ជីវិត និង សង្គម

អ្នកនិពន្ធ និងគ្រូបង្រៀន ចាត់ទុក «ទិវាអ្នកនិពន្ធ» ជាការកម្ពស់វិស័យអក្សរសាស្ត្រជាតិ

December 6, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ នៅក្នុងទិវាជាតិអ្នកនិពន្ធ ៧ ធ្នូ ឆ្នាំ២០២៤នេះ អ្នកនិពន្ធនិងគ្រូបង្រៀន បានបង្ហាញពីការ អបអរសាទរ និងចាក់ទុកទិវានេះមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ និងការឱ្យតម្លៃលើអ្នកនិពន្ធ។

លោក ពៅ មករាជាអ្នកនិពន្ធប្រលោមលោក និងអត្ថបទភាពយន្ត បានប្រាប់សារព័ត៌មាន SR News ថា  ទិវាជាតិអ្នកនិពន្ធ មានសំខាន់មិនមែនសម្រាប់តែអ្នកនិពន្ធគឺសម្រាប់ប្រជាជនខ្មែរទាំងមូល ពិសេសអ្នក និយមចូលចិត្តការអាន និងជាថ្ងៃដែលរម្លឹកក៏ដូចជាបញ្ជាក់ពីភាពពេញបរិបូរណ៍ដោយសុខសន្តិភាពនិងនិរន្តិ៍ភាពនៃសង្គមជាតិមួយតាមរយៈស្នាដៃអ្នកនិពន្ធ។

លោកបន្តថា ដ្បិតការងារជាអ្នកនិពន្ធមិនសូវទទួលបានតម្លៃឬការមើលឃើញពីគុណតម្លៃពីមហាជន ទូទៅឱ្យទូលាយក៏ពិតមែនប៉ុន្តែអ្នកនិពន្ធក៏ជាអ្នកដែលបានចូលរួមក្នុងកិច្ចការផ្សេងៗ ឬជាផ្នែកមួយនៃ កោសិកាសង្គមដូចគ្នា។

លោកសង្កត់ធ្ងន់ថាកន្លងមក ការរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធបានកើតឡើង ហើយគ្មានដំណោះស្រាយណាអាចជួយអ្នកនិពន្ធដែលរងគ្រោះឬមានដំណោះស្រាយណាប្រសើរ ក្រៅពីសំងំមើលការរំលោភសិទ្ធិ ដូច្នេះនៅពេលមាន «ទិវាជាតិអ្នកនិពន្ធ»នេះគឺបានបង្ហាញពីភាពចាំបាច់ បំផុតសម្រាប់អ្នកនិពន្ធទាំងអស់គ្នា ក្នុងការការពារសិទ្ធនិងកម្មសិទ្ធ។

ចំណែក លោក ឡាយរដ្ឋា គ្រូបង្រៀននៅវិទ្យាល័យ ជាស៊ីម ព្រែក អញ្ចាញ (សាលារៀនជំនាន់ថ្មី) បានអបអរសាទរទិវាអ្នកនិពន្ធ និងចាត់ទុកទិវានេះ ពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកនិពន្ធ ត្បិតអ្នកនិពន្ធជាមគ្គុទេស ដែលអាចដឹកនាំមនុស្សទៅរកផ្លូវមួយ ដែលគេចង់ទៅបានតាមរយ:ស្នាដៃរបស់ពួកគេ​ បន្ថែមពីនេះ អ្នកនិពន្ធអាចប្រាប់ពីរឿងពិតក្នុងសង្គម ដែលកំពុងកើតតមានឡើងតាមរយៈស្នាដៃខ្លួន។

គ្រូបង្រៀនរូបនេះក៏លើកទឹកចិត្តដល់អ្នកនិពន្ធទាំងអស់ ឱ្យមានកម្លាំងចិត្តបន្តស្នាដៃរបស់ខ្លួនកាន់តែ ខ្លាំងឡើងនិងផលិតអ្វីៗថ្មីក្នុងស្នាដៃរបស់ខ្លួន និងស្នើឱ្យមហាជនឱ្យតម្លៃទៅលើស្នាដៃរបស់អ្នកនិពន្ធគ្រប់ៗរូបផងដែរ។

