
តាកែវ:ដោយសារតែតម្លៃថ្លៃនិងលំហូរចូលនៃផលិតផលសូត្ររោងចក្រធូរថ្លៃពីប្រទេសជិតខាងសូត្រខ្មែរប្រណីតដែលត្បាញដោយដៃយ៉ាងផ្ចិតផ្ចង់ ប្រឈមការពិបាកឈរជើងលើទីផ្សារជាហេតុនាំឱ្យមានការបាត់បង់អ្នកតម្បាញប្រពៃណីដែលពុំអាចប្រើចិញ្ចឹមជីវិតដោយកីតម្បាញចិញ្ចឹមជីវិតនិងឈានដល់ការធ្វើចំណាកស្រុក។
មូលហេតុនេះហើយដែលនាំឱ្យអ្នកស្រី ឃុយចាន់ស៊ូ បានសម្រេចចិត្តប្រមែប្រមូលអ្នកសិប្បករតម្បាញនៅខេត្តតាកែវមករួមគ្នាផលិតសូត្រប្រពៃណីដើម្បីលើកស្ទួយទំនៀមទម្លាប់ផលិតវាយនភ័ណ្ឌមរតកដូនតា នៅលើទីផ្សារពោរពេញដោយការប្រកួតប្រជែង។
ស្ថាបនិកសិប្បកម្មស៊ូកប្បាស អ្នកស្រី ចាន់ស៊ូបានរៀបរាប់ឱ្យសារព័ត៌មានSR Newsដឹងថា៖ «ដោយខ្ញុំសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតម្បាញមានការថយចុះជាលំដាប់ហើយគុណភាពក៏មិនល្អដូចពីមុនដែរ»។
អ្នកស្រីបានបន្តទៀតថា៖«ក្នុងនាមខ្ញុំជាកូនអ្នកតម្បាញម្នាក់ដែលបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រម្នាក់តើខ្ញុំត្រូវមានគំនិតអ្វីមួយ ដើម្បីជួយអ្នកភូមិស្រុករបស់ខ្ញុំអ៊ីចឹងទើបខ្ញុំខិតខំរៀនសូត្រនិងបានរៀបចំយុទ្ធសាស្ត្រទីផ្សារតើត្រូវធ្វើម៉េចដើម្បីស្តារទីផ្សារតម្បាញសូត្រឡើងវិញ»។
ទើបនៅក្នុងឆ្នាំ២០២១អ្នកស្រី ចាន់ស៊ូ បានចាប់ផ្ដើមបោះបង់ការងារទាំងអស់មកផ្ដោតតែលើសិប្បកម្មស៊ូកប្បាសដើម្បីធានាថាការដំណើរការបានរលូន តាមរយៈបទពិសោធន៍ជាកូនចៅអ្នកតម្បាញនិងចំណេះដឹងផ្នែកទីផ្សារពីថ្នាក់ឧត្តមសិក្សា។
អ្នកស្រី ចាន់ស៊ូ បានរៀបរាប់បន្តទៀតថា៖«ខ្ញុំបានប្រមែប្រមូលកៀរគរអ្នកស្រុកភូមិរបស់ខ្ញុំមកវិញ ដើម្បីឲ្យតម្បាញសូត្រមានពន្លឺឡើងវិញដើម្បីលើកកម្ពស់ឲ្យស្ត្រីមេផ្ទះមានការងារធ្វើអាចរកប្រាក់ចំណូលបានកុំឲ្យពួកគាត់ធ្វើការចំណាកស្រុកបន្តទៀត»។
សព្វថ្ងៃ ស៊ូកប្បាសមានបុគ្គលិក២នាក់ ដែលសុទ្ធសឹងតែជាស្រ្តីមេផ្ទះមកបំពេញការងារជាអ្នកតម្បាញយ៉ាងស្ទាត់ជំនាញ ដើម្បីយកស្នាដៃដ៏ល្អឯកមួយនេះមកផ្គត់ផ្គង់នៅលើទីផ្សារជាតិនិងអន្តរជាតិក្នុងទម្រង់ជាផលិតផលផ្សេងៗគ្នា។
ស្ត្រីវ័យ៣៣ឆ្នាំរូបនេះបានបន្ថែមទៀតថា៖«កន្សែងសូត្រដែលខ្ញុំត្បាញរាល់ថ្ងៃមាន២ប្រភេទ គឺកន្សែង សូត្រលាតនិងកន្សែងសូត្រ គោម(ហូល) តែក្រៅពីកន្សែងសូត្រខ្ញុំក៏មានផលិតជាកន្សែងអំបោះ ក្រណាត់ ផាហ៊ុមហើយក៏មានច្នៃក្រមាខ្មែរដេរធ្វើជាប្រដាប់ចងសក់សម្រាប់ យុវវ័យដែលកំពុងពេញ និយមផងដែរ»។
