ទេសចរណ៍

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

October 22, 2024
លៀប ទេពិទូ
Heading
Option 1

សៀមរាប​: មក​ទទួលយក​បទពិសោធ​ន៍​ថ្មី​នៃ​ការចូលទៅ​ទស្សនាកម្សាន្ត​ពិភព​ជីវៈចម្រុះសត្វព្រៃ ត្រី​ទឹកសាប ត្រី​ទឹកប្រៃ​ដ៏​កម្រ និង​មកពី​តំបន់​អា​ម៉ា​ហ្ស៊ូ​ន និង​ផ្ទះ​សត្វ​ល្មូ​ន​លំដាប់​ពិភពលោកដែលមាន​តែមួយគត់​នៅ​អង្គរ​វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ និង​អឹ​ឃ្វា​រៀម (Angkor Wildlife & Aquarium)​។

​អង្គរ​វ៉ា​យ​ដ៍​ឡា​ដ៍​យ​ហ្វ៍ & អឹ​ឃ្វា​រៀម គឺជា​កន្លែង​អភិរក្ស និង​សង្គ្រោះ​សត្វ បង្កើត​នៅ​ឆ្នាំ ២០១៩និង​បើក​ដំណើរការ​នៅ​ឆ្នាំ ​២០២២ លើ​ផ្ទៃដី​ទំហំ ​១០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ក្បូនឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

​អង្គរ​វ៉ា​យ​ដ៍​ឡា​ដ៍​យ​ហ្វ៍ & អឹ​ឃ្វា​រៀម បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ​៥​ល្ងាច​ហើយចំណែក​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទាន ទីនេះ​បើក​ដំណើរការ​ពី​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​ ៦ល្ងាច ដោយ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវទេសចរ​ជាតិ មានតម្លៃ ១១ ដុល្លារ (​មនុស្សពេញវ័យ​)សំបុត្រ​សម្រាប់​កុមារ មានតម្លៃ ៥,៥០ ដុល្លារ រីឯ​ជនបរទេស​តម្លៃ ២០ ដុល្លារ និង​មានតម្លៃ​ពិសេស​សម្រាប់​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិស្សានុសិស្ស​ផងដែរ​។

​ទីកន្លែង​អភិរក្ស និង​សង្គ្រោះ​សត្វ​នេះ មាន​ប្រភេទ​ជីវៈចម្រុះ​ជាច្រើនរួមមានសត្វ​សមុទ្រ​មាន​ចំនួន ៣០ ដូចជា​ត្រី​ឆ្លាម អន្ទង់​សមុទ្រ សេះ​សមុទ្រ ជីវៈចម្រុះ​ក្រោម​ទឹកផ្កាថ្ម​មានជីវិត ប្រឡាំងកាស ត្រី​នី​ម៉ូ និង​ត្រី​ស្អាតៗ​ជាច្រើន​ប្រភេទ​ទៀត​។

​ចំណែក​សត្វ​ទឹកសាប​មាន​ជាង ៤០​ប្រភេទ ដែល​យក​មកពី​ទន្លេ​អា​ម៉ា​ហ្សូ​ន បឹង​ទន្លេសាបទន្លេមេគង្គ​ជាដើម​ដូចជា ត្រី​រាជ ដែលជា​ត្រី​ធំជាងគេ​នៅក្នុង​ទន្លេមេគង្គ មាន​ប្រវែង ៣​ម៉ែត្រ និង​ទម្ងន់ ៣០០​គីឡូក្រាម និង​មាន​ត្រី​គល់រាំង ត្រី​កន្ត្របខ្លា ត្រី​ក្រាយជា​ប្រភេទ​ត្រី​ជិត​ដាច់​ពូជ និង​មាន​ត្រី​បបែល​ទឹកសាប​យកមក​ពី​តំបន់​អា​ម៉ា​ហ្សូ​នដែល​ព្រុយ​នៅ​កន្ទុយ​របស់​វា​ហៅថា ស្លាប​ពិស អាចធ្វើឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស ហើយ​វា​ចូលចិត្ត​រស់នៅ​បាតៗនិង​មាន​ទម្ងន់​ដល់ ៣០០​គីឡូ​។​

