ភ្នំពេញៈ សិទ្ធិមនុស្សគឺជាសិទ្ធិដែលកើតមានចំពោះមនុស្សគ្រប់រូប ដោយមិនគិតពីពូជសាសន៍ ភេទ សញ្ជាតិជាតិពិន្ធុ ភាសា សាសនា ឬស្ថានភាពផ្សេងៗដទៃទៀតឡើយ។សិទ្ធិមនុស្សរួមមានសិទ្ធិរស់រានមានជីវិត និងមានសេរីភាពសេរីភាពរួចផុតពីអំពើទាសភាព និងការធ្វើទារុណកម្មសេរីភាពខាងការមានទស្សនយោបល់ និងការបញ្ចេញមតិ សិទ្ធិការងារ និងការអប់រំនិងសិទ្ធិផ្សេងៗទៀតជាច្រើន។ មនុស្សគ្រប់រូបទទួលបាននូវសិទ្ធិទាំងអស់នេះដោយគ្មានការរើសអើងនោះឡើយ។
សេចក្ដីថ្លែងការណ៍ជាសាកលស្ដីពី “សិទ្ធិមនុស្ស” ត្រូវបានអង្គការសហប្រជាជាតិប្រកាសឱ្យប្រតិបត្ដិ នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ១៩៤៨។ “ទិវា១០ធ្នូ” ជាថ្ងៃទទួលស្គាល់ថាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងលើកតម្កើងតម្លៃមនុស្សឱ្យមានសេចក្ដីថ្លៃថ្នូរពេញលេញ។
មាត្រាទាំង ៣០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សរួមមាន៖
* មាត្រា១៖
មនុស្សទាំងអស់កើតមកមានសេរីភាពនិងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ។ មនុស្សមានវិចារណញ្ញាណនិងសតិសម្បជញ្ញៈ ជាប់ពីកំណើត ហើយគប្បីប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាពជាបងប្អូន។
* មាត្រា២៖
មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ដែលមានចែងក្នុងសេចក្ដីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែកបែបណាមួយមានជាអាទិ៍ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយឬមតិផ្សេងៗទៀតដើមកំណើតជាតិ ឬទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពដទៃផ្សេងៗទៀតឡើយ។
លើសពីនេះមិនត្រូវធ្វើការប្រកាន់បែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយខាងដែនសមត្ថកិច្ច ឬខាងអន្ដរជាតិរបស់ប្រទេសឬដែនដីដែលបុគ្គលណាម្នាក់រស់នៅទោះបីជាប្រទេស ឬដែនដីនោះឯករាជ្យក្ដីស្ថិតក្រោមអាណាព្យាបាលក្ដី ឬគ្មានស្វយ័តគ្រប់គ្រងក្ដីឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយ ដល់អធិបតេយ្យភាពក្ដី។
* មាត្រា៣៖
បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាពនិងសន្ដិភាពផ្ទាល់ខ្លួន។
* មាត្រា៤៖
គ្មានជនណាម្នាក់ត្រូវស្ថិតនៅក្នុងទាសភាពឬស្ថិតក្នុងភាពជាអ្នកបម្រើដាច់ថ្លៃឡើយ។ ទាសភាពនិងទាសពាណិជ្ជកម្មតាមគ្រប់ទម្រង់ទាំងអស់ត្រូវហាមឃាត់។
* មាត្រា៥៖
គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្មឬការប្រព្រឹត្ដិមកលើខ្លួន ឬទណ្ឌកម្មឃោរឃៅអមនុស្សធម៌ឬបន្ថោកបន្ទាបបានឡើយ។
* មាត្រា៦៖
ជនគ្រប់រូបមានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈគតិយុត្ដរបស់ខ្លួននៅគ្រប់ទីកន្លែង។
* មាត្រា៧៖
ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង។មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារស្មើៗគ្នាប្រឆាំងនឹងការរើសអើងណាដែលរំលោភលើសេចក្ដីប្រកាសនេះ ព្រមទាំងប្រឆាំងនិងញុះញង់ឲ្យមានការរើសអើង។
* មាត្រា៨៖
មនុស្សគ្រប់រូបមានសិទ្ធិរកដំណោះស្រាយសក្ដិសិទ្ធមួយនៅចំពោះមុខសាលាជំរះក្ដីជាតិ ដែលមានសមត្ថកិច្ចចំពោះអំពើទាំងឡាយណាដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញឬដោយច្បាប់។
* មាត្រា៩៖
គ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួនឃុំខ្លួនឬនិរទេសខ្លួនតាមអំពើចិត្តឡើយ។
* មាត្រា១០៖
មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាពេញលេញសុំឲ្យតុលាការឯករាជ្យ និងមិនលំអៀងពិនិត្យរឿងក្ដីរបស់ខ្លួនជាសាធារណៈនិងដោយសមធម៌ដើម្បីសម្រេចលើសិទ្ធិនិងកាតព្វកិច្ចនិងលើភាពសមហេតុផលនៃការចោទប្រកាន់ទាំងឡាយខាងបទព្រហ្មទណ្ឌមកលើខ្លួន។
* មាត្រា១១៖
១៖ ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌត្រូវសន្មតជាជនគ្មានទោសរហូតដល់ពិរុទ្ធភាពត្រូវបានរកឃើញនៅក្នុងសវនាករជាសាធារណៈដែលមានការធានាចាំបាច់ដើម្បីឲ្យជននោះការពារខ្លួន។
២៖គ្មានជនណាម្នាក់ត្រូវបានផ្ដន្ទាទោសពីបទល្មើសព្រហ្មទណ្ឌនៅពេលធ្វើអំពើឬមានការខកខាននេះដូចគ្នានេះដែរមិនត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។
* មាត្រា១២៖
គ្មានមនុស្សណាម្នាក់ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពាល់ដល់កិត្តិយសនិងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ជនគ្រប់រូបមានសិទ្ធិទទួលការការពារពីច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកឬការប៉ះពាល់បែបនេះ។
* មាត្រា១៣៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរីនិងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋានក្នុងរដ្ឋមួយ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសណាមួយរួមទាំងប្រទេសរបស់ខ្លួនផង និងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
* មាត្រា១៤៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិស្វែងរក និងទទួលកន្លែងជ្រកកោនក្នុងប្រទេសដទៃទៀតក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។
២៖ សិទ្ធិសុំជ្រកកោននេះមិនអាចលើកមកសំអាងបានទេក្នុងករណីមានការចោទប្រកាន់ដែលពិតជាកើតឡើងពីបទល្មើសមិនមែននយោបាយរបស់សហប្រជាជាតិ។
* មាត្រា១៥៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិមួយ។
២៖ គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់ខ្លួនបានឡើយ។
* មាត្រា១៦៖
១៖មនុស្សប្រុសស្រីដល់អាយុគ្រប់ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ជាតិ ឬសាសនាឡើយ។មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងចំណងអពាហ៍ពិពាហ៍និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។
២៖អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្តទៅបានលុះត្រាតែមានការព្រមព្រៀងដោយសេរីនិងពេញលេញពីអនាគតប្ដីប្រពន្ធ។
៣៖ គ្រួសារជាអង្គភាពធម្មជាតិនិងជាអង្គភាពមូលដ្ឋាននៃសង្គមហើយគ្រួសារមានសិទ្ធិទទួលការការពារពីសង្គមនិងរដ្ឋ។
* មាត្រា១៧៖
១៖ មនុស្សគ្រប់រូបទោះតែម្នាក់ឯងក្ដីឬដោយរួមជាមួយអ្នកដទៃក្ដីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។
២៖ គ្មានជនណាម្នាក់ត្រូវបានដកហូតកម្មសិទ្ធិតាមអំពើចិត្តឡើយ។
* មាត្រា១៨៖ជនគ្រប់រូបមានសិទ្ធិសេរីភាពខាងការគិតសតិសម្បជញ្ញៈ និងសាសនាសិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពផ្លាស់ប្ដូរសាសនា ឬជំនឿព្រមទាំងសេរីភាពសម្ដែងសាសនាឬជំនឿរបស់ខ្លួនតែម្នាក់ឯង ឬដោយរួមជាមួយអ្នកដទៃជាសាធារណៈឬជាឯកជនតាមការបង្ហាត់បង្រៀនការអនុវត្តការគោរពបូជានិងការប្រព្រឹតិ្តតាម។
* មាត្រា១៩៖ មនុស្សគ្រប់រូបមានសិទ្ឋិសេរីភាព ក្នុងការមានមតិនិងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគា្មនការជ្រៀតជ្រែកនិងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាននិងគំនិតនានាដោយគា្មនព្រំដែនទឹកដីទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។
* មាត្រា២០៖
១៖ មនុស្សគ្រប់រូបមានសិទ្ឋិសេរីភាព ក្នុងការប្រជុំឬការរួមគា្នជាសមាគមដោយសន្តិវិធី។
២៖ គ្មានជនណាម្នាក់ត្រូវបានបង្ខិតបង្ខំឲ្យចូលរួមក្នុងសមាគមណាមួយឡើយ។
* មាត្រា២១៖
១៖មនុស្សគ្រប់រូបមានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។
២៖ មនុស្សគ្រប់រូបមានសិទ្ឋិចូលបម្រើមុខងារសារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព។
៣៖ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនាំកិច្ចការសាធារណៈ។ឆន្ទៈនេះ ត្រូវសម្តែងចេញតាមរយៈការបោះឆ្នោតទៀងទាត់តាមពេលកំណត់និងពិតប្រាកដដែលមានលក្ខណៈសាកលស្មើភាព និងសម្ងាត់ឬតាមនីតិវិធីសមមូលដែលធានាសេរីភាពនៃការបោះឆ្នោត។
* មាត្រា២២៖
ក្នុងឋានៈជាសមាជិកនៃសង្គមមនុស្សគ្រប់រូបមានសិទ្ឋិទទួលបានសន្តិសុខសង្គមនិងមានបុព្វសិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ដែលចាំបាច់សម្រាប់សេចក្តីថ្លៃថ្នូរនិងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈការខិតខំរបស់ជាតិនិងសហប្រតិបត្តិការអន្ដរជាតិ និងដោយយោងទៅតាមការរៀចំនិងធនធានរបស់ប្រទេសនីមួយៗ។
* មាត្រា២៣៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើជ្រើសរើសការងារដោយសេរីទទួលលក្ខណ្ឌការងារត្រឹមត្រូវ និងពេញចិត្តនិងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នាចំពោះការងារដូចគ្នាដោយគ្នានការរើសអើង។
៣៖ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភការ ដោយសមធម៌និងពេញចិត្តដើម្បីធានាអត្ថិភាពរស់នៅរស់ខ្លួននិងគ្រួសារឲ្យសមស្របនឹងសេចក្ដីថ្លៃថ្នូរនៃមនុស្ស និងត្រូវបានបំពេញបន្ដែមទៀតដោយមធ្យោបាយផ្សេៗនៃការកាពារផ្នែកសង្គមប្រសិនបើចាំបាច់។
៤៖ មនុស្សគ្រប់រូបមានសិទ្ធិបង្កើតសហជីពនិងចូលរួមក្នុងសហជីពដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
* មាត្រា២៤៖
មនុស្សគ្រប់រូបមានសិទ្ធិឈប់សម្រាក និងលំហែកាយកំសាន្ដរូមបញ្ជូលទាំងកម្រិតម៉ោងការងារសមហេតុផលនិងការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់។
* មាត្រា២៥៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួននិងគ្រួសាររួមមានចំណីអាហារសម្លៀកបំពាក់លំនៅដ្ឋានការថែទាំសុខភាពនិងការងារសង្គមកិច្ចចាំបាច់ផ្សេងៗទៀផង។មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើមានជំងឺពិការមេម៉ាយ ឬពោះម៉ាយចាស់ជរាឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្ដាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន។
២៖ មាតុភាពនិងកុមារភាពមានសិទ្ធិទទួលជំនួយនិងការថែទាំពិសេស។ កុមារគ្រប់រូបទោះកើតពីឪពុកម្ដាយមានខាន់ស្លាឬឥតខាន់ស្លាក្ដី ត្រូវបានទទួលការការពារខាងសង្គមកិច្ចដូចគ្នា។
* មាត្រា២៦៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។ការអប់រំត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សានិងអប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ការអប់រំខាងបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវរៀបចំឲ្យមានជាទូទៅ។ការអប់រំឧត្ដមសិក្សាត្រូវបើកឲ្យចូលរៀនស្មើភាពគ្នាដោយឈរលើមូលដ្ឋានសមត្ថភាព។
២៖ ការអប់រំត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងការពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានការអប់រំនេះត្រូវលើកកំពស់ការយល់ដឹងការអត់ឱនអធ្យាស្រ័យគ្នានិងមិត្តភាពរវាងប្រជាជាតិ និងក្រុមពូជសាសន៍ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់សហប្រជាជាតិក្នុងការថែរក្សាសន្ដិភាព។
៣៖ មាតាបិតាមានសិទ្ធិជាអាទិភាពក្នុងការជ្រើសរើសប្រភេទនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន។
* មាត្រា២៧៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់សហគមន៍អាស្រ័យផលសិល្បៈនិងចូលរួមចំណែកក្នុងវឌ្ឍនភាពវិទ្យាសាស្ដ្រនិងក្នុងផលប្រយោជន៍ដែលបានមកពីវឌ្ឍនភាពនេះ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្ត្រ ឬសិល្បៈដែលជាស្នាដៃរបស់ខ្លួន។
* មាត្រា២៨៖
មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិដែលធ្វើអោយសិទ្ធិ និងសេរីភាពចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។
* មាត្រា២៩៖
១៖ មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហគមន៍ដែលជាកន្លែងតែមួយគត់ដែលអាចបង្កើតបានការរីកចម្រើនដោយសេរីនិងពេញបរិបូរណ៌នូវបុគ្គលិក្ខណៈរបស់ខ្លួន។
២៖ ក្នុងការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ខ្លួនមនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមតែកំរិតព្រំដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់និងការគោរពសិទ្ធិនិងសេរីភាពរបស់អ្នកដទៃនិងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈនិងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។
៣៖ តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះមិនអាចយកទៅប្រើផ្ទុយ និងគោលបំណងនិងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិឡើយ។
* មាត្រា៣០៖
គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះអាចត្រូចបានបកស្រាយតម្រូវថារដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់មានសិទ្ធិបែបណាមួយធ្វើក្នុងការធ្វើសកម្មភាព ឬការប្រព្រឹត្តអំពើអ្វីមួយដែលសំដៅទៅបំផ្លិចបំផ្លាញនូវសិទ្ធិនិងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ៕
អត្ថបទដកស្រង់៖ មជ្ឈមណ្ឌលសិទ្ធកម្ពុជា