កន្សែងសូត្រខ្នាតតូចមានទំហំទទឹង៥តឹកនិងបណ្តោយ១,៨ ម៉ែត្រ មានតម្លៃ៣៥ដុល្លារ និងខ្នាតធំដែលមានទទឹង១,២ម៉ែត្រ តម្លៃ៤៥ដុល្លារ។កន្សែងសូត្រនេះទទួលបានការគាំទ្រពីភ្ងៀវជាតិនិងអន្តរជាតិ។
ដើម្បីប្រើប្រាស់ផលិតផលសូត្រឲ្យបានយូរអ្នកស្រីបានណែនាំមិនឱ្យយកកន្សែងសូត្រទៅបោកគក់ក្នុងទឹកធម្មតាបានទេ ដោយសារសាច់អំបោះសូត្រអាចខូចទ្រង់ទ្រាយពេលត្រូវទឹកសើម។
ទោះជាសិប្បកម្មស៊ូកប្បាសត្រូវប្រឈមនឹងទីផ្សារដែលសម្បូរផលិតផលសូត្រនាំចូលក៏ពិតមែនតែអ្នកស្រី ចាន់ស៊ូ នៅតែបន្តលើកស្ទួយអត្តសញ្ញាណសូត្រខ្មែរឱ្យបរទេសស្គាល់កាន់តែច្រើន។
ក្រៅពីប្ដេជ្ញាថានឹងជួយអភិរក្សតម្បាញខ្មែរឲ្យមានឈ្មោះបោះសម្លេងកាន់តែខ្លាំង សិប្បករជាកូនអ្នកតម្បាញនៅស្រុកព្រៃកប្បាសរូបនេះបានសង្កត់ធ្ងន់ថា៖«ពិសេសបង្កើតវត្ថុធាតុដើមដោយខ្លួនឯង ដូចជាអំបោះកប្បាសនិងល័ក្ដខ្មែរនិងចងក្រងសៀវភៅតម្បាញស្រុកខ្មែរមួយដែលនិយាយពីតម្បាញតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន»។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងហ្វេសប៊ុកផេកស៊ូកប្បាស SouKabasCambodia ឬតាមទូរសព្ទលេខ០៧៧ ៣៦០ ១៤៤៕
តាខ្មៅ: ក្រោយពីដំណើរការចាប់តាំងពីឆ្នាំ២០១៩ ឥដ្ឋអេកូរាប់សិបដុំច្នៃពីសំរាមប្លាស្ទិក ទទួលបានការគាំទ្រច្រើនពីអតិថិជនហើយម្ចាស់សិប្បកម្មក៏បានអះអាងដែរថា ផលិតផលគ្រឿងវិស័យសំណង់នេះមិនត្រឹមតែជួយបរិស្ថានទេថែមទាំងមានគុណភាពអាយុកាលយូរអង្វែងក្នុងវិស័យសំណង់។
លោក សុខ ធី ស្ថាបនិកក្រុមហ៊ុន Eco-Bricksបានប្រាប់សារព័ត៌មាន SR News ថា៖ «ឥដ្ឋរបស់យើងអាចមានអាយុកាលជាង១០០ ឆ្នាំនិងមានកម្លាំងខ្លាំងជាងឥដ្ឋដីឥដ្ឋក្រហមស្តង់ដារពី ៥ទៅ ៦ដង»។
ទំរាំតែមានថ្ងៃនេះ ក្រុមហ៊ុនផលិតឥដ្ឋអេកូបានឆ្លងកាត់ឧបសគ្គជាច្រើនទាំងការខ្វះខាតដើមទុននិងវត្ថុធាតុដើម។
កាលណោះ លោក ធី មិនមានសូម្បីតែម៉ាស៊ីនសម្រាប់កិនប្លាស្ទិក។លោកត្រូវប្រើកន្ត្រៃ និងកាំបិត ដើម្បីកាត់ប្លាស្ទិក ជាបំណែកតូចៗ។
តាមរយៈការសិក្សាពីអ៊ីនធើណិតគួបផ្សំនឹងបទពិសោធន៍ពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និងឥណ្ឌាលោកបានចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ២០១៩។
រោងចក្រកែច្នៃសំរាមប្លាស្ទិកនេះក៏បានបំផុសគំនិតឲ្យប្រជាជនខ្មែរយល់ដឹងពីការកែច្នៃសំរាមទៅជាឥដ្ឋនិងបានធ្វើឲ្យពួកគេបានប្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាមឬដុតប្លាស្ទិក។
