តាខ្មៅ: ក្រោយពីដំណើរការចាប់តាំងពីឆ្នាំ២០១៩ ឥដ្ឋអេកូរាប់សិបដុំច្នៃពីសំរាមប្លាស្ទិក ទទួលបានការគាំទ្រច្រើនពីអតិថិជនហើយម្ចាស់សិប្បកម្មក៏បានអះអាងដែរថា ផលិតផលគ្រឿងវិស័យសំណង់នេះមិនត្រឹមតែជួយបរិស្ថានទេថែមទាំងមានគុណភាពអាយុកាលយូរអង្វែងក្នុងវិស័យសំណង់។
លោក សុខ ធី ស្ថាបនិកក្រុមហ៊ុន Eco-Bricksបានប្រាប់សារព័ត៌មាន SR News ថា៖ «ឥដ្ឋរបស់យើងអាចមានអាយុកាលជាង១០០ ឆ្នាំនិងមានកម្លាំងខ្លាំងជាងឥដ្ឋដីឥដ្ឋក្រហមស្តង់ដារពី ៥ទៅ ៦ដង»។
ទំរាំតែមានថ្ងៃនេះ ក្រុមហ៊ុនផលិតឥដ្ឋអេកូបានឆ្លងកាត់ឧបសគ្គជាច្រើនទាំងការខ្វះខាតដើមទុននិងវត្ថុធាតុដើម។
កាលណោះ លោក ធី មិនមានសូម្បីតែម៉ាស៊ីនសម្រាប់កិនប្លាស្ទិក។លោកត្រូវប្រើកន្ត្រៃ និងកាំបិត ដើម្បីកាត់ប្លាស្ទិក ជាបំណែកតូចៗ។
តាមរយៈការសិក្សាពីអ៊ីនធើណិតគួបផ្សំនឹងបទពិសោធន៍ពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និងឥណ្ឌាលោកបានចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ២០១៩។
រោងចក្រកែច្នៃសំរាមប្លាស្ទិកនេះក៏បានបំផុសគំនិតឲ្យប្រជាជនខ្មែរយល់ដឹងពីការកែច្នៃសំរាមទៅជាឥដ្ឋនិងបានធ្វើឲ្យពួកគេបានប្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាមឬដុតប្លាស្ទិក។
លោក សុខ ធី បានឱ្យដឹងថា៖ «ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំហើយឥដ្ឋមួយដុំមានតម្លៃ១០០០រៀលហើយអតិថិជនក៏អាចធ្វើការជ្រើសរើសប្រភេទឥដ្ឋអេកូ ទៅតាមការចង់បានផងដែរដោយមាន៣ ប្រភេទគឺ ឥដ្ឋឡាំតូ ឥដ្ឋសម្បកឈើ និងឥដ្ឋធម្មតា»។
សូម្បីតែដំណើរការផលិតឥដ្ឋអេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានផងដែរ។
លោកបានឱ្យដឹងទៀតថា៖ «យើងសម្ងួតឥដ្ឋដោយមិនប្រើឈើដុតសម្ងួតនោះទេដោយសង្វាក់ផលិតកម្មរបស់យើងធ្វើតាមបច្ចេកទេសដោយគ្រាន់តែស្រោចទឹកប៉ុណ្ណោះ។នេះក៏ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងកាត់បន្ថយតម្លៃថ្លៃដើមផងដែរ»។
សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះពានរង្វាន់ចំនួន៤សម្រាប់សហគ្រិនឆ្នើមប្រចាំឆ្នាំនិងបានលក់គម្រូអាជីវកម្មជាហ្វ្រេនឆាយទៅចំនួន១០ក្រុមហ៊ុនផ្សេងទៀដោយបង្រៀនបច្ចេកទេសផលិតដល់ក្រុមហ៊ុនទាំងនោះក្នុងការផលិតឥដ្ឋអេកូមានគុណភាពដូចគ្នានឹងក្រុមហ៊ុនមេ។
សិប្បកម្មផលិតឥដ្ឋអេកូមានទីតាំងស្ថិតនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក ឥដ្ឋអេកូ Eco-Bricksឬសូមទំនាក់ទំនងទូរសព្ទលេខ ០៨៥ ២២៤ ៤៦៦៕
ភ្នំពេញ : ស្ថិតនៅសិប្បកម្មមួយកន្លែងនៃសង្កាត់ចោមចៅដបប្លាស្ទិកជាង៤០០តោននៅក្នុងស្ដុកកំពុងរង់ចាំកម្មករដែលកំពុងតែញាប់ដៃញាប់ជើងហូតជាសរសៃៗដើម្បីកែច្នៃជាអំបោសប្រើប្រាស់ប្រចាំថ្ងៃ។
ភាពមមាញឹកនៃចង្វាក់ផលិតកម្មនេះត្រូវបានត្រួតពិនិត្យដោយលោកលោក ហាស់ គា ដែលកំពុងឈរក្នុងរោងសិប្បកម្មផលិតអំបោសខណៈកម្មករជាច្រើនពាក់ស្រោមដៃការពារការមុតកំពុងអង្គុយហូតសរសៃជ័រចេញពីដបប្លាស្ទិក។
លោក គា ដែលជាម្ចាស់សិប្បកម្ម បានធ្វើឱ្យគំនិតផលិតអំបោសពីដបប្លាស្ទិកក្លាយជាអាជីវកម្មពិតៗតាមរយៈការមើលវីដេអូលើយូធូបគួបផ្សំនឹងការខិតខំស្រាវជ្រាវបន្ថែម។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «ដំបូងខ្ញុំគ្រាន់តែមើលយូធូបឃើញវីដេអូបរទេសបង្ហាញពីការផលិតអំបោសពីដបទឹកសុទ្ធ ពេលនោះខ្ញុំគិតថានៅស្រុកយើងសម្បូរដបទឹកសុទ្ធ ហើយមានតម្លៃ ថោកទៀតផងខ្ញុំក៏បានស្រាវជ្រាវលំអិតបន្ថែមពីដំណើរការផលិត»។
នៅក្នុងដើមឆ្នាំ២០២៣ សិប្បកម្មកែច្នៃប្លាស្ទិកក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញត្រូវបានបង្កើតនិងបានផ្ដល់ការងារដល់អ្នករស់នៅជុំវិញនោះប្រមាណជាជិត៣០នាក់។
កម្មករទាំងនោះសុទ្ធសឹងតែជាស្ត្រីវ័យចំណាស់ៗនិងមានជីវភាពខ្សត់ខ្សោយ ដោយពួកគាត់ជាអ្នកកែច្នៃអំបោសពីដបប្លាស្ទិក ដែលកំពុងមានគាំទ្រផ្គត់ផ្គង់នៅលើទីផ្សារ។
លោក គាដែលជាម្ចាស់សិប្បកម្មកែច្នៃអំបោសប្លាស្ទិកបានសម្ដែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តដែលសិប្បកម្មរបស់ខ្ញុំបានរួមចំណែកក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ ថែមទាំងបានជួយបរិស្ថានបានមួយកម្រិតទៀតផង»។
