សេដ្ឋកិច្ច

កសិដ្ឋានបង្កងដំណាក់កី កែច្នៃសំណល់រាប់តោនធ្វើធ្យូងអនាម័យបន្ថយការកាប់ព្រៃជួយបរិស្ថាន

September 23, 2024
ថិញ រិទ្ធី
Heading
Option 1

កំពង់ឆ្នាំង​: កាកសំណល់​ត្រឡោក​ដូង និង​សម្បក​ផ្លែឈើ​​ជាច្រើន​តោនត្រូវបាន​សិប្បកម្ម​របស់​លោក សាប់ ម៉ុក ប្រមូល​យកមក​កែច្នៃ និង​ផលិត​បានចេញ​ជា​ធ្យូង​អនាម័យមាន​គុណភាព​ខ្ពស់ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កាប់បំផ្លាញ់​ព្រៃឈើនិង​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​។  

​ស្ថាបនិកសិប្បកម្ម​​​រូបនេះ​​បាន​ចាប់ផ្ដើម​​ផលិត​ធ្យូង​អនាម័យ​នេះ​ឡើងក្នុងគោលបំណង​​​ចូលរួមចំណែក​​​អភិរក្ស​ព្រៃឈើ និង​ផ្ដល់ការងារ​ដល់​ប្រជាជនស្រប​នឹង​​ការ​សម្គាល់ឃើញ​ប្រទេស​កម្ពុជាសម្បូរ​ទៅដោយ​វត្ថុធាតុដើម​ស្រាប់ ជា​​ពិសេសត្រឡោក​ដូង និងសម្បក​ផ្លែឈើ​។

​លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន SR News យ៉ាង​ដូច្នេះ​ថា​៖«​សិប្បកម្ម​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​ ២០២១ដើម្បី​កាត់​បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ និង​កែច្នៃ​វត្ថុ​មួយចំនួន​ឡើងវិញដើម្បី​ឲ្យ​វា​មាន​ប្រយោជន៍»។

លោក​បាន​បន្ត​ទៀត​ថា៖ «យើង​ត្រូវ​ប្រមូលវត្ថុធាតុដើម​ដូចជា ត្រឡោក​ដូង សម្បក​ផ្លែឈើ និង​មាន​វត្ថុ​ជាច្រើន​​ទៀតដើម្បី​ដុត​យក​ធ្យូង រួច​វាយ​កម្ទេច​នៅ​ក្នុង​ម៉ាស៊ីន​ឲ្យ​ទៅជា​ល្បាយទើប​លាយ​ជាមួយ​ម្សៅ​ស្អិត​ដោយ​​ម្សៅ​ស្អិត នោះ​ធ្វើ​ចេញពី​កម្ទេច​​​ដំឡូង​មី»​។

​លោក​បានរៀបរាប់នូវ​ដំណាក់កាល​ក្នុង​ការផ​លិត​ធ្យូង​អនាម័យ​នេះទៀត​​​ថា​​បន្ទាប់មកលោក​ត្រូវយក​ល្បាយ​ធ្យូង​និង​ម្សៅ​ស្អិត​លាយ​ជាមួយ​ទឹក​កូរ​ឲ្យ​វា​ស្អិតរ​មួ​ត​ជាប់​គ្នា​ដោយ​ម៉ា​ស៊ីន​ស្វ័យប្រវត្តិ​ប្រហែល ​២០​នាទី។ រួចហើយ ​​ល្បាយ​ធ្យូង​ទាំងនោះ​ត្រូវ​យកទៅ​ចាក់​ចូលទៅក្នុង​ម៉ាស៊ីន​មួយទៀតដើម្បី​សង្កត់​ពុ​ម្ភ​ចេញ​ទៅជា​ដុំៗ មុន​នឹង​តម្រៀប​​ចូលក្នុង​ឡ ដើម្បី​ស​ម្ងួ​តក្នុង​រយៈពេល​ប្រហែល ៤៨​ម៉ោង ទើប​​​ផលិតផលចេញ​ជា​​​ធ្យូងអនាម័យ ដែល​យើង អាច​យក​មកប្រើប្រាស់​បាន​។​

​ទន្ទឹមនឹង​ទទួលបាន​ជោ​ជ័យ​ក្នុង​ការផលិត​ធ្យូង​អនាម័យ​នេះ​បុរស​វ័យ ​៣៤​​ឆ្នាំ​រូបនេះ​បាន​លើកឡើងថាក្នុង​ការផលិត​ធ្យូង​អនាម័យ​នេះ លោក​​ក៏​ជួប​ផល​ពិបាកច្រើន​​ផងដែរដោយ​ត្រូវ​ការចំណាយ​ដើមទុន​ច្រើន​ទៅលើ​ចង្វាក់​​ផលិតកម្មគ្រឿង​ម៉ាស៊ីន និង​ការ​ពិបាក​ស្វែ​ងរក​វត្ថុធាតុដើម។

