សេដ្ឋកិច្ច

តាកែវ:ដោយសារ​តែតម្លៃ​ថ្លៃនិង​លំហូរ​ចូល​នៃ​ផលិតផល​សូត្រ​រោង​ចក្រធូរថ្លៃ​​ពី​ប្រទេសជិតខាងសូត្រ​ខ្មែរ​ប្រណីត​ដែល​ត្បាញ​ដោយដៃយ៉ាង​ផ្ចិតផ្ចង់ ប្រឈម​ការ​​​ពិបាក​ឈរជើង​លើទីផ្សារជាហេតុ​នាំ​ឱ្យ​មាន​​ការ​បាត់បង់​អ្នក​តម្បាញ​ប្រពៃណីដែលពុំអាច​ប្រើចិញ្ចឹមជីវិត​ដោយ​កីតម្បាញ​ចិញ្ចឹមជីវិតនិង​ឈាន​​ដល់ការ​ធ្វើ​ចំណាកស្រុក។

មូលហេតុ​នេះ​ហើយ​​ដែល​នាំឱ្យ​អ្នកស្រី ឃុយចាន់ស៊ូ បាន​សម្រេចចិត្ត​​ប្រមែប្រមូលអ្នក​សិប្បករ​តម្បាញ​នៅខេត្ត​តាកែវមក​រួមគ្នា​ផលិត​សូត្រ​ប្រពៃណីដើម្បីលើកស្ទួយ​​​​ទំនៀម​ទម្លាប់ផលិត​​វាយនភ័ណ្ឌ​មរតក​ដូនតា នៅ​លើ​ទីផ្សារ​​ពោរពេញដោយការ​ប្រកួតប្រជែង​។

ស្ថាបនិក​​​​សិប្បកម្ម​ស៊ូ​កប្បាស អ្នកស្រី​ ចាន់​ស៊ូបាន​រៀបរាប់​ឱ្យសារព័ត៌មានSR Newsដឹងថា​៖ «​ដោយ​ខ្ញុំ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃតម្បាញ​មានការ​ថយចុះ​ជា​លំដាប់​ហើយ​គុណភាពក៏​មិនល្អ​ដូច​ពីមុន​ដែរ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖«​ក្នុងនាម​ខ្ញុំ​ជាកូន​អ្នក​តម្បាញ​ម្នាក់​ដែល​បាន​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ម្នាក់តើ​ខ្ញុំ​ត្រូវ​មានគំនិត​អ្វីមួយ ដើម្បី​ជួយអ្នកភូមិ​ស្រុក​របស់ខ្ញុំអ៊ីចឹង​ទើប​ខ្ញុំ​ខិតខំ​រៀនសូត្រ​និង​បានរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារតើ​ត្រូវធ្វើ​ម៉េចដើម្បីស្តារ​ទីផ្សារ​តម្បាញ​សូត្រ​ឡើងវិញ​»​។​

​ទើប​នៅក្នុង​ឆ្នាំ​២០២១អ្នកស្រី ចាន់​ស៊ូ បាន​ចាប់ផ្ដើម​បោះបង់​ការងារ​​​ទាំងអស់​មក​ផ្ដោត​តែ​លើ​​សិប្បកម្ម​ស៊ូ​កប្បាសដើម្បី​ធានា​ថា​ការ​ដំណើរការ​បានរលូន តាមរយៈបទពិសោធន៍ជា​កូនចៅអ្នកតម្បាញនិង​ចំណេះដឹងផ្នែកទីផ្សារ​ពី​ថ្នាក់ឧត្តមសិក្សា។​

អ្នកស្រី ចាន់​ស៊ូ បាន​រៀបរាប់​បន្តទៀតថា៖«​ខ្ញុំ​បាន​ប្រមែប្រមូល​កៀរគរ​អ្នក​ស្រុកភូមិ​របស់ខ្ញុំ​មកវិញ ដើម្បី​ឲ្យតម្បាញ​សូត្រ​មានពន្លឺឡើងវិញ​ដើម្បី​លើកកម្ពស់​ឲ្យ​ស្ត្រី​មេផ្ទះមានការ​ងារ​ធ្វើអាច​រកប្រាក់​ចំណូល​បានកុំ​ឲ្យ​ពួកគាត់​ធ្វើការ​ចំណាកស្រុក​បន្តទៀត​»​។​

សព្វ​ថ្ងៃ ស៊ូកប្បាស​​មាន​បុគ្គលិក​​២​នាក់ ដែលសុទ្ធសឹងតែជាស្រ្តីមេផ្ទះ​មក​បំពេញ​ការងារជាអ្នកតម្បាញយ៉ា​ងស្ទាត់ជំនាញ ដើម្បីយកស្នាដៃដ៏​ល្អឯកមួយនេះមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ជាតិនិងអន្តរជាតិក្នុងទម្រង់ជាផលិតផល​ផ្សេងៗគ្នា។

​ស្ត្រី​វ័យ​៣៣​ឆ្នាំ​​រូបនេះ​បាន​បន្ថែមទៀតថា៖«​កន្សែង​សូត្រ​ដែល​ខ្ញុំ​ត្បាញ​រាល់ថ្ងៃ​មាន​២​ប្រភេទ គឺ​កន្សែង សូត្រ​លាតនិង​កន្សែង​សូត្រ គោម​(​ហូល​) តែ​ក្រៅពី​កន្សែង​សូត្រ​ខ្ញុំ​ក៏មាន​ផលិត​ជា​កន្សែងអំបោះ ក្រណាត់ ផាហ៊ុមហើយក៏​មាន​ច្នៃ​ក្រមា​ខ្មែរ​ដេរ​ធ្វើជា​ប្រដាប់​ចង​សក់​សម្រាប់ យុវវ័យ​ដែលកំពុង​ពេញ និយម​​ផ​ងដែរ​»​។

កន្សែង​សូត្រ​​ខ្នាតតូច​មាន​ទំហំ​ទទឹង​៥​តឹកនិង​បណ្តោយ​១,៨ ម៉ែត្រ​ ​មានតម្លៃ​៣៥​ដុល្លារ និងខ្នាត​ធំ​ដែល​មាន​ទទឹង​១,២​ម៉ែត្រ តម្លៃ​៤៥​ដុល្លារ។កន្សែង​សូត្រនេះ​​ទទួល​បាន​ការ​គាំទ្រ​ពី​ភ្ងៀ​វ​ជាតិ​និង​អន្តរជាតិ។​​​

ដើម្បីប្រើប្រាស់ផលិតផលសូត្រឲ្យបានយូរ​​អ្នកស្រីបានណែនាំ​មិនឱ្យ​​យកកន្សែងសូត្រ​ទៅ​បោកគក់​ក្នុង​​​​ទឹក​ធម្មតា​បានទេ ដោយសារ​សាច់​អំបោះ​សូត្រ​អាច​ខូច​ទ្រង់​ទ្រាយ​ពេល​ត្រូវ​ទឹក​សើម​។​

​​​ទោះជា​សិប្បកម្ម​​ស៊ូកប្បាស​ត្រូវ​ប្រឈម​នឹងទីផ្សារ​ដែល​សម្បូរផលិតផល​សូត្រ​នាំ​ចូល​ក៏ពិតមែនតែអ្នកស្រី​ ចាន់ស៊ូ ​​​នៅតែបន្ត​​លើកស្ទួយអត្តសញ្ញាណសូត្រ​ខ្មែរ​ឱ្យ​បរទេសស្គាល់​កាន់តែ​ច្រើន។

ក្រៅពី​ប្ដេជ្ញាថានឹង​​ជួយ​អភិរក្ស​តម្បាញ​ខ្មែរ​​​ឲ្យ​មាន​ឈ្មោះ​បោះ​សម្លេង​កាន់តែខ្លាំង  សិប្បករ​ជាកូន​អ្នកតម្បាញ​​នៅស្រុកព្រៃកប្បាស​រូបនេះ​​បានសង្កត់ធ្ងន់​ថា៖«ពិសេស​បង្កើត​វត្ថុធាតុដើម​ដោយ​ខ្លួនឯង ដូចជា​អំបោះ​កប្បាស​​និង​ល័ក្ដ​ខ្មែរនិង​ចងក្រង​សៀវភៅ​តម្បាញ​ស្រុក​ខ្មែរ​​មួយ​ដែល​និយាយ​ពី​តម្បាញ​តាំងពី​បុរាណកាល​រហូ​ត​មក​ដល់​​​ប​ច្ចុ​ប្បន្ន»​។​

ព័ត៌មានបន្ថែមសូមទំនាក់ទំនងហ្វេសប៊ុកផេកស៊ូកប្បាស SouKabasCambodia ឬតាមទូរសព្ទលេខ០៧៧ ៣៦០ ១៤៤៕

ស្ថាបនិកសិប្បកម្មស៊ូកប្បាស ជម្នះឧបសគ្គដើម្បីអភិរក្សតម្បាញខ្មែរឱ្យល្បីល្បាញលើទីផ្សារ

ដោយសារតែតម្លៃថ្លៃ និងលំហូរចូលនៃផលិតផលសូត្ររោងចក្រធូរថ្លៃពីប្រទេសជិតខាង សូត្រខ្មែរប្រណីតដែលត្បាញដោយដៃយ៉ាងផ្ចិតផ្ចង់ ប្រឈមការពិបាកឈរជើងលើទីផ្សារ ជាហេតុនាំឱ្យមានការបាត់បង់អ្នកតម្បាញប្រពៃណីដែលពុំអាចប្រើចិញ្ចឹមជីវិតដោយកីតម្បាញចិញ្ចឹមជីវិត និងឈានដល់ការធ្វើចំណាកស្រុក។

ថិញ រិទ្ធី
Heading

តាខ្មៅ​: ក្រោយពី​ដំណើរការ​ចាប់តាំងពីឆ្នាំ២០១៩ ​ឥដ្ឋ​អេកូ​រាប់សិបដុំ​ច្នៃ​ពី​សំរាមប្លាស្ទិក ទទួលបានការ​គាំទ្រ​ច្រើនពីអតិថិជនហើយ​ម្ចាស់សិប្បកម្ម​ក៏បានអះអាង​ដែរថា ផលិតផល​គ្រឿង​​វិស័យសំណង់​នេះ​មិនត្រឹមតែ​ជួយបរិស្ថានទេថែមទាំង​មានគុណភាពអាយុកាល​យូរអង្វែង​ក្នុង​វិស័យសំណង់។

លោក សុខ ធី ស្ថាបនិក​ក្រុមហ៊ុន Eco-Bricksបាន​ប្រាប់​សារព័ត៌មាន SR News ថា​​៖ «ឥដ្ឋ​របស់​យើង​អាចមាន​អាយុកាល​ជាង​១០០ ឆ្នាំនិង​មាន​កម្លាំង​ខ្លាំង​ជាង​ឥដ្ឋ​ដីឥដ្ឋ​ក្រហម​ស្តង់ដារ​ពី ៥​ទៅ ៦​ដង​»​។

ទំរាំ​តែ​មានថ្ងៃ​នេះ ក្រុមហ៊ុន​ផលិត​ឥដ្ឋ​អេកូ​បាន​ឆ្លង​កាត់​ឧបសគ្គជាច្រើនទាំងការ​ខ្វះ​ខាតដើម​ទុននិង​វត្ថុធាតុដើម​។

កាលណោះ លោក​ ធី ​មិនមាន​សូម្បីតែ​ម៉ាស៊ីន​សម្រាប់​កិន​ប្លា​ស្ទិ​ក។​លោក​ត្រូវ​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លា​ស្ទិ​ក ជា​បំណែក​តូចៗ​។

តាមរយៈ​ការ​សិក្សា​ពី​អ៊ីនធើណិតគួបផ្សំ​នឹង​បទពិសោធន៍​ពីប្រទេស​​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​លោក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩។

រោងចក្រ​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​នេះ​ក៏បាន​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​យល់ដឹង​ពី​ការកែច្នៃ​សំរាម​ទៅជា​ឥដ្ឋនិង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លា​ស់​ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាមឬ​ដុត​ប្លា​ស្ទិ​ក​។  

លោក សុខ ធី បានឱ្យដឹងថា​៖ «​ប្លា​ស្ទិ​ក​ទម្ងន់​២ គីឡូក្រាម​អាច​ផលិត​ឥដ្ឋ​អេកូ​បាន​មួយ​ដុំហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​១០០០​រៀលហើយ​អតិថិជន​ក៏​អាចធ្វើ​ការជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ទៅតាម​ការចង់បាន​ផងដែរដោយមាន​៣ ប្រភេទ​គឺ ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បកឈើ និង​ឥដ្ឋ​ធម្មតា​»​។​

សូម្បី​តែដំណើរការ​ផលិត​ឥដ្ឋ​អេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផល​ប៉ះពាល់ដល់បរិស្ថានផង​ដែរ។

លោក​បាន​ឱ្យដឹងទៀតថា៖ «​យើង​ស​ម្ងួ​ត​ឥដ្ឋ​ដោយ​មិន​ប្រើ​ឈើ​ដុត​ស​ម្ងួ​ត​នោះទេដោយ​សង្វាក់​ផលិតកម្ម​របស់​យើង​ធ្វើតាម​បច្ចេកទេស​ដោយ​គ្រាន់តែ​ស្រោច​ទឹក​ប៉ុណ្ណោះ។​នេះ​ក៏​ជួយ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​កាត់បន្ថយ​តម្លៃ​ថ្លៃដើម​ផងដែរ​»​។​

​​ ​សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះ​ពានរង្វាន់​ចំនួន​៤​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​និង​បាន​លក់គម្រូ​​អាជីវកម្ម​ជា​​ហ្វ្រេ​ន​ឆាយទៅ​​ចំនួន​១០​ក្រុមហ៊ុន​ផ្សេងទៀដោយបង្រៀន​​បច្ចេកទេស​ផលិត​ដល់ក្រុមហ៊ុនទាំងនោះ​ក្នុងការ​​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាពដូចគ្នា​នឹងក្រុមហ៊ុន​មេ​។​

​​សិប្បកម្ម​ផលិត​ឥដ្ឋ​អេកូ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិចសង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក ឥដ្ឋ​អេកូ Eco-Bricks​ឬ​សូម​ទំនាក់ទំនងទូរ​សព្ទ​លេខ ០៨៥ ២២៤ ៤៦៦៕

ឥដ្ឋអេកូកែច្នៃពីសំរាមប្លាស្ទិក ជួយបរិស្ថាន ហើយមាំធន់សម្រាប់សំណង់

សាកគិតមើលទៅ ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំ ហើយឥដ្ឋមួយដុំមានតម្លៃតែ ១០០០រៀល។ អ៊ីចឹងផ្ទះមួយខ្នង ជួយកាត់បន្ថយសំរាមប្លាស្ទិកបានប៉ុន្មានដែរ?
January 14, 2025
Heading

ភ្នំពេញ : ​ស្ថិតនៅ​សិប្បកម្ម​មួយកន្លែងនៃសង្កាត់​ចោមចៅដប​ប្លា​ស្ទិ​កជាង​៤០០​តោន​នៅ​ក្នុងស្ដុក​កំពុង​​រង់ចាំ​កម្មករ​ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​ហូត​ជា​សរសៃៗ​ដើម្បី​កែច្នៃ​ជា​អំបោស​ប្រើប្រាស់​ប្រចាំថ្ងៃ។

​​ភាព​មមាញឹក​នៃចង្វាក់​ផលិតកម្ម​នេះ​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​លោក​លោក ហាស់ គា ដែល​កំពុង​ឈរ​ក្នុង​រោង​សិប្បកម្ម​ផលិត​អំបោស​ខណៈ​​កម្មករ​ជាច្រើន​ពាក់ស្រោមដៃការពារ​ការមុត​កំពុង​អង្គុយ​ហូត​សរសៃ​ជ័រ​ចេញពី​ដប​ប្លា​ស្ទិក​។​

លោក​ គា ដែល​ជា​ម្ចាស់សិប្បកម្ម បានធ្វើ​ឱ្យ​​គំនិតផលិត​​អំបោស​ពី​ដប​ប្លាស្ទិក​​ក្លាយជា​អាជីវកម្ម​​ពិតៗ​តាមរយៈ​ការ​​មើលវីដេអូលើ​​យូ​ធូប​គួបផ្សំ​នឹង​ការ​ខិតខំ​​ស្រាវជ្រាវ​បន្ថែម។

​​លោក​​បាន​ប្រាប់​សារព័ត៌មាន SR News ថា៖ ​«​​ដំបូង​ខ្ញុំ​គ្រាន់តែ​មើល​យូ​ធូប​ឃើញ​វីដេអូបរទេស​បង្ហាញ​ពី​ការផលិត​អំបោស​ពី​ដប​​ទឹក​សុទ្ធ ពេលនោះ​ខ្ញុំ​គិតថា​នៅ​ស្រុក​យើងសម្បូរ​ដប​ទឹក​សុទ្ធ ហើយ​មានតម្លៃ ថោក​ទៀតផងខ្ញុំ​ក៏បាន​ស្រាវជ្រាវ​លំអិត​បន្ថែម​ពី​ដំណើរ​ការផលិត​»​។​

​​នៅក្នុង​ដើមឆ្នាំ​២០២៣ សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិកក្នុង​ភូមិ​ព្រៃទា ២ សង្កាត់​ចោមចៅ ៣ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើត​និង​បានផ្ដល់​ការងារ​ដល់​អ្នក​រស់​នៅ​ជុំវិញ​​​នោះ​ប្រមាណ​ជា​ជិត៣០​នាក់។

​កម្មករ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​វ័យ​ចំណាស់ៗនិង​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ពួកគាត់​ជា​អ្នក​កែច្នៃអំបោស​ពីដបប្លាស្ទិក ដែល​​កំពុងមាន​គាំទ្រ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

​លោក គាដែលជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​អំបោស​ប្លា​ស្ទិក​បាន​សម្ដែងចំណាប់អារម្មណ៍ថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែលសិប្បកម្ម​របស់ខ្ញុំ​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ថែមទាំង​បាន​ជួយ​បរិស្ថាន​បាន​មួយកម្រិត​​ទៀតផង»​។​

