ខេត្ដព្រះសីហនុ៖ ជាដែនដីលើសាគរមួយតភ្ជាប់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុកោះរ៉ុងបានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ពីភូមិនេសាទបែបប្រពៃណីទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។កោះនេះបានក្លាយជាទីក្រុងថ្មីផ្លូវការក្នុងឆ្នាំ ២០១៩ដោយបានទាក់ទាញទេសចរមកពីជុំវិញពិភពលោកមកទទួលបទពិសោធន៍សម្រស់ឆ្នេរដ៏ស្រស់ស្អាត ជីវិតពេលរាត្រីដ៏រស់រវើក និងសកម្មភាពកម្សាន្តដ៏សម្បូរបែប។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាទឲ្យដឹងថា៖ «ទីក្រុងកោះរ៉ុង ភាគច្រើនភ្ញៀវទេសចរប៉ែកអឺរ៉ុបចូលចិត្តមកកម្សាន្តដោយសារតែទទួលបានទាំងផាសុកភាព សន្តិសុខ និងភាពស្ងប់ស្ងាត់»។
លោកបានលើកឡើងថា៖ «អ្វីដែលសំខាន់កោះរ៉ុង គឺជាគោលដៅតំបន់ទេសចរណ៍ដ៏ពេញនិយសម្រាប់ភ្ញៀវទេសចរសម្ពាយ ឬ Backpackers ចូលចិត្តមកកម្សាន្តយ៉ាងច្រើនលើសលប់»។
ទោះបីជាភ្ញៀវទេសចរសម្ពាយមិនមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចមូលដ្ឋានទាំងនៅកោះដីគោកយ៉ាងណាក៏ដោយ ក៏ពួកគេបានចូលរួមចំណែកជួយមូលដ្ឋានដល់អ្នកលក់ដូរ និងសេវាកម្មផ្សេងៗដែលបង្កើតការងារ និងមុខរបរ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលរងខេត្ដព្រះសីហនុ ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មាន៣០ស្ថាប័នទស្សនាកោះរ៉ុង កាលពីដើមខែធ្នូ។
លើសពីនេះទេសចរសម្ពាយជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ទៅកាន់បណ្ដាញរបស់ពួកគេនៅទូទាំងពិភពលោកឱ្យបានស្គាល់កោះរ៉ុង និងនាំភ្ញៀវទេសចរជាច្រើនផ្សេងទៀតមកកម្សាន្ដ។
លោក ឌីម៉ង់ បានថ្លែងទៀតថា៖ «ភ្ញៀវទេសចរសម្ពាយចូលចិត្តរុករកទៅតាមទីតាំងដែលមានសក្តានុពលទេសចរណ៍ផ្សេងៗហើយពួកគេក៏ជាអ្នកដែលមានបណ្តាញផ្សព្វផ្សាយឱ្យគ្នាទៅវិញទៅមកនៅរាល់ទីតាំងទាំងពិភពលោកដែលក្រុមរបស់ពួកគេយល់ឃើញថាមានភាពទាក់ទាញ មានសេវាកម្មល្អ និងតម្លៃល្អ»។
ទីក្រុងកោះរ៉ុង គឺជាទីប្រជុំកោះចំនួន ១៨។ មានតែកោះរ៉ុង និងកោះរ៉ុងសំឡឹមប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅដោយទីនោះត្រូវបានចែកចេញជាពីរសង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសំឡឹម។
ដែនកោះទាំងនេះមានធនធានធម្មជាតិដ៏ស្រស់បំព្រងត្រជាក់ភ្នែកឆ្នេរសមុទ្រពណ៌សវែងអន្លាយ ដែលជាទីទាក់ទាញចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្សាន្ត។
សព្វថ្ងៃនេះកោះរ៉ុងគឺជាមេដែកមួយសម្រាប់ភ្ញៀវទេសចរដោយមានកំពង់ផែទូកល្បឿនលឿនជំនួសផែនេសាទប្រពៃណី។ ជាពិសេស ភូមិកោះតូចបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កោះដែលល្បីល្បាញដោយសារការកម្សាន្តពេលរាត្រីដ៏សកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់និងបឹងហ្គាឡូ។
លោក ឌីម៉ង់ បានបន្ថែមថា៖ «ក្នុងនាមជារដ្ឋបាលខេត្ត យើងនៅតែបន្តធ្វើកិច្ចការងារជាមួយអ្នកជំនាញទេសចរណ៍ដោយមានការចង្អុលបង្ហាញណែនាំបន្ថែមទៀតពីបណ្តាថ្នាក់ជាតិក៏ដូចជាក្រសួងទេសចរណ៍ និងសហការជាមួយដៃគូទាំងរដ្ឋ ឯកជន អង្គការ និងសង្គមស៊ីវិលធ្វើយ៉ាងណាដើម្បីបង្កើតផលិតផលទេសចរណ៍ដើម្បីទាក់ទាញទៅដល់ក្រុមទេសចរសម្ពាយនេះ»។
លោកបានលើកឡើងថា រដ្ឋបាលខេត្ដក៏ដូចជារដ្ឋបាលក្រុងកោះរ៉ុងនឹងបង្កើតឱ្យមានការតាមដានពិនិត្យមើលអំពីតម្លៃទំនិញក៏ដូចជាសេវាកម្មទៅដល់ភ្ញៀវទេសចរសម្ពាយនេះផងដែរដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគេ៕