ជីវិត និង សង្គម

អតីតកំពូលតារាចម្រៀង K-Pop ដែលល្បីដូច IU សម័យថ្មីនេះ ប្រែក្លាយជាដូនជី ក្រោយបាត់ខ្លួន

September 6, 2024
August Stella
Heading
Option 1

ការពិត​នៃ​ឧស្សាហ​កម្មតន្ត្រី​ K-Pop បាន​ធ្វើ​ឱ្យ​អតីត​តារា​ស្រី​ដ៏ល្បីឈ្មោះ​កាលពីសម័យ​មុន​សម្រេច​ចិត្ត​​ចាកចេញ​ទៅ​​សាង​ផ្នួស​ជា​ដូនជីបំភ្លេច​ជីវិត​​ដែល​ដោយកម្ម​កិលេស។

​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ឧស្សាហកម្ម​តន្ត្រី​កូរ៉េ​បានឃើញ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​តារា​ល្បី​គ្រប់ៗ​រូបដែល​ប្រជាប្រិយភាព និង​ទេពកោសល្យ​នៅពេលនោះ​អាច​ប្រៀបធៀប​បាន​ទៅនឹងកំពូល​​តារា K-Pop ជាទី​ស្រឡាញ់​របស់​កូរ៉េខាងត្បូង​គឺ​​កញ្ញា​ IU នាពេល​បច្ចុប្បន្ននេះ​។​

ដូនជី លី ក្យុងមី (Lee KyungMi)ដែលជា​រឿយៗ​ត្រូវបាន​គេ​ហៅថា «IU នៃ​ទសវត្សរ៍​ឆ្នាំ១៩៨០» គឺជា​សិល្បការិនី​ដែល​មានខ្សែជីវិត​ដូច​រឿងព្រេង​និទាន​ម្នាក់​នៅ​សម័យឆ្នាំ​៨០ជាង​ដែល​នាង​ត្រូវបាន​គេ​ស្គាល់​ថា​​ ​សមត្ថភាព​ដ៏​សម្បូរបែប​មិនថា​ជា​អ្នកនិពន្ធ និង​​ច្រៀង​​។នៅ​កម្រិត​កំពូល​នៃ​អាជីព​របស់​នាង Leeក៏​ទទួលបាន​រហស្សនាម​ថា«ប្អូនស្រី​តូច​របស់​កូរ៉េខាងត្បូង» (​nation’s little sister) ផងដែរ។​

​បន្ទាប់ពី​ចាប់ផ្តើមអាជីព​​ជាតា​រា​ម៉ូ​ដែល កញ្ញា លី​ បាន​ក្លាយជា​តារាចម្រៀង ហើយ​ឆក់យក​​បេះដូង​ប្រិយមិត្ត​នៅ​កូរ៉េខាងត្បូង​យ៉ាង​ឆាប់រហ័ស​។

​ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ នាង​អាច​ត្រូវបានគេចាត់ទុក​ថា​មានអំណាច​ឥទ្ធិពល​លើ​វិស័យ​ផ្សាយ​ពាណិជ្ជកម្មជាមួយ​​ ថ្លៃឈ្នួល​រហូត​ដល់ ១០​លាន​​​វ៉ុ​ន (​ប្រហែល ៧៤៨០ ដុល្លារអាមេរិក​​)​។ ជាងនេះទៅទៀតប្រាក់​ដែល​នាង​រកបាន​ពី​ការ​ច្រៀង​មួយ​បទ ត្រូវបាន​គេ​រាយការណ៍​ថា គ្រប់គ្រាន់​សម្រាប់​ទិញ​ផ្ទះមួយ​ខ្នងឯណោះ​។​

​ប្រជាប្រិយភាព​របស់ កញ្ញា បាន​ឈានដល់​កម្រិត​កំពូល បន្ទាប់ពី​នាង​បាន​ច្រៀងបទ​ចម្រៀង​ក្នុង​ភាពយន្ត​រឿង​Samooguk។

ប៉ុន្តែទន្ទឹម​នឹង​​ភាពល្បីល្បាញ​ ​ស្រាប់តែ​តារាចម្រៀង​រូបនេះ​បាត់​មុខ​ពី​ភ្នែក​មហាជន​ទាំងស្រុង​នៅ​ពាក់កណ្ដាល​វិថី​សិល្បៈ​ដ៏​រុងរឿង​របស់​នាង។

ធ្លាប់តែ​ជា​តារា​ដែល​ត្រូវបាន​គេ​ចង់បាន​​បំផុត​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េឥឡូវនេះ​កញ្ញា លី ត្រូវបាន​គេ​រាយការណ៍​ថា​​បាន​ផ្លាស់​ប្តូរជីវិត​របស់​នា​ង​ ដោយ​សាង​ផ្នួស​ធ្វើជា​​​ដូនជីបម្រើ​​ព្រះពុទ្ធសាសនា​ទាំងស្រុង​។​