​អំបោស​ធ្វើ​អំពី​ដប​ទឹក​សុទ្ធធន់​​​មិនថា​ការ​​​បោស​ដី​ភក់ ​ស្លឹកឈើ ​សំរា​ម​សើម សំរាម​ស្ងួត លាមក​សត្វ គ្រួស​​​ថ្ម ជាដើម​ហើយ​ងាយ​លាង​ទឹកសម្អាតយក​មកប្រើប្រាស់ឡើងវិញ។

វត្ថុធាតុ​ដើម​​ក្នុងការ​ធ្វើអំបោស​មិន​មានអ្វី​ច្រើន​លើសពី​ដប​ប្លាស្ទិកដងឫស្សី លួស និង​សរសៃជ័រនោះទេ។

​លោក​ គា បាន​រៀបរាប់ពីដំណើរការ​ផលិត​ថា៖​«ដើម្បី​ផលិត​បានជា​អំបោស​ដ៏​រឹងមាំ​មួយ​បានយើង​ត្រូវការ​ដង​ឫស្សី មួយ ម៉ែត្រ​២​តឹក​យកមក​បំពាក់​ជើងក្អែក​លួស​២​លី​កន្លះ​ជាមួយនឹង​សរសៃ​ជ័រ​៥​​ខាំ​មក​រុំ​ចុង​អំបោស​យក​ប្រវែង​បួន​តឹករួច​ឃ្លុំបេ​ដោយ​ដប​ទឹក​សុទ្ធ​នៅជាប់​នឹង​​ក្បាល​អំបោស​ដើម្បី​ឲ្យ​មានសោភ័ណភាព​រួច​ក្រង​សរសៃ​ជ័រ​ដប​ទឹក​សុទ្ធ​ដោយ​ប្រើ​ខ្សែ​តាន់​ស្វិត​ដើម្បី​ឲ្យ​សរសៃ​អំបោស​រឹង​បន្តិច»​​។​

​​ក្នុង​មួយថ្ងៃៗ​សិប្បកម្ម​របស់លោក​អាច​ផលិត​អំបោស​បាន​ពី​២០០​ទៅ​៥០០​ដើម​ជាមួយ​​កម្លាំង​​កម្មករ ១​៦​នាក់​។​​អំបោស​១​ដើម​មានតម្លៃ​១០,០០០ រៀល​និង​១៥,០០០​រៀល​។​

​ម្ចាស់​អាជីវកម្ម​​វ័យ​៤០​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ពេល​មាន​ក្រុមហ៊ុន​បោសសម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ​មួយ​បាន​កុម្ម៉ង់​អំបោស​ពី​សិប្បកម្ម​លោក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​លោក​រំពឹង​ថា បើ​​មាន​​​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀចាប់​​អារម្មណ៍​​កុម្ម៉ង់បន្ថែម​នោះវា​​រឹត​តែ​ល្អ ដោយសារ​​សិប្បកម្ម​នេះ​គាំទ្រ​ការ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើ​យ​ផលិតផល​ត្រូវបាន​​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​​​។​

​​នា​​ថ្ងៃ​អនាគត លោក គា ​ចង់​ពង្រីក​សិប្បកម្ម​នេះ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​ដើម្បី​​​ជួយ​ដល់​អ្នក​ខ្វះខាត​ឲ្យ​បាន​កាន់តែច្រើនក៏ដូចជា​រួមចំណែក​កែច្នៃកាកសំណល់ដប​ប្លាស្ទិក​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក អំបោស​ប្រើ​មិន​ខូចឬ​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៧ ២២២ ០០០៕

អំបោសធ្វើពីសរសៃដបប្លាស្ទិកធន់មាំ ទទួលការគាំទ្រកាន់តែខ្លាំង

គ្រាន់តែមើលយូធូប បុរសម្នាក់នេះបានខិតខំស្រាវជ្រាវបន្ថែម រហូតបង្កើតបានសិប្បកម្មដែលស្ដុកដបទឹកប្លាស្ទិក ៤០០តោនសម្រាប់កែច្នៃទៅជាអំបោសប្រើប្រាស់។
January 9, 2025
Heading

អត្ថបទបន្ថែម

ពោធិ៍សាត់​៖ កសិដ្ឋាន​ដំណាំ​ចំការ​ខ្ញី​អូរ​សោម គឺជា​ក​សិ​ដ្ឋា​ដ៏​ធំ​មួយដែល​ដាំ​ដុះ​ដំណាំ​ខ្ញី ទៅតាម​លក្ខណៈ បច្ចេកទេស ដោយ​ក្នុង​ ១ហិកតា​អាច​ដាំ​បាន​ចំនួន​ជាង ៧​ម៉ឺន​គុម្ព និង​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី ៧៥​តោនទៅ​១២០​តោន ហើយ​គ្រោង​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​។​

​លោក ហ៊ុល សុធាម្ចាស់​កសិដ្ឋាន​ដំណាំ​ចំការ​ខ្ញី​អូរ​រ​សោម​បាន​ប្រាប់ SR News ឱ្យដឹងថា​៖ «​ដំណាក់កាល​ដំបូង​នេះខ្ញុំ​បាន​ដាំ​ខ្ញី​លើ​ផ្ទៃដី​១៣​ហិកតា​សម្រាប់​ធ្វើជា​ពូជ បើ​ថែទាំ​បានល្អ​ត្រឹម៦​ខែ ទៅ​៨​ខែ​អាច​ប្រមូល​ផល​បាន​ហើយ ដោយ​ក្នុង​១​ហិកតា យើង​អាច​ដាំ​បាន​ចំនួន ៧​ម៉ឺន ៥​ពាន់​គុម្ព និង​ចាយ​ទុន​អស់ ២​ម៉ឺន ៨​ពាន់​ដុល្លារនិង​ទទួលបាន​ទិន្នផល​ក្នុង​១​ហិកតា​ចន្លោះ​ពី ៧៥​តោន ទៅ​១២០​តោនហើយ​ដំណាក់កាល​ទី​២ ខ្ញុំ​គ្រោង​នឹង​ពង្រីក​លើ​ផ្ទៃដី​ ១០០​ហិកតា ដើម្បី​នាំចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​»​។​

​ម្ចាស់​កសិដ្ឋាន​រូបនេះ​បន្តថាកសិដ្ឋាន​ដំណាំ​ចំការ​ខ្ញី​អូរ​សោម បង្កើតឡើង​នៅ​ដើមឆ្នាំ ​២០២៣ដោយ​ប្រភេទ​ពូជ​ខ្ញី និង​បច្ចេកទេស​ដាំ​ដុះ គឺ​បានមកពី​ប្រទេស​ចិនហើយ​បច្ចុប្បន្ននេះ នៅ​កសិដ្ឋាន​របស់លោក ប្រើប្រាស់​កម្លាំង​កម្មករ​ចំនួន ៥០​នាក់រួមទាំង​អ្នកជំនាញ​ផ្នែក​កសិកម្ម​របស់​ចិន​ម្នាក់​ផងដែរ​។​

​ពាក់ព័ន្ធ​បច្ចេកទេស​ដាំ​ដុះលោក​អះអាង​បែបនេះ​ថា​៖ «​ការដាំ​ខ្ញី​នេះ​ពិបាក​បន្តិចយើង​មិន​ធ្វើ​ដូច​ទម្លាប់ របស់​កសិករ​ខ្មែរ​ធ្វើ​សព្វថ្ងៃ​នោះទេខ្ញុំ​ធ្វើ​ទៅតាម​បច្ចេកទេស ពិនិត្យ​ទាំង​ដី ទាំង​ការគ្រប់គ្រង​ដី គ្រប់គ្រង​ទឹកគ្រប់គ្រង​ទាំង​អាកាសធាតុ​ទៀត សូម្បីតែ​សំណើម​ក្នុង​ដី ក៏ត្រូវ​ពិនិត្យ​វាជា​រៀងរាល់​ដែរ ពេល​យើង​ធ្វើ​វា​ហើយ ត្រូវ​តាមដាន​ដូច​កូនក្មេង​អ៊ីចឹង​»​។​

​សម្រាប់​ការជ្រើសរើស​ពូជ​ខ្ញី​របស់​ចិន​មក​ដាំ​ដុះ​បែបនេះលោក​ពន្យល់ថា ពូជ​ខ្ញី​ចិន​មាន​លក្ខណៈ​ខុសគ្នា ពី​ខ្ញី​ខ្មែរ ដោយសារ​ខ្ញី​ចិន​មាន​រសជាតិ​ស្រាល​ជាងនិង​មិន​ហិ​រ​ខ្លាំង​ដូច​ខ្ញីភ្លើង​របស់​ខ្មែរ​ឡើយរីឯ​ការជ្រើសរើស​ទឹកដី​អូរ​សោម​សម្រាប់​ដាំំ​ដុះ​ដំណាំ​ខ្ញី​នេះ​វិញដោយ​លោក​មើលឃើញថាខេត្តពោធិ៍សាត់​មាន​លក្ខណៈ​អំណោយផល​ខ្លាំង​សម្រាប់​ដំណាំ​ប្រភេទ​មើម​ដូចជា ត្រាវដំឡូង និង​រមៀត ពិសេស​ដំណាំ​ខ្ញី​នេះ​តែម្តង​។

