
តាកែវ:ដោយសារតែតម្លៃថ្លៃនិងលំហូរចូលនៃផលិតផលសូត្ររោងចក្រធូរថ្លៃពីប្រទេសជិតខាងសូត្រខ្មែរប្រណីតដែលត្បាញដោយដៃយ៉ាងផ្ចិតផ្ចង់ ប្រឈមការពិបាកឈរជើងលើទីផ្សារជាហេតុនាំឱ្យមានការបាត់បង់អ្នកតម្បាញប្រពៃណីដែលពុំអាចប្រើចិញ្ចឹមជីវិតដោយកីតម្បាញចិញ្ចឹមជីវិតនិងឈានដល់ការធ្វើចំណាកស្រុក។
មូលហេតុនេះហើយដែលនាំឱ្យអ្នកស្រី ឃុយចាន់ស៊ូ បានសម្រេចចិត្តប្រមែប្រមូលអ្នកសិប្បករតម្បាញនៅខេត្តតាកែវមករួមគ្នាផលិតសូត្រប្រពៃណីដើម្បីលើកស្ទួយទំនៀមទម្លាប់ផលិតវាយនភ័ណ្ឌមរតកដូនតា នៅលើទីផ្សារពោរពេញដោយការប្រកួតប្រជែង។
ស្ថាបនិកសិប្បកម្មស៊ូកប្បាស អ្នកស្រី ចាន់ស៊ូបានរៀបរាប់ឱ្យសារព័ត៌មានSR Newsដឹងថា៖ «ដោយខ្ញុំសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតម្បាញមានការថយចុះជាលំដាប់ហើយគុណភាពក៏មិនល្អដូចពីមុនដែរ»។
អ្នកស្រីបានបន្តទៀតថា៖«ក្នុងនាមខ្ញុំជាកូនអ្នកតម្បាញម្នាក់ដែលបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រម្នាក់តើខ្ញុំត្រូវមានគំនិតអ្វីមួយ ដើម្បីជួយអ្នកភូមិស្រុករបស់ខ្ញុំអ៊ីចឹងទើបខ្ញុំខិតខំរៀនសូត្រនិងបានរៀបចំយុទ្ធសាស្ត្រទីផ្សារតើត្រូវធ្វើម៉េចដើម្បីស្តារទីផ្សារតម្បាញសូត្រឡើងវិញ»។
ទើបនៅក្នុងឆ្នាំ២០២១អ្នកស្រី ចាន់ស៊ូ បានចាប់ផ្ដើមបោះបង់ការងារទាំងអស់មកផ្ដោតតែលើសិប្បកម្មស៊ូកប្បាសដើម្បីធានាថាការដំណើរការបានរលូន តាមរយៈបទពិសោធន៍ជាកូនចៅអ្នកតម្បាញនិងចំណេះដឹងផ្នែកទីផ្សារពីថ្នាក់ឧត្តមសិក្សា។
អ្នកស្រី ចាន់ស៊ូ បានរៀបរាប់បន្តទៀតថា៖«ខ្ញុំបានប្រមែប្រមូលកៀរគរអ្នកស្រុកភូមិរបស់ខ្ញុំមកវិញ ដើម្បីឲ្យតម្បាញសូត្រមានពន្លឺឡើងវិញដើម្បីលើកកម្ពស់ឲ្យស្ត្រីមេផ្ទះមានការងារធ្វើអាចរកប្រាក់ចំណូលបានកុំឲ្យពួកគាត់ធ្វើការចំណាកស្រុកបន្តទៀត»។
សព្វថ្ងៃ ស៊ូកប្បាសមានបុគ្គលិក២នាក់ ដែលសុទ្ធសឹងតែជាស្រ្តីមេផ្ទះមកបំពេញការងារជាអ្នកតម្បាញយ៉ាងស្ទាត់ជំនាញ ដើម្បីយកស្នាដៃដ៏ល្អឯកមួយនេះមកផ្គត់ផ្គង់នៅលើទីផ្សារជាតិនិងអន្តរជាតិក្នុងទម្រង់ជាផលិតផលផ្សេងៗគ្នា។
ស្ត្រីវ័យ៣៣ឆ្នាំរូបនេះបានបន្ថែមទៀតថា៖«កន្សែងសូត្រដែលខ្ញុំត្បាញរាល់ថ្ងៃមាន២ប្រភេទ គឺកន្សែង សូត្រលាតនិងកន្សែងសូត្រ គោម(ហូល) តែក្រៅពីកន្សែងសូត្រខ្ញុំក៏មានផលិតជាកន្សែងអំបោះ ក្រណាត់ ផាហ៊ុមហើយក៏មានច្នៃក្រមាខ្មែរដេរធ្វើជាប្រដាប់ចងសក់សម្រាប់ យុវវ័យដែលកំពុងពេញ និយមផងដែរ»។
កន្សែងសូត្រខ្នាតតូចមានទំហំទទឹង៥តឹកនិងបណ្តោយ១,៨ ម៉ែត្រ មានតម្លៃ៣៥ដុល្លារ និងខ្នាតធំដែលមានទទឹង១,២ម៉ែត្រ តម្លៃ៤៥ដុល្លារ។កន្សែងសូត្រនេះទទួលបានការគាំទ្រពីភ្ងៀវជាតិនិងអន្តរជាតិ។
ដើម្បីប្រើប្រាស់ផលិតផលសូត្រឲ្យបានយូរអ្នកស្រីបានណែនាំមិនឱ្យយកកន្សែងសូត្រទៅបោកគក់ក្នុងទឹកធម្មតាបានទេ ដោយសារសាច់អំបោះសូត្រអាចខូចទ្រង់ទ្រាយពេលត្រូវទឹកសើម។
ទោះជាសិប្បកម្មស៊ូកប្បាសត្រូវប្រឈមនឹងទីផ្សារដែលសម្បូរផលិតផលសូត្រនាំចូលក៏ពិតមែនតែអ្នកស្រី ចាន់ស៊ូ នៅតែបន្តលើកស្ទួយអត្តសញ្ញាណសូត្រខ្មែរឱ្យបរទេសស្គាល់កាន់តែច្រើន។
ក្រៅពីប្ដេជ្ញាថានឹងជួយអភិរក្សតម្បាញខ្មែរឲ្យមានឈ្មោះបោះសម្លេងកាន់តែខ្លាំង សិប្បករជាកូនអ្នកតម្បាញនៅស្រុកព្រៃកប្បាសរូបនេះបានសង្កត់ធ្ងន់ថា៖«ពិសេសបង្កើតវត្ថុធាតុដើមដោយខ្លួនឯង ដូចជាអំបោះកប្បាសនិងល័ក្ដខ្មែរនិងចងក្រងសៀវភៅតម្បាញស្រុកខ្មែរមួយដែលនិយាយពីតម្បាញតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន»។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងហ្វេសប៊ុកផេកស៊ូកប្បាស SouKabasCambodia ឬតាមទូរសព្ទលេខ០៧៧ ៣៦០ ១៤៤៕
តាខ្មៅ: ក្រោយពីដំណើរការចាប់តាំងពីឆ្នាំ២០១៩ ឥដ្ឋអេកូរាប់សិបដុំច្នៃពីសំរាមប្លាស្ទិក ទទួលបានការគាំទ្រច្រើនពីអតិថិជនហើយម្ចាស់សិប្បកម្មក៏បានអះអាងដែរថា ផលិតផលគ្រឿងវិស័យសំណង់នេះមិនត្រឹមតែជួយបរិស្ថានទេថែមទាំងមានគុណភាពអាយុកាលយូរអង្វែងក្នុងវិស័យសំណង់។
លោក សុខ ធី ស្ថាបនិកក្រុមហ៊ុន Eco-Bricksបានប្រាប់សារព័ត៌មាន SR News ថា៖ «ឥដ្ឋរបស់យើងអាចមានអាយុកាលជាង១០០ ឆ្នាំនិងមានកម្លាំងខ្លាំងជាងឥដ្ឋដីឥដ្ឋក្រហមស្តង់ដារពី ៥ទៅ ៦ដង»។
ទំរាំតែមានថ្ងៃនេះ ក្រុមហ៊ុនផលិតឥដ្ឋអេកូបានឆ្លងកាត់ឧបសគ្គជាច្រើនទាំងការខ្វះខាតដើមទុននិងវត្ថុធាតុដើម។
កាលណោះ លោក ធី មិនមានសូម្បីតែម៉ាស៊ីនសម្រាប់កិនប្លាស្ទិក។លោកត្រូវប្រើកន្ត្រៃ និងកាំបិត ដើម្បីកាត់ប្លាស្ទិក ជាបំណែកតូចៗ។