អំបោសធ្វើអំពីដបទឹកសុទ្ធធន់មិនថាការបោសដីភក់ ស្លឹកឈើ សំរាមសើម សំរាមស្ងួត លាមកសត្វ គ្រួសថ្ម ជាដើមហើយងាយលាងទឹកសម្អាតយកមកប្រើប្រាស់ឡើងវិញ។
វត្ថុធាតុដើមក្នុងការធ្វើអំបោសមិនមានអ្វីច្រើនលើសពីដបប្លាស្ទិកដងឫស្សី លួស និងសរសៃជ័រនោះទេ។
លោក គា បានរៀបរាប់ពីដំណើរការផលិតថា៖«ដើម្បីផលិតបានជាអំបោសដ៏រឹងមាំមួយបានយើងត្រូវការដងឫស្សី មួយ ម៉ែត្រ២តឹកយកមកបំពាក់ជើងក្អែកលួស២លីកន្លះជាមួយនឹងសរសៃជ័រ៥ខាំមករុំចុងអំបោសយកប្រវែងបួនតឹករួចឃ្លុំបេដោយដបទឹកសុទ្ធនៅជាប់នឹងក្បាលអំបោសដើម្បីឲ្យមានសោភ័ណភាពរួចក្រងសរសៃជ័រដបទឹកសុទ្ធដោយប្រើខ្សែតាន់ស្វិតដើម្បីឲ្យសរសៃអំបោសរឹងបន្តិច»។
ក្នុងមួយថ្ងៃៗសិប្បកម្មរបស់លោកអាចផលិតអំបោសបានពី២០០ទៅ៥០០ដើមជាមួយកម្លាំងកម្មករ ១៦នាក់។អំបោស១ដើមមានតម្លៃ១០,០០០ រៀលនិង១៥,០០០រៀល។
ម្ចាស់អាជីវកម្មវ័យ៤០ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលមានក្រុមហ៊ុនបោសសម្អាតតាមដងផ្លូវទីសាធារណៈមួយបានកុម្ម៉ង់អំបោសពីសិប្បកម្មលោកយកទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោករំពឹងថា បើមានក្រុមហ៊ុនដទៃផ្សេងទៀចាប់អារម្មណ៍កុម្ម៉ង់បន្ថែមនោះវារឹតតែល្អ ដោយសារសិប្បកម្មនេះគាំទ្រការកែច្នៃប្រើប្រាស់ឡើងវិញ ហើយផលិតផលត្រូវបានធ្វើដោយដៃសុទ្ធសាធ។
នាថ្ងៃអនាគត លោក គា ចង់ពង្រីកសិប្បកម្មនេះឱ្យកាន់តែធំថែមទៀតដើម្បីជួយដល់អ្នកខ្វះខាតឲ្យបានកាន់តែច្រើនក៏ដូចជារួមចំណែកកែច្នៃកាកសំណល់ដបប្លាស្ទិកជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក អំបោសប្រើមិនខូចឬសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ២២២ ០០០៕
ភ្នំពេញ:ខ្មែរយើងមានម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខហើយអាហារទាំងនោះបានវិវត្តខ្លួនទៅជាអាហារ វេចខ្ចប់ដើម្បីងាយស្រួលទុកបានយូរមិនពិបាកក្នុងការចម្អិន។
អាហារទាំងនោះមានដូចជាបុកត្រីឆ្អើរ បុនកន្ទុយហេស ប្រហុកអង្ក្រង កាពិឆាបាត់ដំបង ប្រហុកឦសានប្រហុកខ្ទិះសាច់ប្រឡាក់ និងអាហារជាច្រើនមុខទៀតដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងនិងក្រៅស្រុក។
ការនាំចេញអាហារប្រពៃណីទៅបរទេសអាចធ្វើទៅបានអាស្រ័យលើសុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់មានស្ដង់ដារពីបណ្ដាសិប្បកម្មនិងសហគ្រាសស្រុកក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក
ក្រុមហ៊ុនមួយនេះបានចាប់ផ្ដើមផលិតម្ហូបអាហារវេចខ្ចប់នៅពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិកូវីដ ១៩។
ខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរ ហើយហាងទំនិញនិងផ្សារក៏ផ្អាកដំណើរការនោះអាជីវកម្មមួយនេះបានប្រែក្លាយវិបត្តិទៅជាឱកាស។
ប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីទិញរបស់របរប្រើប្រាស់និងចំណីអាហារបាននោះទេ ដូច្នេះម្ចាស់អាជីវកម្មក៏បានពិភាក្សាជាមួយនឹងចុងភៅលៃលកយ៉ាងណាធ្វើម្ហូបវេចខ្ចប់ដឹកជញ្ជូនដល់គេហដ្ឋានអតិថិជនតែម្ដង។
អាហារទាំងនោះសុទ្ធសឹងជាមុខម្ហូបខ្មែរដូចជាប្រហុកអង្ក្រង បុកកន្ទុយហេស និងកាពិឆាបាត់ដំបងជាដើម ដោយផ្ដើមចេញពីការវេចខ្ចប់ងាយៗដាក់ក្នុងកំប៉ុងជ័រ។នេះបើយោងតាមការរំឭកប្រាប់ពីលោក ជា ចិត្រាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន។
លោកបានឱ្យដឹងទៀតថា៖ «បន្ទាប់ពីមានការផ្ទុះការចាប់អារម្មណ៍និងគាំទ្រខ្លាំងយើងក៏ពិភាក្សាជាមួយអ្នករួមបណ្តាក់ទុនម្តងទៀតដើម្បីបង្កើតជាសហគ្រាសក្នុងគោលបំណងចង់ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ក៏ដូចជាចង់រក្សាកេរដំណែលម្ហូបអាហារខ្មែរឲ្យទៅជាស្តង់ដារដូចជាផលិតផលផ្សេងៗដែលនាំចូលហើយក៏ដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលនិងធ្វើការនាំចេញទៅក្រៅប្រទេសផងដែរ»។
គោលដៅនេះអាចសម្រេចបានដោយអាស្រ័យលើទីផ្សារគុណភាព តម្លៃ និងរសជាតិរបស់ផលិតផលផងដែរ។អាហារខ្មែរនីមួយៗត្រូវបានឆ្លងកាត់ដំណាក់កាលផលិតជាច្រើនមុននឹងឈានដល់ការវេចខ្ចប់ច្រកកំប៉ុង។
លោក ចិត្រា បន្ថែមទៀតថា៖ «ដើម្បីបុកត្រីឆ្អើរឲ្យបានឆ្ងាញ់យើងត្រូវមានគ្រឿងផ្សំដូចជាអំបិល ស្ករ បន្លែ ត្រីអណ្ដែងឆ្អើរ មើមរំដេង ។ល។មកលាងសម្អាតឲ្យស្អាតរួចយកបន្លែហាន់ឲ្យល្អិតៗ»។
