមាណជាង៤០០នាក់ ក្នុងការដាំបន្លែធម្មជាតិស្រស់ៗ និងគ្រឿងទេសកែច្នៃជាច្រើនមុខផងដែរ។ សមាជិកមកពី៥ គោលដៅក្នុងខេត្តសៀមរាបរួមមាន៖ សង្កាត់ក្របីរៀល សង្កាត់ជ្រាវ ក្រុងសៀមរាបស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ។
តាំងពីបង្កើតសមាគមនេះឡើងយើងមានអង្គការអាគ្រីស៊ុត បានចុះសម្របសម្រួលបង្រៀនបច្ចេកទេសផ្ទាល់ ក៏ដូចជាផ្ដល់ជូននូវវិធីសាស្ត្រដាំដុះនិងកែច្នៃដល់កសិករ ដែលជាសមាជិកសមាគមន៍អ្នកដាំបន្លែសុវត្ថិភាពសៀមរាប។
កញ្ញា សុភ័ក្ត្រត្រា បានពន្យល់ថា៖ «ឧទាហរណ៍ទៅលើបន្លែ យើងមានបុគ្គលិកបច្ចេកទេសសម្របសម្រួលដល់កសិករថាតើការថ្នាំកសិកម្មម៉េច? យើងដាំបន្លែបែបបរិស្ថានវិទ្យាបែបម៉េច?ឬការកែច្នៃបែបម៉េច»។
ក្រោយពីការចងក្រងជាសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបនេះមកប្រជាពលរដ្ឋក្នុងតំបន់គោលដៅ មានជីវភាពប្រសើរជាងមុនសមាជិកគ្រួសារទទួលបានការអប់រំ ហើយអត្រាចំណាកស្រុកក៏ថមថយ។
អ្នកសម្របសម្រួលវ័យ២៧ឆ្នាំ រូបនេះបានលើកឡើងបន្តថា៖ «មួយវិញទៀតពួកគាត់មានលទ្ធភាពបញ្ជូនកូនចៅរបស់គាត់បានទៅរៀនចប់ចុងចប់ដើមមានអ្នកខ្លះរៀនរហូតដល់ចប់មហាវិទ្យាល័យទៀតផង»។
ក្រៅពីការដាំបន្លែតាមបែបបុរាណលក្ខណៈគ្រួសារសមាគមមានការណែនាំប្រជាកសិករមកដាំបន្លែបែបសរីរាង្គធម្មជាតិ ហើយណែនាំការកែច្នៃទៅជាផលិតផលសម្រេចផ្សេងៗដើម្បីបង្កើនចំណូលមួយកម្រិតទៀត។
មកទល់បច្ចុប្បន្នបន្លែសុវត្ថិភាពរបស់ប្រជាកសិករ ក្រៅពីលក់នៅក្នុងភូមិស្រុកដែលបានដាំដុះក៏ត្រូវបានចែកចាយទៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននានាផងដែរ។
កញ្ញា សុភ័ក្ត្រត្រា បានរំឭកប្រាប់ថា៖ «ដំបូងឡើយបន្លែរបស់គាត់បានលក់តែបណ្ដុំភូមិឃុំ និងនៅតាមផ្សារតូចៗ ដែលនៅជិតគាត់ តែមកដល់ពេលបច្ចុប្បន្នបន្លែសុវត្ថិភាពរបស់គាត់យើងបាននាំយកទៅចែកចាយតាមសណ្ឋាគារភោជនីយដ្ឋាន និងម៉ាតមួយចំនួនក្នុងខេត្តសៀមរាប។ រីឯផលិតផលកែច្នៃយើងមាននាំចេញទៅខេត្តផ្សេងមួយចំនួនផងដែរ»។
សមាគមមានការណែនាំប្រជាសមាគមន៍ដាំដំណាំដូចជា៖ស្ពៃតឿ ស្ពៃចង្កឹះ ត្រសក់ ត្រប់ សណ្ដែកគួរ ស្លឹកគ្រៃជាដើម ដែលមិនសូវមានការនាំចូលច្រើនដូចជាស្ពៃបូកគោនិងការ៉ុតនោះទេ។
ផលិតផលកែច្នៃពីសមាគមរួមមាន៖ប្រេងរឺតស្លឹកគ្រៃ ប្រេងស្លឹងគ្រៃម៉ាស្សា តែស្លឹកគ្រៃ តែម្ជូរល្មម ឬតែម្ជូរព្រឹកតែព្នៅ តែខ្ជាយខ្មៅ ម្សៅរមៀត រមៀតសូនទឹកឃ្មុំ ទឹកឃ្មុំធម្មជាតិ ដែលសុទ្ធសឹងជាតែដែលជួយដល់សុខភាពហើយក៏មានប្រភេទស្រាអង្ករ ស្រាស្វាយ ភេសជ្ជៈដែលផលិតពីផ្លែឈើធម្មជាតិ និងមុខទំនិញបន្ទាប់បន្សំជាច្រើនផងដែរ។
ជាមួយផលិតផលសម្រេចដ៏សម្បូរបែបតំណាងសមាគមអ្នកដាំបន្លែសុវត្ថិភាព បានលើកឡើងថា៖ «ដោយមានការគាំទ្រ និងជ្រោមជ្រែងពីសំណាក់ក្រសួងពាក់ព័ន្ធមន្ទីរពាណិជ្ជកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជារដ្ឋបាលខេត្តសៀមរាបផ្ទាល់ តាមរយៈការផ្ដល់ឱកាសហៅសមាគមយើងទៅដាក់តាំងពិព័រណ៍ផលិតផលតំណាងខេត្តក្នុងកម្មវិធីនានាពិសេសមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ»។
តម្លៃលក់លើទីផ្សារអាស្រ័យលើការចំណាយលើវត្ថុធាតុដើមធម្មជាតិ និងកម្លាំងពលកម្មប្រជាសហគម៍ផ្ទាល់ដោយសមាគមមិនមានឧបករណ៍ទំនើបៗដូចសហគ្រាសធំៗនោះទេ។
កញ្ញា សុភ័ក្ត្រត្រា បានពន្យល់ថា៖ «មានអ្នកខ្លះត្អូញថា ផលិតផលក្នុងស្រុកសោះ ម៉េចក៏ថ្លៃម៉េស? តែមែនទែនទៅថ្លៃដោយសារតែ សម្បកវេចខ្ចប់ សុទ្ធសឹងតែជារបស់នាំចូលណាមួយផលិតផលរបស់យើងផលិតដោយដៃប្រជាសហគមផ្ទាល់ មិនមានម៉ាស៊ីនក្នុងការកែច្នៃដូចទៅហ្នឹងសហគ្រាសផ្សេងៗនោះទេទើបធ្វើឱ្យតម្លៃរៀងខ្ពស់បន្តិច»។
សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបនាពេលបច្ចុប្បន្នមានក្រុមផលិតចំនួន៦ក្រុម ដើម្បីផលិតផ្គត់ផ្គង់ទីលើទីផ្សាររួមមាន៖ក្រុមផលិតខ្ជាយខ្មៅ, ក្រុមផលិតប្រេងក្រអូប, ក្រុមផលិតស្រា និងភេសជ្ជៈ, ក្រុមផលិតគ្រឿងទេសសម្ងួត,ក្រុមផលិតថ្នាំពុលកសិកម្ម, និងក្រុមដាំបន្លែសុវត្ថិភាព។
ផលិតផលដែលសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបមានលក់នៅហាងរបស់សមាគមផ្ទាល់ដែលស្ថិតនៅជើងភ្នំគូលែន និងមួយទីតាំងទៀតស្ថិតនៅឃុំឃុនរាមស្រុកបន្ទាយស្រី។ នៅរាជធានីភ្នំពេញ ផលិតផលសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបអាចរកជាវបាននៅហាងមួយចំនួនរួមមានម៉ាត ខេមរៈអាហារ ផ្សារលក់ផលិតផលខ្មែរ និងហាងសុខ ហ្វាម នៅជិតផ្សារកណ្ដាល ជាដើម។
ដោយមើលឃើញថាប្រជាជនខ្មែរយើងមួយចំនួនគាំទ្រផលិតផលនាំចូលច្រើនជាងផលិតក្នុងស្រុកកញ្ញា សុភ័ក្ត្រត្រា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យជួយគាំទ្ររបស់ក្នុងស្រុកឱ្យបានច្រើនពិសេសផលិតផលដែលធ្វើដោយដៃរបស់ សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ដែលមានលក់នៅលើទីផ្សារតាមម៉ាត ផ្សារធម្មជាតិ ឬនៅតាមកម្មវិធីតាំងពិរព័ណ៌នានាជាដើម។
សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលជីវភាពប្រជាកសិករបង្កើនចំណូលបន្ថែមពីរបរធ្វើស្រែចម្ការក៏ដូចជារួមគ្នាអភិរក្សធនធានធម្មជាតិឱ្យនៅគង់វង្សផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទំព័រហ្វេសប៊ុកអ្នកដាំបន្លែសុវត្ថិភាពសៀមរាប The Green Farmers Siem Reap ឬតាមរយៈលេខទូរសព្ទ 070 256 084៕
Blueskyគឺជាវេទិកាបណ្តាញសង្គមដែលមានលក្ខណៈជា (Decentralized) មានន័យថា មិនមានក្រុមហ៊ុនណាមួយមានសិទ្ធិទៅលើទិន្នន័យអ្នកប្រើប្រាស់នោះទេដែលជាហេតុធ្វើឱ្យបណ្តាញសង្គមមួយនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ វាក៏ជាជម្រើសជំនួសវេទិកាបណ្ដាញសង្គម X (អតីត Twitter)។
បង្កើតឡើងក្នុងឆ្នាំ 2022Bluesky ប្រតិបត្តិការនៅលើប្រព័ន្ធបច្ចេកវិទ្យា AT (AuthenticatedTransfer) ដែលផ្តោតលើការគ្រប់គ្រងទិន្នន័យនិងមាតិកាដោយអ្នកប្រើប្រាស់ផ្ទាល់។
ខុសពីបណ្តាញសង្គមទូទៅវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្ដូរ និងប្រែបទពិសោធន៍របស់ពួកគេតាមរយៈAlgorithm ដែលអាចជ្រើសរើសបាន និងអាចកែប្រែផ្ទាំង Feed ដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈផ្ទាល់ខ្លួននិងមានភាពអវិជ្ជមានតិច។
ការលូតលាស់របស់វេទិកានេះគឺមានន័យសំខាន់ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍នយោបាយដូចជាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនិងការគ្រប់គ្រងដ៏ចម្រូងចម្រាស់របស់លោក Elon Musk លើ X។
កត្តាទាំងនេះបាននាំឱ្យមានការផ្លាស់ប្តូរអ្នកប្រើប្រាស់ច្រើនដែលកំពុងស្វែងរកជម្រើសវេទិកាបណ្ដាញសង្គមផ្សេងៗ។ ក្នុងនោះ Bluesky ទទួលបានអ្នកប្រើប្រាស់ថ្មីដល់មួយលាននាក់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យវេទិកាបណ្ដាញសង្គមនេះមានចំនួនអ្នកប្រើប្រាស់រហូតដល់ ២០ លាននាក់។
ភាពទាក់ទាញរបស់ Bluesky ស្ថិតនៅក្នុងភាពស្រដៀងនឹង Twitter ទម្រង់ដើម ដោយផ្តល់ជូននូវលក្ខណៈពិសេសដូចជាផ្ទាំងFeed តាមលំដាប់ពេលវេលានិងការគ្រប់គ្រងមាតិកាដោយអ្នកប្រើប្រាស់។
សំណុំបែបបទបែប Decentralized របស់វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងទិន្នន័យនិងរបៀបប្រើប្រាស់របស់ពួកគេយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងការផ្ដល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់។
ទន្ទឹមនឹងការលូតលាស់យ៉ាងឆាប់រហ័ស Bluesky កំពុងប្រឈមនឹងបញ្ហាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងរក្សាការត្រួតពិនិត្យដោយប្រសិទ្ធភាព នៅពេលដែលចំនួនអ្នកប្រើប្រាស់របស់វាកំពុងតែកើនឡើង។
ការប្តេជ្ញាចិត្តរបស់វេទិកាមួយនេះក្នុងការផ្ដល់បទពិសោធន៍គ្មានការផ្សាយពាណិជ្ជកម្មនិងការពឹងផ្អែកលើគម្រោងបង់ប្រាក់សេវាកម្មប្រើប្រាស់ប្រចាំខែ ក្នុងការបង្កើតប្រាកក់ចំណូលគឺជាកត្តាដ៏រង្គោះរង្គើមួយរបស់ Bluesky។(wired.com)
សម្រាប់ Bluesky វាគឺវេទិកាបណ្ដាញសង្គមក្នុងការបង្ហាញអំពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យបណ្តាញសង្គមដោយផ្តល់ជម្រើសជាជម្រើសដោយអ្នកប្រើប្រាស់ដែលផ្តោតលើការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនសុវត្ថិភាព និងបទពិសោធប្រើប្រាស់ បានធ្វើឱ្យវាជាបណ្តាញសង្គមដែលមិនសូវមានមាតិការអវិជ្ជមាន៕
ប្រភព៖ Wired, Cadenaser, Le Monde.
ការញ៉ាំអាហារសជាតិហឹរ អាចមានប្រយោជន៍ដល់សុខភាពប្រសិនបើការប្រើប្រាស់គ្រឿងហឹរ និងគ្រឿងផ្សំរសជាតិដទៃទៀតក្នុងបរិមាណមួយសមស្រប។
អាហារហឹរជាទូទៅមានសារធាតុ Capsaicin ដែលជាសារធាតុធម្មជាតិម៉្យាងត្រូវបានរកឃើញនៅក្នុងម្ទេស ហើយវាមានគុណប្រយោជន៍ល្អដល់សុខភាព។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់អាហារហឹរ និងរបៀបនៃការប្រើប្រាស់គ្រឿងផ្សំហឹរបែបណាទើបមានគុណសម្បត្តិដល់សុខភាព៖
អត្ថប្រយោជន៍នៃអាហារហឹរចំពោះសុខភាព
១. ជួយកាត់បន្ថយការឡើងទម្ងន់
សារធាតុ Capsaicin ជួយបង្កើនអត្រាដុតកាឡូរី និងលើកស្ទួយប្រព័ន្ធរំលាយអាហារដោយវាជួយកាត់បន្ថយការឃ្លាន និងបង្កើនកម្រិតថាមពលធ្វើឱ្យយើងឆ្អែតបានយូរ។
២. កាត់បន្ថយជំងឺបេះដូង
ការញ៉ាំអាហារហឹរអាចកាត់បន្ថយប្រភេទកូឡេស្តេរ៉ុលមិនល្អ និងជួយសម្រួលសសៃឈាម។
៣. ជួយដល់ប្រព័ន្ធភាពស៊ាំ
ម្ទេស និងរបបអាហារដែលមានរសជាតិហឹរ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលជួយការពារសុខភាពពីមេរោគ និងជំងឺផ្សេងៗ។
៤. ប្រឆាំងជំងឺមហារីក
សារធាតុ Capsaicin ត្រូវបានគេរកឃើញថាជាសារធាតុដែលជួយទប់ស្កាត់កោសិកាមហារីកមិនឱ្យលូតលាស់ប៉ះពាល់ដល់កោសិកាធម្មតាផ្សេងៗនោះទេ។
វិធីសាស្ត្រញ៉ាំអាហារហឹរប្រកបដោយសុខភាពល្អ
១. គ្រប់គ្រងបរិមាណ
ការចាប់ផ្ដើមដំបូងដោយញ៉ាំហឹរតិចតួចជាគន្លឹះដើម្បីឲ្យរាងកាយស៊ាំ និងសម្របតាមរបបអាហារ ដែលមានរសជាតិហឹរ។ សូមកុំបរិភោគអាហារហឹរច្រើនពេកនៅពេលដែលអ្នកចេះញ៉ាំលើកដំបូង។
២. បរិភោគអាហារហឹរមកពីគ្រឿងផ្សំធម្មជាតិ
បើសិនជាអ្នកជ្រើសរើសបរិភោគអាហារប្រភេទហឹរសូមជ្រើសរើសប្រភេទអាហារហឹរដែលប្រើប្រាស់ម្ទេសធម្មជាតិ ជំនួសឱ្យម្ហូបដែលផ្សំគ្រឿងមកពីផលិតផលប្រើសារធាតុគីមី។
៣. បរិភោគអាហារហឹរ ជាមួយប្រភេទអាហារដែលមានសារធាតុប្រូតេអ៊ីន
ចូរបរិភោគអាហារហឹរជាមួយប្រភេទអាហារផ្សេងៗដូចជាបន្លែ និងប្រភេទអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ដើម្បីធានាថា អាហាររបស់អ្នកមានតុល្យភាព។
៤. កុំបរិភោគអាហារហឹរនៅពេលពោះទទេ
សូមជៀសវាងឱ្យបាននូវការញាំអាហារហឹរ ពេលដែលអ្នកមិនទាន់ទទួលទានអ្វីសោះព្រោះវាអាចបណ្តាលឲ្យអ្នកមានជំងឺក្រពះ ឬអាចឈានដល់ការរលាកក្រពះបាន ។
ចូរចងចាំថា ការទទួលទានអាហារហឹរ អាចផ្ដល់ប្រយោជន៍ដល់សុខភាពលុះត្រាណាតែអ្នកបរិភោគប្រភេទគ្រឿងហឹរធម្មជាតិ ក្នុងបរិមាណគ្រឿងផ្សំដ៏ត្រឹមត្រូវដើម្បីឱ្យការទទួលទានមានសុវត្ថិភាព និងទទួលបានគុណប្រយោជន៍ដល់រាងកាយ៕
តាខ្មៅ: គ្រាន់តែឃើញធុងសំរាមច្នៃពីសម្បកកង់ឡានចាស់ៗ លោក ឡាយគឹមសុងដែលមានទេពកោសល្យខាងកែច្នៃស្រាប់ បានចាប់យកគំនិតនេះមកធ្វើអាជីវកម្មតាមរយៈសិប្បកម្មកូនខ្មែរ។ លោកអាចផលិតបានវត្ថុស្អាតៗជាច្រើនពីសម្បកកង់ឡានដែលគេបោះបង់ចោលដោយចំណាយដើមទុនទាប ហើយថែមទាំងជួយដល់បរិស្ថានទៀតផង។
សិប្បកររូបនេះបានរៀបរាប់ឱ្យSR News ដឹងថា៖ «បានជាខ្ញុំជ្រើសរើសយកមុខរបរច្នៃកង់ឡានធ្វើជា ធុងសំរាម ថូ ទោង តុ កៅអី និងរបស់ច្រើនទៀត ដោយពេលនោះខ្ញុំបានទៅលេងនៅប្រទេសថៃហើយខ្ញុំ ក៏សង្កេតឃើញធុងសំរាមដែលធ្វើមកពីសម្បកកង់ឡានដែលគេដាក់នៅតាមសួនច្បារ មណ្ឌលកម្សាន្តនានា»។
លោក គឹមសុង បានបន្តទៀតថា៖«ពេលឃើញដូច្នេះហើយខ្ញុំក៏មានចំណាប់អារម្មណ៍ជាខ្លាំង ក្នុងការកែច្នៃកង់ឡានធ្វើជារបស់ប្រើប្រាស់នេះ។ដូច្នេះពេលខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំក៏បានយកសម្បកកង់ឡាន មកសាកល្បងធ្វើ»។
ដំណាក់កាលដំបូងនេះលោកមិនបានទៅរៀនពីរបៀបផលិតធុងសំរាមនេះទេ ដោយលោកប្រើតែឧបករណ៍ដែលមានស្រាប់មកកែច្នៃប៉ុណ្ណោះ។
សិប្បករប្រែក្លាយសំរាមជាវត្ថុប្រើប្រាស់រូបនេះបានបន្តទៀតថា៖«ប៉ុន្តែមួយរយៈក្រោយមកក៏មាន មិត្តភក្តិខ្ញុំម្នាក់ដែលគាត់ជាជាងឡានមកឃើញខ្ញុំចៀរសម្បកកង់ឡានដោយកាំបិតគាត់ក៏ជួយខ្ញុំក្នុងការរៀបចំធ្វើជាដង្គុំដើម្បីងាយស្រួលក្នុងការចៀរបកនិងបូតសម្បកកង់ឡាន»។
បុរសវ័យ៦០ឆ្នាំរូបនេះបានបញ្ជាក់ថាមុខរបរមួយនេះបានចាប់ផ្ដើមនៅឆ្នាំ១៩៩៩-២០០០ នៅក្នុង ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក គឹមសុង រំឭកប្រាប់ថា៖ «ពេលនោះក៏មានអង្គការសេអា បានមកកុម្ម៉ង់ធុងសំរាមច្នៃពីសម្បកកង់ឡាននេះយកទៅប្រើប្រាស់ចាប់តាំងពីពេលនោះមកក៏ចេះតែមានភ្ងៀវមកជាហូរហែ»។
សូម្បីតែអង្គការទស្សនៈពិភពលោកក៏បានបញ្ជាទិញធុងសំរាមពីលោកដើម្បីចែកចាយទៅប្រើប្រាស់ តាមបណ្តាសាខានៅតាមតំបន់និងខេត្តរហូតមកដល់សព្វថ្ងៃនេះផងដែរ។
បច្ចុប្បន្ននៅក្នុងសិប្បកម្មកូនខ្មែររបស់លោកមានកូនជាង៦នាក់ ដែលអាចផលិតធុងសំរាមបានជាង ១០ធុងនៅក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។
ទន្ទឹមនឹងជោគជ័យមួយនេះលោកគឹមសុង ក៏បានប្រាប់ពីដំណាក់កាលក្នុងការធ្វើធុងសំរាមនេះផងដែរគឺ ទី១ត្រូវដើរទិញកង់ឡានពីគេទី២ ត្រូវយកកង់ឡានទាំងនោះយកមក ចៀរ វះមុខ បក ហើយទើបយកវាមកដំឡើងរហូតចេញជាផលិតផលសម្រេចដូចសព្វថ្ងៃនេះ។
ចំពោះសម្បកកង់រថយន្តដែលយកមកធ្វើធុងសំរាមគឺសម្បូរណាស់ដោយពេលខ្លះគឺមានឈ្មួញគាត់យកមកលក់ឲ្យតាមរយៈការដើរប្រមូលទិញពីខេត្តបន្ទាយមានជ័យឧត្តរមានជ័យ មណ្ឌលគិរី និងរតនគិរី។
លោក គឹមសុង ក៏បានបន្តទៀតថាប្រភេទកង់ឡានទាំងនោះចែកចេញជាពីរប្រភេទ ប្រភេទទី១សម្បកកង់ដែលមានសរសៃអំបោះ ដែលអាចយកមកវះធ្វើជាធុងសំរាម។ ប្រភេទទី២ សម្បកកង់ដែលមិនមានសរសៃអំបោះលោកមិនយកមកធ្វើធុងសំរាមទេ ដោយគេច្រើនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងដើម្បីចម្រាញ់ជាប្រេងខ្មៅឬលក់ទៅប្រទេសជិតខាង។
ធុងសំរាមដែលលោកផលិតលក់ចែកចាយទូទាំង២៥ខេត្តក្រុងនោះចែកចេញជាពីរខ្នាតគឺខ្នាតធំដែលមានទំហំមុខកាត់ខាងលើ៦តឹកកម្ពស់៧តឹកកន្លះមានតម្លៃលក់ ២៨ដុល្លារនិងខ្នាតតូចទំហំមុខកាត់ខាងលើ៤តឹកមានតម្លៃ២៣ដុល្លារ។
សព្វថ្ងៃនេះម៉ូយពិសេសប្រចាំរបស់លោកភាគច្រើនគឺនៅតាមមន្ទីរបរិស្ថានខេត្តដោយពួកគាត់តែងតែ កុម្ម៉ង់ធុងសំរាមរបស់លោកក្នុងបរិមាណច្រើនជារៀងរាល់ឆ្នាំដើម្បីយកទៅដាក់តាមទីសាធារណៈ។
លោកបានឱ្យដឹងទៀតថា៖ «នៅតាមបុរីក៏ពួកគាត់បញ្ជាទិញធុងសំរាមជាច្រើនដើម្បីដាក់ប្រើប្រាស់នៅក្នុងបុរីរបស់ពួកគាត់ផងដែរ»។
ក្រៅពីម៉ូយប្រចាំលោកក៏មានអាជីវករទទួលយកទៅលក់បន្ត ដោយពេលខ្លះតម្រូវការខ្ពស់លោកផលិតសឹងមិនទាន់ទៀតផង។នៅក្នុងមួយខែៗលោកអាចលក់បានពីចន្លោះ១០០ទៅ២០០ធុងឯណោះ។
ទៅថ្ងៃអនាគតលោកនឹងខិតខំប្រឹងប្រែងធ្វើធុងសំរាមនេះឲ្យកាន់តែរឹងមាំ និងមានសោភ័ភភាពស្រស់ ស្អាត ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យបន្តទិញយកទៅប្រើប្រាស់។
ព័ត៌មានបន្ថែមពីធុងសំរាមអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក សិប្បកម្មកូនខ្មែរឬទំនាក់ទំនងទូរសព្ទលេខ ០១៥ ៩២៩ ២៣៩/ ០៧៨ ៦១០ ៨១០/ ០៩៧ ៣៧៧ ៤៤៩៦៕
ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងរឿងក្តីជាមួយបុគ្គលិកឈ្មោះ Amar Bhakta ដែលអះអាងថា ក្រុមហ៊ុនបានរំលោភសិទ្ធិឯកជន និងបំពានសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលិក។
