សេដ្ឋកិច្ច

ចង្ក្រានកែច្នៃដោយប្រើប្រេងចាស់ៗកំពុងផ្ទុះការគ្រាំទ្រ

September 30, 2024
ថិញ រិទ្ធី
Heading
Option 1

កំពង់ចាម​: ដោយ​សម្លឹង​ឃើញគុណវិ​បត្តិ​នៃ​​ការប្រើប្រាស់​ហ្គាសចម្អិនអាហារ​ប្រចាំថ្ងៃ​ ជាង​ក្រឡឹង​ម្នាក់​បាន​​កែច្នៃ​​ចង្ក្រានដោយ​ប្រើ​ប្រេង​ចាស់ៗ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ផ្ទុះ​ហ្គាសនិងសម្រួល​ការ​​ចំណាយ​ក្នុង​គ្រួសារ នាំ​ឱ្យ​មានការ​គាំទ្រ​​ពេញ​បណ្ដាញសង្គម។

​​ប្រមាណជា​​ ២ ខែមុន លោក​ កែវ សុធា​រ៉ា​ បាន​បង្កើត​សិប្បកម្ម​កែច្នៃ​ចង្ក្រាន​ប្រើ​ប្រេង​ខ្មៅ​នៅ ​​ភូមិ អ្នកតា​ស្នឹង ឃុំ​ បឹង​ណាយ ស្រុក​ ព្រៃឈរ ខេត្ត កំពង់ចាម​។

មិន​យូរ​ប៉ុន្មានចង្ក្រាន​កែ​ច្នៃ​របស់លោក​ត្រូវ​បាន​អ្នកប្រើប្រាស់ណែនាំ​តៗគ្នា ហើយ​​សព្វ​ថ្ងៃ​លោក​កំពុង​តែ​មមាញឹក​ក្នុងការផលិត​ចង្ក្រាន​ប្រើប្រេង​ខ្មៅដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ខណៈ​អតិថិជនគាំទ្រ​​មាន​​​មក​ពី​គ្រប់​បណ្ដា​ខេត្ត​ក្រុងរហូត​ដល់​មានការ​ទិញ​​​ទៅ​សហរដ្ឋ​អាមេរិក​​ថែមទៀត។

​​ម្ចាស់​សិប្បកម្ម​កែច្នៃ​ចង្ក្រាន​ប្រើ​ប្រេង​ខ្មៅ​​​បាន​ប្រាប់ SR News ពីការ​​បង្កើត​សិប្បកម្ម​នេះ​ឡើង​ថា​៖ «បានជា​ខ្ញុំ​ចាប់ផ្ដើម​កែច្នៃ​ចង្ក្រាន​ប្រើ​ប្រេង​ចាស់ៗ​នៅ​ខែសីហា​ឆ្នាំ​ ២០២៤​នេះបន្ទាប់ពី​មាន​ព័ត៌មាន​ផ្ទុះនៅ​តាម​បណ្ដាញ​​សង្គម ដោយ​ខ្ញុំ​ជាជាង​ក្រឡឹង​ស្រាប់ ទើប​ខ្ញុំ​ចាប់ផ្តើម​ច្នៃ​​និង​បំពាក់​គ្រឿង​មួយចំនួន ដើម្បី​បាន​ចង្ក្រាន​ដែលមាន​ចំហេះ​ខ្លាំងឆេះ​សព្វ​និង​មាន​គុណភាព​ខ្ពស់​»។

​​លោក​ ធារ៉ា បាន​បញ្ជាក់ថា ការ​ផលិត​ចង្ក្រាន​​​នេះត្រូវបានធ្វើឡើង​​​ក្នុងបំណង​​ចង់​ឲ្យ​អ្នកប្រើប្រាស់​ចំណេញ​ពេលវេលា​ដោយសារ​​ចង្ក្រាន​ឆាប់​ក្តៅ និង​ជួយ​​​​សន្សំសំចៃ​ថវិកាជា​​ជាង​ការប្រើប្រាស់​ ហ្គាសឬ​អគ្គិសនី។

ចង្ក្រាន​​នេះ​​ប្រើប្រាស់ឡើង​វិញ ​នូវ​កាកសំណល់​​​​ប្រេងម៉ាស៊ីនយានជំនិះ​​។​​​ក្រៅពី​ប្រេង​ដែល​ស្ដារ​ចេ​​ញ​ពី​ម៉ូតូនិង​រថយន្ត អ្នក​ប្រើប្រាស់ក៏​​​អាច​យក​ប្រេងសល់​ពី​ការ​​បំពង​ម្ហូបអាហារ​រួច​​​​មក​​ប្រើប្រាស់​ផង​ដែរ។

