ភ្នំពេញៈរូបភាពកំណាត់ជូតជើងជាច្រើនដាក់តាំងនៅខាងមុខផ្ទះដែលត្បាញដោយដៃផ្ទាល់របស់ បុរសវ័យចំណាស់ម្នាក់បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ដោយរូបភាពនេះត្រូវបានបង្ហោះដោយលោក យាង វណ្ឌី ក្នុងគោលបំណងពញ្ញាក់ស្មារតីប្រជាជនឱ្យងាកមកគាំទ្រនូវផលិតផលដែលធ្វើដោយដៃមួយនេះ។
លោកយាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានប្រាប់សារព័ត៌មានឌីជីថល SR ថាក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទៅលើលោក ឯម រៀមបណ្ឌិតច្នៃម៉ូត ដែលបានយកកំណាត់ជូតជើងមកច្នៃជាសំលៀកបំពាក់នោះលោកស្រាប់តែនឹកឃើញភ្លាមៗដល់សហគមន៍ត្រពាំងអញ្ចាញដែលត្បាញលក់កំណាត់ជូតជើងនេះគ្រាដែលលោកបានចុះទៅបំពេញការងារកាលពី១០ឆ្នាំមុន។
ប្រធានក្រុមព្រះសុរិយាបន្តថា៖«ខ្ញុំបានចុះទៅដល់សហគមន៍ដើម្បីផ្សព្វផ្សាយលក់កំណាត់ជូតជើង នេះតាមបណ្តាញសង្គមព្រោះខ្ញុំចង់បង្ហាញឱ្យប្រជាជនយើងឃើញថា កំណាត់ជូតជើងគឺមានតម្លៃនិងស្អាត អាចដាក់លើក្បាល ឬច្នៃជាម៉ូតពាក់បានដោយសារវាគ្រាន់តែជាកំណាត់ស្អាត ដែលគេត្បាញចេញជារូបរាងជូតជើងប៉ុណ្ណោះ»។
កំណាត់ជូតជើងដែលផលិតដោយសហគមន៍ព្រែកអញ្ចាញនេះលក់ក្នុងតម្លៃ ២៥០០រៀល មានគុណភាពល្អនិងអាចប្រើប្រាស់បានយូរ ហើយផលិតផលនេះ គឺត្បាញចេញពីកំទេចកំទីកំណាត់ដែលគេបោះចោលតាមរោងចក្រនានា។
ក្រោយពីទទួលបានការគាំទ្រនិងជួយទិញកំណាត់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម លោក យាង វណ្ឌីប្រធានក្រុមព្រះសូរិយាដែលជាអ្នកផ្តួចផ្តើមផ្សព្វផ្សាយផលិតផលកំណាត់ជូតជើងរបស់ប្រជាសហគមន៍ព្រែកអញ្ចាញនេះក៏មានគម្រោងឱ្យសហគមន៍ យកកំណាត់មកផលិតជាកម្រាលព្រំសម្រាប់រៀបចំក្នុងកម្មវិធីនានា ដើម្បីជួយសហគមន៏ឱ្យមានចំនូលបន្ថែមនិងមានទីផ្សារកាន់តែល្អជាងមុនហើយលោកនឹងជួយរៀបចំយុទ្ធសាស្ត្រទីផ្សារ ក៏ដូចជាយកឈ្មោះក្រុមព្រះសុរិយាជាតំណាងឱ្យផលិតផលព្រំនេះតែម្តង។
លោកបញ្ជាក់យ៉ាងដូច្នេះថា«កុំប្រើទឹកចិត្តអាណិតហើយនាំគ្នាយកប្រាក់ទៅឧបត្តម្ភដល់ពួកគាត់អី គួរនាំគ្នាផ្សព្វផ្សាយពីផលិតផលនិងជួយទិញផលិតផលដែលកែច្នៃកាកសំណល់មកប្រើបាននេះទើបជារឿងដែលល្អសម្រាប់សង្គមព្រោះយើងអាចជួយឱ្យពួកគាត់ទទួលបានប្រាក់ចំនូលបាន ទៀងទាត់ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើទៅមុខ។
គួរបញ្ជាក់ថា លោក យៀងវណ្ឌី គឺជាស្ថាបនិកក្រុមព្រះសុរិយាដែលផ្ដោតទៅលើការស្រាវជ្រាវភាពយន្តក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ដោយក្រុមការងាររបស់លោកគឺចំណាយពេលជាងមួយទសវត្សរ៍ដើម្បីស្វែងរកកំណប់ទ្រព្យដែលបាត់បង់នៃវិស័យភាពយន្តខ្មែរដោយការស្តារឡើងវិញនូវរូបថតសិល្បករ ប្រវត្តិរូបរបស់តារាកម្ពុជានិងភាពយន្តខ្មែរដែលត្រូវបានគេបំភ្លេចចោលក្នុងគោលបំនងអភិរក្សមរតកវប្បធម៌ដ៏សម្បូរបែបនេះ៕