តាមរយៈការសិក្សាពីអ៊ីនធើណិតគួបផ្សំនឹងបទពិសោធន៍ពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និងឥណ្ឌាលោកបានចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ២០១៩។
រោងចក្រកែច្នៃសំរាមប្លាស្ទិកនេះក៏បានបំផុសគំនិតឲ្យប្រជាជនខ្មែរយល់ដឹងពីការកែច្នៃសំរាមទៅជាឥដ្ឋនិងបានធ្វើឲ្យពួកគេបានប្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាមឬដុតប្លាស្ទិក។
លោក សុខ ធី បានឱ្យដឹងថា៖ «ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំហើយឥដ្ឋមួយដុំមានតម្លៃ១០០០រៀលហើយអតិថិជនក៏អាចធ្វើការជ្រើសរើសប្រភេទឥដ្ឋអេកូ ទៅតាមការចង់បានផងដែរដោយមាន៣ ប្រភេទគឺ ឥដ្ឋឡាំតូ ឥដ្ឋសម្បកឈើ និងឥដ្ឋធម្មតា»។
សូម្បីតែដំណើរការផលិតឥដ្ឋអេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានផងដែរ។
លោកបានឱ្យដឹងទៀតថា៖ «យើងសម្ងួតឥដ្ឋដោយមិនប្រើឈើដុតសម្ងួតនោះទេដោយសង្វាក់ផលិតកម្មរបស់យើងធ្វើតាមបច្ចេកទេសដោយគ្រាន់តែស្រោចទឹកប៉ុណ្ណោះ។នេះក៏ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងកាត់បន្ថយតម្លៃថ្លៃដើមផងដែរ»។
សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះពានរង្វាន់ចំនួន៤សម្រាប់សហគ្រិនឆ្នើមប្រចាំឆ្នាំនិងបានលក់គម្រូអាជីវកម្មជាហ្វ្រេនឆាយទៅចំនួន១០ក្រុមហ៊ុនផ្សេងទៀដោយបង្រៀនបច្ចេកទេសផលិតដល់ក្រុមហ៊ុនទាំងនោះក្នុងការផលិតឥដ្ឋអេកូមានគុណភាពដូចគ្នានឹងក្រុមហ៊ុនមេ។
សិប្បកម្មផលិតឥដ្ឋអេកូមានទីតាំងស្ថិតនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក ឥដ្ឋអេកូ Eco-Bricksឬសូមទំនាក់ទំនងទូរសព្ទលេខ ០៨៥ ២២៤ ៤៦៦៕
ភ្នំពេញ : ស្ថិតនៅសិប្បកម្មមួយកន្លែងនៃសង្កាត់ចោមចៅដបប្លាស្ទិកជាង៤០០តោននៅក្នុងស្ដុកកំពុងរង់ចាំកម្មករដែលកំពុងតែញាប់ដៃញាប់ជើងហូតជាសរសៃៗដើម្បីកែច្នៃជាអំបោសប្រើប្រាស់ប្រចាំថ្ងៃ។
ភាពមមាញឹកនៃចង្វាក់ផលិតកម្មនេះត្រូវបានត្រួតពិនិត្យដោយលោកលោក ហាស់ គា ដែលកំពុងឈរក្នុងរោងសិប្បកម្មផលិតអំបោសខណៈកម្មករជាច្រើនពាក់ស្រោមដៃការពារការមុតកំពុងអង្គុយហូតសរសៃជ័រចេញពីដបប្លាស្ទិក។
លោក គា ដែលជាម្ចាស់សិប្បកម្ម បានធ្វើឱ្យគំនិតផលិតអំបោសពីដបប្លាស្ទិកក្លាយជាអាជីវកម្មពិតៗតាមរយៈការមើលវីដេអូលើយូធូបគួបផ្សំនឹងការខិតខំស្រាវជ្រាវបន្ថែម។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «ដំបូងខ្ញុំគ្រាន់តែមើលយូធូបឃើញវីដេអូបរទេសបង្ហាញពីការផលិតអំបោសពីដបទឹកសុទ្ធ ពេលនោះខ្ញុំគិតថានៅស្រុកយើងសម្បូរដបទឹកសុទ្ធ ហើយមានតម្លៃ ថោកទៀតផងខ្ញុំក៏បានស្រាវជ្រាវលំអិតបន្ថែមពីដំណើរការផលិត»។
នៅក្នុងដើមឆ្នាំ២០២៣ សិប្បកម្មកែច្នៃប្លាស្ទិកក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញត្រូវបានបង្កើតនិងបានផ្ដល់ការងារដល់អ្នករស់នៅជុំវិញនោះប្រមាណជាជិត៣០នាក់។
កម្មករទាំងនោះសុទ្ធសឹងតែជាស្ត្រីវ័យចំណាស់ៗនិងមានជីវភាពខ្សត់ខ្សោយ ដោយពួកគាត់ជាអ្នកកែច្នៃអំបោសពីដបប្លាស្ទិក ដែលកំពុងមានគាំទ្រផ្គត់ផ្គង់នៅលើទីផ្សារ។
លោក គាដែលជាម្ចាស់សិប្បកម្មកែច្នៃអំបោសប្លាស្ទិកបានសម្ដែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តដែលសិប្បកម្មរបស់ខ្ញុំបានរួមចំណែកក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ ថែមទាំងបានជួយបរិស្ថានបានមួយកម្រិតទៀតផង»។
អំបោសធ្វើអំពីដបទឹកសុទ្ធធន់មិនថាការបោសដីភក់ ស្លឹកឈើ សំរាមសើម សំរាមស្ងួត លាមកសត្វ គ្រួសថ្ម ជាដើមហើយងាយលាងទឹកសម្អាតយកមកប្រើប្រាស់ឡើងវិញ។
វត្ថុធាតុដើមក្នុងការធ្វើអំបោសមិនមានអ្វីច្រើនលើសពីដបប្លាស្ទិកដងឫស្សី លួស និងសរសៃជ័រនោះទេ។
លោក គា បានរៀបរាប់ពីដំណើរការផលិតថា៖«ដើម្បីផលិតបានជាអំបោសដ៏រឹងមាំមួយបានយើងត្រូវការដងឫស្សី មួយ ម៉ែត្រ២តឹកយកមកបំពាក់ជើងក្អែកលួស២លីកន្លះជាមួយនឹងសរសៃជ័រ៥ខាំមករុំចុងអំបោសយកប្រវែងបួនតឹករួចឃ្លុំបេដោយដបទឹកសុទ្ធនៅជាប់នឹងក្បាលអំបោសដើម្បីឲ្យមានសោភ័ណភាពរួចក្រងសរសៃជ័រដបទឹកសុទ្ធដោយប្រើខ្សែតាន់ស្វិតដើម្បីឲ្យសរសៃអំបោសរឹងបន្តិច»។
ក្នុងមួយថ្ងៃៗសិប្បកម្មរបស់លោកអាចផលិតអំបោសបានពី២០០ទៅ៥០០ដើមជាមួយកម្លាំងកម្មករ ១៦នាក់។អំបោស១ដើមមានតម្លៃ១០,០០០ រៀលនិង១៥,០០០រៀល។