លោក ធារ៉ា បានបញ្ជាក់ថា៖ «ចង្ក្រាន​នេះ​យើង​អាច​ប្រើ​ជាមួយ​ប្រភេទ​ប្រេងឆា​ចាស់ៗ​ប្រេង​​បាត​ម៉ូតូរថយន្ត​និយាយ​រួម ឲ្យ​តែ​ប្រភេទ​ចាស់ៗ»​។

​​ចំពោះចង្ក្រាន ​លោក ធារ៉ា​ បាន​ផលិត​​ជា​​ខ្នាត​ទំហំ ៣​តឹក ​៤​ជ្រុង កម្ពស់​ ៣​តឹក​​ប្រវែង​​បណ្ដោយ​​ ៥ ​​តឹក​ដែល​អាច​ប្រើ​ជា​លក្ខណៈ​គ្រួសារ​ក៏បានឬ​ក្នុង​អាជីវកម្ម​ខ្នាតតូច​ក៏បាន​។ មិនតែប៉ុណ្ណោះ ​​អតិថិជន​ក៏​អាច​កុម្ម៉ង​ខ្នាត​ចង្ក្រាន​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាននិង​អាហា​រដ្ឋា​ន​ផងដែរ​។​

ទោះជា​​សិប្បករ​រូបនេះ​​​មានបទពិសោធន៍ជាជាងក្រឡឹង​ក្ដីក៏​ការ​​ផលិត​ចង្ក្រាន​ប្រើ​​ប្រេង​ខ្មៅនៅ​តែ​​ជួប​ប្រទះ​​​ការ​លំបាកខ្លះ​ដែរដូចជា​​ការ​នាំចូល​នូវ​កង្ហារ​ខ្យង និង​​ម៉ូ​ទ័​រ​ខ្យល់​​ពី​បរទេ​ស សម្រាប់​ភ្ជាប់​ជាមួយ​ចង្ក្រាន​ដោយសារ​តែ​​​​គ្រឿង​​បង្គុំ​ទាំងពីរ​នេះ​ពុំមាន​ផលិត​នៅក្នុង​ស្រុក​។​

សិប្បករ​ធ្វើ​ចង្ក្រាន​វ័យ ​៣៧​ឆ្នាំ​រូបនេះបានបញ្ជាក់​​ថា​៖ «​យើង​ត្រូវតែ​ភ្ជាប់​ម៉ូ​ទ័​រ​គូ​ថ​ខ្យង​​ទៅនឹង​ទីប​ពណ៌​​​​ខ្មៅ​​ធំ​ដោយ​បំពង់​ទីប​ជ័រ​មួយទៀត។​​បន្ទាប់មក​យើង​ត្រូវ​ចាក់​ប្រេង​ចូលក្នុង​បំពង់​បឺតស្តុក​ប្រេង​រួច​ដាក់​ក្រដាស​ចូល​ក្រឡ​ចង្ក្រាន រួច​ដុត​វា​ឲ្យ​ចេះ​ក្រដាស​​និង​ប្រេង​សិន​ទើបយើង​ចាប់​ផ្តើម​បើក​វ៉ូ​លីម​​ម៉ូ​ទ័​រ​គូថ​ខ្យង ហើយ​យើង​មិនត្រូវ ប្រើ​ម៉ូ​ទ័​រ​គូថ​ខ្យង​នៅពេល​វា​មិនទាន់​​ឆេះ​ប្រេង​នោះទេ»​។

ចង្ក្រានរបស់លោក​ទទួលបាន​​ការ​គាំទ្រ​ច្រើន​ពី​អតិថិជនដែល​បានជាវ​យក​ទៅ​ប្រើប្រាស់និង​​ឃើញ​លទ្ធផល​ថា​ ​វា​​​ពិតជា​ជួយ​សន្សំសំចៃ ក្ដៅ​លឿន​រហ័ស ចំណាយ​ពេលវេលា ថវិកា​តិចនិង​មិន​បារម្ភ​​ហានិភ័យ​​ចំពោះ​ការផ្ទុះ។ អ្នកប្រើប្រាស់ត្រូវ​​​ចំណាយ​លើ​ភ្លើងអគ្គិសនី​ត្រឹមតែ​៣​ទៅ​ ៤ វ៉ា​ត់​ប៉ុណ្ណោះ។

​​​​លោក​បានសម្រិត​សម្រាំង​នូវ​ប្រភេទ​ដែក​ក្រាស់ៗ និង​រឹងមាំ ដើម្បី​​ឱ្យ​​អតិថិជន​អាច​​​យកទៅ​ប្រើប្រាស់ បាន​យូរអង្វែ​​ង​ក្នុង​តម្លៃ​មួយសមរម្យ។

លោក ធារ៉ា បាន​​និយាយ​ថា៖​ «​​ចំពោះ​ចង្ក្រាន​ខ្នាត​កណ្តាល​​យើង​លក់​ជូន​ក្នុងតម្លៃ​​ ៦៥ ​ដុល្លារ​ ឬ ​២៦​ ម៉ឺន​រៀល​ប៉ុណ្ណោះ»​។​​

បើតាមការលើកឡើង​របស់សិប្បករ​​​អ្នកប្រើប្រាស់ចង្ក្រាន​ប្រេង​ខ្មៅ លែង​បារម្ភ​នឹង​​​ហានិភ័យ​ចំពោះ​​ការផ្ទុះ​ឆេះ​ដូច​​ចង្ក្រានហ្គាស​ឡើយ។អត្ថប្រយោជន៍ជារួមរបស់វា​បន្ថែមទៀត​គឺ​​​ជួយ​កាត់បន្ថយ​ការប្រើប្រាស់ អុស ​ធ្យូង ដែល​នាំ​ឲ្យ​បាត់បង់​ព្រៃឈើ​។ចង្ក្រាន​ប្រើ​​ប្រេង​ខ្មៅ​ក៏​ជួយ​​រក្សា​​បរិស្ថាន​ក្នុងផ្ទះ​​ពី​ការ​ខ្មៅ​គូថឆ្នាំងជញ្ជាំង​ និង​ពិដាន​ផង​ដែរ ដោយសារ​តែ​​វា​មិនមាន​ផ្សែង។​

នាពេល​អនាគត​​​សិប្បកម្ម​របស់លោក​គ្រោង​​​នឹង​ផលិត​ចង្ក្រាន​ឱ្យបានច្រើនជម្រើស​ដើម្បី​បំពេញ​តម្រូវការ​​របស់​អតិថិជន។

​​ម្ចាស់​សិប្បកម្ម​កែច្នៃ​ចង្ក្រាន​ប្រើ​ប្រេង​ខ្មៅ​បាន​និយាយ​ថា៖«​ខាងយើង​ក៏​នឹង​ចង់​​ឲ្យ​ប្រជាជន​ខ្មែរ​ងាក​មក​ប្រើ​ចង្ក្រាន​​នេះព្រោះ​យើង​មិនចាំបាច់​កាប់​ព្រៃឈើ​មក​ធ្វើជា​អុស​ធ្យូង​និង​ចំណាយ​នៃ​ការ​ប្រើប្រាស់​​ហ្គាសដោយ​ចំណាយ​លើ​ភ្លើង​បន្តិចបន្តួច​ប៉ុណ្ណោះ​ជាពិសេស​ជួយ​សម្រួល​សេដ្ឋកិច្ច​គ្រួសារ​​និង​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​»។​

​សិប្បកម្ម​របស់លោក កែវ សុធា​រ៉ា ​​អាច​ទំនាក់​ទំនង​តាមទំ​ព័រ​ហ្វេ​ស​ប៊ុ​កៈ សិប្បកម្ម​ចង្ក្រាន​ប្រេង​ខ្មៅ កូន​ខ្មែរ​កំពង់ចាម ឬ ក៏​តាមរយៈ​តេ​ឡេ​ក្រាម​លេខ​ ០៩៧២២៣១០០៧/០៨៨ ៧៩៦២៩៩៩៕

អត្ថបទពេញនិយម

Google នឹងផលិតទូរសព្ទ Pixel និង Drone នៅក្នុងប្រទេសឥណ្ឌា

ជាងចម្លាក់ជាង ៤០ឆ្នាំបន្តច្នៃប្រាក់ស្ពាន់ជាវត្ថុសិល្បៈដ៏រស់រវើកតម្លៃចាប់ពីខ្ទង់រយដល់ម៉ឺនដុល្លារ

គ្រូបង្រៀនចិត្តធម៌ មានបំណងបើកមណ្ឌលកុមារកំព្រា ជួយដល់ក្មេងក្រីក្រ គ្មានទីពឹង

ចង្ក្រានកែច្នៃដោយប្រើប្រេងចាស់ៗកំពុងផ្ទុះការគ្រាំទ្រ

សិស្សកម្ពុជាឈ្នះ ៧៩ មេដាយពីការប្រកួតគណិតវិទ្យា SIMOC ចូលរួមពី ៣៨ ប្រទេស នៅសិង្ហបុរី