មិនខុសគ្នានេះដែរអ្នកនិពន្ធ ពៅ មករា ក៏សំណូមពរដល់មិត្តអ្នកអាន ចូលរួមការពារកម្មសិទ្ធិបញ្ញាគោរពស្រលាញ់ស្នាដៃអ្នកដទៃ និងមិនលួចចម្លងស្នាដៃអ្នកនិពន្ធដោយប្រការណាមួយ  និងសូមផ្តាំផ្ញើ ដល់អ្នកនិពន្ធក្មេងៗជំនាន់ក្រោយឱ្យព្យាយាមគិតគូរលើវិធិសាស្ត្រនិពន្ធការផ្សព្វផ្សាយ បង្កើតគំនិត ឬសាច់រឿងដោយមិនចម្លង ដើម្បីជាផ្នែកមួយលើកតម្លើងអក្សរសាស្ត្រអក្សរសិល្ប៍ជាតិផងដែរ។

ជាមួយគ្នានេះដែរ លោក ប៊ិន រ៉ាត់អ្នកនិពន្ធ​ប្រលោមលោក ធ្លាប់បានលើកឡើងថា ទិវា​ជាតិ​អ្នកនិពន្ធ​ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ​សម្រាប់​កវីនិពន្ធ​ជើងចាស់ រៀមច្បង ដែល​បាន​ចាកចេញ​ទៅហើយ គឺមាន​ទិវា​ជាតិ​អ្នកនិពន្ធដើម្បី​រំឭក​ពី​គុណ​តម្លៃ និង​ការដឹងគុណ​ដល់​ពួកគាត់ ចំពោះ​ការចូលរួមបង្កើត​ស្នាដៃ ទាំង​អក្សរសាស្ត្រ និង​អក្សរសិល្ប៍ ដើម្បី​សង្គមជាតិ​កន្លងមក​។

សូម​ជម្រាប​​ថា សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករ ឬអ្នកបង្កើត ស្នាដៃផ្សេងៗទៀតក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយ ក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមជាមុនពីផលិតករ។

នៅក្នុងកម្ពុជា ​ក៏មាន​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធនិង​សិទ្ធិ​ប្រហាក់ប្រហែលដែរ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃទី​៥ខែមីនា ឆ្នាំ​២០០៣​។ ច្បាប់ខាងលើនេះ មានគោល បំណងធានា ការគោរពសិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនិងការពារនូវផលិតផលវប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាមនិងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវ ស្របច្បាប់លើ ផលិតផលវប្បធម៌ទាំងនេះដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យកំណត់​យក​ថ្ងៃទី​ ៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា «​ទិវា​ជាតិ​អ្នកនិពន្ធ​» ​ក្នុង​គោលបំណង​បង្កើន​គុណ​តម្លៃនិង​ជំរុញ​លើកកម្ពស់​ស្នាដៃ​តែង​និពន្ធ ដើម្បី​រួមចំណែក​ដល់​ការអប់រំការលើកកម្ពស់​សុខដុម​ភាព​វប្បធម៌ សាសនា និង​ការយល់ដឹង​អំពី​អក្សរសាស្ត្រអក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ​៕

អត្ថបទពេញនិយម

ពិព័រណ៍ឧត្តមសិក្សា វិលមកសារជាថ្មី លើកទឹកចិត្តឱ្យសិស្សចាប់យកក្ដីស្រមៃ ក្នុងវិស័យ ឧស្សាហកម្ម ៤.០

ផលប៉ះពាល់ចម្បងចំនួន៤ នៃការកើនឡើងចំនួនប្រជាជនលើពិភពលោក

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមាន ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន ៨៥ កន្លែងឯណោះ។

វិធីងាយៗបំបាត់ការឈឺចាប់ពេលមករដូវ ហើយមិនអស់លុយច្រើនទៀត

ប្រេងរឹតកសិករ ធ្វើពីស្លឹកគ្រៃធម្មជាតិ ជួយព្យាបាលអាការៈ និងលើកកម្ពស់ជីវភាពសហគមន៍ ១ពាន់គ្រួសារ