លោក សុខ ធី បានឱ្យដឹងថា៖ «ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំហើយឥដ្ឋមួយដុំមានតម្លៃ១០០០រៀលហើយអតិថិជនក៏អាចធ្វើការជ្រើសរើសប្រភេទឥដ្ឋអេកូ ទៅតាមការចង់បានផងដែរដោយមាន៣ ប្រភេទគឺ ឥដ្ឋឡាំតូ ឥដ្ឋសម្បកឈើ និងឥដ្ឋធម្មតា»។
សូម្បីតែដំណើរការផលិតឥដ្ឋអេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានផងដែរ។
លោកបានឱ្យដឹងទៀតថា៖ «យើងសម្ងួតឥដ្ឋដោយមិនប្រើឈើដុតសម្ងួតនោះទេដោយសង្វាក់ផលិតកម្មរបស់យើងធ្វើតាមបច្ចេកទេសដោយគ្រាន់តែស្រោចទឹកប៉ុណ្ណោះ។នេះក៏ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងកាត់បន្ថយតម្លៃថ្លៃដើមផងដែរ»។
សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះពានរង្វាន់ចំនួន៤សម្រាប់សហគ្រិនឆ្នើមប្រចាំឆ្នាំនិងបានលក់គម្រូអាជីវកម្មជាហ្វ្រេនឆាយទៅចំនួន១០ក្រុមហ៊ុនផ្សេងទៀដោយបង្រៀនបច្ចេកទេសផលិតដល់ក្រុមហ៊ុនទាំងនោះក្នុងការផលិតឥដ្ឋអេកូមានគុណភាពដូចគ្នានឹងក្រុមហ៊ុនមេ។
សិប្បកម្មផលិតឥដ្ឋអេកូមានទីតាំងស្ថិតនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក ឥដ្ឋអេកូ Eco-Bricksឬសូមទំនាក់ទំនងទូរសព្ទលេខ ០៨៥ ២២៤ ៤៦៦៕
ភ្នំពេញ : ស្ថិតនៅសិប្បកម្មមួយកន្លែងនៃសង្កាត់ចោមចៅដបប្លាស្ទិកជាង៤០០តោននៅក្នុងស្ដុកកំពុងរង់ចាំកម្មករដែលកំពុងតែញាប់ដៃញាប់ជើងហូតជាសរសៃៗដើម្បីកែច្នៃជាអំបោសប្រើប្រាស់ប្រចាំថ្ងៃ។
ភាពមមាញឹកនៃចង្វាក់ផលិតកម្មនេះត្រូវបានត្រួតពិនិត្យដោយលោកលោក ហាស់ គា ដែលកំពុងឈរក្នុងរោងសិប្បកម្មផលិតអំបោសខណៈកម្មករជាច្រើនពាក់ស្រោមដៃការពារការមុតកំពុងអង្គុយហូតសរសៃជ័រចេញពីដបប្លាស្ទិក។
លោក គា ដែលជាម្ចាស់សិប្បកម្ម បានធ្វើឱ្យគំនិតផលិតអំបោសពីដបប្លាស្ទិកក្លាយជាអាជីវកម្មពិតៗតាមរយៈការមើលវីដេអូលើយូធូបគួបផ្សំនឹងការខិតខំស្រាវជ្រាវបន្ថែម។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «ដំបូងខ្ញុំគ្រាន់តែមើលយូធូបឃើញវីដេអូបរទេសបង្ហាញពីការផលិតអំបោសពីដបទឹកសុទ្ធ ពេលនោះខ្ញុំគិតថានៅស្រុកយើងសម្បូរដបទឹកសុទ្ធ ហើយមានតម្លៃ ថោកទៀតផងខ្ញុំក៏បានស្រាវជ្រាវលំអិតបន្ថែមពីដំណើរការផលិត»។
នៅក្នុងដើមឆ្នាំ២០២៣ សិប្បកម្មកែច្នៃប្លាស្ទិកក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញត្រូវបានបង្កើតនិងបានផ្ដល់ការងារដល់អ្នករស់នៅជុំវិញនោះប្រមាណជាជិត៣០នាក់។