រសជាតិឆ្ងាញ់ និងគុណភាពល្អក៏ពឹងផ្អែកលើការសម្រិតសម្រាំងសាច់ត្រីផងដែរ ដោយលោកបានបញ្ជាក់ថា៖ «យើងជ្រើសរើសយកត្រីអណ្ដែងសាច់លឿងលេខមួយយកមកធ្វើដើម្បីធានាបាននូវរសជាតិពិសេស។ត្រីអណ្ដែងអាំងដែលយើងយកមកបេះយកតែសាច់ទេ ឆ្អឹងនិងស្បែកមិនយកទេ»។
គ្រឿងផ្សំទាំងអស់គឺត្រូវយកទៅរម្លីងឲ្យឡើងឈ្ងុញទើបយកមកលាយបញ្ចូលគ្នាក្នុងម៉ាស៊ីនកិនឲ្យម៉ដ្តរួចច្រកកែវ ហើយយកទៅសម្លាប់មេរោគដើម្បីធានាបានអនាម័យល្អ។
ប្រធានគ្រប់គ្រងវ័យ៣០ឆ្នាំរូបនេះបានបញ្ជាក់ទៀតថាបុកត្រីឆ្អើរដែលជាម្ហូបពិសេសលក់ដាច់ជាងគេនោះ មានការវេចខ្ចប់ពីរប្រភេទគឺទម្ងន់មួយខាំកន្លះមានតម្លៃ១៥.០០០រៀល និងទម្ងន់បួនខាំមានតម្លៃ៣២.០០០រៀល។
បុកត្រីឆ្អើរ បុកកន្ទុយហេសប្រហុកអង្ក្រង និងឆាកាពិបាត់ដំបង ត្រូវបានអតិថិជនមានការគាំទ្រជាខ្លាំង មិនថាក្នុងស្រុកឬសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង នូវែលសេឡង់ អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនក៏គ្រោងនឹងបន្ថែមជម្រើសអាហារវេចខ្ចប់ដោយធ្វើអាម៉ុកនិងនំបញ្ចុកក្រៀមលក់ចែកចាយផងដែរ។
ក្រៅពីជាអាជីវកម្មផលិតនិងវេចខ្ចប់អាហារប្រពៃណីលក្ខណៈស្ដង់ដារ សហគ្រាសមួយនេះបានរួមចំណែកនៅក្នុងសង្គមជាច្រើនដូចជាការនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈសិក្សាទៅចែកជូនមណ្ឌលកុមារកំព្រានៃអង្គការនៅអង្គការមែកឈើកុមារអូទីសឹមនិងមណ្ឌលកុមារកំព្រាជាច្រើនកន្លែងទៀតផងដែរ។
ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.កមានទីតាំងស្ថិតនៅផ្ទះលេខ៣០៥ផ្លូវ១០០៥ ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសេនសុខ ភ្នំពេញ។
ព័ត៌មានបន្ថែមពី ផលិតនេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុកអ៊ីអ៊ែនអឹមយ៉ាំមីឬទំនាក់ទំនងទូរសព្ទលេខ ០១០/០១៧ ២៦៨ ៨៦៨៕
ខេត្ដព្រះសីហនុ៖ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុពោលគឺគម្រោងវិនិយោគ ដែលត្រូវបានសាងសង់ ហើយបានផ្អាក ពន្យារ និង/ឬពុំមានសកម្មភាព វិនិយោគ ឬសកម្មភាពធុរកិច្ច ចាប់ពីឆ្នាំ ២០១៦។
ផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្ត វិធានការកន្លងមកបានផ្តល់សញ្ញាវិជ្ជមាននិងបង្កើនជំនឿទុកចិត្តដល់វិនិយោគិន ប៉ុន្តែបានកម្រិតត្រឹមគម្រោងវិនិយោគជាប់គាំង។
ជាក់ស្ដែងសកម្មភាពវិនិយោគ និងសកម្មភាពធុរកិច្ច ក៏បាននិងកំពុងជួបប្រទះបញ្ហាប្រឈមដូចជាការបង់ពន្ធអាករ និងកម្រៃផ្សេងៗច្រើន សំណង់សាងសង់ពុំមាន ឬខុសលិខិតអនុញ្ញាតសាងសង់និងការសាងសង់ពុំមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ការកំណត់តម្លៃអចលនទ្រព្យខ្ពស់ កង្វះទុនវិនិយោគបន្ថែមនិងវិវាទរវាងម្ចាស់សំណង់ និងម្ចាស់ដីជាដើម។
ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុឯកឧត្តម ជា កុកហុង ដែលមានតួនាទីជាប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុបានថ្លែងក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយគូសបញ្ជាក់នូវវិធានការបន្ថែម ដាក់ចេញដោយរាជរដ្ឋាភិបាល ដូចខាងក្រោមនេះ៖
១. លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិង ពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែមសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។
២. លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរិមារយៈពេល៣ ឆ្នាំ និង ប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល រយៈពេល ៣ ឆ្នាំសម្រាប់គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតនៅក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
៣. លើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែល ផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់គម្រោង ឬ សកម្មភាពធុរកិច្ចជាប់គាំងក្នុង ខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និង ការជួសជុលកែលម្អលើអគារដែលជាប់តាំង។
៤. លើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ឆ្នាំ។
៥. លើកលែងពន្ធអចលនទ្រព្យ និង លើកលែងទណ្ឌកម្មរដ្ឋបាល(ពន្ធបន្ថែម និង ការប្រាក់) ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ហើយការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះ ប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។
៦. លើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិត អនុញ្ញាតសាងសង់លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬ វិញ្ញាបនបត្រប្រើប្រាស់សំណង់។
៧. សម្រួលនីតិវិធី និង បែបបទនៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងការងារសំណង់ រួមទាំងកាត់បន្ថយរយៈពេលនៃការស្នើសុំលិខិតអនុញ្ញាតឬ វិញ្ញាបនបត្រប្រើប្រាស់សំណង់។
៨. សម្របសម្រួលក្នុងការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្តុំ សំណង់ និង ថ្លៃត្រួតពិនិត្យនិង បញ្ជាក់គុណភាព និង សុវត្ថិភាពសំណង់ ដោយសហការជាមួយក្រសួង ស្ថាប័នវិស័យឯកជន ម្ចាស់ដី និង ម្ចាស់សំណង់។
៩. សម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ចរួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និង លិខិត អនុញ្ញាតនានាព្រមទាំងការចុះបញ្ជីជា គ.ល.គ និង សហគ្រាស។
១០. រៀបចំគោលការណ៍ និងសម្របសម្រួលការបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ និង ផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងកំណត់តម្លៃយោង សម្រាប់អចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ។
១១. រៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍនៅតាមភូមិ សង្កាត់ និង ផ្លូវសំខាន់ៗ ដូចជា តំបន់ ទេសចរណ៍ពិសិដ្ឋតំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញបាន វិថី អាហារ និងរមណីយដ្ឋាន/ កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និងភូមិសាស្ត្រជាក់ស្តែង។
១២. ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែល ពាក់ព័ន្ធនឹងការវិនិយោគ ។
គួរបញ្ចាក់ឱ្យដឹងផងដែរថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៥» ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅខែ មករា ឆ្នាំ ២០២៤៕
កំពតៈ សហក្រិនស្ត្រីផលិតអំបិលនៅក្នុងខេត្តកំពតទទួលបានឱកាសពង្រីអាជីវកម្មរបស់ខ្លួន តាមរយៈ កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបរបស់ធនាគារប្រៃសណីយ៍(CPBank) ដែលជាគម្រោងក្រោម ភាពជាដៃគូរវាងធនាគារអភិវឌ្ឃន៍អាស៊ី ADBនិង CP Bank។
អ្នកស្រី ហុង ស្រីមុំ ជាសហក្រិនស្ត្រីផលិតអំបិលនៅក្នុងស្រុកទឹកឈូខេត្តកំពតបានឱ្យដឹងថា កម្ចីប្រាក់ របស់ធនាគារប្រៃសនីយ៍ បានផ្តល់នូវឱកាសដ៏ល្អប្រសើរក្នុងការជួយដល់អ្នកស្រីក្នុងការពង្រីកអាជីវកម្ម ដើម្បីទទួលបានចំណូលបន្ថែម និងផ្តល់នូវទំនុកចិត្តផងដែរ។
អ្នកស្រីរៀបរាប់ពីការពង្រីកអាជីវកម្មតាមរយៈកម្ចីប្រាក់របស់ធនាគារប្រៃសនីយ៍យ៉ាងដូច្នេះថា៖ «ខ្ញុំខ្ចីប្រាក់រយៈពេល៦ឆ្នាំពីធនាគារប្រៃសនីយ៍ ទី១ ខ្ញុំពង្រីកស្រែបណ្តុះអំបិលកាលពីមុនមានចំនួន ២៥ស្រែ ពេលនេះខ្ញុំមាន៣៥ស្រែនិងរៀបចំឃ្លាំងអំបិលផ្សេងៗដែលធ្លុះធ្លាយ បើនិយាយកាលពីមុន មានផលលំបាកណាស់កាលមុនស្រែបណ្តុះយើងវាតិច យើងបានទិន្នផលតិច លុយយើងក៏វាដូច្នេះដែរ អ៊ីចឹងការផ្គត់ផ្គង់ក្នុងគ្រួសារឱ្យកូនទៅរៀនក៏ពិបាកដែរតែពេលនេះយើងងាយស្រួល ព្រោះយើងទទួល បានចំណូលច្រើន ហើយនៅពេលបង់ដាច់យើងសល់ដីស្រែអំបិល ១០ ហ្នឹង»។
អ្នកស្រីបន្ថែមថា កម្ចីប្រាក់របស់ធនាគារប្រៃសណីយ៍មិនមានភាពស្មុគស្មាញរហ័សទាន់ចិត្ត និងមានអត្រា ការប្រាក់ទាបដែលកត្តាទាំងនេះផ្តល់ជូនឱ្យអតិថិជនដូចជាលោកស្រីនូវភាពងាយស្រួលនិងអត្ថប្រយោជន៍ច្រើន។
«តាមរយៈកម្ចីនេះ មានភាពងាយស្រួលពេលខ្ញុំការដាក់ឯកសារទៅហ្នឹង ពួកគាត់មករៀបចំឱ្យខ្ញុំទាន់ចិត្ត ព្រោះពេលនោះខ្ញុំត្រូវការប្រញាប់ដែរ ហើយបើថាខាងធនាគារគាត់ឱ្យ គឺរៀបចំឯកសារ គឺបានតែម្តង»។ នេះបើតាមអ្នកស្រី ស្រីមុំ
ស្ត្រីរូបនេះបង្ហាញពីភាពសប្បាយចិត្ត ដោយមើលឃើញថាសហក្រិនស្ត្រីអាចធ្វើអ្វីបានគ្រប់យ៉ាង ជាពិសេសការបង្កើតមុខរបរ និងការពង្រីអាជីវកម្មមិនដូចពាក្យថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ»។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និងធនាគារប្រៃសណីយ៍កម្ពុជា(CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់១០លានដុល្លារដើម្បីគាំទ្រដល់ការស្តារឡើងវិញ នូងស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពីផលប៉ះពាល់កន្លងមកដោយជំងឺកូវីដ ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ។យ៉ាងហោចណាស់ ៥០% នៃប្រាក់កម្ចីនេះ ត្រូវបាន បម្រុងទុកសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។
ទាក់ទងនឹងគម្រោងនេះអ្នកស្រី ស្រីមុំ យល់ឃើញថា៖ «គម្រោងនេះ គឺជាគម្រោងល្អខ្លាំងណាស់ ឱ្យស្រ្តីទាំងអស់ដែលអត់ហ៊ានខ្ចីឱ្យហ៊ានខ្ចី ព្រោះយើងអាចខ្ចីធនាគារដោយពេញចំហ បើមិនអ៊ីចឹងទេ យើងទៅខ្ចីខាងក្រៅគឺមានការប្រាក់ថ្លៃ អ៊ីចឹងខ្ញុំណែនាំស្ត្រីទាំងអស់ ដែលខ្វះដើមទុនរកស៊ីអ៊ីចឹងអាចទៅធនាគារប្រៃសនីយ៍ទៅមិនខុសចិត្តទេ ព្រោះខ្ញុំពង្រីកបានច្រើនណាស់»។
លោកស្រី Jyotsana Varma នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) មានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសប្បាយរីករាយណាស់ នៅពេលដែលអ្នកទទួលផល ដូចជាអ្នកស្រីស្រីមុំ ដែលបានខ្ចីប្រាក់ដោយប្រើប្រាស់ទទួលបានប្រសិទ្ធភាព ហើយលោកស្រីសង្ឃឹមថា គម្រោងនេះនឹងអាចពង្រីកភាពជាសហក្រិនរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕
ភ្នំពេញ:ធ្លាប់តែឃើញកាបូបដៃដាក់លុយបុរសធ្វើអំពី ជ័រ ស្បែកសត្វ ត្រណាត់ជាដើមតែសិប្បកម្មឈ្លាសវៃមួយនេះ បានច្នៃពោះវៀនកង់ឡានធ្វើជាកាបូបលុយបុរស ដែលមានរូបរាងពណ៌ស្រស់ស្អាតធន់នឹងការប្រើប្រាស់បានយូរតម្លៃសមរម្យហើយក៏កំពុងបោះជំហានទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបផងដែរ។
គោលបំណងធំបំផុតនៃការបង្កើតសិប្បកម្មឈ្លាសវៃនេះឡើងគឺដើម្បីជួយផ្តល់ឱកាសការងារដល់ជនពិការក៏ដូចជាអ្នកមិនមានការងារធ្វើ នៅតាមសហគមន៍ឲ្យពួកគាត់មានប្រាក់ចំណូលសមរម្យផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ការផលិតកាបូបពីពោះវៀនកង់ឡានក៏រួមចំណែកលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងផលិតផលកែច្នៃដោយដៃ របស់សិប្បករខ្មែរផងដែរ។
ស្ថាបនិកសិប្បកម្ម លោក ឡាវ ចំរើនបានរៀបរាប់ឱ្យដឹងថា៖ «យើងយកវត្ថុធាតុដើមដែលគេបោះចោលយកមកកែច្នៃធ្វើជារបស់ប្រើប្រាស់ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថានក៏ដូចជាចង់ផ្សព្វផ្សាយអំពីផលិតផលធ្វើដោយដៃនៅក្នុងប្រទេសកម្ពុជាយើង»។
ដំណើរការផលិតកាបូបពីពោះវៀនកង់ឡានមានរយៈពេលប្រមាណ១០ឆ្នាំមកនេះ លោកត្រូវការវត្ថុធាតុដើមពីរសំខាន់ៗគឺទី១ពោះវៀនកង់ឡានចាស់ៗ និងទី២ ក្រណាត់សម្រាប់ការដេរធ្វើជាហោប៉ៅ។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «យើងត្រូវយកពោះវៀនកង់ឡានលាងសម្អាតទឹកឲ្យស្អាតរួចយកវាមកកាត់ទៅតាមខ្នាត និងពុម្ពដែលយើងត្រូវការ។ សម្រាប់ផ្នែកខាងមុខនៃកាបូបយើងក៏កាត់ច្នៃម៉ូតនិងអ៊ុតវាបន្ថែមទៀតដើម្បីឱ្យវាមានគុណភាពល្អបន្ទាប់ពីរចនាម៉ូតផ្នែកខាងមុខកាបូបហើយ យើងត្រូវផ្គុំកម្ដៅឲ្យវាទន់ ដើម្បីងាយស្រួលដេរភ្ជាប់គ្នាជាការស្រេច»។
បុរសវ័យ៤៣ឆ្នាំរូបនេះបានបន្ថែមទៀតថាទន្ទឹមនឹងការផលិតបានកាបូបដ៏ស្រស់ស្អាតនេះ លោកក៏ត្រូវជម្នះកត្តាប្រឈមក្នុងការផលិតផងដែរដូចជាពិបាកក្នុងការដេរ (ស្វិត)និងត្រូវការលាងសម្អាតជាច្រើនដង។
ចំពោះវត្ថុធាតុដើមពោះវៀនកង់ឡាន លោកត្រូវដើរទិញពីអ្នកប៉ះកង់ឡានធំៗនៅតាមជាយក្រុងដោយតម្រូវតាមលក្ខខណ្ឌ និងបរិមាណផលិតជាក់ស្ដែងរបស់លោក។
សិប្បកម្ម ឈ្លាសវៃ ផលិតកាបូបដៃប្រុសមួយនេះក្នុងមួយថ្ងៃៗសិប្បករម្នាក់ៗអាចផលិតបានពី២ ទៅ ៥ កាបូប ទៅតាមម៉ូតស្រួល ឬម៉ូដស្មុគស្មាញពិបាកផលិត។ កាបូបដៃបុរសធ្វើពីពោះវៀនកង់ឡានមានតម្លៃចាប់ពី៣០,០០០រៀល រហូតដល់ ៦០,០០០រៀល។
ក្រៅពីផលិតកាបូបដៃដាក់លុយបុរសសិប្បកម្មនេះក៏មានផលិតកាបូបស្រី កាបូបស្ពាយ កាបូបយួរដៃ គម្របសៀវភៅ ប្រដាប់ដាក់កាតនិងរបស់របរជាច្រើនមុខទៀត។
សព្វថ្ងៃនេះសិប្បកម្មឈ្លាសវៃមានជាងដេរ១០នាក់ដែលកំពុងបំពេញការងារនៅតាមសហគមន៍។
លោក ឡាវ ចំរើន បានឱ្យដឹងទៀតថា៖ «សម្រាប់កាបូបនេះមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវក្រៅស្រុក ហើយយើងក៏មានការនាំចេញទៅលក់នៅស្រុកក្រៅផងដែរដូចជាប្រទេស អង់គ្លេសនិង អូស្ត្រាលី»។
សម្រាប់គម្រោងទៅថ្ងៃអនាគតខាងសិប្បកម្មនឹងខិតខំស្វែងរកអតិថិជនឱ្យបានច្រើន ដើម្បីបង្កើនការផលិតផ្ដល់ការងារដល់ប្រជាជននៅសហគមន៍ និងបន្តផ្សព្វផ្សាយផលិតផលសិប្បកម្មជនពិការកម្ពុជាយើងផងដែរ។
សិប្បកម្មឈ្លាសវៃ ស្ថិតនៅផ្ទះលេខ១១៥ ផ្លូវ ៣០សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ព័ត៌មានបន្ថែមពីកាបូបលុយបុរសអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Smart Craft Cambodiaឬទំនាក់ទំនងទូរសព្ទលេខ ០១២ ៦៣៣ ៩៣៨៕
ព្រៃវែង:ជាដំណាំមួយប្រភេទដែលដុះចេញពីភក់ ឈូកមិនត្រឹមតែមានផ្កាស្អាតនោះទេ។មើមរបស់វាគឺជាប្រភពអាហារដ៏មានឱជារស និងពេញនិយមទទួលទាននៅបណ្ដាប្រទេសដូចជាចិន កូរ៉េ និងជប៉ុន។
ប្រជាប្រិយភាពនៃការបរិភោគមើមឈូកគួបផ្សំនឹងគុណប្រយោជន៍សុខភាពជាច្រើនទៀតនោះបានធ្វើឱ្យអតីតពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនម្នាក់ចាប់ផ្ដើមដំណើរការកសិដ្ឋានមើមឈូក ខេ ធី ដោយនាំបច្ចេកទេសដាំឈូកយកមើមដំបូងបង្អស់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក ឡុង គន្ធា បានចាកចេញពីស្រុកកំណើតដើម្បីស្វែងរកចំណេះជំនាញតាមរយៈការដាក់ពាក្យធ្វើជាពលករទៅធ្វើការនៅប្រទេសជប៉ុនផ្នែកដំណាំឈូកយកមើមចាប់ពីឆ្នាំ២០១៥រហូតដល់ ២០២៣។
កំឡុងពេលធ្វើជាពលករនៅជប៉ុន លោកបានយកចិត្តទុកដាក់ផ្តោតលើការងារនេះយ៉ាងខ្លាំង ដោយលោកគិតថាចំណេះជំនាញនេះអាចយកមកបង្កើតជាមុខរបរចិញ្ចឹមជីវិតនៅកម្ពុជា។
លោកបានប្រាប់ SR News ថា៖ «នៅក្នុងឆ្នាំ២០២០ខ្ញុំបានត្រឡប់ប្រទេសកម្ពុជាវិញ ដើម្បីនាំបច្ចេកទេសនេះមកដាំដុះក្នុងស្រុកកំណើតដែលស្ថិតនៅក្នុងភូមិព្រៃចម្ការឃុំស្មោងខាងជើងស្រុកកំចាយមារខេត្តព្រៃវែងប៉ុន្តែខ្ញុំនៅតែឡើងចុះទៅជប៉ុននៅឡើយរហូតដល់២០២៣ទើបខ្ញុំឈប់ទៅប្រទេសជប៉ុន»។
លោកបានបន្ថែមទៀតថា៖ «ថ្វីត្បិតតែខ្ញុំមានចំណេះជំនាញខាងដាំឈូកយកមើមនេះក៏ពិតមែនតែរយៈពេលប្រាំបីឆ្នាំមកនេះខ្ញុំនៅតែបន្តការរៀននិងស្រាវជ្រាវបន្តទៀតដែរ»។
សព្វថ្ងៃនេះលោកមានផ្ទៃដីប្រហែល៣ទៅ៤ហិកតាដោយធ្វើការដាំបណ្ដាក់គ្នារហូតព្រោះដំណាំឈូកយកមើមនេះជារុក្ខជាតិមានអាយុខ្លី។ ដើមឈូកទាមទារការមើលថែជាប្រចាំថ្ងៃផងដែរទើបវាអាចផ្ដល់ទិន្នផលបានខ្ពស់។
លោកបានឱ្យដឹងទៀតថា៖ «ដំណាំឈូកនេះប្រើរយៈពេលតែបីខែប៉ុណ្ណោះអាចប្រមូលផលបានហើយ ហើយចំពោះដំណាំឈូកនេះ យើងប្រមូលផលបានតែម្ដងគត់គឺយើងត្រូវភ្ជួរវាដើម្បីដាំដុះឡើងវិញ»។
លោកអាចប្រមូលផលបានប្រមាណ១តោនកន្លះក្នុងមួយថ្ងៃ ប៉ុន្តែទិន្នផលមិនអាចបំពេញតម្រូវការលើទីផ្សារបាននៅឡើយទេដែលតម្រូវឲ្យរូបលោកត្រូវស្វែងរកផ្ទៃដីបន្ថែមទៀតដើម្បីអាចប្រមូលផល មើមឈូក២តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។
មិនមែនដើមឈូកទាំងអស់សុទ្ធតែអាចដាំដើម្បីប្រមូលផលមើមនោះទេ។វាអាស្រ័យទៅលើពូជ និងលក្ខខណ្ឌលូតលាស់ ដូចជាគុណភាពដី ជម្រៅទឹក សីតុណ្ហភាពពន្លឺព្រះអាទិត្យ និងកត្តាសត្វល្អិត ដែលអាចរំខានដល់ការលូតលាស់របស់ឫស។
ក្រៅពីបញ្ជាក់ថា ដំណាំឈូកយកមើមនេះ លោកត្រូវនាំពូជពីប្រទេសជប៉ុន លោកគន្ធាបានរៀបរាប់បន្ថែមទៀតថា៖«ដំណាំឈូកយកមើមនេះវាត្រូវការដីដែលមានជីវជាតិខ្លាំងដូចនេះយើងត្រូវរៀបចំផ្ទៃដី ដែលមានទីតាំងល្អសមស្របមានទឹកគ្រប់គ្រាន់ដែលអាចបញ្ចេញបញ្ចូលទឹកបាននិងដាក់ជីធម្មជាតិឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យឈូកបានមើមធំៗល្អ»។
ម្ចាស់កសិដ្ឋានមើមឈូក ខេ ធី លោក ឡុងគន្ធា បានបញ្ជាក់ថាចំពោះមើមឈូកស្រស់ លោកលក់បានក្នុងតម្លៃ១៤០០រៀលក្នុងមួយគីឡូក្រាមនៅតាមផ្សារទំនើបនិងបានចែកចាយទៅតាមបណ្ដាខេត្តក្រុងទាំងអស់ជាពិសេសនៅរាជធានីភ្នំពេញ។
ចាប់តាំងពីលោកចាប់ផ្ដើមដាំឈូកនេះមកដល់បច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រមើមឈូកមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។មើមឈូកនេះអាចយកទៅធ្វើមុខម្ហូបបានច្រើនដូចជាស្ងោរចៀនឆានិងបំពងជាដើម។ក្រៅពីលក់មើមឈូកស្រស់ៗលោកក៏បានកែច្នៃមើមឈូកទៅជាម្សៅឈូក សម្រាប់លក់ លើទីផ្សារផងដែរ។
យោងតាមការស្រាវជ្រាវនិងការពិសោធន៍ដោយវិទ្យាស្ថានសុខភាពអាមេរិក បានឲ្យដឹងថា មើមឈូក មានអត្ថប្រយោជន៍ដល់សុខភាពដូចជាសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន C វីតាមីន Bសារធាតុរ៉ែប៉ូតាស្យូម និងទង់ដែង។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងសុខភាពស្បែក។មើមឈូកមានផ្ទុកជាតិសរសៃខ្ពស់ដែលសម្រួលការរំលាយអាហារ និងបញ្ហាទល់លាមក។ការទទួលទានមើមឈូក ល្អសម្រាប់សុខភាពបេះដូង ដោយវាអាចជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយកម្រិត កូឡេស្តេរ៉ុល។
ទន្ទឹមនឹងនោះ មើមឈូកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកនិងការពារ ប្រឆាំងនឹងជំងឺជាច្រើនទៀតដែរ។
នៅថ្ងៃអនាគតលោកក៏មានគម្រោងពង្រីកវិសាលភាពនៃផ្ទៃដីដាំដុះនិងចងក្រងសហគមន៍ ដើម្បីផលិតមើមឈូកផ្គត់ផ្គង់លើទីផ្សារឲ្យទាន់ពេលវេលា។លើកពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លោកក៏មានបំណងស្វែងរកដៃគូវិនិយោគសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ។
ព័ត៌មានបន្ថែមពី ដំណាំឈូកយកមើមអាចស្វែងរកលើគេហទំព័រហ្វេសប៊ុកកសិដ្ឋានមើមឈូកខេ ធី ទំនាក់ទំនងទូរសព្ទលេខ ០៦៧ ២៧៧ ៧៦៧៕
កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។
មានអាជីពជាជាងធ្វើតុទ្វារ បង្អួចសម្រាប់ផ្គត់ផ្គងតាមសាលារៀនលោក គិនគាន់ បានចាប់ផ្តើមធ្វើផ្ទះឈើចល័តដំបូងនៅអំឡុងឆ្នាំ២០២០ដោយពេលនោះលោកធ្វើជាផ្ទះឈើគម្រូ ១តែប៉ុណ្ណោះ និងយករូបភាពផ្ទះឈើនេះបង្ហោះលើបណ្តាញសង្គម។
លោកប្រាប់សារព័ត៌មានSRNEWS យ៉ាងដូច្នេះថា៖ «ពេលកូវីដគេផ្អាកគម្រោងនៅតាមសាលារៀនក្រុមជាងខ្ញុំមានគ្នាជាង១០នាក់ អ៊ីចឹងយើងទំនេរអត់មានការងារអីធ្វើទេ ហើយពេលនោះក៏អត់មានអ្នកធ្វើផ្ទះឈើលក់ដែរ ខ្ញុំក៏នឹកច្នៃផ្ទះគម្រូលេងហើយបង្ហោះតាមហ្វេសប៊ុក ស្រាប់តែមានភ្ញៀវមើលឃើញ គាត់មានរីស៊ត(Resort) គាត់ត្រូវចិត្តក៏ទិញយកទៅ»។
ស្នាដៃធ្វើផ្ទះឈើដំបូងរបស់ជាងផ្ទះវ័យ៤២ឆ្នាំរូបលក់ខាតដើម ដោយសារលោកចំណាយប្រាក់ច្រើនទៅលើសម្ភារៈ និងពេលវេលាត្បិតនេះជាបទពិសោធន៍ថ្មីតែវាក៏ជាផ្នែកមួយក្នុងការជម្រុញទឹកចិត្ត ឱ្យលោកធ្វើផ្ទះឈើចល័តនេះជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះផ្ទះចល័តស្រុកស្រីសន្ធររបស់លោក គិនគាន់ ទទួលបានការចាប់អារម្មណ៍និងការគាំទ្រ យ៉ាងច្រើនពីសំណាក់បងប្អូនដែលនិយមស្រឡាញ់ផ្ទះឈើទូទាំងប្រទេសដោយលោកទទួលបាន ការកុម៉្មង់ម៉ូតផ្ទះឈើជាច្រើនផ្សេងៗគ្នាពីសំណាក់អតិថិជន។
ជាងផ្ទះវ័យ៤២ឆ្នាំខាងលើនេះនិយាយថា៖ «សព្វថ្ងៃខ្ញុំធ្វើផ្ទះហើយបង្ហោះលើហ្វេសប៊ុក ហើយមានបងប្អូនជាវយកទៅជាហូរហែ ហើយក៏មានការកុម៉្មង់ឱ្យធ្វើឥតដាច់ផ្ទះឈើទាំងអស់នោះ បងប្អូនខ្លះគាត់ទិញយក ទៅនៅខ្លះយកទៅដាក់នៅរីស៊ត ធ្វើផ្ទះលម្ហែតាមចិត្តគាត់ស្រឡាញ់អ៊ីចឹងទៅ»។ ផ្ទះឈើចល័តស្រុកស្រីសន្ធរមានសាងសាង់ផ្ទះឈើជាច្រើនប្រភេទ និងតាមការកុម៉្មង់របស់ភ្ញៀវ ដូចជាផ្ទះខ្មែរបុរាណ ផ្ទះរោងដោលផ្ទះរោងឌឿង ផ្ទះប៉ិត ផ្ទះកន្តាំង បឹងកាឡូ និងផ្ទះឈើផ្សេងៗ ហើយផ្ទះឈើទាំងអស់នេះមានទំហំ៣ខ្នាតរួមមានខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។
សម្រាប់តម្លៃនៃផ្ទះនីមួយៗលោក គិន គាន់ បញ្ជាក់យ៉ាងលម្អិតថា៖ « ផ្ទះតូចមានទំហំ ៣ម៉ែត្រ គុណ៦ម៉ែត្រមានពីរប្រភេទគឺផ្ទះទាបតម្លៃ៤៨០០ដុល្លារ ហើយផ្ទះខ្ពស់ ៥៥០០ដុល្លារ ផ្ទះមធ្យមមានទំហំ៣,៥ម៉ែត្រគុណ ៧ម៉ែត្រ និងមានពីរប្រភេទផ្ទះទាប តម្លៃ៧០០០ដុល្លារ និងផ្ទះខ្ពស់ ៧៧០០ដុល្លារចំណែកផ្ទះធំ មានទំហំ ៤ម៉ែត្រ គុណ៩ម៉ែត្រ និងមានពីរប្រភេទដូចគ្នា ផ្ទះទាប តម្លៃ១០១០០ដុល្លារ ឯផ្ទះខ្ពស់ ១០៨០០ដុល្លារ»។
មេជាងរូបនេះបន្តថា « ឈើដែលយើងយកមកធ្វើផ្ទះសុទ្ធតែឈើលេខមួយមាន ស្រឡៅ សុក្រំ ផ្ចឹក ធានាគុណភាព យើងយកសុក្រំ ផ្ចឹក ធ្វើជាសសរនិងធ្វើជាក្តារក្រាល ហើយស្រឡៅ ធ្វើគ្រឿងផ្ទះ រនូត រនងជាដើម តែដំបូលវិញមានតាមម្ចាស់គេកុម៉្មង់មានដូចជាជ័រ ស៊ីប្រូថៃ ក្បឿងស្រកាលីញ ហើយតម្លៃវាទៅតាមណុងដែរ»។
