សេដ្ឋកិច្ច

តាកែវ:ដោយសារ​តែតម្លៃ​ថ្លៃនិង​លំហូរ​ចូល​នៃ​ផលិតផល​សូត្រ​រោង​ចក្រធូរថ្លៃ​​ពី​ប្រទេសជិតខាងសូត្រ​ខ្មែរ​ប្រណីត​ដែល​ត្បាញ​ដោយដៃយ៉ាង​ផ្ចិតផ្ចង់ ប្រឈម​ការ​​​ពិបាក​ឈរជើង​លើទីផ្សារជាហេតុ​នាំ​ឱ្យ​មាន​​ការ​បាត់បង់​អ្នក​តម្បាញ​ប្រពៃណីដែលពុំអាច​ប្រើចិញ្ចឹមជីវិត​ដោយ​កីតម្បាញ​ចិញ្ចឹមជីវិតនិង​ឈាន​​ដល់ការ​ធ្វើ​ចំណាកស្រុក។

មូលហេតុ​នេះ​ហើយ​​ដែល​នាំឱ្យ​អ្នកស្រី ឃុយចាន់ស៊ូ បាន​សម្រេចចិត្ត​​ប្រមែប្រមូលអ្នក​សិប្បករ​តម្បាញ​នៅខេត្ត​តាកែវមក​រួមគ្នា​ផលិត​សូត្រ​ប្រពៃណីដើម្បីលើកស្ទួយ​​​​ទំនៀម​ទម្លាប់ផលិត​​វាយនភ័ណ្ឌ​មរតក​ដូនតា នៅ​លើ​ទីផ្សារ​​ពោរពេញដោយការ​ប្រកួតប្រជែង​។

ស្ថាបនិក​​​​សិប្បកម្ម​ស៊ូ​កប្បាស អ្នកស្រី​ ចាន់​ស៊ូបាន​រៀបរាប់​ឱ្យសារព័ត៌មានSR Newsដឹងថា​៖ «​ដោយ​ខ្ញុំ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃតម្បាញ​មានការ​ថយចុះ​ជា​លំដាប់​ហើយ​គុណភាពក៏​មិនល្អ​ដូច​ពីមុន​ដែរ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖«​ក្នុងនាម​ខ្ញុំ​ជាកូន​អ្នក​តម្បាញ​ម្នាក់​ដែល​បាន​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ម្នាក់តើ​ខ្ញុំ​ត្រូវ​មានគំនិត​អ្វីមួយ ដើម្បី​ជួយអ្នកភូមិ​ស្រុក​របស់ខ្ញុំអ៊ីចឹង​ទើប​ខ្ញុំ​ខិតខំ​រៀនសូត្រ​និង​បានរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារតើ​ត្រូវធ្វើ​ម៉េចដើម្បីស្តារ​ទីផ្សារ​តម្បាញ​សូត្រ​ឡើងវិញ​»​។​

​ទើប​នៅក្នុង​ឆ្នាំ​២០២១អ្នកស្រី ចាន់​ស៊ូ បាន​ចាប់ផ្ដើម​បោះបង់​ការងារ​​​ទាំងអស់​មក​ផ្ដោត​តែ​លើ​​សិប្បកម្ម​ស៊ូ​កប្បាសដើម្បី​ធានា​ថា​ការ​ដំណើរការ​បានរលូន តាមរយៈបទពិសោធន៍ជា​កូនចៅអ្នកតម្បាញនិង​ចំណេះដឹងផ្នែកទីផ្សារ​ពី​ថ្នាក់ឧត្តមសិក្សា។​

អ្នកស្រី ចាន់​ស៊ូ បាន​រៀបរាប់​បន្តទៀតថា៖«​ខ្ញុំ​បាន​ប្រមែប្រមូល​កៀរគរ​អ្នក​ស្រុកភូមិ​របស់ខ្ញុំ​មកវិញ ដើម្បី​ឲ្យតម្បាញ​សូត្រ​មានពន្លឺឡើងវិញ​ដើម្បី​លើកកម្ពស់​ឲ្យ​ស្ត្រី​មេផ្ទះមានការ​ងារ​ធ្វើអាច​រកប្រាក់​ចំណូល​បានកុំ​ឲ្យ​ពួកគាត់​ធ្វើការ​ចំណាកស្រុក​បន្តទៀត​»​។​

សព្វ​ថ្ងៃ ស៊ូកប្បាស​​មាន​បុគ្គលិក​​២​នាក់ ដែលសុទ្ធសឹងតែជាស្រ្តីមេផ្ទះ​មក​បំពេញ​ការងារជាអ្នកតម្បាញយ៉ា​ងស្ទាត់ជំនាញ ដើម្បីយកស្នាដៃដ៏​ល្អឯកមួយនេះមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ជាតិនិងអន្តរជាតិក្នុងទម្រង់ជាផលិតផល​ផ្សេងៗគ្នា។

​ស្ត្រី​វ័យ​៣៣​ឆ្នាំ​​រូបនេះ​បាន​បន្ថែមទៀតថា៖«​កន្សែង​សូត្រ​ដែល​ខ្ញុំ​ត្បាញ​រាល់ថ្ងៃ​មាន​២​ប្រភេទ គឺ​កន្សែង សូត្រ​លាតនិង​កន្សែង​សូត្រ គោម​(​ហូល​) តែ​ក្រៅពី​កន្សែង​សូត្រ​ខ្ញុំ​ក៏មាន​ផលិត​ជា​កន្សែងអំបោះ ក្រណាត់ ផាហ៊ុមហើយក៏​មាន​ច្នៃ​ក្រមា​ខ្មែរ​ដេរ​ធ្វើជា​ប្រដាប់​ចង​សក់​សម្រាប់ យុវវ័យ​ដែលកំពុង​ពេញ និយម​​ផ​ងដែរ​»​។

កន្សែង​សូត្រ​​ខ្នាតតូច​មាន​ទំហំ​ទទឹង​៥​តឹកនិង​បណ្តោយ​១,៨ ម៉ែត្រ​ ​មានតម្លៃ​៣៥​ដុល្លារ និងខ្នាត​ធំ​ដែល​មាន​ទទឹង​១,២​ម៉ែត្រ តម្លៃ​៤៥​ដុល្លារ។កន្សែង​សូត្រនេះ​​ទទួល​បាន​ការ​គាំទ្រ​ពី​ភ្ងៀ​វ​ជាតិ​និង​អន្តរជាតិ។​​​

ដើម្បីប្រើប្រាស់ផលិតផលសូត្រឲ្យបានយូរ​​អ្នកស្រីបានណែនាំ​មិនឱ្យ​​យកកន្សែងសូត្រ​ទៅ​បោកគក់​ក្នុង​​​​ទឹក​ធម្មតា​បានទេ ដោយសារ​សាច់​អំបោះ​សូត្រ​អាច​ខូច​ទ្រង់​ទ្រាយ​ពេល​ត្រូវ​ទឹក​សើម​។​

​​​ទោះជា​សិប្បកម្ម​​ស៊ូកប្បាស​ត្រូវ​ប្រឈម​នឹងទីផ្សារ​ដែល​សម្បូរផលិតផល​សូត្រ​នាំ​ចូល​ក៏ពិតមែនតែអ្នកស្រី​ ចាន់ស៊ូ ​​​នៅតែបន្ត​​លើកស្ទួយអត្តសញ្ញាណសូត្រ​ខ្មែរ​ឱ្យ​បរទេសស្គាល់​កាន់តែ​ច្រើន។

ក្រៅពី​ប្ដេជ្ញាថានឹង​​ជួយ​អភិរក្ស​តម្បាញ​ខ្មែរ​​​ឲ្យ​មាន​ឈ្មោះ​បោះ​សម្លេង​កាន់តែខ្លាំង  សិប្បករ​ជាកូន​អ្នកតម្បាញ​​នៅស្រុកព្រៃកប្បាស​រូបនេះ​​បានសង្កត់ធ្ងន់​ថា៖«ពិសេស​បង្កើត​វត្ថុធាតុដើម​ដោយ​ខ្លួនឯង ដូចជា​អំបោះ​កប្បាស​​និង​ល័ក្ដ​ខ្មែរនិង​ចងក្រង​សៀវភៅ​តម្បាញ​ស្រុក​ខ្មែរ​​មួយ​ដែល​និយាយ​ពី​តម្បាញ​តាំងពី​បុរាណកាល​រហូ​ត​មក​ដល់​​​ប​ច្ចុ​ប្បន្ន»​។​

ព័ត៌មានបន្ថែមសូមទំនាក់ទំនងហ្វេសប៊ុកផេកស៊ូកប្បាស SouKabasCambodia ឬតាមទូរសព្ទលេខ០៧៧ ៣៦០ ១៤៤៕

ស្ថាបនិកសិប្បកម្មស៊ូកប្បាស ជម្នះឧបសគ្គដើម្បីអភិរក្សតម្បាញខ្មែរឱ្យល្បីល្បាញលើទីផ្សារ

ដោយសារតែតម្លៃថ្លៃ និងលំហូរចូលនៃផលិតផលសូត្ររោងចក្រធូរថ្លៃពីប្រទេសជិតខាង សូត្រខ្មែរប្រណីតដែលត្បាញដោយដៃយ៉ាងផ្ចិតផ្ចង់ ប្រឈមការពិបាកឈរជើងលើទីផ្សារ ជាហេតុនាំឱ្យមានការបាត់បង់អ្នកតម្បាញប្រពៃណីដែលពុំអាចប្រើចិញ្ចឹមជីវិតដោយកីតម្បាញចិញ្ចឹមជីវិត និងឈានដល់ការធ្វើចំណាកស្រុក។

ថិញ រិទ្ធី
Heading

តាខ្មៅ​: ក្រោយពី​ដំណើរការ​ចាប់តាំងពីឆ្នាំ២០១៩ ​ឥដ្ឋ​អេកូ​រាប់សិបដុំ​ច្នៃ​ពី​សំរាមប្លាស្ទិក ទទួលបានការ​គាំទ្រ​ច្រើនពីអតិថិជនហើយ​ម្ចាស់សិប្បកម្ម​ក៏បានអះអាង​ដែរថា ផលិតផល​គ្រឿង​​វិស័យសំណង់​នេះ​មិនត្រឹមតែ​ជួយបរិស្ថានទេថែមទាំង​មានគុណភាពអាយុកាល​យូរអង្វែង​ក្នុង​វិស័យសំណង់។

