ចំណេះដឹង

តើប្លាស្ទិក បង្កបញ្ហាអ្វីខ្លះដល់បរិស្ថាន ធម្មជាតិ សត្វ និងមនុស្ស?

November 21, 2024
សួស យ៉ាមី
Heading
Option 1

ការប្រើប្រាស់ប្លាស្ទិកនៅក្នុងពិភពលោក មានការកើនឡើងជាកំហុគពីមួយឆ្នាំទៅមួយឆ្នាំដូចជាថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារនិងដបប្លាស្ទិកជាដើម។ បញ្ហាធំបំផុតរបស់ប្លាស្ទិកគឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ ជាពិសេសសារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទេច ប្លាស្ទិកតូចៗតែប៉ុណ្ណោះ។

តើសំណល់ប្លាស្ទិកបង្កឱ្យមានបញ្ហាចម្បងៗអ្វីខ្លះ?

កំទេចប្លាស្ទិកទំាងនោះ បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។

សំណល់ប្លាស្ទិកអាចបង្កឲ្យមានទឹកជំនន់ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក។ ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិកបង្កផលប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និងមនុស្ស។

សំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០%ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ក្នុងចំណោមទន្លេទាំង ១០ នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។ប្លាស្ទិកផ្លាស់ទីពីដីទៅក្នុងទន្លេ ដោយសារការបោះចោលទៅក្នុងទន្លេ ឬតាមរយៈខ្យល់បក់ហើយចុងក្រោយ វាធ្លាក់ចូលទៅក្នុងសមុទ្រ។

នៅតំបន់សមុទ្រ ថនិកសត្វ ត្រី និងបក្សីជាច្រើនរងផលប៉ះពាល់ ដោយសារការស៊ីប្លាស្ទិក ឬជាប់ទាក់នឹងប្លាស្ទិក។ ជារៀងរាល់ឆ្នាំមានបក្សីសមុទ្រចំនួនជាង ១ លានក្បាល និងសត្វសមុទ្រ ចំនួន១០០.០០០ ក្បាលបាត់បង់ជីវិតដោយសារច្រឡំស៊ីប្លាស្ទិកជាចំណី។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មក៏រងប៉ះពាល់ដោយសារទទួលរងការសឹករិចរិល និងការខូចខាតបង្កឡើងដោយសារ ឧបករណ៍នេសាទដែលធ្វើពីប្លាស្ទិកផងដែរ។

ការបំពុលដោយសារប្លាស្ទិកបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់យើង ដោយសារប្លាស្ទិកចូល ទៅក្នុងខ្លួនរបស់មនុស្សតាមរយៈត្រីដែលយើងបរិភោគប្លាស្ទិកភាគច្រើននៅក្នុងសមុទ្របំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម ៥ មីលីម៉ែត្រ ដែលគេហៅថា “មីក្រូប្លាស្ទិក”។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះបង្ហាញថា ក្នុងខ្លួនមនុស្សចំនួន១០នាក់ ដែលត្រូវ បានពិនិត្យ សុទ្ធតែមានផ្ទុកមីក្រូប្លាស្ទិកទាំងអស់។

ប្លាស្ទិកដែលត្រូវបានគេដុត វាបញ្ចេញសារធាតុគីមីគ្រោះថ្នាក់ដូចជាឧស្ម័នកាបូនិក (CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans) ដែលបង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្សសត្វ និងរុក្ខជាតិ ជាពិសេសបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។មិនតែប៉ុណ្ណោះ ការបំភាយឧស្ម័នពុលពីការដុត ប្លាស្ទិកទំាងនោះ បានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ៕  

អត្ថបទពេញនិយម

ញ៉ាំហ្វេសតាឆ្នាំនេះ មនុស្សច្រើនកុះករមកញ៉ាំអាហារ ប្រកួតភ្លក្សម្ហូប និងស្ដាប់តន្ត្រីពីតារាល្បីៗ

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ

កម្មវិធីបែបពិកនិកលើកដំបូងគេ ញ៉ាំហ្វេសតា បរិយាកាសប្លែក សកម្មភាពកម្សាន្តក៏សម្បូរបែប

E2stem Digitech Golden Girls ទទួលជ័យលាភីប្រចាំតំបន់អាស៊ីក្នុងការប្រកួត Technovation Global

វិធីសាស្ត្របំបាត់ និងទប់ស្កាត់មុនក្បាលខ្មៅ