ម្ចាស់អាជីវកម្មវ័យ៤០ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលមានក្រុមហ៊ុនបោសសម្អាតតាមដងផ្លូវទីសាធារណៈមួយបានកុម្ម៉ង់អំបោសពីសិប្បកម្មលោកយកទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោករំពឹងថា បើមានក្រុមហ៊ុនដទៃផ្សេងទៀចាប់អារម្មណ៍កុម្ម៉ង់បន្ថែមនោះវារឹតតែល្អ ដោយសារសិប្បកម្មនេះគាំទ្រការកែច្នៃប្រើប្រាស់ឡើងវិញ ហើយផលិតផលត្រូវបានធ្វើដោយដៃសុទ្ធសាធ។
នាថ្ងៃអនាគត លោក គា ចង់ពង្រីកសិប្បកម្មនេះឱ្យកាន់តែធំថែមទៀតដើម្បីជួយដល់អ្នកខ្វះខាតឲ្យបានកាន់តែច្រើនក៏ដូចជារួមចំណែកកែច្នៃកាកសំណល់ដបប្លាស្ទិកជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក អំបោសប្រើមិនខូចឬសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ២២២ ០០០៕
ក្រសួងបរិស្ថាននាំវិស័យឯកជនទៅទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដមភ្នំគូលែន
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
សៀមរាប៖ ក្រុមការងារអនុវត្តរបស់គម្រោង«និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» បានរៀបចំទស្សនកិច្ចសម្រាប់វិស័យឯកជនទៅកាន់គោលដៅលម្ហែបៃតងនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន»ជាទីដែលក្រសួងបរិស្ថានបានរៀបចំជាសហគមន៍ ដើម្បីគោលដៅនិរន្តរភាពនិងការអភិរក្សធម្មជាតិក្នុងតំបន់អេកូទេសចរណ៍ប្រវត្តិសាស្ត្រ។
យោងតាមលោក ឃិន ម៉េងឃាងប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន គម្រោង«និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលហៅកាត់ថា CSLEP បានធ្វើដំណើរទស្សនកិច្ចពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ដោយទទួលបានការគាំទ្រពីធនាគារពិភពលោក។
លោកបានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា៖ «យើងបានអញ្ជើញតំណាងក្រសួងស្ថានប័នពាក់ព័ន្ធវិស័យឯកជនជាច្រើន ដែលគាត់ធ្វើធុរកិច្ចទេសចរណ៍ដើម្បីស្វែងយល់តំបន់ទាក់ទាញទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម«ភ្នំគូលែន» ជាពិសេសតំបន់ប្រវត្តិសាស្ត្រតំបន់បុរាណស្ថាន ហើយនឹងតំបន់ព្រៃឈើធម្មជាតិ ទឹកធ្លាក់ សត្វព្រៃជាដើម»។
គម្រោងនេះមានគោលបំណងសិក្សាស្វែងយល់អំពីទីតាំងសក្តានុពល និងឱកាសក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិភ្ជាប់បណ្តាញទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍មូលដ្ឋានតាមរយៈការគាំទ្រគោលនយោបាយអនុវត្តគម្រោងទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិនិងចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគោលដៅលម្ហែបៃតងក្នុងតំបន់ការពារធម្មជាតិ។
ការរៀបចំគោលដៅលម្ហែបៃតងសំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិដែលត្រូវបានសិក្សា ដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតងនិងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សានិងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។នេះបើយោងតាមលោក ឃិន ម៉េងឃាង។
នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិដែលមានភាពទាក់ទាញទេសចរមកកម្សាន្ត សរុបចំនួន ៨៥ កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់សរុបចំនួន១,២៤៦គ្រួសារ ប្រជាជនសរុបចំនួន ៥,០៣៦នាក់ក្នុងនោះស្ត្រី ២,៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។
ជាមួយគ្នានោះនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥រួមមាន៖ ១. សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ២.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ៣.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ៤.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និង៥.សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ»។
លោក ឃិន ម៉េងឃាង បានឱ្យដឹងបន្ថែមទៀតថា៖«មកទល់បច្ចុប្បន្ននេះកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន ៧៣ តំបន់ទាំងនេះមានផ្ទៃដីសរុបប្រមាណជា ៧,២ លានហិកតាស្មើនឹង ៤១%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ ផ្ទៃដីដ៏ធំធេងនេះតម្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រងនិងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គមប្រកបដោយស្មារតីទទួលខុសត្រូវ និងធានាឱ្យមាននិរន្តរភាព»។