លោក សុខ ធី ស្ថាបនិក​ក្រុមហ៊ុន Eco-Bricksបាន​ប្រាប់​សារព័ត៌មាន SR News ថា​​៖ «ឥដ្ឋ​របស់​យើង​អាចមាន​អាយុកាល​ជាង​១០០ ឆ្នាំនិង​មាន​កម្លាំង​ខ្លាំង​ជាង​ឥដ្ឋ​ដីឥដ្ឋ​ក្រហម​ស្តង់ដារ​ពី ៥​ទៅ ៦​ដង​»​។

ទំរាំ​តែ​មានថ្ងៃ​នេះ ក្រុមហ៊ុន​ផលិត​ឥដ្ឋ​អេកូ​បាន​ឆ្លង​កាត់​ឧបសគ្គជាច្រើនទាំងការ​ខ្វះ​ខាតដើម​ទុននិង​វត្ថុធាតុដើម​។

កាលណោះ លោក​ ធី ​មិនមាន​សូម្បីតែ​ម៉ាស៊ីន​សម្រាប់​កិន​ប្លា​ស្ទិ​ក។​លោក​ត្រូវ​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លា​ស្ទិ​ក ជា​បំណែក​តូចៗ​។

តាមរយៈ​ការ​សិក្សា​ពី​អ៊ីនធើណិតគួបផ្សំ​នឹង​បទពិសោធន៍​ពីប្រទេស​​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​លោក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩។

រោងចក្រ​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​នេះ​ក៏បាន​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​យល់ដឹង​ពី​ការកែច្នៃ​សំរាម​ទៅជា​ឥដ្ឋនិង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លា​ស់​ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាមឬ​ដុត​ប្លា​ស្ទិ​ក​។  

លោក សុខ ធី បានឱ្យដឹងថា​៖ «​ប្លា​ស្ទិ​ក​ទម្ងន់​២ គីឡូក្រាម​អាច​ផលិត​ឥដ្ឋ​អេកូ​បាន​មួយ​ដុំហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​១០០០​រៀលហើយ​អតិថិជន​ក៏​អាចធ្វើ​ការជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ទៅតាម​ការចង់បាន​ផងដែរដោយមាន​៣ ប្រភេទ​គឺ ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បកឈើ និង​ឥដ្ឋ​ធម្មតា​»​។​

សូម្បី​តែដំណើរការ​ផលិត​ឥដ្ឋ​អេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផល​ប៉ះពាល់ដល់បរិស្ថានផង​ដែរ។

លោក​បាន​ឱ្យដឹងទៀតថា៖ «​យើង​ស​ម្ងួ​ត​ឥដ្ឋ​ដោយ​មិន​ប្រើ​ឈើ​ដុត​ស​ម្ងួ​ត​នោះទេដោយ​សង្វាក់​ផលិតកម្ម​របស់​យើង​ធ្វើតាម​បច្ចេកទេស​ដោយ​គ្រាន់តែ​ស្រោច​ទឹក​ប៉ុណ្ណោះ។​នេះ​ក៏​ជួយ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​កាត់បន្ថយ​តម្លៃ​ថ្លៃដើម​ផងដែរ​»​។​

​​ ​សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះ​ពានរង្វាន់​ចំនួន​៤​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​និង​បាន​លក់គម្រូ​​អាជីវកម្ម​ជា​​ហ្វ្រេ​ន​ឆាយទៅ​​ចំនួន​១០​ក្រុមហ៊ុន​ផ្សេងទៀដោយបង្រៀន​​បច្ចេកទេស​ផលិត​ដល់ក្រុមហ៊ុនទាំងនោះ​ក្នុងការ​​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាពដូចគ្នា​នឹងក្រុមហ៊ុន​មេ​។​

​​សិប្បកម្ម​ផលិត​ឥដ្ឋ​អេកូ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិចសង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក ឥដ្ឋ​អេកូ Eco-Bricks​ឬ​សូម​ទំនាក់ទំនងទូរ​សព្ទ​លេខ ០៨៥ ២២៤ ៤៦៦៕

ឥដ្ឋអេកូកែច្នៃពីសំរាមប្លាស្ទិក ជួយបរិស្ថាន ហើយមាំធន់សម្រាប់សំណង់

សាកគិតមើលទៅ ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំ ហើយឥដ្ឋមួយដុំមានតម្លៃតែ ១០០០រៀល។ អ៊ីចឹងផ្ទះមួយខ្នង ជួយកាត់បន្ថយសំរាមប្លាស្ទិកបានប៉ុន្មានដែរ?
January 14, 2025
Heading

ភ្នំពេញ : ​ស្ថិតនៅ​សិប្បកម្ម​មួយកន្លែងនៃសង្កាត់​ចោមចៅដប​ប្លា​ស្ទិ​កជាង​៤០០​តោន​នៅ​ក្នុងស្ដុក​កំពុង​​រង់ចាំ​កម្មករ​ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​ហូត​ជា​សរសៃៗ​ដើម្បី​កែច្នៃ​ជា​អំបោស​ប្រើប្រាស់​ប្រចាំថ្ងៃ។

​​ភាព​មមាញឹក​នៃចង្វាក់​ផលិតកម្ម​នេះ​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​លោក​លោក ហាស់ គា ដែល​កំពុង​ឈរ​ក្នុង​រោង​សិប្បកម្ម​ផលិត​អំបោស​ខណៈ​​កម្មករ​ជាច្រើន​ពាក់ស្រោមដៃការពារ​ការមុត​កំពុង​អង្គុយ​ហូត​សរសៃ​ជ័រ​ចេញពី​ដប​ប្លា​ស្ទិក​។​

លោក​ គា ដែល​ជា​ម្ចាស់សិប្បកម្ម បានធ្វើ​ឱ្យ​​គំនិតផលិត​​អំបោស​ពី​ដប​ប្លាស្ទិក​​ក្លាយជា​អាជីវកម្ម​​ពិតៗ​តាមរយៈ​ការ​​មើលវីដេអូលើ​​យូ​ធូប​គួបផ្សំ​នឹង​ការ​ខិតខំ​​ស្រាវជ្រាវ​បន្ថែម។

​​លោក​​បាន​ប្រាប់​សារព័ត៌មាន SR News ថា៖ ​«​​ដំបូង​ខ្ញុំ​គ្រាន់តែ​មើល​យូ​ធូប​ឃើញ​វីដេអូបរទេស​បង្ហាញ​ពី​ការផលិត​អំបោស​ពី​ដប​​ទឹក​សុទ្ធ ពេលនោះ​ខ្ញុំ​គិតថា​នៅ​ស្រុក​យើងសម្បូរ​ដប​ទឹក​សុទ្ធ ហើយ​មានតម្លៃ ថោក​ទៀតផងខ្ញុំ​ក៏បាន​ស្រាវជ្រាវ​លំអិត​បន្ថែម​ពី​ដំណើរ​ការផលិត​»​។​

​​នៅក្នុង​ដើមឆ្នាំ​២០២៣ សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិកក្នុង​ភូមិ​ព្រៃទា ២ សង្កាត់​ចោមចៅ ៣ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើត​និង​បានផ្ដល់​ការងារ​ដល់​អ្នក​រស់​នៅ​ជុំវិញ​​​នោះ​ប្រមាណ​ជា​ជិត៣០​នាក់។

​កម្មករ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​វ័យ​ចំណាស់ៗនិង​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ពួកគាត់​ជា​អ្នក​កែច្នៃអំបោស​ពីដបប្លាស្ទិក ដែល​​កំពុងមាន​គាំទ្រ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

​លោក គាដែលជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​អំបោស​ប្លា​ស្ទិក​បាន​សម្ដែងចំណាប់អារម្មណ៍ថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែលសិប្បកម្ម​របស់ខ្ញុំ​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ថែមទាំង​បាន​ជួយ​បរិស្ថាន​បាន​មួយកម្រិត​​ទៀតផង»​។​

​អំបោស​ធ្វើ​អំពី​ដប​ទឹក​សុទ្ធធន់​​​មិនថា​ការ​​​បោស​ដី​ភក់ ​ស្លឹកឈើ ​សំរា​ម​សើម សំរាម​ស្ងួត លាមក​សត្វ គ្រួស​​​ថ្ម ជាដើម​ហើយ​ងាយ​លាង​ទឹកសម្អាតយក​មកប្រើប្រាស់ឡើងវិញ។

វត្ថុធាតុ​ដើម​​ក្នុងការ​ធ្វើអំបោស​មិន​មានអ្វី​ច្រើន​លើសពី​ដប​ប្លាស្ទិកដងឫស្សី លួស និង​សរសៃជ័រនោះទេ។

​លោក​ គា បាន​រៀបរាប់ពីដំណើរការ​ផលិត​ថា៖​«ដើម្បី​ផលិត​បានជា​អំបោស​ដ៏​រឹងមាំ​មួយ​បានយើង​ត្រូវការ​ដង​ឫស្សី មួយ ម៉ែត្រ​២​តឹក​យកមក​បំពាក់​ជើងក្អែក​លួស​២​លី​កន្លះ​ជាមួយនឹង​សរសៃ​ជ័រ​៥​​ខាំ​មក​រុំ​ចុង​អំបោស​យក​ប្រវែង​បួន​តឹករួច​ឃ្លុំបេ​ដោយ​ដប​ទឹក​សុទ្ធ​នៅជាប់​នឹង​​ក្បាល​អំបោស​ដើម្បី​ឲ្យ​មានសោភ័ណភាព​រួច​ក្រង​សរសៃ​ជ័រ​ដប​ទឹក​សុទ្ធ​ដោយ​ប្រើ​ខ្សែ​តាន់​ស្វិត​ដើម្បី​ឲ្យ​សរសៃ​អំបោស​រឹង​បន្តិច»​​។​

​​ក្នុង​មួយថ្ងៃៗ​សិប្បកម្ម​របស់លោក​អាច​ផលិត​អំបោស​បាន​ពី​២០០​ទៅ​៥០០​ដើម​ជាមួយ​​កម្លាំង​​កម្មករ ១​៦​នាក់​។​​អំបោស​១​ដើម​មានតម្លៃ​១០,០០០ រៀល​និង​១៥,០០០​រៀល​។​

​ម្ចាស់​អាជីវកម្ម​​វ័យ​៤០​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ពេល​មាន​ក្រុមហ៊ុន​បោសសម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ​មួយ​បាន​កុម្ម៉ង់​អំបោស​ពី​សិប្បកម្ម​លោក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​លោក​រំពឹង​ថា បើ​​មាន​​​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀចាប់​​អារម្មណ៍​​កុម្ម៉ង់បន្ថែម​នោះវា​​រឹត​តែ​ល្អ ដោយសារ​​សិប្បកម្ម​នេះ​គាំទ្រ​ការ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើ​យ​ផលិតផល​ត្រូវបាន​​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​​​។​

