ចំណេះដឹង

ពលរដ្ឋចាត់ទុក «ទិវាឪពុក» ជាថ្ងៃដឹងគុណ និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ «ទិវាឪពុក»គឺជាពិធីមួយដែលបង្កើតឡើងសម្រាប់ការគោរព និងដឹងគុណដល់លោកឪពុក ដែលបានលះបង់អ្វីៗគ្រប់យ៉ាងចំពោះក្រុមគ្រួសារនិងជាតិមាតុភូមិ។ បើទោះបីជា «ទិវាឪពុក» គឺជាពិធី បុណ្យរបស់បណ្តា​ប្រទេស​ដែល​កាន់សាសនា​គ្រឹ​ស្ត​កាតូលិកក៏ពិតមែនប៉ុន្តែនៅក្នុងសង្គមខ្មែរ ប្រជាពលក្មេងចាស់ ប្រុសស្រី ក៏នាំគ្នាប្រារព្ធពិធីនេះផងដែរដោយមានការបង្ហោះនូវសារជូនពរ ជូនជាការដូរអនុស្សាវរីយ៍ដល់លោកឪពុកនិងការធ្វើបុណ្យទានជាដើម។  

លោក​ ប៊ុន ម៉ៅ ជាបុគ្គលិកដឹកជញ្ជូនបានបញ្ជាក់ថា៖«ទិវាឪពុកនេះល្អណាស់ ដែលយើងនាំគ្នាដឹងគុណគាត់ ដូចខ្ញុំអ៊ីចឹង ពុកខ្ញុំខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់ឱ្យកូនៗបានរៀនសូត្រផ្ដល់ចំណី អាហារ មើលថែពេលឈឺស្កាត់ជាដើម គាត់លះបង់ច្រើនណាស់ ហើយថ្ងៃទិវាឪពុកនេះវាដូចជា រំឭករឿងរ៉ាវចាស់ៗជាមួយឪពុកមកវិញ អ្វីដែលខ្ញុំចាំបំផុតគឺទៅព្យួរស្រែពេលព្រលឹមស្រាងៗ ជាមួយពុក»។

ជាអ្នកធ្វើបុណ្យដាក់បាត លោក ម៉ៅ យល់ឃើញថា ថ្វីត្បិតតែទិវាឪពុកជាពិធីបុណ្យបរទេស ក៏ពិតមែន ប៉ុន្តែយើងអាចច្នៃជារបស់ខ្មែរបាន ដោយបូកបញ្ជូលនូវការស្រង់ព្រះចំពោះលោកឪពុកធ្វើបុណ្យដាក់ទានជូនចំពោះមនុស្សចាស់ ក្មេងកំព្រា ឬគ្រួសារក្រីក្រ មិនតែប៉ុណ្ណោះអាចទៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ ឬបំពេញកុសលផ្សេងៗ។

ចំណែកលោក តុង តុលា ជាអ្នកបើករថយន្តដឹកដីលើកឡើងស្រដៀងគ្នាថា លោកបានប្រារព្ធ ទិវាឪពុកនេះជូនចំពោះអ្នកមានគុណ និងចាត់ទុកថាទិវានេះហាក់បានពញ្ញាក់ស្មារតីឱ្យមនុស្ស គ្រប់គ្នាដឹងគុណឪពុក ថ្វីបើទិវាឪពុក មិនមានដើមកំណើតនៅក្នុងប្រទេសខ្មែរក៏ដោយ។

លោក តុង តុលា និយាយទាំងអួលដើមកយ៉ាងដូច្នេះថា៖«ខ្ញុំចងចាំបំផុតជាមួយលោកឪពុកកាលពីខ្ញុំនៅក្មេង រាល់ពេលដែលខ្ញុំឈឺម្ដងៗ ពេលខ្ញុំបើកភ្នែកមកពេលណា ក៏ឃើញមុខលោកឪពុកញញឹមជានិច្ច គាត់នៅមើលថែទាំងថ្ងៃទាំងយប់ ហើយពេលនេះគាត់មានអាយុ៦០ឆ្នាំហើយ អ៊ីចឹងខ្ញុំយល់ថាយុវជនគួរធ្វើ និងបង្ហាញការគោរពចំពោះឪពុក ព្រោះគុណរបស់អ្នកមានគុណ ធំធេងមិនអាចកាត់ថ្លៃបានទោះសងក៏សងមិនអស់មិនរួចដែរ»។  

ប្រវត្តិ និងអត្ថន័យទិវាឪពុក

លោកស្រី SonoraSmart Dodd កើតនៅទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកផ្ដួចផ្ដើមប្រារព្ធទិវាឪពុកនេះឡើងដើម្បីរំឭកគុណដល់លោកឪពុកដែលជាអតីតទាហាននៅក្នុងសង្គ្រាមស៊ីវិល និងជាបុរស ពោះម៉ាយដែលប្រឹងប្រែងចិញ្ចឹមកូនចំនួនប្រាំនាក់ ហើយប្រពន្ធរបស់លោកបានស្លាប់បន្ទាប់ ពីសម្រាលកូនពៅរួច។  

លោក WilliamJackson Smart បានទទួលមរណភាពនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩១០។ពេលនៅក្នុងពិធីបុណ្យសពរស់លោក William លោកស្រីSonora Smart Dodd ដែលជាកូនស្រីបាននឹកឃើញថា គាត់នឹងប្រារព្ធពិធីទិវាលោកឪពុកឡើង ដើម្បីរំលឹកគុណ ដល់ការលះបង់តស៊ូ របស់ឪពុកដោយយកគម្រូតាមអ្នកស្រី Anna Jarvisដែលជាស្ថាបនិកនៃទិវាម្ដាយផងដែរ។ ការប្រារព្ធពិធីទិវាគុណឪពុកនេះដំបូងឡើយ គឺធ្វើនៅតាមព្រះវិហារតែប៉ុណ្ណោះ។

នៅក្នុងឆ្នាំ ១៩៦៦ លោក PresLyndon B Johnson បានចេញសេចក្តីប្រកាសទទួលស្គាល់ ទិវាឪពុកនេះ។ហើយនៅក្នុងឆ្នាំ ១៩៧២ នេះទៀតសោត លោក Pres Richard Nixon ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៧ ក៏បានចុះហត្ថលេខាទទួលស្គាល់ និងកំណត់សប្តាហ៍ទី៣ នៃខែមិថុនា ជាទិវាឪពុក៕

អត្ថបទពេញនិយម

លោក ឡុង ឌីម៉ង់៖ ទេសចរសម្ពាយជាផ្នែកមួយជួយផ្សព្វផ្សាយកោះរ៉ុងល្បីល្បាញ

Elon Musk គំរាមហាមឃាត់ឧបករណ៍ Apple ប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន

សហគមន៍កសិកម្មកម្ពុជាមានជ័យ បង្កើតផ្លាកសញ្ញាផ្គត់ផ្គង់សាច់គោខ្មែរស្រស់ រសជាតិឆ្ងាញ់ ដើម្បីប្រកួតលើទីផ្សារ

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

សិល្បករនៅសៀមរាបប្រែក្លាយក្រដាសកាសែតចាស់ៗជាចម្លាក់ដ៏មានតម្លៃលើកស្ទួយវប្បធម៌ខ្មែរទៅកាន់ពិភពលោក