ការប្រើប្រាស់ស្ក្រាប់កាហ្វេដើម្បីខាត់ស្បែកមុខ និងដងខ្លួនគឺជាវិធីធម្មជាតិមួយដែលអាចជួយជម្រុះកោសិកាស្បែកចាស់ៗ និងធ្វើឱ្យស្បែកភ្លឺម៉ត់ទន់រលោង។
អ្នកក៏អាចធ្វើស្ក្រាប់នេះបានដោយខ្លួនឯងនៅផ្ទះដោយប្រើប្រាស់គ្រឿងផ្សំងាយៗ ដែលស្រួលរកទិញបាននៅតាមទីផ្សារផងដែរ។
ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីសាស្ត្រសាមញ្ញៗក្នុងការធ្វើស្ក្រាប់ផ្សំពីកាហ្វេ៖
គ្រឿងផ្សំ៖
• ម្សៅកាហ្វេ ១០ស្លាបព្រាបាយ
• អម្ពិលទុំ មួយកូនចាន(លាយទឹកបន្តិចរួច ច្របាច់យកសាច់អំពិលទុំសុទ្ធ)
• ម្សៅល្មៀត ៥ស្លាបព្រាបាយ
• ទឹកឃ្មុំ ៥ស្លាបព្រាបាយ
• ទឹកដោះគោឆៅ កន្លះកំប៉ុង
អត្ថប្រយោជន៍៖
• កាហ្វេជួយជម្រុះកោសិកាស្បែកចាស់ៗ។
• អំពិលទុំសម្បូរសារធាតុចិញ្ចឹមដូចជាវីតាមីនC ជួយឱ្យស្បែកមានសុខភាពល្អ។
• ម្សៅល្មៀតជួយធ្វើឲ្យស្បែកភ្លឺថ្លា និងម៉ត់រលោង។
• ទឹកឃ្មុំជួយឱ្យស្បែកមានសំណើមហើយធន់នឹងកម្ដៅថ្ងៃ។
• ទឹកដោះគោឆៅសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីនដែលជួយផ្ដល់ជាតិទឹក និងពន្យារការវិវត្តន៍នូវស្នាមជ្រីវជ្រួញនៅលើស្បែក។
វិធីធ្វើ
១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា
២.ច្របល់ឱ្យសព្វ រហូតបានល្បាយស្ក្រាប់ខាប់ល្មម
៣.យកស្ក្រាប់មក បន្ថែមគ្រឿងផ្សំផ្សេងៗដូចជា យ៉ាអួ ឬពងទាផ្នែកពណ៌សតាមចំណង់ចំណូលចិត្ត និងប្រភេទស្បែក។
វិធីប្រើ
១.ងូតទឹកលាង សម្អាត ផ្ទៃមុខ និងដងខ្លួនឱ្យបានស្អាតល្អជាមួយសាប៊ូជាមុនសិន។
២.ដុសស្ក្រាប់លើដងខ្លួនប្រមាណ ៥ នាទី រួចអប់ទុកលើស្បែក ១៥-៣០នាទី ដើម្បីឱ្យជាតិស្ក្រាប់ជ្រាបចូលស្បែកបានល្អ។
៣.មុនលាងសម្អាតដងខ្លួន យកស្ក្រាប់មកអប់លើផ្ទៃមុខឱ្យបាន ៥នាទី (សូមស្ក្រាប់លើផ្ទៃមុខក្រោយដងខ្លួន)។
៤.លាងជម្រះទឹកចេញ ទាំងផ្ទៃមុខ និងដងខ្លួន រួចជាការស្រេច ។
កំណត់ចំណាំ
ប្រើស្ក្រាប់២-៣ ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានផលល្អ។
លាងជម្រះស្បែកឱ្យបានស្អាតល្អមុន និងដុសស្ក្រាប់លើស្បែក៕