​​នា​​ថ្ងៃ​អនាគត លោក គា ​ចង់​ពង្រីក​សិប្បកម្ម​នេះ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​ដើម្បី​​​ជួយ​ដល់​អ្នក​ខ្វះខាត​ឲ្យ​បាន​កាន់តែច្រើនក៏ដូចជា​រួមចំណែក​កែច្នៃកាកសំណល់ដប​ប្លាស្ទិក​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក អំបោស​ប្រើ​មិន​ខូចឬ​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៧ ២២២ ០០០៕

អំបោសធ្វើពីសរសៃដបប្លាស្ទិកធន់មាំ ទទួលការគាំទ្រកាន់តែខ្លាំង

គ្រាន់តែមើលយូធូប បុរសម្នាក់នេះបានខិតខំស្រាវជ្រាវបន្ថែម រហូតបង្កើតបានសិប្បកម្មដែលស្ដុកដបទឹកប្លាស្ទិក ៤០០តោនសម្រាប់កែច្នៃទៅជាអំបោសប្រើប្រាស់។
January 9, 2025
Heading

អត្ថបទបន្ថែម

កំពង់ឆ្នាំង​: ការពេញនិយម​ទទួលទាន​ជ្រូក​កណ្ដុរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយបានធ្វើឱ្យ​សត្វ​ចិញ្ចឹម​នេះ​មាន​ទីផ្សារ​ល្អ និង​បង្កើន​ឱកាស​រកប្រាក់​ចំណូលរហូត​មាន​កសិករ​មួយចំនួន​បាន​ប្ដូរ​ពី​ការចិញ្ចឹម​ជ្រូក​ទូទៅមក​ចិញ្ចឹម​ជ្រូក​កណ្ដុរ​វិញ​។​

​ទោះជា​មានការ​ចិញ្ចឹម​ជ្រូក​កណ្ដុរ​ច្រើន​ពី​សំណាក់​កសិករប៉ុន្តែ​ទីផ្សារ​សត្វ​ចិញ្ចឹម​យកសា​ច់មួយ​នេះនៅតែ​ទូលំទូលាយ​សម្រាប់​កសិក​រ​ជាច្រើន​ទៀត​ក្នុងការ​ស្វែងរក​ចំណូល​។​

ក្នុងចំណោម​នោះលោក សម ភារ​ម្យ បាន​ចំណាយពេល ២​ឆ្នាំ​មកហើយ​ក្នុងការ​ចិញ្ចឹម​ជ្រូក​កណ្ដុរដោយ​លោក​អះអាងថា វា​ងាយស្រួល​ចិញ្ចឹម មើលថែ ធន់​នឹង​ជំងឺ មាន​ទីផ្សារ​ល្អនិង​តម្លៃ​ខ្ពស់ជាង​ជ្រូកស្រុក​ទូទៅ​។​

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កណ្ដុរ​រូបនេះ​បាន​ប្រាប់ SR News ថា​៖ «​ខ្ញុំ​មើលឃើញ​ទីផ្សារ​មាន​តម្រូវការ​ច្រើននិង​ងាយស្រួល​ចិញ្ចឹម ដោយ​យើង​អាច​ប្រលែង​នៅ​ទីធ្លា​ក្រោយ​ផ្ទះ​បាន ដោយ​ដាំ​បន្លែត្រកួន ជីក ស្រះ ព័ទ្ធរបង ដើម្បី​ជា​ជម្រក​ដ​លើ​ជ្រូក​កណ្ដុរ​»​។​

​លើសពី​ចិញ្ចឹមសត្វ​ដើម្បី​ប្រាក់ចំណូលលោក ភារ​ម្យ ថា​ការ​មើលថែ​សត្វ​ក៏​ជា​សកម្មភាព​ដែល​លោក​ចូលចិត្ត​ធ្វើ​ផងដែរ​។​

​លោក​ថា​៖«​ណាមួយ​វា​ជា​ចំណង់​ចំណូល​ចិ​ត្ដនៃ​ការ​ចិញ្ចឹមសត្វ​ទៀត​នោះទើប​ខ្ញុំ​ចាប់ផ្ដើម​ចិញ្ចឹម​តែម្ដងព្រោះ​វា​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​ពី​ការងារ ដោយ​ការដាក់ ត្រកួន​ឲ្យ​ជ្រួក​ស៊ីថែទាំ​វា​»​។

​លោក​បានចាប់ផ្ដើម​ការ​ចិញ្ចឹម​ជ្រូក​កណ្ដុរ​ដំបូងដោយ​ចំណាយ​ដើម​ទន់​ប្រមាណ​ ១៥០០​ដុល្លារ​ទៅលើ​ការដាក់​មេ​ជ្រូក​ចិញ្ចឹម​ចំនួន​ ៥​ក្បាល​ប៉ុណ្ណោះដើម្បី​យក​កូន​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ និង​ទុក​បន្ត​ពូជ​ថែមទៀត​។​

​យោងតាម»​សៀវភៅ​ផលិតកម្ម​ជ្រូក​ពូជ​»ការជ្រើសរើស​ពូជ របស់​អង្គការ ហេ​ហ្វឺ​កម្ពុជា បោះពុម្ព​ឆ្នាំ ២០០៧ជ្រូក​កណ្ដុរ​ជា​ប្រភេទ​ពូជ​ក្នុងស្រុក និង​ពូជ​អាស៊ី​សុទ្ធសាធ​។វា​មាន​ក្បាល​ស្រួច​ដូច​ក្បាល​កណ្តុរ មាន​ច្រមុះ​ត្រង់ត្រចៀក​ត្រង់​តូច​បញ្ឈរ​រាង​ស្រួច ខ្លួន​ខ្លី​ក្រាស់ ខ្នង​អែន ពោះ​កិត​ដីមិនសូវមាន​រោម សម្បុរ​ប្រែប្រួល​ពី​ខ្មៅ​ប្រផេះ​។ជ្រូក​កណ្ដុរ​ជា​ពូជ​ដែលមាន​ការលូតលាស់​យឺត តែ​ធន់​នឹង​ជំងឺ​។

​ជាមួយ​បទពិសោធន៍​ក្នុងការ​ចិញ្ចឹម​ជ្រូកស្រុកដោយ​ត្រូវ​ការចំណាយ​ថវិកា​ច្រើន​លើ​ការ​មើលថែ​ទាំង​ការចាក់​វ៉ាក់សាំងនិង​ការ​ឲ្យ​ចំណី​ឲ្យ​បាន​ដិតដល់​នោះ កសិករ សម ភារ​ម្យ បាន​អះអាងថាការចិញ្ចឹម​ជ្រូក​កណ្ដុរ​មិនសូវ​ពិបាក​មើលថែ​នោះទេ​។​

​លោក​បាន​លើក​ហេតុផល​ថា​៖ «​វា​ងាយស្រួល​ជាង​ការចិញ្ចឹម​ជ្រូកស្រុក​ច្រើនណាស់ដោយ​ជ្រូក​កណ្ដុរ ជា​សត្វ​ដែល​ស៊ី​ត្រកួន និង​មើម​ឈើ ជា​អាហារហើយ​ធន់​នឹង​អាកាសធាតុ​»​។​

​យ៉ាងណាមិញលោក​ក៏បាន​រៀបរាប់​ពី​ចំណុច​ដែល​ត្រូវ​យល់ដឹងនិង​ប្រុងប្រយ័ត្ន​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក​កណ្ដុរ​ផងដែរ​។​

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ផលវិបាក​នៃ​ការចិញ្ចឹម​ជ្រូក​កណ្ដុរ​គឺ​កុំ​ឲ្យ​គេចូលក្នុង​ទ្រុង​ផ្ដេសផ្ដាស ព្រោះ​វា​អាច​បង្ក​រោគ​ឆ្លង​បានតែបើ​ចូល​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាមុនសិន​»​។​

​យោងតាម​ «សៀវភៅ​ផលិតកម្ម​ជ្រូក​ពូជ​» ជ្រូក​កណ្ដុរ​អាចមាន​ទម្ងន់​រហូតដល់ ​៦០​គីឡូក្រាមក្នុង​អាយុ​១២​ខែ​។ មេ​ជ្រូក​អាច​បង្កាត់​បាន​នៅ​អាយុ​​ ១០​ខែដោយ​រយៈពេល​ផើម​ជា​មធ្យម​ ១១៣​ថ្ងៃ​។​

​តាម​បទពិសោធន៍​របស់លោកភារ​ម្យ ការថែទាំ​ត្រូវបាន​ចែកចេញជា​ពីរ​គឺ​៖ ទី​​ ១សម្រាប់​ជ្រូក​ទម្ងន់​ចាប់ពី​ ១០​គីឡូក្រាមយើង​អាច​ប្រលែង​ឲ្យ​វា​ដើរ​ស៊ី​ចំណី​បាន​ហើយ ព្រោះ​វា​ផុតពី​ជំងឺ​រាករូស​ហើយ​។ ទី​២ ជ្រូក​ទម្ងន់​ចាប់ពី​២៥ គីឡូក្រាម​ឡើងទៅ គឺជា​ពេល​វា​ត្រូវ​បង្កាត់​ពូជហើយ​យើង​ត្រូវ​បំបែក​ជ្រូក​ពពោះ​ចេញពី​ហ្វូង ដើម្បី​ការពារ​កុំ​ឲ្យ​វារ​លូត​កូន​។ក្នុង​មេ​ជ្រូក ១ ក្បាល​អាច​កើតកូន​បាន​ចន្លោះ​ពី ៨ ទៅ ១០ ក្បាល​។

​លោក​បាន​បន្ថែមទៀតថា​៖«​កូនជ្រូក​ទើបនឹង​កើត​ត្រូវ​ឲ្យ​វា​ស៊ី​ចំណី ​៣០ថ្ងៃ​សិន​ដើម្បី​ឲ្យ​វា​ឆាប់​ធំ និង​មានទម្ងន់​ចាប់ពី​ ១០គីឡូក្រាម​ឡើងទៅអាច​ប្រលែង​កូនជ្រូក ក្នុង​ទ្រុង ឬ​ទីធ្លា​ក្រោយ​ផ្ទះ​បាន​ហើយ​។​

​ក្នុង​មួយខែ​លោក​អាច​លក់​កូនជ្រូក​បាន​ចន្លោះ​ពី ១០ ទៅ ១៥ ក្បាល​។ ការលក់​ជ្រូក​កណ្ដុរ​នៅលើ​ទីផ្សារគឺមាន​តម្លៃ​ខុសៗ​គ្នា​ទៅតាម​ទម្ងន់ និង​ឈ្មួញ​អ្នកទិញ​។​

