បច្ចេកវិទ្យា

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន

September 19, 2024
SR Digital Content Creator
Heading
Option 1

Google រួមជាមួយ​នឹង​ដៃគូ​ជាច្រើន​កំពុង​វិនិយោគ​លើ​គម្រោង​ផ្កាយរណប​មួយ​ ដែលមាន​ឈ្មោះថាFireSatដើម្បី​ស្វែងរក​ភ្លើង​ឆេះ​ព្រៃ​បាន​យ៉ាង​ឆាប់រហ័ស និង​ជួយ​អ្នក​ពន្លត់អគ្គីភ័យ​ប្រតិ​ប​ត្ត​ការ​បាន​លឿន​ជាង​មុន​។

ផ្កាយរណប​ទីមួយ​នៅក្នុង​ស៊េរី​នេះគ្រោង​នឹង​បាញ់​បង្ហោះ​នៅ​ដើម​ឆ្នាំក្រោយ ក្នុង​គោលបំណង​ផ្តល់​រូបភាព​ទាន់​សភាព​ការ​នៃ​ភ្លើង​ឆេះ​ព្រៃ​ពី​ជុំវិញ​ពិភពលោក​រៀងរាល់២០ នាទី​ម្តង​។​

​ផ្កាយរណប​ចំនួន ៥២ របស់FireSatដែល​ត្រូវបាន​សាងសង់ឡើង​ជាមួយនឹង​ឧបករណ៍​ចាប់​សញ្ញា​ផ្ទាល់ខ្លួន នឹង​អាច​ចាប់បាន​សូម្បីតែ​ភ្លើង​តូចៗដែលមាន​ទំហំ​​រហូតដល់ ៥ គុណ​នឹង ៥ ម៉ែត្រ​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។

នេះ​គឺជា​ការកែលម្អ​ដ៏​សំខាន់​លើ​ផ្កាយរណប​បច្ចុប្បន្នដែល​ផ្តល់​រូបភាព​កម្រិត​​​ច្បាស់ តែ​មិនសូវ​ញាក់ញាប់ ឬ​ក៏​ផ្ដល់រូបភាព​​ញឹកញាប់ ប៉ុន្តែ​ជារូប​គុណ​ភាព​ទាប​។​

​AI ដើម្បី​បង្កើន​ការរកឃើញ​ភ្លើង​

​ប្រព័ន្ធ FireSat ក៏​នឹង​ប្រើប្រាស់​ឧបករណ៍ AI របស់ Google ដើម្បី​ស្វែងរក និង​តាមដាន​សញ្ញា​ដំបូង​នៃ​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។ ការរួមបញ្ចូល​គ្នា​នៃ​រូបភាព​ផ្កាយរណបនិង AI នឹង​ត្រូវបាន​ចែករំលែក​ជាមួយ​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ដោយ​ឥតគិតថ្លៃដោយ​ជួយ​ពួកគេ​ឱ្យ​យល់​អំពីសណ្ឋាន​​អគ្គីភ័យ ពង្រាយ​ធនធាន​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ជម្លៀស​មនុស្សប្រកប​​ដោយ​សុវត្ថិភាព​។​

​ភ្លើង​ឆេះ​ព្រៃ​បាន​ក្លាយជា​រឿង​ធម្មតា​ដោយសារ​ការប្រែប្រួល​អាកាសធាតុខណៈដែល​សីតុណ្ហភាព​កើនឡើង​ធ្វើឱ្យ​ព្រៃ​ និង​វាលស្មៅ​ស្ងួតក្រោម​​។ ម្យ៉ាងវិញទៀត ភ្លើង​ទាំងនេះ​បន្ថែម​ការឡើង​កម្ដៅ​​ផែនដី​។ជា​ឧទាហរណ៍ អគ្គីភ័យ​នៅ​ប្រទេស​កាណាដា​កាលពី​ឆ្នាំមុន​បាន​បញ្ចេញ​កាបូនឌីអុកស៊ីត ៤ដង​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​។​

ប្រសិទ្ធ​ភាព​​នៃFireSat

​អ្នកជំនាញ​ជឿថា FireSat អាចជួយ​អ្នក​ពន្លត់អគ្គីភ័យ ដោះស្រាយ​ភ្លើង​តូច មុនពេល​ពួកគេ​មិនអាច​គ្រប់គ្រង​បាន​។វា​ក៏​នឹង​ជួយ​ក្នុងការ​សម្រេចចិត្ត​រហ័ស និង​សង្គ្រោះ​ជីវិត​ផងដែរ ដូចជា​កន្លែង​ដែល​ត្រូវបញ្ជូន​អ្នក​ពន្លត់អគ្គីភ័យឬ​របៀប​ជម្លៀស​មនុស្ស​ដោយ​សុវត្ថិភាព​។