​លោក ហ៊ុល សុធាម្ចាស់​កសិដ្ឋាន​ដំណាំ​ខ្ញី​អូរ​សោម​បាន​លើកឡើងថាកង្វះ​ទីផ្សារ​ក្នុងការ​នាំចេញ​កសិផល នៅតែ​ជា​បញ្ហា​ប្រឈម​របស់​កសិករដូច្នេះ​មុន​ឈានដល់​ការដាំ​ដំណាំ​ខ្ញី លោក​បាន​ទៅ​ស្វែងរក​ទីផ្សារនៅ​សហរដ្ឋអាមេរិក​ជាមុនសិន លោក​នឹង​វាយលុក​ទីផ្សារ​ក្នុងស្រុក​បន្ទាប់​។​

​លោក បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​បានធ្វើ​រួចរាល់​ហើយដោយនៅ​រង់ចាំតែ​ការប្រមូល​ផល​ប៉ុណ្ណោះហើយ​ការដាំ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នេះ ក៏​នៅមាន​មួយចំណែក​ទៀតសម្រាប់​លក់​លើ​ទីផ្សារ​ក្នុងស្រុក​ផងដែរ​»​។

​ពូជ​ខ្ញី​ដែល​ដាំ​ដុះ​នៅលើ​ទឹកដី​អូរ​សោម​នេះ ​នាំចូល​ពី​ប្រទេស​ចិនដែលមាន​រសជាតិ​ហឹរ ស្រាល​ជាង​ពូជ​ខ្ញី​ដែល​ដាំ​នៅក្នុង​ប្រទេស​កម្ពុជាហើយ​គេ​និយម​ប្រើប្រាស់​យ៉ាង ទូលំទូលាយ​សម្រាប់​ធ្វើជា​គ្រឿងទេសឬ​ធ្វើជា​ឱសថ​បុរាណ​ជាដើម ដែល​អាច​លក់បាន​តម្លៃ​ក្នុង ១​គីឡូក្រាម​ពី ២៥០០​រៀលទៅ ​៧០០០​រៀល សម្រាប់​ទីផ្សារ​ក្នុងស្រុក​៕

ដំណាំខ្ញីអូរសោម ដាំតាមលក្ខណៈបច្ចេកទេស គ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក

កសិដ្ឋានដំណាំចំការខ្ញីអូរសោម គឺជាកសិដ្ឋាដ៏ធំមួយ ដែលដាំដុះដំណាំខ្ញី ទៅតាមលក្ខណៈ បច្ចេកទេស ដោយក្នុង១ ហិកតាអាចដាំបានចំនួនជាង ៧ម៉ឺនគុម្ព និងអាចប្រមូលផលបានចន្លោះពី ៧៥តោន ទៅ១២០តោន ហើយគ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ពោធិ៍សាត់​៖ ខេត្តពោធិ៍សាត់ត្រូវបាន​ចាត់ទុកជា​ខេត្ត​មាន​សក្តានុពល​ខ្លាំង​ផ្នែក​វា​រី​អគ្គិសនី រហូត​ជាប់រហ័ស្ស​នាម​ជា «​ធុងអាគុយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែលមាន​កម្លាំង​ថាមពលអគ្គីសនី​រហូតដល់ ៣៥០ មេ​ហ្គា​វ៉ាត​(MV) និង​កម្លាំង​ថាមពល​ប្រើ​ដោយ​ពន្លឺព្រះអាទិត្យ​ ២៤០ មេ​ហ្គា​វ៉ាត​(MV) ដែល​អាច​ធ្វើការ​ចែកចាយ​ផ្គត់ផ្គង់​បាន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិសាត់ បាន​ប្រាប់ SR News ឲ្យ​ដឹងថា នៅ​ខេត្តពោធិ៍សាត់ មាន​វា​រី​អគ្គិសនី​ចំនួន៣​កន្លែង ដែលមាន​កម្លាំង​ថាមពល​សរុប ៣៥០ មេ​ហ្គា​វ៉ាត (MV) ដូចជា វា​រី​អគ្គិសនី​អា​តៃ​មាន​កម្លាំង​ថាមពល ១២០មេ​ហ្គា​វ៉ាត​(MV) ដែល​កំពុងតែ​ដំណើរការ​រយៈពេល​ ១១​ឆ្នាំ​មកហើយ​, វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១មាន​កម្លាំង​ថាមពល ៨០ មេ​ហ្គា​វ៉ាត​(MV) មាន​ទីតាំង​ស្ថិតក្នុង​ក្រុង​ពោធិ៍សាត់កំពុងដំណើរការ​សាងសង់ និង​បញ្ចប់​គម្រោង សាងសង់​នៅ ឆ្នាំ​ ២០២៦ និង​ទី​៣វា​រី​អគ្គិសនី​ស្ទឹង​មេទឹក មាន​កម្លាំង​ថាមពល ១៥០ មេ​ហ្គា​វ៉ាត​(MV) មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែងកំពុងដំណើរការ​សាងសង់​។​

​លោកខូ​យ រី​ដា បញ្ជាក់​បន្ថែមថា​៖ «​នៅ​ខេត្តពោធិ៍សាត់​ក្រៅពី​អគ្គិសនីក៏មាន​ថាមពល​ប្រើ​ដោយ ពន្លឺព្រះអាទិត្យ​ផងដែរនៅឯ​ស្រុក​ក្រគរ​កំពុងដំណើរការ​បច្ចុប្បន្ន​មាន​កម្លាំង​ថាមពល ៩០ មេ​ហ្គា​វ៉ាត (MV) និង​កំពុងធ្វើការ​សាងសង់​មួយកន្លែង​ទៀតដែលមាន​កម្លាំង​ថាមពល​រហូតដល់ ១៥០ មេ​ហ្គា​វ៉ាត​(MV)អាច​និយាយបានថាសម្រាប់​ខេត្តពោធិ៍សាត់ មាន​ថាមពល​ពីរ​ប្រភេទ​គឺ ថាមពល​អគ្គិសនីនិង​ថាមពល​ពន្លឺព្រះអាទិត្យហើយ​ក្នុង​ខេត្ត​ពោធិ៍​សាត​ប្រើប្រាស់​អគ្គីសនី​ប្រមាណ​ជា​៣០ មេ​ហ្គា​វ៉ាត​(MV) នៅ​សេសសល់​ប៉ុន្មាន​គឺ​ចែកចាយ​ទៅ​ទូទាំងប្រទេសដូច្នេះហើយ​ទើប​រដ្ឋាភិបាល​បានដាក់​រហ័ស្ស​នាម​ជា «​ធុងអាគុយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»»​។​

​បន្ថែម​ពីលើ​ប្រភព​ថាមពល​ខាងលើនេះលោក​អភិបាលខេត្ត​ក៏​បញ្ជាក់ទៀតថា ខេត្ត​ភាគ​លិច​នេះក៏មាន​ប្រភព​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ជាច្រើន​កន្លែង​ផ្សេងទៀត​ដូចជាស្ថានីយ​អគ្គិសនី​ដើរ​ដោយ ថាមពល​ពន្លឺព្រះអាទិត្យ​មាន​អនុភាព ១០ គីឡូវ៉ាត់ម៉ោង (KWH) ០១ កន្លែង​, ស្ថានីយ​អគ្គិសនីដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​មាន​អនុភាព ០៧ គីឡូវ៉ាត់ម៉ោង (KWH) ០១ កន្លែង និង​ស្ថានីយ​សាក​អាគុយ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យថាមពលខ្យល់ និង​ប្រេង​ខ្មៅ មាន​អនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង (KWH) ០១​កន្លែង​។​

​ក្នុង​ដំណើរ​ដឹកនាំ​អ្នកសារព័ត៌មានទៅ​ទស្សនកិច្ច​នៅ​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ខេត្តពោធិ៍សាត់  លោក ខូ​យ រី​ដា អភិបាលខេត្ត​បានឱ្យដឹងថាទំ​បន់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ខេត្តពោធិ៍សាត់ ត្រូវ​ជួប​បញ្ហា​ខ្វះ​ទឹកដើម្បី​បម្រើឱ្យ​ការផលិត​អគ្គិសនី​រយៈពេល​៣​ខែ នៅ​រដូវប្រាំង​។​