​យោងតាម​កម្មវិធី Entertainment Company Live របស់​ទូរទស្សន៍ KBS 2TV កញ្ញា លី ក្យុងមី​ បានសម្រេច​ចិត្ត​ចាក​ចេញពីផ្ទះបន្ទាប់ពី​នាង​មិន​ពេញ​ចិត្តនឹង​ជីវិត​សិល្បៈ ព្រមទាំង​ទ្រព្យសម្បត្តិ​លុយកាក់​របស់​នាង​។​

នៅក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ VICE Asia នាង​បាន​និយាយ​ថា៖ «​នេះ​មិនមែនជា​កន្លែង​របស់ខ្ញុំ​ទេព្រោះ​ការស្រេកឃ្លាន​ក្នុង​ចិត្ត​មិនអាច​បំពេញ​បាន​ដោយ​​របស់ទាំងអស់នេះ​។ខ្ញុំ​បានគិត​ច្រើន​អំពី​អ្វីដែល​ខ្ញុំ​នឹងធ្វើ​ជាមួយនឹង​ប្រាក់​ដែល​ខ្ញុំ​រកបាន​។ខ្ញុំ​ក៏​ឆ្ងល់​ថា ​តើ​ត្រូវ​ទៅណា​បន្ទាប់ពី​រកបាន​ប្រាក់​ច្រើន​នេះ​។ខ្ញុំ​តែងតែ​ចង់​ទៅបួស»​។​

​ដូនជី លី​ បាន​សារភាពថាសូម្បីតែ​ដំណើរការ​នៃ​ការ​ក្លាយជា​ដូនជី​ ​ក៏មាន​ការប្រកួតប្រជែង​ខ្លាំង​ដែរ​។

កញ្ញា​បាន​រៀបរាប់​ដោយ​ពន្យល់ថា៖ «​ខ្ញុំ​បាន​ចូល និង​ក្រៅ​ព្រះវិហារ​បី​ដងហើយ​កោរសក់​បី​ដង​ផងដែរ​» ដោយ​ពន្យល់ថា រាល់ដង​ម្តាយ​របស់​ខ្លួន​​នឹង​តាម​ចាប់​ហើយ​បង្ខំ​កញ្ញា​​​ត្រឡប់​ទៅ​វិស័យ​តន្ត្រី​វិញ​។

ដូនជី លី ​បាន​និយាយថា ​ជម្រើស​​ចុងក្រោយ​គឺ​នៅពេលដែល​ភ្នាក់ងារ​របស់​នាង​ចង់ឱ្យ​នាង​ចាប់ផ្តើម​សម្តែង​ម្តងទៀត​ជាមួយនឹង​សក់​ពាក់​។​

កញ្ញា លី​ បាន​បង្ហើប​ថានាង​មានបទពិសោធន៍​អវិជ្ជមាន​ជាច្រើន​ក្នុង​ឧស្សាហ​កម្មនេះ ដែល​នាង​បាន​និយាយថា៖ ​«​ឈឺចាប់​ខ្លាំងពេកមិន​ដឹង​ថា​និយាយ​រៀបរាប់​ចែក​រំលែកយ៉ាងណា​»​។​

​ដូនជី លី បាន​លើកឡើង​ទៀត​ថា៖ «វា​ពិបាក​ក្នុងការ​ប្រើពាក្យពេចន៍​បរិយាយ​ថា​​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​។ខ្ញុំ​ដូចជា ​ខ្ញុំ​ស្អប់​លុយ​។ខ្ញុំ​ស្អប់​មនុស្ស​ប្រុស​​។ ខ្ញុំ​ស្អប់​ជីវិត​ការរស់នៅ​។ ខ្ញុំ​ចង់​ក្លាយជាអ្នកបួស»​។​

​ក្នុង​បទ​សម្ភាស​នោះ នាង​បាន​ប្រាប់​ពី​រឿង​ដែល​នាង​តស៊ូ​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​។កាលនោះ លី បាន​ចែករំលែក​ថាអ្នកចម្រៀង​ត្រូវតែ​ធ្វើការ​សម្តែង​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ពេល​រាត្រីដែល​រួមមាន​ក្លិប បារ៍​ជាដើម​។ បើតាម​អតីត​តារាចម្រៀង​រូបនេះ ជាទម្លាប់​ការច្រៀង​សម្ដែង​​ពេលរាត្រី​​មានពី៩ ទៅ ១០​​កម្មវិធី​ជាប្រចាំ​ក្នុង​មួយ​យប់ៗ។

