ជីវិត និង សង្គម

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ ទិវាមច្ឆាជាតិ ០១ កក្កដា ២០២៤ គឺជាទិវាមួយដ៏សំខាន់ដែលប្រារព្ធធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្ស និងការពារជលផលកម្ពុជា។ នាឱកាសទិវានេះ ក្រុមពលរដ្ឋ និងអ្នកនិយមស្ទូចត្រី ក៏ស្នើឱ្យរួមគ្នាធ្វើការប្រលែងកូនត្រីនៅតាមព្រែកបឹង ស្ទឹង និងទន្លេផងដែរ។

លោក ចេង គុយឡាយ អ្នក​ធ្វើ​ចម្ការ​នៅ​ឃុំ​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្តាល​បាន​ឱ្យសារព័ត៌មាន SR Digital Media ​ដឹង​ថា «ទិវាមច្ឆាជាតិ» ​មាន​សារៈសំខាន់​ចំនួន​៣​ចំណុច ​រួមមានទី១ ដើម្បី​ជាតិ ក្នុងនោះ​មាន​ការ​ស្ដារ​ធនធាន​មច្ឆា និង​ជីវចម្រុះ​ជាតិ​ឡើងវិញ​ ទី២ ដើម្បី​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ក្រីក្រ និង​អ្នកនេសាទ ព្រោះ​ពួកគាត់​រស់​ដោយសារ​ការ​នេសាទ​ត្រីចិញ្ចឹម​ជីវិត និង​ទី៣ ដើម្បី​ខ្លួនឯង ព្រោះ​ការ​ប្រលែង​ត្រីនេះ ជា​ការ​ធ្វើបុណ្យ សន្សំ​កុសល​សម្រាប់​ជាតិ​ខាងមុខ​។

លោក គុយ​ឡាយ បានបន្តថា៖

«ខ្ញុំ​ប្រលែង​ត្រីមិនមែន​តែ​ក្នុង​ទិវា​មច្ឆា​ទៀត​ប៉ុណ្ណោះ​ទេ និយាយ​ទៅមួយ​ឆ្នាំ ខ្ញុំ​ប្រលែង​កូន​ត្រី​បាន៤ ​ទៅ៥​ដង​ដែរ ដោយ​កៀរគរ​មិត្តភក្តិទិញ​កូន​ត្រី​ប្រមាណ​ ១ ​ម៉ឺន​ក្បាល មាន​ដូចជា ត្រី​ក្រាញ់ ត្រី​អណ្ដែង ត្រី​ឆ្តោរត្រី​ប្រា យក​ទៅ​ប្រលែង​នៅ​ទន្លេ​បាសាក់»។

ទន្ទឹមនឹងនេះ លោក ក៏ស្នើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសរួមគ្នាការពារ អភិរក្ស និង​លែងកូនត្រីទាំងអស់គ្នា ដើម្បីស្ដារធនធានមច្ឆាជាតិរបស់កម្ពុជា ឱ្យមានចំនួនច្រើនឡើងវិញ។

លោក ភី ចាន់សុណា សមាជិកក្រុមអ្នកស្ទូចត្រីកម្ពុជាបានឱ្យដឹងផងដែរថា នៅក្នុងទិវាមច្ឆាជាតិនេះ ក្រុមអ្នកស្ទូចត្រីកម្ពុជា ក៏ចូលរួមប្រារព្ធទិវានេះផងដែរ ដោយនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីថែរក្សា និងប្រលែងត្រីបន្ថែមទៀត លើត្រីដែលមានស្រាប់ឱ្យកាន់តែសម្បូរច្រើនឡើង។

អ្នកនិយមស្ទូចត្រីរូបនេះ បន្ថែមថា៖

«ទិវានេះ ក៏រំឭកដាស់តឿនស្មារតីដល់ប្រជាជនខ្មែរឱ្យចូលរួមការពារមច្ឆាជាតិ មិនត្រូវប្រព្រឹត្តបទល្មើសនេសាទឡើយ ហើយក្រុមខ្ញុំក៏ព្យាយាមស្វែងរកពូជត្រីណាដែលកម្រផងដែរ ដើម្បីទុកអភិរក្សទុកឱ្យអ្នកជំនាន់ក្រោយ»។

គួរបញ្ជាក់ថា «ផលត្រី» នៅក្នុង​រដូវ​ប្រមូល​ត្រី​ប្រហុក ឆ្នាំ២០២៣នេះ មានការកើនឡើងជាងឆ្នាំ ២០២២ ប្រមាណ៥% ដោយសារមានការសហការ និងខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីជលផល និង​កងកម្លាំង​ចម្រុះ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាព​ក្នុង​រដូវ​ត្រី​ពង​។​ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងកាលពីថ្ងៃទី ១៩ ធ្នូ ឆ្នាំ២០២៣៕  

អត្ថបទពេញនិយម

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

សិល្បការិនីជប៉ុនវ័យ ៩៥ឆ្នាំ បន្តបង្កើតស្នាដៃចេញពីការមមើមមាយ ល្បីពេញពិភពលោក

ប្រ៊េនលំដាប់ខ្ពស់អ៊ីតាលី ថតម៉ូដ ២០២៥ រដូវកាលថ្មី នៅទឹកដីអច្ឆរិយៈកម្ពុជា

អង្គរវត្ត និងកំពង់ភ្លុក ជាប់ជាតំបន់ទេសចរណ៍ដែលគួរទៅ ក្នុងចំណោម២៥ នៅអាស៊ី របស់ Tripadvisor