ជីវិត និង សង្គម

«ក្រុមសិល្បៈវត្តព្រៃក្ទម្ព» ប្រមូលផ្តុំយុវជន និងកុមារ ហាត់សម្តែងយីកេ និងរបាំក្បាច់បុរាណខ្មែរ

December 30, 2024
សួស យ៉ាមី
Heading
Option 1

កំពង់ធំៈផ្តើមចេញពី​ការប្រមូលផ្តុំ​ក្មេងៗ​ដែល​ស្រឡាញ់​សិល្បៈមក​ហាត់រៀន​នូវ​ទម្រង់​សិល្បៈ​បុរាណ ពេលនេះ​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ព បាន​ក្លាយជា​ក្រុម​សិល្បៈ​មួយ​លេចធ្លោ​ប្រចាំខេត្ត​កំពង់ធំនិង​ទទួល បានការ​សម្តែង​ជាច្រើន​ទាំង​នៅក្នុង​ស្រុក និង​បណ្តា​ខេត្ត​។​

​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ពគឺជា​ក្រុម​សិល្បៈ​មួយ​ប្រចាំ​វត្ត​ព្រៃ​ក្ទម្ព ដែល​បង្ហាត់​ក្មេងៗ​ទាំងប្រុសនិង​ស្រី នូវ​សិល្បៈ​យីកេ របាំ​ក្បាច់បុរាណ​ខ្មែរ​ជាច្រើន ដូចជា​របាំ​ជូនពររបាំ​បួងសួង​ព្រា​ហ្ម របាំ​អប្សរា​ជាដើមនិង​មាន​ទីតាំង​ស្ថិតនៅ​ស្ថិត​ក្នុងភូមិ​នី​ពេ​ជ «​ខ​» ឃុំ​នី​ពេ​ជស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​លោក វី ថៃអ្នកគ្រប់គ្រង​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ព បាន​ប្រាប់​សារព័ត៌មាន SRNEWS ថា ការផ្តួចផ្តើម បង្កើត​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ពកើតចេញពី​គំនិត​របស់ ភិក្ខុ​ថិ​រ​ចិ​ត្តោ ក្រូច សំបាន ព្រះគ្រូ​ចៅអធិការវត្ត​បុញ្ញក្ខេត្ត រតនា​រាម​ព្រៃ​ក្ទម្ព ហៅ​វត្ត​ព្រៃ​ក្ទម្ពដែល​ព្រះអង្គ​មានទឹក​ព្រះទ័យ ស្រឡាញ់​នូវ​ទម្រង់​សិល្បៈ ខ្មែរ​បុរាណនិង​ចង់​បង្កើតឱ្យមាន​ក្រុម​សិល្បៈ​មួយ​ប្រចាំ​វត្ត​ផងដែរ​។​

​លោក វី ថៃ បញ្ជាក់ថា​៖ «​បង្កើត​ដំបូង​នៅ​ចុងឆ្នាំ ២០១៩ពេល​ហ្នឹង​ព្រះអង្គ​បាន​រក​គ្រូសិល្បៈ​ដែល​គាត់ ស្ម័គ្រចិត្ត​មក​បង្រៀនគាត់​ឈ្មោះ​លោកគ្រូ ហម ច័ន្ទ​ធឿន នៅ​ខេត្តសៀមរាប គាត់​ជា​អតីត​សិស្សនៅ​សាលា​វិចិត្រសិល្បៈ ជំនាញ​ផ្នែក​ល្ខោន​យីកេ និង​របាំ​បុរាណហើយ​ពេល​បង្កើត​ដំបូង​ហ្នឹង មាន​សិស្ស​ចូលមក​ហាត់​ដល់​ទៅ ៨៧ នាក់គឺថា​ច្រើន​ខ្លាំង អាច​ថា​ជា​ប្រវត្តិសាស្ត្រ​ហើយ ហើយ​ក្មេងៗ​ទាំងអស់នោះជា​ក្មេង​ក្នុងភូមិ​នេះឯង​»​។​

​ទទួលបាន​សិស្ស​មក​ហាត់រៀន​ច្រើន​ក៏ពិតមែនប៉ុន្តែ​ក្រុម​សិល្បៈ​ថ្មីថ្មោង​នេះ ត្រូវ​ជួបប្រទះ​នឹង​ឧបសគ្គ និង​បញ្ហា​ជាច្រើនរួមមាន​ទាំង​ធនធានមនុស្ស ថវិកា និង​សម្ភារៈ​។​

