សេដ្ឋកិច្ច

អំបោសធ្វើពីសរសៃដបប្លាស្ទិកធន់មាំ ទទួលការគាំទ្រកាន់តែខ្លាំង

January 9, 2025
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ : ​ស្ថិតនៅ​សិប្បកម្ម​មួយកន្លែងនៃសង្កាត់​ចោមចៅដប​ប្លា​ស្ទិ​កជាង​៤០០​តោន​នៅ​ក្នុងស្ដុក​កំពុង​​រង់ចាំ​កម្មករ​ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​ហូត​ជា​សរសៃៗ​ដើម្បី​កែច្នៃ​ជា​អំបោស​ប្រើប្រាស់​ប្រចាំថ្ងៃ។

​​ភាព​មមាញឹក​នៃចង្វាក់​ផលិតកម្ម​នេះ​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​លោក​លោក ហាស់ គា ដែល​កំពុង​ឈរ​ក្នុង​រោង​សិប្បកម្ម​ផលិត​អំបោស​ខណៈ​​កម្មករ​ជាច្រើន​ពាក់ស្រោមដៃការពារ​ការមុត​កំពុង​អង្គុយ​ហូត​សរសៃ​ជ័រ​ចេញពី​ដប​ប្លា​ស្ទិក​។​

លោក​ គា ដែល​ជា​ម្ចាស់សិប្បកម្ម បានធ្វើ​ឱ្យ​​គំនិតផលិត​​អំបោស​ពី​ដប​ប្លាស្ទិក​​ក្លាយជា​អាជីវកម្ម​​ពិតៗ​តាមរយៈ​ការ​​មើលវីដេអូលើ​​យូ​ធូប​គួបផ្សំ​នឹង​ការ​ខិតខំ​​ស្រាវជ្រាវ​បន្ថែម។

​​លោក​​បាន​ប្រាប់​សារព័ត៌មាន SR News ថា៖ ​«​​ដំបូង​ខ្ញុំ​គ្រាន់តែ​មើល​យូ​ធូប​ឃើញ​វីដេអូបរទេស​បង្ហាញ​ពី​ការផលិត​អំបោស​ពី​ដប​​ទឹក​សុទ្ធ ពេលនោះ​ខ្ញុំ​គិតថា​នៅ​ស្រុក​យើងសម្បូរ​ដប​ទឹក​សុទ្ធ ហើយ​មានតម្លៃ ថោក​ទៀតផងខ្ញុំ​ក៏បាន​ស្រាវជ្រាវ​លំអិត​បន្ថែម​ពី​ដំណើរ​ការផលិត​»​។​

​​នៅក្នុង​ដើមឆ្នាំ​២០២៣ សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិកក្នុង​ភូមិ​ព្រៃទា ២ សង្កាត់​ចោមចៅ ៣ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើត​និង​បានផ្ដល់​ការងារ​ដល់​អ្នក​រស់​នៅ​ជុំវិញ​​​នោះ​ប្រមាណ​ជា​ជិត៣០​នាក់។

​កម្មករ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​វ័យ​ចំណាស់ៗនិង​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ពួកគាត់​ជា​អ្នក​កែច្នៃអំបោស​ពីដបប្លាស្ទិក ដែល​​កំពុងមាន​គាំទ្រ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

​លោក គាដែលជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​អំបោស​ប្លា​ស្ទិក​បាន​សម្ដែងចំណាប់អារម្មណ៍ថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែលសិប្បកម្ម​របស់ខ្ញុំ​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ថែមទាំង​បាន​ជួយ​បរិស្ថាន​បាន​មួយកម្រិត​​ទៀតផង»​។​

​អំបោស​ធ្វើ​អំពី​ដប​ទឹក​សុទ្ធធន់​​​មិនថា​ការ​​​បោស​ដី​ភក់ ​ស្លឹកឈើ ​សំរា​ម​សើម សំរាម​ស្ងួត លាមក​សត្វ គ្រួស​​​ថ្ម ជាដើម​ហើយ​ងាយ​លាង​ទឹកសម្អាតយក​មកប្រើប្រាស់ឡើងវិញ។

វត្ថុធាតុ​ដើម​​ក្នុងការ​ធ្វើអំបោស​មិន​មានអ្វី​ច្រើន​លើសពី​ដប​ប្លាស្ទិកដងឫស្សី លួស និង​សរសៃជ័រនោះទេ។

​លោក​ គា បាន​រៀបរាប់ពីដំណើរការ​ផលិត​ថា៖​«ដើម្បី​ផលិត​បានជា​អំបោស​ដ៏​រឹងមាំ​មួយ​បានយើង​ត្រូវការ​ដង​ឫស្សី មួយ ម៉ែត្រ​២​តឹក​យកមក​បំពាក់​ជើងក្អែក​លួស​២​លី​កន្លះ​ជាមួយនឹង​សរសៃ​ជ័រ​៥​​ខាំ​មក​រុំ​ចុង​អំបោស​យក​ប្រវែង​បួន​តឹករួច​ឃ្លុំបេ​ដោយ​ដប​ទឹក​សុទ្ធ​នៅជាប់​នឹង​​ក្បាល​អំបោស​ដើម្បី​ឲ្យ​មានសោភ័ណភាព​រួច​ក្រង​សរសៃ​ជ័រ​ដប​ទឹក​សុទ្ធ​ដោយ​ប្រើ​ខ្សែ​តាន់​ស្វិត​ដើម្បី​ឲ្យ​សរសៃ​អំបោស​រឹង​បន្តិច»​​។​

​​ក្នុង​មួយថ្ងៃៗ​សិប្បកម្ម​របស់លោក​អាច​ផលិត​អំបោស​បាន​ពី​២០០​ទៅ​៥០០​ដើម​ជាមួយ​​កម្លាំង​​កម្មករ ១​៦​នាក់​។​​អំបោស​១​ដើម​មានតម្លៃ​១០,០០០ រៀល​និង​១៥,០០០​រៀល​។​

​ម្ចាស់​អាជីវកម្ម​​វ័យ​៤០​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ពេល​មាន​ក្រុមហ៊ុន​បោសសម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ​មួយ​បាន​កុម្ម៉ង់​អំបោស​ពី​សិប្បកម្ម​លោក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​លោក​រំពឹង​ថា បើ​​មាន​​​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀចាប់​​អារម្មណ៍​​កុម្ម៉ង់បន្ថែម​នោះវា​​រឹត​តែ​ល្អ ដោយសារ​​សិប្បកម្ម​នេះ​គាំទ្រ​ការ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើ​យ​ផលិតផល​ត្រូវបាន​​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​​​។​

​​នា​​ថ្ងៃ​អនាគត លោក គា ​ចង់​ពង្រីក​សិប្បកម្ម​នេះ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​ដើម្បី​​​ជួយ​ដល់​អ្នក​ខ្វះខាត​ឲ្យ​បាន​កាន់តែច្រើនក៏ដូចជា​រួមចំណែក​កែច្នៃកាកសំណល់ដប​ប្លាស្ទិក​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក អំបោស​ប្រើ​មិន​ខូចឬ​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៧ ២២២ ០០០៕

អត្ថបទពេញនិយម

សេដ្ឋីនីលុយពាន់លានដុល្លារ Selena Gomez ប្រកាសភ្ជាប់ពាក្យជាមួយអ្នកនិពន្ធបទចម្រៀង Benny Blanco

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

ពិធីបុណ្យស្រាបៀរ Oktoberfest អាល្លឺម៉ង់រៀបចំនៅកោះពេជ្រ ចុងខែតុលានេះ

ឱកាសដ៏កម្រ ក្រុមតន្ត្រីយុវជនអង្គរ ផ្ដល់ការការប្រគំន្ត្រីក្លាសិក និងចម្រៀងអូប៉េរ៉ា ដោយឥតគិតថ្លៃនៅថ្ងៃទី ២៤ ខែកញ្ញា