ជីវិត និង សង្គម

អ្នកជំនាញ៖ ការហាត់យូហ្គា ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត

June 21, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ ការហាត់ប្រាណគឺជាទម្លាប់សកម្មភាពមួយ ដែលមានប្រយោជន៍ដល់សុខភាពរាងកាយ ហើយការហាត់ប្រាណមានច្រើនប្រភេទដូចជាការរត់ ដើរ ជិះកង់ លេងកីឡា ទៅក្លឹបហាត់ប្រាណ ជាដើមប៉ុន្តែការហាត់ប្រាណមួយបែបទៀត ដែលកំពុងពេញនិយមដែរនោះ គឺការធ្វើយូហ្គា។

យូហ្គា គឺជាលំហាត់ប្រាណមួយដែលរួមបញ្ចូលទាំងការដកដង្ហើមសមាធិ និងមានការពត់ពេន ដងខ្លួន លើកដៃ​ជើងទៅឆ្វេងទៅស្ដាំ និងមានបែបបទនៃការពន្យល់ណែនាំត្រឹមត្រូវ។

ជាអ្នកប្រឹក្សាយោបល់សុខភាពនិងជាគ្រូបង្ហាត់យូហ្គាសមាធិ លោក ខូវ ហាច បានប្រាប់សារព័ត៌ មាន SR  ឱ្យដឹងថា យូហ្គា គឺជាការសាមគ្គីទាំងចិត្ត កាយនិងកម្លាំង ស្របគ្នាតែមួយចូលក្នុងខ្លួន ប៉ុន្តែនិយមន័យស៊ីជម្រៅ មានន័យថា ការត្រាស់ដឹង​និងសតិដឹង(សមាធិ) ដើម្បីឱ្យយើង​ស្គាល់ខ្លួនឯង និងមានខ្លួនឯងជាទីពឹង»។

លោក ខូវ ហាច បន្តថា​៖ «បើចង់ហាត់យូហ្គាទោះដើម្បីសុខភាព ឬដើម្បីត្រាស់ដឹងក្តី ត្រូវមានគ្រូនិងអាចារ្យច្បាស់លាស់ ព្រោះយូហ្គាមានបង្កប់នូវសមាធិ ដូចជាការដកដង្ហើមទៅតាមចលនា នៃការពត់ពេនខ្លួនហើយខ្ញុំមើលឃើញថា សព្វថ្ងៃការហាត់យូហ្គាតាមសួនច្បារ ក្លឹប និងទីសាធារណៈ ជាយូហ្គាធម្មតាហាត់ដើម្បីបញ្ចេញញើស ឱ្យមានសុខភាពល្អ គេងលក់ស្រួល និងឱ្យស្ងប់ចិត្តជាដើម។

គ្រូយូហ្គារូបនេះពន្យល់ថា ការហាត់យូហ្គាគឺមានទៅតាមកម្រិត បើចង់ទទួលបានលទ្ធផលល្អអ្នកហាត់យូហ្គាត្រូវព្យាយាមហាត់ ដោយក្នុងមួយថ្ងៃ អ្នកត្រូវហាត់ពេលព្រឹកម្តងនិងពេលល្ងាចម្តង រយៈពេលយ៉ាងតិចពី៣ខែ ទៅ៦ខែ តាមការណែនាំច្បាស់លាស់។

លោក ហាចបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលនោះ យើងនឹងឃើញភាពប្រែប្រួលនៃសារធាតុគីមី ការគិតនិងអត្តចរិតការប្រែប្រួលកម្មក្នុងខ្លួន ហើយ ការហាត់យូហ្កា ហាត់បានគ្រប់វ័យទាំងក្មេងចាស់ ប្រុសស្រី មិនប្រកាន់មនុស្សឈឺ ឬក៏មនុស្សជាឡើយ»។

