ទេសចរណ៍

សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត

October 22, 2024
លៀប ទេពិទូ
Heading
Option 1

កោះកុង: សាន់ប៊ែវ៉ែលីរីស៊ត ( Sun Bear Valley) គឺជារីស៊តដែលពេញនិយមនៅតំបន់ជីផាតមានទីតាំងជាប់ទឹកធ្លាក់ ប្រលោមទៅដោយព្រៃឈើព័ណ៌បៃតងព័ទ្ធជុំជិតដែលជួយឱ្យអ្នកបំបាត់អស់នូវភាពសៅហ្មងទាំងឡាយយ៉ាងមានប្រសិទ្ធិភាព។

ដើម្បីទៅកាន់រីស៊តលាក់ខ្លួនមួយនេះភ្ញៀវទេសចរត្រូវធ្វើដំណើរចេញពីចំណុចអណ្តូងទឹក ស្រុកស្រែអំបិលកាត់តាមផ្លូវលំគ្រួសក្រហម ឆ្ពោះទៅកាន់កំពង់ចម្លងជីផាត រួចត្រូវបន្តដំណើរតាមស្រឡាងដើម្បីទៅដល់គោលដៅ។  

ម្ចាស់សាន់ប៊ែវ៉ែលីរីស៊តលោក ទុយ វណ្ណៈ បានប្រាប់ឱ្យសារព័ត៌មាន SR Digital Media ដឹងថាបង្កើតឡើងក្នុងឆ្នាំ២០២២ រីស៊តនេះ មានទំហំ១ហិកតាក្រាលក្របដោយព្រៃឈើតូចធំរំលេចបាននូវ ផ្ទាំងរូបភាពព័ណ៌បៃតង ជាពិសេសជាប់កន្លែងស្នាក់ភ្ញៀវទេសចរ នឹងបានគយគន់ទឹកធ្លាក់បណ្តែតខ្លួន យ៉ាងស្រស់ស្អាតកាត់តាមធម្មជាតិអមដោយសម្រស់ជួរភ្នំខៀវស្រងាត់ និងមានខ្យល់អាកាសល្អបរិសុទ្ធ។

លោក ទុយ វណ្ណៈបញ្ជាក់ពីមូលហេតុបង្កើតទីតាំងរីស៊តនេះថា៖« កើតឡើងដោយឥតព្រៀងទុកដំបូងខ្ញុំមានដី និងចម្ការនៅទីតាំងផ្ទាល់ កាលនោះខ្ញុំធ្វើរោង ធ្វើរានសម្រាប់សម្រាកនិងញ៉ាំអាហារថ្ងៃត្រង់ ហើយទេសភាពវាស្អាតណាស់ មិត្តភក្តិខ្ញុំសុំមកបោះតង់លេងហើយខាងអ្នកធ្វើវីដេអូ ខាង Influencer មួយចំនួនគាត់ក៏ថតនិងផ្សព្វផ្សាយទៅ ហើយភ្ញៀវក៏មកលេងច្រើនអ៊ីចឹងទូរស័ព្ទខ្ញុំរោទ៍ឥតពេលទំនេរម៉ង ភ្ញៀវមកលេងណែនៗ តែយើងអត់ទាន់បានរៀបអីទាំងអស់អ៉ីចឹងឃើញឱកាសមាស ឱកាសប្រាក់ដែរ ខ្ញុំក៏ចាប់ផ្តើមវិនិយោគទីនេះទល់សព្វថ្ងៃ»។

រីស៊តសាន់ប៊ែវ៉ែលីមានសេវាកម្មស្នាក់នៅចំនួន២ប្រភេទរួមមានៈ ទី១ផ្ទះលក្ខណៈគ្រួសារ និងទី២តង់សម្រាប់ជួលស្នាក់។ ផ្ទះលក្ខណៈគ្រួសារ មានចំនួន២ គឺផ្ទះ២ជាន់ និងផ្ទះ១ជាន់មានតម្លៃ១៦០ដុល្លារ ដែលអាចស្នាក់នៅបានចំនួន៦នាក់ ដល់១០នាក់។សម្រាប់តង់មានតម្លៃ២០ដុល្លារ រួមមានពូក និងខ្នើយដែលអាចគេងបាន២នាក់ក្រៅពីនេះភ្ញៀវដែលមានតង់ផ្ទាល់ខ្លួន ក៏អាចមកបោះតង់សម្រាកបានផងដែរដោយគិតជាចំនួនមនុស្សក្នុងម្នាក់ ៥ដុល្លារ។