Bhakta អះអាងថា ក្រុមហ៊ុន Appleលើកទឹកចិត្តឱ្យបុគ្គលិកប្រើឧបករណ៍ផ្ទាល់ខ្លួនសម្រាប់ការងារដែលត្រូវបានគ្រប់គ្រងដោយកម្មវិធីផ្ទៃក្នុងរបស់ Apple ធ្វើឱ្យក្រុមហ៊ុនអាចចូលប្រើទិន្នន័យផ្ទាល់ខ្លួនដូចជាអ៊ីមែល រូបថត និងព័ត៌មានទីតាំង ទោះបីនៅក្រៅម៉ោងធ្វើការក៏ដោយ។
លោកក៏អះអាងថា Apple អនុវត្តគោលនយោបាយអនុញ្ញាតឱ្យមានការត្រួតពិនិត្យបុគ្គលិក ដែលធ្វើការពីផ្ទះនិងការដាក់កម្រិតលើការពិភាក្សាអំពីប្រាក់ខែ និងលក្ខខណ្ឌការងារ។
យ៉ាងណាមិញ Apple បានបដិសេធការអះអាងទាំងនេះ ដោយថ្លែងថា ជារៀងរាល់ឆ្នាំបុគ្គលិកត្រូវបានបណ្តុះបណ្តាលអំពីសិទ្ធិរបស់ពួកគេក្នុងការពិភាក្សាអំពីបញ្ហាការងារហើយបានចាត់ទុកការអះអាងទាំងនេះថា គ្មានមូលដ្ឋាន។
គួរបញ្ជាក់ថារឿងក្តីនេះជាផ្នែកមួយនៃរឿងក្តីផ្សេងទៀតដែលApple ប្រឈមនឹងបណ្ដឹងស្តីពីសិទ្ធិឯកជន និងសិទ្ធិរបស់បុគ្គលិក។ ឧទាហរណ៍កាលពីខែមករា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិទំនាក់ទំនងការងារ បានចោទប្រកាន់ Appleថា បានត្រួតត្រាបុគ្គលិកដោយខុសច្បាប់ និងដាក់សម្ពាធបុគ្គលិកឱ្យរៀបចំទៅតាមអ្វីដែលក្រុមហ៊ុនចង់បាននៅលើបណ្តាញសង្គម។
បន្ថែមពីនេះនៅខែកញ្ញា ឆ្នាំ ២០២៤ តុលាការសហព័ន្ធបានអនុញ្ញាតឱ្យបណ្តឹងមួយចំនួនបន្តទៅមុខ ក្នុងរឿងក្តីស្តីពីសិទ្ធិឯកជនភាពដែលអះអាងថា Appleបានប្រមូលទិន្នន័យអ្នកប្រើប្រាស់ ទោះបីមានការកំណត់ ដើម្បីទប់ស្កាត់ការប្រមូលទិន្នន័យនោះក៏ដោយ។
ករណីទាំងនេះបង្ហាញពីការព្រួយបារម្ភជាបន្តបន្ទាប់អំពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដោះស្រាយសិទ្ធិឯកជននិងការប្រមូលទិន្នន័យរបស់បុគ្គលិក ដោយចោទជាបញ្ហាអំពីតុល្យភាពរវាងគោលនយោបាយរបស់ក្រុមហ៊ុននិងសិទ្ធិផ្ទាល់ខ្លួន៕
ប្រភព៖ The Verge, Reuters
ល្បែងទាញព្រ័ត្រ គឺជាល្បែងប្រជាប្រិយភាពមួយដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងអំឡុងខែចេត្រ និងខែពិសាខ ដើម្បីបង្ហាញពីសាមគ្គីភាព ជា ធ្លុងមួយក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។
ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរហើយយើងអាចឃើញភស្តុតាងមានតម្លៃ ជាប្រវត្តិសាស្ត្រតាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ ក្នុងព្រហ្មញ្ញសាសនា ដែលខ្មែរទទួលឥទ្ធិពលពីឥណ្ឌា។
ក្នុងឈុតឆាកកូរសមុទ្រទឹកដោះបង្ហាញទៀតថានៅពេលក្រុមទេព្ដានិងពួកយក្សបានកូរទាញព្រ័ត្រនោះអស់ជាច្រើនឆ្នាំកន្លងទៅធ្វើឱ្យភ្នំមន្ទរផ្អៀងស្រុតចុះក្រោមពេលនោះព្រះនារាយណ៍ក៏បានបែងភាគជាសត្វអណ្ដើកជួយទល់ទ្រភ្នំមន្ទរឱ្យដំណើរការស្វែងរកទឹកអម្រឹតបន្តទៅទៀត។
លុះកូរយូរទៅៗថូទឹកអម្រឹតក៏ផុសឡើងហើយព្រះនារាយណ៍គឺជាអ្នកសម្របសម្រួលបែងចែកទឹកអម្រឹតទៅដល់គ្រប់អ្នកចូលរួមកូរសមុទ្រទឹកដោះ។ប៉ុន្តែព្រះនារាយណ៍បានបន្លំបែងភាគកាឡាខ្លួនធីតារូបស្អាតជាស្រីរបាំទៅរាំបន្លំភ្នែកពួកយក្សដើម្បីឱ្យពួកយក្សភ្លេចខ្លួន និងបោះបង់ថូទឹកអម្រឹត។ពួកយក្សលង់នឹងការបន្លំរបស់ព្រះនារាយណ៍បានបរាជ័យគឺមិនបានក្រេបទឹកអម្រឹតឡើយ។
«ល្បែងទាញព្រ័ត្រ» បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងទីក្រុងវិនឌុក ប្រទេសណាមីប៊ីដោយគណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ ហើយមិនមែនមានតែកម្ពុជាតែឯងទេគឺមានប្រទេស៣ទៀត រួមមានកូរ៉េ វៀតណាម ភីលីពីន ដែលបានចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះដោយសារប្រទេសទាំងនេះមានល្បែងនេះដូចគ្នា ដែលហៅថាសិទ្ធរួម៕
អ្នកស្រាវជ្រាវបានបង្កើតប្រព័ន្ធផ្ទុកទិន្ន័យថ្មីប្រើពេជ្រនិងបច្ចេកវិទ្យាឡាស៊ែរ ដោយមានសមត្ថរក្សាទិន្នន័យដ៏អស្ចារ្យ។វិធីសាស្រ្តថ្មីនេះអាចរក្សាទុកទិន្ន័យបានរាប់លានឆ្នាំដែលជាការរីកចម្រើនដ៏សំខាន់ក្នុងបច្ចេកវិទ្យាផ្ទុកទិន្ន័យ។
លក្ខណៈសំខាន់ៗនៃប្រព័ន្ធផ្ទុកទិន្ន័យដោយប្រើពេជ្រ៖
អត្ថប្រយោជន៍លើសពីប្រព័ន្ធផ្ទុកទិន្ន័យប្រពៃណី៖
ការសម្លឹងទៅអនាគត៖
បច្ចុប្បន្ន បច្ចេកវិទ្យានេះអាស្រ័យលើការប្រើប្រាស់ពេជ្រដែលមានទំហំតូចនិងឧបករណ៍ពិសេស ដែលធ្វើឱ្យវាមានតម្លៃថ្លៃ និងមិនទាន់ត្រូវបានប្រើប្រាស់ជាសាធារណៈទូលំទូលាយនៅឡើយ។ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវរំពឹងថា ជាមួយការអភិវឌ្ឍន៍បន្ថែមប្រព័ន្ធនេះអាចត្រូវបានបង្រួមទំហំ និងអាចប្រើប្រាស់បានយ៉ាងងាយស្រួលដូចជាឧបករណ៍ដែលមានទំហំត្រឹមម៉ាយក្រូវេ។ការរីកចម្រើននេះអាចនឹងបង្កើនការផ្លាស់ប្តូរនៅក្នុងការផ្ទុកទិន្ន័យសម្រាប់អង្គភាពដែលត្រូវការការរក្សាទុកទិន្ន័យរយៈពេលវែង៕
ភ្នំពេញៈ សិល្បករចាប៉ីដងវែងមកពីបណ្តារាជធានី-ខេត្ត នឹងប្រមូលផ្តុំគ្នាសម្តែងសិល្បៈចាប៉ីដងវែង ក្នុងកម្មវិធី «តន្ត្រីចាប៉ីភូមិខ្ញុំ»ក្រោមប្រធានបទ «រំឭកបុព្វការី ចាប៉ីដងវែង» ដើម្បីអបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែងរបស់កម្ពុជាចុះជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ លោក ពេជសារ៉ាត បានប្រាប់សារព័ត៌មាន SR News ថា កម្មវិធី «តន្ត្រីចាប៉ីភូមិខ្ញុំ»ឆ្នាំ២០២៤ នេះ កើតចេញពីការបោះឆ្នោតរបស់សិល្បករចាប៉ីដងវែង ចំនួន១០២នាក់ ដើម្បីអបអរខួបលើកទី៨ ដែលចាប៉ីដងវែងរបស់កម្ពុជា បានចូលជាសម្បតិ្តបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្គូ។
លោក ពេជ សារ៉ាត បន្តថា ក្នុងកម្មវិធីនេះនឹងមានការសម្តែងពិសេសដូចជា សិល្បៈចាប៉ីដងវែងចំនួន ៨ ដើម ដែលមានន័យថា ខួប៨ឆ្នាំរបស់ចាប៉ីដងវែងនិងការសម្តែងសិល្បៈចាប៉ីដងវែងចំនួន ២៤ដើម ដែលមានន័យថា អត្តសញ្ញាណឆ្នាំ ២០២៤។
ទាក់ទងនឹងការសម្តែងចាប៉ី៨ដើម និង២៤ដើម លោកសារ៉ាតពន្យល់ដូច្នេះថា៖ «យើងនឹងលេងចាប៉ី៨ ដើមជាមួយនឹងឧបករណ៍ទ្រ ស្គរ ឈឹងជាដើម យើងលេងជាលក្ខណៈប្រគុំនិងមានអ្នកច្រៀងផងដែរ ព្រោះចាប៉ីចូលរួមលេងជាមួយនឹងវង់ភ្លេងមហោរី ហើយមុននឹងចូលមហោរីយើងរំលេចចាប៉ីដងវែង ជាលក្ខណៈជាក្រុម នេះគឺជាភាពអស្ចារ្យ វាមានអភិរក្សផង អភិវឌ្ឍន៍ និងច្នៃប្រឌិតផង»។
«ចាប៉ី២៤ដើម យើងសម្តែងដោយសិល្បករ២៤នាក់ មកពីខេត្តក្រុងមួយចំនួន យើងមានប្រគុំលក្ខណៈ ហៅថាដំណើរបទ យើងមានបញ្ជូលស្គរ យីកេ ស្គរដៃនៅក្នុងវង់ភ្លេង អារក្សចូលផងដែរ»។ នេះបើតាមលោក ពេជ សារ៉ាត
ព្រឹត្តការណ៍ចាប៉ីដងវែង ប្រចាំឆ្នាំ ២០២៤នេះនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ចកា ឆ្នាំ២០២៤ នៅ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល វេលាម៉ោង៩ព្រឹក ដែលនឹងមានការចូលរួមពីសិល្បករចាប៉ីដងវែង ជាច្រើនរូបនិងសិល្បករល្បីៗដូចជា លោក ដួង សុខគា អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី អូនផ្អែម(ចាប៉ីផ្អែម)។
ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានឱ្យដឹងថានៅក្នុងព្រឹត្តិការណ៍ «តន្ត្រីចាប៉ីភូមិខ្ញុំ» នឹងមានកម្មវិធី ជាច្រើនដូចជា ការសំពះគ្រូចាប៉ីដងវែងការបង្រៀនចាប៉ីដងវែង ការប្រកួតប្រជែងសម្តែងចាប៉ី ជាលក្ខណៈជាក្រុមដែលមានគ្រូបង្គោលមកពីបណ្តាខេត្ត មានការសម្តែងឆៃយ៉ាំស្រុកស្រែ និងការសម្តែង យុទ្ធគុនខមដែរផងដែរ។
លោកបន្តថា ចាប់ពីម៉ោង៤រសៀលតទៅ នឹងមានការច្រៀងលេងរាំកម្សាន្ត នៅខាងមុខផ្សារទំនើបជីបម៉ុង ដែលមានតាំងរូបចាប៉ីយក្ស ដើម្បីអបអរសាទរ ចាប៉ីដងវែងដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ រយៈពេល៨ឆ្នាំកន្លងមក ដែលនេះជាការសបញ្ជាក់ពីការផ្តល់សេចក្តីស្រឡាញ់ដល់ចាប៉ីដងវែងហើយបងប្អូនប្រជាពលរដ្ឋ អាចចូលរួមកម្សាន្តបានតាមសប្បាយ។
សិល្បករចាប៉ីរូបនេះ រៀបរាប់ពីអារម្មណ៍ថា៖ «សម្រាប់ឆ្នាំនេះខ្ញុំមានអារម្មណ៍ថារំភើប និងសប្បាយចិត្ត មែនទែន ដោយសារតែការជ្រោមជ្រែងរបស់ពុកម៉ែបងប្អូន ជាពិសេសឃើញថា យុវជនងាកមករួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាស្រឡាញ់សិល្បៈវប្បធម៌ខ្មែរកេរដំណែលពីដូនតា ទោះបីយ៉ាងណា យើងជួបគ្នាម្តង យើងផ្តោះផ្តង យើងប្រឹងប្រែង ឱ្យចាប៉ីរស់រវើកនៅក្នុងពេលអនាគតហើយនេះក៏ជារូបភាពមួយក្នុងការបន្តវេនផងដែរ៕
សៀមរាប៖ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ជាតំបន់ព្រៃឈើជម្រកសត្វធម្មជាតិដ៏ធំប្រភពទឹកដ៏សំខាន់ស្រោចស្រពខេត្តសៀមរាបទាំងមូល និងជាអតីតរាជធានីខ្មែរ ដែលបន្សល់ទុកនូវបុរាណស្ថានជាច្រើន។
ក្នុងនោះដែរសហគមន៍ព្រៃធំពពេលភ្នំគូលែនជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង ៥ នៅលើខ្នងភ្នំគូលែន ជាមួយសក្ដានុផលវិស័យទេសចរធម្មជាតិដូចជាទឹកធ្លាក់ ពើងធម្មជាតិ និងព្រៃព្រឹក្សាលតាវ័ល្លច្រើនគ្របដណ្ដប់ផ្ទៃដីចំនួន ៧៩៨ហិកតា។
លោក ព្រិន ឆាត់ ប្រធានសហគមន៍ព្រៃធំពពេល បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា៖«សហគមន៍ព្រៃធំពពេល ជាកន្លែងដែលមានសក្ដានុផលទេសចរណ៍ច្រើនមានទាំងសត្វព្រៃ ព្រៃឈើ ទឹកធ្លាក់ និងជាកន្លែងអភិរក្សរួមទាំងបង្កើនចំណេះដឹង និងប្រាក់ចំណូលដល់ប្រជាសហគមន៍»។
ការផ្ដួចផ្ដើមចងក្រងជាសហគមន៍
ដើមឡើយការរុករាន កាប់ឆ្ការព្រៃធ្វើចម្ការនិងបរបាញ់សត្វជាមុខរបរប្រចាំថ្ងៃរបស់អ្នកនៅទីនោះ។ កត្តាជីវភាព និងកង្វះចំណេះដឹងក្នុងការអភិរក្សអនុផលព្រៃឈើធម្មជាតិនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន បាននាំឱ្យប្រជាជនមួយចំនួនតូច រួមគ្នាជាមួយមន្ត្រីមូលដ្ឋានស្នើសុំការសហការណ៍ពីក្រសួងពាក់ព័ន្ធដើម្បីបង្កើតជាសហគមន៍ព្រៃធំពពេលនេះឡើង។
លោក ឆាត់ បានរៀបរាប់ពីប្រវត្តិខ្លះក្នុងបង្កើតសហគមន៍ព្រៃធំពពេលភ្នំគូលែនយ៉ាងដូច្នេះថា៖«ប្រជាជននៅទីនេះភាគច្រើនមិនសូវមានចំណេះដឹងអ្នកខ្វះខាតក៏ច្រើន អ៊ីចឹងយើងបង្កើតសហគមន៍ទៅ ដើម្បីមានភ្ញៀវមកលេង»។
ប្រធានសហគមន៍ ព្រៃធំពពេល បានឱ្យដឹងថាពីដំបូងប្រជាជនឯទៀតនៅតំបន់នេះមិនសូវពេញចិត្តនឹងគំនិតបង្កើតជាសហគមន៍ទេដោយពួកគាត់មិនទាន់យល់ដឹងពីអត្ថប្រយោជន៍នៃការថែរក្សានិងអភិរក្សព្រៃនៅភ្នំគូលែននៅឡើយ។ ម៉្យាងវិញទៀត ពួកគាត់បារម្ភពីការបាត់ចំណូលប្រចាំថ្ងៃពីការកាប់ព្រៃឈើនិងបរបាញ់។
លោកប្រធានសហគន៍ព្រៃធំពពេលបានប្រាប់បន្តថា៖ «ពួកយើងក៏រងការគំរាមកំហែងខាងគណកម្មាការខ្លះដែរពីសំណាក់ប្រជាជនដែលមិនសប្បាយចិត្តនៅពេលដែលបង្កើតសហគមន៍។ ក្រោយមានការចុះល្បាតក្នុងព្រៃធ្វើឱ្យពួកគាត់រកស៊ីបរបាញ់ កាប់ឈើលែងបាន អ៊ីចឹងគាត់ពោលពាក្យសម្ដីថាចាំមើលពេលដើរទៅណាម្នាក់ឯងធ្វើស៊ីវាម្ដងអីចឹងទៅ!តែពេលនេះពួកគាត់កែប្រែចិត្តមកចូលរួមសកម្មភាពជាមួយយើងអស់ហើយ»។
ក្រោយបង្កើតសហគមន៍ព្រៃធំពពេល នៅពេលដែលសមាជិកសហគមន៍ព្យាយាមចុះណែនាំនិងពន្យល់ប្រជាជនលើខ្នងភ្នំឱ្យបានយល់ដឹងកាន់តែច្បាស់អំពីចក្ខុវិស័យក៏ដូចជាគោលដៅរបស់សហគមន៍។ ពួកគាត់យល់ដឹងពីតម្លៃនៃបរិស្ថានធម្មជាតិ កែប្រែចិត្តចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់និងរួមគ្នាអភិរក្សព្រៃឈើដេលនៅសេសសល់នេះឡើងវិញ។
ប្រធានសហគមន៍បានបន្តទៀតថា៖ «ពេលមានភ្ញៀវមកអ៊ីចឹងពួកគាត់បានរត់ម៉ូតូឌុប មានអ្នកជូនភ្ញៀវ មានអ្នកធ្វើម្ហូប អ៊ីចឹងពួកគាត់មានមុខរបរមានប្រាក់ចំណូល គាត់ឈប់ធ្វើការរុករាន កាប់ឆ្ការព្រៃធ្វើចំការនិងបរបាញ់សត្វ ហើយងាក់មកអភិរក្សឡើងវិញ»។
បច្ចុប្បន្ន ក្រៅពីមានការសហការពីក្រសួងបរិស្ថានក្រោមគម្រោង និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា «CSLEP» និងក្រោមការជួយជ្រោមជ្រែងគាំទ្រពីអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) ដែលបានគាំពារទំនុកបម្រុងនិងបង្កើតមជ្ឍមណ្ឌលព័ត៌មានទេសចរណ៍ពពេល ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលសួរនាំ ស្វែងយល់អំពីសេវាកម្មជាក់លាក់របស់សហគមន៍។
ភាពទាក់ទាញនៃសហគមន៍ព្រៃធំពពេល
សហគមន៍ព្រៃធំពពេលមានសក្ដានុផលវិស័យទេសចរធម្មជាតិដូចជា ទឹកធ្លាក់ ពើងធម្មជាតិព្រៃព្រឹក្សាអ្នកតាវ័ល្លច្រើន តែមិនមានតំបន់ប្រាសាទបុរាណស្ថាននោះទេ។
លោកប្រធានសហគមន៍ព្រៃធំពពេលបានរៀបរាប់ឱ្យដឹងថា៖ «សហគមន៍ព្រៃធំពពេល មានលក្ខណៈខុសប្លែកពីសហគមន៍ព្រៃធំអន្លង់ធំបន្តិចដោយជាកន្លែងដែលសម្បូរទៅដោយធនធានធម្មជាតិ និងសត្វព្រៃជាពិសេសមានតំបន់ទឹកជ្រោះជាច្រើនកន្លែងទៀតដែលលាក់ខ្លួនធ្វើឱ្យភ្ញៀវអ្នកមិនទាន់បានឃើញនិងបានដឹង ហើយនៅមានកន្លែងស្អាតៗជាច្រើនទៀតដែលសហគមន៍ផ្សេងៗមិនមាន»។
តំបន់កម្សាន្តក្នុងសហគមន៍ព្រៃធំពពេលជាតំបន់ទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទេសភាពស្ងប់ស្ងាត់ដែលអាចឱ្យភ្ញៀវជាតិដើរលេងបោះតង់សម្រាកលម្ហែកាយ និងមានផាសុខភាព។រីឯភ្ញៀវអន្តរជាតិពេញនិយមក្នុងការដើរផ្សងព្រេង ពីជ្រលងមួយទៅច្រលងមួយឆ្លងកាត់អូរ ស្ទឹង ទឹកជ្រោះ ផ្ទាំងថ្មធំដែលមានរូបរាងចម្លែកៗ។
ប្រធានសហគមន៍វ័យ ៣៦ ឆ្នាំរូបនេះក៏បានរៀបរាប់តំបន់ស្អាតៗជាច្រើនទៀតថា៖ «កន្លែងដែលទាក់ទាញបន្ទាប់ពីទឹកជ្រោះភ្នំគូលែននៅមានទឹកធ្លាក់អន្លង់រុនភាពច្រើនយុវជនគាត់ចូលចិត្តដោយសារជាកន្លែងដែលស្អាតបើបានឃើញហើយគឺមិនចង់ទៅណាទៀតទេ ចង់នៅសម្រាកនៅហ្នឹងតែម្ដងហើយមានកន្លែងផ្សេងទៀតដែលស្អាតៗជាងនឹងទៅទៀតមាន ពើងងងឹត ពើងលោកតាទឹកធ្លាក់អន្លង់ក្រពើជាដើម»។
សហគមន៍ព្រៃធំពពេលមានសេវាកម្មជាច្រើនដើម្បីចាំទទួលផ្ដល់សេវាកម្មយ៉ាងល្អទៅដល់ភ្ញៀវទេសចរគ្រប់រូបរួមមានសេវាកម្មម៉ូតូឌុប អ្នកនាំផ្លូវ មគ្គុទេសចរ ម្ហូបអាហារ សេវាបោះតង់ផ្ទះស្នាក់ ដែលមានតម្លៃសមរម្យ។
ភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការដើរផ្សេងព្រេងមើលទេសភាពព្រៃព្រឹក្សា សត្វព្រៃ ជីវចម្រុះនានានិងសិក្សាពីប្រវត្តិសាស្ត្រក្នុងតំបន់ដោយមគ្គទេសជំនាញរបស់សហគមន៍ផ្ទាល់។
លោក ឆាត់ បានលើឡើងថា៖ «ភ្ញៀវជនជាតិមក២០នាក់ អីគឺគាត់ដើរផ្សេងព្រេងទាំងអស់មិនថាតូច ឬធំ មិនថាចាស់ឬក្មេងនោះទេ គេថាដើរអាចមើលទេសភាព និងសិក្សាបានច្រើនបានច្រើន។ពួកគេជួលសេវាម៉ូតូឌុបលុះត្រាតែអ៊ីវ៉ាន់គាត់ច្រើនបើមានតិចតួចក៏គេអត់ជួលដែរ។ ហើយគេយកសេវាកម្មម្ហូបអាហាររបស់សមាជិកសហគមន៍យើងផងដែរ»។
ភ្ញៀវអន្តរជាតិតែងតែលើកឡើងថាមូលហេតុមិនជួលសេវាម៉ូតូឌុបដោយសារតែមិនចង់ជិះហួសកន្លែងសំខាន់ៗទាំងមិនបានមើលសិក្សាស្រាវជ្រាវ។ ពួកគាត់ចង់រីករាយក្នុងការដើរផ្សងព្រេងជាមួយទេសភាពក្នុងព្រៃនិងស្រូបយកខ្យល់អាកាស។ នេះបើតាមការលើកឡើងរបស់លោក ព្រិន ឆាត់។
ក្រៅពីទស្សនាព្រៃព្រឹក្សាស្រូបយកខ្យល់ឱកាស គេងស្ដាប់សំឡេងសត្វព្រៃ និងទឹកជ្រោះ សហគមន៍ក៏មានរោងហត្ថកម្មលក្ខណៈគ្រួសារដែលផលិតដូចជា តម្បាញកន្ទេល កញ្ជើ ចង្អេរ ល្អី និងផលិតផលជាច្រើនទៀត។
លោក ព្រិន ឆាត់ បានណែនាំថាតំបន់សហគមន៍ព្រៃធំពពេលអាចមកលេងបានគ្រប់រដូវកាល ព្រោះវាមានទេសភាពខុសៗប្លែកគ្នាពិសេសនារដូវវស្សា និងរដូវផ្លែឈើព្រៃច្រើន ដែលភ្ញៀវទេសចរអាចជួបសត្វព្រៃសត្វស្លាប សត្វដើរដី និងសត្វកម្រ រួមទាំងផ្កាព្រៃ រុក្ខជាតិចម្រុះផ្សេងៗ ដែលលម្អផ្ទាំងថ្មរូបរាងចម្លែកធំៗជាច្រើន។
លោកក៏សូមការអំពាវនាវដល់ភ្ញៀវទេសចរមកទស្សនាសហគមន៍ព្រៃធំពពេលភ្នំគូលែន និងគាំទ្រសេវាកម្មរបស់សមាជិកសហគមន៍ឱ្យកាន់តែច្រើន ដើម្បីសម្រួលដល់ជីវភាពក៏ដូចជាសកម្មភាពអភិរក្សឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែនដែលជាតំបន់ព្រៃឈើ ប្រភពទឹក និងបុរាណស្ថានដ៏អស្ចារ្យនៅទឹកដីខេត្តសៀមរាប។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់គេហទំព័រ៖Popel Community BasedTourism Center- Phnom Kulen ឬតាមរយៈលេខទូរសព្ទ 017 756 447៕