តំបន់ការពារធម្មជាតិទាំងអស់នេះមានសក្ដានុពលយ៉ាងធំធេងសម្រាប់លើកកម្ពស់ និងជំរុញ វិស័យ ទេសចរណ៍ជាពិសេសអេកូទេសចរណ៍ ដែលក្នុងនោះមាន៖ ទេសភាពធម្មជាតិស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ ជីវៈចម្រុះ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ ព្រៃឈើ សត្វព្រៃនិងកោះស្រស់ស្អាត តំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទៅកម្សាន្ត។
គួរបញ្ជាក់ដែរថា ដើម្បីពង្រឹងនិងជួយសម្រួលដល់ការចូលរួមពីសំណាក់វិស័យឯកជនក្នុងការវិនិយោគអភិវឌ្ឍតំបន់អេកូទេសចរណ៍ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។ សៀវភៅគោលការណ៍ណែនាំនេះក៏បានចែកជូនដល់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះផងដែរ។
CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកលនិងរាជរដ្ឋាភិបាលកម្ពុជា។គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិនិងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញនិងបឹងទន្លេសាប ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕
ភ្នំពេញ: រសជាតិជូរផ្អែមប្រៃសាច់ស្រួយស្រឹប ដែលធ្វើឱ្យអ្នកញ៉ាំហើយជាប់ចិត្តបានធ្វើឱ្យម្ចាស់សិប្បកម្មជ្រក់ទំពាំងព្រេច អ្នកស្រី ជា ធានូកំពុងកាក់កបនឹងការលក់ដូរ ដោយមួយថ្ងៃអាចផលិតលក់ខ្ទង់ចន្លោះពី ១០០ ទៅ២០០គីឡូក្រាម។
ទំពាំងព្រេចគឺជាពន្លកឫស្សីមួយប្រភេទដែលយើងអាចបរិភោគបាន និងជាអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាយូរលង់ណាស់មកហើយ។ជាពិសេស ទំពាំងព្រេចត្រូវបានគេនិយមយកទៅធ្វើជ្រក់ដ៏មានឱជារស ហើយវាកំពុងតែមានប្រជាប្រិយភាពនិងទីផ្សារទូលំលាយ។
អ្នកស្រី ជា ធានូ ហៅ ម៉ានូម្ចាស់សិប្បកម្ម យាហ៊ឺអំបិលម្ទេស បានឱ្យដឹងថា រឿងរ៉ាវនៃការបង្កើតសិប្បកម្មនេះឡើងគឺដោយសារអ្នកស្រីចង់រំឭកជីវិតពីកុមារភាពដែលធ្លាប់ទៅជីកទំពាំងព្រេចជាមួយគ្រួសារដើម្បីយកមកទុកឲ្យអ្នកម្ដាយធ្វើជ្រក់សម្រាប់ញ៉ាំ។
ទំពាំងព្រៃមួយប្រភេទនេះមានរសជាតិឆ្ងាញ់ ហើយថែមទាំងរួមចំណែកជួយឲ្យប្រជាកសិកររកចំណូលបន្ថែមមកផ្គត់ផ្គង់គ្រួសារទៀតផង។
សព្វថ្ងៃនេះ សិប្បកម្មយាហ៊ឺអំបិលម្ទេស បានប្រមូលទំពាំងស្រស់ពីសហគមន៍ចន្លោះពី ៥០ ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលទំពាំងព្រេចទាំងអស់នេះមានប្រភពមកពីខេត្តព្រះវិហារ ក្រចេះនិងពោធិ៍សាត់។ បន្ថែមពីនេះ អ្នកស្រីក៏ទទួលបន្តពីឈ្មួញកណ្តាលដែលពួកគាត់ជាអ្នកដើរប្រមូលទិញតាមស្រុកភូមិជាប្រចាំ។
ប្រជាជននៅសហគមន៍គឺជាអ្នកដើររកកាច់ទំពាំងព្រេចនិងទទួលកម្រៃពីការកាត់ និងលាងសម្អាតវាសម្រាប់សិប្បកម្មរបស់អ្នកស្រីផងដែរ។
សម្រាប់សិប្បកម្មជ្រក់ទំពាំងព្រេចអ្នកស្រី ម៉ានូ បានប្រើវិធីសាស្ត្រធ្វើជ្រក់ពីអ្នកម្ដាយគួបផ្សំនឹងការច្នៃប្រឌិតដោយខ្លួនឯង។
អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានយកវិធីធ្វើរបស់ម៉ាក់និងព្យាយាមស្វែងរករូបមន្តបន្ថែមទៀត ដើម្បីបង្កើនរសជាតិ»។
ម្ចាស់សិប្បកម្មវ័យ៣២ឆ្នាំរូបនេះក៏បានរៀបរាប់ពីដំណើរការនៃការផលិតជ្រក់ទំពាំងព្រេចនេះថា៖ «យើងត្រូវយកទំពាំងមកបកសម្បកចេញនិងចិតផ្នែកទំពាំងចាស់ៗចេញរួចក៏កោសរោមវាចេញឲ្យស្អាតកុំឲ្យវារមាស់ពេលញ៉ាំ រួចលាងទឹកឲ្យស្អាតទើបយកទៅស្រុសដោយត្រូវប្រើភ្លើងឲ្យសមល្មម និងដាក់គ្រឿងដើម្បីឲ្យវាមានរសជាតិស្រួយឆ្ងាញ់រួចត្រូវយកមកលាង៥ទៅ៦ទឹកបន្ថែមទៀតដើម្បីឲ្យវាអស់ជាតិហាង»។
សិប្បកម្មមួយនេះ អាចផលិតជ្រក់បាន១០០ទៅ២០០គីឡូក្រាមនៅក្នុង១ថ្ងៃ។ យ៉ាងណាមិញកត្តាប្រឈមក្នុងការធ្វើជ្រក់ទំពាំងព្រេចគឺស្ថិតនៅលើការប្រមូលផលតម្លៃក្នុងរដូវខ្សត់ និងខ្នាតរបស់ទំពាំងតែម្ដង។
អ្នកស្រីក៏បញ្ជាក់ពីបញ្ហានេះដែរថា៖«ចំណុចទី១ ពិបាកក្នុងការប្រមូលទិញដោយសារតែរដូវខ្លះមិនសូវសម្បូរទំពាំងព្រេចធ្វើឲ្យទំពាំងមានតម្លៃថ្លៃ។ចំណុចទី២ពេលខ្លះទំពាំងព្រេចទាំងនោះមានទំហំធំៗដែលធ្វើឲ្យជ្រក់មិនសូវឆ្ងាញ់»។
អ្នកស្រី ម៉ានូ បានឱ្យដឹងថា តម្លៃលក់រាយជ្រក់ទំពាំងព្រេចគឺ២២០០០ រៀល ក្នុង១គីឡូក្រាម។ អ្នកស្រីធ្វើការចែកចាយទៅកាន់បណ្តាខេត្តនានាតាមបណ្ដាញសង្គមអនឡាញ បន្តឱ្យឈ្មួយកណ្ដាល និងលក់នៅទីតាំងហាងផ្ទាល់ ដែលស្ថិតនៅផ្ទះលេខ១៤៨ផ្លូវលេខ១៣បុរីពិភពថ្មី ចំការដូង រាជធានីភ្នំពេញ។
អ្នកស្រីបានអះអាងថា តាមបទពិសោធរយៈពេល៥ឆ្នាំកន្លងមកនេះជ្រក់ទំពាំងព្រេចរបស់អ្នកស្ត្រីមានរសជាតិឆ្ងាញ់ ធ្វើឱ្យអ្នកបានទិញយកទៅញ៉ាំហើយពួកគាត់តែងតែសរសើរថាស្រួយឆ្ងាញ់ល្អ។ចំនួនអតិថិជនមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