ផ្ទះឈើចល័តនេះត្រូវការរយៈពេលសាងសង់ចន្លោះពីកន្លះខែ ទៅ១ខែ ដោយរួមបញ្ជូលទាំង ការតបណ្តាញភ្លើង និងការដេគ័រផ្សេងៗប៉ុន្តែពុំមានបន្ទប់ទឹកនោះទេ ប្រសិនបើអតិថិជន ចង់បានបន្ទប់ទឹក ត្រូវបូកតម្លៃបន្ថែម។ផ្ទះឈើដែលសាងសង់រួច នឹងត្រូវដឹកយកទៅតំឡើង ដល់ទីតាំងអតិថិជន ហើយក្រុមការងារលោកក៏មានទទួលធ្វើបន្ទប់ខាងក្រោមផងដែរ។
ម្ចាស់អាជីវកម្មខាងលើនេះបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត នៅពេលភ្ញៀវសរសើរពីស្នាដៃធ្វើ ផ្ទះឈើនេះ និយាយទៅផ្ទះយើងមានគុណភាពនិងធានា តែបើភ្ញៀវគាត់ពុំសូវចូលចិត្តកន្លែងណា យើងយកចំណុចនោះមកកែលម្ហឱ្យកាន់ល្អសំខាន់ខ្ញុំមានជំហរមួយ គឺត្រូវតែដាប់ដេត ( Update) ផ្ទះឈើនេះរហូត»។
ផ្ទះចល័តស្រុកស្រីសន្ធរមានទីតាំងភូមិ សំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាម៕
ជាសហគ្រិនអាយុ ២៤ ឆ្នាំ សុខសាន្ត រ៉ូហ្សា បានចាប់ផ្តើមដំណើរធ្វើទៀនក្រអូបក្នុងអំឡុងពេលវិបត្តិកូវីដសកលជាវេលាដ៏លំបាកបំផុត ទាំងមិននឹកស្មានថានាងអាចឈរជើងរីកចម្រើនដូចសព្វថ្ងៃ។
កញ្ញាបានរំឭកប្រាប់ SR News ថា៖ «ចាប់ពីខែសីហាឆ្នាំ២០២០ មកនៅពេលដែលជំងឺរាតត្បាតរាតត្បាតខ្លាំងខ្ញុំបានឃ្លាតចាកពីសាលានិងត្រូវព្យួរការងារដូច្នេះខ្ញុំត្រូវផ្លាស់ទៅស្រុកកំណើតនៅខេត្តសៀមរាបវិញ»។
ពេលនោះហើយដែល រ៉ូហ្សា បានរកឃើញនូវចំណង់ចំណូលចិត្តរបស់នាងចំពោះការធ្វើទៀនក្រអូប។ទោះបីជាមានការបរាជ័យជាច្រើនដងក៏ដោយ ក៏ការចង់ដឹងចង់ឃើញរបស់ រ៉ូហ្សា បាននាំឱ្យនាងមិនរាថយនឹងការពិសោធន៍ធ្វើទៀនក្រអូបរហូតទាល់តែជោគជ័យ។
កញ្ញា រ៉ូហ្សា បានឱ្យដឹងទៀតថា៖ «បន្ទាប់ពីបរាជ័យរាប់មិនអស់និងខ្វះធនធានទៀតផងនោះ ខ្ញុំស្ទើរតែបោះបង់វាចោល។ ទោះយ៉ាងណាក៏ដោយ ដោយសារតែការអត់ធ្មត់និងចំណង់ចំណូលចិត្តរបស់ខ្ញុំ ទីបំផុតខ្ញុំបានបង្កើតទៀនដំបូងរបស់ខ្ញុំ។ តាមដែលខ្ញុំចាំវាជាទៀនក្រអូបក្លិបផ្កាឡាវេនឌឺ។ខ្ញុំបានជូនវាទៅម៉ាក់របស់ខ្ញុំក្នុងនាមជាអ្នកទទួលបានស្នាដៃដំបូងរបស់ខ្ញុំ»។
Magik Glow (ម៉ាជីកហ្គូ) បានរីកចម្រើនពីហាងអនឡាញ រហូតដល់ការបើកហាងដំបូងរបស់ខ្លួននៅតំបន់ទួលទំពូងរាជធានីភ្នំពេញ។
កញ្ញា រ៉ូហ្សា ចែករំលែកថា៖ «ហាងអនឡាញរបស់យើងបានរីកដុះដាលនៅទូទាំងប្រទេសកម្ពុជាបន្ទាប់មកអាជីវកម្មយើងក៏ឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែកអាចឱ្យយើងបើកហាងនៅពីរឆ្នាំក្រោយមក។វាគឺជារឿងមួយដ៏គួរឱ្យរំភើបបំផុត វាដូចជាការរស់នៅក្នុងសុបិន»។
ផ្ដើមចេញពីអាជីវកម្មតូចតាចក្នុងបន្ទប់ដ៏ចង្អៀត ឥឡូវនេះ រ៉ូហ្សា មានបុគ្គលិកបីក្រុមដែលធ្វើការងារក្នុងហាងដ៏កក់ក្ដៅព្រោះនាងសង្កត់ធ្ងន់ថា Magik Glow គឺលើសពីអាជីវកម្មទូទៅ។
កញ្ញា រ៉ូហ្សា បាននិយាយថា៖ «យើងមិនត្រឹមតែជាអាជីវកម្មទៀនប៉ុណ្ណោះទេយើងជាសហគមន៍នៃអ្នកស្រឡាញ់ទៀនមកចែករំលែកចំណង់ចំណូលចិត្តសម្រាប់និរន្តរភាពការសម្រាក និងភាពវិជ្ជមាន។ យើងជឿថា ក្លិនក្រអូបអាចផ្ដល់ថាមពលនិងធ្វើឱ្យខួរក្បាលអារម្មណ៍យើងល្ហែល្ហើយ ហើយនេះជាមូលហេតុដែលយើងប្រើប្រាស់វត្ថុធាតុដើមផ្ដោតលើគុណភាពទាំងស្រុង។ក្រមួនសណ្តែកសៀង និងប្រេងសំខាន់ៗត្រូវបានប្រើដើម្បីបង្កើតក្លិនក្រអូបស្លឹកគ្រៃ និងផ្កាម្លិះ គឺជាប្រភព និងជម្រើសក្លិនដ៏ពេញនិយមបំផុត»។
ទៀនក្រអូបមានតម្លៃ ១៤ដុល្លារ សម្រាប់កែវស្ដង់ដារ និងកែវខ្នាតតូច ទម្ងន់៣៥ក្រាម តម្លៃ ៤,៥ដុល្លារ។
Magik Glow ក៏ផ្តល់ជូននូវសិក្ខាសាលាធ្វើទៀនផងដែរដែលវាបានក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមនៅក្នុងរាជធានីភ្នំពេញ មិនថាចំពោះជនជាតិខ្មែរនិងបរទេស។
កញ្ញា រ៉ូហ្សា បានពន្យល់ថា៖ «នៅថ្នាក់បង្រៀនធ្វើទៀនអ្នកចូលរួមនឹងរៀនអំពីជំហាននៃដំណើរការពីការផលិតរហូតដល់ការប្រើប្រាស់»។
ជាមួយនឹងការទទួលស្គាល់ក្នុងសហគមន៍អ្នកស្រឡាញ់ចូលចិត្តប្រើទៀនក្រអូបរ៉ូហ្សា មានសុទិដ្ឋិនិយមអំពីអនាគតនៃអាជីវកម្មនេះ។ កញ្ញាបានសិក្សាលើផែនការអនាគតសម្រាប់Magik Glow ដោយសង្ឃឹមថា នឹងមានហាងធំ និងសាខាជាច្រើននៅជុំវិញទីក្រុងសម្រាប់ជំហានទីពីរ។
លើសពីទៀនក្រអូប កញ្ញា រ៉ូហ្សា បានឱ្យដឹងផងដែរថា៖«ខណៈដែលឥឡូវនេះយើងគ្រាន់តែជាហាងដែលផ្តោតលើទៀនមួយមុខនោះយើងគ្រោងនឹងពង្រីកទៅហាងលក់ក្លិន ដែលផ្ដោតលើការព្យាបាលដោយក្លិនក្រអូបគ្រប់ប្រភេទហើយយើងទន្ទឹងរង់ចាំនឹងធ្វើឱ្យគម្រោងនេះលេចរូបរាងនៅក្នុងឆ្នាំ ២០២៥»៕