ការរួមភេទតាមមាត់ គឺសំដៅលើឥរិយាបថដែលពាក់ព័ន្ធនឹងការប្រើមាត់ដើម្បីជំរុញប្រដាប់ភេទ ឬតំបន់ប្រដាប់ភេទរបស់ដៃគូរួមភេទ ឱ្យបង្កើនអារម្មណ៍ផ្លូវភេទ។ប្រភេទនៃការរួមភេទតាមមាត់ និងអណ្តាត មានដូចជាបឺត ជញ្ជក់ ឬលិឍ ប្រដាប់ភេទ (លិង្គទ្វារមាស) និងរន្ធគូទ។
ការសិក្សាបង្ហាញថាហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់ (ការផ្តល់ ឬទទួល)ជាមួយដៃគូដែលមានមេរោគ គឺទាបជាងហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមរន្ធគូទឬទ្វារមាស។ ការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់អាចមានកម្រិតទាបបំផុតប៉ុន្តែវាពិបាកក្នុងការ ដឹងពីហានិភ័យពិតប្រាកដណាស់។ប្រសិនបើអ្នកមានការរួមភេទតាមមាត់ អ្នកគួរតែការពារខ្លួនអ្នក។
ហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទប្រើមាត់គឺអាស្រ័យទៅលើរឿងមួយចំនួន និង របៀបនៃការរួមភេទដូចជា៖
បើអ្នកមានផ្ទុកមេរោគអេដស៍ផ្តល់ការរួមភេទតាមមាត់ដល់ដៃគូនោះវីរុសអេដស៍ អាចចេញពីមុខរបួសដែលនៅក្នុងបរិវេណមាត់របស់អ្នកចូលទៅតាមបំពង់បង្ហូរទឹកនោម, តាមទ្វារមាសឬតាមរន្ធគូថរបស់ដៃគូ។
តែបើដៃគូអ្នកមានផ្ទុកមេរោគអេដស៍ ទទួលការរួមភេទដោយមាត់របស់អ្នកវិញនោះវីរុសអាចចូលទៅក្នុងខ្លួនអ្នក នៅពេលដែលទឹកកាមឬទឹករំអិលទ្វារមាសចូលទៅក្នុងមាត់របស់អ្នក។
កត្តាមួយចំនួនអាចបង្កើនឱកាសក្នុងការឆ្លងមេរោគអេដស៍ឬជំងឺកាមរោគផ្សេងទៀតអំឡុងពេលរួមភេទ តាមមាត់ ប្រសិនបើប៉ះពាល់ជាមួយដៃគូដែលមានមេរោគ។កត្តាទាំងនោះមានដូចជា៖
· សុខភាពមាត់ធ្មេញមិនល្អដូចជាជំងឺពុកធ្មេញ ជំងឺអញ្ចាញធ្មេញ ឬឈាមអញ្ចាញធ្មេញ និងមហារីកមាត់ជាដើម។
· ដំបៅនៅក្នុងមាត់ ឬនៅលើប្រដាប់ភេទ។
អត្ថបទដកស្រង់ៈ អង្គការថែទាំសុខភាពកម្ពុជា(រ៉ាក់)
Nvidia បានបង្ហាញបញ្ញាសិប្បនិម្មិតថ្មីមួយដ៏អស្ចារ្យឈ្មោះថា Fugatto (Foundational Generative Audio Transformer Opus 1) ដែលប្រើប្រាស់បច្ចេកវិទ្យាAIដើម្បីបំប្លែងវិធីសាស្រ្តក្នុងការបង្កើត និងកែប្រែសំឡេង។
បញ្ញាសិប្បនិម្មិតសម័យថ្មីនេះអាចឱ្យអ្នកប្រើប្រាស់ គ្រាន់តែបញ្ចូលពាក្យបញ្ជាដ៏សាមញ្ញដើម្បីកែប្រែ ឬបំប្លែងសំឡេងនោះទៅអ្វីដែលអ្នកប្រើប្រាស់ចង់បាន ដូចជាការដកសំឡេងឧបករណ៍តន្ត្រីមួយចេញពីបទចម្រៀងកែសំឡេងនិយាយ ឬបង្កើតសំឡេងថ្មី ទៅតាមការស្រមើស្រមៃអ្នកប្រើប្រាស់។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ Fugatto អាចបង្កើតសំឡេងដែលមានភាពច្នៃប្រឌិត និងមិនធ្លាប់បានឮពីមុនមក។ ឧទាហរណ៍ដូចជាការធ្វើឲ្យឧបករណ៍ភ្លេងត្រែបញ្ចេញសំឡេងដូចជាសត្វឆ្កែព្រូស ឬធ្វើឲ្យសាក់សូហ្វូនបញ្ចេញសំឡេងដូចសត្វឆ្មាជាដើម។លក្ខណៈច្នៃប្រឌិតដ៏អស្ចារ្យនេះបង្ហាញថា Fugatto អាចមានសមត្ថភាពសំខាន់សម្រាប់ការផលិតតន្ត្រី ការតាក់តែងរចនាសំឡេងនិងឧស្សាហកម្មកម្សាន្តជាដើម។
Fugatto ត្រូវបានបង្កើតឡើងដោយក្រុមការងារពីជុំវិញពិភពលោកដែលជំនាញខាងបច្ចេកវិទ្យា។វាប្រើប៉ារ៉ាម៉ែត្រ 2.5 ពាន់លាននិងបានបណ្តុះបណ្តាលលើប្រព័ន្ធ Nvidia DGX ដ៏ខ្លាំងដែលមាន 32 H100 Tensor Core GPUs។ ការប្រើប្រាស់សេវាកម្មបច្ចេកទេសខ្ពស់នេះធានាថា Fugatto អាចដោះស្រាយការងារប្រើប្រាស់សំឡេងយ៉ាងសម្បូរបែបយ៉ាងមានប្រសិទ្ធភាព។
ទោះជាយ៉ាងណា Fugatto ក៏បានធ្វើឱ្យមានការព្រួយបារម្ភជាយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញ។ពួកគេព្រួយបារម្ភថា វាអាចប៉ះពាល់ដល់ការងារនៃអ្នកនិពន្ធតន្ត្រី និងវិស្វករសោន ប៉ុន្តែបញ្ហាដែលសំខាន់ជាងគេគឺកម្មសិទ្ធិបញ្ញានិងច្បាប់រក្សាសិទ្ធិ។
ដោយ Fugattoអាចប្រើសម្រាប់សរសេរតន្ត្រី ធ្វើការរចនាសំឡេង ឬស្ទាបស្ទង់រកលទ្ធភាពបង្កើតសំឡេងថ្មីៗដូច្នេះវាគឺជាបញ្ញាសិប្បនិម្មិតមួយ ដែលអាចធ្វើការបង្កើតសំឡេងបានសឹងតែមិនមានដែនកំណត់។
ប្រភព៖ www.techradar.com
ភ្នំពេញ : ក្រោយពីត្រូវបានប្រកាសក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ទម្រង់សិល្បៈល្ខោនខោល កាន់តែត្រូវបានផ្សព្វផ្សាយនិងលើកយកមកសម្ដែងជារឿយៗក្នុងព្រឹត្តិការណ៍តូចធំ ក៏ដូចជាការបើកវគ្គបង្រៀនបណ្ដុះបណ្ដាលអ្នកបន្តវេនជំនាន់ក្រោយផងដែរ។
ល្ខោនខោលជាទម្រង់ល្ខោនសិល្បៈមួយប្រភេទ ដែលនាថការីពាក់របាំងមុខពេលសម្ដែងរាំប្រកបដោយភាពប៉ិនប្រសប់ ក្នុងខ្សែរឿងទេវថាសាសនាហិណ្ឌូ។
តួអង្គទាំងអស់តម្រូវឱ្យពាក់របាំងមុខទៅតាមចរិតលក្ខណៈរបស់តួអង្គនីមួយៗ លើកលែងតែតួស្រីៗមួយចំនួនប៉ុណ្ណោះ ដែលមិនតម្រូវឱ្យពាក់របាំងមុខខ្មុកនោះទេតែតម្រូវឱ្យតួអង្គស្រីៗទាំងនោះត្រូវលាបម្សៅមុខស ក្បុស តំណាងឱ្យភាពជាតួអង្គក្នុងប្រភេទរឿងទេវកថារាមកេរ្តិ៍ ។
ល្ខោនខោល ដែលមានដើមកំណើតក្នុងអំឡុងសតវត្សទី១០ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស៩៦៨-១០០១)នេះបើយោងតាមសិលាចរឹកនៅតំបន់ស្ទឹងស្រែង ខេត្តសៀមរាប ។
ល្ខោនខោលវត្តស្វាយអណ្ដែតដែលតំណាងឱ្យល្ខោនខោលប្រទេសកម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៨។
ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានសម្ដែងដោយសហគមន៍មួយរស់នៅជុំវិញអារាម ដែលស្ថិតនៅចម្ងាយជាង១០គីឡូម៉ែត្រ នៅតាមទន្លេមេគង្គ ខាងកើតរាជធានីភ្នំពេញ។ល្ខោននេះសម្ដែងដោយពាក់មុខ (ខ្មុក) និងមានវង់ភ្លេងពិណពាទ្យអមជាមួយផង។គោលបំណងនៃការសម្ដែងល្ខោននេះគឺជាការបន់ថ្វាយដល់អ្នកតាដែលថែរក្សាការពារ នាំមកនូវសេចក្ដីសុខសម្បូរសប្បាយក្នុងសហគមន៍ ទឹកដី និងក៏ដើម្បីទទួលបានភោគផលល្អផងដែរ។
ក្រៅពីនេះសម្បត្តិបេតិកភណ្ឌអរូបីរបស់កម្ពុជាដទៃទៀតដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌយូណស្កូ រួមមានដូចជារបាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែងនិងក្បាច់គុនល្បុក្កតោ។
ក្រោយពីជាប់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិល្ខោនខោលត្រូវបានលើកតម្កើង និងផ្សព្វផ្សាយកាន់តែទូលំទូលាយដោយស្ថាប័នរដ្ឋនិងឯកជន។
កាលពីថ្មីៗនេះ ក្រសួងវប្បធម៌បានរៀបចំមហោស្រពល្ខោននិងពិធីប្រគល់ពានរង្វាន់ល្ខោនខោល នៅបរិវេណ វត្តភ្នំស្របនឹងព្រឹត្តិការណ៍ពិធីដង្ហែក្បួនប្រទីបពិធីអកអំបុក សំពះព្រះខែ ទស្សនីយភាពដាល់អំបុក និងរបាំ ប្រពៃណីជាដើម។
ចំពោះការចូលរួមផ្សព្វផ្សាយពីវិស័យឯកជនត្រូវបានធ្វើឡើងតាមរយៈការអញ្ជើញសិល្បករទៅសម្ដែងល្ខោនខោល នៅតាមពិធីសម្ពោធធំៗដូចជារថយន្តទំនើបជាដើម។
រីឯកម្មវិធីបុណ្យភូមិប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមភ្លើងគប់ ពុំដែលរំលងការសម្ដែងទស្សនីយភាពល្ខោនខោលឡើយ ដោយពង្រីកពីរាជធានីភ្នំពេញទៅសម្ដែងតាមបណ្ដាខេត្តនានា តាមរយៈកម្មវិធី បុណ្យភូមិមានជើង ផងដែរ។
ដើម្បីបណ្ដុះបណ្ដាលនាថការីល្ខោនខោលជំនាន់ក្រោយ ក្រុមសិល្បៈយុវជនល្ខោនខោលដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៦ ដោយនាដករល្ខោនខោល លោក ហង់ ភូមិរ៉ា ក៏បានប្រកាសពីការបង្ហាត់របាំដោយឥតគិតថ្លៃដើម្បីអភិរក្សទម្រង់សិល្បៈបុរាណខ្មែរ។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីមនុស្សជាតិបានធ្វើឱ្យទម្រង់ល្ខោននេះកាន់តែទទួលបានចំណាប់អារម្មណ៍ច្រើន និជាការរួមចំណែកធ្វើឲ្យសម្បត្តិវប្បធម៌អរូបីរបស់កម្ពុជាកាន់តែលេចធ្លោរថែមទៀតនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕
សៀមរាប៖ សិប្បករអង្គរ (Artisans Angkor)ដែលបានបណ្ដុះបណ្ដាលធនធានជាងចម្លាក់ និងតម្បាញរាប់ពាន់នាក់ រំពឹងថានឹងមានមនុស្សកាន់តែច្រើនមកមើលដំណើរការសិប្បកម្មរបស់ខ្លួនដោយផ្ទាល់ដើម្បីឱ្យដឹងកាន់តែច្បាស់អំពីតម្លៃនៃការខិតខំថែរក្សានិងអភិរក្សមរតដូនតាអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ។
ជាក្រុមហ៊ុនសង្គមដែលបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានិងមានកិច្ចសហប្រតិបត្តការជាមួយ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិប្បករអង្គរ មានគោលបំណងចម្បងផ្ដោតលើការថែរក្សាអភិរក្ស មរតដូតាឱ្យនៅគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ។
លោក ខូ ដារ៉ាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ របស់សិប្បករអង្គរបានប្រាប់សារព័ត៌មាន SR News ថា៖«Artisans Angkor បង្កើតឡើងនៅឆ្នាំ ១៩៩២មានកិច្ចសហការជាមួយក្រសួងអប់រំបានបើកទទួលបណ្ដុះបណ្ដាលប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំមានចំណេះដឹងបន្តិចបន្តួចមកស្វែងរកវគ្គបណ្ដុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី៦ទៅ៨ខែ»។
ក្រោមការឧបត្ថម្ភពីសហគមន៍អឺរ៉ុបរយៈពេល៣ឆ្នាំ សិប្បករអង្គរ បានបន្ថែមមុខជំនាញវគ្គបណ្ដុះបណ្តាលវិជ្ជាជីវៈចម្លាក់ដើម្បីបេសកកម្មជាថែរក្សា និងអភិរក្សមរតដូនតា ដោយមានសហប្រតិបត្តការពីអាជ្ញាធរអប្សារារាជរដ្ឋាភិបាល រួមទាំងប្រទេសបារាំង។ អ្នកជំនាញអភិរក្សអង្គរត្រូវបានបញ្ជូនមកបង្ហាត់បង្រៀនសិក្ខាកាមទាក់ទងនិងចម្លាក់ ដើម្បីបន្តបេសកកម្មជួសជុល និងថែទាំប្រាសាទបន្តទៅទៀត។
ប្រមាណជាង ៣០ឆ្នាំមកនេះ សិប្បករអង្គរបានបន្តបេសកម្មបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលជាទំពាំងស្នងឫស្សីរាប់ពាន់នាក់មកហើយក្នុងជំនាញចម្លាក់ ជួសជុលប្រាសាទ ថែទាំប្រាសាទ និងសិប្បកម្មតម្បាញដោយដៃនានាជាច្រើនទៀត។
លោក ដារ៉ា បានឱ្យដឹងទៀតថា៖ «តាំងពីបង្កើតពីឆ្នាំ១៩៩២ មក បើគិតពីការពេញរូបរាងរបស់សិប្បករអង្គរនៅឆ្នាំ ១៩៩៤ អ៊ីចឹងបើគិតពីនោះមក៣០ឆ្នាំហើយ បេសកកម្មរបស់យើងបានបន្សល់អ្នកបន្តវេនរាប់ពាន់នាក់មកហើយ»។
សិប្បករអង្គរ ក្រោមវិបត្តិកូវីដ
ទោះជាយ៉ាងណាក្ដី ឥទ្ធិពលជំងឺកូវីដបានធ្វើឱ្យសិប្បករអង្គរ បង្ខំចិត្តបិទទ្វាររយៈពេលប្រមាណ ៣ឆ្នាំចាប់ពីឆ្នាំ ២០២០ រហូតដល់ខែតុលាឆ្នាំ២០២៣។
ការបើកដំណើរការឡើងវិញនេះជាទ្រង់ទ្រាយតូចផ្ដើមពីសិប្បករត្រឹមតែ ៧៣នាក់ បើធៀបនឹងមុនពេលវិបត្តិកូវីដ ដែលមានសិប្បករជាង១ពាន់នាក់។
មកទល់នឹងសព្វថ្ងៃនេះ សិប្បករអង្គរបានទទួលសិប្បករចាស់ៗមកវិញចំនួន ៤២៨នាក់ នៅចំនួន ២ ទីតាំង គឺកសិដ្ឋានសូត្រនិងរោងជាងចម្លាក់។
បច្ចុប្បន្នមានសិប្បករជាង ៧០នាក់បានចូលរួមជួលជុល និងស្ដារឡើងវិញ នៅប្រាសាទមេបុណ្យខាងលិច។
សិប្បករអង្គរ មានរោងជាងសិប្បកម្មផលិតដោយដៃជាច្រើនរួមមាន៖ចម្លាក់ថ្ម ចម្លាក់ឈើ ខ្មុក-ម្រ័ក្សណ៍ ចម្លាក់ស្ពាន់។ សម្រាប់ផ្នែកកសិវប្បកម្មមាន៣ផ្នែកធំរួមមាន ការដាំដើមមន ការចិញ្ចឹមដង្កូវនាងនិងការប្រើប្រាស់សូត្រ (របៀបនៃកាធ្វើសូត្រទៅជាផលិតផលផ្សេងៗរបៀបនៃការចងគៀត ការតំឡើងកី) និងការត្បាញ់សូត្រផងដែរ។
យោងតាមបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈរូបនេះបានបន្តថា៖ «វត្ថុធាតុដើមនៃការផលិតនៅក្នុងរោងជាងរបស់យើងសុទ្ធសឹងតែផលិតផលក្នុងស្រុកទាំងអស់មានទាំងថ្ម និងឈើ។ រាល់ថ្ងៃយើងប្រើតែឈើកៅស៊ូ ដែលអាចកែច្នៃឡើងវិញនោះទេវាមិនធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាននោះទេ»។
ប្រភពថ្មក្នុងការយកទៅចម្លាក់ទៀតសោតយកពីខេត្តចំនួន ៣ រួមមានខេត្តពោធិ៍សាត់ខេត្តបន្ទាយមានជ័យ (មាន ២ ទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រុកនិងស្រុកព្រះនេត្រព្រះ) និងខេត្តព្រះវិហារ។វត្ថុធាតុដើមទាំងនេះសុទ្ធសឹងតែអនុលោមតាមច្បាប់របស់ក្រសួងរ៉ែនិងថាមពលត្រឹមត្រូវ។ នេះបើតាមការលើកឡើងរបស់លោក ដារ៉ា។
ស្វែងយល់រឿងរ៉ាវពីក្រោយតម្លៃវត្ថុសិប្បកម្ម
សិប្បករអង្គរមានទីតាំងសម្រាប់ដាក់លក់នូវផលិតផលសម្រេច ចំនួន២ធំៗ នៅសៀមរាប និងមានដៃគូសហប្រតិបត្តការជាមួយសណ្ឋាគារជាច្រើនដោយមានមួយទីតាំងនៅរាជធានីភ្នំពេញ ស្ថិតនៅទល់មុខ ប្រៃសណីយ៍កម្ពុជាផងដែរ។
បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈវ័យ៤០ឆ្នាំរូបនេះ បានប្រាប់បន្ថែមថា៖ «សិប្បករអង្គរយើងនេះជាកន្លែងដែលផ្ដល់បទពិសោធន៍ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិជាមួយយើងដោយភ្ញៀវអាចស្វែងយល់ពីមរតដូនតាដែលបន្សល់ទុករាប់ពាន់ឆ្នាំ ឱ្យគាត់បានឃើញដោយដៃការដាប់ ការឆ្លាក់ ទាំងអស់ហ្នឹង»។
លោកក៏សូមអំពាវនាវពិសេសប្រជាពលរដ្ឋខ្មែរចូលទៅទស្សនកិច្ចក៏ដូចជាមកសិក្សាផ្ទាល់នៅ សិប្បករអង្គរដើម្បីទទួលយកបទពិសោធន៍ល្អៗឱ្យបានច្រើននិងបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការខិតខំប្រឹងប្រែថែរក្សានិងអភិរក្សមរតដូនតាមួយនេះ ដោយមិនមានគិតកម្រៃអ្វីនោះទេ។
លោក ដារ៉ា បានលើកឡើងថា៖ «ក្នុងនាមជាប្រតិបត្តករធ្វើការនៅសិប្បករអង្គរ លោកយល់ថាប្រជាពលរដ្ឋមួយចំនួនមិនទាន់បានមកដល់ទីតាំងផ្ទាល់និងមិនទាន់យល់នូវតម្លៃ ឬការលើកម្ពស់ទៅដល់សិប្បករដែលជាអ្នកបន្តវេន។មានផលិតផលខ្លះមាននៅលើទីផ្សារដែលមានតម្លៃទាបក៏ប៉ុន្តែពួកគាត់មិនទាន់ដឹងថាឧបករណ៍ទាំងនោះធ្វើឡើងដោយរបៀបណា? តើមានរឿងរាវអ្វីនៅពីក្រោយការលក់ផលិតផលនេះទេ?»។
សិប្បករអង្គរ នេះផងដែរក៏មានមគ្គទេសចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបក្នុងការទទួលស្វាគមន៍ដោយមានការនាំទៅមើលផ្ទាល់ក្នុងរោងជាងហត្ថកម្មផងដែរ។
លោកបានបន្តថា៖«នៅទីតាំងនេះយើងមានមគ្គុទេសក៍ដែលអាចនិយាយភាសាបរទេសជាច្រើនដូចជា ភាសាជាតិយើង អង់គ្លេស អេស្បាញ ជប៉ុននិងចិន ក្នុងការបដិសណ្ឋារកិច្ចដល់ភ្ញៀវទាំងអស់ ដែលមកបំពេញទស្សនកិច្ចនៅសិប្បករអង្គរ ឬ ArtisansAngkor នេះផងដែរ»។
សិប្បករអង្គរក៏មានកញ្ចប់វគ្គសិក្សាខ្លីដែលផ្ដល់ឱកាសដល់អ្នកមកទស្សនកិច្ចបានទទួលបទពិសោធន៍ក្នុងការដាប់ឆ្លាក់ ប្រើប្រាស់ពន្លាក ជាមួយមគ្គុទេសក៍ជំនាញដោយផ្ទាល់ក្នុងតម្លៃ ៣ម៉ោង៧៥ដុល្លារ។ កញ្ចប់វគ្គសិក្សាអំពីសូត្រមានវគ្គក្នុងការច្រលក់ពណ៌១ម៉ោងកន្លះ តម្លៃ ២៥ដុល្លារ ផងដែរ។
នាថ្ងៃអនាគត សិប្បករអង្គរ រំពឹងអាចប្រមូលសិប្បករចាស់ៗដែលធ្លាប់ធ្វើការពីមុនក៏ដូចជាសិក្សាគៀងគរសិប្បករជំនាន់ថ្មី មករួមរួមគ្នាដើម្បីបន្តវេនមរតដូនតាឱ្យគង់វង្សយូរអង្វែង។
សិប្បករអង្គរ មានទីតាំងនៅភូមិស្ទឹងថ្មីសង្កាត់សៀមរាប ក្រុងសៀមរាប ឬទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក Artisans Angkor ឬតាមរយៈលេខទូរសព្ទ 063 963 330៕
OpenAI បានបង្កើតឧបករណ៍ AI ថ្មីមួយដែលមានឈ្មោះថា Sora កាលពីខែកុម្ភៈ។ វាជាបច្ចេកវិទ្យាដែលអាច បំប្លែងអត្ថបទជាវីដេអូដោយស្វ័យប្រវត្តិ។ក្រុមហ៊ុនបានបង្ហាញ Sora ក្នុងដំណាក់កាលសាកល្បង ដើម្បីទទួលមតិពីសិល្បក រនិងអ្នកច្នៃប្រឌិតជាសំណុំសេវាកម្ម API ថ្មីមួយ។ Sora មានសមត្ថភាពបំផុសស្នាដៃថ្មីៗ និងអាចជួយកាត់បន្ថយពេលវេលា រួមទាំងការចំណាយសម្រាប់អ្នកផលិតមាតិកា។
ទោះយ៉ាងណាក៏ដោយ សិល្បករមួយក្រុមបានលើកឡើងពីបញ្ហាដែលពួកគេជឿថា OpenAI បានប្រើប្រាស់ស្នាដៃសិល្បៈរបស់ពួកគេដើម្បីបណ្តុះបណ្តាលSora ដោយគ្មានការអនុញ្ញាត។
ពួកគេបានបង្ហោះលិខិតតវ៉ានៅលើវេបសាយ Hugging Face ដោយបង្ហាញការមិនពេញចិត្ត និងអះអាងថាការប្រើប្រាស់នេះអាចជាការបំពានលើសិទ្ធិអាជីវកម្ម។
ក្នុងលិខិតនេះផងដែរ ក្រុមសិល្បករបានស្នើឱ្យ OpenAI ផ្តល់ការតម្លើងតម្លៃចំពោះស្នាដៃ និងការចូលរួមរបស់ពួកគេក្នុងការអភិវឌ្ឍSora។
ឆ្លើយតបនឹងការតវ៉ានេះ OpenAI បានបិទការចូលប្រើសេវាកម្ម Sora សម្រាប់សិល្បករទាំងអស់នោះ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការចូលរួមក្នុងការសាកល្បងនេះគឺស្របតាមឆន្ទៈស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំឡើយ។