​ខណៈពេលដែល​ការច្រៀង​សម្ដែង​តែម៉្យាង​​មិនមែនជា​បញ្ហា​នោះទេ តែកញ្ញា លី​ ស្អប់​បំផុត​ពេលដែល​អ្នកគ្រប់គ្រង​​ក្លិប​បង្ខំ​នាង​ឱ្យ​ស្វាគមន៍ភ្ញៀវ​វីអាយភី​ដោយផ្ទាល់​។ការបដិសេធ​សំណើ​បែបនេះ​ក៏​កើតឡើង​ជាមួយ​នឹង​​លទ្ធផល​ដ៏​គ្រោះថ្នាក់​ ដែល​មិន​នឹកស្មាន​ដល់​ផងដែរខណៈដែលកញ្ញា​ លី បាន​រំឭកថា​នាង​ធ្លាប់​ត្រូវបានតាម​សម្លាប់​ដោយ​បុរស​ម្នាក់​ដែល​​នាង​បដិសេធ​មិនព្រម​ជួប​។​

​ការ​ធ្វើ​បាប​ពិ​សំណាក់​មន្ត្រី​យោធា​​រដ្ឋា​ភិ​បាល​យោធា​ចំពោះ​តារាចម្រៀងនិង​សិល្បករ​ក្នុង​ទសវត្សរ៍​ទី ៨០ ក៏​ជា​ប្រភព​នៃ​ការឈឺចាប់​ដ៏​ធំធេង​សម្រាប់ ដូនជីលី ក្យុងមី​ ដែលនាង​ធ្លាប់​ត្រូវ​បាន​ហៅ​ដោយ​​ចៃដន្យ​ដើម្បីកំដរ​​ភ្ញៀវវីអាយភី​​នៅតំបន់ Gungjeongdong ក្បែរវិមាន​ខៀវ​របស់កូរ៉េខាងត្បូង​។​

កញ្ញា លី បាន​និយាយថា ​ការព្យាបាលផ្លូវ​កាយនិង​ចិត្ត​ ​ដែល​នាង​បានទទួល​ក្នុងនាម​ជា​អ្នកសិល្បៈ​នៅពេលនោះ​បានធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា​ប្រៀប​បីដូចជា​«សត្វ​កណ្តុរ​ត្រូវបានខាំ​​អូស​ដោយ​ឆ្មា​»។

ការ​លេងសើច​​ជុំវិញខ្លួន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាពផ្លូវ​ចិត្ត​​របស់កញ្ញារហូត​នាង​សុខចិត្ត​​បោះបង់ចោល​​​ភាពល្បីល្បាញ​ទាំងអស់ ហើយ​សម្ងំ​​បួស​យ៉ាង​ស្ងប់ស្ងាត់​។

ពេលនេះ ដូនជី លី ស្នាក់​នៅក្នុង​ព្រះវិហារយេសានជាមួយឈ្មោះថា​ បូយន់​។ ពេលនេះ ដូនជី ​​បានសម្រេច​ចិត្ត​ប្រើ​ទេពកោសល្យ​ច្រៀង​ផ្សព្វផ្សាយ​​អំពី​ការបង្រៀន​និង​តម្លៃ​របស់​ព្រះពុទ្ធសាសនា​។​

​អតីត​តារាចម្រៀង K-Pop រូបនេះ​ក៏បាន​ណែនាំ​ដល់​សិស្ស​ប្អូន​​ក្នុង​វិស័យនេះ​កុំឱ្យ​ស៊ូទ្រាំ​នឹង​ការបៀតបៀន​​ដោយ​ស្ងៀមស្ងាត់ប៉ុន្តែ​ត្រូវយក​ឧបសគ្គ​នេះ​ធ្វើជា​ឱកាស​ដើម្បី​ពិចារណា​​ឡើងវិញ​។

អតីត​តារាល្បី​ប្រែ​ក្លាយជាដូនជី​រូបនេះ​បាន​ផ្ដាំថា៖ «​កុំ​ស៊ូទ្រាំ​នឹង​ការឈឺចាប់​។ផ្ទុយទៅវិញ សូម​ឆ្លៀតឱកាស​ដើម្បី​សម្រាក​ថែទាំខ្លួន និង​ឆ្លុះបញ្ចាំង​ពី​ខ្លួន​អ្នក​ឱ្យ​បានច្បាស់»៕​

ប្រភព៖ Koreaboo

អត្ថបទពេញនិយម

«បណ្ដូលពងទាប្រៃ» ផលិតថ្មី មានទីផ្សារល្អ ជួយកសិករចិញ្ចឹមទា

ចង្ក្រានកែច្នៃដោយប្រើប្រេងចាស់ៗកំពុងផ្ទុះការគ្រាំទ្រ

វត្តមានដ៏អស្ចារ្យរបស់ វណ្ណដា នៅព្រឹត្តិការណ៍បិទកីឡាអូឡាំពិកប៉ារីស ជាមរតករួមចំណែកពីព្រឹទ្ធាចារ្យ គង់ ណៃ

AI ជួយមេធាវីអាចស្វែងរក ១៥០០០ សំណុំរឿងក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់សិង្ហបុរី

«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង