ជីវិត និង សង្គម

ស្ត្រីសិប្បករបន្តច្នៃកំប្លោកធ្វើជាវត្ថុអនុស្សាវរីយ៍ លើកស្ទួយសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ

December 25, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

កំពង់ធំ៖ ស្ថិត​លើ​​ផ្ទៃ​​​បឹង​ទន្លេសាប សហគមន៍​អេកូ​ទេសចរណ៍​ផាត់​សណ្ដាយក្នុង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ក្រៅពី​ល្បី​​ទេសភាពធម្មជាតិស្រស់ស្អាតក៏​​មាន​ប្រជាពលរដ្ឋ​ជាសិប្បករ​ច្នៃកំប្លោក​ដោយដៃ ធ្វើជារបស់​ប្រើប្រាស់និង​វត្ថុអនុស្សាវរីយ៍​​ជាអត្តសញ្ញាណ​មួយ​របស់សហគមន៍​ផង​ដែរ។

ក្នុងចំណោមប្រជាពលរដ្ឋ​​​​​ជាង ១​ពាន់​គ្រួសារដែលភាគច្រើន​​​​អ្នក​ប្រកប​របរ​នេសាទ​ត្រី​ អ្នក​ស្រី អ៊ួ​ង ចាន់ថន ឆ្លៀត​បង្កើន​ការកែច្នៃ​កំប្លោក​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍​​​លក់​យកចំណូល​បន្ថែម​​ផ្គត់ផ្គង់​គ្រួសារ​បន្ថែម​ពី​លើ​មុខ​​របរ​​អាហារ​ដ្ឋា​ន​បណ្ដែត​ទឹក ។​

អ្នកស្រី ចាន់ថន ជា​​​​​អ្នក​កែច្នៃ​កំប្លោក និង​សមាជិក​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ  បាន​ប្រាប់​សារព័ត៌មាន SRNews ឱ្យដឹងថា​៖ «​​អ្នករស់នៅ​តំបន់​នេះ​ភាគច្រើន​ជា​អ្នកនេសាទហើយក៏​ជា​តំបន់​ការពារ ទិសដៅ​ទេសចរណ៍​សំខាន់ៗ។ ចំណែកឯ​គ្រួសារ​ខ្ញុំ​ជា​អ្នក​ចំណាកស្រុកមក​រស់នៅ​ទីនេះ​មិនមែនជា​អ្នកនេសាទ​នោះទេ តែ​ខ្ញុំ​បាន​បើក​អាហារ​ដ្ឋា​ន​បណ្ដែត​ទឹកហើយក៏​ឆ្លៀត​បង្កើន​ការកែច្នៃ​កំប្លោក​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ​»​។​

ដោយមាន​ការគាំទ្រ​ពី​អង្គការ VSOCambodia អ្នក​ស្រី​បានធ្វើ​ការកែលម្អ​អាហា​រដ្ឋា​ន និង​សិប្បកម្ម​ឱ្យ​បាន​ល្អ​ប្រើ​សើរ​ជាង​មុ​ន ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​គ្រប់រូប​។

ទន្ទឹម​នឹង​នោះ​អ្នកស្រី​ក៏​ឆ្លៀត​រើស​កំប្លោក​​​អណ្ដែត​តាម​បឹង​ទន្លេ​សាទយក​​ទៅ​កែច្នៃ​ឱ្យទៅជា​របស់​ដែលមាន​ប្រយោជន៍និង​ជួយ​បរិស្ថាន​បាន​មួយចំណែក​ទៀតផង​។​

យោង​តាមការ​ស្រាវជ្រាវ ​​កំប្លោកមួយដើម​ស្រូបអាចប​យក​ទឹក​រហូត​ដល់​៥ ​លីត្រ ហើយវា​បាន​ធ្វើឱ្យប៉ះពាល់​​បរិស្ថាន ដូចជា ការស្ទះ​ច​រា​​ចរណ៍​ផ្លូវទឹកជីវចម្រុះ ទប់ស្កាត់​ពន្លឺព្រះអាទិត្យនិង​អុក​ស៊ី​ហ្ស៊ែ​ន​មិនឱ្យ​ជ្រាបចូល​ទៅដល់​រុក្ខជាតិ​ផ្សេងៗ​នៅក្រោម​ទឹក។

ការ​កាត់​កំប្លោក​យកទៅកែច្នៃ ត្រូវបាន​ចាត់ទុក​ជា​ទង្វើ​ដែលជួយបរិស្ថាននិង​ជីវភាពសហគមន៍​មួយ​កម្រិត​ផង​ដែរ។

សម្រាប់​អ្នកស្រី ចាន់ថន ​អ្នកស្រី​ចាប់ផ្ដើមប្រមូលវត្ថុធាតុដើម​ដោយ​កាត់​កំប្លោក​នៅតាម​ដង​ទន្លេ​ដែល​អណ្ដែត​ជិត​ផ្ទះ។