OpenAI ក៏បានបន្ថែមថា ពួកគេកំពុងតែព្យាយាមបណ្តុះសមត្ថភាពក្នុងការប្រើប្រាស់AI ដោយប្រកាន់ខ្ជាប់នៃច្បាប់និងសុវត្ថិភាព។
Sora ជាឧបករណ៍ដែលស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយពួកគេមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់ការច្នៃប្រឌិតក្នុងវិស័យសិល្បៈ។ សិល្បករជាច្រើនមានការព្រួយបារម្ភថាការបង្កើតឧបករណ៍ AI ដូចនេះអាចបណ្តាលឱ្យពួកគេបាត់បង់ការងារ និងបញ្ហាប្រាក់ចំណូលប្រចាំថ្ងៃ។
ទោះបីជាមានការព្រួយបារម្ភកើតឡើងក៏ដោយ ក៏ OpenAI បានបញ្ជាក់ថា ពួកគេមានបំណងអភិវឌ្ឍ Soraដោយស្របច្បាប់ និងមានការមានការចូលរួមពីសិល្បករក្នុងការប្រើប្រាស់AI ដើម្បីជួយកែលម្អឧបករណ៍មួយនេះ៕
ប្រភព៖ www.theverge.com
Google បានបញ្ចេញមុខងារថ្មីសម្រាប់ Spotify ក្នុងប្រព័ន្ធជំនួយការបញ្ញាសិប្បនិម្មិតរបស់ខ្លួនដែលមានឈ្មោះ Gemini។ មុខងារថ្មីនេះអាចធ្វើឱ្យ Spotify ចាក់បទចម្រៀងកម្មវិធី Podcast ស្វែងរកបញ្ជីចម្រៀង និងស្វែងរកបទចម្រៀងតាម ការបញ្ជារដោយសំឡេង។វាជាជំហានថ្មីមួយសម្រាប់ Google ក្នុងការអភិវឌ្ឍសេវាកម្មជំនួយការដែលមានបញ្ញាសិប្បនិម្មិត។
មុខងារនេះតម្រូវឱ្យអ្នកប្រើប្រាស់តភ្ជាប់គណនីSpotify របស់ខ្លួនទៅនឹង Gemini និងផ្តល់សិទ្ធិចាំបាច់ដើម្បីប្រើប្រាស់បាន។វាមិនត្រឹមតែធ្វើឱ្យការប្រើប្រាស់ Spotify កាន់តែងាយស្រួលទេប៉ុន្តែថែមទាំងអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលចូលចិត្តប្រើបច្ចេកវិទ្យាទំនើបដើម្បីប្រើសេវាកម្មតាមការបញ្ជារដោយសំឡេង។
យ៉ាងណាក៏ដោយមុខងារនេះនៅមានកម្រិតនៅឡើយ។ វាអាចប្រើតែជាភាសាអង់គ្លេសនិងបានតែនៅក្នុងកម្មវិធី Gemini ដែលដំណើរការលើ Androidនិងប្រព័ន្ធផ្សេងទៀតដែលមិនរួមបញ្ចូលក្នុងកម្មវិធី Gemini Messages,Gemini for Web ឬនៅលើឧបករណ៍iPhone។
មុខងារនេះបង្ហាញពីការបន្តការរីកចម្រើននៃបច្ចេកវិទ្យាជំនួយការដែលGoogle តែងតែព្យាយាមបង្កើនសមត្ថភាពជាអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។
សម្រាប់អ្នកដែលចូលចិត្តការប្រើប្រាស់Spotify ជាញឹកញាប់ នេះគឺជាផ្លូវមួយដែលអាចធ្វើឱ្យបទពិសោធន៍តន្ត្រីកាន់តែមានភាពរលូននិងងាយស្រួលក្នុងការគ្រប់គ្រងបញ្ជាដោយប្រើសំឡេង៕
ប្រភព៖ https://www.androidpolice.com/
គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់ និងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ។ពាក្យ «ល្បុក្កតោ» គឺជាបន្សំមកពីពាក្យ«ល្បុក្ក» និង «តោ» ដែលមានន័យថា សត្វតោមហាកម្លាំង ឬមហាថាមពល។
យោងតាមវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ថា ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទអបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ល្បុក្កតោគឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោមានតាំងពីសម័យបុរាណមក។
ដូច្នេះគុនល្បុក្កតោគឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពានដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិទប់ទល់នឹងសត្វសាហាវ។ល។
តាមរយៈភ័ស្តុតាងប្រវត្តិសាស្ត្រគុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទ ដំបូងគេបំផុត នៅក្នុងសតវត្សរ៍ទី៧នៃប្រាសាទសំបូរព្រៃគុក និងបន្តបន្ទាប់មក នៅក្នុងសម័យអង្គរអំឡុងសតវត្សរ៍ទី១១ ដោយចលនានៃក្បាច់គុនល្បុក្កតោ ជាច្រើនត្រូវបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ជាពិសេស នៅប្រាសាទអង្គវត្ត។
ល្បុក្កតោជាក្បាច់ដែលប្រមូលផ្តុំនូវក្បាច់និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់ ធម្មជាតិ និងកាយវិការរបស់សត្វដូចជា សត្វបក្សី សេះខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។
ល្បុក្កតោមានមេគុន១២ទ្វារ ដែលទ្វារទី១ដល់ទី៨ ហៅថា “រហ័នយុទ្ធ” ប្រើប្រាស់កាយសម្បទា ដូចជាគុនដៃនិងគុនជើង ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀត។
ល្បុក្កតោនៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា “អាខ័នយុទ្ធ” មានន័យថាច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូលដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា “អាត្ម័នយុទ្ធ” មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថាអ្នកចម្បាំងល្បុក្កតោអាចប្រើបានគ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និងជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ។
ហើយទ្វារទី៩ដល់ទី១០ ហៅថា “អាខ័នយុទ្ធ” ប្រើប្រាស់អាវុធគ្រោះថ្នាក់ដូចជា ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើមនិងទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា “អាត្ម័នយុទ្ធ” ប្រើបានគ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនដូចជា តម្បៀតបោកស្រូវដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក និងអាចប្រើក្រមាធ្វើជាអាវុធបានដែរ។
នៅក្នុងសម័យអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣គុនល្បុក្កតោបានទៅលាក់ខ្លួននៅតាមទីវត្តអារាម និងនៅតាមតំបន់ដាច់ស្រយាលដោយមិនមានស្ថាប័នទ្រទ្រង់ជាលក្ខណៈប្រព័ន្ធឲ្យបានត្រឹមត្រូវទេ។ ព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យនៅតាមស្រុកភូមិបានដើរតួនាទីជាអ្នកថែរក្សាក្បាច់គុននេះដោយបានផ្ទេរចំណេះដឹងក្បាច់គុនទៅអ្នកជំនាន់ក្រោយនៅក្នុងន័យអភិរក្សផងសម្រាប់ការពារខ្លួនទប់ទល់នឹងអំពើឆក់ប្លន់ផងនិងដើម្បីកសាងកម្លាំងប្រឆាំងនឹងការត្រួតត្រារបស់បារាំងផង។
យ៉ាងណាក៏ដោយនៅក្នុងសម័យប៉ុលពត «គុនល្បុក្កតោ» ស្ទើរតែបាត់បង់ ប៉ុន្តែ ក្រោយឆ្នាំ១៩៧៩ គ្រូគុន និងអ្នកហាត់គុន មួយចំនួន ដែលបានរស់រានមានជីវិតបានចាប់ផ្តើមប្រមូលផ្តុំគ្នា ចងក្រងជាក្រុមៗ ដើម្បីរួមគ្នាអភិរក្សនិងអភិវឌ្ឍគុនល្បុក្កតោ ឡើងវិញ។ នៅឆ្នាំ ២០០៤ កម្ពុជាបានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារក្នុងការប្រមូលគ្រូគុនល្បុក្កតោ និងរៀបចំចងក្រងឯកសារនិងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់របស់គុនល្បុក្កតោនៅតាមសហគមន៍ឡើងវិញ។
អង្គការយូនេស្កូ(UNESCO) សម្រេចចុះបញ្ជីក្បាច់គុន«ល្បុក្កតោ» កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត (Rabat) នៃប្រទេសម៉ារុក(Morocco)៕
ព្រៃវែង:ជាដំណាំមួយប្រភេទដែលដុះចេញពីភក់ ឈូកមិនត្រឹមតែមានផ្កាស្អាតនោះទេ។មើមរបស់វាគឺជាប្រភពអាហារដ៏មានឱជារស និងពេញនិយមទទួលទាននៅបណ្ដាប្រទេសដូចជាចិន កូរ៉េ និងជប៉ុន។
ប្រជាប្រិយភាពនៃការបរិភោគមើមឈូកគួបផ្សំនឹងគុណប្រយោជន៍សុខភាពជាច្រើនទៀតនោះបានធ្វើឱ្យអតីតពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនម្នាក់ចាប់ផ្ដើមដំណើរការកសិដ្ឋានមើមឈូក ខេ ធី ដោយនាំបច្ចេកទេសដាំឈូកយកមើមដំបូងបង្អស់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក ឡុង គន្ធា បានចាកចេញពីស្រុកកំណើតដើម្បីស្វែងរកចំណេះជំនាញតាមរយៈការដាក់ពាក្យធ្វើជាពលករទៅធ្វើការនៅប្រទេសជប៉ុនផ្នែកដំណាំឈូកយកមើមចាប់ពីឆ្នាំ២០១៥រហូតដល់ ២០២៣។
កំឡុងពេលធ្វើជាពលករនៅជប៉ុន លោកបានយកចិត្តទុកដាក់ផ្តោតលើការងារនេះយ៉ាងខ្លាំង ដោយលោកគិតថាចំណេះជំនាញនេះអាចយកមកបង្កើតជាមុខរបរចិញ្ចឹមជីវិតនៅកម្ពុជា។
លោកបានប្រាប់ SR News ថា៖ «នៅក្នុងឆ្នាំ២០២០ខ្ញុំបានត្រឡប់ប្រទេសកម្ពុជាវិញ ដើម្បីនាំបច្ចេកទេសនេះមកដាំដុះក្នុងស្រុកកំណើតដែលស្ថិតនៅក្នុងភូមិព្រៃចម្ការឃុំស្មោងខាងជើងស្រុកកំចាយមារខេត្តព្រៃវែងប៉ុន្តែខ្ញុំនៅតែឡើងចុះទៅជប៉ុននៅឡើយរហូតដល់២០២៣ទើបខ្ញុំឈប់ទៅប្រទេសជប៉ុន»។
លោកបានបន្ថែមទៀតថា៖ «ថ្វីត្បិតតែខ្ញុំមានចំណេះជំនាញខាងដាំឈូកយកមើមនេះក៏ពិតមែនតែរយៈពេលប្រាំបីឆ្នាំមកនេះខ្ញុំនៅតែបន្តការរៀននិងស្រាវជ្រាវបន្តទៀតដែរ»។
សព្វថ្ងៃនេះលោកមានផ្ទៃដីប្រហែល៣ទៅ៤ហិកតាដោយធ្វើការដាំបណ្ដាក់គ្នារហូតព្រោះដំណាំឈូកយកមើមនេះជារុក្ខជាតិមានអាយុខ្លី។ ដើមឈូកទាមទារការមើលថែជាប្រចាំថ្ងៃផងដែរទើបវាអាចផ្ដល់ទិន្នផលបានខ្ពស់។
លោកបានឱ្យដឹងទៀតថា៖ «ដំណាំឈូកនេះប្រើរយៈពេលតែបីខែប៉ុណ្ណោះអាចប្រមូលផលបានហើយ ហើយចំពោះដំណាំឈូកនេះ យើងប្រមូលផលបានតែម្ដងគត់គឺយើងត្រូវភ្ជួរវាដើម្បីដាំដុះឡើងវិញ»។
លោកអាចប្រមូលផលបានប្រមាណ១តោនកន្លះក្នុងមួយថ្ងៃ ប៉ុន្តែទិន្នផលមិនអាចបំពេញតម្រូវការលើទីផ្សារបាននៅឡើយទេដែលតម្រូវឲ្យរូបលោកត្រូវស្វែងរកផ្ទៃដីបន្ថែមទៀតដើម្បីអាចប្រមូលផល មើមឈូក២តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។
មិនមែនដើមឈូកទាំងអស់សុទ្ធតែអាចដាំដើម្បីប្រមូលផលមើមនោះទេ។វាអាស្រ័យទៅលើពូជ និងលក្ខខណ្ឌលូតលាស់ ដូចជាគុណភាពដី ជម្រៅទឹក សីតុណ្ហភាពពន្លឺព្រះអាទិត្យ និងកត្តាសត្វល្អិត ដែលអាចរំខានដល់ការលូតលាស់របស់ឫស។
ក្រៅពីបញ្ជាក់ថា ដំណាំឈូកយកមើមនេះ លោកត្រូវនាំពូជពីប្រទេសជប៉ុន លោកគន្ធាបានរៀបរាប់បន្ថែមទៀតថា៖«ដំណាំឈូកយកមើមនេះវាត្រូវការដីដែលមានជីវជាតិខ្លាំងដូចនេះយើងត្រូវរៀបចំផ្ទៃដី ដែលមានទីតាំងល្អសមស្របមានទឹកគ្រប់គ្រាន់ដែលអាចបញ្ចេញបញ្ចូលទឹកបាននិងដាក់ជីធម្មជាតិឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យឈូកបានមើមធំៗល្អ»។
ម្ចាស់កសិដ្ឋានមើមឈូក ខេ ធី លោក ឡុងគន្ធា បានបញ្ជាក់ថាចំពោះមើមឈូកស្រស់ លោកលក់បានក្នុងតម្លៃ១៤០០រៀលក្នុងមួយគីឡូក្រាមនៅតាមផ្សារទំនើបនិងបានចែកចាយទៅតាមបណ្ដាខេត្តក្រុងទាំងអស់ជាពិសេសនៅរាជធានីភ្នំពេញ។
ចាប់តាំងពីលោកចាប់ផ្ដើមដាំឈូកនេះមកដល់បច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រមើមឈូកមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។មើមឈូកនេះអាចយកទៅធ្វើមុខម្ហូបបានច្រើនដូចជាស្ងោរចៀនឆានិងបំពងជាដើម។ក្រៅពីលក់មើមឈូកស្រស់ៗលោកក៏បានកែច្នៃមើមឈូកទៅជាម្សៅឈូក សម្រាប់លក់ លើទីផ្សារផងដែរ។
យោងតាមការស្រាវជ្រាវនិងការពិសោធន៍ដោយវិទ្យាស្ថានសុខភាពអាមេរិក បានឲ្យដឹងថា មើមឈូក មានអត្ថប្រយោជន៍ដល់សុខភាពដូចជាសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន C វីតាមីន Bសារធាតុរ៉ែប៉ូតាស្យូម និងទង់ដែង។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងសុខភាពស្បែក។មើមឈូកមានផ្ទុកជាតិសរសៃខ្ពស់ដែលសម្រួលការរំលាយអាហារ និងបញ្ហាទល់លាមក។ការទទួលទានមើមឈូក ល្អសម្រាប់សុខភាពបេះដូង ដោយវាអាចជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយកម្រិត កូឡេស្តេរ៉ុល។
ទន្ទឹមនឹងនោះ មើមឈូកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកនិងការពារ ប្រឆាំងនឹងជំងឺជាច្រើនទៀតដែរ។
នៅថ្ងៃអនាគតលោកក៏មានគម្រោងពង្រីកវិសាលភាពនៃផ្ទៃដីដាំដុះនិងចងក្រងសហគមន៍ ដើម្បីផលិតមើមឈូកផ្គត់ផ្គង់លើទីផ្សារឲ្យទាន់ពេលវេលា។លើកពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លោកក៏មានបំណងស្វែងរកដៃគូវិនិយោគសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ។
ព័ត៌មានបន្ថែមពី ដំណាំឈូកយកមើមអាចស្វែងរកលើគេហទំព័រហ្វេសប៊ុកកសិដ្ឋានមើមឈូកខេ ធី ទំនាក់ទំនងទូរសព្ទលេខ ០៦៧ ២៧៧ ៧៦៧៕
កំពូលស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេនិងបច្ចេកវិទ្យាដ៏ទំនើប OPPOFind X8 Series បានចូលមកក្នុងទីផ្សារកម្ពុជាហើយ ដោយកំពូលស្មាតហ្វូននេះត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី25ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា បឋរកញ្ញា ពេជ្រវត្តី, ពិធីករ Summer, លោក សេង លន់ (Photographer) លោក សួង ម៉ារឌី (Photographer) លោក គីមបូរិន (Photographer) ព្រមទាំងបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើនស្ថាប័នដែលបានញុំាងឱ្យបរិយាកាសកាន់តែឱឡារិកទ្វេរឡើង។
ក្រោយបែកគ្នាអស់រយៈ 2 ឆ្នាំសម្រាប់ស្មាត ហ្វូនលំដាប់OPPO Find X8 Series ពិតជាមិនឱ្យគ្រប់គ្នាខកបំណងឡើយ ជាមួយ នឹងរូបរាងនិងលក្ខណៈសម្បត្តិពិសេសៗជាច្រើនដែលមិនធ្លាប់មាន។
កំពូលស្មាតហ្វូន OPPO Find X8 Series បំពាក់ជាមួយកាមេរ៉ា Hasselblad គុណភាពលំដាប់ពិភពលោក ដែលកាមេរ៉ាមេ និងកាមេរ៉ាពង្រីមុំ 50MP ហើយកាមេរ៉ាពិសេស periscope telephoto 50MP មាន សមត្ថភាពថតពង្រីករហូតដល់ 120x។
ចំពោះការឌីហ្សាញវិញគឺផ្តល់ជូនជម្រើស 2 ពណ៌ គឺពណ៌ Star Grey និង Space Black ដែលសុទ្ធតែជាពណ៌ទាន់សម័យ និងប្រណីត ជាទីពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។
OPPO Find X8 Series បំពាក់ប៊ូតុងAlert Slider ងាយស្រួលក្នុងការបិទបើកសំឡេង រោទិ៍យ៉ាងរហ័ស និងងាយស្រួល លើសពីនេះវាបំពាក់នូវបច្ចេកវិទ្យាការពារជម្រាបទឹក IP68 និង IP69 អាចការពារទឹកនិងធូលី និងអាចធន់ជាមួយទឹកក្តៅសីតុណ្ហភាព 80°Cឯណោះ។
OPPO Find X8 មានគែមចង្កាដ៏ខ្លីដែលមានទំហំត្រឹមតែ 1.45mmធ្វើឱ្យមើល ទៅពេញភ្នែកពេញអេក្រង់ស្ទើរតែគ្មានសល់គែម ប៊េស៊ែលទាល់ តែសោះ និងកម្រាស់លែនកាមេរ៉ាស្តើងត្រឹមតែ 3mm។
ចំណែកឯអេក្រង់វិញ OPPOFind X8បំពាក់ជាមួយអេក្រង់ពេញភ្នែកទំហំ 6.59” ដែលផ្តល់នូវផាសុក ភាពក្នុងការមើល និងការចាប់កាន់។
វាបំពាក់ជាមួយល្បឿនអូសបញ្ជា120Hz កម្រិតពន្លឺរហូតដល់ 4500nits បូកបន្ថែម Dolby Vision ផ្តល់ឱ្យអ្នកមានអារម្មណ៍ ថារូបភាពច្បាស់ត្រជាក់ភ្នែកខ្លាំងនៅពេលមើលវីដេអូ និងលេងហ្គេម។
អេក្រង់ទូរស័ព្ទមានកម្រិតហ្វ្រេកង់ខ្ពស់ជាងគេរហូតដល់3840Hz ការពារសុខភាពភ្នែកទោះបីក្នុងកន្លែងមានពន្លឺតិច ឬបិទភ្លើងលេងទូរស័ព្ទក៏ ដោយ ដែលទទួលស្គាល់គុណភាពដោយTÜV Rheinland។
ចំពោះកម្លាំងម៉ាស៊ីន និងថាមពលថ្ម, OPPO Find X8 បំពាក់នូវឈីបដែលបានពិន្ទុខ្ពស់ជាងគេគឺ MediaTekDimensity 9400 ដែលបន្ថែមល្បឿន CPUនិង GPU ជួយឱ្យកម្លាំងប្រតិបត្តិការប្រសើរជាងមុនហើយសន្សំសំចៃថាមពលថ្មបានល្អជាងមុនផងដែរ។
OPPO Find X8 បំពាក់ថាមពលថ្មធំ 5630mAhជាប្រភេទថ្ម silicon carbon ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 80Wនិង 50W Wireless ឬឥតខ្សែ។
អ្វីដែលកាន់តែពិសេសទៀតនោះOPPO Find X8 ប្រើបច្ចេកវិទ្យា AI ដែលបំពាក់ AIImage Remaster ដូចជា AIលុបចំណាំងផ្លាត, AI បង្កើតភាពច្បាស់,AI បំបាត់ព្រាលព្រមទាំងមុខងារផ្សេងៗជាច្រើនទៀត។ ហើយវាក៏បំពាក់មុខងារ AI ជាច្រើនដូចជា AI ឆ្លើយតបសារ, AI សង្ខេបសំឡេង, ជំនួយការ AI សម្រាប់ការកត់ត្រានិងOPPO AI Document។
ឥឡូវនេះសម្រាប់អតិថិជនដែលចង់ទទួលបាននូវបទពិសោធថ្មីជាមួយ OPPO Find X8 Series អាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃចាប់ពីថ្ងៃនេះតទៅ នឹងទទួលបានការថែមជូនកាដូជាច្រើនដូចជា៖
ទិញ OPPOFind X8 តម្លៃ $899| OPPO Find X8 Pro តម្លៃ $1199 នឹងមានការថែមជូន៖
- ទទួលបានលុយ $100 ត្រលប់មកវិញ (ចាប់ពីថ្ងៃទី 26 វិច្ឆិកា 2024 ដល់ថ្ងៃទី 01 មករា 2025)
- ស្រោមការពារទូរស័ព្ទ OPPO ដ៏ប្រណិត
- បណ្ណធានារយៈពេល 1ឆ្នាំ ៕
បញ្ហាក្លៀកខ្មៅអាចបណ្តាលមកពីកត្តាមួយចំនួនដូចជាការកោររោមក្លៀក ការប្រើប្រាស់ផលិតផលបំបាត់ក្លិនក្លៀកការប្រើប្រាស់ផលិតផលធ្វើឱ្យក្លៀកស ការប្រមូលផ្តុំកោសិកាស្បែកដែលងាប់ឬសូម្បីតែការផ្លាស់ប្តូរអ័រម៉ូនជាដើម។
