ជីវិត និង សង្គម

អ្នកដឹកនាំភាពយន្ត ២ រូប ធ្វើឱ្យមហោស្រពភាពយន្តខ្មែរ ក្រុងឡុងប៊ិច ឈានដល់ឆ្នាំទី ១០ មានទាំង អេនជែលីណា ចូលី ជាទូតសុឆន្ទៈ

August 29, 2024
August Stella
Heading
Option 1

នៅ​ពេលដែលអ្នកដឹកនាំរឿង​ខ្មែរ​អាមេរិក​​លោក​ប្រាជ្ញ លី (Prach Ly) និងអ្នកនាង ខេ​លី សូ (Caylee So) បាន​ផ្ដួចផ្ដើម​​​បង្កើត​មហោស្រព​ភាពយន្ត ខេ​ម​បូ​ឌា ថោ​ន (Cambodia Town Film Festival) ក្នុង​ឆ្នាំ ២០១៤ អ្នកទាំងពីរ​មាន​ក្តី​សុបិន​ដ៏​សាមញ្ញ​មួយ​គឺ​ដើម្បី​បង្កើត​វេទិកា​សម្រាប់​អ្នក​ផលិតភាព​យន្ត​ខ្មែរ​​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ និង​អបអរសាទរ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែបរវាង​ខ្មែរ​​អាមេរិក​។

ដប់ឆ្នាំ​ក្រោយមកក្តី​ស្រមៃ​របស់​ពួកគេ​បានក្លាយ​ជាការ​ពិត នឹង​​កាន់តែ​​​អស្ចារ្យ។​ មហោស្រពភាពយន្តខេមបូឌា ថោន គ្រោង​នឹង​ត្រឡប់មក​វិញ​ជា​លើកទី១០ ដោយ​បង្ហាញ​ពី​ភាព​រស់រវើក និង​ចម្រុះ​នៃ​ពិភព​ភាពយន្ត​កម្ពុជា។

ចាប់​ពី​ថ្ងៃទី ១៤ ដល់ ១៥ ខែកញ្ញាឆ្នាំ ២០២៤ ទស្សនិកជននៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា​នឹង​មាន​ឱកាស​ទស្សនា​ខ្សែភាពយន្តចំនួន ៣០ ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងភាពយន្តឯកសារ កុន​ខ្លីៗ នៅ​សាលមហោស្រព Art Theatre Long Beach, CA.និង​​ស្វែង​យល់​ពី​ខ្សែភាពយន្ដ​ដ៏​សម្បូរបែបនៃវប្បធម៌និង បទពិសោធន៍ របស់ កម្ពុជា។

សហ​ស្ថាបនិក​នៃ​មហោស្រព​ភាពយន្តខេ​ម​បូ​ឌា ថោ​ន​​ លោក ប្រាជ្ញ លី​​ត្រូវបាន​គេ​ស្គាល់​ដោយសារ​តន្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់គាត់​ដែល​និយាយ​អំពី​អំពើ​ប្រល័យពូជសាសន៍និង​បញ្ហា​សង្គម​កម្ពុជា​។​

​លោក​គឺ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ហ៊ី​ប​ហប​និង​ត្រូវ​បាន​​​គេ​ចាត់ទុកថា​ជា​សិល្បករ​ហ៊ី​ប​ហប​កម្ពុជា​-​អាមេរិក​ដំបូង​គេដែល​ទទួលបាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​តន្ត្រី​របស់គាត់​។​

