ចំណេះដឹង

ហែម ច័ន្ទសុភ័ក្រ្ដ៖ ការដាំដើមឈើក្នុងទីក្រុង មានប្រយោជន៍ដល់សុខភាព និងបរិយាកាសរស់នៅ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ:ជាអ្នកស្រឡាញ់ធម្មជាតិ លោក ហែម ច័ន្ទសុភ័ក្រ្ដ ចាត់ទុកការដាំដើមឈើនៅតាមទីសាធារណៈ នៅជុំវិញបរិវេណផ្ទះ តាមអគារ ឬលើដំបូល ពិតជាមានសារៈសំខាន់ណាស់ ដោយសារ រុក្ខជាតិតូចធំទាំងនោះបានជួយលើកកម្ពស់សោភណ្ឌភាពទីក្រុង ជួយដល់សុខភាពម​នុស្ស និងសុខុមាលភាពសង្គម។

លោក ហែម ច័ន្ទសុភ័ក្រ្ដ អ្នករចនាសួនច្បារ និងជាសហស្ថាបនិកពិព័រណ៍រុក្ខជាតិនិងសួនច្បារភ្នំពេញ បានប្រាប់សារព័ត៌មាន SR Digital Media ឱ្យដឹងថា នៅតាមបណ្តាទីក្រុងបរទេសមួយចំនួនការដាំដើមឈើធ្វើជារបង ឬហៅថារបងបៃតង ពិតជាបានរួមចំណែកយ៉ាងច្រើន ដូចជាការកាត់បន្ថយការរំខានដោយសំឡេង ទប់ទល់នឹងកម្លាំងខ្យល់បោកបក់ បន្ថយកម្តៅសីតុណ្ហភាពតាមដងផ្លូវជួយឱ្យគុណភាពខ្យល់ប្រសើរឡើងជាដើម។

អ្នករចនាសួនច្បាររូបនេះ បន្តថា រដ្ឋាភិបាល និងប្រជាជនរស់ក្នុងទីក្រុងអាចចូលរួមដាំដើមឈើឱ្យបាន ច្រើន ដោយសារ ដើមឈើទាំងនោះ នឹងជួយដល់សុខភាពផ្លូវកាយផ្លូវចិត្ត និងផ្នែកសេដ្ឋកិចសង្គម ផងដែរ។

លោកបញ្ជាក់ដូច្នេះថា៖ «ការដាំដើមឈើតាមផ្លូវ ឬលម្ហបៃតងហ្នឹង វាផ្ដល់សោភណភាពដល់ទីក្រុង​ កាត់បន្ថយភាពតានតឹងដល់អ្នកដំណើរ និងផ្តល់ជាម្លប់ទៀត បើយើងយករុក្ខជាតិមកដាំធ្វើជារបងក្តីឬ ដាំក្នុងបរិវេណផ្ទះក្តី វាធ្វើឱ្យ​​​​​បរិយាកាសត្រជាក់ស្រស់ស្រាយ រស់នៅមានផាសុកភាពជាពិសេសជួយ ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ ជួយកាត់បន្ថយស្ត្រេស ហើយអាចទាក់ទាញអ្នកទេសចរទៀតព្រោះទីក្រុងយើងស្អាតធម្មជាតិ ហើយសុវត្ថិភាព ព្រោះប្រជាជននាំគ្នាធ្វើរបងបៃតង  ដែលនេះបញ្ជាក់ពីចំណេះដឹង របស់ពលរដ្ឋក្នុងប្រទេស»។

អ្នករត់ម៉ូតូកង់បីនៅម្ដុំផ្សារស៊ីឡឹប លោកសុខ ហួន យល់ឃើញថា ដើមឈើពិតជាមានសារៈសំខាន់ ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តួយ៉ាងនាពេលថ្ងៃត្រង់លោកតែងតែឈប់សម្រាកក្រោម ដើមឈើទាំងនោះ ត្បិតដើមឈើតាមដងវិថីនេះ បានផ្ដល់ជាម្លប់ត្រជាក់និងកាត់បន្ថយកម្ដៅផងដែរ។

ជាមួយគ្នានេះ ហែម ច័ន្ទសុភ័ក្រ្ដ បានស្នើឱ្យមានការផ្សព្វផ្សាយនិងលើកទឹកចិត្តជាសាធារណៈ ឱ្យបានទូលំទូលាយក្នុងការចូលរួមចំណែកដាំដើមឈើ ឬបង្កើតជាវគ្គបណ្តុះបណ្តាលឱ្យបានច្រើនស្តីពីបច្ចេកទេសក្នុងការដាំកូនឈើ និងរបៀបថែទាំដើមឈើជាដើម ឱ្យដូចពាក្យស្លោកមួយថា «មនុស្សមួយម្នាក់ដើមឈើមួយដើម»៕

អត្ថបទពេញនិយម

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence

ចានក្រដាស ផលិតចេញពីកាកអំពៅ មានគុណភាពខ្ពស់ ធន់ និងរក្សាទុកបានយូរ

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

សិល្បករទម្លាយការសាកល្បង Sora របស់ OpenAI ករណីបំពានសិទ្ធិអាជីវកម្ម

ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