នាថ្ងៃអនាគតអ្នកស្រីម៉ានូ មានការតាំងចិត្តចង់បន្តផលិតអ្វីដែលជារបស់ខ្មែរនិងរំពឹងថាធនធានដែលខ្មែរមានស្រាប់ អាចត្រូវបានយកមកផលិតលក់ និងនាំចេញទៅក្រៅប្រទេសឱ្យបានច្រើន។
អ្នកស្រីបានបន្តថា៖ «ឲ្យគេស្គាល់ថានេះជារបស់ខ្មែរម្ហូបខ្មែរ ឆ្ងាញ់ហើយ មានអនាម័យ»។
ក្រៅពីផលិតជ្រក់ទំពាំងព្រេច អ្នកស្រីម៉ានូ ក៏មានធ្វើ យាហ៊ឺអំបិលម្ទេស បង្គាអំបិលម្ទេស ស្វាយត្រាំទឹកឃ្មុំដំណាប់ខ្វិតស្ងួត ដំណាប់ល្មុត និងផលិតផលជាច្រើនមុខទៀត។
ប្រិយមិត្តដែលចាប់អារម្មណ៍ផលិតផលអ្នកស្រីម៉ានូ អាចទំនាក់ទំនងគេហទំព័រហ្វេសប៊ុក យាហ៊ឺអំបិលម្ទេស ឬ លេខទូរសព្ទ៖០៧០ ៥៧៥ ៤៥៤៕
ភ្នំពេញៈនៅក្នុងកសិដ្ឋានក្នុងភូមិសន្សំកុសលប្រអប់ខៀវត្រួតគ្នាតម្រៀបជាជួរបំពាក់ដោយទុយោជ័រ ជាកន្លែងដែលវិស្វករឧត្តម ទិត្យា ចិញ្ចឹមបំប៉នក្ដាមថ្មជាគ្រឿងសមុទ្រដ៏មានឱជារស និងតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។
ជាវិស្វករបម្រើការក្នុងវិស័យសំណង់ដែលគ្មានជំនាញកសិកម្មទាល់តែសោះលោកទិត្យាបានសម្លឹងឃើញឱកាសល្អនិងបានសម្រេចចិត្តផ្លាស់ប្តូរអាជីពទៅបើកកសិដ្ឋាន ប្រើបច្ចេកទេសចិញ្ចឹមក្តាមថ្មក្នុងប្រអប់ដោយឃើញថាវាមានហាងឆេងខ្ពស់ និងពុំសូវសម្បូរដាក់លក់តាមហាង និងភោជនីយដ្ឋាន។
លោកបានរៀបរាប់ប្រាប់ SR News ឱ្យដឹងពីចំណុចចាប់ផ្តើមអាជីវកម្មរបស់លោកថា៖ «តាមពិតទៅដំបូងឡើយផ្ដើមចេញពីការទៅហូបគុយទាវ ខ្ញុំហៅគុយទាវគ្រឿងសមុទ្រប៉ុន្តែភាគច្រើនមានតែបង្គា និងមឹក អត់មានក្ដាម។ ចំណែកនៅតាមហាងគ្រឿងសមុទ្រក៏អ៊ីចឹងដែរ មានតែមឹកបង្គា»។
ស្របនឹងគោលដៅដែលបានគិតទុកមុន តាំងពីលោកនៅបម្រើការឱ្យគេលោក ទិត្យា ក៏បានឆ្លៀតរៀនតាមរយៈអនឡាញនូវបច្ចេកទេសចិញ្ចឹមក្ដាមថ្មក្នុងប្រអប់ដូចជានៅម៉ាឡេស៊ី និងហ្វីលីពីន។
លោកបានប្រាប់ទៀតថា៖ «ដោយសារពេលនោះជាពេលរីករាលដាលនៃមេរោគកូវីដ១៩ គេបើកបង្រៀនតាមអនឡាញគឺខ្ញុំរៀនតាមអនឡាញសុទ្ធសាធ ហើយចម្ងល់វិញគឺមានច្រើនខ្លាំងមែនទែន ទម្រាំខ្ញុំអាចឆ្លងផុតដំណាក់កាលបច្ចេកទេសនេះបាន»។
លោក ឧត្តម ទិត្យា ដែលជាម្ចាស់កសិដ្ឋាន «ក្តាមថ្មភ្នំពេញ»ឱ្យដឹងថា អាជីវកម្មរបស់លោកមិនធំពេកទេ ហើយលោកបានចាប់ផ្តើមដំបូងជាលក្ខណៈគ្រួសារដោយដំណើរការកន្លែងចិញ្ចឹមនៅក្រោយផ្ទះ។
លោកមានដីទំនេរស្រាប់ផង ហើយអាជីវកម្មចិញ្ចឹមក្ដាមថ្មនៅក្នុងប្រអប់ក៏មិនទាមទារទីតាំងធំពេកដែរគឺត្រឹម ៦០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «អ៊ីចឹងខ្ញុំក៏មានគំនិតចង់នាំយកក្ដាមថ្មឱ្យមានវត្តមានលើទីផ្សារ ដល់ពេលខ្ញុំស្រាវជ្រាវមើលទៅនៅភ្នំពេញដូចជាមិនមានច្រើនទេ ណាមួយសម្រាប់អាជីវកម្មនេះ អាចនិយាយបានថាខ្ញុំចាប់ផ្ដើមបានមុនគេបន្តិច»។
បច្ចេកទេសចិញ្ចឹមក្ដាមថ្មដ៏ទំនើបនេះមានភាពងាយស្រួលនិងមិនរើសទីតាំង។ការដាក់ចិញ្ចឹមនៅក្នុងប្រអប់ដាច់ដោយឡែកពីគ្នា ក៏មិនតម្រូវឱ្យជីកស្រះឬធ្វើអាងឡើយ។
ទាក់ទិននឹងបច្ចេកទេសចិញ្ចឹមដដែលនេះម្ចាស់កសិដ្ឋានក្តាមថ្មភ្នំពេញបានឱ្យដឹងថា សម្រាប់ក្ដាមថ្មដែលលោកចិញ្ចឹមនៅភ្នំពេញនេះមិនមែនចិញ្ចឹមតាំងពីតូច ឬបង្កាត់ពូជថ្មីនោះទេ គឺលោកនាំយកក្ដាមថ្មពីខេត្តព្រះសីហនុនិងខេត្តកោះកុង។
ម្ចាស់កសិដ្ឋានបានជ្រើសរើសយកក្ដាមណាដែលស្ទើរសាច់ឬក៏ពេញសាច់ហើយ យកមកចិញ្ចឹមដាក់ក្នុងប្រអប់ ប្រៀបបីដូចជាកន្លែងស្តុកទៅវិញទេដើម្បីបំប៉នពួកវារយៈពេលពី២ សប្ដាហ៍ទៅ ១ខែកន្លះ មុននឹងលោកប្រមូលផលយកទៅលក់លើទីផ្សារ។
ចំពោះតម្រូវការវិញលោក កិត្យា បានឱ្យដឹងថា៖«ក្ដាមថ្មកំពុងមានតម្រូវការខ្ពស់ ដោយសារមិនមានកសិដ្ឋានបែបនេះច្រើនឬអតិថិជនគាត់ទៅរកអត់មាននៅលើទីផ្សារ ធ្វើឲ្យវាមានថ្លៃ ហើយទុកមិនបានយូរទៀតផង»។
លោក ឧត្តម ទិត្យា បានបន្តទៀតថាបច្ចុប្បន្ននេះកសិដ្ឋានរបស់លោកមានចំនួន ១ ពាន់ប្រអប់ ដែលអាចផ្គត់ផ្គង់ក្តាមថ្មជាច្រើនប្រភេទដូចជាក្តាមលេខ១លេខ ២ លេខ ៣ ប្រភេទ ក្ដាមធំ ក្ដាមសេះ និងក្ដាមពង ក្នុងតម្លៃចាប់ពី ២ម៉ឺនរៀល ដល់ ១២ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។
ក្នុងមួយខែៗលោក អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះពីកសិដ្ឋានប្រើបច្ចេកទេសចិញ្ចឹមក្ដាមក្នុងប្រអប់នេះ។
សម្រាប់ថ្ងៃអនាគតលោកក៏មានគម្រោងបង្កើនកន្លែងចិញ្ចឹមឱ្យច្រើនទីតាំងព្រមទាំងរកដៃគូសហការទាំងក្នុងនិងក្រៅស្រុកផងដែរ។