លោក​ទំនង​ជា​កើត​​ក្នុង​ឆ្នាំ ១៩៧៩ ដោយ​ពុំចាំ​ទាំង​ថ្ងៃខែឆ្នាំកំណើត​ពិត​ប្រាកដ ក្រៅអំពី​កាលដំណាលប្រាប់ថា លោក​កើត​នៅ​រដូវ​វស្សាកំឡុងពេល​ខ្មែរក្រហម​​ត្រឡប់​ចូលព្រៃវិញ។ លោក ប្រាជ្ញ លី និង​សហស្ថាបនិក​ ខេលី​ សូសុទ្ធ​តែ​ជា​ក្មេងពុំទាន់ដឹងក្ដី​នៅជំរំជនភៀសខ្លួន មុន​នឹង​ភៀស​ខ្លួន​​​ទៅ​សហរដ្ឋអាមេរិក​កាលពី​កុមារភាព​។

​សហ​ស្ថាបនិក​នៃ​មហោស្រព​ភាពយន្ត​កម្ពុជា​ថោ​ន​អ្នកនាង ខេលី គឺ​ជា​ឥស្សរជន​ដ៏​លេចធ្លោ​មួយរូប​នៅក្នុង​សហគមន៍​ខ្មែរ​-​អាមេរិក។ បន្ទាប់ពី​បម្រើការ​នៅ​​ប្រទេស​អ៊ីរ៉ាក់​ក្នុងនាម​ជា​សមាជិក​នៃ​យោធា​សហរដ្ឋអាមេរិកនាង​បាន​រកឃើញ​ចំណង់​ចំណូលចិត្ត​របស់​នាង​ក្នុង​ការផលិត​ភាពយន្តនិង​បាន​បន្ត​បរិញ្ញាបត្រ​ផ្នែក​ផលិតភាព​យន្ត​។​

​ទស្សនវិស័យ​តែមួយគត់​របស់ ខេលី ក្នុងនាម​ជា​អ្នក​ផលិត​ភាពយន្ត​ខ្មែរ​អាមេរិកាំង​នាង​តែង​តែ​ផ្សព្វផ្សាយ​​​អត្តសញ្ញាណ​ជន​ភៀសខ្លួន និង​​បទពិសោធន៍​កម្ពុជា​។ នាង​បាន​ដឹកនាំ​រឿង​ល្បីៗ​ ដូចជា "In the Life of Music" ត្រូវបាន​ជ្រើសរើសជាភាពយន្ត​តំណាង​កម្ពុជា​ទៅ​ប្រកួត​ដណ្ដើមពានរង្វាន់អូស្ការ ក្នុងឆ្នាំ​២០២០។

​បន្ថែម​ពីលើ​ការខិតខំ​ប្រឹងប្រែង​ផលិតភាព​យន្តខេលី ក៏​ជា​អ្នកតស៊ូ​មតិ​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​សហគមន៍​ខ្មែរ​​ក្នុងការ​អភិរក្ស​វប្បធម៌​ផង​ដែរ​។

​អ្នកនាងបាន​ទទួល​ស្គា​ល់ពី​តម្រូវការ​ទីកន្លែង​​​ដែលអាចដាក់​បញ្ចាំង​​​​ភាពយន្ត​ខ្មែរ​ដោយ​​ទទួលបានការ​​​សាទរពី​គ្រប់ជាតិសាសន៍ ជាពិសេសប្រជាជន​​ខ្មែរ​អាមេរិក។

មហោស្រព​ ខេមបូឌា ថោន​ នៅ​ក្រុង​​ឡុង​ប៊ិដែលប្រារព្ធឡើង​ជា​រៀង​រាល់​ឆ្នាំ ​ព្រឹត្តិការណ៍​នេះ​បាន​​បម្រើ​ជា​មជ្ឈមណ្ឌល​រស់​រវើក​សម្រាប់​វប្បធម៌​ខ្មែរពួកគេ​បាន​មើលឃើញ​ឱកាស​ដ៏​ល្អឥតខ្ចោះ​ដើម្បី​នាំយក​ទស្សនៈវិស័យ​រប​ស់​ពួកគេ​មក​ជីវិត​។​