​ជ្រូក​កណ្ដុរ​សាច់​ដែល​ចិញ្ចឹម​ដោយ​កសិករ​វ័យ ៤៥​ឆ្នាំ​រូបនេះ មាន​ទីផ្សារ​ល្អ ដោយ​លោក​អាច​លក់បាន ​១​ក្បាល​ក្នុងតម្លៃ២៣​ម៉ឺន​រៀល សម្រាប់​ទម្ងន់ ៨​គីឡូក្រាម តម្លៃ ២៥​ម៉ឺន​រៀល សម្រាប់​ទម្ងន់១០​គីឡូក្រាម និង​តម្លៃ ២៨​ម៉ឺន រៀល សម្រាប់​ទម្ងន់ ១២​គីឡូក្រាម​។​

​ជាមួយនឹង​ជោគជ័យ​ក្នុងការ​ចិញ្ចឹមសត្វ​ជ្រូក​កណ្ដុរលោក ភារ​ម្យក៏បាន​បង្ហាញ​ពី​បំណង​ចែករំលែក​បច្ចេកទេស​នៃ​ការចិញ្ចឹម​ជ្រូក​កណ្ដុរ​នេះទៅដល់​អ្នក​ដែល​ចង់​សាកល្បង​ចិញ្ចឹមសត្វ​ដែល​កំពុង​ពេញនិយម​ទទួលទាននិង​មាន​ទីផ្សារ​ល្អ​មួយ​នេះ ព្រោះ​វា​ជា​មុខរបរ​ទទួលបាន​ប្រាក់កម្រៃ​ល្អប្រសើរនិង​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​។​

​កសិករ​ចិញ្ចឹម​ជ្រូក​កណ្ដុរលោក សំ ភារ​ម្យ មាន​ទីលំនៅ​ក្នុងស្រុករ​លា​ប្អៀ​រ ខេត្ត កំពង់ឆ្នាំង ឬ​ទាក់ទង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈ កសិដ្ឋាន​ជ្រូកព្រៃ​-​ជ្រូក​កណ្តុល KHWild pig farm និង​ លេខ​ទូរស័ព្ទ​៖ ០៧១ ៩៣២៧ ៣០០៕

កសិករនៅបាត់ដំបង ចែករំលែកបទពិសោធន៍ចិញ្ចឹមជ្រូកកណ្ដុរ មិនត្រឹមតែងាយស្រួល ថែមទាំងមានទីផ្សារល្អ

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុររូបនេះបានប្រាប់ SR News ថា៖ «ខ្ញុំមើលឃើញទីផ្សារមានតម្រូវការច្រើន និងងាយស្រួលចិញ្ចឹម ដោយយើងអាចប្រលែងនៅទីធ្លាក្រោយផ្ទះបាន ដោយដាំបន្លែ ត្រកួន ជីក ស្រះ ព័ទ្ធរបង ដើម្បីជាជម្រកដលើជ្រូកកណ្ដុរ»។ លើសពីចិញ្ចឹមសត្វដើម្បីប្រាក់ចំណូល លោក ភារម្យ ថាការមើលថែសត្វក៏ជាសកម្មភាពដែលលោកចូលចិត្តធ្វើផងដែរ។
August Stella

កំពង់ឆ្នាំង​:អន្ទង់​ជា​វារី​សត្វ​​មួយ​ប្រភេទដែល​ងាយស្រួលចិញ្ចឹម និង​មាន​ទីផ្សារ​ល្អ ធ្វើ​ឱ្យការ​ចិញ្ចឹម​វា​​ត្រូវ​បាន​ចាត់ទុកជា​​មុខ​របរ​បន្ថែម​ប្រាក់ចំណូល​ដល់​ក្រុមគ្រួសារ​​តាមស្រុកស្រែចម្ការ។

យោង​តាម​សៀវភៅ​បច្ចេកទេស​ចិញ្ចឹម​​អន្ទង់រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម រុក្ខប្រមាញ់ និង​នេសាទសហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីប្បកម្ម​​នៃរដ្ឋបាលជលផល ចេញផ្សាយ​កាលពី​ឆ្នាំ ២០១៩ អន្ទង់​ជា​វារី​សត្វ​មួយ​ប្រភេទ​ដែល​ត្រូវ​បានគេ​ស្គាល់​ជាទូទៅនៅ​ក្នុង​ប្រទេស​កម្ពុជា​យើងហើយ​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​លើ​ទីផ្សារ​ទាំង​ក្នុង និង​​ក្រៅប្រទេស។

​​ដោយសម្លឹង​ឃើញ​​​​ទីផ្សារ​អន្ទង់​ល្អ ហើយ​មិនសូវមាន​អ្នកចិញ្ចឹមលោក រីសារិត ក៏​បាន​ចាប់​ផ្ដើម​ចាប់​យក​ឱកាស​​​នេះ​ដើម្បី​បន្ថែម​ចំណូល​គ្រួសារ។

កសិកររូបនេះ​​បាន​ប្រាប់ SR News ថា៖ «ទើប​ខ្ញុំ​ចាប់ផ្ដើមចិញ្ចឹម​សាកល្បង ដោយ​ទទួលបាន​ផល​ល្អ ទើប​ខ្ញុំ ចាប់ផ្ដើម​ចិញ្ចឹម​បន្ថែមទៀត​»។

មុខ​របរ​ចិញ្ចឹម​អន្ទង់​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​បាន​និង​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់កសិករនិង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ប្រទេស​​កម្ពុជា​យើងហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​​ចំណុច​ខ្វះខាត​ជា​ច្រើន​ផង​ដែរ​ចំពោះ​អ្នក​ចិញ្ចឹម​​អន្ទង់​ភាគ​ច្រើន​ដោយសារ​ពួកគាត់​មិន​​ទាន់​មានការ​យល់ដឹង​ច្បាស់​នៅឡើយអំពី​បច្ចេកទេស​ចិញ្ចឹម។

​ប៉ុន្តែ​សម្រាប់កសិករ​ សារិតលោក​បានស្វែង​យល់​ច្រើន​អំ​ពី​​​ការចិញ្ចឹម​អន្ទង់​នេះ ដោយ​លោក​បាន​លើកឡើង​ថា៖ «​​យើង​ត្រូវផ្ដោត​សំខាន់​ទៅលើ​ទឹកការថែទាំ ឲ្យ​ចំណី បាន​ទៀងទាត់ ប្រើ​ថ្នាំ​ដើម្បី​ការពារ​ជំងឺ និង​​ព្យាបាល​ទៅតាម​ពេលវេលា»​។  

​លោក​​បាន​បញ្ចា​ក់ថាសម្រាប់​ទឹក​ដែល​យើង​អាច​យកមក​ចិញ្ចឹម​អន្ទង់​បាន​មានដូចជា ទឹកស្អាត ទឹក​អណ្ដូងទឹក​បឹង ទឹកស្ទឹង តែ​ត្រូវមាន​អាង​ស្តុ​ប​ទឹក​មួយ​ដើម្បី​សម្លាប់​មេរោគ​សិន​។

លោក​បាន​ពន្យល់ថា៖ «​ទឹក​ទាំងអស់នោះ​វា​មាន​សារជាតិ​ពុល​ផ្សេងៗ​ទៅតាម​ប្រភពទឹកដោយ​ទឹកស្អាត​មាន​ជាតិ​ក្ល័​រ ទឹក​អណ្ដូង ​មាន​ជាតិ​កំបោរ និង ច្រែស ទឹកបឹង​ និងស្ទឹង អាចមាន​បាក់តេរី​តូចៗ ជាច្រើន​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អន្ទង់បើ​យើង​មិនមាន​អាង​ស្តុ​ក​​ទឹក​មួយនោះទេ»​។​

លោក​បានបញ្ជាក់ថាប្រភពទឹក​ទាំងនោះ​ចាំបាច់ត្រូវ​ស្តុ​ក​​រយៈពេល ២៤​ម៉ោង​ឡើងទៅ​ទើប​យើង​យកមកប្រើ​សម្រាប់ចិញ្ចឹម​​អន្ទង់​​បាន​។

​បញ្ហា​ដែល​កើត​មាន​ដោយសារ​តែ​ការ​​​ប្រើប្រាស់​ទឹកមិន​បាន​​ត្រឹមត្រូវជាញឹកញាប់​អាច​បង្ក​​បញ្ហា​ប្រឈមនឹង​ជំងឺ​​​​​​នៅក្នុង​ការចិញ្ចឹម​អន្ទង់។

លោក​និយាយ​ថា៖ «ពេលខ្លះ​ជំងឺ​ទាំងនោះ​ដែល​កើត​លើ​អន្ទង់​យើង​ក៏​មិនអាចព្យាបាល​បានដែរ បើសិនជា​យើង​បណ្ដោយឱ្យ​វា​ឆ្លង​ជំងឺ​ទាំងនោះ»​​។​

កត្តា​ដែល​ឆ្លង​ជំងឺ​ទាំងនោះ គឺ​បណ្ដាលមកពី​ទឹក​អត់​មាន​អនាម័យ​ការថែទាំលាង​សម្អាត​អាង​មិនបាន​​ស្អាត មិនបាន​សម្លាប់​មេរោគ​នៅក្នុង​អាង​ចិញ្ចឹមក៏ដូចជា​សម្លាប់​មេរោគ​នៅក្នុង​ទឹក»។

បញ្ហា​ចំណី​ក៏​ត្រូវ​តែ​មាន​ការ​ទុកដាក់​ឱ្យបានសមស្រប​​។ចំណី​ដែល​ផ្ដល់​ឲ្យ​អន្ទង់​មានដូចជា សាច់​ត្រី ខ្ច​ង និង​ក្ដាមដែលមាន​ប្រូតេអ៊ីន​ខ្ពស់ ៤២% ហើយ​ហើយ​លោក​បាន​​​ដាស់តឿន​អ្នក​ចិញ្ចឹម​អន្ទង់​ថា ​ត្រូវ​រក្សា​ចំណី​សត្វ​​ទុក​ឲ្យ​បានល្អ​នៅ​កន្លែង​ដែល​ត្រជាក់​ហើយ​ស្ងួត។​​

​នៅពេលដែល​ការអនុវត្ត​បច្ចេកទេសចិញ្ចឹមអន្ទង់​បានត្រឹមត្រូវកសិករ​អាច​​ប្រមូល​ផលអន្ទង់​សាច់​អាយុ​ចន្លោះពី​​៨ទៅ​៩​ខែ ដោយពួកវា​មាន​ទម្ងន់​ចាប់ពី ​៣​ខាំ​ទៅ​ ៤​ខាំជា​ទម្ងន់​ស្ដង់ដារ សម្រាប់​លក់​នៅទីផ្សារ។