កម្មករទាំងនោះសុទ្ធសឹងតែជាស្ត្រីវ័យចំណាស់ៗនិងមានជីវភាពខ្សត់ខ្សោយ ដោយពួកគាត់ជាអ្នកកែច្នៃអំបោសពីដបប្លាស្ទិក ដែលកំពុងមានគាំទ្រផ្គត់ផ្គង់នៅលើទីផ្សារ។
លោក គាដែលជាម្ចាស់សិប្បកម្មកែច្នៃអំបោសប្លាស្ទិកបានសម្ដែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តដែលសិប្បកម្មរបស់ខ្ញុំបានរួមចំណែកក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ ថែមទាំងបានជួយបរិស្ថានបានមួយកម្រិតទៀតផង»។
អំបោសធ្វើអំពីដបទឹកសុទ្ធធន់មិនថាការបោសដីភក់ ស្លឹកឈើ សំរាមសើម សំរាមស្ងួត លាមកសត្វ គ្រួសថ្ម ជាដើមហើយងាយលាងទឹកសម្អាតយកមកប្រើប្រាស់ឡើងវិញ។
វត្ថុធាតុដើមក្នុងការធ្វើអំបោសមិនមានអ្វីច្រើនលើសពីដបប្លាស្ទិកដងឫស្សី លួស និងសរសៃជ័រនោះទេ។
លោក គា បានរៀបរាប់ពីដំណើរការផលិតថា៖«ដើម្បីផលិតបានជាអំបោសដ៏រឹងមាំមួយបានយើងត្រូវការដងឫស្សី មួយ ម៉ែត្រ២តឹកយកមកបំពាក់ជើងក្អែកលួស២លីកន្លះជាមួយនឹងសរសៃជ័រ៥ខាំមករុំចុងអំបោសយកប្រវែងបួនតឹករួចឃ្លុំបេដោយដបទឹកសុទ្ធនៅជាប់នឹងក្បាលអំបោសដើម្បីឲ្យមានសោភ័ណភាពរួចក្រងសរសៃជ័រដបទឹកសុទ្ធដោយប្រើខ្សែតាន់ស្វិតដើម្បីឲ្យសរសៃអំបោសរឹងបន្តិច»។
ក្នុងមួយថ្ងៃៗសិប្បកម្មរបស់លោកអាចផលិតអំបោសបានពី២០០ទៅ៥០០ដើមជាមួយកម្លាំងកម្មករ ១៦នាក់។អំបោស១ដើមមានតម្លៃ១០,០០០ រៀលនិង១៥,០០០រៀល។
ម្ចាស់អាជីវកម្មវ័យ៤០ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលមានក្រុមហ៊ុនបោសសម្អាតតាមដងផ្លូវទីសាធារណៈមួយបានកុម្ម៉ង់អំបោសពីសិប្បកម្មលោកយកទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោករំពឹងថា បើមានក្រុមហ៊ុនដទៃផ្សេងទៀចាប់អារម្មណ៍កុម្ម៉ង់បន្ថែមនោះវារឹតតែល្អ ដោយសារសិប្បកម្មនេះគាំទ្រការកែច្នៃប្រើប្រាស់ឡើងវិញ ហើយផលិតផលត្រូវបានធ្វើដោយដៃសុទ្ធសាធ។
នាថ្ងៃអនាគត លោក គា ចង់ពង្រីកសិប្បកម្មនេះឱ្យកាន់តែធំថែមទៀតដើម្បីជួយដល់អ្នកខ្វះខាតឲ្យបានកាន់តែច្រើនក៏ដូចជារួមចំណែកកែច្នៃកាកសំណល់ដបប្លាស្ទិកជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក អំបោសប្រើមិនខូចឬសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ២២២ ០០០៕
ត្បូងឃ្មុំ:ផ្ដើមចេញពីដកបទពិសោធន៍លើដំណាំប្លែកៗ បូករួមជាមួយចំណេះដឹងផ្នែកកសិកម្មយ៉ាងស្ទាត់ជំនាញ និងការដាំដុះជាង ១០ឆ្នាំ លោក ប៊ូ ម៉ាន កសិករខេត្តត្បូងឃ្មុំបានទទួលជោគជ័យយ៉ាង ខ្លាំងលើការដាំដុះដំណាំឪឡឹកសាច់លឿង ដែលត្រូវបានចែកចាយទូទាំងប្រទេស។