​ដោយឡែក​សត្វព្រៃ​មាន​ចំនួន ៥០ ប្រភេទ ដូចជា​សត្វ​ខ្លាធំ សត្វ​ក្រពើ​ភ្នំ សត្វ​ខ្លាឃ្មុំនិង​ភេរ​ជាដើម រីឯ​ផ្ទះ​សត្វ​ល្មូ​ន​វិញ​មាន​សត្វ​ជាច្រើន​ដូចជា​ពស់​ជាច្រើន​ប្រភេទអន្ទង់ បង្គួ​យ និង​អណ្តើក​។

​មក​ទស្សនា​នៅ អង្គរ​វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ និង​អឹ​ឃ្វា​រៀម (Angkor Wildlife & Aquarium) អ្នកទេសចរ ហាក់​បាន​ចូល​ទៅដល់​ពិភព​ធម្មជាតិ​នៃ​ជីវៈចម្រុះ​ពិតៗ តួយ៉ាង​ពិភព​បាតសមុទ្រដែលមាន​ការតាំង​បង្ហាញ​នូវ​ម​ច្ចា​ជាច្រើន រាំង​ដោយ​កញ្ចក់​ដ៏​ថ្លា ហាក់​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្សនិង​សត្វ​ទាំងនោះ​។

​នៅទីនេះ គឹ​ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស ត្បិត​សត្វ​នៅទីនេះ​មិន​ថា​សត្វព្រៃឬ​មច្ឆា​ទេ មាន​សត្វ​មួយចំនួន​ត្រូវបាន​យកមក​សង្គ្រោះ និង​មើលថែ​ ហើយ​មួយចំនួនទៀត គឺជា​ប្រភេទ​សត្វ​កម្រនិង​ជិត​ផុត​ពូជ​នៅលើ​ភពផែនដី​។ ក្នុងនោះក៏មានយកលែងសត្វផងដែរ តួយ៉ាងក្រពើភ្នំដែលនៅ អង្គរ​វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ និង​អឹ​ឃ្វា​រៀម តែងតែមានកម្មវិធីលែងក្រពើទៅកាន់ទីជម្រកដែលសក្តិសមសម្រាប់ពួកវា

​ក្រៅពី​ការអភិរក្ស ទីនេះ​ក៏​ផ្តោតលើ​ការអប់រំ​ផងដែរ ដោយ​បុគ្គលិកនឹង​រង់ចាំ​ធ្វើការ​បង្ហាញពន្យល់​ពី​លក្ខណៈ​ជីវសាស្ត្រ ប្រភព និង​ប្រភេទ​សត្វ​ជូន​ដល់​ភ្ញៀវទេសចរ ឱ្យបាន​យល់ដឹង​កាន់តែ​ច្រើនពី​ធនធាន​ជីវៈ​ទាំងអស់នេះ​។ ​អង្គរ​វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ និង​អឹ​ឃ្វា​រៀម មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាបនិង​ស្ថិត​ក្នុងភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ឬ​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈ ​Angkor Wildlife & Aquarium និង​លេខ​ទូរ​សព្ទៈ ០៨១ ៥០២ ៥៥៥៕

អត្ថបទពេញនិយម

តែសុខភាព ទៀបបារាំង នៅមណ្ឌលគិរី លើកស្ទួយដំណាំផលិតផលក្នុងស្រុក

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

លោក ឆាយ ស៊ីនឿន ប្រមូលទិញផ្លែដូងជាច្រើន ចម្រាញ់ជាប្រេងធម្មជាតិ សម្រាប់ថែរក្សាសម្ផស្ស និងព្យាបាលជំងឺ

សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត

យុវជនចង់ឃើញមានការសម្តែង ល្ខោនស្រមោលស្បែកធំ ក្នុងកម្មវិធីបុណ្យជាតិធំៗ