ចំពោះ​តម្លៃ​អន្ទង់វិញ លោក សារិត បានឱ្យដឹងថា៖ «​អន្ទង់​១​គីឡូក្រាម តម្លៃ ២៥០០០​រៀល​។​សម្រាប់​កូន​អន្ទង់​វិញ​យើង​លក់​បច្ចុប្បន្ននេះ​គិត​ជា​ក្បាល  ដោយ​មួយ​ក្បាល​តម្លៃ ៨០០ រៀល​កូន​ទំហំ ៦​លី»។​

​ជាមួយ​នឹង​ការ​ថត​វីដេអូ​សកម្មភាព​ចិញ្ចឹមអន្ទង់បង្ហោះតាមអនឡាញ​​​​ កសិករ​រូប​នេះ​ក៏​ទទួល​បាន​​ការចាប់អារម្មណ៍​ច្រើន​​លើបណ្ដាញសង្គម។

លោកបាន​​និយាយ​ថា៖ «​បងប្អូន​យើង​គាត់​គាំទ្រ​ច្រើនគាត់​ចង់​ចិញ្ចឹម​ច្រើន គាត់​តែងតែ ខ​ល​មក​សួរនាំ​​ច្រើន​»។

យោង​តាម​សៀវភៅ​បច្ចេកទេស​ចិញ្ចឹម​​អន្ទង់រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម រុក្ខប្រមាញ់ និង​នេសាទអន្ទង់​មិន​ត្រឹម​តែ​ជា​ប្រភព​អាហារ​ដ៏​សម្បូរ​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះទេថែមទាំង​ជា​វារី​សត្វ​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​ខ្ពស់និង​មាន​អត្ថប្រយោជន៍នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ផង​ដែរព្រោះ​ថា​សាច់​អន្ទង់​អាច​ជួយ​ប៉ូវ​កម្លាំង និង​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​ដូចជាជំងឺ​គេង​មិន​លក់ ជួយ​សម្រួល​សរសៃ​ឈាម​ដល់​អ្នក​កើត​ទឹក​នោម​ផ្អែម​ជាដើម។

បច្ចុប្បន្ន​ការ​ចិញ្ចឹម​អន្ទង់​បាន​និង​កំពុង​មាន​ការកើនឡើង​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​យើងក៏ដូច​ជា​នៅ​បណ្ដាល​ប្រទេស​ជិត​ខាង​ផង​ដែរ ហើយ​បាន​ជួយ​សម្រួល​ដល់​ការ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់​ក្រុមគ្រួសារ​កសិករ​តាមជនបទ​ផង​ដែរ។

លោក​​សារិតក៏បានទទួលស្គាល់ដែរថា៖ «ការចិញ្ចឹម​អន្ទង់​នេះ​ជា​មុខរបរ​មួយ​ដែល​បានផ្ដល់​ប្រាក់ចំណូល​ជាប្រចាំ​ដោយមិន​ប៉ះពាល់​មុខរបរ​ប្រចាំថ្ងៃ​និងអាច​​ជួយ​ដោះស្រាយ​បញ្ហា​​​បាន​មួយចំនួន​»។​

​សម្រាប់​នៅ​ថ្ងៃ​អនាគត លោក​មានបំណង​ពង្រីក​ការចិញ្ចឹម​អន្ទង់​បន្ថែម​និង​ចងក្រង​ជា​សហគមន៍ដើម្បី​លក់​កូន​ចេញ​និង​ប្រមូល​សាច់​ចូល​វិញ។

កសិករ​រូបនេះ​បាន​និយាយ​ថា៖ «​យើង​សង្ឃឹមថា​ថ្ងៃ​ណាមួយយើង​នឹង​អាចធ្វើ​បាន​តាម​​អ្វីដែល​យើង​គិត​ដើម្បី​ជួយ​សម្រួល​ដល់​ការរក​ទីផ្សារ​ជូន​ប្រជាកសិករដែល​គាត់​ចិញ្ចឹម​ក៏​ដូច​ជា​ជួយផ្ដល់​មុខរបរ​បន្ថែម​​មួយទៀត​ដល់​ពួកគាត់​ផងដែរ​»។​

​កសិករ​ចិញ្ចឹម​អន្ទង់ លោក រី សារិត ស្ថិតនៅភូមិ កំពង់​បាស​ស្រូវ ឃុំ​ ជលសា ស្រុក​​ជល់​គិរី ខេត្ត កំពង់ឆ្នាំង​។​​​ព័ត៌មានបន្ថែម​សូមចូលទៅកាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈ BSF fame ឬ​ទំនាក់ទំនង​​​លេខ​ទូរ​សព្ទ​ ០៩៨ ៧៧២ ៤២៧ និង​​ ០៨៨ ៤២៦ ៤៩៤៦៕

មុខរបរចិញ្ចឹមអន្ទង់ ជួយបង្កើនចំណូលបន្ថែមដល់កសិករតាមជនបទ

កំពង់ឆ្នាំង: អន្ទង់ជាវារីសត្វមួយប្រភេទដែលងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អ ធ្វើឱ្យការចិញ្ចឹមវាត្រូវបានចាត់ទុកជាមុខរបរបន្ថែមប្រាក់ចំណូលដល់ក្រុមគ្រួសារតាមស្រុកស្រែចម្ការ។ យោងតាមសៀវភៅបច្ចេកទេសចិញ្ចឹមអន្ទង់ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីប្បកម្មនៃរដ្ឋបាលជលផល ចេញផ្សាយកាលពីឆ្នាំ ២០១៩ អន្ទង់ជាវារីសត្វមួយប្រភេទដែលត្រូវបានគេស្គាល់ជាទូទៅ នៅក្នុងប្រទេសកម្ពុជាយើង ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់លើទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ថិញ រិទ្ធី

កំពង់ធំ : ស្ត្រី​កសិករ​​នៅកំពង់ធំម្នាក់​បាន​កែប្រែជីវភាព​ឱ្យ​ប្រសើរឡើង​ក្រោយ​ពីសិក្សា​ដឹង​ថាសត្វ​ក្រួច​ងាយស្រួលចិញ្ចឹម ហើយថែមទាំងមានទីផ្សារល្អ។​

ធ្លាប់ជាអ្នក​ចិញ្ចឹម​មាន់ អ្នកស្រី ឡុងស្រី​រ៉ា មានបទពិសោធន៍​និង​បច្ចេកទេសចិញ្ចឹម​មាន់​​ជាច្រើន​ឆ្នាំ មក​ហើយ។ ​​កាលណោះ​អ្នកស្រី​ត្រូវ​​ការចំណាយ​ថវិកា​ច្រើន​លើ​ការ​ផ្តល់​ចំណី​​ឲ្យសត្វ​មាន់​ ​បាន​​គ្រប់គ្រាន់ការ​ចាក់​វ៉ាក់សាំង​ការពារ និងការ​​មើលថែទាំ​វា​ឱ្យបាន​ដិតដល់​។ ដោយ​ពុំសូវទទួល​បាន​ប្រាក់​ចំណេញ ទើប​​​នៅក្នុង​ឆ្នាំ​ ២០១៨អ្នកស្រី​បានងាក​មក​ចិញ្ចឹមសត្វ ក្រួច​សាក​ល្បង​វិញ។

កសិករ​ស្រី​រ៉ាបានប្រាប់ SR News ថា៖ «​ក្រួ​​ចងាយ​ស្រួល​ចិញ្ចឹម​ជាងមាន់ព្រោះវាទាមទារ​រយៈពេល​ខ្លី​ក្នុង​ការ​ចិញ្ចឹម និង​​ប្រមូល​ផល​សាច់​លក់បានលឿន»​។​

​ដំណាក់​ការ​ដំបូង អ្នកស្រីបាន​​ចំណាយ​ដើមទុន​ប្រមាណ ១៥​ម៉ឺន​រៀល​លើ​ការ​ភ្ញាស់ ពង​ក្រួច​​ ២០០​គ្រាប់ និង​ចំណី។ ពងក្រួច​ដែលភ្ញាស់​បានកូន​ប្រមាណ ១០០​ក្បាល ហើយ​​អ្នកស្រីបានប្រើ​ទ្រុងមាន់​ដែលមាន​​​ស្រាប់​​​​សម្រាប់​​​ចិញ្ចឹម​​ក្រួច​បន្ត។

ចំណាយ​រយៈពេល​ប្រមាណ​ ២៥​ថ្ងៃ​ទៅ​ ៣៥​ថ្ងៃ​នៃ​ការចិញ្ចឹម​ក្រួចអ្នកស្រីអាច​ប្រមូល​ផលសាច់ និងពង​​ក្រួច​បានជាច្រើន​សម្រាប់លក់ និង​ភ្ញាស់បន្តពូជ​​។

ដោយ​សត្វ​ស្លាប​មួយ​ប្រភេទ​នេះ​មាន​រសជាតិ​ឆ្ងាញ់ចិញ្ចឹម​ឆាប់​ទទួលបាន​ផល និង​មាន​ទីផ្សារ​ល្អ​កសិករ ស្រី​រ៉ា បាន​បន្ត​​​ចិញ្ចឹម​ក្រួចអស់​​រយៈពេល ៦​ឆ្នាំ ​​​ជាមួយការ​​​​​​ទទួលបាន​ទិន្នផល​ខ្ពស់ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​។

ទោះជាយ៉ាងណាក៏ដោយ ក៏​អ្នកស្រីបាន​បញ្ជាក់ថាក្រៅពី​ចំណាយ​លើ​ចំណី​ក្រួច អ្នកស្រី​ក៏ត្រូវ​​ចាក់​វ៉ាក់សាំង​​ឱ្យ​ពួកវា​​ដូច​មាន់​ដែរ។

​អ្នកស្រី ស្រីរ៉ា បាន​រៀបរាប់ថា៖ «ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អាសន្នរោគ​ចំពោះ​ក្រួច​ដែល​យើង​ទុក​សម្រាប់​ធ្វើជា​មេបា​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​រាល់​៦​ខែម្ដងហើយ​សម្រាប់​កូន​ក្រួច​សាច់​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​រាល់​ ១៥​ថ្ងៃ​ម្ដងនិង​ចំពោះ​រដូវភ្លៀង​គឺ​យើង​ត្រូវ​ប្រើ​ថ្នាំ​ការពារ​ជំងឺ រាកស រាក​ខៀវ និង​ផ្ដាសសាយហើយ​សម្រាប់​ខែ​ក្ដៅ​វិញ​យើង​ប្រើ​ថ្នាំ​ប៉ា​រ៉ា​លាយ​ជាមួយនិង​វីតាមីន​ស៊ី​ ដាក់​លាយ​ជាមួយ​ចំណីឲ្យ​វា​ស៊ី ដើម្បី​កាត់​បន្ថយស្ត្រេ​ស ហើយ​ការ​លាយ​ចំណី​វិញ ចំណី ១​តោន  ត្រូវ​លាយ​ជាមួយ វីតាមីន ​១​គីឡូក្រាម»​។