​លោកលើកឡើង​ដូច្នេះ​ថា​៖«​ជាក់ស្ដែង​គឺ​ទៅតាម​ទំហំ​ផ្ទៃ​ទឹក​នេះយើង​បាន​សួរ​ទៅខាង​ក្រុមហ៊ុន​ហើយ មិញ​នេះ គឺ​ទឹក​នៅ​ខែប្រាំងប្រឈម​(​ខ្វះ​ទឹក​សម្រាប់​ផលិត​អគ្គិសនី​)៣​ខែ ក្នុង​៣​ខែ​ហ្នឹង​គឺ ខែ​ទី​១ ទី​២ទី​៣ យើង​បើក​បានតែ​១០​ថ្ងៃ​ទេ អ៊ីចឹង​២០​ទៀត គឺ​អត់​ដំណើរការ​ទេ​។ អ៊ីចឹង​ទឹក​នេះអត់​ទាន់​បាន ផ្គត់ផ្គង់​(​ការផលិត​អគ្គិសនី​)​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​ពេញ​ទេអ៊ីចឹង​មាន​បញ្ហា​រយៈពេល​៣​ខែ​ហ្នឹង​គឺ ១​ខែ​បានតែ​១០​ថ្ងៃ​ទេ»៕

ខេត្តពោធិ៍សាត់ ជាឃ្លាំងថាមពលអគ្គីសនី របស់កម្ពុជា

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ត្រូវបានចាត់ទុកជាខេត្តមានសក្តានុពលខ្លាំងផ្នែកវារីអគ្គិសនី រហូតជាប់ រហ័ស្សនាមជា «ធុងអាគុយនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានកម្លាំងថាមពល អគ្គីសនីរហូតដល់ ៣៥០ មេហ្គាវ៉ាត(MV) និងកម្លាំងថាមពលប្រើដោយពន្លឺព្រះអាទិត្យ ២៤០ មេហ្គាវ៉ាត(MV) ដែលអាចធ្វើការចែកចាយផ្គត់ផ្គង់បាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កំពត​: ផ្លែ​ដូង​ជាច្រើន​រយ​ពាន់​ផ្លែ ត្រូវបាន​សិប្បកម្ម​របស់ លោក ឆាយ ស៊ី​នឿនប្រមូល​ទិញ យកមក​ចម្រាញ់ និង​ផលិត​ចេញ​ជា​ប្រេងដូង​ធម្មជាតិ ដែលមាន​គុណភាព​ខ្ពស់កប​នឹង​ជំងឺ​ច្រើន​មុខ ថែមទាំង​ជួយ​ថែរក្សា​សម្ផស្ស​បាន​ទៀតផង​។

​លោក ឆាយ ស៊ី​នឿនអ្នកគ្រប់គ្រង​ទូទៅ​នៃ​សិប្បកម្ម​ផលិត​ប្រេងដូង​ធម្មជាតិ បាន​ឱ្យដឹងពីមូលហេតុ​នៃ​ការផលិត​ប្រេងដូង​នេះ​ថា ដោយ​មើលឃើញថា​ខេត្តកំពត គឺជា​ខេត្ត​មួយ​មានសក្ដានុពល​ខ្ពស់​លើ​ដំណាំ​ដូង ដែលមាន​ទាំង​ការដាំ​នៅតាម​ចម្ការនិង​ដាំ​តាម​ភូម​ឋាន​ផង​នោះ ដូច្នេះហើយ​នៅ​ឆ្នាំ ​២០១៤ លោក​ក៏​សម្រេច​ជ្រើសរើស​ទីតាំង​ស្រុក​ឈូកសម្រាប់​ផលិត​ប្រេងដូង​។​

​លោក ស៊ី​នឿន បានឱ្យដឹង​ទៀតថាបច្ចុប្បន្ននេះ សិប្បកម្ម​របស់លោក​ទ​ទួល​ទិញ​ផ្លែ​ដូងពី​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​២​ម៉ឺន​រៀល ទៅ ​២​ម៉ឺន​៥​ពាន់​រៀល​ក្នុង​១​ឡូហើយ​ក្នុង​មួយថ្ងៃ លោក​អាច ប្រមូល​ទិញ​ផ្លែ​ដូង​បាន​ចន្លោះ​ពី ៥០ ទៅ ​១០០​ឡូដើម្បី​យកមក​ផលិត​ជា​ប្រេងដូង​។

​ចំពោះ​ដំណើរការ​នៃ​ការផលិតអ្នកគ្រប់គ្រង​ទូទៅ​នៃ​សិប្បកម្ម​ផលិត​ប្រេងដូង​ធម្មជាតិបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ត្រូវ​ជ្រើសរើស​ដូង​ណា​ដែល​ទុំ​ល្អមិនមាន​ការ​ដុះ​ពន្លក ហើយ​យក​វា មក​សកសម្បក​ឲ្យ​ស្អាត រួច​យកទៅ​ពុះ​ចាក់ទឹក​ចេញទើប​យក​វា​ទៅ​កោស​យក​សាច់ និង​ច្របាច់ វា​យក​ខ្ទិះ ពេល​រួច​អស់ហើយយើង​ត្រូវយក​វា​ទៅ​រក្សាទុក​នៅក្នុង​បន្ទប់​មួយ ដែលមាន​សីតុណ្ហភាពក្ដៅ​ល្មម​រយៈពេល ​២០​ម៉ោង ទើប​យកទៅ​ចម្រាញ់​ដោយ​វិធី​ត្រជាក់មិនមាន​ប្រើប្រាស់​សារធាតុ​គីមី ទេ​ដែល​អាច​រក្សាទុក​បានយូ​រ​ឆ្នាំ​»​។

​នៅក្នុង​រយៈពេល​មួយថ្ងៃ សិប្ប​កម្មនេះអាច​ផលិត​ប្រេងដូង បាន​ប្រមាណ​១០០​លីត្រ ហើយ​ប្រេងដូង​ធម្មជាតិ​នេះមាន​ចំនួន​២​ប្រភេទ គឺ​ដប​តូច​ចំណុះ ២៥០ មី​លី​លីត្រ មានតម្លៃ ៣៦០០០ រៀលនិង​ដប​ធំ​ចំណុះ​ ៥០០ មី​លី​លីត្រ មានតម្លៃ ៥៦០០០​រៀល​។

​ទាក់ទង​នឹង​ប្រសិទ្ធភាព​របស់​ប្រេងដូង​ធម្មជាតិ​នេះលោក ស៊ី​នឿន បញ្ជាក់ប្រាប់​សារព័ត៌មាន SR ថា​៖ «​ប្រេងដូង​អាច​ព្យាបាល​អាកា​រៈរ​លាក​លំពែងជំងឺ​វង្វេងវង្វាន់ ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង​ប្រសើរ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ សម្រួល​សរសៃឈាម​ក្នុង​បេះដូងដុត​ខ្លាញ់​អាក្រក់ ការពារ​ជំងឺ ដែល​ប៉ះពាល់​ដល់​ថ្លើម តម្រងនោមសម្បូរ​ជាតិ​អាស៊ីត Lauricដែល​ជួយ រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​លេ​ស្តេ​រ៉ុលហើយ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​គេ​រកឃើញថា វា​អាច​ប្រឆាំង វីរុស បាក់តេរី ការ​រលាកនិង អុកស៊ីត​កម្មបាន​ផងដែរ​»​។​

​មិន​ត្រឹមតែ​ជួយ​ដល់​ផ្នែក​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេប្រេងដូង​នេះ ក៏​អាចជួយ​ថែរក្សា សម្ផស្ស​ផងដែរ តួយ៉ាង​ផ្នែក​មុខ និង​ដងខ្លួនស្ត្រី​អាច​ប្រើប្រាស់​ប្រេងដូង​រៀងរាល់ថ្ងៃ​លើ​ផ្ទៃមុខ ដោយ​ប្រើ​ជា​សេរ៉ូមនិង​សម្អាត​ផ្ទៃមុខ ដើម្បី​ផ្ដល់​សំណើម​ការពារ​ភាព​ជ្រីវជ្រួញ ស្នាម​អាចម៍រុយនិង​លាប​លើ​ស្បែក បំបាត់​សង្វារ ដោយ​ប្រើ​ពេលយប់​គឺ​ល្អ​បំផុត​។

​ចំណែក​ផ្នែក​សក់អ្នក​អាច​ប្រើ​សម្រាប់​លាប​លើស​ក់​ពីរ ឬ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ដែល​ធ្វើ​ឲ្យ​សក់​ទន់ រលោង​មាន​ទម្ងន់ កាត់បន្ថយ​សក់​ជ្រុះ ទង​សក់និង​ធ្វើឱ្យ​សក់​លូតលាស់​លឿន​។ ក្រៅពីនេះ ប្រេងដូង ក៏​អាច​យកមក​ចម្អិនម្ហូប​អាហារ​បានដែល​នឹង​ផ្តល់នូវ​ឱជា​រស ឈ្ងុយឆ្ងាញ់ និង​ធ្វើឱ្យ​អ្នក​បរិភោគ​មាន​សុខភាព​ល្អ​។

​លោក ឆាយ ស៊ី​នឿន បានឱ្យដឹង​ទៀតថាក្រៅពី​ផលិត​ប្រេងដូង សិប្បកម្ម​របស់លោក​ក៏មាន​ផលិត ជា​សាប៊ូ​ប្រេងដូងនិង​សាប៊ូ​ប្រេងដូង​ល្មៀត​ផងដែរ ដែលមាន​អត្ថប្រយោជន៍​ជួយ​ជម្រុះ​កោសិកា ចាស់និង​បណ្តុះ​នូវ​កោសិកា​ថ្មី​។