តែបញ្ហាទាំងអស់នេះក៏មានឱសថធម្មជាតិមួយចំនួនអាចជួយកែខៃតំបន់នេះឱ្យមានភាពភ្លឺថ្លានិងស្រស់ស្អាតឡើងវិញ ដែលយើងគួរតែសាកល្បងប្រើដែរ។
នេះគឺជារូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពមួយចំនួនដែល SR News និងលើកយកមកបង្ហាញដើម្បីធ្វើការបំបាត់បញ្ហាក្លៀកខ្មៅ៖
១.ក្រូចឆ្មារ និងទឹកឃ្មុំ
ក្រូចឆ្មារត្រូវបានចាត់ទុកជាភ្នាក់ងារធម្មជាតិល្អបំផុតក្នុងការកម្ចាត់ស្នាមខ្មៅនានា និងប្រឆាំងបាក់តេរីលើស្បែក ខណៈដែលទឹកឃ្មុំមានផ្ទុកសារធាតុធម្មជាតិដែលជួយឱ្យស្បែកសភ្លឺរលោង។
· គ្រឿងផ្សំ៖ ក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រា
· របៀបធ្វើ៖ ច្របាច់ទឹកក្រូចឆ្មាស្រស់ចូលក្នុងចានដោយបន្ថែមទឹកឃ្មុំ១ ស្លាបព្រារួចជាការស្រេចហើយកូរឱ្យសព្វចូលគ្នាឱ្យបានល្អ។
· ការប្រើប្រាស់៖ លាបល្បាយដែលកូរសព្វចូលគ្នាទាំងពីរមុខនេះលើក្លៀករបស់អ្នក ហើយទុកចោល ១៥-២០នាទី រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗចេញជាការស្រេច។ ចូរប្រើធ្វើវិធីនេះឱ្យបាន ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីបានប្រសិទ្ធភាពកាន់តែខ្ពស់។
២.ប្រើជែលប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិធម្មជាតិដ៏អស្ចារ្យដែលមានគុណប្រយោជន៍ជាច្រើនជាពិសេស ជួយស្បែកឱ្យមានសំណើមមិនឱ្យស្ងួត ជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យស្បែកភ្លឺថ្លា។
· គ្រឿងផ្សំ៖ប្រទាលកន្ទុយក្រពើស្រស់
· របៀបធ្វើ៖ យកប្រទាលកន្ទុយក្រពើស្រស់មួយចំណិតលាងទឹកឱ្យស្អាតហើយចិតសម្បកចេញជាការស្រេច។
· ការប្រើប្រាស់៖ យកប្រទាលដែលចិតសំបកស្អាតមកលាបដោយផ្ទាល់ទៅលើក្លៀករបស់អ្នកហើយទុកវាចោលរយៈពេល ២០ នាទី រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗនោះជាការស្រេច។ ចូរប្រើប្រចាំថ្ងៃដើម្បីទទួលបានលទ្ធផលល្អបំផុត។
៣.ប្រេងដូង
ប្រេងដូងមានប្រយោជន៍ជាច្រើនមិនថាសម្រាប់សក់ ឬស្បែក។ ប្រេងដូងត្រូវបានគេដឹងថា សម្បូរទៅដោយវីតាមីន E ដែលអាចជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិបានយ៉ាងងាយបំផុត។
· គ្រឿងផ្សំ៖ ប្រេងដូង
· របៀបធ្វើ និងការប្រើប្រាស់៖ បន្តក់ប្រេងដូងពីរបីដំណក់លើបាតដៃ រួចម៉ាស្សាថ្មមៗក្នុងវង្វង់ក្លៀកទុកចោល ១៥-២០នាទី សឹមលាងទឹកចេញជាមួយសាប៊ូ និងទឹកស្អាតរួចជាការស្រេច។ អនុវត្តប្រចាំថ្ងៃមុនពេលងូតទឹកដើម្បីទទួលបានលទ្ធផលល្អ។
៤.ត្រសក់ និងរមៀត
ត្រសក់ជួយឱ្យស្បែកត្រជាក់ និងធ្វើឱ្យស្បែកភ្លឺ រីឯរមៀតមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក និងធ្វើឱ្យស្បែកភ្លឺថ្លា។
· គ្រឿងផ្សំ៖ ត្រសក់ ១ផ្លែម្សៅរមៀត ១ស្លាបព្រា
· របៀបធ្វើ៖ យកត្រសក់១ផ្លែចិតឱ្យស្អាត រួចកិនលាយជាមួយម្សៅរមៀត១ស្លាបព្រាបាយឱ្យចេញជាល្បាយម៉ាស។
· ការប្រើប្រាស់៖ ម៉ាស់ដែលកិនហើយលាបលើក្លៀករបស់អ្នកហើយទុកចោល ១៥នាទី រួចលាងជម្រះដោយទឹកត្រជាក់។ ប្រើរូបមន្តនេះ ៣-៤ដងក្នុងមួយសប្តាហ៍។
ការអនុវត្តតាមឱសថធម្មជាតិមានប្រសិទ្ធភាពសន្សឹមៗ ដោយអាចចំណាយពេលពីរបីសប្តាហ៍ទើបឃើញលទ្ធផល។ ដូច្នេះព្យាយាមអនុវត្តវិធីសាស្ត្រណាមួយខាងលើឲ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីកែខៃស្ថានភាពស្បែកក្លៀករបស់អ្នកឲ្យត្រឡប់មកដូចដើមវិញ។ ក្លៀកសភ្លឺរលោងមិនត្រឹមតែជាផ្នែកមួយជួយលើកសម្រស់ប៉ុននោះទេ ប៉ុន្តែថែមទាំងអាចផ្ដល់ទំនុកចិត្តដល់អ្នកក្នុងការស្លៀកពាក់ទៀតផង៕
ភ្នំពេញៈ ផ្តើមចេញពីការចងចាំរឿងរ៉ាវពីកុមារភាព និងយកមកផលិតជាវីដេអូ យុវជន ចៅធាន ទិញ បានត្រួសត្រាយផ្លូវជីវិតរបស់ខ្លួន ក្លាយជាអ្នកផលិតមាតិកាដ៏ល្បីមួយរូបតាមបណ្តាញសង្គម ដែលមានអ្នកទស្សនាច្រើនលានដង និងមានអ្នកគាំទ្រជិត 500K លើហ្វេសប៊ុក។
អ្នកផលិតមាតិកាប្រវត្តិសាស្ត្រ ចៅធាន ទិញ បានឱ្យដឹងពីមូលហេតុនៃការធ្វើវីដេអូនេះថា លោកបំណងចង់ឱ្យខ្លួនឯងមានសំឡេងនៅក្នុងសង្គម ព្រោះនៅពេលដែលមហាជនបានស្គាល់រូបលោកនោះហើយគឺជាឱកាសមួយ ដែលងាយស្រួលឱ្យលោកធ្វើការចែករំលែក ឬសាបព្រួសនូវរឿងដែលមានប្រយោជន៍ជាច្រើន ឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសការជម្រុញលើកទឹកចិត្ត និងការជួយឲ្យពួកគាត់ រឹតតែស្រឡាញ់ និងគាំទ្រលើកស្ទួយអ្នកបង្កើតមាតិកាល្អៗក្រោយទៀត។
យុវជនវ័យ ២៤ឆ្នាំរូបនេះ បានរៀបរាប់ថា រូបគេបានចាប់ផ្តើមផលិតវីដេអូដំបូងនៅអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលស្នាដៃដំបូងទាក់ទងនឹងរឿងចោរប្លន់ដ៏សាហាវឃោរឃៅ ស្ថិតនៅក្រុងប៉ោយប៉ែតដែលត្រឹមរយៈពេល ២ ថ្ងៃ វីដេអូសមិទ្ធិផលដំបូងនេះ មានអ្នកទស្សនារហូតដល់ ៣.៨លានដង។
អ្នកផលិតមាតិការូបនេះ ប្រាប់សារព័ត៌មាន SR News ពីអារម្មណ៍យ៉ាងដូច្នេះថា៖ «ពេលនោះខ្ញុំមិនសូវជារំភើបទេ ដោយសារខ្ញុំគិតថាវាជារឿងចៃដន្យ! តែនៅពេលវីដេអូទី២ បានប៉ុស្តិ៍ឡើងបន្ដលើហ្វេសប៊ុក មានអ្នកមើល ២.៥លានដងក្នុងមួយថ្ងៃ ពេលនោះហើយ ខ្ញុំរំភើបខ្លាំងណាស់ ហើយជាក៏ជាពេលដែលខ្ញុំទទួលស្គាល់ថា ខ្ញុំនឹងមានសំឡេងនៅក្នុងបណ្ដាញសង្គម»។
បន្ទាប់ពីនោះមក ធាន ទិញបានផលិតវីដេអូជាច្រើន ដែលនិយាយទាក់ទងនឹងការចងចាំរបស់ខ្លួនជាមួយនឹងក្រុមគ្រួសារ ស្រុកកំណើត និងការចងចាំពីកុមារភាព រហូតដល់វេលាមួយបុរសដែលមានដើមកំណើតនៅក្រុងបោយប៉ែតនេះ បានងាកមកផលិតវីដេអូផ្សេងៗដូចជាចំណេះដឹង ប្រវត្តិសាស្ត្រពិភពលោក ជាពិសេសប្រវត្តិសាស្ត្រខ្មែរ។
«ការដែលខ្ញុំងាកមកផលិតវីដេអូប្រវត្តិសាស្ត្រខ្មែរ ខ្ញុំជឿថានៅពេលសង្គមជាតិមួយបានស្គាល់ បានដឹងបានយល់ពីប្រវត្តិសាស្ដ្ររបស់ខ្លួន វាគឺជារឿងល្អខ្លាំង។ ការសិក្សាប្រវត្តិសាស្ត្រ គឺបីដូចជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវកំហុសពីអតីតកាល ដើម្បីឲ្យយើងអាចគេចផុតពីការជាន់ដាននៃកង់ប្រវត្តិសាស្ត្រដែលបម្រុងនឹងកើតឡើង ហើយទាញយករាល់ចំណុចវិជ្ជមាននៃប្រវត្តិសាស្ត្រមកនោះអនុវត្តន៍នាពេលបច្ចុប្បន្នភាព នៃជីវិតមនុស្សផងដែរ»។ នេះបើតាមការលើកឡើងរបស់យុវជន ធាន ទិញ
គិតមកដល់ពេលនេះ អ្នកផលិតមាតិការូបនេះ បានផលិតវីដរអូសរុបបានចំនួន ៨៥ វីដេអូ នៅលើផេកហ្វេសប៊ុកឈ្មោះ Thean Tinh និងមានអ្នកតាមដានរហូត ៤៨៦K ហើយអ្នកតាមដានទាំងនោះ តែងតែលើកសរសើរពីការនិយាយ ការកាត់តរូបភាព និងការគាស់កកាយនូវរឿងរ៉ាវប្រវត្តិសាស្ត្ររបស់យុវជនមួយរូបនេះ។
ធាន ទិញ បញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្តដែលរាល់ការចែករំលែករបស់ខ្ញុំគឺមានប្រយោជន៍កាន់អ្នកស្ដាប់ មិនថាជាប្រវត្តិសាស្ដ្រ ចំណេះដឹងសកល ឬអតីតកាល ហើយគ្មានអ្វីក្រៅពីសប្បាយចិត្តនិងរំភើបទេ ព្រោះមើលឃើញខ្លួនឯងរឹតតែមានតម្លៃសម្រាប់សង្គមជាតិ ដែលកំពុងត្រូវការយុវជនបែបនោះ»។
បន្ថែមពីការផលិតវីដេអូចែករំលែកលើកញ្ចក់ទូរស័ព្ទនិងកុំព្យូទ័រ យុវជនរូបនេះ ក៏មានឱកាសបាន ធ្វើការចែករំលែកពីចំណេះដឹង និងបទពិសោធន៍ល្អៗទៅដល់យុវជនជំនាន់ក្រោយ តាមកម្មវិធីនានាដែលនេះអាចចាត់ទុកជាលទ្ធផលថ្មីមួយទៀតក្នុងការបង្កើនសំឡេងរបស់ខ្លួនក្នុងសង្គម។
សម្រាប់ពេលខាងមុខនេះ យុវជន ចៅធាន ទិញ នឹងបន្តការសិក្សាផ្នែក Creative Media រយៈពេល ៦ ខែ នៅសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍខ្លួនបន្ថែមក្នុងការផលិតមាតិកានេះឱ្យគុណភាព ទាំងបច្ចេកទេស ក៏ដូចជាគំនិតក្នុងការទាក់ទាញអ្នកទស្សនា៕
កម្មវិធី ញ៉ាំហ្វេសតា (NhamFesta) ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំនោះ បានត្រឡប់មកវិញហើយជាមួយនឹងការរៀបចំដ៏ថ្មីប្លែកចំនួន២ កម្មវិធី នៅចំនួន ២ ទីតាំង ជាមួយតន្ត្រីកម្សាន្ត ពិព័រណ៍ម្ហូប កម្មវិធីប្រកួតនិងថតរូបសប្បាយៗជាច្រើនទៀតនៅខែធ្នូខាងមុខនេះ។
រៀបចំឡើងដោយ UnboxMarketing Agency កម្មវិធី NhamFesta ឆ្នាំនេះមានកម្មវិធីទីមួយឈ្មោះថា NhamFesta Go Global ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤នៅទីតាំង The Elysée កោះពេជ្រ រាជធានីភ្នំពេញ។
កញ្ញា អ៊ុង ចរិយា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Unbox Marketing បានចែករំលែកក្ដីរំភើបថា៖ «គោលបំណងរបស់យើងគឺចង់បង្កើតកម្មវិធីឱ្យប្លែកពីមួយឆ្នាំទៅមួយឆ្នាំដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌និងរសជាតិមុខម្ហូបប្រពៃណីរបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត»។
កម្មវិធីនេះក៏មាននូវសកម្មភាពជាច្រើនទៀតដូចជាការបង្ហាញស្នាដៃធ្វើម្ហូបពីចុងភៅល្បីនៅក្នុងប្រទេសកម្ពុជា ការប្រគំតន្ត្រីនិងកម្មវិធីកំសាន្តថ្មីៗជាច្រើនទៀតពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដែលធ្វើឱ្យការមកចូលរួមកម្សាន្តនៅក្នុងកម្មវិធីនេះទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយមិនអាចបំភ្លេចបាន។
កញ្ញាបានបន្តទៀតថា៖ «ពួកយើងក៏មានគោលបំណងបង្កើនការយល់ដឹងអំពីមុខម្ហូបទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ។ បន្ថែមពីនេះវាក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍និងគាំទ្រដល់ឧស្សាហកម្មម្ហូបអាហារ ជាពិសេសអាជីវកម្មនៅក្នុងស្រុកឱ្យមានឱកាសរកប្រាក់ចំណូលបន្ថែមបាន»។
សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មី អាចធ្វើឱ្យអារម្មណ៍ល្ហែល្ហើយជាមួយបរិស្ថានធម្មជាតិបាននៅកម្មវីធិទី២ ដែលមានឈ្មោះថា NhamFesta PicnicUnder the Blossoms ជាកម្មវិធីដែលត្រូវបានធ្វើឡើងជាមួយដៃគូសហការ Orkide Development។
ព្រឹតិ្តការណ៍នេះមានទីតាំងស្ថិតនៅ គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide TheBotanic City)នៅថ្ងៃទី ២១-២២ខែធ្នូនេះ។ ព្រឹតិ្តការណ៍បែបពិកនិចដំបូងគេបង្អស់ជាឱកាសល្អសម្រាប់ការជួបជុំមិត្តភកិ្តដើម្បីសម្រាកលម្ហែកាយជាមួយក្រុមគ្រួសារ។
អ្នកចូលរួមអាចថតរូបស្អាតៗពិសេសជាមួយសួនបែតងនិងការតុបតែងដ៏ស្រស់ស្អាតបែបធម្មជាតិរបស់បុរីអ័រគីដេ ហើយក៏ទទួលបាននូវអារម្មណ៍ស្រស់ស្រាយបន្ថែមដោយមានការកម្សាន្តជាច្រើននិងការទស្សនាកុនបែប outdoor ផងដែរដើម្បីបង្កើនអនុស្សាវរីយ៍ល្អៗ។
នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Unbox Marketing បានបន្តថា៖ «យើងមានការរំភើបចិត្តចំពោះព្រឹត្តិការណ៍ដែលយើងងនឹងរៀបចំឡើងទាំងពីរនេះដែលយើងសង្ឃឹមថា នឹងផ្តល់នូវបទពិសោធដ៏ល្អមួយសម្រាប់អ្នករាល់គ្នាដែលបានចូលរួម»។
មិនថាអ្នកកំពុងស្វែងរកអាហារឆ្ងាញ់ៗឬចង់សាកល្បងអ្វីថ្មីដូចជាការរៀនធ្វើ ( DIY) និងអង្គុយស្ដាប់ចម្រៀងនោះទេ NhamFesta Picnic Under the Blossoms នឹងផ្ដល់បទពិសោធន៍ប្លែកៗឱ្យអ្នកទាំងអស់គ្នាជាមួយនឹងធម្មជាតិ ប្លង់ថតរូបស្អាតៗ និងការកម្សាន្តជាមួយកម្មវិធីផ្សេងៗដែលនឹងមានក្នុងរយៈពេល២ ថ្ងៃនាពេលខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេករបស់ NhamFestaFood Festival។
NhamFesta Go Global រីករាយស្វាគមន៍អ្នកទាំងអស់គ្នានៅថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤នៅទីតាំង The Elysée កោះពេជ្រ។
សម្រាប់ NhamFesta Picnic Under the Blossoms នឹងធ្វើឡើងនៅថ្ងៃទី២១-២១ ខែធ្នូ នៅគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី។
សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ក្នុងការជួលតូបសូមទំនាក់ទំនងទៅកាន់ Telegram:+855 87 474 277 និង +855 69 936 303៕
សុបិនគឺជាពិភពដ៏គួរឱ្យចាប់អារម្មណ៍កើតចេញពីការយល់ដឹង និងរូបភាពចេញពីការកំណត់ទុកក្នុងចិត្តរបស់យើង ដោយមិនដឹងខ្លួន។ ការយល់សប្ដិអាចផ្តល់នូវការយល់ដឹងអំពីអារម្មណ៍ គំនិត និងបទពិសោធន៍របស់យើងកន្លងមក។
ការយល់សប្ដិកើតឡើងនៅដំណាក់កាលគេងដែលគេហៅថាគេង Rapid Eye Movement (REM) ជាដំណាក់កាលដែលភ្នែកបង្កើនចលនាពេលកំពុងបិទ រលកខួរក្បាល ចង្វាក់បេះដូង និងការដកដង្ហើមក៏មានលក្ខណៈលឿន។ ខាងក្រោមនេះជាការពិតបែបវិទ្យាសាស្ត្រទាំង ១៤ យ៉ាង ស្ដីអំពីការគេងយល់សប្ដិ៖
១. ការចងចាំ៖ សុបិនដ៏រស់រវើកបំផុតនិងធ្វើឱ្យយើងចងចាំបំផុត កើតឡើងក្នុងអំឡុងពេលគេង REM ដែលកើតឡើងក្នុងវគ្គខ្លីៗពេញមួយយប់ចន្លោះពី ៩០ ទៅ ១២០ នាទី។
២. ចំនួនដង៖ មនុស្សគ្រប់រូបអាចយល់សប្ដិពី ៣ ទៅ ៦ដងក្នុងមួយយប់។
៣. ការភ្លេច៖ ៩៥ភាគរយនៃការយល់សប្ដិត្រូវបានភ្លេចភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកភ្ញាក់ឡើងក្នុងដំណាក់កាល REM នៃដំណេក អ្នកទំនងជាចងចាំសាច់រឿងយល់សប្ដិនេះ។
៤. ប្រធានបទទូទៅ៖ សុបិនជាច្រើនមានលក្ខណៈជាសកល ដូចជាការយល់សប្ដិគេងគេរត់ដេញ ធ្លាក់ពីកន្លែងណាមួយ ជំពប់ជើង ស្រាត ឬហោះហើរ។ប្រធានបទយល់សប្ដិបែប គឺជាបទពិសោធន៍របស់មនុស្សទូទៅជុំវិពិភពលោក។
៥. អាចគ្រងគ្រងសុបិន៖ មនុស្សមួយចំនួនអាចគ្រប់គ្រងការយល់សប្ដិរបស់ពួកគេ ដែលបាតុភូតនេះត្រូវបានគេហៅថា lucid dreaming ជាភាសាអង់គ្លេស។
៦. ដំណើរការអារម្មណ៍៖ ការយល់សប្ដិអាចជួយដំណើរការអារម្មណ៍ និងបទពិសោធន៍អំពីជីវិត ក្រោយភ្ញាក់ពីដំណេក។ សុបិនអាចឆ្លុះបញ្ចាំងពីគំនិតនិងអារម្មណ៍របស់យើងកាលពីថ្ងៃមុន ឬពីអតីតកាល។
៧. រូបភាពពណ៌ឬ សខ្មៅ៖ ប្រហែល ១២% នៃការយល់សប្តិគឺជារូបភាពខ្មៅ និងស ហើយតួលេខនេះកាន់តែខ្ពស់ មុនពេលវត្តមានទូរទស្សន៍មានរូបភាពពណ៌។
៨. មិនអាចរើខ្លួនអំឡុងពេលយល់សប្តិ៖ ក្នុងដំណាក់កាលគេង REM សាច់ដុំរបស់យើងភាគច្រើនមិនមានចលនាដើម្បីការពារយើងសកម្មភាពត្រាប់តាមការយល់សប្ដិ។
៩. ឥទ្ធិពលនៃជីវិតប្រចាំថ្ងៃ៖ក្តីសុបិន្តរបស់យើងជារឿយៗត្រូវបានជះឥទ្ធិពលដោយសកម្មភាព និងបទពិសោធន៍ប្រចាំថ្ងៃរបស់យើង។ជាឧទាហរណ៍ ភាពតានតឹងអាចនាំឱ្យសុបិនកាន់តែច្បាស់ៗ និងរស់រវើក។
១០. សុបិនដែលកើតឡើងដដែលៗឬសុបិនតភាគ៖ សុបិនដែលកើតឡើងជាញឹកញាប់ មានប្រធានបទរួម អាចត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាដែលមិនអាចដោះស្រាយបានឬភាពតានតឹងនៅក្នុងជីវិតភ្ញាក់របស់យើង។
១១. រយៈពេលនៃការយល់សប្ដិ៖ សុបិនអាចប្រែប្រួលក្នុងរយៈពេលយូរដែលជាធម្មតាមានរយៈពេលពី ៥ ទៅ ២០ នាទី។
១២. មនុស្សប្រុស និងមនុស្សស្រី អាចយល់សប្ដិខុសគ្នា៖ បុរសតែងតែយល់សប្តិឃើញការឈ្លានពាន បៀតបៀន គ្រប់គ្រងអ្នកដទៃ រីឯមនុស្សស្រីតែងតែយល់សប្តិពីការបដិសេធ ឬការសន្ទនាពិបាកៗ។
១៣. សត្វក៏ចេះយល់សប្តិដែរ៖ សត្វមាដំណើររលកខួរក្បាលដូចគ្នាទៅនឹងមនុស្សក្នុងកំឡុងពេលយល់សប្តិ។
១៤. មនុស្សក្នុងយល់សប្ដិឆ្លុះបញ្ចាំងពីការគិតរបស់អ្នក៖ ការសុបិនអំពីនរណាម្នាក់គឺជាការឆ្លុះបញ្ចាំងពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក មិនមែនមានន័យថា ពួកគេគិតអំពីអ្នកទើបអាចចូលក្នុងយល់សប្ដិអ្នកបាននោះទេ។
១៥. អត្ថប្រយោជន៍៖ សុបិនអាចជួយឱ្យអ្នករៀន និងបង្កើតការចងចាំរយៈពេលវែង។
១៦. ជនពិការភ្នែកក៏គេងយល់សប្ដិដែរ៖ វាអាស្រ័យលើការពិបាកកម្រិតណា ឬក្នុងវ័យណា។ ប្រសិនបើពិបាកភ្នែកពីកំណើតឬក្នុងវ័យក្មេងជាង ៥ ឆ្នាំ ការយល់សប្ដិរបស់ជនពិការស្ថិតក្នុងទម្រង់ជាញាណយល់ដឹងជាជាងរូបភាព។
សរុបមក ការយល់សប្ដិគឺជាកត្តាញាណ ខួរក្បាល និងអារម្មណ៍របស់យើង មិនពាក់ព័ន្ធនឹងការគិតរបស់មនុស្សផ្សេងនោះទេ។ ច្បាស់ណាស់ដែលថា «ជំនឿគេងយល់សប្ដិឃើញនរណាម្នាក៉ បានន័យថាអ្នកនោះនឹកដល់យើង» គឺជាការគិតប្រាសចាកពីវិទ្យាសាស្ត្រ។ តើប្រិយមិត្តមានសុបិនចម្លែកឬបទពិសោធន៍យល់សប្ដិណាខ្លះ ដែលដូចការរៀបរាប់ក្នុងចំណុចខាងលើទេ?