ម្ចាស់​សិប្បកម្ម​លោក សាប់ ម៉ុក បាន​និយាយ​ថា៖«​ប្រជាជន​មួយចំនួន​គាត់​មិនបាន​យល់ដឹង​អំពី កាកសំណល់​​​ណា​ដែល​អាច​ដុត​ធ្វើជា​ធ្យូង​បានឬ​អាច​យកមក​លក់បាន និង​ប្រជាជន​មួយចំនួន​គាត់ ពុំ​សូវ​ទាន់​​គាំទ្រ​​ធ្យូង​អនាម័យ​បាន​ទូលំទូលាយ​​នៅឡើយ​ទេ​»។

កសិដ្ឋាន​បង្កង​ដំណាក់​កី ក៏​​បាន​​ជួយ​ឲ្យ​ប្រជាជនមាន​ការងារ​ធ្វើនិង​មាន​មុខរបរ បន្ថែម​ដោយ​ការដើរ​ទិញ​វត្ថុធាតុដើម​ដើម្បី​លក់​ឲ្យ​សិប្បកម្ម​។

​​​លោក សាប់ ​ម៉ុក​ បាន​ប្រកាស​​​ទទួល​ទិញ​វត្ថុធាតុដើម​ដូចជាត្រឡោក​ដូង សម្បក​ផ្លែឈើ ឬ​ក៏​ធ្យូង​ដែល​ដុត​ហើយ​ស្រាប់​ផងដែរ​សម្រាប់​ផ្គត់ផ្គង់ចង្វាក់ផលិតកម្ម​របស់ខ្លួន។​

​​ក្នុង​មួយថ្ងៃ កសិដ្ឋាន​បង្កង​ដំណាក់​កីអាច​ផលិត​ធ្យូង​អនាម័យ​បាន​ចន្លោះ​ពី ៤ ទៅ ៦ តោន ដោយផលិត​ផល​សម្រេច​​​​ត្រូវ​បាន​លក់រាយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ​​១១០០​រៀល។

​ធ្យូង​អនាម័យ​នេះ​មាន​លក់​នៅ​ក្រុងភ្នំពេញ​និង​មាន​សេវា​ផ្ញើ​ទៅតាម​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅថ្ងៃអនាគត សិដ្ឋាន​បង្កង​ដំណាក់​កីក៏មាន​បំណង កែច្នៃ​ធ្យូង​អនាម័យ​នេះ​ឲ្យ​មាន​គុណភាព​កាន់តែ​ល្អដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​​។​

យោង​តាមក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាពជិត ៨០ ភាគរយ​នៃ​​គ្រួសារ​​នៅតាមទីជន​បទចម្អិន​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ដោយដុត​អុស​នៅឡើយ។ ការចេញផ្សាយកាលពីដើមឆ្នាំ ២០២២ជារៀងរាល់ឆ្នាំ បាន​ឱ្យដឹង​​​ប្រជាជន​កម្ពុជា​ប្រមាណ ១៤០០០​នាក់​ស្លាប់​ដោយសារ​ការ​បំពុល​នៃ​ខ្យល់ហើយ​ក្នុងនោះស្ត្រី និង​កុមារ​ក៏ស្ថិត​ក្នុង​ជនរងគ្រោះ​នៃជំងឺ​បង្ក​ឡើង​ដោយសារ​ផ្សែង​ពី​ការ​ដុត​អុស​ផងដែរ។

ដូច្នេះ​ធ្យូងអនាម័យ​ដែល​ឆេះបានយូរ​ក្ដៅខ្លាំង មិនផ្ទុះគ្មានកម្ទេច គ្មានក្លិ​ន និង​បំភាយ​​ផ្សែតិច ក៏អាចរួមចំណែក​កាត់បន្ថយ​ហានិភ័យ​​សុខភាពអ្នកប្រើប្រាស់ផង​ដែរ។​

​ព័ត៌មានបន្ថែមពី ធ្យូង​អនាម័យនេះ ​​អាចស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក  កសិដ្ឋាន​បង្កង​ដំណាក់​កី ឬទំនាក់ទំនង​​ទូរ​សព្ទ​លេខ​ ០៩២ ៥០០ ២០០/០៨១ ៥៩៥ ០១០៕

អត្ថបទពេញនិយម

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

ស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា

ចម្លាក់កងទ័ពបុរាណចិន Terracotta ប្រារព្ធខួប៥០ឆ្នាំ នៃការរុករកឃើញក្រោមដី

អត្ថប្រយោជន៍សុខភាពនៃការទទួលទានពងក្រួចកូន

ក្រុមហ៊ុន Telegram អះអាងថា ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន "គ្មានអ្វីត្រូវលាក់បាំងទេ"