សេដ្ឋកិច្ច

ម្ហូបប្រពៃណី បុកត្រីឆ្អើរវិវត្តន៍ខ្លួនជាអាហារវេចខ្ចប់ស្ដង់ដារ នាំចេញទៅបរទេស

January 6, 2025
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ​:ខ្មែរ​យើង​មាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​ជាច្រើន​មុខហើយ​អាហារ​ទាំង​នោះបាន​វិ​វត្ត​ខ្លួន​ទៅជា​អាហារ វេច​ខ្ចប់ដើម្បី​ងាយស្រួល​ទុក​បានយូរ​មិន​ពិបាក​ក្នុងការ​ចម្អិន។

អាហារ​ទាំងនោះ​មានដូចជាបុក​ត្រីឆ្អើរ បុ​ន​កន្ទុយ​ហេស ប្រហុក​អង្ក្រង កាពិ​ឆាបាត់ដំបង ប្រហុក​ឦសានប្រហុក​ខ្ទិះសាច់​ប្រឡាក់ និង​អាហារ​ជាច្រើនមុខ​ទៀត​ដែលមានប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​និង​ក្រៅស្រុក។

ការ​នាំចេញ​​​អាហារប្រពៃណី​ទៅ​បរទេស​អាចធ្វើទៅបាន​អាស្រ័យ​លើ​សុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់មាន​ស្ដង់ដារ​ពីបណ្ដា​​សិប្បកម្មនិង​សហគ្រាសស្រុកក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក

ក្រុមហ៊ុន​មួយ​នេះបាន​ចាប់ផ្ដើម​​​​ផលិត​ម្ហូបអាហារ​វេចខ្ចប់​នៅពេល​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភ​ពលោក​ជួប​វិបត្តិ​កូវីដ​ ១៩។

ខណៈ​ពេល​ដែលមានការ​បិទ​ខ្ទប់ការធ្វើដំណើរ ហើយ​ហាងទំនិញនិង​ផ្សារ​​​ក៏​ផ្អាក​ដំណើរការនោះ​អាជីវកម្ម​មួយ​នេះ​បាន​ប្រែក្លាយ​វិបត្តិទៅ​ជា​ឱកាស។

​​ប្រជាជន​មិនអាច​ចេញទៅ​ខាងក្រៅ​ដើម្បី​ទិញ​របស់របរ​ប្រើប្រាស់និង​ចំណីអាហារ​​បាន​នោះទេ ដូច្នេះ​​ម្ចាស់​អាជីវកម្ម​​ក៏បាន​ពិភាក្សា​ជាមួយនឹង​ចុងភៅ​លៃលក​យ៉ាងណា​ធ្វើ​ម្ហូប​វេច​ខ្ចប់​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​​អតិថិជន​តែម្ដង។ ​​

អាហារ​ទាំងនោះ​សុទ្ធសឹង​​ជា​មុខម្ហូប​ខ្មែរ​ដូចជាប្រហុក​អង្ក្រង បុក​កន្ទុយ​ហេស និង​កាពិ​ឆា​បាត់ដំបង​ជាដើម ដោយ​ផ្ដើមចេញពីការវេចខ្ចប់ងាយៗ​ដាក់​ក្នុងកំប៉ុង​ជ័រ។នេះបើ​យោង​តាម​ការ​រំឭក​ប្រាប់ពី​លោក ជា ចិ​ត្រា​ប្រធាន​គ្រប់គ្រង​ទូទៅក្រុមហ៊ុន​​។

លោក​បាន​ឱ្យដឹង​ទៀត​ថា​​៖ «​បន្ទាប់ពី​មានការ​ផ្ទុះ​ការចាប់អារម្មណ៍​និង​គាំទ្រ​ខ្លាំង​យើង​ក៏​ពិភាក្សា​ជាមួយ​អ្នក​រួម​បណ្តាក់ទុន​ម្តងទៀតដើម្បី​បង្កើតជា​សហ​គ្រាស​ក្នុង​គោលបំណង​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់ក៏ដូចជា​ចង់​រក្សា​កេរដំណែល​ម្ហូបអាហារខ្មែរ​ឲ្យ​ទៅជា​ស្តង់ដារ​ដូចជា​ផលិតផល​ផ្សេងៗ​ដែល​នាំចូលហើយក៏​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ផលិត​ផល​នាំចូល​និង​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​»​។​

គោលដៅ​នេះ​អាច​សម្រេច​បានដោយអាស្រ័យ​លើ​ទីផ្សារគុណភាព តម្លៃ ​និង​រសជាតិ​របស់ផលិតផល​ផង​ដែរ។​អាហារ​ខ្មែរ​នីមួយៗ​ត្រូវ​បាន​ឆ្លងកាត់ដំណាក់កាលផលិតជាច្រើនមុន​នឹង​ឈាន​ដល់​ការ​វេចខ្ចប់​ច្រក​កំប៉ុង។​