«​បង្កើត​ដំបូង​ពិបាក​ខ្លាំងទី​១​ពួកគាត់​សុទ្ធតែ​អត់​ធ្លាប់​ហាត់រៀន​ពីមុនមក អ៊ីចឹង​យើង​ត្រូវ​បង្ហាត់បន្តិច​ម្តងៗ ក្បាច់​បាត ពត់​ដៃជើង ទី​២ កន្លែង​ហាត់រៀន​ដំបូងយើង​អត់​មាន​កន្លែង​ទេ យើង​ក្រាល កៅស៊ូ​នៅ​ដី​ធម្មតា ហើយ​ឱ្យ​ពួកគាត់​ហាត់ហាត់​យូរៗ​សិស្ស​ខ្លះ​ក៏​ឈប់​ខ្លះទៅ តែ​យើង​នៅតែ តស៊ូ​ហាត់​រហូតមក ទី​៣ដំបូងៗ​ខ្វះខាត​សម្ភារៈ យើង​សុំ​លុយ​ពី​លោក (​ព្រះសង្ឃ​) ទិញ​ខ្សែក្រវាត់ ទិញ​អី​ផ្សេងៗហើយ​ក្មេងៗ​ពាក់​តែ​អាវ​ណ​យ​រាំ​ធម្មតា​ទេ មិនទាន់​មានអី​ពាក់​ស្អាត​ទេ និយាយ​ទៅពេល​ខ្វះ សុំ​លុយ​លោក​ទិញ​»​។ នេះ​បើតាម​លោក វី ថៃ​

​បើទោះបីជា​ជួបនឹង​ការលំបាក​យ៉ាងណាក៏​ក្រុម​សិល្បៈ​មួយ​នេះ នៅតែ​តស៊ូ​បន្តដំណើរ​ទៅមុនរហូត​បានចេញ​សម្តែង​នៅតាម​ទីវ​ត្ត​អារាម និង​កម្មវិធី​នានា​។ លុះ​កណ្តាល​ឆ្នាំ២០២១ ក្រុម​សិល្បៈ វត្ត​ព្រៃ​ក្ទម្ព ក៏​ចាប់ផ្តើម​មានការ​គាំទ្រ និង​ស្គាល់​ច្រើនហើយក៏​ទទួលបាន​ការសម្តែង​ច្រើន​ផងដែរ​។  

​ក្មេងៗ​នៅក្នុង​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ពទទួលបាន​ការហ្វឹកហាត់​ចំនួន​៣​ថ្ងៃ​ក្នុង​១​សប្តាហ៍ ដោយ​ចាប់ផ្តើម ពី​ម៉ោង ១ រសៀលដល់​ម៉ោង ៥ ល្ងាច សម្រាប់​ថ្ងៃ​សុក្រ ចំណែក​ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ផ្តើម​ហាត់សម្តែង​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង ១១​ព្រឹក និង​ហាត់​បន្ត​ពី​ម៉ោង​២​រសៀល ដល់​ម៉ោង៦ ល្ងាច​។​

​គិត​មកដល់ពេលនេះក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ព បាន​បណ្តុះបណ្តាល​អ្នក​ស្រឡាញ់​សិល្បៈ បាន​ចំនួន​៣ជំនាន់ ដែលមាន​ចំនួន​ប្រមាណ​ជិត ២០០​នាក់ ដែល​ភាគច្រើន​ជា​សិស្សស្រីមាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង និង​មាន​គ្រូបង្ហាត់​ចំនួន​១​នាក់និង​មាន​អ្នកជំនាញ​សិល្បៈ​ជួយ​បង្ហាត់បង្ហាញ​ផងដែរ​។

​អ្នកគ្រប់គ្រង​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ពបញ្ជាក់​បែបនេះ​ថា «​លោកគ្រូ ហមច័ន្ទ​ធឿន គាត់​នៅតែ​បង្ហាត់ ១​ខែ គាត់​ចុះមក​១​អាទិត្យ​មក​មើល​ក្មេងៗ ក្រៅពីនេះសិស្ស​ធំ​ដែល​រៀន​ពីមុនៗ គាត់​ជា​អ្នក​បង្ហាត់​បន្ត ហើយ​ព្រះសង្ឃស្គាល់​អ្នកសិល្បៈ​ច្រើន ភាគច្រើន​ជា​សិស្ស​មកពី​ខាង​សាលា​រចនា អ៊ីចឹង​ព្រះអង្គ អញ្ជើញ​ពួកគាត់​ឱ្យ​មកជួយ​បង្ហាត់បង្ហាញនិង​កែ​ក្បាច់ ជួយ​កែតម្រូវ​ពួកគាត់​ធ្វើឱ្យ​ត្រូវ​»​។

​ក្រៅពី​ការបង្ហាត់បង្រៀន​ការសម្តែង​សិល្បៈនៅក្នុង​វត្ត​ព្រៃ​ក្ទម្ព​នេះ ក៏​បង្រៀន​ក្មេងៗ​ដែលជា​អ្នក​ស្នង មរកត​ដូនតា​នេះនូវ​ការធ្វើ​គ្រឿង​តុបតែង លម្អ​តួ​សម្តែង​ផងដែរ​។