កសិដ្ឋានក្តាមថ្មភ្នំពេញមានអាសយដ្ឋាននៅផ្ទះលេខ ២២៦D ផ្លូវលេខ ៣៧BT ក្នុងភូមិសន្សំកុសល២សង្កាត់បឹងទំពុន១ខណ្ឌមានជ័យ។ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក កសិដ្ឋាន ក្តាមថ្មភ្នំពេញឬលេខទូរសព្ទ ០៨៦២៤២ ៩២៤៕
តាកែវ៖ ជាមួយគុណប្រយោជន៍ព្យាបាលជំងឺប្រេងរឹតសរសៃកសិករ ដែលប្រមូលផលពីដំណាំសហគមន៍ បានជួយកាត់បន្ថយអត្រាចំណាកស្រុកនិងជ្រោមជ្រែងជីវភាពគ្រួសារសហគមន៍នៅខេត្តតាកែវ។
អស់រយៈពេលជាយូរមកហើយៗ នៅកម្ពុជាក៏ដូចជាបណ្ដាប្រទេសនៅអាស៊ី ប្រេងស្លឹកគ្រៃត្រូវបានគេប្រើប្រាស់លើវិស័យថែរក្សាសម្រស់សុខភាព រហូតដល់ការព្យាបាលសម្រួលអាការៈចុករោយផ្សេង។
នៅប្រទេសកម្ពុជា មានសហគ្រាស និង សិប្បកម្មច្នៃប្រេងស្លឹកគ្រៃ ធ្វើជាផលិតផលផ្សេងៗ ក្នុងចំណោមនោះ សហគ្រាស ស្រ៊ុន ឆ្លាត ខេបូអេហ្គ្រីប៊ីហ្សនេសបានផលិតប្រេងរឹតសរសៃកសិករ ក្រោយពីសម្គាល់ឃើញថា ការនិយមដាំស្លឹកគ្រៃច្រើននៅក្នុងសហគមន៍តែកសិករជួបផលលំបាកចំពោះទីផ្សារដំណាំមួយនេះ។
លោក ខុន លាងហេង នាយកប្រតិបត្តិសហគ្រាសស្រ៊ុនឆ្លាតបានឱ្យដឹងថា៖ «យើងក៏ស្រាវជ្រាវឃើញថាការចម្រាញ់ប្រេងរឹតចេញពីស្លឹកគ្រៃមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសូម្បីតែប្រទេសជិតខាងក៏គេប្រើប្រាស់ប្រេងនេះផងដែរ»។
សិប្បកម្មប្រេងរឹតកសិករក៏បានបង្កើតឡើងដើម្បីធានាបាននូវនិរន្តរភាពជូនកសិករការដាំដុះវិលជុំក្នុងមួយឆ្នាំៗ។
លោកបានបន្តទៀតថា៖ «យើងខ្ញុំមើលឃើញពីសក្ដានុពលនៃដំណាំដើមស្លឹកគ្រៃ នៅក្នុង ស្រុកភូមិរបស់យើងសម្បូរអ្នកដាំស្លឹកគ្រៃមិនថាដាំជាចម្ការ ឬ លក្ខណៈគ្រួសារនោះទេគឺមានច្រើនណាស់ណាមួយយើងក៏មានចំណេះជំនាញខាងផ្នែកចម្រាញ់ប្រេងពីដើមស្លឹកគ្រៃនេះផងដែរ»។
លោក លាងហេង បានឱ្យដឹងថា ប្រេងនេះអាចព្យាបាលអាការៈដូចជាឈឺសន្លាកដៃជើង ឈឺចង្កេះចុករោយ ស្ពឹកស្រពន់ ហើម គ្រេច ថ្លោះ រមាស់ សត្វល្អិតទិចឬខាំ។វាមិនត្រឹមតែមាន គុណប្រយោជន៍ជ ព្យាបាលប៉ុណ្ណោះទេ។វត្ថុធាតុដើម និង ដំណាក់ការនៃការផលិតបានជួយផ្ដល់ចំណូលដល់សហគមន៍ទៀតផង។
លោកបានឱ្យដឹងថា៖ «ដោយសារអ្នកខ្លះគាត់មានកូនច្រើនជីវភាពខ្សត់ខ្សោយត្រូវបង្ខំឲ្យកូនៗចំណាកស្រុកទៅធ្វើការនៅឆ្ងាយថែមទាំងជាប់បំណុលគេទៀត តែចាប់តាំងពីពួកគាត់ចូលក្នុងសហគមន៍រួចមកពួកគាត់ក៏មានជីវភាពប្រសើរជាងមុនដោយគាត់ជាអ្នកចម្រាញ់ផងនិងអ្នកដាំស្លឹកគ្រៃផងទើបគាត់មានលទ្ធភាពក្នុងការសងបំណុលគេ និងកូនៗ វិលត្រឡប់មករស់នៅជុំគ្រួសារដោយពួកគាត់មានមុខរបរនិងការងារ ជាក់លាក់ដោយមានការជ្រោមជ្រែងពីសហគមន៍»។
ស្លឹកគ្រៃដែលនឹងត្រូវយកទៅចម្រាញ់ជាប្រេងនេះ គឺស្លឹកគ្រៃធម្មជាតិ ដែលប្រជាសហគមន៍ប្រមាណជាង១០០០ គ្រួសារ ដាំដុះដោយផ្ទាល់ដៃតាមបែបធម្មជាតិ។រីឯការចម្រាញ់វិញស្លឹក ឬដើមស្លឹកគ្រៃ ត្រូវលាងទឹកឲ្យស្អាត រួចសម្ងួតឲ្យស្ងួត ទើបយកដាក់ចូលក្នុងឆ្នាំងចម្រាញ់ក្នុងរយៈពេលប្រមាណ៨ម៉ោងដើម្បីបានជាប្រេងរឹតសរសៃនេះឡើង។
លោក លាងហេង បានរៀបរាប់ទៀតថា៖ «ក្នុងការចម្រាញ់នេះយើងពុំសូវមានបញ្ហាចោទនោះទេដោយសារយើងមានបច្ចេកទេសនិងឧបករណ៍គ្រប់គ្រាន់ដោយទទួលបានការបណ្តុះបណ្តាលច្បាស់លាស់និងទាមទារឲ្យយើងអនុវត្តតាមស្តង់ដារបច្ចេកទេសដែលបានកំណត់»។លទ្ធផលនៃការចម្រាញ់គឺស្លឹកគ្រៃ១តោនអាចទាញយកប្រេងបានប្រមាណតែ១,៥ លីត្រប៉ុណ្ណោះ។
ប្រេងរឹតសរសៃមានជាប្រភេទដបតូចដែលមានចំណុះ១០ មីលីលីត្រតម្លៃ ១៨០០០ រៀល ចំណុះ២០ មីលីលីត្រមានតម្លៃ ៣០០០០ រៀល និង ចំណុះ៥០០ មីលីលីត្រ មានតម្លៃ ៥០០០០ រៀល។
លោកបានបញ្ជាក់ទៀតថា ក្រៅពីប្រេងរឹតសរសៃសហគ្រាស ស្រ៊ុន ឆ្លាត ខេបូ អេហ្គ្រីប៊ីហ្សនេស ក៏មានផលិតផលផ្សេងទៀតដូចជា ប្រេងកូឡាប្រេងខ្យល់ ស្ព្រាយបាញ់ការពារមូសខាំ និងស្ព្រាយបាញ់បំបាត់កាឈឺចាប់ភ្លាមៗផងដែរ។
ផលិតផលនេះមានការគាំទ្រច្រើន ទាំងអ្នកលក់និងអតិថិជនដោយពួកគាត់ទិញទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃព្រោះតែវាមានប្រសិទ្ធភាពខ្ពស់ និងតម្លៃសមរម្យ។
សម្រាប់គម្រោងនាពេលអនាគតនាយកប្រតិបត្តិវ័យ៣១ឆ្នាំរូបនេះ គ្រោងនឹងពង្រីកទីផ្សារបន្ថែម ដើម្បីជួយដល់សហគមន៍ក៏ដូចជាបង្កើនការផលិតឱ្យបានច្រើន។តាមរយៈកិច្ចការនេះ លោករំពឹងថានឹងអាចជួយលើកស្ទួយផលិតផលខ្មែរ ក៏ដូចជាស្នើឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរដើម្បីឲ្យខ្មែរមានផលិតផលមួយជាអត្តសញ្ញាណជាតិនិងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
សហគ្រាស ស្រ៊ុន ឆ្លាត ខេបូអេហ្គ្រីប៊ីហ្សនេស មានទីតាំងស្ថិតនៅភូមិ គ្រួស ឃុំ រវៀង ស្រុកសំរោង ខេត្ត តាកែវ។ ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ប្រេងរិតកសិករផលិតផលខ្មែរ
ឬ លេខទូរសព្ទទំនាក់ទំនង៖ ០៩៦ ៨១៣ ៦៧៦៧៕
កំពង់ចាម: ដោយសម្លឹងឃើញគុណវិបត្តិនៃការប្រើប្រាស់ហ្គាសចម្អិនអាហារប្រចាំថ្ងៃ ជាងក្រឡឹងម្នាក់បានកែច្នៃចង្ក្រានដោយប្រើប្រេងចាស់ៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្ទុះហ្គាសនិងសម្រួលការចំណាយក្នុងគ្រួសារ នាំឱ្យមានការគាំទ្រពេញបណ្ដាញសង្គម។
ប្រមាណជា ២ ខែមុន លោក កែវ សុធារ៉ា បានបង្កើតសិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅនៅ ភូមិ អ្នកតាស្នឹង ឃុំ បឹងណាយ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម។
មិនយូរប៉ុន្មានចង្ក្រានកែច្នៃរបស់លោកត្រូវបានអ្នកប្រើប្រាស់ណែនាំតៗគ្នា ហើយសព្វថ្ងៃលោកកំពុងតែមមាញឹកក្នុងការផលិតចង្ក្រានប្រើប្រេងខ្មៅដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ខណៈអតិថិជនគាំទ្រមានមកពីគ្រប់បណ្ដាខេត្តក្រុងរហូតដល់មានការទិញទៅសហរដ្ឋអាមេរិកថែមទៀត។
ម្ចាស់សិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅបានប្រាប់ SR News ពីការបង្កើតសិប្បកម្មនេះឡើងថា៖ «បានជាខ្ញុំចាប់ផ្ដើមកែច្នៃចង្ក្រានប្រើប្រេងចាស់ៗនៅខែសីហាឆ្នាំ ២០២៤នេះបន្ទាប់ពីមានព័ត៌មានផ្ទុះនៅតាមបណ្ដាញសង្គម ដោយខ្ញុំជាជាងក្រឡឹងស្រាប់ ទើបខ្ញុំចាប់ផ្តើមច្នៃនិងបំពាក់គ្រឿងមួយចំនួន ដើម្បីបានចង្ក្រានដែលមានចំហេះខ្លាំងឆេះសព្វនិងមានគុណភាពខ្ពស់»។
លោក ធារ៉ា បានបញ្ជាក់ថា ការផលិតចង្ក្រាននេះត្រូវបានធ្វើឡើងក្នុងបំណងចង់ឲ្យអ្នកប្រើប្រាស់ចំណេញពេលវេលាដោយសារចង្ក្រានឆាប់ក្តៅ និងជួយសន្សំសំចៃថវិកាជាជាងការប្រើប្រាស់ ហ្គាសឬអគ្គិសនី។
ចង្ក្រាននេះប្រើប្រាស់ឡើងវិញ នូវកាកសំណល់ប្រេងម៉ាស៊ីនយានជំនិះ។ក្រៅពីប្រេងដែលស្ដារចេញពីម៉ូតូនិងរថយន្ត អ្នកប្រើប្រាស់ក៏អាចយកប្រេងសល់ពីការបំពងម្ហូបអាហាររួចមកប្រើប្រាស់ផងដែរ។
លោក ធារ៉ា បានបញ្ជាក់ថា៖ «ចង្ក្រាននេះយើងអាចប្រើជាមួយប្រភេទប្រេងឆាចាស់ៗប្រេងបាតម៉ូតូរថយន្តនិយាយរួម ឲ្យតែប្រភេទចាស់ៗ»។
ចំពោះចង្ក្រាន លោក ធារ៉ា បានផលិតជាខ្នាតទំហំ ៣តឹក ៤ជ្រុង កម្ពស់ ៣តឹកប្រវែងបណ្ដោយ ៥ តឹកដែលអាចប្រើជាលក្ខណៈគ្រួសារក៏បានឬក្នុងអាជីវកម្មខ្នាតតូចក៏បាន។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចកុម្ម៉ងខ្នាតចង្ក្រានសម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានផងដែរ។
ទោះជាសិប្បកររូបនេះមានបទពិសោធន៍ជាជាងក្រឡឹងក្ដីក៏ការផលិតចង្ក្រានប្រើប្រេងខ្មៅនៅតែជួបប្រទះការលំបាកខ្លះដែរដូចជាការនាំចូលនូវកង្ហារខ្យង និងម៉ូទ័រខ្យល់ពីបរទេស សម្រាប់ភ្ជាប់ជាមួយចង្ក្រានដោយសារតែគ្រឿងបង្គុំទាំងពីរនេះពុំមានផលិតនៅក្នុងស្រុក។
សិប្បករធ្វើចង្ក្រានវ័យ ៣៧ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «យើងត្រូវតែភ្ជាប់ម៉ូទ័រគូថខ្យងទៅនឹងទីបពណ៌ខ្មៅធំដោយបំពង់ទីបជ័រមួយទៀត។បន្ទាប់មកយើងត្រូវចាក់ប្រេងចូលក្នុងបំពង់បឺតស្តុកប្រេងរួចដាក់ក្រដាសចូលក្រឡចង្ក្រាន រួចដុតវាឲ្យចេះក្រដាសនិងប្រេងសិនទើបយើងចាប់ផ្តើមបើកវ៉ូលីមម៉ូទ័រគូថខ្យង ហើយយើងមិនត្រូវ ប្រើម៉ូទ័រគូថខ្យងនៅពេលវាមិនទាន់ឆេះប្រេងនោះទេ»។
ចង្ក្រានរបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជនដែលបានជាវយកទៅប្រើប្រាស់និងឃើញលទ្ធផលថា វាពិតជាជួយសន្សំសំចៃ ក្ដៅលឿនរហ័ស ចំណាយពេលវេលា ថវិកាតិចនិងមិនបារម្ភហានិភ័យចំពោះការផ្ទុះ។ អ្នកប្រើប្រាស់ត្រូវចំណាយលើភ្លើងអគ្គិសនីត្រឹមតែ៣ទៅ ៤ វ៉ាត់ប៉ុណ្ណោះ។
លោកបានសម្រិតសម្រាំងនូវប្រភេទដែកក្រាស់ៗ និងរឹងមាំ ដើម្បីឱ្យអតិថិជនអាចយកទៅប្រើប្រាស់ បានយូរអង្វែងក្នុងតម្លៃមួយសមរម្យ។
លោក ធារ៉ា បាននិយាយថា៖ «ចំពោះចង្ក្រានខ្នាតកណ្តាលយើងលក់ជូនក្នុងតម្លៃ ៦៥ ដុល្លារ ឬ ២៦ ម៉ឺនរៀលប៉ុណ្ណោះ»។
បើតាមការលើកឡើងរបស់សិប្បករអ្នកប្រើប្រាស់ចង្ក្រានប្រេងខ្មៅ លែងបារម្ភនឹងហានិភ័យចំពោះការផ្ទុះឆេះដូចចង្ក្រានហ្គាសឡើយ។អត្ថប្រយោជន៍ជារួមរបស់វាបន្ថែមទៀតគឺជួយកាត់បន្ថយការប្រើប្រាស់ អុស ធ្យូង ដែលនាំឲ្យបាត់បង់ព្រៃឈើ។ចង្ក្រានប្រើប្រេងខ្មៅក៏ជួយរក្សាបរិស្ថានក្នុងផ្ទះពីការខ្មៅគូថឆ្នាំងជញ្ជាំង និងពិដានផងដែរ ដោយសារតែវាមិនមានផ្សែង។