ដោយយកឃ្លាជាគោលថា «ជួបខ្ញុំនៅទីឥតដែនកំណត់» (Meet Me Where Anything Can Be Everything) សិល្បការិនីពីររូបបានសហការគ្នារំលេចស្នាដៃគំនូរ៧០ ផ្ទាំង ដែលតំណាងឱ្យឱកាសឆ្លុះបញ្ចាំង ស្វែងយល់អបអរសោភ័ណភាពនៃជីវិតនិងការផ្លាស់ប្ដូរឥតឈប់ឈរ។
កម្រងស្នាដៃប្រភេទគំនូរ Surrealism និងគំនូរសហសម័យរបស់អ្នកទាំងពីរកំពុងដាក់តាំងបង្ហាញនៅវិចិត្រសាលនៃសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
សិល្បការិនី ដាលីយ៉ា ភិរុណ និង វត្តី តាន់បានរកឃើញពិភពសិល្បៈសហសម័យដ៏រស់រវើករបស់កម្ពុជានៅពេល ដែលអ្នកទាំងពីររួមកម្លាំងគ្នាបង្កើតកម្រងស្នាដៃ «ជួបខ្ញុំនៅទីឥតដែនកំណត់» នេះឡើង។
កើតនៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៥ ដាលីយ៉ា ភិរុណ ជាវិចិត្រករសម័យថ្មីមួយរូបដែលមានចិត្តស្រឡាញ់ប្រភេទគំនូរ Surrealismជាទម្រង់សិល្បៈសតវត្សរ៍ទី២០។ សិល្បៈ Surrealism ផ្ដោតលើការគូររំលេចរូបរាងមនុស្សវត្ថុឬរុក្ខជាតិដូចទម្រង់ពិតតែមានបង្កប់អត្ថន័យ បទពិសោធន៍ការស្រមើសម្រៃតំណាងឱ្យផ្នត់គំនិតអ្វីមួយដែលសិល្បករចង់ប្រាប់ទៅកាន់ទស្សនិកជន។
បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិចិត្រសិល្បៈពីសាកលវិទ្យាល័យសិល្បៈនៅទីក្រុង Philadelphia ដាលីយ៉ាត្រូវបានទទួលស្គាល់ជាសិល្បការិនីអន្តរជាតិមួយរូប។ស្នាដៃរបស់នាងត្រូវបានគេស្គាល់តាមរយៈការច្របាច់បញ្ចូលរវាងការពិតនិងការស្រមើលស្រមៃដែលជារឿយៗធ្វើឱ្យអ្នកទស្សនាឆ្លុះបញ្ចាំងពីអាថ៌កំបាំងជីវិត។
សម្រាប់ពិព័រណ៍ «ជួបខ្ញុំនៅទីឥតដែនកំណត់» នាងបានប្រើជក់ប្រែក្លាយវត្ថុប្រចាំថ្ងៃទៅជានិមិត្តរូបនៃគំនិតអារម្មណ៍សុបិន និងថាមពលអរូបីជុំវិញពិភពលោក។
សិល្បការិនីវត្តីតាន់ កើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៩២និងធ្លាប់បញ្ចេញស្នាដៃធ្វើក្នុងទម្រង់ផ្សេងៗដូចជាទម្រង់សិល្បៈដំឡើងរូបគំនូរអរូបី និងចម្លាក់ជាដើម។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនស្នាដៃសិល្បៈរបស់វត្តី ត្រូវបានបញ្ចូលជាមួយអារម្មណ៍ «ចង់ដឹងចង់ឃើញ» លាយឡំជាមួយអត្ថន័យបែបលេងសើចក្នុងការបរិយាយភាពស្មុគស្មាញនៃជីវិត។
វត្ថីធ្លាប់បានចូលរួមក្នុងការតាំងពិព័រណ៍អន្តរជាតិដោយផ្តោតលើប្រធានបទការផ្លាស់ប្តូរការរីកចម្រើន និងចលនានៃជីវិត។
ដាលីយ៉ានិងវត្តី បានធ្វើការក្នុងស្ទូឌីយោរួមគ្នាដើម្បីលើកទឹកចិត្តគ្នាឱ្យគ្នាទៅវិញទៅមកក្នុងកំឡុងពេលបង្កើតស្នាដៃដើម្បីសម្រាប់ការដាក់តាំងពិព័រណ៍នេះ។
ការតាំងពិព័រណ៍«ជួបខ្ញុំនៅទីឥតដែនកំណត់» ស្វាគមន៍សាធារណជន ២៤ ម៉ោង និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២៤នៅវិចិត្រសាល ជាន់ទី ៣៥ សណ្ឋាគាររ៉ូសវូដ ភ្នំពេញ៕
ស្វាយរៀង: ការលះបង់ប្រាក់កាសឬប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជួយនរណាម្នាក់ គឺជាកុសលផលបុណ្យមួយ
ដ៏ប្រពៃហើយការចេះជួយគ្នានេះដែរ ក៏ជាទំនៀមទម្លាប់រស់នៅរបស់ខ្មែរតាំងពីរបុរាណកាលមកហើយ។
លោក ប៉ក់ សារ៉ុម ជាអ្នករត់តាក់ស៊ីភ្នំពេញ-បាវិតតាំងពីឆ្នាំ ២០១០។ អស់រយៈពេលជាង១០ឆ្នាំមកនេះលោកបានហែលឆ្លងកាត់បទពិសោធន៍ជួបមនុស្សជាច្រើន។ លោកបានតាំងចិត្តជួយជនពិការនិងចាស់ជរា ដែលប្រកបរបរតូចតាច ហើយជីវភាពមិនធូរធាតាមរយៈការផ្ដល់សេវាដឹកជញ្ជូន ដែលជាឆ្នាំងបាយរបស់លោកផ្ទាល់។
បុរសអ្នករត់តាក់ស៊ីរូបនេះបានប្រាប់SR Newsថា៖ «បានជាខ្ញុំមិនយកលុយពីជនពិការ និងចាស់ជរាព្រោះខ្ញុំគិតថាពួកគាត់ជាគ្មានមុខរបរអី្វដើម្បីរកលុយបានច្រើននោះទេ ទើបខ្ញុំសម្រេចចិត្តថានឹងមិនយកលុយពួកគាត់នោះទេ»។
លោកបានប្រកាន់ខ្ជាប់នូវឆន្ទៈជួយជនពិការនិងមនុស្សចាស់ជរា ចាប់តាំងពីរដូវកាលមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោកបានបន្ថែមទៀតថា៖ «ដើមឆ្នាំ២០២៤ អំឡុងមុនចូលឆ្នាំខ្មែរទើបខ្ញុំបានសម្រេចចិត្តចាប់ផ្ដើមអត់យកលុយចំពោះជនពិការ និងចាស់ជរា ទោះបីជាពេលខ្លះឡានខ្ញុំមានភ្ងៀវពេញក៏ដោយក៏ខ្ញុំនៅតែព្យាយាមដឹកពួកគាត់ដែរ»។
ការជួយនេះមិនមែនក្នុងករណីឡានទូលាយសល់កៅអីនោះទេ។ ជួនកាលលោក សារ៉ុម សុខចិត្តលះបង់ភ្ញៀវទិញកៅអី មកដឹកភ្ញៀវពុំគិតថ្លៃទៅវិញ។
បុរសរហស្សនាមតាក់ស៊ីចិត្តធម៌រូបនេះ បានឱ្យដឹងទៀតថា៖ «ភ្ញៀវភាគច្រើនពួកគាត់តែងតែក៏ទាក់ទងមកពេលល្ងាចដើម្បីកក់កៅអី បានន័យថាភ្ញៀវដែលជិះឡានខ្ញុំភាគច្រើនគឺជាជាម៉ូយចាស់ៗ ដែលពួកគាត់តែងតែទូរសព្ទប្រាប់ទុកមុនខ្ញុំបាន ផ្ទេរភ្ញៀវទៅឡានប្អូនខ្ញុំវិញ ដោយខ្ញុំដឹកជនពិការ និងចាស់ជរាជំនួសវិញ»។
ការធ្វើទង្វើល្អបែបនេះក៏ទទួលការគាំទ្រពីភរិយានិងក្រុមគ្រួសាររបស់លោកផងដែរ។ សូម្បីតែអ្នកប្រកបរបររត់តាក់ស៊ីដូចគ្នាក៏ពួកគាត់សរសើរទឹកចិត្តលោក សារ៉ុម ដែលបានលះបង់ចំណូលមួយផ្នែកទៅជួយជនពិការនិងមនុស្សចាស់ជរា។
ទោះជាខាតបង់ប្រាក់ពីការដឹកភ្ញៀវតែបុរសវ័យ៤៣ឆ្នាំរូបនេះ មានក្ដីរំភើប និងអំណរជាមួយសេចក្ដីសុខផ្លូវចិត្តពេលដែលលោកបានទទួលពរជ័យពីជនពិការ និងចាស់ជរា។
លោកបានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍ថាពិភពលោកនេះពោរពេញដោយភាពស្រស់បំព្រោង និងស្នាមញញឹមវាស្ថានភាពមួយដែលពិបាកនឹងពិពណ៌នា អ្នកដែលនៅក្នុងស្ថានភាពបែបនេះទើបយល់មួយហ្នឹង»។
ជនពិការ និងចាស់ជរាដែលតែងតែធ្វើដំណើរតាមរថយន្តរបស់លោក ភាគច្រើនមានគោលដៅឆ្ពោះទៅកាន់មណ្ឌលសុខភាព ជាប្រចាំដើម្បីពិនិត្យ និងតាមដានជំងឺ។
ពេលទទួលបានសេវាជិះឡានដោយមិនបង់ប្រាក់ ពួកគាត់មិនមានអ្វីក្រៅពីលើកម្រាមដប់ បួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកឱ្យជួយបីបាច់ថែរក្សាអ្នករត់តាក់ស៊ីចិត្តធម៌ និងក្រុមគ្រួសារឱ្យបានសេចក្តីសុខនិងប្រកបរបររកទទួលទានមានបាន។
ជារាល់ថ្ងៃលោក សារ៉ុម រត់តាក់ស៊ីចំនួនពីរវេនគឺ៖វេនទី១ ពេលព្រឹករត់ពីបាវិត-ភ្នំពេញ ចេញដំណើរពីម៉ោង៤ទៀប ហើយវេនទី២ពេលល្ងាចរត់ពីភ្នំពេញ-បាវិតវិញដោយចេញដំណើរម៉ោង១១ព្រឹក។
អ្នករត់តាក់ស៊ីចិត្តធម៌រូបនេះយល់ឃើញថាសម្រាប់ចាស់ជរា និងជនពិកា ប្រាក់ ៤-៥ម៉ឺនរៀលគឺច្រើនណាស់សម្រាប់ពួកគាត់។ លោក សារ៉ុម តាំងចិត្តថា នឹងបន្តធ្វើទង្វើល្អដឹកចាស់ជរា និងជនពិការឥតគិតថ្លៃ រហូតទាល់តែលោកឈប់រត់តាក់ស៊ី។
ព័ត៌មានបន្ថែមពី លោក ប៉ក់ សារ៉ុមជាអ្នករត់តាក់ស៊ី អាចស្វែងរកលើគេហទំព័រហ្វេសប៊ុក រ៉ុមស្រីមុំ ការាសសាំងគុណម្ដាយទំនាក់ទំនងទូរសព្ទលេខ ០១៦ ៧៩២ ២២២/០៩៧ ២៩៨ ២២២២៕
យុវតីមានរូបសម្បត្តិស្រស់សោភា អនុសេនីយ៍ទោ ប៊ុន ជាវត្តី ស្ថិតក្នុងវ័យត្រឹមតែ ២៤ ឆ្នាំ ប៉ុន្តែកញ្ញាបានហែលឆ្លងការហ្វឹកហ្វឺនដ៏ក្ដៅគគុក បីដូចស្ថិតក្នុងស្ថានភាពសង្គ្រាមពិតៗ កំឡុងពេលបន្តការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃសាធារណរដ្ឋបារាំង។
ផ្ដើមចេញពីការស្រឡាញ់ឯកសណ្ឋានទាហានរបស់ឪពុក កញ្ញា វត្តី បានជ្រើសរើសអាជីពក្នុងវិស័យការពារជាតិដោយបោះបង់ឱកាសជាគ្រូបង្រៀន ទៅសិក្សាបរិញ្ញាបត្រយោធានៅសាលានាយទាហានសកម្មខេត្តកំពង់ស្ពឺ នាពេលដែលកញ្ញាមានវ័យត្រឹមតែ ១៨ឆ្នាំ។
ក្រោយពីចំណាយពេល ៤ឆ្នាំ រៀនសូត្រទ្រឹស្តី ហ្វឹកហាត់កាយសម្បទា លោតឆ័ត្រ អនុវត្តកីឡា ហែលទឹក រត់ឧបសគ្គ និងភាសាបារាំងបានចូលបម្រើការនៅនាយកដ្ឋានទាក់ទងអន្តជាតិ នៃក្រសួងការពារជាតិ។
ចំណេះជំនាញទាំងនេះបាននាំឱ្យ វត្តី ត្រូវបានជ្រើសរើសទៅបន្តការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃសាធារណរដ្ឋបារាំង កាលពីឆ្នាំ ២០២៣។
យុវតីដែលស្ទាត់ជំនាញភាសាបារាំងរូបនេះបានរំឭកប្រាប់ថា៖ «ក្នុងចំណោមអ្នកទៅរៀនវគ្គនេះសរុប១០៣ មានតែម្នាក់មកពីប្រទេសកម្ពុជាខ្ញុំមានអារម្មណ៍ថាមានមោទនភាពជាខ្លាំងដែលបានទៅរៀនតំណាងឱ្យប្រទេសកម្ពុជា»។
ការសិក្សារយៈពេល ១ឆ្នាំ ផ្ដោតលម្អិតទៅលើជំនាញវិស្វកម្មរួមមានយុទ្ធវិធីពាក់ព័ន្ធនឹងទ័ពវិស្វកម្ម ការដាក់មីន ដាក់អន្ទាក់ ស្វែងយល់ពីគ្រឿងចក្រដែលអាចប្រើប្រាស់នៅក្នុងជំនាញវិស្វកម្មដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យកងទ័ព។
យុវតីមានស្រុកកំណើតពីទឹកដីខេត្តបាត់ដំបងរូបនេះបានពន្យល់ថា៖ «ជំនាញវិស្វកម្មគឺជាជំនាញមួយដែលយើងដាក់ចូលក្នុងជំនាញថ្មើរជើងដែរអាចជួយដល់កម្លាំងថ្មើរជើងនៅពេលប្រយុទ្ធជាក់ស្ដែងបាន។ ឧទាហរណ៍ថាដូចជា ការសាងសង់លេណដ្ឋាន អ៊ីចឹងប្រសិនបើអត់មានខាងទ័ពវិស្វកម្មទេ គឺអត់អាចមានលេណដ្ឋានបានទេ»។
ការហ្វឹកហាត់នៅប្រទេសជឿនលឿនធ្វើឱ្យ កញ្ញា វត្តី មានអារម្មណ៍រំភើប និងមោទនភាពដែលអាចជម្នះការលំបាកផ្នែកយេនឌ័រ វប្បធម៌ ទំនៀមទម្លាប់ម្ហូបអាហារ អាកាសធាតុ និងកម្រិតកាយសម្បទាជានារីភេទ ដែលមានត្រឹមតែ ៨នាក់ក្នុងចំណោមបុរស ៩៥នាក់មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក។
ក្រៅពីការលំបាកទាំងនេះ វត្តី ស្ទើរតែមិនជឿថា ខ្លួនអាចមកដល់ថ្ងៃនេះ ដោយកញ្ញាបានរៀបរាប់ថា៖ «មានច្រើនគ្រោះថ្នាក់ទី១ ផ្នែកយុទ្ធវិធីគឺពួកខ្ញុំបានចុះទីលានច្រើនដងនៅតាមខេត្តនៅតាមអង្គភាពផ្សេងៗ នៅក្នុងប្រទេសបារាំងហ្នឹងគឺយើងចុះយុទ្ធវិធីជាក់ស្ដែងគឺបីដូចជាយើងកំពុងស្ថិតនៅក្នុងសង្គ្រាមពិតៗមានការបាញ់ មានការធ្វើដំណើរតាមរថក្រោស រថពាសដែក»។
ក្រោយពីបញ្ចប់ការសិក្សានៅឆ្នាំ ២០២៤ ដោយនាំយកចំណេះដឹងពីប្រទេសជឿនលឿនមកបម្រើការនៅនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិកញ្ញា វត្តី ចង់លើកទឹកចិត្តស្ត្រីក្នុងវិស័យការពារជាតិឱ្យហ៊ានសាកល្បងដើម្បីសម្រេចគោលដៅអាជីពក្នុងក្ដីស្រមៃរបស់ខ្លួន។
យុវតីរូបនេះបាននិយាយថា៖ «នៅក្នុងវិស័យការពារជាតិខ្ញុំគិតថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការងារទំនាក់ទំនងផ្សេងៗក៏ដូចជាពិធីការ និងមានការងារជាច្រើនដែលគាត់ធ្វើបាន និយាយរួមបុរសធ្វើបាន គាត់ក៏ធ្វើបានដូចគ្នា»។
កញ្ញាក៏បានលើកពីចំណុចសំខាន់នៃការទទួលបានឱកាសទៅសិក្សាជំនាញយោធាផងដែរថា ចំណេះដឹងភាសាបារាំង និងបច្ចេកទេសគឺពាក់ព័ន្ធនឹងផ្នែកយុទ្ធវិធី ដែលអនុញ្ញាតឱ្យនាយទាហានទាំងអស់យល់ដឹង និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមជាក់ស្ដែង។
ក្រោយពីបញ្ចប់ការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មនៅប្រទេសបារាំង និងអនុសេនីយ៍ទោ ប៊ុន ជាវត្តី បានដាក់គោលដៅកាន់តែវែងឆ្ងាយ។
យុវតីរូបនេះបានប្រាប់ថា៖ «ទីមួយគឺគោលដៅក្នុងអាជីពការងាររបស់ខ្ញុំ ខ្ញុំចង់ទៅបន្តថ្នាក់ការពារជាតិនៅប្រទេសបារាំង ដែលជាសាលាចុងក្រោយសាលាធំជាងគេ សាលាសង្គ្រាម (The War College ឬ École de Guerre) សម្រាប់វិស័យយោធានៅប្រទេសបារាំង និងបន្តកិច្ចសហប្រតិបត្តិការរវាងយោធាបារាំង និងកម្ពុជាឱ្យកាន់តែស្អិតរមួត»៕
ការប្រើប្រាស់ប្លាស្ទិកនៅក្នុងពិភពលោក មានការកើនឡើងជាកំហុគពីមួយឆ្នាំទៅមួយឆ្នាំដូចជាថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារនិងដបប្លាស្ទិកជាដើម។ បញ្ហាធំបំផុតរបស់ប្លាស្ទិកគឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ ជាពិសេសសារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទេច ប្លាស្ទិកតូចៗតែប៉ុណ្ណោះ។
តើសំណល់ប្លាស្ទិកបង្កឱ្យមានបញ្ហាចម្បងៗអ្វីខ្លះ?
កំទេចប្លាស្ទិកទំាងនោះ បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។
សំណល់ប្លាស្ទិកអាចបង្កឲ្យមានទឹកជំនន់ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក។ ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិកបង្កផលប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និងមនុស្ស។
សំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០%ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ក្នុងចំណោមទន្លេទាំង ១០ នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។ប្លាស្ទិកផ្លាស់ទីពីដីទៅក្នុងទន្លេ ដោយសារការបោះចោលទៅក្នុងទន្លេ ឬតាមរយៈខ្យល់បក់ហើយចុងក្រោយ វាធ្លាក់ចូលទៅក្នុងសមុទ្រ។
នៅតំបន់សមុទ្រ ថនិកសត្វ ត្រី និងបក្សីជាច្រើនរងផលប៉ះពាល់ ដោយសារការស៊ីប្លាស្ទិក ឬជាប់ទាក់នឹងប្លាស្ទិក។ ជារៀងរាល់ឆ្នាំមានបក្សីសមុទ្រចំនួនជាង ១ លានក្បាល និងសត្វសមុទ្រ ចំនួន១០០.០០០ ក្បាលបាត់បង់ជីវិតដោយសារច្រឡំស៊ីប្លាស្ទិកជាចំណី។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មក៏រងប៉ះពាល់ដោយសារទទួលរងការសឹករិចរិល និងការខូចខាតបង្កឡើងដោយសារ ឧបករណ៍នេសាទដែលធ្វើពីប្លាស្ទិកផងដែរ។
ការបំពុលដោយសារប្លាស្ទិកបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់យើង ដោយសារប្លាស្ទិកចូល ទៅក្នុងខ្លួនរបស់មនុស្សតាមរយៈត្រីដែលយើងបរិភោគប្លាស្ទិកភាគច្រើននៅក្នុងសមុទ្របំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម ៥ មីលីម៉ែត្រ ដែលគេហៅថា “មីក្រូប្លាស្ទិក”។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះបង្ហាញថា ក្នុងខ្លួនមនុស្សចំនួន១០នាក់ ដែលត្រូវ បានពិនិត្យ សុទ្ធតែមានផ្ទុកមីក្រូប្លាស្ទិកទាំងអស់។
ប្លាស្ទិកដែលត្រូវបានគេដុត វាបញ្ចេញសារធាតុគីមីគ្រោះថ្នាក់ដូចជាឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans) ដែលបង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្សសត្វ និងរុក្ខជាតិ ជាពិសេសបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។មិនតែប៉ុណ្ណោះ ការបំភាយឧស្ម័នពុលពីការដុត ប្លាស្ទិកទំាងនោះ បានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ៕
ពោធិ៍សាត់ :ដោយសារតែមានដុងពីកំណើត អ្វីដែលធ្វើឱ្យលោក ហេង ម៉ាក បានមើលឃើញមួយភ្លែតហើយ ដាក់ចិត្តដាក់កាយធ្វើរបស់នោះ លោកអាចសម្រេចដូចបំណង។ក្នុងនោះរួមមានសមិទ្ធផលជាម៉ាស៊ីនផលិតឥដ្ឋ ម៉ាស៊ីនកាត់ស្មៅនិងម៉ាស៊ីនចិញ្ច្រាំវត្ថុផ្សេងៗ ដែលលោក ម៉ាក អាចផលិតបានដោយគ្រាន់តែមើលយូធូបហើយធ្វើតាមប៉ុណ្ណោះ។
ម៉ាស៊ីនទាំងនេះមិនមែនជាសំបកគំហើញថ្មីនោះទេ។ ប៉ុន្តែសម្រាប់មនុស្សដែលមិនធ្លាប់បានរៀនឬយល់ដឹងពីបច្ចេកទេសរបស់វា ការដែលអាចធ្វើតាមយូធូបរហូតដល់ចេញជាផលិតផលសម្រេច ហើយអាចប្រើប្រាស់បានជាមួយការធានា១ឆ្នាំទៀតនោះ វាគឺជារឿងដ៏អស្ចារ្យ។
ក្នុងចំណោមម៉ាស៊ីនដែលលោកបានប្រទះឃើញក្នុងវីដេអូយូធូបមានម៉ាស៊ីនកាត់ស្មៅ ដែលត្រូវបានលោកកែច្នៃដើម្បីសម្រួលការងាររបស់អ្នកមានគុណ។
លោក ម៉ាក បានបញ្ជាក់ប្រាប់សារព័ត៌មាន SR News យ៉ាងដូច្នេះថា៖ «ហេតុផលដែលខ្ញុំកែច្នៃម៉ាស៊ីនកាត់ស្មៅនេះមក ព្រោះឪពុកខ្ញុំជាអ្នកចាំចម្ការឱ្យគេ ហើយឃើញគាត់មានការលំបាក ក៏មានគំនិតច្នៃម៉ាស៊ីនកាត់ស្មៅនេះឡើង»។
គំនិតនេះត្រូវបានបំភ្លឺបន្ថែមតាមរយៈការមើលវីដេអូនៅក្នុងយូធូប ដែលបានបង្ហាញពីអំពីដំណើរការនៃការផលិតម៉ាស៊ីនកាត់ស្មៅ។ក្រោយពីមើលរួច លោកក៏មានកូនចិត្តមួយគិតថាវាហាក់មិនមានការពិបាកអ្វីនោះទេ។លោកក៏ចាប់ផ្ដើមប្រមែប្រមូលឧបករណ៍មកធ្វើសាកល្បង។ណាមួយគ្រឿងម៉ាស៊ីនទាំងនោះមិនមានភាពសាញ៉ាំ ហើយគ្រឿងបង្គុំភាគច្រើនក៏មានស្រាប់។
លោកបានបន្ថែមទៀតថា ការធ្វើម៉ាស៊ីនកាត់ស្មៅនេះ លោកត្រូវការដែកមួយចំនួន ម៉ាស៊ីនម៉ាស៊ូតមួយគ្រឿង និងកង់ឡានមួយគូ ប៉ុស្តិ៍ផ្សារលួស ម៉ូទ័រស្វានឧបករណ៍កាត់ដែក និងកម្លាំងជាងពីរនាក់ក្នុងការ ផលិតម៉ាស៊ីនកាត់ស្មៅមួយគ្រឿង។
នៅក្នុងការផលិតម៉ាស៊ីនកាត់ស្មៅនេះដែរ លោកក៏បានជួបផលលំបាកមួយចំនួន។ទីមួយគឺពិបាកក្នុងការរៀបផ្លែកាំបិតឲ្យត្រូវតាមបច្ចេកទេស សម្រាប់កាត់ស្មៅខ្ពស់ៗហើយក្រាស់ៗ។ទីពីរលៃលករៀបរូបរាងឲ្យបានត្រឹមត្រូវទៅតាមម៉ាស៊ីនជាក់ស្ដែង។
ដោយសារតែការលំបាកនេះហើយ ទើបលោកបានបញ្ជាក់ពីតម្លៃផលិតរបស់លោកយ៉ាងដូច្នេះថា៖ «ក្នុងការផលិតម៉ាស៊ីនកាត់ស្មៅមួយគ្រឿងខ្ញុំត្រូវការចំណាយពេល ១០ថ្ងៃ និងមានតម្លៃ ១,៧៥០ ដុល្លារថែមទាំងមានការធានារយះពេល១ឆ្នាំទៀតផង!។
បុរសវ័យ៣៣ឆ្នាំរូបនេះបានបន្តទៀតថា៖ «អតិថិជនដែលបានជាវម៉ាស៊ីនកាត់ស្មៅយកទៅប្រើប្រាស់ ពួកគាត់មានការគាំទ្រនិងសសើរថាម៉ាស៊ីនម៉ាស៊ីនកាត់ស្មៅនេះមានគុណភាពល្អ ដំណើរការលឿន កាត់ស្មៅបានស្អាតមានសុវត្តិភាពខ្ពស់ មិនមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់»។
