ជីវិត និង សង្គម

ជាងចម្លាក់ជាង ៤០ឆ្នាំបន្តច្នៃប្រាក់ស្ពាន់ជាវត្ថុសិល្បៈដ៏រស់រវើកតម្លៃចាប់ពីខ្ទង់រយដល់ម៉ឺនដុល្លារ

September 18, 2024
ថិញ រិទ្ធី
Heading
Option 1

កណ្ដាល :ជាង​ចម្លាក់​បទ​ពិសោធន៍​ជាង​ ​៤ទសវត្សរ៍ ​លោក ជា យុ​ទ្ធា បាន​ប្រែ​លោហធាតុ​ជា​វត្ថុ​សិល្បៈ​ដ៏មានតម្លៃ​​ដល់ខ្ទង់ម៉ឺន​​ដុល្លារដោយសារ​តែ​​ទឹកដៃ​​ដ៏​​​រស់រវើកល្អ​ឯក រហូត​​​ទទួល​បាន​ការ​ប្រទាន​បរមងារ​ទេព​ហត្ថកោសល្យពី​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហ​មុ​នី​។​

​​នេះ​​មិនមែន​ជា​រឿងងាយស្រួល​​ទេដែលស្នាដៃ​​​ចម្លាក់ប្រាក់ ស្ពាន់ និងដែក របស់លោកត្រូវបាន​​ទទួលស្គាល់​ស្ញប់ស្ញែង និង​​មាន​​​​ទីផ្សារ​ខ្ពស់។ជាមួយ​ឧប្បនិស្ស័យ​ ទេពកោសល្យ ​និង​ការ​រៀនសូត្រ​អនុវត្ត​រាប់សិបឆ្នាំ​ទើប​លោក​អាច​សមត្ថភាព​បង្កើត​ស្នាដៃ​ចម្លាក់​លោហៈ​ដ៏អស្ចារ្យ​។​

លោក យុទ្ធា បាន​​រៀន​ចម្លាក់​តាំង​ពី​​ទសវត្សរ៍​​ទី​ ​៦០ ​និង​បន្ត​សិក្សា​​រហូតដល់​ទសវត្ស​រ៍​ឆ្នាំ ១៩​៧៥ ពេល​ដែល​​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​។​

​ក្រោយពី​របប​អាវខ្មៅ​ដួលរលំ ​​លោកក៏​បាន​ចាប់ផ្ដើមអាជីព​​ជាជាង​ចម្លាក់​ឡើងវិញ​នៅក្នុងឆ្នាំ ​១៩៨៧ តែលោក​​​មិនអាច​ចម្លាក់ឆ្លាក់​​ស្ពាន់ ប្រាក់ និង ដែក​បានច្រើននោះទេដោយសារតែ​ភាព​លម្អិត​​នៃ​ចម្លាក់​​ទាមទារ​​រយៈ​ពេល​យូរ​ និង​ភាព​​​អំណត់អត់ធន់ខ្ពស់​។​

​លោក យុ​ទ្ធា បាន​ប្រាប់​សារព័ត៌មាន SR News ឲ្យ​ដឹងថា៖ ​« រូបចម្លាក់​ទាំងអស់ខ្ញុំ​ឆ្លា​ក់ដោយ​ដៃ​ផ្ទាល់​មិនមាន គ្រឿង​ម៉ាស៊ីន​ជួយ​ទេដោយ​ខ្ញុំ​អាច​ឆ្លា​ក់លើដាវ កាំបិត ពូថៅ ឬ​ក៏​វត្ថុ​ផ្សេងៗ​ទៀត​ទៅ​តាម​ការ​​កុម្ម៉ង់​របស់​អតិថិជន​»​។

​​ចំពោះ​វត្ថុធាតុដើម​លោក​ត្រូវ​ទិញ​ស្ពាន់​ពីរាជធានី​​ភ្នំពេញនិង​ស្ពាន់​ក្រហម​មកពី​ខាង​ព្រែក​ក្ដាម។ ​វត្ថុធាតុដើម​ទាំងនោះ​មានសណ្ឋាន​ជា​បន្ទះៗ​នៅ​ឡើងមុន​នឹ​ងលោក​យក​វា​ទៅ​​​កាប់​​តាម​ខ្នាត​ដែល​ត្រូវធ្វើ​ដូចជាកា​​ទឹក ចានស្រាក់ ឬ​ក៏​ផ្តិល​ជាដើម​។លោហធាតុដែល​កាប់​តាម​ខ្នាត​រួច ​​​ត្រូវ​បាន​​​យកមក​ផ្សារ​ជាប់​គ្នា រួច​ឆ្លាក់​រំលេច​​​ក្បូរ​ក្បាច់រចនាឬ​​​សាច់​រឿង​​ពី​បុរមបុរាណ​​​ទៅការ​និយម​របស់​​​​​អតិថិជន។

​​ក្នុងដំណើការ​ផលិត​វត្ថុសិល្បៈ​ទាំង​​នេះ​លោក​ យុទ្ធា ​ក៏​ជួប​ផល​ពិបាក​ផងដែរ ដោយកិច្ចការងារ​នេះ​​ត្រូវការ​ពេលវេលា​យូរ និងទាមទារ​សេចក្ដីអំណត់​អត់ធន់ ប្រិតប្រៀង ផ្ចិតផ្ចង់​ដើម្បី​បាន​ផលិតផលសម្រេច​​មួយ​ដែល​ល្អឥតខ្ចោះ។ទោះយ៉ាងណា​​លោក​នៅតែជ្រើសរើស​​អភិរក្ស​វិធីសាស្ត្រ​​បុរាណក្នុងការ​​ឆ្លាក់​សម្ភារៈ​ធ្វើពីលោហធាតុ​​​ទាំងនេះ។​