ក្រៅពី​ចិញ្ចឹម​ក្រួចយក​​​សាច់ អ្នកស្រីស្រី​រ៉ា ក៏​ចិញ្ចឹម​ក្រួច​ធ្វើជា​មេបា សម្រាប់​យក​ពង និងភ្ញាស់​កូនដើម្បី​ផ្គត់​ផ្គង​ទីផ្សារ​ផងដែរ​។​

ចំពោះ​ទីផ្សារ​លក់​កូន​ក្រួច​វិញ អ្នក​ស្រី​លក់​ចាប់ពី​អាយុ​ ៣​ថ្ងៃក្នុង ​១​ក្បាល តម្លៃ ​៨០០​រៀល អាយុ​ ៥​ថ្ងៃ ១​ក្បាល ​តម្លៃ ១០០០​រៀលអាយុ​ ៧​ថ្ងៃ​ ១​ក្បាល​តម្លៃ​ ១២០០​រៀល និង​ ១០​ថ្ងៃ ​១​ក្បាល​តម្លៃ ​១៥០០​រៀល​។ ក្រួច​សាច់​ក្នុង​មួយ​ក្បាល​តម្លៃ​ចន្លោះ​ប្រមាណ​ពី ២៨០០​រៀល​ទៅ​ ៣៥០០​រៀល​។​

​អ្នកស្រី​ស្រី​រ៉ា​​បាន​បញ្ចា​ក់ថា​៖ «​ក្រួច​របស់ខ្ញុំ​មាន​ទីផ្សារ​ល្អហើយ​ខ្ញុំ​ក៏​មិនដឹងថា​អ្នកដទៃ គាត់​ចិញ្ចឹម​និង​រក​ទីផ្សារ យ៉ាងម៉េច​ទេទើប​មិនមាន​ទីផ្សារ ហើយ​ឈប់​ចិញ្ចឹម​នោះ ខ្ញុំ​លក់​ក្រួច​គិត​ជាវ​គ្គ រាល់​៥ថ្ងៃ​ម្ដង ចាប់ ពី ១០០០​ក្បាល ទៅ ១៥០០​ក្បាលចំពោះ​ការប្រមូល​ផល​ពង​វិញ​ក្នុង​មួយថ្ងៃ​ប្រមាណ ៤៥០ គ្រាប់ សម្រាប់​មេបា ៦០០​ក្បាល»។​

​ប៉ុន្តែ​ទន្ទឹមនឹង​ការប្រមូល​ផល​នេះ កសិករវ័យ​​​ ៣៣​ឆ្នាំ​រូបនេះ​បាន​ប្រាប់ថាចាប់ពី​​ខែធ្នូ រហូតដល់ ខែមីនា ក៏មាន​ការផ្ទុះ​ជំងឺ​អាសន្នរោគ​ដែល​ធ្វើ​ឲ្យ​ក្រួច​ងាប់​ក្នុង​រយៈពេល​ខ្លី​ផងដែរ។

​ផលវិបាក​មួយទៀត​គឺ​ឈ្មួញ​តែងតែ​បន្ទាប​តម្លៃ​ដោយ​ប្រៀបធៀប​ក្រួច​សាច់​ក្នុងស្រុកជាមួយនឹង​ក្រួច​នាំចូលក្នុង​​តម្លៃ​ប្រហែល ២៥០០​រៀល​ប៉ុណ្ណោះ​ក្នុង ​១​ក្បាល ដែល​ជា​តម្លៃ​មិន​ចំណេញ​ទេ​។

អ្នកស្រីបានបញ្ជាក់ថា៖ «តម្លៃ​ក្រួច​ដែល​អាច​ចំណេញ​បាន​គឺ​ចាប់ពី​តម្លៃ ២៨០០​រៀល​ឡើងទៅ ក្នុង ១​​ក្បាល​»។​​

ការចិញ្ចឹម​ក្រួ​ច​គឺជា​របប​គោល​មួយ​នៅក្នុង​គ្រួសារ​របស់​អ្នកស្រី​ក្រៅពី​ចិញ្ចឹមមាន់ ទា និង​ក្ងាន ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នកស្រីបាន​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃទាំង​ការចាយវាយ  ការ​បង់ថ្លៃ​សាលា​​កូន លទ្ធភាព​បង់​ផ្ដាច់​ធនាគារ​និងការ​សាងសង់​ផ្ទះ​បាន​មួយ​ខ្នង​យ៉ាង​សមរម្យ​សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ​។​

​ជាមួយ​​ជោគជ័យ​ក្នុងការ​ចិញ្ចឹមសត្វ​ក្រួចកសិករ ស្រី​រ៉ា ក៏បាន​ផ្ដាំ​ទៅ​អ្នក​ចិញ្ចឹមសត្វ​ក្រួច​ទាំងឡាយថា៖ «​កុំ​ឲ្យ​ស៊ី​ចំណី​ផ្ដេសផ្ដាស​ក្រៅពី​ចំណី​ប្រចាំថ្ងៃនិង​​មិន​ត្រូវ​លាយ​ចំណី​ជាមួយ​ក​ន្ទួ​ក​ឬក៏​ប្តូរ​ចំណី​នោះទេ ព្រោះវា​បណ្ដាល​ឲ្យ​ក្រួច​អាក់​ពង»​​។

អ្នកស្រី​ក៏​រីករាយ​នឹង​ចែករំលែក​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ក្រួច​នេះទៅដល់​អ្នក​ដែល​ចង់​សាកល្បង​ចិញ្ចឹម​វាដែរ​ ព្រោះ​មុខរបរ​មួយ​នេះអាច​​ទទួលបាន​ប្រាក់កម្រៃ​ល្អ និង​ង​អាច​ដោះស្រាយ​ជីវភាព​គ្រួសារឱ្យប្រសើរឡើង​​។​

​​កសិករ​ចិញ្ចឹម​ក្រួច អ្នកស្រី ឡុង ស្រី​រ៉ាមាន​ទីលំនៅ​ក្នុង​ភូមិត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។ទំនាក់ទំនង​អ្នកស្រី​​តាម​ទំព័រ​​ហ្វេ​ស​ប៊ុ​កឈ្មោះ​ Veasna Oun Ra II និង​លេខ​ទូរ​ស័​ព្ទ​ ០៧៨ ៥០០ ៨០៧៕

ស្ត្រីជាកសិករនៅកំពង់ធំកាក់កបនឹងអាជីវកម្មចិញ្ចឹមក្រួចស្រួលថែ និងឆាប់បានផល

ស្ត្រីកសិករនៅកំពង់ធំម្នាក់បានកែប្រែជីវភាពឱ្យប្រសើរឡើងក្រោយពីសិក្សាដឹងថា សត្វក្រួចងាយស្រួលចិញ្ចឹម ហើយថែមទាំងមានទីផ្សារល្អ។

បាត់ដំបង​: កើត​ចេញពី​ភាពច្នៃប្រឌិតគួបផ្សំ​បទពិសោធន៍​ជាច្រើនឆ្នាំ អ្នកស្រី ម៉ៅ សុធា ជា​សិប្បករ​ផលិត​ប្រហុក​អង្ក្រង​ដ៏​មានរសជាតិ​ឈ្ងុយឆ្ងាញ់​និង​​​កំពុងត្រូវ​បាន​ដាក់​​លក់​លើ​ទីផ្សារ ជាមួយ​អ្នក​​គាំទ្រ​យ៉ាង​​​ច្រើនសន្ធឹក​។​

ប្រមាណជា​៥​ឆ្នាំ​មុន អ្នកស្រីសុធា គ្រាន់តែ​ជា​អាជីករ​លក់ប្រហុក ដែល​ត្រូវបាន​​អតិថិជនទទួលស្គាល់​ស្នាដៃ​ឆ្ងាញ់និង​ស្នើ​ឱ្យ​អ្នកស្រី​សាកល្បង​​​​ធ្វើ​ប្រហុកអង្ក្រង។

សិប្បករ​​លក់ប្រហុក​រូបនេះ​បាន​ប្រាប់ SR News ថា៖ «​ដំបូង​ឡើយ ខ្ញុំ​លក់​ប្រហុក​ធម្មតា​ទេ  តែដោយសារ​​​មាន​​ម៉ូយ​ខ្លះ​គាត់​ចង់​ឲ្យ​ខ្ញុំ​កែច្នៃ​ប្រហុក​លាយ​ជាមួយ​អង្ក្រងដោយ​ឃើញ​ថា​ប្រហុក​របស់​ខ្ញុំ​មាន​រសជាតិ​​ឆ្ងាញ់​ និង​អង្ក្រង​ក៏​សម្បូរ​នៅលើ​ទីផ្សារ​ទៀត​នោះទើប​ពួក​គាត់ចង់​ឲ្យ​ខ្ញុំ​កែច្នៃ​ធ្វើជា​ប្រហុក អង្ក្រង​នេះ​ឡើង»។

ដំណើរ​ការ​ធ្វើ​ប្រហុកអង្ក្រ​ងរបស់អ្នកស្រី​​​ត្រូវបាន​ចាប់ផ្ដើម​ពីបរិមាណ​​​តិចតួចជាការសាកល្បង​រហូត​​ឈានដល់ចំនួន​ច្រើនតាមតម្រូវការ​របស់ភ្ញៀវ។

អ្នកស្រី​ សុធាបានរៀបរាប់​ថា៖ «ណាមួយ​យើង​គិតថា​អង្ក្រង គឺ​យើង​អាច​យកមក​ឆា ឬក៏​ម្ជូរ​អី​ទេ ទើប​​ខ្ញុំ​​សាកល្បងយក​អង្ក្រង មក​ច្នៃ​ធ្វើជា​ប្រហុក​ល​មើល ត្រឹមតែ​២ ទៅ​៣​គីឡូក្រាម ប៉ុណ្ណោះតែ​ធ្វើ​យូរៗ​ទៅ​វា មាន​រសជាតិ ឆ្ងាញ់​ធ្វើ​ឲ្យ​ភ្ញៀវ​កុម្ម៉ង់​កាន់តែច្រើន​ទៅ​ច្រើន​ទៅៗ»​។​

ការផលិត​ប្រហុក​អង្ក្រង​នេះ​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​​សម្អាតជាច្រើន​ដងនិង​ចម្អិន​ឱ្យ​បាន​ត្រឹមត្រូវ​​ទើប​អាចរក្សា​ទុក​បាន​យូរ។

សិប្បករ​ធ្វើប្រហុកអង្ក្រង​វ័យ ​​៣៧​ឆ្នាំរូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «យើង​ត្រូវយក អង្ក្រង​មក​រើស​កម្ទេច​ស្លឹកឈើនិង​សត្វល្អិត​ផ្សេងៗ​ចេញ​ឲ្យ​ស្អាត​រួច យក​វា​ទៅ​លាង​ទឹក​ឲ្យ​អស់​ជាតិ​ជូរ ហើ​យកទៅ​ស្រុះទឹកក្តៅ​ឲ្យ​ឆ្អិត​ល្អដើម្បី​រក្សាទុក​បានយូរ។ បន្ទាប់មក យើង​យក​អង្ក្រង​ទៅ​ចិញ្ច្រាំ​ជាមួយនិង​ប្រហុក​ត្រី​រ៉ស់ដោយ​ផ្សំ​​គ្រឿង​ដូចជា ខ្ទឹមស ម្ទេស ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ស្ករ អំបិល និង​​ប៊ីចេង។​

​ដំណាក់កាលដែលលំបាកនិងទាមទារ​ការអំណត់ច្រើន​នោះ ត្រូវ​បាន​អ្នកស្រី​ សុធា បញ្ជាក់ថា​ ​ជាការ​​​រើស​កម្ទេច​ក​ម្ទី​ស្លឹកឈើ​ចេញ​ពី​អង្ក្រង​តែប៉ុណ្ណោះដែល​ត្រូវ​ការប្រើ​រយៈពេល​យូរ​ព្រោះ​អង្ក្រង​​តូចៗ​។​

​ប្រហុក​អង្ក្រង​​របស់អ្នកស្រីមានតម្លៃ​ ២៥០០០​រៀល ក្នុងមួយគីឡូក្រាម។ ​​ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​​ផលិត​​បានជា​ប្រមាណ ​១០០​គីឡូក្រាមដោយបច្ចុប្បន្ន​មាន​​​ដាក់​លក់នៅ​​ខេត្តបាត់ដំបង កំពង់សោម សៀមរាប និង ភ្នំពេញ​។​

​ភ្ញៀវ​ដែល​ទិញប្រហុក​អង្ក្រង​​យកទៅទទួលទានភាគច្រើន​តែងតែ​​សរសើរ​ប្រហុកអង្ក្រង​នេះ​ថា​​​ឆ្ងាញ់។ លើស​ពីរសជាតិប្រហុកអង្ក្រង​ក៏ត្រូវបាន​សិប្បករ​ផលិត​​ដោយ​មាន​អនាម័យ​ល្អ​ទាំង​ការ​ទុ​ក​ដាក់ ​និង​វេច​ខ្ចប់​នៅក្នុង​ក្រឡ​ជ័រ។

យោងតាមអ្នកស្រី សុធា ប្រហុកអង្ក្រង​​​អាច​រក្សាទុក​ក្នុង​ទូទឹកកក​ បាន​ប្រហែលជា ​១​ឆ្នាំ​​។

សម្រាប់អ្នកដែល​មមាញឹក​ពុំសូវមានពេលចូលចង្ក្រាន​ប្រហុក​អង្ក្រង​នេះអាច​ទិញ​យកទៅ​ទទួល​បាន​ភ្លាមៗ ​តែម្ដង​ ដោយ​​មិនចាំបាច់​ចំហុយ​។ ប្រហុកអង្ក្រង​អាច​ទទួលទានផ្ទាល់ជាមួយបាយ ផ្ទាប់​​បន្លែ​អន្លក់ សាច់ជ្រូក​អាំង ឬ​ក៏អាចយក​ទៅ​​លាយ​ធ្វើ​ជា​ទឹកប្រហុក​ផង​ដែរ។​

ក្រៅពី​​​ប្រហុក​អង្ក្រងអ្នកស្រី សុធា ក៏មាន​ធ្វើ​ប្រហុក​ក្រសាំង បុក​កន្ទុយ​ហេះ​ ត្រីប្រឡាក់ និង​ផលិតផល​ខ្មែរ​ជាច្រើន​ទៀត​។​

​​​សិប្បកម្ម​ប្រហុក​អង្ក្រងអ្នកស្រី ម៉ៅ សុធា មាន​ទីលំនៅ​ក្នុងភូមិ  ភូមិនរា ឃុំនរា២ ស្រុក សង្កែ ខេត្តបាត់ដំបង​។ ទំនាក់ទំនង​តាម​​​គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈ Sothea Bunhong និង ​លេខ​​ទូរ​ស័ព្ទ ​០៨៧ ៨២០ ១០៧ និង​ ០៧១ ៣៨១ ១១៧ ៕

ប្រហុកអង្ក្រង អ្នកបាត់ដំបង ទទួលបានការគាំទ្រច្រើន មួយថ្ងៃផលិតបាន ១០០គីឡូក្រាម

កើតចេញពីភាពច្នៃប្រឌិត គួបផ្សំបទពិសោធន៍ជាច្រើនឆ្នាំ អ្នកស្រី ម៉ៅ សុធា ជាសិប្បករផលិតប្រហុកអង្ក្រងដ៏មានរសជាតិឈ្ងុយឆ្ងាញ់ និងកំពុងត្រូវបានដាក់លក់លើទីផ្សារ ជាមួយអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក។
ថិញ រិទ្ធី

ពោធិ៍សាត់ៈ ZO Motors Cambodia គឺ​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី​ទី​ ១​ នៅ​កម្ពុជានិង​ដំបូង​គេ​បង្អស់ នៅ​តំបន់​អាស៊ានដែល​សាងសង់​នៅលើ​ទឹកដី​ខេត្តពោធិ៍សាត់​ក្នុង​ទំហំ​ផ្ទៃដី ១០ ហិកតា​។រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី​នេះ មាន​សមត្ថភាព​ផលិត​រថយន្ត​ដំណាក់កាល​ទី​ ១ បាន​ចំនួន ៣​ពាន់​គ្រឿង សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ក្នុងស្រុកហើយ​ដំណាក់កាល​បន្ទាប់រោងចក្រ​គ្រោង​នឹង​ផលិត​រថយន្ត​អគ្គីសនី​ប្រមាណ​ជាង​ ១​ម៉ឺន​គ្រឿង​បន្ថែមទៀត​។

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែនិង​ថាមពល​បាន​ប្រាប់​សារព័ត៌មាន SR News ឱ្យដឹងថា​៖«​ក្រុមហ៊ុន ZO Motors Cambodia មាន​ទីស្នាក់ការ​នៅ​តូ​ក្យូនិង​អាមេរិក ដែល​ដំឡើងរថយន្ត​ដឹង​ជញ្ជូន​ភស្តុភារសាក​អាគុយ​ដើរ​ដោយ​អគ្គីសនី​ទំនើប ប្រើប្រាស់​អស់​លុយ​តិចជាង​ប្រើប្រាស់​ម៉ា​ស៊ូ​តឬ​ស៊ាំ​ង និង​មិន​បញ្ចេញ​ផ្សែង​បំពុលបរិស្ថាន ហើយ​រថយន្ដ​អគ្គីសនី​នេះមានដូចជា​រថយន្ត​ដឹកទំនិញ រថយន្ត​មាន​ទូរ​ទឹកកក ដើម្បី​ធ្វើការ​ក្លាសេ​សាច់​បង្កកការ៉េម ភី​ហ្សា​»​។

​លោក កែវ រតនៈ បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន ZO Motors Cambodia មាន​គម្រោង​វិនិយោគ ប្រមាណ​ជាង ៤០​លាន​ដុល្លារដោយ​ក្នុងដំណាក់កាល​ទី​ ១ ក្រុមហ៊ុន​វិនិយោគ​ត្រឹមតែ​ជាង ១០​លាន​សិនដើម្បី​តេស្ដ​ទីផ្សារ​នៅ​កម្ពុជា​។

​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី ប្រភេទ​ដឹកទំនិញរបស់​ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​២០២៤  នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រគរ ស្ថិតក្នុង​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជាមួយគ្នា លោក កែវ រតនៈ បន្តថារោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី ដែល​កំពុង​បុកគ្រឹះ​សាងសង់នៅលើ​ទឹកដី​ខេត្តពោធិ៍សាត់​នេះ មិនមែនជា​រោងចក្រ​ទី​ ១នៅក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​ឡើយ ប៉ុន្តែ​រោងចក្រ​នេះ គឺជា​រោងចក្រ​ទី​១ដែល​ដំឡើងរថយន្ត​ដើរ​ដោយ​អគ្គិសនី មិន​ប្រើប្រាស់ ប្រេង​មួយ​ដំណក់និង​ជួយ​ដល់​ការការពារ​បរិស្ថាន និង​ជួយ​ដល់​សេដ្ឋកិច្ច​អ្នកប្រើប្រាស់ព្រោះ​រថយន្ត​ទាំងអស់​ដែល​ដំឡើង​នៅទីនេះ ជា​ប្រភេទ​រថយន្ត​លក្ខណៈ​គ្រួសារនិង​រថយន្ត​ដឹកជញ្ជូន​ធន​ធំៗ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន ZO Motors Co., Ltd. បាន​ប្តេជ្ញា​លើ​កំណែទម្រង់​វិស័យ​ថាមពលនិង​ជម្រុញ​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​ថាមពល​ស្អាត​ប្រកបដោយ​និរន្តរភាពដើម្បី​ជំរុញ​ការសាងសង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​សម្រាប់​ថាមពល​ស្អាត​ឱ្យបាន​ឆាប់រហ័សនិង​ប្រកបដោយ​ប្រសិទ្ធិភាព​។

​ក្នុងន័យនេះ​ផងដែរក្រុមហ៊ុន​មាន​គម្រោង​ស្ថានីយ​បញ្ចូល​ថាមពល ដែល​នឹង​ប្រើប្រាស់​ថាមពល​ជាតិឱ្យអស់​លទ្ធភាព ព្រមទាំង​បម្រើ​នៅតាម​ខ្សែ​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ​ទូទាំងប្រទេសក្នុង​រយៈពេល​២​ឆ្នាំ​ព្រមទាំង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង​២​ពាន់​កន្លែងដើម្បី​ចូលរួមចំណែក លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​។​

​សូម​ជម្រាបជូន​ថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ពាណិជ្ជកម្ម​ថាមពលជំនាន់​ក្រោយ​របស់​ប្រទេស​ជប៉ុន​-​ចិន ហើយ​ជា​ក្រុមហ៊ុន​ផលិតនិង​ចែកចាយ​រថយន្ត​ដឹកទំនិញ ពាណិជ្ជកម្ម ដែល​មិន​បញ្ចេញ​ឧស្ម័ន​នឹងត្រូវ​បាន​រចនានិង​ផលិត​នៅ​អាស៊ី ជាមួយនឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ជាស​កល​។ ក្នុងនោះ ZM Trucks បាន​ក្លាយជា​ម៉ាក​យីហោ​របស់ ZO Motors នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ខាងជើង​៕

ខេត្តពោធិ៍សាត់ មានរោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជា

ZO Motors Cambodia គឺរោងចក្រដំឡើងរថយន្តអគ្គិសនីទី១នៅកម្ពុជា និងដំបូងគេបង្អស់ នៅតំបន់អាស៊ាន ដែលសាងសង់នៅលើទឹកដីខេត្តពោធិ៍សាត់ក្នុងទំហំផ្ទៃដី ១០ ហិកតា។ រោងចក្រដំឡើងរថយន្តអគ្គិសនីនេះ មានសមត្ថភាពផលិតរថយន្តដំណាក់កាលទី១ បានចំនួន ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយដំណាក់កាលបន្ទាប់ រោងចក្រគ្រោងនឹងផលិតរថយន្តអគ្គីសនីប្រមាណជាង១ម៉ឺនគ្រឿងបន្ថែមទៀត។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្នំពញ: សម្រេចក្តីស្រម៉ៃជួយកសិករឱ្យទទួលបានចំណូល កាត់បន្ថយការចំណាកស្រុក និង ពង្រឹងការចិញ្ចឹមទាឡើងវិញអ្នកស្រី ម៉ោង ស្រីពៅ ប្រមូលទិញពងទាប្រមាណ ១០ម៉ឺន ទៅ ២០ម៉ឺនគ្រាប់ក្នុង ១ខែផលិតជាបណ្ដូលពងទាប្រៃ និងចែកចាយលើទីផ្សារទូទាំងប្រទេស។

អ្នកស្រីម៉ោង ស្រីពៅ ម្ចាស់សិប្បកម្មភូមិពងទាខ្មែរបានឱ្យដឹងថា មូលហេតុនៃការបង្កើតសិប្បកម្មនេះឡើង ដោយសារអ្នកស្រីចង់ផលិតអ្វីដែលថ្មី ចេញពីគំនិតខ្លួនឯងផ្ទាល់ដូច្នេះហើយ បានជាអ្នកស្រីជ្រើសរើសការកែច្នៃពងទាស្រស់ ទៅជាពងទាប្រៃដែលអាចនិយាយបានថា ជាផលិតផលថ្មីមួយប្លែកពីគេ។

អ្នកស្រីបញ្ជាក់ដូច្នេះថា៖«ខ្ញុំព្យាយាមស្វែងរករូបមន្តនិងដៃគូ ហើយសួរខ្លួនឯងថា តើផលិតផល ខ្ញុំមានតម្រូវការទីផ្សារបែបណា? ផលិតផលមួយហ្នឹងអាចរួមផ្សំជាមួយផលិតផលផ្សេងទៀតហើយសម្រេចបានជាផលិតផលថ្មីមួយទៀតបានបែបម៉េច? ឧបមាថាបណ្ដូលពងទាប្រៃអាចច្នៃយកទៅធ្វើអ្វីបានខ្លះ? ហើយផលិតផលមួយហ្នឹងរីកទៅបែបម៉េច?អ៊ីចឹងហើយបានជាខ្ញុំ យកផលិតផលមួយហ្នឹងជាគោលដៅរបស់ខ្ញុំ»។

បច្ចុប្បន្ននេះសិប្បកម្មផលិតបណ្ដូលពងទាប្រៃ បានប្រមូលទាំងពងទាស្រស់ចន្លោះពី១០ម៉ឺនទៅ២០ម៉ឺនគ្រាប់នៅក្នុង១ខែ ដែលពងទាទាំងអស់នេះ មានប្រភពមកពីខេត្តតាកែវ កំពតព្រៃវែង បាត់ដំបង និងខេត្តកំពង់ឆ្នាំង។

សិប្បកម្មមួយនេះអាចផលិតបណ្ដូលពងទាប្រៃ បាន ២០ម៉ឺនគ្រាប់ ក្នុង ១ខែ ហើយបើនៅក្នុងរដូវ បុណ្យទានដូចជាសែនក្បាលទឹក និងសែនលោកខែ សិប្បកម្មមួយ នេះ ផលិតបណ្ដូលរហូតដល់ ៣០ម៉ឺនគ្រាប់។

អ្នកស្រីស្រីពៅ បានឱ្យដឹងថា បណ្ដូលពងទាប្រៃ លក់រាយមានតម្លៃ ៨០០ រៀល ក្នុង ១គ្រាប់ចំណែកលក់លក្ខណៈបោះដុំ តម្លៃអាចចុះជាងនេះ ហើយបណ្តូលពងទាប្រៃមានលក់នៅតាមផ្សារទូទៅផ្សារទំនើប សួនធម្មជាតិ។

ម្ចាស់សិប្បកម្មខាងលើរៀបរាប់ពីដំណើរការផលិតបណ្ដូលពងទាប្រៃនេះថា៖ «យើងត្រូវយកពងទា មកលាងទឹកឲ្យស្អាត រួចយកត្រាំក្នុងទឹកអំបិលយើងឈប់ប្រឡាក់ពងទាជាមួយ ផេះទៀតហើយ ដោយយើងយកពងទា អំបិល ទឹកកំណត់ឲ្យសមស្របគ្នាទៅតាមអាយុកាល ដូចជាអាយុ ១៤ថ្ងៃ សម្រាប់ញ៉ាំធម្មតាមិនប្រៃពេកអាយុ ១៨ថ្ងៃ សម្រាប់ឆាជាមួយបន្លែ និងគ្រឿងសមុទ្រ និងអាយុ ២៥ថ្ងៃសម្រាប់យកទៅធ្វើជាស្នូលនំប៉ាវ ង៉ូវយីង និងនំពាជាដើម»។

អ្នកស្រីបញ្ជាក់ពីផលលំបាក៣ចំណុចដូច្នេះថា៖ «ទី១ការផលិត មានផលពិបាកច្រើនដែរ ដោយយើងស្មានបរិមាណទឹក និងបរិមាណអំបិលមិនសមាមាត្រគ្នា ដែលធ្វើឲ្យពងទាប្រៃពេក ឬសាបពេកធ្វើឲ្យពងទាខូចហើយពេលខ្លះសំបកពងទាស្ដើងក៏ធ្វើឲ្យខូចដូចគ្នា ទី២ ការប្រមូល ទិញពងទាក៏ជួបការលំបាកដូចគ្នា ព្រោះកសិករចិញ្ចឹមទាយកពង គាត់មិនបានសហការជាមួយ យើងទេពេលពងទាឡើងថ្លៃគាត់លក់ឲ្យអ្នកផ្សេង តម្លៃមានការប្រគួតប្រជែង ទី៣ការយកពងទាពីខេត្តឆ្ងាយ វាធ្វើឲ្យពងទាបែកច្រើនផងដែរ»។

សម្រាប់ទីផ្សារវិញអ្នកស្រីអះអាងថា បណ្ដូលពងទាប្រៃមានទីផ្សារល្អប្រសើរ និងទទួលបានគាំទ្រច្រើនពិសេសនៅតាមបណ្តាហាងលក់នំខេក និងនំពា ដោយសារតែការទិញយកតែបណ្តូល ពងទាប្រៃនេះធ្វើឱ្យអ្នកផលិតនំទាំងនោះ មានភាពងាយស្រួល ដោយមិនចាំបាច់ត្រូវផលិតបណ្តូល ពងទាប្រៃខ្លួនឯងនិងចំណេញពេលវេលា។

សិប្បកម្មផលិតបណ្ដូលពងទាប្រៃដែលមានទីតាំងនៅរាជធានីភ្នំពេញនេះបានជួយសម្រួល យ៉ាងច្រើនដល់ជីវភាពកសិករចិញ្ចឹមទា តួយ៉ាងមានទីតាំងលក់ពងទាច្បាស់លាស់មិនមាន ការបន្ទាបតម្លៃ ដែលធ្វើឲ្យពងទាសល់ខូច ជួយកសិករឱ្យពង្រឹងការចិញ្ចឹមទាឡើងវិញជាពិសេសផ្តល់ឱកាសការងារដល់ស្ត្រីមេម៉ាយ និងអ្នកមិនចេះអក្សរឱ្យទទួលបានចំណូលផ្គត់ផ្គងគ្រួសារ។

នាពេលអនាគតអ្នកស្រី ម៉ោង ស្រីពៅ មានបំណងបង្កើតកសិដ្ជានចិញ្ចឹមទា និងសមាគមន៍ស៊ុតដែលមានស្ដង់ដារទាំងការចិញ្ចឹម និងផលិតស៊ុត ហើយអាចកែច្នៃម្ហូបអាហារពីសាច់ទា ពងទានិង យកសាច់លក់ជាបំណែកៗដូចជា ទ្រូង ស្លាប និងអណ្ដាតជាដើមដើម្បីបំពេញតម្រូវការអតិថិជន។  

សិប្បកម្មភូមិពងទាខ្មែរមានទីតាំងស្ថិតនៅផ្ទះលេខ១១៨ ភូមិ ស្វាយតាអក ផ្លូវលេខ ១៨៩ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ភូមិពងទាខ្មែរ ឬ លេខទូរសព្ទ៖ ០៩៣ ៣១២ ១៣៩៕

«បណ្ដូលពងទាប្រៃ» ផលិតថ្មី មានទីផ្សារល្អ ជួយកសិករចិញ្ចឹមទា

សម្រេចក្តីស្រម៉ៃជួយកសិករឱ្យទទួលបានចំណូល កាត់បន្ថយការចំណាកស្រុក និង ពង្រឹងការចិញ្ចឹមទាឡើងវិញ អ្នកស្រី ម៉ោង ស្រីពៅ ប្រមូលទិញពងទាប្រមាណ១០ម៉ឺន ទៅ២០ម៉ឺនគ្រាប់ក្នុង១ខែ ផលិតជាបណ្ដូលពងទាប្រៃ និងចែកចាយលើទីផ្សារទូទាំងប្រទេស។
ថិញ រិទ្ធី