ខណៈពេលដែល​តំបន់​មួយចំនួន​ដូចជា​កាលីហ្វ័រ​ញ៉ា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​រួចហើយFireSatអាចមាន​ប្រយោជន៍​ជាពិសេស​នៅក្នុង​ប្រទេស​ដែល​ខ្វះខាត​ធនធាន​បែបនេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយខណៈពេលដែល FireSatនឹង​ជួយ​រកឃើញ​ភ្លើង អ្នកជំនាញ​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​យុទ្ធសាស្ត្រ​ផ្សេងទៀត​ដូចជា​បច្ចេកទេស​ដុត​រុក្ខជាតិ​​ងាយបង្ក​​ហានិភ័យ​ដើម្បី​កាត់បន្ថយ​ការឡើង​នៃ​រុក្ខជាតិ​​ស្ងួត និង​គោលនយោបាយ​ប្រសើរជាងមុន​ក្នុងការ​រៀបចំតំបន់លំនៅដ្ឋានសហគមន៍​ក្នុង​តំបន់​ងាយ​រងហានិភ័យ​​​ភ្លើងឆេះ​​។​

ការផ្តល់​មូលនិធិនិង​ការបើក​ដំណើរការ​នាពេល​អនាគត​

​ក្រុមហ៊ុន Google បាន​ប្តេជ្ញាចិត្តដាក់​ថវិកា ១៣ លាន​ដុល្លារ​ដល់​កម្មវិធី ដោយ​ផ្កាយរណប​ដំបូង​គេ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។នៅ​ឆ្នាំ ២០២៦ ផ្កាយរណប​ដែល​ដំណើរការ​ពេញលេញ​ចំនួន ៣ នឹងត្រូវ​បានដាក់​ពង្រាយ ហើយ​គោលដៅ​គឺដំណើរ​ការ​​​ផ្កាយរណប​ចំនួន៥២ទាំងអស់​នៅក្នុង​គន្លង​នៅ​ចុងបញ្ចប់​នៃ​ទសវត្សរ៍​នេះ​។

​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​នឹង​ចាប់ផ្តើម​ទទួល​បានការ​ជូនដំណឹង​ទាន់ហេតុការណ៍​រៀងរាល់​ម៉ោង​ភ្លាមៗនៅពេលដែល​ផ្កាយរណប​ពាក់កណ្តាល​ដំណើរការ​។​

​ការចំណាយ​សរុប​នៃ​កម្ម​វិធីFireSatត្រូវបាន​គេ​រំពឹងថា​នឹង​លើសពី ៤០០ លាន​ដុល្លារ ប៉ុន្តែ​អ្នកជំនាញ​និយាយថា​ចំនួន​ទឹកប្រាក់​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការបាត់បង់​សេដ្ឋកិច្ច​​ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយធំ​​​ជា​រៀងរាល់ឆ្នាំ​។​

​បច្ចេកវិទ្យា​ជាច្រើន​ទៀត​កំពុង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​ភ្លើង​ឆេះ​ព្រៃដូចជា​កាមេរ៉ា យន្តហោះ​គ្មាន​មនុស្ស​បើក និង​ការព្យាករណ៍ AI ប៉ុន្តែFireSat ត្រូវបាន​គេ​រំពឹងថា ​​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើង​ឆេះ​ព្រៃ​នា​រយៈពេលយូរអង្វែង។

អ្នកជំនាញ​ជឿថា ​វា​ប្រហែលជា​ត្រូវ​ចំណាយពេល​រាប់​ទសវត្សរ៍​ដើម្បី​ចាប់យក​ហានិភ័យ​នៃ​អគ្គីភ័យ​ដែល​កើនឡើង​​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​ជាមួយនឹង​ឧបករណ៍​ដូចជា FireSat និង​គោលការណ៍​ប្រសើរ​ជាង​នេះ សង្ឃឹមថា​ យើង​អាច​រៀន​រស់នៅ​ជាមួយគ្រោះភ្លើង​ឆេះ​ព្រៃ​​​​នាពេល​អនាគត​៕

អត្ថបទពេញនិយម

ពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ធ្វើឡើងដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខ

កសិករនៅបាត់ដំបង ចែករំលែកបទពិសោធន៍ចិញ្ចឹមជ្រូកកណ្ដុរ មិនត្រឹមតែងាយស្រួល ថែមទាំងមានទីផ្សារល្អ

កុំភាន់ច្រឡំ! អ្នកប្រើសូឡា មិនតភ្ជាប់ជាមួយអគ្គីសនីរដ្ឋ មិនចាំបាច់ធ្វើស្វ័យប្រកាស

ប្រវត្តិ និងស្នាដៃ ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»