​សិប្បកម្ម​ផលិត​ប្រេងដូង​ធម្មជាតិមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ទ្រព្យ​ខាងត្បូង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូកខេត្តកំពត ឬ​ទំនាក់ទំនង​គេហទំព័រ The Coconut-ប្រេងដូងធម្មជាតិ

និង ​លេខ​ទូរ​សព្ទ ០១១ ២៦៥ ៧៣៥៕

លោក ឆាយ ស៊ីនឿន ប្រមូលទិញផ្លែដូងជាច្រើន ចម្រាញ់ជាប្រេងធម្មជាតិ សម្រាប់ថែរក្សាសម្ផស្ស និងព្យាបាលជំងឺ

ផ្លែដូងជាច្រើនរយពាន់ផ្លែ ត្រូវបានសិប្បកម្មរបស់ លោក ឆាយ ស៊ីនឿន ប្រមូលទិញ យកមកចម្រាញ់ និងផលិតចេញជាប្រេងដូងធម្មជាតិ ដែលមានគុណភាពខ្ពស់ កបនឹងជំងឺច្រើនមុខ ថែមទាំងជួយថែរក្សាសម្ផស្សបានទៀតផង។
ថិញ រិទ្ធី

ភ្នំពេញ:កសិករចិញ្ចឹមមាន់ លោក សាន ធារ៉ា បានងាកមកចិញ្ចឹមកណ្ដូបបានរយៈពេល២ ឆ្នាំមកហើយ ដោយទទួលបានទិន្នផលខ្ពស់ ជាពិសេសសត្វល្អិតមួយប្រភេទនេះ មានរសជាតិ ឆ្ងាញ់ងាយស្រួលក្នុងការចិញ្ចឹម និងមានទីផ្សារល្អ។

លោក សាន ធារ៉ា អ្នកចិញ្ចឹមកណ្តូប មានបាន​ប្រាប់​សារព័ត៌មានអេសអ័រ(SR)ឱ្យដឹងថា ការងាក មកចិញ្ចឹមសត្វល្អិតមួយប្រភេទនេះ ដោយសារលោកធ្លាប់រៀនពីបច្ចេកទេសខ្លះៗក្នុងការចិញ្ចឹម កណ្តូបនេះ ហើយនៅក្នុងឆ្នាំ២០២២ លោកបានទិញពូជកណ្ដូបចំនួន២ខាំ មកពីខាងព្រំដែនថៃដើម្បីធ្វើការភ្ញាស់ពង។

លោកបន្តថា ដំណាក់ការដំបូងនេះ លោកចំណាយដើមទុនប្រមាណ២០ម៉ឺនរៀល លើពូជកណ្ដូប និងការសាងសង់ទ្រុងកណ្តូបចំនួន៤ ហើយលោកបានចំណាយរយៈពេល ៤៥ថ្ងៃនៃការចិញ្ចឹម កណ្តូប ដោយទទួលបានផលកណ្តូបសាច់ចំនួនជាង១០ គីឡូក្រាម និងមានពងកណ្តូប ជាច្រើនទៀត។

មានបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ដោយត្រូវការចំណាយថវិកាច្រើន ផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ ចាក់វ៉ាក់សាំងការពារនិងមើលថែទាំងឱ្យបានដិតដល់ផ្សេងនោះ កសិករខាងលើនេះ អះអាងថា ការចិញ្ចឹមកណ្តូបងាយស្រួលជាងការចិញ្ចឹមមាន់ច្រើនណាស់ ដោយកណ្តូប ជាសត្វដែលស៊ីស្មៅ និងស្លឹកឈើជាអាហារហើយធន់នឹងអាកាសធាតុ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កណ្ដូប វាធន់ណាស់ទោះអាកាសធាតុត្រជាក់ ឬក្តៅក៏ដោយ ប៉ុន្តែ វាចាញ់តែទឹកភ្លៀងទេ អ៊ីចឹងយើងត្រូវធ្វើទ្រុងក្នុងម្លប់តែត្រូវមានពន្លឺចូលគ្រប់គ្រាន់ ហើយត្រូវ ចៀសវាង កុំឱ្យសាចទឹកភ្លៀងចូលឬក៏ត្រូវទឹកភ្លៀង ព្រោះបណ្តាលឲ្យកណ្ដូបងាប់»។

ចិញ្ចឹមកណ្តូបក្នុងទ្រុងហ៊ុមព័ទ្ធដោយស្បៃ ឬមុងលោក សាន ធារ៉ា បានឱ្យដឹងថា ក្នុងមួយទ្រុង លោកដាក់ពូជកណ្ដូបចន្លោះពី ​៣ ទៅ៥ខាំដោយចំនួននេះនឹងទទួលបានផលមកវិញ ជាកណ្ដូបសាច់ចន្លោះពី១០ ទៅ១៥ គីឡូក្រាម។

លោកបន្ថែមថា ការប្រមូលផលកណ្តូបអាចធ្វើឡើងចាប់ពីកណ្តូបមានអាយុ ៣៥ថ្ងៃរហូតទៅ ដល់៤៥ ថ្ងៃ ដោយក្នុងអំឡុងនេះ សត្វកណ្តូបពេញសាច់និងមានពងល្អ ដែលធ្វើឱ្យអ្នកបរិភោគ ទទួលបានរសជាតិឆ្ងាញ់ និងមានពងក្នុងនោះផងដែរ។

ទាក់ទងនឹងតម្លៃកណ្តូបសាច់លើទីផ្សារ គឺមានតម្លៃខុសៗគ្នាទៅតាមអ្នកចិញ្ចឹមនិងអ្នកទិញ ដោយកណ្តូបសាច់ដែលកសិករ អាយុ ៦៥ នេះចិញ្ចឹម មានទីផ្សារល្អលក់ក្នុងតម្លៃ ៣៥០០០រៀល ក្នុង ១គីឡូក្រាម និងពងកណ្ដូបមានតម្លៃ ១០ ម៉ឺនរៀលក្នុង១ខាំ។

លោកបញ្ជាក់ថា៖ «កណ្ដូបខ្ញុំមានទីផ្សារ ដោយវាមានសុខភាពល្អមាំមួន និង សាច់ណែនហើយ ធំៗទៀត អ៊ីចឹងធ្វើឲ្យឈ្មួញគេ ដណ្ដើមគ្នាទិញរហូតខ្ញុំពង្រីកការចិញ្ចឹមដល់១០ទ្រុងហើយ តែនៅតែមិនអាចចិញ្ចឹមផ្ទត់ផ្គង់ទីផ្សារទាន់ពេលវេលាទៀត»។

ដោយទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វកណ្តូបកសិករ ធារ៉ា បង្ហាញពីបំណងចែករំលែក ពីបច្ចេកទេសនៃការចិញ្ចឹមកណ្តូបនេះទៅដល់អ្នកដែលចង់សាកល្បងចិញ្ចឹមសត្វល្អិតនេះ ព្រោះមុខរបរមួយនេះទទួលបានប្រាក់កម្រៃប្រសើរ និងអាចដោះស្រាយជីវភាពគ្រួសារ បានមួយកម្រិត។

គួរបញ្ជាក់ថា កសិករចិញ្ចឹមកណ្តូប លោក សានធារ៉ា មានទីលំនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងតាមគេហទំព័រហ្វេសប៊ុកៈកសិដ្ផានចិញ្ចឹមកណ្ដូប សាន ធារ៉ា និងលេខទូរសព្ទ៖ ០១៥​ ៨៥០ ៥៦៥៕

កសិករ សាន ធារ៉ា៖ កណ្ដូបជាសត្វងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អ

កសិករចិញ្ចឹមមាន់ លោក សាន ធារ៉ា បានងាកមកចិញ្ចឹមកណ្ដូបបានរយៈពេល ២ ឆ្នាំមកហើយ ដោយទទួលបានទិន្នផលខ្ពស់ ជាពិសេសសត្វល្អិតមួយប្រភេទនេះ មានរសជាតិ ឆ្ងាញ់ ងាយស្រួលក្នុងការចិញ្ចឹម និងមានទីផ្សារល្អ។
ថិញ រិទ្ធី

ភ្នំពេញ​: សំណល់​កាក​អំពៅ​ជាច្រើន​តោន ត្រូវបាន​លោកតាំង សុជាតិ ប្រមូល​យកមក​កែច្នៃ និង​ផលិត​បានចេញ​ជា​ចាន​ក្រដាស ដែល​គុណភាព​ខ្ពស់ ក្នុង​គោលបំណង​កាត់បន្ថយ​ការនាំចូល​ផលិតផល​ពី​បរទេស និង​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​។  

​លោក តាំង សុជាតិ ប្រធាន​ក្រុមហ៊ុន អិ​ម ជី ផេ​ស៊ី​ហ្វិ​កបានឱ្យដឹងថា ផលិតផល​ចាន​ក្រដាស​នេះ មាន​គុណភាព​ខ្ពស់ និង​កម្រាស់​ក្រាស់ ដែល​រក្សាទុក​បាន​ចន្លោះពី​៥​ឆ្នាំ ទៅ​៦​ឆ្នាំ ហើយ​នៅតែ​រក្សាបាន​ទ្រង់ទ្រាយ​ដើម​ដដែល ជាពិសេស​វា​ធន់​នឹង​កម្ដៅដោយសារ ចាន​ក្រដាសនេះ ត្រូវបាន​ដុត​ដោយ​កម្តៅភ្លើង​ខ្លាំង​។

​លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន SR យ៉ាង​ដូច្នេះ​ថា​៖ «​កាក​អំពៅ​អាច​ចាក់​ជា​បន្ទះៗ​បានដោយសារ កាក​អំពៅ​មាន​សារ ជាតិ​សរសៃ ដែល​ធ្វើ​ឲ្យ​វា​ប្រទាក់ក្រឡា​គ្នា ខាំ​ស្អិត​ជាប់​គ្នានេះ​ជា​អំណោយ ពី​ធម្មជាតិ ដោយ​យើង មិនបាច់​ប្រើ​កាវ ដើម្បី​ឲ្យ​វា​ស្អិត​ជាប់​គ្នា​នោះទេអ៊ីចឹង​វា​ល្អ និង​ជាប់​ធន់ ហើយ​យើង​ក៏​ដុត​ចាន​នេះ ជាមួយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ក្នុង​សីតុណ្ហភាព​រហូតដល់២០០​អង្សា សេ​ឯណោះ​»​។​

​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ប្រមាណ​៥​នាក់​នេះអាច​ផលិត​ចាន​បាន​ចន្លោះ ៥០០ ទៅ​១០០០​ចាន​ក្នុង​មួយថ្ងៃ ដោយ​ចាន​ត្រូវបាន​វេច​ខ្ចប់ក្នុង​១​ឈុត​មាន​ចំនួន ៥០​ចាន ដែល​លក់​ក្នុងតម្លៃ ២  ម៉ឺន​រៀល និង​មាន​លក់​នៅតាម​ម៉ា​ត ផ្សារ និង​ផ្សារ​ទំនើប​។​

​ដំណើរការ​នៃ​ការផលិត​ចាន​ចេញពី​កាកសំណល់​កាក​អំពៅ​នេះប្រធាន​សិប្បកម្ម​ផលិត​ចាន បាន​រៀបរាប់ថា​៖ «​យើង​យក​កាក​អំពៅ​ណាពណ៌​សម្បុរ​ល្អ​មក ហាល​វា​ឲ្យ​ស្ងួត និង​ស្រួយ ហើយ​កាត់​វា​ខ្លីៗ​ដាក់​ក្នុង​ម៉ាស៊ីន​កំទេច​ឲ្យ​ល្អិតៗរួច​លាង​ទឹក​វា​ឲ្យ​ស្អាត ស្ងោរ​ក្នុង​ឆ្នាំង​ធំ​មួយ ដោយ​ផ្អាប់​ទុក​២០​ថ្ងៃ ឲ្យ​វា​ពុកផុយចេញ​ជាតិ​អាស៊ីត​អស់ រួច​យកទៅ​កូរ​ក្នុង​ម៉ាស៊ីន ឱ្យចេញ​ជា​ម្សៅ រួច​ចាក់​ជា​បន្ទះៗប្រើ​កម្លាំង​ម៉ាស៊ីន​២០​តោន សង្កត់​ឲ្យ​វា​ខាំ​ស្អិត​ជាប់​គ្នា បាន​យកទៅ​ស​ម្ងួ​ត​ឲ្យ​ស្ងួតចុងក្រោយ​ដាក់​វា​ចូលក្នុង​ពុ​ម្ភ​ចាន ប្រើ​កម្ដៅ​ដុត​២០០​អង្សា​សេ ទើប​ចេញ​ជា​លទ្ធផល​»​។

លោក​តាំង សុជាតិ បញ្ជាក់ថា ចាន​ក្រដាស​របស់លោកមាន​ទីផ្សារ​ល្អប្រសើរ​ ដោយ​ទទួលបានគាំទ្រ​ច្រើន ប៉ុន្តែ​មានបញ្ហា​ចម្បងមួយ​ គឺ​សោភ័ណភាពព្រោះ​ចាន​ក្រដាស​ដែលផលិត​ចេញពី​កាក​អំពៅ​នេះ មាន​សភាព​គ្រើម និង​មាន​ពណ៌​ប្រផេះ ឬ​ក្រ​ម៉ៅដែល​ខុសពី​ចាន​ដ៏​ទៃ​ដែលមាន​ពណ៌​ស រលោង ដែល​ចំណុច​ធ្វើឱ្យ​អតិថិជន​មួយចំនួនគិតថាចាននេះហាក់ពុំសូវមានអនាម័យ ប៉ុន្តែលោកអះអាងថា ចាននេះ បានដុតក្នុងសីតុណ្ហភាពលើសពី ១០០អង្សាសេដោយពុំមានមេរោគណាអាចរស់នៅបាន ឡើយ។

ទាក់ទង​នឹង​ការបង្កើត​ចាន​ផលិត​ចេញពី​កាក​អំពៅ​នេះបុរស​វ័យ​៤០​ឆ្នាំ​ខាងលើ បាន​រំឭកថា​៖« ខ្ញុំធ្លាប់បាន​ឆ្លងកាត់​ការសិក្សា​ជាច្រើន​មកហើយទាក់ទង​នឹង​ការធ្វើ​ចាន​អំពី​ដើម​ចេក ដើម​ឬ​ស្សីនិង​ដើម​ក្រចៅ អ៊ីចឹង​នៅក្នុង​ឆ្នាំ​២០១៣ ខ្ញុំ​ចាប់យក​កាក​អំពៅ​ធ្វើជា​ចាន​ជំនួស​វិញព្រោះ​វា​សម្បូរ និង​ងាយស្រួល​រក ហើយ​កាក​អំពៅ​មាន​សារធាតុ​សរសៃ​ស្រដៀង​ទៅនឹង​ដើម​ឫស្សី​ដែរចាប់ធ្វើ​ដំបូង ខ្ញុំ​ត្រូវ​កែច្នៃ​ម៉ាស៊ីន​ដើម្បី​ផលិត​ចាន ព្រោះ​យើង​អត់​មាន​ម៉ាស៊ីន​ពិបាក​រក​អ្នកបច្ចេកទេស ណាស់ ហើយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទាំងអស់ ខ្ញុំ​អភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយថ្ងៃ ដល់​បច្ចុប្បន្ន​»​។

​នាពេលខាងមុខ លោក តាំង សុជាតិ មាន​គម្រោង​ក្នុង​ការផលិត​កែវ​ក្រដាសទុយោ​បឺត​ធ្វើ​ពី​ក្រដាស និង​គ្រោង​ដាំ​ដើម​ឫស្សី ដើម្បី​លក់​កាបូន និង​យក​ដើម​ឬ​ស្សី​ចាស់ៗ​មក​ផលិត​ជា​ក្រដាសក្រដាសអនាម័យ ក្រដាស​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការិយាល័យ ជាដើម​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន អិ​ម ជី ផេ​ស៊ី​ហ្វិ​កមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១៤​អា ផ្លូវ​៥០០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក  MG Pacific Company Limited ​ឬ​លេខ​ទូរ​សព្ទ​៖ ០២៣ ២២១ ៣៣៥/០៩៣​២៤៦ ៦៦៨៕

 

ចានក្រដាស ផលិតចេញពីកាកអំពៅ មានគុណភាពខ្ពស់ ធន់ និងរក្សាទុកបានយូរ

សំណល់កាកអំពៅជាច្រើនតោន ត្រូវបានលោក តាំង សុជាតិ ប្រមូលយកមកកែច្នៃ និងផលិតបានចេញជាចានក្រដាស ដែលគុណភាពខ្ពស់ ក្នុងគោលបំណងកាត់បន្ថយការ នាំចូលផលិតផលពីបរទេស និងដើម្បីប្រកួតប្រជែងលើទីផ្សារ។
ថិញ រិទ្ធី

ភ្នំពេញ​:បារម្ភ​ពី​ការបាត់បង់​អត្តសញ្ញាណ និង​ចង់​ស្នង​មរតក​ស្នាដៃ​ដូនតា អ្នកស្រី ស្រេងគឹម​ស្រៀ​ង  បន្តធ្វើ​តំណាប់​ក្រូចសើច និង​តំណាប់​វល្លិ​បណ្តូល​ពេជ្រ ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សម្រាប់​ផ្គត់​ផ្គងក្នុង​កម្មវិធី​ប្រពៃណីជាតិ​ធំៗ ដូចជា​បុណ្យ​កថិន និង​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជាដើម​។  