នាពេលអនាគតសិប្បកម្មរបស់លោកគ្រោងនឹងផលិតចង្ក្រានឱ្យបានច្រើនជម្រើសដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ម្ចាស់សិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅបាននិយាយថា៖«ខាងយើងក៏នឹងចង់ឲ្យប្រជាជនខ្មែរងាកមកប្រើចង្ក្រាននេះព្រោះយើងមិនចាំបាច់កាប់ព្រៃឈើមកធ្វើជាអុសធ្យូងនិងចំណាយនៃការប្រើប្រាស់ហ្គាសដោយចំណាយលើភ្លើងបន្តិចបន្តួចប៉ុណ្ណោះជាពិសេសជួយសម្រួលសេដ្ឋកិច្ចគ្រួសារនិងជីវភាពឲ្យកាន់តែប្រសើរឡើង»។
សិប្បកម្មរបស់លោក កែវ សុធារ៉ា អាចទំនាក់ទំនងតាមទំព័រហ្វេសប៊ុកៈ សិប្បកម្មចង្ក្រានប្រេងខ្មៅ កូនខ្មែរកំពង់ចាម ឬ ក៏តាមរយៈតេឡេក្រាមលេខ ០៩៧២២៣១០០៧/០៨៨ ៧៩៦២៩៩៩៕
កំពង់ឆ្នាំង: កាកសំណល់ត្រឡោកដូង និងសម្បកផ្លែឈើជាច្រើនតោនត្រូវបានសិប្បកម្មរបស់លោក សាប់ ម៉ុក ប្រមូលយកមកកែច្នៃ និងផលិតបានចេញជាធ្យូងអនាម័យមានគុណភាពខ្ពស់ក្នុងគោលបំណងកាត់បន្ថយការកាប់បំផ្លាញ់ព្រៃឈើនិងដើម្បីប្រកួតប្រជែងលើទីផ្សារ។
ស្ថាបនិកសិប្បកម្មរូបនេះបានចាប់ផ្ដើមផលិតធ្យូងអនាម័យនេះឡើងក្នុងគោលបំណងចូលរួមចំណែកអភិរក្សព្រៃឈើ និងផ្ដល់ការងារដល់ប្រជាជនស្របនឹងការសម្គាល់ឃើញប្រទេសកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមស្រាប់ ជាពិសេសត្រឡោកដូង និងសម្បកផ្លែឈើ។
លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន SR News យ៉ាងដូច្នេះថា៖«សិប្បកម្មនេះបង្កើតឡើងនៅឆ្នាំ ២០២១ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងកែច្នៃវត្ថុមួយចំនួនឡើងវិញដើម្បីឲ្យវាមានប្រយោជន៍»។
លោកបានបន្តទៀតថា៖ «យើងត្រូវប្រមូលវត្ថុធាតុដើមដូចជា ត្រឡោកដូង សម្បកផ្លែឈើ និងមានវត្ថុជាច្រើនទៀតដើម្បីដុតយកធ្យូង រួចវាយកម្ទេចនៅក្នុងម៉ាស៊ីនឲ្យទៅជាល្បាយទើបលាយជាមួយម្សៅស្អិតដោយម្សៅស្អិត នោះធ្វើចេញពីកម្ទេចដំឡូងមី»។
លោកបានរៀបរាប់នូវដំណាក់កាលក្នុងការផលិតធ្យូងអនាម័យនេះទៀតថាបន្ទាប់មកលោកត្រូវយកល្បាយធ្យូងនិងម្សៅស្អិតលាយជាមួយទឹកកូរឲ្យវាស្អិតរមួតជាប់គ្នាដោយម៉ាស៊ីនស្វ័យប្រវត្តិប្រហែល ២០នាទី។ រួចហើយ ល្បាយធ្យូងទាំងនោះត្រូវយកទៅចាក់ចូលទៅក្នុងម៉ាស៊ីនមួយទៀតដើម្បីសង្កត់ពុម្ភចេញទៅជាដុំៗ មុននឹងតម្រៀបចូលក្នុងឡ ដើម្បីសម្ងួតក្នុងរយៈពេលប្រហែល ៤៨ម៉ោង ទើបផលិតផលចេញជាធ្យូងអនាម័យ ដែលយើង អាចយកមកប្រើប្រាស់បាន។
ទន្ទឹមនឹងទទួលបានជោជ័យក្នុងការផលិតធ្យូងអនាម័យនេះបុរសវ័យ ៣៤ឆ្នាំរូបនេះបានលើកឡើងថាក្នុងការផលិតធ្យូងអនាម័យនេះ លោកក៏ជួបផលពិបាកច្រើនផងដែរដោយត្រូវការចំណាយដើមទុនច្រើនទៅលើចង្វាក់ផលិតកម្មគ្រឿងម៉ាស៊ីន និងការពិបាកស្វែងរកវត្ថុធាតុដើម។
ម្ចាស់សិប្បកម្មលោក សាប់ ម៉ុក បាននិយាយថា៖«ប្រជាជនមួយចំនួនគាត់មិនបានយល់ដឹងអំពី កាកសំណល់ណាដែលអាចដុតធ្វើជាធ្យូងបានឬអាចយកមកលក់បាន និងប្រជាជនមួយចំនួនគាត់ ពុំសូវទាន់គាំទ្រធ្យូងអនាម័យបានទូលំទូលាយនៅឡើយទេ»។
កសិដ្ឋានបង្កងដំណាក់កី ក៏បានជួយឲ្យប្រជាជនមានការងារធ្វើនិងមានមុខរបរ បន្ថែមដោយការដើរទិញវត្ថុធាតុដើមដើម្បីលក់ឲ្យសិប្បកម្ម។
លោក សាប់ ម៉ុក បានប្រកាសទទួលទិញវត្ថុធាតុដើមដូចជាត្រឡោកដូង សម្បកផ្លែឈើ ឬក៏ធ្យូងដែលដុតហើយស្រាប់ផងដែរសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មរបស់ខ្លួន។
ក្នុងមួយថ្ងៃ កសិដ្ឋានបង្កងដំណាក់កីអាចផលិតធ្យូងអនាម័យបានចន្លោះពី ៤ ទៅ ៦ តោន ដោយផលិតផលសម្រេចត្រូវបានលក់រាយក្នុងមួយគីឡូក្រាមតម្លៃ ១១០០រៀល។
ធ្យូងអនាម័យនេះមានលក់នៅក្រុងភ្នំពេញនិងមានសេវាផ្ញើទៅតាមបណ្ដាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃអនាគត សិដ្ឋានបង្កងដំណាក់កីក៏មានបំណង កែច្នៃធ្យូងអនាម័យនេះឲ្យមានគុណភាពកាន់តែល្អដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពជិត ៨០ ភាគរយនៃគ្រួសារនៅតាមទីជនបទចម្អិនម្ហូបអាហារប្រចាំថ្ងៃដោយដុតអុសនៅឡើយ។ ការចេញផ្សាយកាលពីដើមឆ្នាំ ២០២២ជារៀងរាល់ឆ្នាំ បានឱ្យដឹងប្រជាជនកម្ពុជាប្រមាណ ១៤០០០នាក់ស្លាប់ដោយសារការបំពុលនៃខ្យល់ហើយក្នុងនោះស្ត្រី និងកុមារក៏ស្ថិតក្នុងជនរងគ្រោះនៃជំងឺបង្កឡើងដោយសារផ្សែងពីការដុតអុសផងដែរ។
ដូច្នេះធ្យូងអនាម័យដែលឆេះបានយូរក្ដៅខ្លាំង មិនផ្ទុះគ្មានកម្ទេច គ្មានក្លិន និងបំភាយផ្សែតិច ក៏អាចរួមចំណែកកាត់បន្ថយហានិភ័យសុខភាពអ្នកប្រើប្រាស់ផងដែរ។
ព័ត៌មានបន្ថែមពី ធ្យូងអនាម័យនេះ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុក កសិដ្ឋានបង្កងដំណាក់កី ឬទំនាក់ទំនងទូរសព្ទលេខ ០៩២ ៥០០ ២០០/០៨១ ៥៩៥ ០១០៕