នៅទីនេះក៏មានភោជនីដ្ឋានដ៏ធំមួយ ដែលរចនាឡើងយ៉ាងស្អាតទាក់ភ្នែកមានតាំងបង្ហាញនូវវត្ថុបុរាណផ្សេងគួរឱ្យចាប់អារម្មណ៍ ហើយភ្ញៀវក៏អាចកុម្ម៉ង់អាហារបានដោយម្ហូបបានមកពីការទិញពីប្រជាជនក្នុងតំបន់ ដូចជាបង្កងរកបានតាមព្រែក  ក្តាមធម្មជាតិ មាន់ស្រែ និងបន្លែធម្មជាតិផងដែរ។

ម្ចាស់សាន់ប៊ែវ៉ែលីរីស៊តបានឱ្យដឹងថានៅតំបន់ជីផាតគឺស្រស់ស្អាតទៅតាមរដូវកាល បើចាប់ពីខែ៦ ដល់ខែ១២ ទីនេះប្រែក្លាយជាស្រស់បំព្រងដោយសារសន្សើមទឹកភ្លៀង និងមានភ័ព្ទធ្លាក់មកយ៉ាង ព្រោងព្រាតចំណែករដូវប្រាំង ទេសភាពធម្មជាតិស្រស់ស្អាត មេឃស្រឡះគ្រាន់តែទឹកធ្លាក់មានទឹករាងស្ទើបន្តិច។

សម្រាប់ទឹកធ្លាក់នៅក្នុងតំបន់នេះមានជាច្រើនដូចជាទឹកជ្រោះអូរម្លូ ចម្ងាយ២គីឡូពីរីស៊ត,

ទឹកជ្រោះ៧ជាន់ដែលលាក់ខ្លួនក្នុងព្រៃមិនសូវមានអ្នកទាន់ស្គាល់ទើបរកឃើញថ្មី, អូរស្រឡៅ

ទឹកធ្លាក់ឆាយខ្ពស់,ឆាយជ្រៃ និងទឹកធ្លាក់ជាច្រើនទៀត។

ក្រៅពីការស្នាក់នៅភ្ញៀវទេសចរ ក៏អាចកម្សាន្តជាមួយនឹងសេវាកម្មជាច្រើនទៀត ពីខាងសហគមន៍ដូចជាៈទៅលេងចម្ការផ្លែឈើអ្នកស្រុក ជួលម៉ូតូកម្សាន្តតាមសហគមន៍ មានក្បូនគយគន់ធម្មជាតិ និងជិះទូកកៃយ៉ាកមើលអំពិលអំពែកជាដើម។ ចំណែកពេលរាត្រី ភ្ញៀវទេសចរអាចជិះទូកទៅចាក់បង្គា ចាប់បង្កងជួបជុំគ្នាញ៉ាំអាហារ និយាយលេង រាំលេង ក្រោមពន្លឺព្រះចន្ទនិងហ្វូងផ្កាយដ៏ស្រស់ស្អាតផងដែរ។

សាន់ប៊ែវ៉ែលីមានទីតាំងស្ថិតភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយប្រហែល១០គ.ម ពីកំពង់ចម្លងជីផាត ឬទំនាក់ទំនងគេហទំព័រហ្វេសប៊ុកៈ Sun Bear Valley- សាន់ប៊ែវ៉ែលី៕

ទីតាំងៈ Sun Bear Valley- សាន់ប៊ែវ៉ែលី

អត្ថបទពេញនិយម

«ក្រុមសិល្បៈវត្តព្រៃក្ទម្ព» ប្រមូលផ្តុំយុវជន និងកុមារ ហាត់សម្តែងយីកេ និងរបាំក្បាច់បុរាណខ្មែរ

កីឡាករ សំបូរ សុភ័ណ្ឌ និង នន់ សុខចម្រើន ឈ្នះមេដាយមាស ០៥ គ្រឿង ក្នុងកម្មវិធី FIF International Thailand Championship

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ

សិស្សកម្ពុជាឈ្នះមេដាយពីការប្រកួតគណិតវិទ្យា SIMOC សរុប ១២០គ្រឿង លើសពីការរំពឹងទុក

ប្រេងរឹតកសិករ ធ្វើពីស្លឹកគ្រៃធម្មជាតិ ជួយព្យាបាលអាការៈ និងលើកកម្ពស់ជីវភាពសហគមន៍ ១ពាន់គ្រួសារ