អ្នកស្រី មួយ លាង ជាអ្នកហាត់យូហ្គាបានឱ្យដឹងថាការហាត់យូហ្គា និងការហាត់ប្រាណ គឺមាន លក្ខណៈខុសគ្នាបន្តិចបន្តួចត្បិតការហាត់យូហ្គា គឺជាការពត់ពេនខ្លួនប្រាណដោយសន្សឹមៗរួមនឹងការយល់ដឹងពីការដកដង្ហើមចេញចូល និងមិនសូវប្រើកម្លាំងឡើយ ចំណែកការហាត់ប្រាណ វិញត្រូវការប្រើកម្លាំងដើម្បីបញ្ចេញញើស។

ទទួលបានលទ្ធផលល្អក្រោយពីហាត់យូហ្គាស្រ្តីវ័យ២៥ឆ្នាំរូបនេះ បានរំឮកថា៖ «ក្រោយពី សម្រាលកូនទី២បានជាងកន្លះឆ្នាំ ខ្ញុំមានអាការៈស្ពឹកដៃស្ពឹកជើង ឈឺឆ្អឹងឈឺឆ្អែងថែមទៀត។ ថ្ងៃមួយខ្ញុំបានបើកយូធូប (Youtube) មើលឃើញពីបៀបនៃការហាត់យូហ្គាពេលនោះខ្ញុំចាប់ អារម្មណ៍ និងចាប់រៀនហាត់តាម YouTube ខ្ញុំហាត់បានរយៈពេលបីខែ មានអារម្មណ៍ថាធូរស្បើយច្រើនណាស់ បាត់ឈឺដៃជើង សុខភាពក៏ល្អ ហើយអារម្មណ៍វិញក៏ស្រស់ថ្លា។  

មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីមួយ លាង ក៏បានបានណែនាំឱ្យស្វាមីខ្លួន ដែលធ្វើការជាបុគ្គលធនាគារ  ដែលតែងតែធ្វើដំណើរឆ្ងាយៗ និងឈឺចង្កេះ ចុកដៃជើងឱ្យមកហាត់យូហ្គាជាមួយអ្នកស្រី។ ក្រោយប្តីរបស់អ្នកស្រ្តីហាត់យូហ្គាបានត្រឹមរយៈពេល១ខែ អាការៈឈឺចង្កេះ ចុកស្ពឹកដៃជើង របស់ប្តីអ្នកស្រីបានកាត់បន្ថយបានច្រើន រាងកាយមាំមួន អារម្មណ៍ល្អច្រើន។

អ្នកស្រីបញ្ជាក់បែបនេះថា៖«ខ្ញុំផ្ដាំទៅដល់ស្ត្រីមេផ្ទះទាំងឡាយដែលពុំសូវមានពេលទំនេរ ឱ្យពួកគាត់ឆ្លៀតហាត់យូហ្គាដើម្បីសុខភាព ព្រោះវាមិនចំណាយពេលច្រើនក្នុងការហាត់នោះទេ គឺយើងចំណាយតែ៣០នាទីវាពិតជាជួយឱ្យសុខភាពល្អប្រសើរមែន»។

ជាចុងក្រោយអ្នកស្រីបានផ្ដាំទៅដល់ស្ត្រីមេផ្ទះទាំងឡាយដែលពុំសូវមានពេលទំនេរឱ្យ ឆ្លៀតហាត់យូហ្គាដើម្បីសុខភាព។ព្រោះយូហ្គាយើងមិនចំណាយពេលច្រើនក្នុងការហាត់នោះទេគឺយើងចំណាយតែ៣០នាទី ប៉ុណ្ណោះ។​ម្យ៉ាងវិញទៀតបើយើងមិនឆ្លៀតទេគឺគ្មានពេលហាត់នោះទេអញ្ចឹងមានតែឆ្លៀតពេលទេទើបអាចហាត់វាបានព្រោះវាពិតជាជួយឱ្យសុខភាពល្អប្រសើរមែន។

អត្ថបទពេញនិយម

«ទំនប់ប្រទាក់ក្រឡា» ទីកន្លែងសម្រាកបោះតង់ ឡោមធម្មជាតិ ក្បែរក្រុងកំពត

មិនចង់ឲ្យមុខជាំ ស្រីៗត្រូវចេះតិចនិកទាំងនេះ

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ

មកស្គាល់ហាងកាហ្វេល្បីទាំង៣ នៅខេត្តកែប