ទេសចរណ៍

មកស្គាល់ប្រវត្តិ នារីចល័តចរ អ្នកផលិតមាតិកាទេសចរណ៍ ក្លាហានរុករកតំបន់លាក់ខ្លួនស្អាតៗផ្សព្វផ្សាយពីកម្ពុជា

September 1, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ក្ដីសុបិន​​ធ្វើ​ជា​មគ្គុទេសក៍​ទេសចរណ៍​​​តាំងពី​កុមារភាព​នាំ​ឱ្យ​អ្នក​ផលិតមាតិកា​មួយ​រូប កញ្ញា ឃ​ន លាង​អេង ក្លាយជា​តារា​បណ្ដាញសង្គមដ៏ល្បីល្បាញ​​ជាមួយ​ភាព​ក្លាហាន​ជា​នារី​ហ៊ាន​ធ្វើដំណើរ​ផ្សងព្រេង​ផ្ដិតយករូបភាពវីដេអូមក​ផ្សព្វផ្សាយ​ណែនាំ​ទេសចរ​ទៅ​កាន់រមណីយដ្ឋាន​និងតំបន់ធម្មជាតិ​ស្អាតៗ​ ជាច្រើន​នៅកម្ពុជា តាម​រយៈ​ផេក «នារី​ចល័ត​ចរ»។

ជា​កូនច្បង​ក្នុងគ្រួសារ​មាន​​បងប្អូន៣​នាក់ ​​មកពី​​​ស្រុក​កោះធំ ខេត្តកណ្ដាល លាង​អេង មានបំណង​ប្រាថ្នា​ជាម​គ្គុទេសក៍ទេសចរណ៍តាំង​ពី​កុមារភាពទាំង​ខ្លួន​មិនដឹង​ច្បាស់​ថា​អ្វីទៅ​ជាមគ្គុទេសក៏​។

​យុវតីសក់​ខ្លី​​​វ័យ ២៣​ឆ្នាំ រូបនេះ​បាន​រំឭក​ប្រាប់​ថា​៖ «​គ្រាន់តែ​ពេល​មើល​ឯកសារ​សត្វ ឬក៏​ឯកសារ​ដែល​ទៅ​ថត​ជីវ​ចម្រុះ​ទៅ​ក៏​ខ្ញុំ​លឺ​ពាក្យ​ថា Guide គាត់​ជា​អ្នក​នាំ​ផ្លូវជា​អ្នក​ផលិត​មាតិកា​នៅតាម​ទូរទស្សន៍ អ៊ីចឹ​ង​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថាខ្ញុំ​ចង់​ក្លាយជា​អ្នក​នាំ​គេ​ធ្វើដំណើរ​ស្វែងយល់ឬក៏​ចុះទៅ​ផ្ដិត​យក​រូបភាព​ទាក់ទង​ទៅនឹង​ធម្មជាតិ និង​ជីវចម្រុះអា​នឹង​ជា​អ្វីដែល​ខ្ញុំ​ចង់​ក្លាយជា​អ្នក​មគ្គុទេសក៍​ទេសចរណ៍​កាលពី​នៅ​ក្មេង​»។

ជា​ទម្លាប់​កាលពីក្មេង​ លាង​អេងចូលចិត្ត​អាន​សៀវភៅ ទស្សនា​វ​ត្តី ឯកសារ​សត្វពិសេស​សៀវភៅ​ដែលមាន​រូប​ទេសភាព​ស្អាតៗ។ កញ្ញា​​​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​មុខវិជ្ជាពលរដ្ឋវិទ្យា អក្សរសាស្ត្រ និង​ផែនដីវិទ្យា​ជាពិសេស​ វិទ្យាសាស្ត្រ និង​ធម្មជាតិកត្តា​អាកាសធាតុ​ជាដើម។

​​ដោយសារ​កត្តា​ជីវភាព និង​ម្ដាយ​មាន​ជំងឺ​​ប្រចាំកាយ​ផង​នោះលាង​អេង បាន​​បង្ខំចិត្ត​ឈប់រៀន​ក្រោយ​បញ្ចប់​ថ្នាក់​ទី​១១ ក្នុង​ឆ្នាំ​សិក្សា២០១៧-២០១៨ និង​បាន​ទៅរក​ការងារ​ធ្វើ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាលដើម្បី​សម្រួល​ជីវភាព​គ្រួសារ​។ នៅពេលដែល​​​ជីវភាព​បាន​ប្រសើរ​ច្រើន​កញ្ញា​មានបំណង​​ចង់ទៅ​ដាក់ពាក្យ​ប្រលង​ស្វ័យ​រិន្ទដើម្បី​បញ្ចប់​មធ្យមសិក្សា​ថ្នាក់​ទី​១២​។

​យុវតី លាង​អេង បាន​ប្រាប់ SR News  ថា​៖ «​ខ្ញុំ​គិតថា​ចង់ទៅ​ចុះឈ្មោះ​ប្រលង​បំពេញ​វិទ្យា​ដើម្បី​យក​សញ្ញា​បត្រថ្នាក់​ទី​១២ហើយ​មាន​គោលបំណង​ចូលរៀន​នៅ​សកល​វិទ្យាល័យ នៅ​ជំនាញ​បដិសណ្ឋារកិច្ច​ដែល​ខ្លួនឯង​ចង់​រៀន​ដែរពិសេស​រៀន​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​ភាសា​ដើម្បី​ជួយ​អម​នៅ​បេសកម្ម​របស់​ខ្លួនឯង​»​។

​​ការស្រឡាញ់​ទៅ​លើ​ជំនាញ​មគ្គុទេសក៍​និង​ធំធាត់​ឡើង​ជាមួយនឹង​ក្ដី​ស្រមៃ​មួយ​ចង់​ក្លាយទៅជា​អ្វីដែល​ខ្លួនឯង​ចង់​ធ្វើ​នោះបាន​នាំ​ឱ្យ លាង​អេង ​ចាប់ផ្ដើម​ធ្វើ​វីដេអូ​សាកល្បងធ្វើវីដេអូ​ជាច្រើនដង​អំពី​កន្លែង​ដែលកញ្ញា​​ធ្លាប់​ទៅ​កម្សាន្ដ​នាពេល​កន្លងមក​ក្នុងកំឡុង​ពេល​កូវីដ​១៩។

​យុវតី លាង​អេង បាននិយាយ​ថា៖ «ខ្ញុំ​មិនដែល​គិតថាខ្លួន​នឹង​ក្លាយជា​អ្នកបង្កើត​មាតិកា​អី​នោះដែរ គ្រាន់តែ​គិតថា​ធ្វើ​អ្វីដែល​ខ្លួនឯង​ស្រឡាញ់ហើយ​ចង់​សាកល្បង​អ្វីដែល​ថ្មីៗជាជាង​ទុក​វា​ចោល​ឱ្យ​ពេល​ទូរ​សព្ទ​ក៏​បង្ហោះ​សាកល្បង​ទៅលើ TikTok»​។

​វីដេអូ​របស់​ លាងអេង ​ទទួលបានការគាំទ្រ​ច្រើន​ជាកម្លាំង​ជំរុញ​ឱ្យកញ្ញា​ផលិត​មាតិកា​ជាបន្តបន្ទាប់​។ នៅ​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ​ដំបូង​ក្នុង​បណ្ដាញ​​​សង្គមរបស់​កញ្ញាគឺ ​«​ដើរលេង​ជាមួយ​អេង​- Travel with Eng» ដែល​ក្រោយ​មក​ត្រូវបានប្ដូរនៅលើ​បណ្ដាញសង្គម Youtube, Facebook និង TikTok ទៅ «​នារី​ចល័ត​ចរ​» នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ជាក់ស្ដែង​ឈ្មោះ​ «​នារី​ចល័ត​ចរ​» មិនមាននៅក្នុងវចនានុក្រម​សម្ដេចជួនណាតទេហើយ យុវតី​ លាងអេង​ គ្រាន់តែ​ជ្រើសរើស​ឈ្មោះមួយដែលងាយៗ ស្រួលចាំ ហើយ​​​បង្ហាញ​ពី​​​អត្តសញ្ញាណ​របស់​កញ្ញា។

អ្នកផលិតមាតិការូបនេះ​បានឱ្យដឹងពីអត្ថន័យ​​ការដាក់ឈ្មោះ​នេះ​ថា៖ «​ចង់​សំដៅ​ទៅលើ​មនុស្ស​ស្រី​ម្នាក់​ដែល​តែងតែ​ផ្លាស់​ទី​ពី​ទីតាំង​មួយ​ទៅមួយ​តាមរយៈ​យាន្ត​ជំនិះឬ​ដោយ​ថ្មើរជើង ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ក្លាហាន​ដើរ​ចេញពី​រនាំង​សង្គមដែល​គេ​និយាយថា​មនុស្ស​ស្រី​ធ្វើ​មិនបាន គ្រាន់តែ​ពាក្យ​ថា​ស្ត្រីស្តាប់​វា​ខ្លាំង ជា​មនុស្ស​ម្នាក់​ដែល​រឹងមាំ មាន​អារម្មណ៍​គ្រប់គ្រាន់​ក្នុងនាម​ជា​មនុស្ស​ស្រី»។

​​ការបង្កើត​មាតិកា​ដំបូង លាង​អេងបាន​ប្រាប់ SR News ថា ​មិនសូវមាន​ការលំបាក​អ្វី​ច្រើន​នោះទេគ្រាន់តែ​ត្រូវ​ការចែក​ពេលវេលារវាង​ការងារ ការផលិត​មាតិកា ហើយ​ចំណាយលុយ​ផ្ទាល់ខ្លួននិងលៃលក​ថវិកា​ជួយ​ផ្គត់ផ្គង់​គ្រួសារ​។​

​យុវតី នារី​ចល័ត​ចរ បានឱ្យដឹង​ថា​៖ «​បើ​រាប់​ពី​លុយ​ដែល​ខ្ញុំ​បាន​ចាយ​មិនដឹង​អស់​ប៉ុន្មាន​ទេ​មុន​ដឹង​ទទួលបាន​ផល​ពី​វា​?វា​អត់​ខុសពី​ការដាំ​ដើមឈើ​នោះទេដែល​យើង​ខំ​ថែ​វា​ដោយ​ក្តី​ស្រលាញ់ វា​នឹង​ធំ​ឡើង​អាច​ផ្ដល់​ជម្រក​ឱ្យ​យើង​វិញ​អ៊ី​ចឹ​ង​ទៅ​»​។

ជា​មនុស្ស​ម្នាក់​ដែល​មិនសូវមាន​មិត្ត​ភ័ក្ដិ​​​នៅពេល​ឡើងមក​រៀន​នៅ​ភ្នំពេញលាងអេង ត្រូវ​​​ឆ្លៀតពេល​ពី​ការងារ​ទៅ​តំបន់​ទេសចរណ៍​នានាបង្កើត​មាតិកា​តែម្នាក់ឯង​ ដោយជម្នះ​​ការ​ភ័យខ្លាច​​មនុស្ស សត្វនិង​អាកាសធាតុ​ប្រែប្រួល​​​មក​លើ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

​នារីចល័តចរ បាន​រំឭកប្រាប់ថា៖ «ខ្ញុំ​មិនអាច​ទៅ​បបួល​អ្នកណា​តាមចិត្ត​ដែល​ចង់​នោះទេអ៊ី​ចឹ​ង​ខ្ញុំ​សម្រេចចិត្ត​ធ្វើដំណើរ​តែម្នាក់ឯង​តែម្ដងទៅ​។ហើយ​ខ្ញុំ​បានគិត​ច្រើន​ពី​សុវត្ថិភាពហានិភ័យ​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយ​កត្តា​មនុស្ស សត្វ អាកាសធាតុប៉ុន្តែ​បើ​យើង​គិត​រហូតដល់​បាត់បង់​ឱកាស​ដោយ​អត់​សាកល្បង ធ្វើ​ម៉េច​យើង​អាចហ្វឹក​ហាត់​ខ្លួនឯង​ឱ្យ​រឹងមាំ​សម្រាប់​ទទួលបាន​បទពិសោធ​ន៍ឬ​អាច​ដោះស្រាយ​បញ្ហា​បែប​ហ្នឹង​នៅពេល​ក្រោយ​?»​។​

​ដើរ​ឡើង​ខ្នង​ផ្សារ​តែម្នាក់ឯងជា​វីដេអូ​វែង​មួយ​ដែលមាន​ការចាប់អារម្មណ៍ និង​មាន​អ្នក​ស្គាល់​ច្រើន។ វីដេអូមាន​ចំនួន​អ្នកចូល​មើល ១០ ទៅ ២០​ម៉ឺន​នាក់​នៅ​​អំឡុងពេល​ឆ្នាំ ២០២១។

​អ្នក​ផលិត​មាតិកា​រូបនេះ​បាន​ប្រាប់ថា​៖«​វីដេអូ​វែង​ដែល​ខ្ញុំ​ធ្វើជា​លើកដំបូងក្នុងអំឡុង​ឆ្នាំ ២០២១ «​ដើរ​ឡើង​ខ្នង​ផ្សារ​តែម្នាក់ឯង​»ដែលមាន​មើល​ដូចជា ៥០០-៦០០K​។ ហើយ​មាន​អនុស្សាវរីយ៍​ច្រើន​មែនទែនទាំង​វ​ង្វេង​ផ្លូវ​ផង ភ្លៀង​បាក់​ដើមឈើ​ដាច់​ផ្លូវ​ផងដាច់​អាហារ​ទៀត​នៅពេលនោះ​ខ្ញុំ​ដំបូងៗ​មិន​ជំនាញ​ខ្លាំង​ទៅលើ​ការ​ស្ដុក​អាហារ​។ ពេលនោះ​ក៏បាន​ជួប​មនុស្ស​ល្អៗ ​ដែល​គាត់​បានផ្ដល់​ជា​អាហារហើយ​ពួកគាត់​មានការ​លើទឹក​ចិត្ត​យើង​មាន​ភាពក្លាហាន​ធ្វើ​រឿង​ហ្នឹង​»​។​

​​នារី​ចល័ត​ចរ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍បែប​រុករ​កនៅ​តំបន់​ជ្រោះ​ជ្រងច្រលង​ដងអូរ ព្រៃភ្នំ​លាក់ខ្លួន​បែប​ទេសភាព​នានា​នៅក្នុង​ស្រុកហើយ​ក៏មាន​មាតិកា​ទេសចរណ៍​បែប​ងាយស្រួល ​ដើម្បី​បង្ហាញ​ប្រាប់​អ្នកទស្សនា​ដែលមាន​ពេលវេលា​តិចកាយសម្បទា​មិនសូវ​រឹងមាំ ឬ​មិនអាច​ទៅណា​ឆ្ងាយ​បាន រួមទាំង​មាតិកាលើកទឹកចិត្ត​មនុស្ស​ស្រី និង​ការ​ការអប់រំ​ស្ដីអំពី​បរិស្ថាន​ផងដែរ​។​

​ក្នុងចំណោមវីដេអូ​ល្បីៗជាច្រើន​មាន​វីដេអូ​ធ្វើដំណើរ​ទៅលេង ទឹកធ្លាក់​ឱ​ម៉ា​ល់ នៅ​ខេត្តកំពត ដែល​ផ្ទុះ​​ការគាំទ្រ​ខ្លាំង​បំផុត​មាន​អ្នកទស្សនា​រហូតដល់​ជាង៧​លាន​ដង​។

​ក្រោយពី​មាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន​លើសលប់​ពី​បណ្ដាញ​សង្គមនារី​ចល័ត​ចរ ​ត្រូវបាន​ទទួលស្គាល់​ពី​ថ្នាក់​ដឹង​នាំ​ក្រសួង​ពាក់ព័ន្ធ​ស្ថាន​ប័ណ្ណ​ឯកជន ស្ថាប័ន​នៅ​បរទេស និងក្រុមហ៊ុន​ឯកជន​ដែលជ្រើសរើស​កញ្ញា​ធ្វើជា​ទូតសុឆន្ទៈ​​ផងដែរ​​។​

​នារី​ចល័ត​ចរ បាន​ប្រាប់​បន្តថា​៖ «​ពួកគាត់​ជា​កត្តា​ធំ​មែនក្នុង​ការឱ្យ​ខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការដើរតាម​ក្ដី​ស្រមៃ​របស់​ខ្លួនឯងជាពិសេស​បង្កើត​នៅ​វីដេអូ​សម្រាប់​ផ្សព្វផ្សាយ​ទេសចរណ៍​ផងដែរ​»​។​

​វិស័យ​ទេសចរណ៍​សម្រាប់ យុវតី លាងអេងគឺ​​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ក្នុង​ចំណោម​វិស័យធំៗ​នៅ​ប្រទេស​កម្ពុជា។​ ក្នុងនោះដែរ​កត្តា​ដែល​ធ្វើឱ្យ​មានការ​រី​ដុះដាល​ឆាប់រហ័ស​លើ​វិស័យ​ទេសចរណ៍​បែបនេះក៏មានការ​ចូលួម​ពី​អ្នក​​ផលិត​មាតិកា​ទេសចរណ៍​ជាច្រើន​នាក់ ប្រមូល​ផ្ដុំគ្នា​ជួយ​គ្នា​យ៉ាង​សស្រាក់សស្រាំដើម្បី​ផ្សព្វផ្សាយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​រីកចម្រើននិង​ល្បីល្បាញ​លើ​ឆាត​ជាតិ និង​អន្តរជាតិ​។

នារី​ចល័ត​ចរ បាន​លើកឡើងថា​៖ «​វិស័យ​ទេសចរណ៍​បើ​យើង​គ្រាន់តែ​ស្ដាប់​អត់​ស្វែងយល់​នោះ​យើង​អត់​ដឹង​នោះទេប៉ុន្តែ​វា​មាន​សារៈសំខាន់​ខ្លាំង​មែនទែន សឹងតែ​ថា​ខ្លាំង​ជាង​វិស័យ​ផ្សេងៗ ​ទៀតព្រោះ​ជា​ប្រភេទ​ឧស្សាហកម្ម​គ្មាន​ផ្សែងហើយ​វា​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក​»​។

​ដោយ​មើលឃើញថា​សន្ទុះ​នៃ​ប្រជាជន​យើង​ដើរ​កម្សាន្ដ​កាន់តែច្រើន​ផង​នោះនៅ​គ្រប់​មាតិកា​របស់ នារី​ចល័ត​ចរតែងតែមាន​ជាការ​អំពាវនាវ​ឱ្យមាន​ការជួយ​ថែរក្សា​បរិស្ថានមិន​ថា​នៅ​តំបន់​អេកូ​ទេសចរណ៍ តំបន់​ទេសភាព​ស្អាតៗ​​នានាជៀសវាង​ការបោះបង់​សំរាម​ពាស់វាល​ពាស់កាល កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។​

នាពេល​បច្ចុប្បន្ន​ផែ​ក​ផ្លូវការនារី​ចល័ត​ចរ - Neary Chalat Chor មាន​អ្នកគាំទ្រតាមដាន​ប្រមាណ​ជាង ២២៦K លើ​បណ្ដាញសង្គមហ្វេសប៊ុក និង ២០៨Kនៅលើ Tik Tok៕

អត្ថបទពេញនិយម

ការស្ទង់មតិលើ PS5 Pro តម្លៃ ៧០០ដុល្លារ មានតែមនុស្សជាង ១០ភាគរយ គ្រោងទិញ

មុខរបរចិញ្ចឹមអន្ទង់ ជួយបង្កើនចំណូលបន្ថែមដល់កសិករតាមជនបទ

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

កូរ៉េខាងត្បូងប្ដូរពីទទួលទានសាច់ឆ្កែទៅពពែខ្មៅក្នុងប្រពៃណីស៊ុបរដូវក្ដៅ