ក្រៅពីធ្វើម៉ាស៊ីនកាត់ស្មៅនេះលោក ម៉ាកក៏កំពុងច្នៃធ្វើម៉ាស៊ីនផលិតឥដ្ឋ និងផលិតឥដ្ឋបរិស្ថាន ឬហៅថាឥដ្ឋអេកូ។
បច្ចុប្បន្ននេះលោក ម៉ាកក៏មានបំណងចង់ផលិតម៉ាស៊ីនផលិតធ្យូងអនាម័យ ម៉ាស៊ីនកាត់ស្មៅដែលមានចំនួន៣ខ្នាត គឺខ្នាត ៨ តឹក ខ្នាត១ម៉ែត្រ២តឹក និង ខ្នាត១ម៉ែត្រ ៤០តឹកជាមួយការធានាជួសជុល សម្រាប់ការខូចខាតនិងមានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ភ្ញៀវ។
សិប្បកម្មផលិតម៉ាស៊ីនកាត់ស្មៅនេះមានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើទុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នាថ្ងៃអនាគតលោក ម៉ាកមានបំណងចង់ផលិតគ្រឿងឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្មដូចជាម៉ាស៊ីនចិញ្ច្រាំស្មៅ ក្បាលបូមទឹក ការកែច្នៃគោយន្តកន្ត្រៃនិងកូនត្រាក់ទ័រតូច។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុក Heng Mak ( https://shorturl.at/3IBSf)ឬលេខទូរសព្ទ៖ ០៨៨ ៧០៩ ៩៤៣៤ និង ០៦៦ ៨០០ ៤៨៤៕
សៀមរាប៖ មនុស្សមួយចំនួនអាចមិនស្គាល់ផ្លែព្នៅតែរុក្ខជាតិមួយនេះត្រូវបានគេទទួលស្គាល់ពីគុណប្រយោជន៍ជួយសុខភាព ហើយពលរដ្ឋមួយចំនួនបរិភោគវាស្រស់ៗច្នៃធ្វើជាឱសថ និងតែសម្រាប់ឆុងផឹកជាដើម។
ដោយមើលឃើញពីគុណប្រយោជន៍នៃផ្លែព្នៅនេះ សហគមន៍ដាំបន្លែសុវត្ថិភាពសៀមរាបបានកែច្នៃផ្លែព្នៅជាផលិតផលក្រៀម ដូចជា តែព្នៅជាដើម ដែលអាចរក្សាទុកបានយូរនិងអំណោយផលក្នុងការដាក់លក់នៅលើទីផ្សារ។
កញ្ញា ចៅ សុភ័ក្ត្រត្រាបុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបបានប្រាប់សារព័ត៌មាន SR News៖ «ពលរដ្ឋមួយចំនួននៅក្នុងសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបយើងច្នៃជាផលិតផល តែព្នៅ ជួយដល់សុខភាពលក់នៅលើទីផ្សារ ដោយមិនមានសារធាតុរក្សាទុកអីនោះទេនិងជួយអភិរក្សវាផងដែរ»។
តែព្នៅត្រូវបានប្រើប្រាស់ជាឱសថបុរាណធម្មជាតិសម្រាប់ព្យាបាលជំងឺក្រពះទល់លាមក ហើមពោះ និងរាគរូស។ វាក៏អាចជួយសម្រួលដល់ដំណេក ដំណើរការតម្រងនោម ប៉ូវកម្លាំងនិងមានគុណប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាព។
ដោយសារផ្លែព្នៅជារុក្ខផលធម្មជាតិដែលមានសភាពរឹងគួរសមនោះ ដូច្នេះប្រជាសហគមកាត់វាជាចំណិតៗមុននឹងយកទៅហាលឱ្យស្ងួត ដោយប្រកាន់ខ្ជាប់នូវអនាម័យតាមបច្ចេកទេសសុវត្ថិភាពចំណីអាហារ។
កញ្ញា សុភ័ក្ត្រត្រា បានលើកឡើងបន្តថា៖ «ផ្លែព្នៅយើងរើសផ្លែដែលល្អៗ មិនទុំពេក ហើយក៏មិនខ្ចីពេកដែរហើយមួយវិញទៀត ផ្លែព្នៅ រៀងពិបាកកាត់ដែរ ដោយសារវារឹងគួរសម អ៊ីចឹងយើងកាត់ជាចំណិតតូចៗដើម្បីយកទៅហាលឱ្យស្ងួតល្អ និងមានអនាម័យត្រឹមត្រូវ»។
បច្ចុប្បន្ន សមាគមបានកែច្នៃតែ ដែលពីរុក្ខជាតិធម្មជាតិចំនួន៣ រសជាតិរួមមាន៖ តែស្លឹកគ្រៃ តែម្ជូរល្មម ឬតែម្ជូរព្រឹក និងតែព្នៅដែលសុទ្ធសឹងជាតែ ល្អចំពោះសុខភាព។
ទោះជាយ៉ាងណាក្ដី កញ្ញា សុភ័ក្ត្រត្រា ទទួលស្គាល់ថាតែព្នៅ មិនសូវមានអ្នកគាំទ្រច្រើនដូច តែស្លឹកគ្រៃ និងតែម្ជូរល្មមនោះទេ ដោយហេតុថាផ្លែព្នៅមិនសូវមានអ្នកស្គាល់។
អ្នកសម្របសម្រួលវ័យ ២៧ឆ្នាំ រូបនេះបានបន្តថា៖«ផ្លែព្នៅ តាមតំបន់មួយចំនួនមិនសូវដែលស្គាល់ ឧទាហរណ៍អ្នកនៅភ្នំពេញ ពិសេសក្មេងៗឥលូវខ្លះមិនស្គាល់នោះទេហើយក៏សឹងតែដាច់ពូជទៅហើយ មានតិចតួចនៅក្នុងព្រៃជ្រៅៗប៉ុណ្ណោះនៅតាមភូមិលែងសូវមានព្នៅដូចមុនហើយ»។
បច្ចុប្បន្នតែព្នៅ សុខភាពរបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប មួយកញ្ចប់ធំ មាន២៤កញ្ចប់តូចទម្ងន់៤៨ក្រាម ហើយមានតម្លៃ ១៦០០០រៀល។ សមាគមក៏មានតម្លៃអាស្រ័យទៅតាមការលក់បោះដុំជាគីឡូ និងលក់រាយ ដល់អាជីវករដែលចង់បានព្នៅ យកទៅលាយជាឱសថផ្សេងៗផងដែរ។
តម្លៃតែព្នៅលក់លើទីផ្សារ អាស្រ័យលើការចំណាយលើវត្ថុធាតុដើមធម្មជាតិនិងកម្លាំងពលកម្មប្រជាសហគមផ្ទាល់ ដោយសមាគមមិនមានឧបករណ៍ទំនើបៗដូចសហគ្រាសធំៗនោះទេ។
បុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបបានពន្យល់ថា៖ «មានអ្នកខ្លះត្អូញថា ផលិតផលក្នុងស្រុកសោះម៉េចក៏ថ្លៃម៉េស? តែមែនទែនទៅថ្លៃដោយសារតែ សម្បកវេចខ្ចប់សុទ្ធសឹងតែជារបស់នាំចូល ណាមួយផលិតផលរបស់យើងផលិតដោយដៃប្រជាសហគមផ្ទាល់មិនមានម៉ាស៊ីនក្នុងការកែច្នៃដូចទៅហ្នឹងសហគ្រាសផ្សេងៗនោះទេទើបធ្វើឱ្យតម្លៃរៀងខ្ពស់បន្តិច»។
ជាក់ស្ដែងប្រជាសហគមដែលផលិត តែព្នៅ ជាអ្នករស់នៅតំបន់ប្រាសាទបាគង។ដូច្នេះហើយផ្លែព្នៅដែលពួកគាត់រកនៅតាមភូមិស្រុករបស់គាត់ផ្ទាល់ នៅសេសសល់មិនច្រើនប៉ុន្មាននោះទេ។មួយចំនួនទៀតត្រូវនាំយកពីលើភ្នំគូលែន ដើម្បីផលិតចេញជាតែលក់នៅលើទីផ្សារ។
តែព្នៅ ផលិតដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបមានលក់នៅហាងរបស់សមាគមផ្ទាល់ដែលស្ថិតនៅជើងភ្នំគូលែន និងមួយទីតាំងទៀតស្ថិតនៅឃុំឃុនរាមស្រុកបន្ទាយស្រី។ នៅរាជធានីភ្នំពេញ ផលិតផលសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបអាចរកជាវបាននៅហាងមួយចំនួនរួមមានម៉ាត ខេមរៈអាហារ ផ្សារលក់ផលិតផលខ្មែរ និងហាងសុខ ហ្វាម នៅជិតផ្សារកណ្ដាល ជាដើម។
កញ្ញា សុភ័ក្ត្រត្រា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យការជួយគាំទ្ររបស់ក្នុងស្រុកឱ្យបានច្រើនពិសេសផលិតផលដែលធ្វើដោយដៃរបស់ សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបដែលមានលក់នៅលើទីផ្សារ តាមម៉ាត ផ្សារធម្មជាតិ ឬនៅតាមកម្មវិធីតាំងពិរព័ណ៍នានាជាដើម។
សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលជីវភាពប្រជាកសិករបង្កើនចំណូលបន្ថែមពីរបរធ្វើស្រែចម្ការក៏ដូចជារួមគ្នាអភិរក្សធនធានធម្មជាតិឱ្យនៅគង់វង្សផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទំព័រហ្វេសប៊ុកអ្នកដាំបន្លែសុវត្ថិភាពសៀមរាបTheGreen Farmers Siem Reap ឬតាមរយៈលេខទូរសព្ទ 070 256 084៕
សៀមរាប :ដូនតាខ្មែរយើងបានបន្សល់ទុកក្បួនខ្នាតសិល្បៈចម្លាក់ជាច្រើនប្រភេទ រាប់តាំងពីចម្លាក់លើថ្ម ឈើ ប្រាក់ ស្ពាន់ និងលើស្បែកសត្វជាដើម។ អ្នកបន្តវេនមរតកនេះទាមទារពេលវេលាការហ្វឹកហាត់ និងបេះដូងស្រឡាញ់ជំនាញនេះពិតៗ ទើបអាចអាស្រ័យផលរបរបានយូរអង្វែង។
ក្នុងចំណោមអ្នកជំនាន់ក្រោយទាំងនេះ យុវជនខា គឹមឈុយ បានក្លាយជាជាងចម្លាក់លើស្បែកគោអស់ជាង ២ឆ្នាំមកហើយបន្ទាប់ពីរូបលោកបានសិក្សាជំនាញនេះជាង១ទសវត្សរ៍ ជាមួយនឹងលោកគ្រូ ញឹកសេរីរតនា នៅសិប្បកម្ម Little Angels។
លោកបានប្រាប់ SRNews ថា៖ «គិតមកដល់ពេលបច្ចុប្បន្ននេះ ខ្ទង់ជាង ១២ឆ្នាំមកហើយដែលខ្ញុំបានសិក្សានៅទីនោះ។ កាលគ្រានោះខ្ញុំជាក្មេងកំព្រា ហើយបានចូលរៀននៅទីនោះពេលដែលយើងអាចឆ្លាក់បានហើយយើងអាចលក់រូបចម្លាក់នោះយកលុយដើម្បីផ្គត់ផ្គង់ការសិក្សាបាន។
កត្តាជីវភាពពុំអាចឱ្យលោកបន្តការសិក្សាបានខ្ពង់ខ្ពស់នោះទេតែមូលហេតុដែលលោក គឹមឈុយ បានចូលរៀនឆ្លាក់ស្បែក គឺកើតចេញពីចិត្តស្រឡាញ់ជំនាញនេះផងដែរ។
លោកបានរៀបរាប់ប្រាប់ SRNews ថា៖ «បានជាខ្ញុំចាប់យកមុខរបបជាជាងចម្លាក់លើស្បែកគោនេះ ដោយសារតែចិត្តស្រឡាញ់ចង់ថែវប្បធម៌ដូនតាដែលមានតាំងពីយូរលង់ណាស់មកហើយ»។
ចម្លាក់ស្បែកត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនមុននឹងលេចរូបរាងជាស្នាដៃដ៏ប្រណីត។យោងតាមលោក គឹមឈុយ ដំបូងឡើយលោកត្រូវទៅទិញស្បែកគោស្រស់ៗ ពីហាងកាប់គោយកមកលាតត្រដាងដើម្បីចៀរយកសាច់ និងខ្លាញ់ឲ្យស្អាត រួចហាលវាឲ្យស្ងួតល្អកុំឱ្យធុំក្លិនដោយត្រូវប្រើរយៈពេលប្រាំពីរទៅដប់ថ្ងៃ។
លោកបានបញ្ជាក់ផងដែរថា៖ «ស្បែកគោដែលយើងយកមកធ្វើគឺមិនឲ្យលើសដប់ពីរម៉ោងទេដែលវាអាចបណ្ដោយឲ្យស្បែកគោអន់ និងឆាប់ពុកផុយ»។
បន្ទាប់ពីហាលវាស្ងួចចប់សព្វគ្រប់ហើយ លោកត្រូវយកវាមកកាត់ទៅតាមខ្នាតដែលត្រូវឆ្លាក់។ រាល់ចម្លាក់នីមួយៗទាមទារការគូររូបព្រៀងនៅលើស្បែកគោសិនទើបជាងអាចឆ្លាក់ទៅតាមក្បូរក្បាច់រចនាដូចដែលបានគ្រោងទុក។
ទំរាំអាចរំលេចចេញជាស្នាដៃដ៏ល្អឥតខ្ចោះជាងចម្លាក់វ័យ ២៧ឆ្នាំរូបនេះ បានលើកពីផលលំបាកថា៖ «ការឆ្លាក់រូបនីមួយៗត្រូវការភាពម៉ឺងម៉ាត់ម៉ត់ចត់ ព្រោះបើឆ្លាក់ខុសហើយ មិនអាចកែបានទេ»។
បន្ទាប់ពីឆ្លាក់រួច ស្បែកគោត្រូវបានយកទៅលាបថ្នាំពណ៌ដើម្បីកម្ចាត់ក្លិន និងអាចរក្សាទុកបានយូរ។
លោក គឹមឈុយ បញ្ជាក់ផងដែរថា៖ «ការលាបថ្នាំពណ៌នេះទៀតសោធយើងលាបទៅតាមការចង់បានរបស់អតិថិជន មានដូចជាពណ៌ស ពណ៌ក្រហម ពណ៌ក្រមៅ ឬពណ៌កាហ្វេពណ៌ខ្មៅជាដើម»។
ចម្លាក់លើស្បែកគោមាន ៣ ខ្នាតសម្រាប់អតិថិជនជ្រើសរើសគឺខ្នាតតូច តម្លៃចាប់ពី ៥ ដុល្លារ ដល់ ៥០ដុល្លារ ខ្នាតកណ្ដាល តម្លៃពី ៥០ដុល្លារដល់ ៨០ដុល្លារ និងខ្នាតធំ តម្លៃពី ៣០០ ដុល្លារ ដល់ជាង១០០០ដុល្លារ។អតិថិជននិយមជាវចម្លាក់ស្បែកគោយកទៅដាក់តាំងលម្អផ្ទះនិងការិយាល័យធ្វើការជាដើម។
សិប្បកម្មចម្លាក់ស្បែកគោ មានទីតាំងស្ថិតនៅភូមិព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ភ្ងៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកដល់កន្លែងផ្ទាល់និងបានឃើញទឹកដៃរបស់លោក តែងតែនាំគ្នាសរសើរថា ចម្លាក់មានភាពរស់រវើកហើយខ្លះថែមទាំងជួយទិញទៀតផង។
សម្រាប់គម្រោងទៅថ្ងៃអនាគត នៅពេលដែលមុខរបររបស់លោកឈរជើងបាននឹងធឹងហើយលោកនឹងចាប់ផ្តើមទទួលបង្រៀនសិស្ស ដើម្បីបន្ត និងរក្សាសិល្បៈមួយនេះឲ្យគង់វង្សតរៀងទៅ។
ព័ត៌មានបន្ថែមពីចម្លាក់ស្បែកគោ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុកចម្លាក់ស្បែកគោ ឬទំនាក់ទំនងទូរសព្ទលេខ ០៦០ ៦២៩ ១៧៤៕
ការហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលអាចជួយលើកកម្ពស់គុណភាពជីវិតរបស់យើង។
ការហាត់នៅក្លិបហាត់ប្រាណ (Gym) ជាប្រចាំផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពមិនថាកាយសម្បទារឹងមាំនោះទេ សូម្បីតែអារម្មណ៍ស្មារតីក៏ប្រសើរឡើងដែរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួននៃការហាត់ប្រាណនៅ Gym ដែល SR News លើកមកបង្ហាញ៖
១.ធ្វើឱ្យកាយសម្បទារឹងមាំ
ការហ្វឹកហាត់លើកទម្ងន់និងលំហាត់ប្រាណទៅតាមផ្នែកនៃរាងកាយ អាចជួយពង្រឹងសាច់ដុំ និងបង្កើនកម្លាំងថាមពល។រីឯលំហាត់ប្រាណបែប Cardio ដូចជាការរត់ ជិះកង់ អាចធ្វើឱ្យសុខភាពបេះដូងនិងកម្លាំងកាន់តែរឹងមាំ។
២.ជួយគ្រប់គ្រងទម្ងន់
ការហាត់ប្រាណទៀងទាត់ជួយដុតកាឡូរីកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ។ ការហ្វឹកហ្វឺនកម្លាំងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អនិងងាយស្រួលក្នុងការដុតកាឡូរីសូម្បីតែពេលសម្រាក។
៣.បង្កើនសុខភាពផ្លូវចិត្ត
លំហាត់ប្រាណនាំឱ្យមានការបញ្ចេញអរម៉ូន endorphins ដែលជាប្រភេទអរម៉ូនជួយកាត់បន្ថយការឈឺចាប់ភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ការហាត់ប្រាណទៀងទាត់អាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបង្កើនទំនុកចិត្តលើខ្លួនឯង និងធ្វើឱ្យសុខុមាលភាពទូទៅប្រសើរឡើង។ លំហាត់ប្រាណក៏រួមចំណែកចបង្កើនគុណភាពនៃការគេង ជួយឱ្យចាប់លង់លក់ និងដំណេកស្កប់ស្កល់។
៤.លើកកម្ពស់សុខភាពឆ្អឹង និងសន្លាក់
លំហាត់ប្រាណទម្ងន់ជួយពង្រឹងឆ្អឹង បង្កើនកំហាប់ដង់ស៊ីតេឆ្អឹងនិងរួមចំណែកកាត់បន្ថយអត្រាប្រឈមនឹងស្ថានភាពពុកឆ្អឹង។ ការពង្រឹងសាច់ដុំជុំវិញសន្លាក់ អាចធ្វើឱ្យប្រសើរឡើងនូវសុខភាពសន្លាក់និងកាត់បន្ថយហានិភ័យនៃការរងរបួស។
៥.ធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល
លំហាត់ប្រាណបង្កើនលំហូរឈាមទៅកាន់ខួរក្បាលបង្កើនមុខងារនៃការយល់ដឹង ការចងចាំ និងការផ្តោតអារម្មណ៍។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការហាត់ប្រាណទៀងទាត់កាត់បន្ថយហានិភ័យនៃការថយចុះញាណយល់ដឹងដែលខ្សោយទៅតាមអាយុកាល។
៦.មានភាពសកម្មក្នុងសង្គម
មនុស្សជាច្រើនស្វែងរកការផ្សារភ្ជាប់នឹងជីវិងតសង្គមនៅក្នុងបរិយាកាសនៃកន្លែងហាត់ប្រាណដោយអ្នកអាចជួបមនុស្សថ្មី ចូលរួមថ្នាក់ហាត់ប្រាណជាក្រុម ឬស្វែងរកដៃគូហាត់ប្រាណដែលអាចជួយឱ្យអ្នកទទួលបានការលើកទឹកចិត្ត និងទំនួលខុសត្រូវ។
ការបញ្ចូលការហាត់ប្រាណទៀងទាត់ទៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកជាកត្តារួមចំណែកធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប្រសើរឡើងហើយទាំងនេះជាធាតុផ្សំដ៏សំខាន់នៃរបៀបរស់នៅដ៏រស់រវើកនិងប្រកបដោយតុល្យភាព៕
សៀមរាបៈ គ្រឿងអលង្ការនិងរបស់តុបតែងកាយច្នៃពីសម្បកគ្រាប់កាំភ្លើង ដោយស្នាដៃសិប្បករនៅខេត្តសៀមរាបទទួលបានការពេញនិយមពីអតិថិជន នៅតាមបណ្តាខេត្ត និងថែមទាំងបាននាំយកទៅលក់នៅសហរដ្ឋអាមេរិកនិងអង់គ្លេសទៀតផង។
អ្នកច្នៃសម្បកគ្រាប់កាំភ្លើងជាគ្រឿងអលង្ការលោក ឡុង ឡេង កើតក្នុងគ្រួសារក្រីក្រ ដែលមានស្រុកកំណើតនៅភូមិអូរតាប៉ោងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកជាកូនទី ៤ ក្នុងចំណោមបងប្អូនស្រី៧ នាក់ទៀត។
សិប្បកររូបនេះបានរៀបរាប់ពីអតីតកាលឱ្យSR Newsដឹងថា ដោយសារតែឪពុកម្តាយក្រីក្រ សូម្បីតែដីស្រែក៏មិនមានធ្វើនិងគ្មានលទ្ធភាពរកលុយឱ្យកូនៗរៀនផងនោះ លោកត្រូវរៀនបណ្តើរ ទូលនំលក់បណ្តើរ។ជួនកាលលោកត្រូវស៊ីឈ្នួលឡើងបេះដូងឱ្យគេក្នុងមួយថ្ងៃឱ្យបានចន្លោះពី២០ ដើមទៅ ៣០ដើមក៏មានដែរ ដើម្បីយកលុយទៅរៀន។
លោក ឡេង បានបញ្ជាក់ថា លោកបានតស៊ូពុះពាររៀនសូត្រចប់ថ្នាក់ទី១២ប៉ុន្តែដោយសារឪពុកម្តាយគ្មានលទ្ធភាពឱ្យរៀនបន្តថ្នាក់មហាវិទ្យាល័យលោកក៏សម្រេចចិត្តសុំម្តាយឪពុកធ្វើដំណើរផ្សងព្រេងមករកការងារធ្វើនៅទីក្រុងតែម្នាក់ឯង។
ពេលមកដល់រាជធានីភ្នំពេញដំបូង លោកបានជួបស្រ្តីជនជាតិអង់គ្លេសម្នាក់ឈ្មោះម៉ារី ដែលជាប្រធានសមាគមរចនា។ សមាគមនោះផ្ដល់ការចិញ្ចឹមថែទាំក្មេងៗកំព្រានិងយុវជន ដែលគ្មានការងារធ្វើជាច្រើននាក់ ដោយបង្ហាត់បង្រៀនជំនាញកែច្នៃដោយដៃប្រែក្លាយកាកសំណល់គ្មានតម្លៃទៅជាវត្ថុសិល្បៈ។
លោកបានបន្តថា ក្រោយមក អ្នកស្រី ម៉ារីបានលាឈប់ពីដំណែងជាប្រធានសមាគម និងបានបើកហាងកែច្នៃគ្រឿងអលង្ការមួយកន្លែងនៅឯខេត្តសៀមរាបដោយនាំយករូបលោកទៅធ្វើជាមេជាងនៅហាងនោះផងដែរ។
ក្រោយពីលោកបម្រើការងារនៅហាងរបស់អ្នកស្រីម៉ារី បានជាងមួយឆ្នាំ គឺនៅដើមឆ្នាំ ២០១៦ លោកក៏សម្រេចចិត្តចេញមកធ្វើអាជីវកម្មខ្លួនឯងវិញម្ដងតាមរយៈការដាក់ឈ្មោះហាងនោះថា «ជីវិតថ្មី» ។
លោកបានបញ្ជាក់ថា៖ «សិប្បកម្មខ្ញុំធ្វើរបស់អ្វីមួយឱ្យប្លែកនិងមានទម្រង់ជាខ្មែរទាំងអស់ ដោយខ្ញុំបានរចនាតាមបែបប្រាសាទអង្គរវត្តផ្ការំដួល ប៉ុន្តែបែបអឺរ៉ុបក៏ខ្ញុំចេះដូចគ្នាដែរឱ្យតែភ្ញៀវចង់បានម៉ូដអីក៏បានដែរ»។
សិប្បកម្មរបស់លោកបានផលិតជារបស់តាក់តែងកាយដូចជាចិញ្ចៀន កងដៃ ក្រវិល បន្តោងខ្សែក កងក កន្លាស់អាវនិងគ្រឿងអលង្ការផ្សេងៗទៀត ក្នុងតម្លៃលក់ចាប់ពី ១០ ដុល្លាររហូតដល់ ៣៥ដុល្លារ។
លោកបានប្រមូលទិញសម្បកគ្រាប់កាំភ្លើងពីបន្ទាយយោធាកន្លែងបាញ់ស៊ីបនៅក្រុងសៀមរាប និងតាមទីកន្លែងលក់អេតចាយ។
គ្រាដំបូងនៃការស្វែងរកវត្ថុធាតុដើម លោកឡេង បានរំឭកប្រាប់ថា៖ «ខ្ញុំទៅកន្លែងបន្ទាយទាហានដំបូង ខ្ញុំសុំទិញគាត់ហើយគាត់សួរថា អូនឯងទិញយកទៅធ្វើអី? ហើយខ្ញុំប្រាប់គាត់ថាខ្ញុំសុំទិញតែសម្បកគ្រាប់ ខ្ញុំមិនទិញគ្រាប់កាំភ្លើងទេខ្ញុំពន្យល់ពីគោលបំណងទើបគាត់លក់ឱ្យខ្ញុំ»។
សម្បកគ្រាប់កាំភ្លើង ដែលលោកប្រមូលមកបានត្រូវកាត់ផ្នែកគូថមានផ្ទុកជាតិដែកចេញ ទើបអាចស្លរំលាយយកទៅកែច្នៃតាមទំហំនៃគ្រឿងអលង្ការមួយៗឬតាមការកុម្ម៉ង់ទិញរបស់អតិថិជន។
ក្នុងមួយខែៗលោកត្រូវការគ្រាប់កាំភ្លើងដែលដុតរំលាយរួចក្នុងបរិមាណចន្លោះពី ៣០គីឡូក្រាម រហូតដល់ ១០០ គីឡូក្រាម ដើម្បីយកមកកែច្នៃគ្រឿងអលង្ការ។
ស្នាដៃគ្រឿងអលង្ការកែច្នៃពីសម្បកគ្រាប់កាំភ្លើងនេះក៏មានដាក់លក់នៅតំបន់ផាប់ស្ទ្រីត ផ្សារទំនើប តាមហាង បណ្ដាខេត្តមួយចំនួនតាមប្រព័ន្ធអនឡាញ និងទីផ្សារក្រៅប្រទេសដូចជា អាមេរិក និង អង់គ្លេសផងដែរ។
លោក ឡេង បន្ថែមថា លោកក៏ទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្មនិងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបផងដែរ។
ខណៈដែលអាជីវកម្មទទួលបានផ្លែផ្កាសិប្បករដែលមានសាវតាពីគ្រួសារទីទ័ល ក៏ប្រកាន់នូវឆន្ទៈចង់បណ្ដុះបណ្ដាលយុវជននិងក្មេងស្រករក្រោយឱ្យដើរតាមគន្លងរបស់លោកផងដែរទើបលោកស្លាប់ទៅបិទភ្នែកជិត។
លោក ឡេង គ្រោងនឹងផ្ទេរចំណេះជំនាញនេះដល់យុវជនជំនាន់ក្រោយតាមរយៈការស្វែងរកដៃគូសហការជាអង្គការក្មេងកំព្រា ឬសប្បុរសជន ដែលអាចផ្តល់ជាឧបករណ៍កែច្នៃហើយរូបលោកនឹងខិតខំបង្រៀនជំនាញកែច្នៃអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះ។
សិប្បកម្មកែច្នៃគ្រាប់កាំភ្លើង «ជីវិតថ្មី» មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់គ្រួស ខេត្តសៀមរាប។ ព័ត៌មានបន្ថែមពីសិប្បកម្មកែច្នៃគ្រាប់កាំភ្លើង«ជីវិតថ្មី» អាចទំនាក់ទំនងតាមទូរសព្ទលេខ០៩៦ ៥៣៩ ២២៨៣៕
ដោយមើលឃើញពីគុណប្រយោជន៍នៃគ្រាប់ស្វាយចន្ទីចំពោះសុខភាពគួបផ្សំនឹងសក្ដានុពលសម្បូរបែបនៃវត្ថុធាតុដើមនេះ ស្ថាបនិកពីររូបបានសហការគ្នាធ្វើប៊័រចន្ទី ដោយផ្ដោតលើការរក្សានូវក្លិនឈ្ងុយរសជាតិដើមផ្អែមបែបធម្មជាតិ និងសុវត្ថិភាពពីការការប្រើសារធាតិគីមីទុកឱ្យបានយូរ។
អ្នកស្រី សាយ ឆេងហោ ជាសហស្ថាបនិកប៊័រចន្ទីបានប្រាប់សារព័ត៌មានSRNews ឱ្យដឹងថា៖ «សិប្បកម្ម Aiden’s Cashews ជាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីទៅជា ប៊័រចន្ទីដំបូងគេនៅកម្ពុជា»។
ស្ថាបនិកសិប្បកម្មប៊័រទាំងពីររូបមានគ្រួសារមកពីអឺរ៉ុបនិងបានសហការគ្នាស្រាវជ្រាវពីអត្ថប្រយោជន៍នៃ គ្រាប់ស្វាយចន្ទី។
អ្នកស្រីបានឱ្យដឹងទៀតថា៖ «ពួកយើងបានកែច្នៃគ្រាប់ចន្ទីឱ្យទៅជាប៊័រចន្ទីដែលមានក្លិនឈ្ងុយ រសជាតិផ្អែមបែបធម្មជាតិរសជាតិដើមដូចទៅនឹងប័រសណ្តែកដីដែរ។ ហើយយើងមិនដាក់បញ្ចូលសារធាតុគីមីរក្សាទុកនោះឡើយ ដោយគិតពីសុខភាពសុវត្ថភាពភាពជាចម្បង»។
គ្រាប់ស្វាយចន្ទី គឺជាធញ្ញជាតិដែលផ្ទុកប្រភពពពួកខ្លាញ់ល្អចំពោះសុខភាព។ ក្រៅពីនេះ វាក៏សម្បូរទៅដោយសារធាតុរ៉ែដូចជា ទង់ដែង ម៉ាញេស្យូមប៉ូតាស្យូម ដែក និងស័ង្កសីជាដើម។
លើសពីការប្រមូលផលយកគ្រាប់ស្វាយចន្ទីទៅលក់ក្រុមគ្រួសារទាំងពីរបានសាកល្បងកែច្នៃគ្រាប់ចន្ទីជាប៊័រ ដែលជាអាហារដ៏ពេញនៅអឺរ៉ុបដោយសារភាពងាយស្រួលគ្រាន់តែលាបលើនំប៉័ងសម្រាប់អាហារពេលព្រឹកបែបងាយៗលឿនៗ។
អ្នកស្រី ឆេងហោ បានបន្តថា៖ «ដំបូងឡើយពួកខ្ញុំគ្រាន់តែជាអ្នកលក់គ្រាប់ស្វាយចន្ទីធម្មតាៗទេ ហើយណាមួយចន្ទីមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ក៏នឹកឃើញថាផលិតផលប៊័រចន្ទីនេះ»។
ស្ថាបនិកវ័យ ២៨ឆ្នាំនេះបានលើកឡើងទៀតថា៖«នៅលើទីផ្សារច្រើនតែគ្រាប់ស្វាយចន្ទី អ៊ីចឹងពួកយើងក៏មានគំនិតចង់កែច្នៃគ្រាប់ចន្ទីឱ្យទៅជាប៊័រចន្ទីស្រដៀងទៅនឹងប៊័រសណ្តែកដីដែរ ដែលពួកយើងធ្លាប់បានដឹងពីមុនរួចមកហើយដែរ»។
ក្នុងដំណើរការសាកល្បងផលិតជាលើកដំបូងអ្នកស្រីគ្រាន់តែយកគ្រាប់ស្វាយចន្ទីទៅក្រឡុកក្នុងម៉ាស៊ីន តែមិនទទួលបានផលល្អនៅឡើយ។ ក្រោយពីទទួលបានយោបល់ច្រើនពីគ្រួសារជាជនជាតិអឺរ៉ុបផ្ទាល់ស្ថាបនិករូបនេះបានទៅសិក្សាស្រាវជ្រាវបន្ថែមទៀតពីដំណើរការធ្វើប៊័រចន្ទីរហូតដល់សម្រេចបានផលិតផលជោគជ័យ។
ប៊័រចន្ទីត្រូវបានសម្រិតសម្រាំងនូវគ្រឿងផ្សំល្អៗរួមមាន៖ គ្រាប់ស្វាយចន្ទីសរីរាង្គ វ៉ាន់នីឡា ប្រេងដូង និងអំបិលក្រហម ទើបធ្វើឱ្យប៊័រនេះមានភាពល្មួតនិងមានរសជាតិឈ្ងុយឆ្ងាញ់។សារធាតុរក្សាទុកបានយូរមិនត្រូវបានដាក់បញ្ចូលក្នុងប៊័រនោះទេ។
អ្នកស្រី ឆេងហោ បានរៀបរាប់ពីការប្រើប្រាស់ប៊័រចន្ទីជាអាហារយ៉ាងដូច្នេះថា៖«ប៊័រចន្ទី Cashew butter របស់យើងណា ញ៉ាំសុទ្ធក៏បានញ៉ាំជាមួយនំបុ័ងគ្រប់ប្រភេទ ការ៉េមតាមតម្រូវការក្រឡុកជាមួយផ្លែឈើធ្វើជាទឹកក្រឡុក smoothie ក៏បានជំនួយសុខភាពច្រើនផ្នែកនិងឆ្អឹងរឹងមាំផងដែរ ញ៉ាំបានទាំងក្មេង និងមនុស្សចាស់»។
ប៊័រចន្ទី មានតម្លៃ ៦ដុល្លារ ក្នុងមួយក្រឡ១៨០ក្រាម។ អ្នកស្រីក៏ទទួលកម្ម៉ង់គិតជាថង់មានទម្ងន់ ៥ គីឡូក្រាមសម្រាប់ដាក់តាមសណ្ឋាគារនិងភោជនីយដា្ឋនផងដែរ។
សន្ទុះនៃការគាំទ្រមានការកើនឡើងច្រើនជាលំដាប់ ក្រោយពីការចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី ១១ខែតុលា ឆ្នាំ២០២៣។
ដោយមានការដាក់ឱ្យភ្លក្សរសជាតិផ្ទាល់នៅតាមទីតាំងលក់ភ្ញៀវជាច្រើនបានសរសើរថា ប៊័រចន្ទីឆ្ងាញ់ប្លែក ហើយអ្វីដែលសំខាន់ គឺមានក្លិនឈ្ងុយខ្លាំងរសជាតិដើមផ្អែមបែបធម្មជាតិ។
បច្ចុប្បន្នប៊័រចន្ទីមានចែកចាយនៅភ្នំពេញតាមរយ: Khmer Organic Shop និងនៅខេត្តសៀមរាបផ្ទាល់ដោយមានដាក់លក់នៅស្ទើរតែគ្រប់ម៉ាត និងតាមតូបលក់ផលិតផលខ្មែរផងដែរ។
នាថ្ងៃអនាគតសិប្បកម្ម Aiden’s Cashews គ្រោងនឹងកែច្នៃផលិតផលបន្ថែមពីប៊័រដូចជានំស្នូលប៊័រចន្ទី នំកញ្ចប់តូចៗច្នៃពីប៊័រចន្ទី ឬគ្រាប់ចន្ទីដែលមនុស្សគ្រប់វ័យអាចទទួលទានបាន។
បន្ទាប់ពីពង្រឹងទីផ្សារក្នុងស្រុកប៊័រចន្ទី Aiden’s Cashews ក៏រំពឹងថានឹងអាចមានវត្តមាននាំចេញទៅលក់នៅបរទេសផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅទំព័រហ្វេសប៊ុក Aiden’s Cashews ឬលេខទូរស័ព្ទ ០៧៧៦៥៧៣៣១៕
ហ្គាសទឹក គឺជាឧបករណ៍យកទឹកផលិតជាអ៊ីដ្រូហ្សែនដែលត្រូវបានបំពាក់ជាមួយម៉ាស៊ីនរថយន្ត ដើម្បីជួយកាត់បន្ថយប្រេងឥន្ធនៈពី ២០ទៅ ២៥ ភាគរយធ្វើឱ្យម៉ាស៊ីនខ្លាំងជាងមុន និងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលបរិស្ថាន។
ត្បិតបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់នៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកតែនៅកម្ពុជា លោក ស្រេង វាសនា អាចត្រូវបានចាត់ទុកថា ជាជនដំបូងគេដែលប្រកបរបរបំពាក់បច្ចេកវិទ្យានេះទៅលើរថយន្តជាច្រើនគ្រឿង។
លោកបានផ្ដល់បទសម្ភាសដល់ SR News ដោយពន្យល់លម្អិតពីយន្តការម៉ាស៊ីននិងការរួមចំណែកជួយបរិស្ថានទាំងបច្ចុប្បន្ន និងថ្ងៃអនាគត តាមរយៈសំណួរចម្លើយនៅខាងក្រោមនេះ៖
១. តើហ្គាសទឹកគឺជាឧបករណ៍អ្វីដែរ?
ហ្គាសទឹកគឺជាឧបករណ៍ផលិតអ៊ីដ្រូហ្សែន ដើម្បីបំពាក់ទៅនឹងម៉ាស៊ីនទូទៅដែលយកទឹកផលិតជាអ៊ីដ្រូហ្សែន ដើម្បីជួយកាត់បន្ថយ ប្រេងឥន្ធនៈពី ២០%-២៥%ធ្វើឱ្យម៉ាស៊ីនខ្លាំងជាងមុន និងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលដោយយើងផលិតអ៊ីដ្រូហ្សែនចូលទៅក្នុងម៉ាស៊ីនជួយទៅដុតចំហេះឱ្យឆេះអស់១០០%អ៊ីចឹងធ្វើឱ្យមានផ្សែង និងឧស្ម័ន CO2 ចេញទៅបរិយាកាសទេ។
២.តើការសិក្សាអំពីហ្គាសទឹកតាំងពីឆ្នាំណា? ហើយលោកបង្កើតហ្គាសទឹកឡើងដោយខ្លួនឯងឬយ៉ាងណា?
ជាក់ស្ដែងយើងបានសិក្សាតាំងពីឆ្នាំ២០២០ មក ហើយយើងបានយកបទពិសាធន៍ពីបែកខាងអឺរ៉ុបមកទេគឺដំបូងយើងចង់យកមកប្រើប្រាស់រថយន្ដផ្ទាល់ខ្លួនទេ ដោយសារមើលឃើញថាវាមានអត្ថប្រយោជន៍ច្រើន។ ពេលយើងប្រើប្រាស់ទៅ វាសន្សំសំចៃប្រេងហើយធ្វើឱ្យរថយន្ដយើងប្រើប្រាស់ស្រួល។ អ៊ីចឹងហើយទើបយើងមានគំនិតមួយថាបើសិនជាយើងយកមកអភិវឌ្ឍន៍យើងនាំចូលយកមកលក់នៅទីផ្សារស្រុកខ្មែរយើងប្រហែលជាបានប៉ុន្តែចៃដន្យអីតម្លៃនៅអឺរ៉ុបតម្លៃមួយឈុតដល់ទៅ ១៥០០ដុល្លារ។ដូច្នេះហើយទើបខ្ញុំគិតថា កែសម្រួលតម្លៃឱ្យសាកសមត្រូវនឹងស្រុកខ្មែរយើង។ហើយពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំសាកទិញឧបករណ៍យកមកតេស្ដដោយតេស្ដខុសៗច្រើនដងដែរ ហើយមកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានសម្ភារៈមួយដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យដែលអាចបញ្ចេញទៅទីផ្សារស្រុកខ្មែរយើងបាន។
៣. តើមកទល់នឹងពេលនេះលោកបានទទួលបានការគាំទ្រយ៉ាងណាដែរ?
មកទល់នឹងពេលនេះយើងបានបំពាក់ទៅលើគ្រឿងយន្ដសរុបប្រមាណ១ពាន់គ្រឿងចក្ររួចមកហើយ ហើយទទួលបានការឆ្លើយតបត្រឡប់មកវិញថាពួកគាត់អ្នកខ្លះបានចំណេញ ២០%-២៥% អ្នកខ្លះថាចំណេញប្រេងមួយថ្ងៃ ២០លីត្រ ទៅមួយកាន។
៤. នៅពេលកន្លងមក លោកទទួលបានការគាំទ្របែបណាដែរ? ហើយបានបំពាក់ទៅលើរថយន្ដប្រភេទណាខ្លះ?
ឧបករណ៍យើងនេះបានបំពាក់ទៅលើរថយន្ដV1 (ក្បាលអូសកុងតឺន័រ)បន្ទាប់មករថយន្តតាក់ស៊ី រថយន្ដធម្មតាមួយចំនួន ហើយពាក់ព័ន្ធនឹងគ្រឿងកសិកម្មមានដូចជាម៉ាស៊ីនច្រូត ត្រាក់ទ័រ អេចស្ការវើទ័រជាដើម។ ហើយបន្តទៅមុខទៀត យើងនឹងខិតខំស្វែងរកដើម្បីបំពាក់ទៅលើម៉ូតូកង់បីម៉ូតូ ឱ្យមានតម្លៃមួយសមរម្យសម្រាប់ពួកគាត់។
៥.ការធ្វើហ្គាសទឹកដាក់ទៅលើកង់បីនិងម៉ូតូ តើលោកមើលឃើញកត្តាអ្វីដែរ?
ការធ្វើហ្គាសទឹកដាក់ទៅលើកង់បីនិងម៉ូតូ ធម្មតាទី១ ដោយមើលឃើញថា មានទីផ្សារទូលំទូលាយ។ ទី២.មើលឃើញម៉ាស៊ីនកង់បីប្រើយូរទៅកាន់តែខ្សោយទៅៗហើយម៉ូតូមួយចំនួនឧស្សាហ៍សាងលេខដោយសារខ្សោយពេក ពេលឡើងស្ពាន ឡើងទួលមិនចង់រួចទេ។អ៊ីចឹងនៅពេលដែលបំណាក់ហ្គាសទឹកទៅនឹងធ្វើឱ្យម៉ាស៊ីនគាត់ស្ទុះជាងមុនហើយការសន្សំសំចៃហ្គាសបានទៅដល់ ២០% ទៀត។ ដូច្នេះហើយធ្វើឱ្យអ្នកប្រើប្រាស់ចំណេញប្រាក់បន្ថែមនៅពេលដែលប្រើប្រាស់ហ្គាសទឹក។ ពេលបច្ចុប្បន្នយើងបានរកឃើញឧបករណ៍គ្រប់គ្រាន់ហើយនៅឡើយកំពុងតែសិក្សាទៅលើតម្លៃ ដើម្បីឱ្យគាត់ទទួលយកបានដែលអាចឱ្យគាត់ប្រើប្រាស់តែ ២០ថ្ងៃ ទៅ១ខែ នឹងអាចយកដើមវិញបានហើយ។
៦. តើឧបករណ៍ហ្គាសទឹក អ្នកប្រើប្រាស់ត្រូវប្រើប្រាស់ឬពិនិត្យមើលយ៉ាងណាដែរ?
ការប្រើប្រាស់ហ្គាសទឹកមានភាពងាយស្រួលទេ។អ្នកប្រើប្រាស់គ្រាន់តែចាំមើលថា រថយន្តគាត់ជិះបានប្រមាណ៣០០គីឡូម៉ែត្រអាចស្រកទឹកប្រហែលកន្លះថ្នាំដៃអីនោះទេ។ អ៊ីចឹងប្រើប្រាស់គ្រាន់តែច្របាច់ទឹកសុទ្ធចូលឱ្យពេញម៉ាកេ(កម្រិតកំណត់) វាវិញជាការស្រេច មិនបាច់ត្រូវចំណាយអ្វីផ្សេងទៀតទេ។
៧. តើការដំឡើងឧបករណ៍ហ្គាសទឹកត្រូវចំណាយរយៈពេលប៉ុន្មាន? នៅពេលដែលភ្ញៀវចង់យកមកពិនិត្យមានគិតសេវាអ្វីដែរទេ?
ការដំឡើងឧបករណ៍ហ្គាសទឹកប្រើពេលត្រឹមតែមួយម៉ោងកន្លះទេរួចរាល់ហើយ ហើយមានការធានារយៈពេលមួយឆ្នាំទៅលើឧបករណ៍និងសេវាថែទាំដោយមិនគិតថ្លៃ។
៨.តើឧបករណ៍ហ្គាសទឹកមានតម្លៃប៉ុន្មានដែរ?
នៅពេលបច្ចុប្បន្ននេះឧបករណ៍ហ្គាសទឹកមានតម្លៃតែ២ ប្រភេទទេ គឺទី១ បំពាក់ទៅលើរថយន្ត ៦ម៉ាស៊ីន ទៅ ៨ ម៉ាស៊ីនតម្លៃត្រឹមតែ ១៩៩ដុល្លារ ហើយមានការធានារយៈពេលមួយឆ្នាំ។ដោយឡែករថយន្តដែលមានម៉ាស៊ីន៥ចុះ តម្លៃត្រឹមតែ ១៤៩ប៉ុណ្ណោះហើយមានការធានារយៈពេលមួយឆ្នាំដែរ។
៩. មកដល់ពេលនេះ តើលោកមានទីតាំងក្នុងការដំឡើងហ្គាសទឹកប៉ុន្មានទីតាំងហើយ?
មកដល់ពេលនេះយើងមានទីតាំងធំនៅភ្នំពេញហើយមាននៅ កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង ព្រះវិហារ ហើយប៉ែកខាងសមុទ្រមានកំពត និងកំពង់សោម។
១០. តើនៅពេលខាងមុខនឹងមានការពង្រីកទីតាំងបន្ថែមទៀតទេ?
ជាក់ស្ដែងយើងមានគម្រោងបើកតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសទើបអាចផ្ដល់សេវាយើងទៅដល់គ្រប់កន្លែងបាន។
១១.នៅពេលទទួលបានការគាំទ្រច្រើន តើលោកមានអារម្មណ៍ម៉េចដែរ? ហើយមានអ្វីចង់អ្វើបន្ថែមទៀតទេ?
ជាក់ស្ដែងនៅពេលដែលយើងមានការគាំទ្រច្រើនធ្វើឱ្យចិត្តមានការសប្បាយរីករាយទៅតាមហ្នឹង ហើយក៏ធ្វើឱ្យយើងខិតខំស្រាវជ្រាវដើម្បីនឹងអភិវឌ្ឍន៍ឧបករណ៍យើងឱ្យកាន់តែល្អជាងនេះទៀត៕
ពិធីបុណ្យសំពះព្រះខែ និងអកអំបុកទាក់ទងទៅនឹងពុទ្ធប្រវត្តិ និងជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុក។
ពិធីបុណ្យសំពះព្រះខែ និងអកអំបុកគឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះបរមពោធិសត្វ ក្នុងកាលដែល ព្រះអង្គយាងចាប់កំណើតជាសត្វទន្សាយព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមីដើម្បីត្រាស់ ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បានក្រឡាខ្លួនជាព្រាហ្មចាស់ម្នាក់មកសុំមំសះ ឬសាច់ទន្សាយ ដើម្បីបរិភោគជាអាហារ។
ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ក៏ជាការថ្វាយដល់ព្រះចន្ទដែលកំពុងរះពេញវង់ ត្រូវនឹងវេលាដែល ប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត ហើយកសិករបានយកស្រូវទុំថ្មីៗទៅលីងបុក រួចអុំយក អង្កាមថ្មីៗ រួចដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ដើម្បីសម្ដែងការដឹងគុណទេវតា ដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាលនិងទទួលផល។
បើតាមលោក បណ្ឌិត អាំង ជូលាន នរវិទូខ្មែរបានពន្យល់ថា ក្នុងទំនៀមទ្វាទសមាសមានពិធីមួយ ដែលគេប្រារឰឡើងនៅថ្ងៃពេញបូណ៌មីខែកត្តឹក ដែលហៅថា «អកអំបុក សំពះព្រះខែ»។បើនៅក្រុងភ្នំពេញផងគេភ្ជាប់ពិធីនេះទៅនឹងបុណ្យអុំទូក បណ្តែតប្រទីបទៀត ដ្បិតទឹកទន្លេសាបដែលកំពុងហូរខ្លាំងបញ្ច្រាសមកក្រោមវិញ ក៏នៅទីនោះស្រាប់។
ស្តាប់មួយភ្លែតទៅអកអំបុកនិងសំពះព្រះខែហាក់ដូចជារឿងពីរដាច់ដោយឡែកពីគ្នា គួឲ្យឆ្ងល់ថា ហេតុអ្វីក៏យកមកបញ្ចូលគ្នា? ដំបូងគួរយើងយកពាក្យថា “អំបុក” មកគិត។ ដើម្បីមានអំបុកទាល់តែមានស្រូវថ្មី ហើយដើម្បីមានស្រូវថ្មីទាល់តែទើបនឹងច្រូតហើយមិនយូរប៉ុន្មាន។ បើយើងគិតទៅពាក់កណ្តាលខែកត្តឹកឃើញថាបើរបបភ្លៀងមានជាប្រក្រតីហើយស្រែភាគច្រើនទូទៅនិយមស្រូវធ្ងន់ជាធម្មតាដូចទំនឹមទំនៀមពីបុរាណរៀងមក គឺថាពេលនោះជាពេលដែលគេចាប់ផ្តើមច្រូតស្រូវដូច្នោះមែន។ ភ្ជាប់នឹង “អំបុក”នោះមានពាក្យថា “អក”។គប្បីយើងពិចារណាថា ម្តេចក៏គេមិនថា ស៊ី ឬហូប ឬទទួលទានជាដើម ហើយប្រើពាក្យថា “អក” ទៅវិញ? គំនិតដែលនៅពីក្រោយនោះគឺ“សេសសល់ ហូរហៀរ” បន្តមកទៀតគឺ “សម្បូណ៌ សប្បាយ” ឥតខ្វះខាត។ រីការអកនោះគឺអកឬបង្អកមែន ហើយជាកិច្ចទៀតផង។
និយាយពីព្រះខែម្តង។ គ្មានអ្វីប្លែកទេដែលគេធ្វើនៅពេល“ពេញបេណ៌” ព្រោះពាក្យសំស្ក្រឹត “បូណ៌” ប្រែថា “ពេញលេញ”ហើយអាចមានន័យថា “ហូរហៀរ” ដូចគ្នាដែរ។ ដូច្នេះ “អកអំបុក សំពះព្រះខែ” នោះសំដៅទៅគំនិតតែមួយទេ គឺភោគផលស្រូវដែលបានមកបរិបូណ៌។ត្រង់នេះសូមបើកវង់ក្រចកបន្តិចថា បើយើងទៅទទួលទានបាយផ្ទះគេ ពេលយើងឆ្អែតហើយគេនៅតែចង់ថែមឲ្យយើងទៀតដើម្បីជាការគួរសម យើងតែងឆ្លើយទៅគេវិញថា យើងទទួលទាន “បរិបូណ៌” ហើយ៕
ពាក្យប្រទីបនេះ ក្លាយពីពាក្យបាលី «បទីប» មានន័យថា គោម, ចង្កៀង។ ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង។ នេះបើតាមវចនានុក្រមខ្មែរ។
ពិធីបុណ្យបណ្តែតប្រទីបនេះ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងពុទ្ធប្រវត្តិ។
ពិធីបណ្តែតប្រទីប គឺជាការបង្ហាញពីការគោរពដឹងគុណដល់ព្រះចង្កូមកែវព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គ ដែលបានប្រតិស្ថាននៅទីកន្លែងផ្សេងៗ។
១ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖ទី១ នៅត្រៃត្រឹង្សសួគ៌ ទី២ នៅភពនាគ ទី៣នៅស្រុកគន្ធា និងទី៤៖ នៅទន្ដបុរៈកលិង្គរដ្ឋ។
២ ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថាស្នាមព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាននៅទីតាំង៥គឺ ទី១៖ នៅសុវណ្ណមាលិបរពត ទី២៖ នៅសុវណ្ណបរពត ទី៣៖ នៅសុមនកូដបរពត
ទី៤៖ នៅយោនកបុរី និង ទី៥៖ នៅស្ទឹងនម្មទា។
ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខ្មែរតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ ដែលក្រោយមក គេប្រារព្ធពិធីបណ្ដែតប្រទីបនៅយប់ ១៤-១៥កើត និង១រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបានទៅស្ទឹងនម្មទានិងនៅទីឯទៀត ដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរដើម្បីសុខចំរើនរុងរឿង ដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។
បន្ថែមពីនេះ អត្ថន័យនៃការបណ្តែតប្រទីបក៏ជាបង្ហាញសម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ៕
ភ្លេងពិណពាទ្យគឺភ្លេងបុរាណប្រពៃណីខ្មែរ ដែលមានតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយនិងត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌ កេរមរតករបស់ដូនតាខ្មែរដែលត្រូវអភិរក្សថែរក្សា ឱ្យបានគង់វង្សស្ថិតស្ថេរ។
បើទោះបីជាយ៉ាងណាក៏ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួន នៅមានការភាន់ច្រឡំ ឬយល់ថាវង់ភ្លេងពិណពាទ្យនេះ គឺជារបស់សៀម ដែលហៅថា ភ្លេងសៀម។
សៀមហៅវង់ភ្លេងនេះថា ជា ប៉ីពាទ្យ(ពិផាត) ព្រោះក្នុងការចាប់ផ្តើមគេប្រើ ប៉ី ឬស្រឡៃនាំមុខគេ។
ចំណែកខ្មែរ ហៅថា ភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយ គេនិយមប្រើពិណចេញផ្តើមមុនគេ។
តាមការពិតភ្លេងពិណពាទ្យមានកំណើតចេញពីប្រទេសឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។លុះក្រោយមកខ្មែរក៏បានកែសម្រួលនិងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរវិញ។