មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ នឹងវិលត្រឡប់សាជាថ្មីក្នុងខែវិច្ឆិកាដែលនឹងក្លាយជាព្រឹត្តិការដ៏ធំពុំធ្លាប់មាន ជាមួយវត្តមានក្រុមសៀកជាតិ និងអន្តរជាតិ ១៤ក្រុម និងអ្នកចូលរួមប្រមាណ ១១០០០នាក់មកកាន់ទឹកដីខេត្តបាត់ដំបង។
ហ្វារពន្លឺសិល្បៈបានឱ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថាមហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ លើកទី១២ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
មហោស្រពសៀករយៈពេល ១សប្ដាហ៍នេះនឹងរួមបញ្ចូលសិក្ខាសាលា ការផ្លាស់ប្តូរការពិភាក្សារបស់សិល្បករ ការសម្តែងសៀកពេលយប់ការសម្តែងនៅទូទាំងខេត្តបាត់ដំបង ក្បួនដង្ហែតាមដងផ្លូវសៀក និងការប្រគំតន្ត្រីបិទវគ្គផ្តាច់ព្រ័ត្រ។
ការសម្តែងសៀកពេលយប់មិនត្រឹមតែស្ថិតក្រោមកំពូលរោងសៀកដ៏ធំប៉ុណ្ណោះទេប៉ុន្តែនៅបរិវេណសាលាហ្វារ និងតាមទីប្រជុំជនសាធារណៈ ជាមួយក្បួនដង្ហែសៀកឆ្លងកាត់ទីប្រជុំជនប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងនៅថ្ងៃទី ២២ ខែ វិច្ឆិកានេះ ដែលប្រិយមិត្តមិនគួររំលងឡើយ។អ្នកចូលរួមក៏នឹងទទួលបានទស្សនីយភាពដ៏អស្ចារ្យជាមួយសិល្បករ Oliver Zimmerman ដែលលោកនឹងដើរលើខ្សែពួរឆ្លងកាត់ដងស្ទឹងសង្កែ។
នៅថ្ងៃទី ២៧ ខែវិច្ឆិកា យប់ចុងក្រោយនៃមហោស្រពនៅខេត្តបាត់ដំបង ពិធីជប់លៀងអបអរសាទរខួបលើកទី៣០ នៃហ្វារពន្លឺសិល្បៈនឹងពោរពេញដោយអាហារនិងភេសជ្ជៈសម្រាប់អ្នករាល់គ្នានៅក្នុងសហគមន៍មូលដ្ឋាន ជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ហ្វារមកពីជុំវិញពិភពលោករួមទាំងការសម្តែងតន្ត្រីពិសេសដោយសិល្បករ វណ្ណថាន និងមិត្តភក្តិផងដែរ។
ដោយប្រារព្ធធ្វើរៀងរាល់ ២ ឆ្នាំម្ដង ឆ្នាំនេះមហោស្រពសៀកមានសិល្បករមកពីចំនួន ១២ ប្រទេសចូលរួមសម្ដែងដូចជា បារាំង អាល្លឺម៉ង់ អូស្ត្រាលី ឥណ្ឌា ហ្គីណេ វៀតណាម កូរ៉េខាងត្បូង ថៃ និងឡាវ សម្ដែងនៅបរិវេណសាលាហ្វារពន្លឺសិល្បៈ និងជុំវិញក្រុងបាត់ដំបង។
លោក Osman Khwaja នាយកប្រតិបត្តិនៃហ្វារពន្លឺសិល្បៈ បានចាត់ទុកមហោស្រពសៀកអន្តរជាតិទីនេះ ទីនោះ លើកនេះថាជាព្រឹត្តិការណ៍នៃការងចាំមួយ។
លោកបានឱ្យដឹងទៀតថា៖ «កម្មវិធីនេះតែងតែប្រមូលផ្ដុំអ្នកចូលរួមមកពីជុំវិញពិភពលោកដើម្បីអបអរសិល្បៈសៀកទំនាក់ទំនងក្រុមបណ្ដាញនានា និងដើម្បីផ្លាស់ប្ដូរការរៀនសូត្រពីគ្នាទៅវិញទៅមក។ហើយជាការពិតណាស់ សម្រាប់ទស្សនិកជនតែងតែទទួលបានភាពសប្បាយរីករាយ»។
មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះមានគោលបំណងនាំយកពិភពសៀកដ៏អស្ចារ្យមកកាន់កម្ពុជាដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌និងសិល្បៈដ៏សម្បូរបែបរបស់ទឹកដីខេត្តបាត់ដំបង។
លោក ឃួន ដេត សហស្ថាបនិកហ្វារពន្លឺសិល្បៈនិងជានាយកសាលាជំនាញសិល្បៈទស្សនីយភាពហ្វារពន្លឺសិល្បៈ បានចាត់ទុកសៀកមានសារៈសំខាន់ក្នុងការកំណត់អត្តសញ្ញាណនៃប្រទេសមួយនិងជាគឺជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌ខ្មែរដែលយើងគួរតែមានមោទនភាពក្នុងការបង្ហាញទៅកាន់ពិភពលោកទាំងមូល។
លោកបានលើកឡើងថា៖ «ជាមួយ ទីនេះ ទីនោះ យើងមានមោទនភាពក្នុងការផ្ទេរចំណេះដឹងសិល្បៈសៀកដល់យុវជនកម្ពុជានិងអន្តរជាតិជំនាន់ក្រោយ។មហាស្រពនេះតំណាងឱ្យអ្វីៗគ្រប់យ៉ាងដែលសៀកបានផ្ដល់នូវរួមមាន កម្លាំងការធ្វើការងារជាក្រុម ភាពបត់បែន ការស្រមើលស្រមៃ និងជាការពិតណាស់ ភាពសប្បាយរីករាយ»។
តស់! កក់សណ្ឋាគារ ផ្ទះស្នាក់សម្រាប់ខែវិច្ឆិកា ដើម្បីទស្សនាមហោស្រពសៀកទីនោះ ទីនោះ ក៏ដូចជាគាំទ្រការបង្កើតស្នាដៃសៀក លើកស្ទួយវប្បធម៌ខ្មែរសម្រាប់ទីផ្សារសៀកពិភពនិងជាពិសេសរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ដែលជាតំបន់ទេសចរណ៍វប្បធម៌និងសិល្បៈទទួលស្គាល់ដោយអង្គការយូណេស្កូផងដែរ៕