​សហស្ថាបនិកមហោស្រព​រូបនេះ​​បាន​ឱ្យដឹង​ថា៖«ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះមហោស្រព​ភាពយន្ត​កម្ពុជា​ថោ​ន​បាន​រីកចម្រើន​យ៉ាងខ្លាំងដោយបាន​ពង្រីក​ក្រុម​របស់ខ្លួន​ដើម្បី​រួមបញ្ចូល​នូវ​មាតិកា​ចម្រុះ​ពី​អ្នក​ផលិត​ភាពយន្ត​កម្ពុជានិង​រឿងរ៉ាវ​ពី​សហគមន៍​អាស៊ីអាគ្នេយ៍​ដ៏​ទូលំទូលាយ​។ វា​បាន​ពង្រឹង​កម្មវិធី​រប​ស់​មហោស្រពនិង​ទាក់ទាញ​ទស្សនិកជន​កាន់តែ​ទូលំទូលាយដោយ​ខ្សែភាពយន្ត​ជាច្រើន​ទទួលបាន​ការអបអរ​សាទរ និង​ការទទួលស្គាល់​ជា​អន្តរជាតិ»​។​

​លក្ខណៈពិសេស​​​មួយ​នៃមហោស្រព ខេមបូឌាថោន ​គឺ​បរិយាកាស​ប្រមូលផ្តុំ​សមាជិកចម្រុះ​ជាតិសាសន៍ និង​អត្តសញ្ញាណ ​ជាមួយ​សហគមន៍​ក្នុងស្រុកអ្នក​ផលិត​ភាពយន្ត​អន្តរជាតិ និង​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម ជំរុញ​ការសន្ទនាបណ្តាញ និង​កិច្ចសហការ​។

អ្នកនាង​បាន​និយាយ​ថា៖ «ជំនួប​នេះ​បាន​អនុញ្ញាតឱ្យ​អ្នកចូលរួម​ចូលរួម​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ខ្សែភាពយន្តនិង​អ្នក​ផលិតភាព​យន្ត បង្កើត​បទពិសោធន៍​ដ៏​មាន​អត្ថន័យ»​។​

​​យ៉ាងណាមិញការ​នាំ​ឱ្យ​មហោស្រពភាពយន្តឈានដល់​ឆ្នាំទី ១០​ បានឆ្លង​កាត់​នូវ​ការ​ប្រឈមជា​ច្រើន ជាពិសេស​បញ្ហាថវិកា។សំណាង​ល្អ ក្នុង​ឆ្នាំ​នេះ​ការ​រៀបចំ​ទទួលបាន​មូលនិធិ និង​ការឧបត្ថម្ភពី មូលនិធិ RuMBa នៃ​ទីក្រុង​ឡុង​ប៊ិច បានអនុញ្ញាត​ឱ្យមហោស្រព​អាច​ផ្តល់​ការ​ការ​បញ្ចាំង​ដោយ​ឥតគិតថ្លៃ​សម្រាប់​សិស្សានុសិស្សនិង​មនុស្ស​ចាស់​ទាំងអស់​គ្នា។​

​មហោស្រព​នេះ​ផ្តល់​អាទិភាព​ដល់​ភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពីបទ​ពិសោធន៍​របស់​ក​ម្ពុ​ជាដែល​គ្របដណ្តប់​លើ​ប្រធានបទ​ដូចជា អត្តសញ្ញាណ បេតិកភណ្ឌ ប្រវត្តិសាស្ត្រនិង​បញ្ហា​សហ​សម័យ​។

ក្នុង​ចំណោម​ ៣០ ខ្សែភាពយន្ត​ឆ្នាំ​នេះ​​មាន​​រឿង​ល្បីៗជាច្រើនដូចជា​ "Happy Ending" របស់​តារាហូលីវូដ​ខ្មែរបារាំង អេឡូឌី យ៉ុង រឿង​ "The Night Curse of Reatrei" ពី​ផលិតកម្មអ៊ិលឌី "Satook" ជា​ស្នាដៃដឹកនាំ​របស់លោក ប្រាជ្ញ លី ផ្ទាល់ រឿង ​"Elvisof Cambodia" និយាយពី​អធិរាជសម្លេងមាសស៊ីន ស៊ីសាមុត និងរឿង "Work Life"​ ដឹកនាំដោយ​​កូនខ្មែរ​អាមេរិក ខេវិន អ៊ុង។​

