![](https://cdn.prod.website-files.com/6632f7c446e059976cb62d87/6644705f6c6b64b424ffc7c7_SR%20Logo.png)
កំពង់ស្ពឺ: សំឡេងចម្រៀងបន្លឺឡើងកំដរសិល្បករគ្មានសាលាឱ្យប្រើអារម្មណ៍ផ្ចិតផ្ចង់ក្នុងការបិទស្បែកសម្បកកង់ម៉ូតូលើគ្រោងដែក បង្កើតបានជាចម្លាក់សត្វនានាដូចជា រូបសេះសមុទ្រ និងដាយណូស័រដ៏ធំ។
ដោយមានទេពកោសល្យពីធម្មជាតិស្រាប់លោក មានទិដ្ឋភាព អាចរចនាសម្បកកង់ចេញជារូបសត្វយ៉ាងរស់រវើក ដោយគ្រាន់តែមើលយូធូបនិងស្រាវជ្រាវបន្ថែម។
លោកបានប្រាប់ការព័ត៌មាន SR News ថា៖«មូលហេតុដែលរូបខ្ញុំចាប់យករបរធ្វើរូបចម្លាក់សត្វចេញពីសម្បកកង់ម៉ូតូដោយខ្ញុំគិតថាវាជារបបមួយមិនសូវមានអ្នកធ្វើហើយខ្ញុំចាត់ទុករបររូបចម្លាក់នេះជាអាជីពប្រចាំថ្ងៃដោយគ្រាន់តែខ្ញុំធ្វើតាមវីដេអូយូធូបនិងស្រាវជ្រាវខ្លះៗហើយក៏ចាប់ផ្តើមធ្វើវាតែម្ដង»។
ត្បិតតែវត្ថុធាតុដើមធ្វើពីសម្បកកង់ម៉ូតូក៏ពិតមែនតែទឹកដៃធ្វើចម្លាក់ប្លែកៗរបស់លោក ដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមអាចទាក់ទាញអតិថិជនឱ្យហ៊ានចំណាយប្រាក់ទិញវាយកទៅតាំងលម្អ។
លោកទិដ្ឋភាពបានបន្តទៀតថា៖ «ពេលឃើញវីដេអូភ្លែតខ្ញុំក៏ចាប់ផ្តើមធ្វើភ្លាមហើយក៏មានអតិថិជនចាប់អារម្មណ៍ ហើយក៏ទិញភ្លែតតែម្ដង»។
លោកបានចាប់យករបរធ្វើចម្លាក់ពីសម្បកកង់ម៉ូតូក្នុងឆ្នាំ២០១៩។ប្រមាណ ៥ឆ្នាំកន្លងមកនេះ លោកបានផ្ចិតផ្ចង់ធ្វើរូបចម្លាក់ជាច្រើនតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនក៏ដូចជាតាមការកុម្ម៉ង់ពីអតិថិជន។
ចំពោះដំណើរការនៃការផលិតវិញ សិល្បករវ័យ ៣៦ឆ្នាំរូបនេះបានរៀបរាប់ត្រួសៗថា៖«ដើម្បីបានរូបចម្លាក់មួយៗយើងត្រូវគូសព្រាងរូបជាមុនសិន ឧទាហរណ៍ថាយើងត្រូវធ្វើជារូបដំរី យើងត្រូវតែគូសរូបដំរីឲ្យរួចសិន ទើបផ្សាដែកធ្វើជាគម្រោងរូបដំរីនោះទើបយកបន្ទះសម្បកកង់ម៉ូតូមកបិទជុំវិញរូបទៅតាមរូបរាងគ្រោងដែកដែលផ្សារួចនោះចុងក្រោយយើងត្រូវលាងសម្អាតរូបនោះរួចបាញ់ថ្នាំជាការស្រេច»។
យ៉ាងណាក្ដី ចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើរូបចម្លាក់នេះគឺការផ្សាគ្រោងដែកឲ្យរឹងមាំ ដើម្បីធានាបានថាវាអាចទ្រទម្ងន់ធ្ងន់បាន។ការចៀរសម្បកកង់ម៉ូតូទៀតសោត ក៏ទាមទារការប្រុង ប្រយ័ត្ននិងបច្ចេកទេសដោយសារតែតំណាក់កាលនេះអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។
ចំណែកឯសម្បកកង់ម៉ូតូចាស់ៗ លោកមានឈ្មួញកណ្ដាលយកមកលក់ឱ្យលោកដើម្បីប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការកែច្នៃជារូបចម្លាក់។
លោក ទិដ្ឋភាព បានបន្ថែមទៀតថា លោកក៏មានស្នាដៃធ្វើរួចស្ដុកក្នុងរោងជាងផងដែរដូចជាក្បាលដំរី រមាស តោ ខ្លាឃ្មុំស ហនុមាន សត្វដាយណូស័រ និងសេះសមុទ្រ។
ស្នាដៃរបស់លោកត្រូវបានលក់ចែកចាយទៅដល់ខេត្តសៀមរាប បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងបណ្ដាខេត្តក្រុងមួយទៀត។
រូបដែលលោកផលិតចេញមកមានភិនភាគដូចទៅនឹងរូបភាពពិតៗដែលនាំឱ្យសន្ទុះនៃការគាំទ្រកាន់តែច្រើន។ ទន្ទឹមនឹងនោះ លោកក៏ទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានផងដែរ។
សត្វដាយណូស័រនិងសេះសមុទ្រកម្ពស់ពីរម៉ែត្រកន្លះដូចគ្នាមានតម្លៃ២,០០០ដុល្លារ។ សម្រាប់តម្លៃដ៏ខ្ពស់នេះ លោកត្រូវចំណាយរយៈពេលក្នុងការផលិតមួយខែកន្លះដោយប្រើកម្លាំងកូនជាងចំនួនបីនាក់ក្នុងចំណោម ៤នាក់ដែលត្រូវបានលោកបណ្ដុះបណ្ដាលឱ្យបន្តជំនាញមួយនេះ។
សិប្បកម្មលោក ទិដ្ឋភាពស្ថិតនៅភូមិទួលពោធិ៍ជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព័ត៌មានបន្ថែមពី រូបចម្លាក់នេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក មាន ទិដ្ឋភាព Meantithpheapទំនាក់ទំនងទូរសព្ទលេខ ០១៥ ៤៧៧ ៧៧៣៕