«អ្នកទេសចរណ៍ម្នាក់ ដើមឈើមួយដើម» ជាពាក្យស្លោកប្រចាំសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងក៏ព្រោះតែអ្នកទេសចរអាចសាងអនុស្សាវរីយ៍រួមគ្នាអភិរក្សធម្មជាតិជាមួយសហគមន៍តាមរយៈការជាវដើមកោងកាងបណ្ដុះដោយអ្នកភូមិ យកមកដាំក្នុងទឹកដីកោះរ៉ុងដែលល្បីឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឈ្វង់មើលឃើញដល់បាត។
ដូច្នេះហើយវាមិនចម្លែកទេដែលក្រៅពីល្បីឆ្នេរសមុទ្រដ៏ស្រស់ស្អាតកោះរ៉ុងដែលគោលដៅទេសចរណ៍ដ៏ពេញនិយមនៅខេត្តព្រះសីហនុ ក៏មានព្រៃកោងកាងដ៏ធំល្វើងល្វើយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង៣០ហិកតា។
ព្រៃកោងកាងនេះត្រូវបានបង្កើតទៅជាសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងក្នុងឆ្នាំ២០២១ ក្នុងបំណងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានក្នុងតំបន់នោះជាពិសេសបញ្ចៀសការវាទទីខុសច្បាប់នានាផងដែរ។
សហគមន៍អេកូទេសចរណ៍មួយនេះសម្បូរទៅដោយព្រៃកោងកាងចាក់ឫសត្របាញ់ប្រទាក់គ្នាពេញផ្ទៃទឹកបង្កើតបានជាទេសភាពដ៏ទាក់ទាញ ក៏ដូចជាអំណោយផលជាជម្រកជីវចម្រុះជាច្រើនប្រភេទដែលអាស្រ័យរស់នៅតាមធម្មជាតិ។
អ្វីដែលកាន់តែពិសេសនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងមានស្ពានខ្វាត់ខ្វែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរទស្សនា ជញ្ជាំងរុក្ខជាតិអមសងខាងគួរឱ្យទាក់ទាញ ត្រជាក់ភ្នែក និងសក្ដិសមសម្រាប់ការថតរូបអនុស្សាវរីយ៍។
ក្រៅពីការដើរមើលសម្រស់ព្រៃកោងកាងដ៍ស្រស់បំព្រងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងទឹកដីកោះរ៉ុង ក៏មានសកម្មភាពកម្សាន្តផ្សេងៗដូចជាការជួលកាយ៉ាក់ជិះលេងតាមដងព្រែក ការដើរមើលសួនសត្វហាងកាហ្វេកណ្តាលព្រៃកោងកាង ក្យូសសម្រាប់សម្រាកលម្ហែកាយ និងពិសាអាហារកន្លែងថតរូបបេះដូងស្អាតៗ និងមានលក់នំបញ្ចុកអ្នកកោះដែលជាម្ហូបល្បីប្រចាំកោះធ្វើដោយអ្នកភូមិផ្ទាល់ទៀតផង។
សំបុត្រចូលទស្សនានៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងមានតម្លៃ ៦០០០រៀល សម្រាប់ភ្ញៀវខ្មែរ និង ៨០០០រៀល សម្រាប់ភ្ញៀវបរទេស។
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងមានទីតាំងស្ថិតក្នុងភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយធ្វើដំណើរប្រមាណ ១៥នាទីពីផែកោះតូច៕