​ម្ចាស់​សិប្បកម្ម​កែច្នៃ​កំប្លោក​វ័យ៤០​ឆ្នាំ​រូបនេះ​បាន​ប្រាប់​បន្តថា​៖ «​ដំបូង​ខ្ញុំ​ទៅ​កាត់​កំប្លោក​ដែល​អណ្ដែត​នៅ​ជិតៗ​ផ្ទះ​តាម​ដង​ទន្លេរួច​យកមក​លាង​ទឹក និង​ដាក់​ហាលថ្ងៃ​រយៈពេល ១៧​ថ្ងៃ បាន​វា​ស្ងួត​ល្អបន្ទាប់មក​យកទៅ​បោក​សាប៊ូ ហើយ​យើង​យកទៅ​ស្ពង់​រួច​ទើប​យើង​យកមក​កែច្នៃ​បាន​»​។​

​រយៈពេល​នៃការ​​ផលិត​អាច​ឈានដល់មួយខែដោយសារ​តែ​អ្នកស្រី​មិនមាន​​ម៉ាស៊ីន​ស​ម្ងួ​ត​ដូចសិប្បកម្ម​ធំៗ។ ការ​​ផលិត​ដោយ​ដៃ​សុទ្ធ​និង​ពឹង​ផ្អែក​លើ​អាកាសធាតុ​​ ​១០០ភាគរយ អាចធ្វើ​ឱ្យ​អ្នកស្រីត្រូវ​ចំណាយ​ពេល​រហូត​ដល់​១​ខែក្នុងការហាលវត្ថុធាតុ​ដើម​ឱ្យស្ងួត​។

ក្នុងរដូវ​ដែល​មានកម្ដៅថ្ងៃពេញលេញការ​ចំណាយពេលហាល​អាច​បង្រួមពេលនៅសល់​ពី ១៥ ទៅ​១៧​ថ្ងៃ។ ក្រោយមកទៀតកំប្លោក​​ត្រូវបានយកទៅ​​បោក​ជាមួយ​សាប៊ូហើយ​យកទៅឆ្នើរ ហើយឆ្ពុង​​​ស្រដៀង​ទៅនឹង​ត្រី​ចង្អើរ ​ដើម្បីឱ្យ​ស្ងួត​ទឹកសាប៊ូ។ការ​ឆ្អើរ​​កំប្លោក​មានការ​​ចង​តង់​កៅស៊ូ ​ដោយ​មិនឱ្យ​ផ្សែង​ចេញ​ក្រៅ​នោះទេ​។

ដោយសារ​តែ​ការ​លំបាកតាំងពីប្រមូលផល​រហូត​ដល់ដំណាក់កាលកែច្នៃ​​នេះហើយទើបអ្នក​ដែលបាន​​បាន​​​រៀនច្នៃកំប្លោក​ពីអង្គការ​​​មួយចំនួនធំ​​បាន​បោះបង់​ចោល​ជំនាញនេះ។

​ដោយឡែក​អ្នកស្រី ចាន់ថន ដែល​នៅ​តែ​តស៊ូ​ធ្វើ​រហូត​ដល់សព្វថ្ងៃបានប្រាប់​ឱ្យដឹង​​ថា​៖ «​និយាយ​ជាក់ស្ដែង​ខ្ញុំ​អត់​បាន​ទៅ​រៀន​វគ្គ​កែច្នៃ​កំប្លោក​របស់​អង្គការដូច​សមាជិក​ប្រមាណ​ជាង​១០​នាក់​របស់​សហគមន៍​​នោះទេ ខ្ញុំ​ចេះ​ធ្វើ​ដោយ​ខ្លួនឯងនិង​បាន​លួច​រៀន​ពី​ប្អូន​ដែល​បាន​ទៅ​រៀន​ជាមួយ​អង្គការ​នោះ»​។

អ្នកស្រីបានបន្ត​ថា៖ «ណាមួយ​គ្រួសារ​ខ្ញុំខាង​ជីដូន ខាង​អ៊ុំ​គាត់​ជា​អ្នកធ្វើ​អង្រឹង កន្ទេល ស្បែកជើង ដូច្នេះ​​ខ្ញុំ​ចេះ​ពី​នោះមកគួបផ្សំ​ខ្ញុំ​ចេះ​ចាក់​កាបូប​ស្រាប់​យើង​អាច​ច្នៃ​ពី​គាត់​បាន​។ការធ្វើ​នេះ​វា​ពិ​ជា​ពិ​ក​មែន​អ៊ីចឹ​ង​ហើយ​ទើប​ពួកគាត់​បោះបង់ចោល​អស់​»​។​