​លើសពី​ការ​បញ្ចាំងភាពយន្តមហោស្រព​ភាពយន្ត​កម្ពុជា​ថោ​ន ក៏​គាំទ្រ​ផលិតករ​ភាពយន្ត​ដែល​កំពុង​លេចធ្លោ ជាពិសេសផលិតករ​មក​​​ពី​ប្រទេស​កម្ពុជាតាមរយៈ​ការផ្តល់​ការណែនាំ សិក្ខាសាលា និង​ការតភ្ជាប់​ឧស្សាហកម្ម។

​សហស្ថានិក​មានទស្សនវិស័យ​ចំពោះ​​មហោស្រព​នេះ​នឹង​អាច​​​បង្កើត​ភាពជា​ដៃគូ​កាន់តែ​រឹងមាំ​ជាមួយ​អង្គការ​វប្បធម៌ស្ថាប័ន​អប់រំ និង​អ្នកពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ភាពយន្តដើម្បី​បង្កើត​ព្រឹត្តិការណ៍​សហការ និង​ពង្រីក​ធនធាន​កាន់តែច្រើន​សម្រាប់​អ្នក​ផលិតភាព​យន្ត​។

អ្នកនាង ខេលី បានលើកឡើង​ថា៖ «តាមរយៈ​ការបង្ហាញ​ខ្សែភាពយន្ត​គុណភាព​ខ្ពស់និង​ការចូល​រួមជាមួយ​ទស្សនិកជន​ទូទាំង​ពិភពលោក មហោស្រព​នេះ​ជួយ​បង្កើត​ប្រទេស​កម្ពុជា​ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​វិស័យ​ភាពយន្ត​អន្តរជាតិ»​​។​

​ខណៈដែល​មហោស្រព​ភាពយន្ត ខេមបូឌា ថោន​ ប្រារព្ធ​ខួប​លើក​ទី ១០ របស់ខ្លួន វា​ច្បាស់​ណាស់​ថា​ក្តី​សុបិន​របស់ ប្រាជ្ញលី និង ខេ​លី​សូ មិន​ត្រឹមតែ​ក្លាយជា​ការពិត​ប៉ុណ្ណោះ​ទេប៉ុន្តែ​ថែមទាំង​បាន​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​បង្ហាញ​វប្បធម៌​ខ្មែរនិង​គាំទ្រ​ផលិតករ​ភាពយន្ត​ដែល​កំពុង​រីកចម្រើន​ផងដែរ​៕

អត្ថបទពេញនិយម

ឈឿង ល្វៃ៖ «ក្រុមជម្រើសជាតិ ត្រូវសិក្សាបន្ថែមពីចម្លាក់ក្បាច់គុនបុរាណខ្មែរនៅអង្គរ»

ប្រ៊េនលំដាប់ខ្ពស់អ៊ីតាលី ថតម៉ូដ ២០២៥ រដូវកាលថ្មី នៅទឹកដីអច្ឆរិយៈកម្ពុជា

អ្នកស្រី អ៊ុន សុ​ផា​រី តស៊ូច្នៃរុក្ខជាតិជាភេសជ្ជៈ និងប្រេងរឹត

ចង្ក្រានកែច្នៃដោយប្រើប្រេងចាស់ៗកំពុងផ្ទុះការគ្រាំទ្រ

អារ៉ែងខេមភីង រីស៊តធម្មជាតិជាប់ដងស្ទឹង ក្បែរជួរភ្នំក្រវ៉ាញ កំពុងទាក់ទាញទេសចរកុះករ