​លោក​បាន​បន្ថែមទៀតថា៖ «​ចំពោះ​ការ​ឆ្លាក់​នេះ​បើ​​ខ្ញុំ​ឆ្លាក់​តាមបែប​សម័យ​​គឺ​វា​ងាយស្រួលនិង​រហ័ស។ ​តែបើ​ខ្ញុំ​ឆ្លាក់​តាម​ក្បាច់បុរាណ​គឺ​ទាមទារ​ប្រើ​ពេលវេលា​យូរ​និង​ម៉ត់ចត់ដោយ​កែវ​ទឹក​មួយ​ត្រូវ ឆ្លាក់​រយៈពេល ​១៥​ថ្ងៃ និងផ្ដិ​ល​ទឹកធំ​ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​​ ៤​ខែ​ទើប​រួច»។

ការ​បន្ត​​រក្សា​ប្រពៃណី​ចម្លាក់​ពីបុព្វបុរស​របស់លោកយុទ្ធា ក៏ត្រូវបាន​អតិថិជនកោតសរសើរ​ និង​​ផ្ដល់​តម្លៃ​ខ្ពស់​ផង​ដែរ។​

លោក​បាន​ឱ្យដឹង​ថា៖ «ចំពោះ​កែវ​ទឹក​ស្ពាន់​មានតម្លៃ ៣០០​ដុល្លារ​និង​ផ្ដិ​ល​​ទឹកធំ​មានតម្ល ៃ​​៨០០-១០០០០​ដុល្លារ និង​​ចានស្រាក់​មានតម្លៃ ២៣០០​​ដុល្លារ»​។

​អតិថិជន​ដែល​បាន​កុម្ម៉ង់​និង​ទទួលស្នាដៃ​របស់លោកយុទ្ធា ​ទៅ​ប្រើប្រាស់​ហើយ ពួកគាត់​មាន​សេចក្ដី​ត្រេកអរ និង​គាំទ្រស្នាដៃ​របស់លោក​ជា​ខ្លាំង​ដោយ​លោក​បាន​ឆ្លាក់​ទៅ​ក្បូរក្បាច់​រចនា​​លំនាំ​ដើម ​ទាំង​រូប​មនុស្ស​វល្លិ​​ផ្កា​ភ្ញី រុក្ខជាតិ រំលេច​ភាពលម្អិត​​រស់រវើក​ល្អ​ឥត​ខ្ចោះស័​ក្ដិសម​នឹង​តម្លៃ​​វត្ថុសិល្បៈ​ដ៏ប្រណីត​ទាំង​នេះ។​

សព្វ​ថ្ងៃ​លោក ជា យុ​ទ្ធា មានវ័យ ​៧០​ឆ្នាំ ហើយលោក​ក៏បាន​​បណ្ដុះបណ្ដាល​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​​មានជំនាញ​សិល្បៈចម្លាក់លើ​លោហៈ​​នេះ​​ផង​ដែរ។

​លោក​បាន​ឱ្យដឹង​ថា៖ «សព្វថ្ងៃនេះ​ខ្ញុំ​ក៏បាន​បង្រៀន​ស្នាដៃ​ចំណាក់​នេះ​ដល់​កូន​និង​ចៅ​របស់ខ្ញុំ​ផងដែរនិង​សិស្ស មួយ ចំនួន​ទៀត​តាំងពី​ឆ្នាំ​ ១៩៧៥​មកម្ល៉េះ»។​

ក្ដី​ប្រាថ្នា​របស់លោក​ទៅថ្ងៃ​​អនាគតគឺ​ពុំ​មានអ្វី​ក្រៅ​ពី​បន្ត​​​ខិតខំ​បង្ហាត់បង្រៀន​កូនសិស្ស​ឲ្យ​បាន​ច្រើន​បន្ថែមទៀតដោយ​លោក​ យុទ្ធា សង្ឃឹម​​ថា​នឹង​អាច​​៖ «​​បន្ត​មរតក​ដូនតា​មួយ​នេះ​ទៅ​ក្មេងជំនាន់ក្រោយ​ដោយ​មិន​ឲ្យ​បាត់បង់​នោះឡើយ»។

ជាង​ចម្លាក់​ប្រាក់ស្ពាន់ ដែក លោក ជា យុទ្ធា ស្ថិតនៅក្នុង​ភូមិ​សាលា​កាត់សក់ ឃុំ វិហារ​ហ្លួង ស្រុក​ពញាឮខេត្ត​កណ្ដាល​។ ​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក   Ramo ជាងចម្លាក់

ឬ​លេខ​ទូរ​សព្ទ​៖ ០១៧ ៣១១ ១១៩/០៩២ ៦៧០ ០៣៨៕

អត្ថបទពេញនិយម

វិធីងាយៗបំបាត់ការឈឺចាប់ពេលមករដូវ ហើយមិនអស់លុយច្រើនទៀត

Google នឹងផលិតទូរសព្ទ Pixel និង Drone នៅក្នុងប្រទេសឥណ្ឌា

កន្និដ្ឋា៖ «ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំដឹង»

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

លោក ធីម ម៉ាដុកស៍ បង្កើតសាលារៀន និងមណ្ឌលកុមារកំព្រា ដើម្បីជួយកុមារក្រីក្រ នៅក្នុងខេត្តសៀមរាប