​លោក​បញ្ជាក់ថា «​ក្មេងៗ​ទាំងអស់ គាត់​ចេះ​ចាក់​ស្បៃ ចាក់​អី​ខ្លួនឯងដោយសារ​យើង​មិនមែន​បង្រៀន គាត់​តែ​រាំ​ទេយើង​បណ្តុះ​គាត់​ឱ្យ​ចេះ​ផ្សារស្ពាន់​ខ្លួនឯង ឱ្យ​គាត់​ចេះ​ធ្វើ​ខ្សែក្រវាត់ឱ្យ​គាត់​ចេះ​ចាក់​ស្បៃ​អី ខ្លួនឯង ភាគច្រើន​សិស្សស្រីៗ​អី គាត់​ឃើញ​អី​ស្អាតៗ​អីគាត់​ផ្សារ​ខ្លួនឯង ស្រឡាញ់​ម៉ូត​ណា​ធ្វើ​ខ្លួនឯងយើង​គ្រាន់តែ​ចំណាយលុយ​ទិញ​ស្ពាន់​ឱ្យ​ពួកគាត់​»​។

​ក្រុម​សិល្បៈ​វត្ត​ព្រៃ​ក្ទម្ពមាន​សម្តែង​ដូចជា ល្ខោន​យីកេ របាំ​បុប្ផា​លោកីយ៍ របាំ​ទិវា​ប្រពៃ របាំ​ជូនពរ របាំ​បួងសួង​ព្រា​ហ្ម របាំ​ឆួ​យ​ឆាយ​បួងសួង របាំ​តា​យ៉ែរបាំ​ព្រាប​សន្តិភាព របាំ​នារី​ជា​ជួល របាំ​ភួង​នារី របាំ​អប្សរា​។

​ជា​ក្រុម​សិល្បៈ​ប្រចាំ​វត្ត​ព្រ​ក្ទម្ពនិង​ប្រចាំ​ភូមិ​ផង​នោះ ក្រុម​សិល្បៈ​មួយ​នេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពីសំណាក់​ភ្ញៀវ​ក្នុង​ខេត្ត​របស់ខ្លួន និង​នៅតាម​បណ្តា​ខេត្ត​នានា​។

​លោក វី ថៃ រៀបរាប់ថា​៖ «​ឥឡូវនេះ​យើង​ទទួលបាន​កម្មវិធី​ច្រើន ភាគច្រើន​តាម​រោងការនិង​បុណ្យផ្កា​អី ហ្នឹង​តាម​វត្ត និង​កម្មវិធី​ផ្សេង​ដែលមាន​គណៈអធិបតីយើង​មាន​របាំ​ជូនពរ បួងសួង  ហើយ​គេ​តែងតែរក​ពួកយើង​រហូត បើ​ចាប់ពី​ចេញ​វស្សា​យើង​មានកម្ម​វិធី​រហូត ជាពិសេស​រវល់​ខ្លាំង​ចន្លោះ​ខែ​៤ដល់​ខែ​៦ រដូវ​គេ​ការ បុណ្យ ហើយ​ភាគច្រើន​គេ​ហៅ​ទៅដល់​សៀមរាប ព្រះវិហារ កំពង់ចាមកំពង់ធំ ស្វាយរៀង ជាដើម​»​។​

​លោក បន្តថា ថវិកា​ដែល​ទទួលបាន​ពី​ការសម្តែងពុំបាន​បែងចែក​ជា​ចំណូល​ចូល​វត្ត​ឡើយ ដោយ​ត្រូវបាន​បែងចែក​ឱ្យ​សិល្បករ​វិញដើម្បី​លើកទឹកចិត្ត​ដល់​ពួកគាត់ ខណៈ​នាពេល​អនាគត អ្នកគ្រប់គ្រង​រូបនេះនឹង​ព្យាយាម​ប​ញ្ជូ​ល​នូវ​ទម្រង់​សិល្បៈ​មួយចំនួន​បន្ថែមទៀត​៕

អត្ថបទពេញនិយម

កម្មវិធីបែបពិកនិកលើកដំបូងគេ ញ៉ាំហ្វេសតា បរិយាកាសប្លែក សកម្មភាពកម្សាន្តក៏សម្បូរបែប

គួរដឹង! រោគសញ្ញា និងមូលហេតុ បណ្តាលឱ្យកុមារកើតជំងឺទឹកនោមផ្អែម

១៦ ចំណុចបែបវិទ្យាសាស្ត្រ នៅពីក្រោយការគេងយល់សប្ដិ

សហគមន៍កសិកម្មសំបូរមានជ័យផលិតប្រេងស្លឹកគ្រៃ ព្យាបាលឈឺសន្លាក់ គ្រេចថ្លោះសត្វទិច យ៉ាងមានប្រសិទ្ធភាព

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