​អ្នកស្រី ស្រេង គឹម​ស្រៀ​ង ប្រាប់​សារព័ត៌មានអេស​អ័​រ (SR) ឱ្យដឹងថាកាលពី​សម័យមុន តំណាប់​ក្រូចសើច និង​តំណាប់​វល្លិ​បណ្តូល​ពេជ្រគឺជា​ក្រយា​មួយ​សំខាន់​សម្រាប់​ថ្វាយ​ព្រះរាជា ហើយ​បង្អែម​មួយ​ប្រភេទ​នេះក៏​ក្លាយ​ជាទី​និយម​ចូលចិត្ត​របស់​ប្រជាជន​ខ្មែរ​តៗ​ រៀងមក ខណៈ​បច្ចុប្បន្ន​យុវវ័យហាក់​ពុំ​ស្គាល់​នូវ​បង្អែម​ខ្មែរ​មួយ​ប្រភេទ​នេះ ហើយក៏​ពុំ​សូវ​មាន​ការនិយម​ធ្វើតំណាប់​ទាំង​នេះឡើយ​។

​តំណាប់​ទាំង​២​ប្រភេទ​នេះមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ស្រួយ ដោយ​តំណាប់​វល្លិ​បណ្តូល​ពេជ្រ មានតម្លៃ ៨ម៉ឺន​រៀល ក្នុង​១​គីឡូ ចំណែក​តំណាប់​ផ្លែ​ក្រូចសើច​មានតម្លៃ ៧ ម៉ឺន​រៀល ក្នុង​១គីឡូក្រាម ជាពិសេស​បង្អែម​ដ៏​មានឱជារស​នេះច្រើនតែ​ប្រជាជន​និយម​បរិភោគ​នៅក្នុង​កម្មវិធី បុណ្យ​កឋិនទាន បុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរនិង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​។

​ស្ត្រី​វ័យ​៥១​ឆ្នាំ​ រូបនេះបន្តថា​ការធ្វើ​តំណាប់​នេះ ត្រូវ​ចំណាយពេល​ប្រមាណ​មួយ​សប្ដាហ៍ និង​ត្រូវមាន​ភាព​អត់ធ្មត់​ជាខ្លាំង ហើយ​តំណាប់​នេះអាច​រក្សាទុក​បាន​ប្រហែលជា​២​ខែ និង​ទុក​បាន​រហូតដល់ ២​ឆ្នាំ ដោយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​។

​អ្នកធ្វើ​តំណាប់​រូបនេះបាន​រៀបរាប់​ពី​វិធី​ធ្វើ​បង្អែម​តាម​រូបមន្ត​ត​ពី​ដូនតា​ថា​៖ «​យក​វល្លិ​បណ្តូល​ពេជ្រកាត់​ជា​កង់ បកសំបក​ចេញ ហើយ​ក្រូចសើច​ចិត​យកតែ​សំបកយើង​យក​វា​ទៅ​ប្រ​បាច់​ជាមួយ​អំបិល ទុកពេល​៣​ថ្ងៃ រួច​ស្រង់​ទៅ​ត្រាំ​ក្នុង​ទឹក​កំបោរ​ថ្លា​ ១​យប់ ហើយ​ស្រង់​ត្រាំ​ក្នុង​ទឹក​សាច់ជូរ​២​យប់​ទៀតឲ្យ​វា​ស្រួយ បន្ទាប់មក​យើង​យកទៅ​ស្ងោរ​ក្នុង​ឆ្នាំង​ស្ពាន់ ជាមួយ​ស្លឹក​ឫស្សីឬ​ស្លឹក​តើយ រួច យក​វា​ទៅ​ត្រាំ​ទឹក​៣​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​អស់​ជាតិ​ល្វីងហើយ​យក​ឆឹង​ជាមួយ​ស្ករស​គឺជា​ការ​ស្រេច​»​។

​បន្ថែម​ពីលើ​ផលវិបាក​ក្នុង​ការធ្វើ​តំណាប់​ផ្លែឈើ​ទាំង​២​ខាងលើនេះអ្នកស្រី គឹម​ស្រៀ​ង ក៏​កំពុង​ជួប​នូវ​បញ្ហា​ចំនួន​២​ទៀត​គឺកង្វះ​ផលិតផល​សម្រាប់ធ្វើ និង​កង្វះ​ទីផ្សារ​លក់​។ ទាក់ទង​នឹង​កង្វះ​ផលិតផល​ធ្វើ​តំណាប់នេះ អ្នកស្រី​ពន្យល់ថាកាលពីមុន​ទាំង​ផ្លែ​ក្រូចសើច និង​ដើម​បណ្តូល​ពេជ្រ គឺ​ពិបាករ​កមក​ធ្វើជា​តំណាប់​ណាស់ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​ផ្លែក្រូច​សើច ងាយស្រួល​រកដោយសារ​មាន​អ្នក​យកមក​លក់​ច្រើន ប៉ុន្តែ​វល្លិ​បណ្តូល​ពេជ្រនៅតែ​ចោទ​ជា​បញ្ហា​ចម្បង​ដដែល​។

​ចំណែក កង្វះ​ទីផ្សារ​វិញ អ្នកស្រីបញ្ជាក់ថា​៖ «​តំណាប់​ដែល​ខ្ញុំ​ធ្វើមិនទាន់មាន​ទីផ្សារ​ទូ​លំ​ទូលាយ ទេ ដោយសារ​គេ​មិនសូវ​ស្គាល់​តំណាប់​ទាំងនេះហើយ​ណាមួយ​ខ្ញុំ​ធ្វើជា​លក្ខណៈ​គ្រួសារ មាន​ម៉ូយ​តិចតួចម៉ូយ​ទាំង​អស់គេ​ស្គាល់​ខ្ញុំ ហើយ​កុម្ម៉ង់​ទៅតាម​រដូវ​បុណ្យ​ធំៗ​ប៉ុណ្ណោះហើយ​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ផង បើ​បងប្អូនឬ​អាជីវក​រណា មានបំណង​ទិញ អាច​ទំនាក់ទំនង​មក​ខ្ញុំ​បាន​»​។​

​ខិតខំ​ថែរក្សា​នូវ​រូបមន្ត​ធ្វើ​តំណាប់​ដែល​ដូនតា​បន្សល់​ទុកឱ្យពេលនេះ អ្នកស្រី ស្រេង គឹម​ស្រៀ​ង ក៏​កំពុង​ផ្ទេរ​ចំណេះវិជ្ជា​នៃ​ការធ្វើ​តំណាប់​នេះទៅដល់​កូនស្រី​របស់​អ្នកស្រី​ផងដែរ ពោលគឺ​ធ្វើ យ៉ាងណា​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នកស្រីចេះ​ចាំ​ឱ្យ​ស្ទាត់​នូវ​របៀប​នៃ ការធ្វើ​តំណាប់​បង្អែម ទាំងអស់នេះនិង​បន្ត​កុំ​ឲ្យ​បាត់បង់​។

​នា​ថ្ងៃ​ខាងមុខ ស្ត្រី​ធ្វើ​តំណាប់​រូបនេះមានបំណង​ពង្រីក​ទីផ្សារ និង​ផ្សព្វផ្សាយ​ផលិតផល​តំណាប់​ខ្មែរឱ្យ​ប្រជាជន​បាន​ស្គាល់ និង​បាន​ភ្លក្ស​រសជាតិ និង ដើម្បី​ចៀសវាង​នូវ​ការ​នាំចូល​ផលិតផលដំណាប់​ពី​ប្រទេស​ជិត ព្រោះ​តំណាប់​ខ្មែរ​មាន​រសជាតិ​ផ្អែម ឆ្ងាញ់មិន​ចាញ់​តំណាប់​បរទេស​ឡើយ​។​

​គួរ​គូសបញ្ជាក់ថាក្រៅពី​ដំណាប់​ផ្លែ​ក្រូចសើច និង​វល្លិ​បណ្តូល​ពេជ្រ អ្នកស្រី​ក៏​ធ្វើ​តំណាប់ជាច្រើន មុខ​ទៀត​ដូចជា តំណាប់​ផ្លែ​ម្រះ តំណាប់​ផ្លែ​បាស តំណាប់​ដើម​ដំបងយក្សតំណាប់​ផ្លែ​ល្ហុង និង​តំណាប់ត្រឡាច​ជាដើមដោយ​រំលេច​ក្បាច់​ផ្កា​នៅលើ​តំណាប់​ទាំងនោះ​ផងដែរ​។ អ្នកស្រី ស្រេង គឹម​ស្រៀ​ងរស់នៅក្នុង​ភូមិ​គង​ន​យ ឃុំ​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ  ០៩៦ ៤៤៩ ៦១៧៦ /០១២៤៨០ ១៧៦៕

អ្នកស្រី គឹម ស្រៀង បន្តមរតកដូនតា ផលិតតំណាប់ពីផ្លែក្រូចសើច និងវល្លិបណ្តូលពេជ្រ

បារម្ភពីការបាត់បង់អត្តសញ្ញាណ និងចង់ស្នងមរតកស្នាដៃដូនតា អ្នកស្រី ស្រេង គឹមស្រៀង បន្តធ្វើតំណាប់ក្រូចសើច និងតំណាប់វល្លិបណ្តូលពេជ្រ ដែលមានរសជាតិផ្អែមឆ្ងាញ់ សម្រាប់ផ្គត់ផ្គង ក្នុងកម្មវិធីប្រពៃណីជាតិធំៗ ដូចជាបុណ្យកថិន និងចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម។
ថិញ រិទ្ធី