ជីវិត និង សង្គម

ប្រជាសហគមន៍ត្រពាំងក្អើម ប្រមូល និងលក់ទឹកឃ្មុំធម្មជាតិពីដែនជម្រកសត្វព្រៃ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

មណ្ឌលគិរី:ប្រជាសហគមន៍ត្រពាំងក្អើម នាំគ្នាចូលក្នុងព្រៃស្វែងរកនិងប្រមូលទឹកឃ្មុំព្រៃសុទ្ធធម្មជាតិ  ដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារខណៈទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានទទួលស្គាល់ថាជាម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា។

អ្នកស្រី ស្រូវ ផារីគណៈកម្មការក្រុមឃ្មុំនៃសហគមន៍ត្រពាំងក្អើម បានប្រាប់សារព័ត៌មាន SR Digital Media ឱ្យដឹងថា ការប្រមូលទិន្នផលទឹកឃ្មុំនៅក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមចាប់ពីចុងខែមករាទៅ ព្រោះអំឡុងពេលនេះរុក្ខជាតិចាប់ផ្ដើមលូតលាស់មានស្លឹកខៀវខ្ចី និងមានផ្ការីកស្គុះស្គាយ ហើយសត្វឃ្មុំក៏ចាប់ផ្ដើមធ្វើសម្បុកផងដែរ។

អ្នកស្រី ស្រូវ ផារី បន្ថែមថា៖ «ការយកទឹកឃ្មុំរបស់ពួកគាត់ (ប្រជាសហគមន៍) គឺពួកគាត់យកតែ ៨០ភាគរយនៃក្បាលទឹកឃ្មុំទាំងមូលប៉ុណ្ណោះ ដោយយើងទុកទឹកឃ្មុំ២០ភាគរយនៅលើបង្គងដើម្បីទុកឲ្យវាចិញ្ចឹមកូន និងឲ្យឃ្មុំខិតខំក្រេបលំអងផ្កាដើម្បីបំពេញក្បាលទឹកដែលបាត់បង់ទៅឲ្យពេញឡើងវិញ»។

សម្រាប់ការប្រមូលផលទឹកឃ្មុំក្នុងមួយបង្គងប្រជាសហគមន៍អាចប្រមូលបានចំនួនពីរដង ដោយក្នុងនោះការ ប្រមូលលើកទី១ ទទួលបានបរិមាណទឹកឃ្មុំតិចជាងការប្រមូលផលទឹកឃ្មុំលើកទី២ ហើយការប្រមូលផលទឹកឃ្មុំបានច្រើនបំផុត គឺចន្លោះពីខែមីនា រហូតដល់ខែមិថុនា។

គណៈកម្មការក្រុមឃ្មុំខាងលើបានឱ្យដឹងថាទិញទឹកឃ្មុំក្នុងមួយលីត្រ មានតម្លៃចាប់ពី ៥៨០០០រៀល រហូតដល់ ៦០០០០រៀល(តាមការវាយតម្លៃពីកម្រិតគុណភាពទឹកឃ្មុំ)។ ជាមួយគ្នានេះ សហគមន៍បានលក់ទឹកឃ្មុំជូនដល់ក្រុមហ៊ុនចំនួន ៦ ដែលមានទីតាំងនៅរាជធានីភ្នំពេញ, មណ្ឌលគិរី, សៀមរាប និងនៅក្រុងតាខ្មៅ។

តម្លៃទឹកឃ្មុំរបស់សហគមន៍ត្រពាំងក្អើមខាងលើហាក់មានតម្លៃថ្លៃជាងទឹកឃ្មុំរបស់សហគមន៍នៃខេត្ត ដ៏ទៃ បន្តិចត្បិតទឹកឃ្មុំនេះប្រមូលបានពីសត្វឃ្មុំធម្មជាតិដែលមានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចនិងស្រែពក។ ម៉្យាងទៀតទឹកឃ្មុំនៃសហគមន៍ត្រពាំងក្អើមក៏ត្រូវបានទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី»ផងដែរ នេះបើតាមអ្នកស្រីផារី។

ទាក់ទងនឹងបញ្ហាលំបាករបស់សហគមន៍វិញ អ្នកស្រីផារីវ័យ៣៦ឆ្នាំបានរៀបរាប់ថា៖ «សព្វថ្ងៃនេះសហគមន៍យើងខ្វះថវិកា គ្មានទុនបម្រុងទុក សម្រាប់ទិញទឹកឃ្មុំពីពួកគាត់ (ប្រជាសហគមន៍)ផលទឹកឃ្មុំរបស់សមាជិក មានច្រើន តែយើងទិញបានតិចត្រឹមតែ២ ទៅ៣តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយយើងខ្វះខាតធនធានមនុស្ស ដោយសារពួកគាត់មិនចេះអក្សរ មិនចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងគ្មានចំណេះជំនាញ ក្នុងការទំនាក់ទំនងធ្វើទីផ្សារ ដើម្បីលក់ទឹកឃ្មុំនោះទេអ៊ីចឹងយើងត្រូវការពេលវេលាថែមទៀត»។  

សហគមន៍នៅក្នុងខេត្តមណ្ឌលគិរីនេះ មានសមាជិកសរុប១០៣នាក់ ដែលធ្វើការងាយក្នុងការប្រមូលទឹកឃ្មុំ ពីព្រៃធម្មជាតិ។ ក្រៅពីការយកឃ្មុំប្រជាសហគមន៍ត្រពាំងក្អើម ក៏ទទួលបានផលពីអនុផលព្រៃឈើផ្សេងៗ ទៀតផងដែរដូចជារកផ្កាអ័រគីដេ បេះផ្សិតប៉ក់ បន្លែបង្ការ បោចវល្លិ ផ្ដៅនិងជីវចម្រុះផ្សេងៗទៀតផងដែរ។

សហគមន៍ត្រពាំងក្អើម បង្កើតឡើងនៅឆ្នាំ២០០៧​ ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារនិងស្វែងរកប្រាក់ចំណូលបន្ថែមជូនដល់ប្រជាជនក្នុងតំបន់និងគោលដៅរួមគ្នាជួយការពារព្រៃឈើ, សត្វព្រៃនិងជីវចម្រុះផ្សេងៗទៀត ព្រោះអនុផលទាំងឈើទាំងនេះគឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋ។

សហគមន៍ត្រពាំងក្អើម មានទីតាំងស្ថិតនៅភូមិពូតាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទំនាក់គេហទំព័រហ្វេសប៊ុក និង លេខទូរសព្ទ៖https://www.facebook.com/Mondulkiriwildhoneygi/   097548 5331

 Mondulkiri Wild Honey ទឹកឃ្មុំព្រៃមណ្ឌលគិរី

អត្ថបទពេញនិយម

កសិករ ប៊ូ ម៉ាន៖ ឪឡឹកសាច់លឿងរសជាតិឆ្ងាញ់ ស្រួយ មានទីផ្សារល្អ

ស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

ហេតុអ្វីបានជាសក់ស្កូវមុនអាយុ? នេះជាមូលហេតុ និងវិធីការពារ

សិល្បករទម្លាយការសាកល្បង Sora របស់ OpenAI ករណីបំពានសិទ្ធិអាជីវកម្ម