​លោក ចិ​ត្រា បន្ថែមទៀតថា៖ «ដើម្បី​បុក​ត្រីឆ្អើរ​ឲ្យ​បាន​ឆ្ងាញ់​យើង​ត្រូវមាន​គ្រឿងផ្សំ​ដូចជាអំបិល ស្ករ បន្លែ ត្រី​អណ្ដែងឆ្អើរ មើមរំដេង ។ល។មក​លាង​សម្អាត​ឲ្យ​ស្អាត​រួច​យក​បន្លែហាន់​ឲ្យ​ល្អិតៗ»។

រសជាតិ​ឆ្ងាញ់ និងគុណភាពល្អក៏ពឹង​ផ្អែក​លើ​ការ​សម្រិតសម្រាំង​សាច់​ត្រី​ផង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា៖ «​​យើង​ជ្រើស​រើសយក​ត្រី​អណ្ដែងសាច់​លឿងលេខ​មួយ​យកមក​ធ្វើ​ដើម្បី​ធានាបាន​នូវ​រសជាតិពិសេស។ត្រី​អណ្ដែង​អាំង​ដែល​យើង​យកមក​បេះ​យកតែ​សាច់​ទេ ឆ្អឹង​និង​ស្បែក​មិន​យក​ទេ»។

គ្រឿងផ្សំ​ទាំងអស់​គឺ​ត្រូវ​យកទៅ​រម្លីង​ឲ្យ​ឡើង​ឈ្ងុ​ញទើប​យកមក​លាយ​បញ្ចូល​គ្នា​​ក្នុង​ម៉ាស៊ីន​កិន​ឲ្យ​ម៉ដ្ត​រួច​ច្រក​កែវ ហើយ​​​យកទៅ​សម្លាប់​មេរោគ​ដើម្បី​ធានាបាន​អនាម័យ​ល្អ​។​

​ប្រធាន​គ្រប់គ្រង​​វ័យ​៣០​ឆ្នាំ​រូបនេះ​បានបញ្ជាក់​ទៀតថា​បុកត្រី​ឆ្អើរ​ដែល​ជាម្ហូប​ពិសេស​លក់​ដាច់ជាងគេ​នោះ ​មាន​ការ​វេចខ្ចប់​ពីរ​ប្រភេទគឺ​ទម្ងន់​មួយ​ខាំ​កន្លះមានតម្លៃ​១៥.០០០​រៀល និង​ទម្ងន់​បួន​ខាំ​មានតម្លៃ​៣២.០០០​រៀល។

​​បុក​ត្រីឆ្អើរ បុក​កន្ទុយ​ហេសប្រហុក​អង្ក្រង និងឆា​កាពិ​បាត់ដំបង ត្រូវបាន​​អតិថិជន​មានការ​គាំទ្រ​ជាខ្លាំង មិនថា​ក្នុងស្រុកឬ​សហគមន៍​ខ្មែរ​នៅ​​ប្រទេសកូរ៉េខាងត្បូង នូវែលសេឡង់ អូស្ត្រាលី កាណាដា និង​សហរដ្ឋ​អាមេរិក​។

ក្រុមហ៊ុន​ក៏គ្រោង​នឹង​បន្ថែម​ជម្រើស​អាហារ​វេចខ្ចប់​ដោយ​ធ្វើ​​​អា​ម៉ុក​និង​នំ​បញ្ចុក​ក្រៀម​លក់​ចែកចាយ​​ផង​ដែរ​។​​​

ក្រៅពី​ជាអាជីវកម្ម​ផលិតនិង​វេចខ្ចប់អាហារប្រពៃណី​លក្ខណៈ​ស្ដង់ដារ សហគ្រាស​មួយ​នេះ​បានរួម​ចំណែក​នៅក្នុង​សង្គម​ជាច្រើន​ដូចជា​ការ​នាំយក​​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារៈ​សិក្សា​ទៅ​ចែកជូន​មណ្ឌលកុមារ​កំព្រា​នៃ​អង្គការ​នៅ​អង្គការ​មែកឈើ​​កុមារ​អូ​ទី​សឹម​និង​មណ្ឌលកុមារ​កំព្រា​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។​

ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.កមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣០៥ផ្លូវ​១០០៥ ភូមិ​បា​យ៉ាប​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សេន​សុខ ភ្នំពេញ​។​

​ព័ត៌មាន​បន្ថែម​ពី ផលិត​នេះអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កអ៊ីអ៊ែនអឹមយ៉ាំមីឬ​​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១០/០១៧ ២៦៨ ៨៦៨​៕

អត្ថបទពេញនិយម

អ្នកផលិតមាតិកាយូធូប កាក់កបនឹងលក់ឃ្លីបវីដេអូដែលអត់ប្រើ ទៅឱ្យក្រុមហ៊ុន AI

ក្រុមអ្នកស្រាវជ្រាវរកឃើញ ពស់ពិសមាន ១៦ ប្រភេទ ក្នុងចំណោមពស់ដីគោក ៩៩ ប្រភេទ

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី

Landscape Cafe កន្លែងផឹកកាហ្វេ និងលេងកម្សាន្តសម្បូរបែប ក្បែរក្រុងភ្នំពេញ

សិល្បករល្បីលាង ស៊ីកន តាំងពិព័រណ៍ទោលដំបូងគេបង្អស់នៅសារមន្ទីរជាតិ