កំប្លោក​ទាំងនោះ​ដែរ​អាច​យកទៅ​កែច្នៃ​ទៅជា​វត្ថុ​អនុស្សាវរីយ៍​ជាច្រើនដូចជា​៖ កាបូប មួក ទ្រ​នា​ប់​កែវ ទ្រនា​ប់​ចាន ត្រ​នា​ប់​ឆ្នាំងដែលមាន​តម្លៃ​សមរម្យ​។ តែ​ការ​លក់​ស្នាដៃ​សិប្បកម្ម​កំប្លោក​ទទួល​បាន​ប្រាក់ចំណូល​ច្រើន​ជាង​អាជីវកម្ម​លក់​ម្ហូបអាហាររបស់អ្នកស្រីទៅទៀត។

​​​លោកស្រី ចាន់ថន បាន​បន្តថា​៖«​កំប្លោក​នេះ​ខ្ញុំ​កែច្នៃ​បាន​ទៅជា​កាបូប​តូច ធំមាន​រាង​មូលៗ​ដូច​នំគ្រក់ មាន​រាង​ជ្រុង រាង​ត្រ​វែង​ដែលមាន​តម្លៃ​ចាប់ពី៥​ដុល្លារ​ឡើងទៅ​ដល់​៤០​ដុល្លារ​។ ហើយ​កាបូប​ដែលមាន​តម្លៃ ៣៥-៤០​ដុល្លារ ទាល់​តែមាន​ភ្ញៀវ​ក​ម្ម៉​ង់​ទើប​ធ្វើ​ជូន​ភ្ញៀវតែ​កាបូប​ដែលមាន​តម្លៃ​ទាប​ជាង​នេះ គឺ​ខ្ញុំ​ធ្វើជា​ប្រចាំ​»​។​

​​នា​ថ្ងៃ​អនាគត​អ្នក​ស្រី អ៊ួ​ង ចាន់ថនមានបំណង​ក្នុងការ​ពង្រីក​ទីតាំង​ឱ្យ​ធំ​ទូលាយ​ជាង​នេះ បើសិន​ជាមាន​ជំនួយ​បន្ថែមឬ​មានលទ្ធភាព​។

អ្នកស្រី​ក៏មានគម្រោង​ប្រមូល​អ្នក​​ដែល​បាន​រៀន​ជំនាញ​កែច្នៃ​កំប្លោក​នេះនិង​​ទទួល​ទិញ​ផលិតផល​សម្រេច​ពីពួកគាត់​យកទៅ​​​​តាំង​លក់​បន្ត​ ​ដើម្បី​សម្រួល​ជីវភាព​សមាជិក​សហគម​ន៍​បាន​មួយកម្រិត​​ទៀត​ដោយ​​ក្ដីរំពឹង​ថាទីផ្សារ​សិប្បកម្ម​ខ្មែរ​នឹងកាន់តែរីកចម្រើន​នោះ។

​​អ្នកស្រី​ ចាន់ថន ក៏​បាន​លើកឡើង​ដែរថា៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​បែរមក​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ជាជាង​ផលិត​បរទេសដើម្បីឱ្យ​កូន​ខ្មែរ​មានការ​ងារ​ធ្វើ និង​មិន​មានការ​ចំណាកស្រុក​»​។

​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ផាត់​សណ្តាយស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៩ និង​លាត​សន្ធឹង​លើ​​​ផ្ទៃដី​ប្រមាណ២៣.០០០​ហិកតា​។

​អ្នកទេសចរ​អាចធ្វើ​ដំណើ​រ​ទៅ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​ទៅកាន់​កំពង់ទូកឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​ប្រមាណ​៤០​គីឡូម៉ែត្រ រួច​bnjtជិត​ទូក​សហគមន៍​ប្រមាណ ១០ ​ទៅ​១៥​នាទី​ប៉ុណ្ណោះ នឹង​ទៅដល់​សហគមន៍​ អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ​តែម្ដង​។​

​ព័ត៌មាន​លំ​អិន​អំពីសិប្បកម្ម​កែច្នៃ​កំប្លោក និង​អាហារ​ដ្ឋា​ន​បណ្ដែត​ទឹកសហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ ០៨៥៣០០ ៧២៩ និង ០៨៨ ៦៣៨ ៦៣ ២៣៕

អត្ថបទពេញនិយម

សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត

តើការកាត់បន្ថយអាហារផ្អែមប្រៃ រសជាតិដិតខ្លាំង ល្អយ៉ាងណាខ្លះចំពោះសុខភាព?

សិប្បកម្ម Aiden’s Cashews កែច្នៃគ្រាប់ស្វាយចន្ទីជា ប៊័រចន្ទី លាបនំប៉័ង ដំបូងគេនៅកម្ពុជា

វិធីងាយៗបំបាត់ការឈឺចាប់ពេលមករដូវ ហើយមិនអស់លុយច្រើនទៀត

យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ទាក់ទាញអ្នកចូលរួមប្រមាណជា ៣០០នាក់ មកចូលរួមបំផុសគំនិតគិតគូរបរិស្ថាន