លោក ប៊ូ ម៉ានកសិករខេត្តត្បូងឃ្មុំបានប្រាប់សារព័ត៌មានឌីជីថល SR ឱ្យដឹងថា បច្ចុប្បន្ន ដំណាំ ឪឡឹកសាច់លឿននេះមានការគាំទ្រជាខ្លាំងដោយសារតែវាមានសាច់លឿងប្លែក ហើយរសជាតិ ផ្អែមឆ្ងាញ់ និងស្រួយជាពិសេសឪឡឹកមួយប្រភេទនេះ ត្រូវបានដាំដុះតាមលក្ខណៈធម្មជាតិ។
លោក ប៊ូ ម៉ាន បានឱ្យដឹងបន្តថា ដំណាំឪឡឹកនេះមាន២ពណ៌គឺពណ៌លឿង និងពណ៌ទឹកក្រូច ប៉ុន្តែឪឡឹកសាច់លឿង មានការពេញនិយមជាងគេ ហើយក្នុងឪឡឹកមួយផ្លែមានទម្ងន់ស្តង់ដាចាប់ពី២គីឡូកន្លះឡើងទៅ ដោយលក់ក្នុងតម្លៃ៣ពាន់រៀលក្នុង១គីឡូក្រាម។
ចំពោះការដាំដុះ និងថែទាំដំណាំវល្លិមួយប្រភេទនេះកសិករខេត្តត្បូងឃ្មុំរូបនេះ ត្រូវធ្វើការតាមដាន ជាប់ជាប្រចាំនិងត្រូវដាក់ទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេសពិនិត្យកុំឱ្យមានសត្វល្អិតឬដង្កូវចង្រៃ មកបំផ្លាញស្លឹក និងផ្លែជាដើម ហើយការដាំដុះពីដំបូងរហូតទទួលបានផលលោកត្រូវប្រើរយៈពេល ប្រមាណ ៦០ថ្ងៃ ដោយក្នុង១ហិកតាទទួលបានផលចន្លោះពី ២០ ទៅ៣០តោនអាស្រ័យលើការថែទាំ ចំណែកការចំណាយវិញ លោកប្រើប្រាស់ថវិកាអស់ប្រមាណ ៣ពាន់ដុល្លារក្នុងមួយហិកតា។
ដាំដុះដំណាំបង្វិលលើផ្ទៃដីប្រមាណ ១០ហិកតាកសិករវ័យ ៤២រូបនេះ អះអាងថា ដំណាំឪឡឹក សាច់លឿងរបស់លោកមានទីផ្សារល្អហើយការប្រកួតប្រជែងមិនមានអ្វីចោទជាបញ្ហាសម្រាប់លោក នោះឡើយដោយការដាំដុះនេះ លោកបានគិតគូទៅលើគុណភាពជាចម្បង ខណៈឪឡឹកសាច់លឿងរបស់លោកត្រូវបានចែកចាយទៅបណ្តាគ្រប់រាជធានី-ខេត្ត ។
មានដើមកំណើតនៅខេត្តសៀមរាប លោក ប៊ូ ម៉ានដែលមានឈ្មោះក្រៅថាកសិកររីករាយ បានរំឮកពីប្រវត្តិដើមនៃការដាំដុះដំណាំឪឡឹកលឿងនេះថា៖«ខ្ញុំដាំដំណាំយូរឆ្នាំមកហើយនៅខេត្តសៀមរាបប៉ុន្តែអំឡុងឆ្នាំ ២០២០ ខ្ញុំបានមកអាស្រ័យផលនៅភូមិបឹងទន្សោមខេត្តត្បូងឃ្មុំ នៅទីនេះមានសក្ដានុពលណាស់ ប្រជាជនច្រើន ដីមានជីជាតិប្រភពទឹកក៏គ្រប់គ្រាន់ អ៊ីចឹងខ្ញុំក៏សម្រេចដាំដំណាំនៅទីហ្នឹងតែម្ដងហើយពេលនោះកូវីដ១៩ក៏ផ្ទុះល្មមធ្វើឱ្យសេដ្ឋកិច្ចជាប់គាំងគ្រានោះហើយខ្ញុំ ក៏ចាប់អារម្មណ៍យកពូជឪឡឹកសាច់លឿងនេះមកដាំសាកល្បង»។
យកពូជឪឡឹកសាច់លឿងមកពីប្រទេសជិតខាងកសិករីករាយរូបនេះបានឱ្យដឹងថា ការដាំដុះដំបូង ទទួលបានជោគជ័យនិងទទួលបានទិន្នផលគួរជាទីគាប់ចិត្ត ដោយសារលោកមានបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យកសិកម្ម ទន្ទឹមនឹងនោះដំណាំឪឡឹកសាច់លឿងបានផ្ទុះការចាប់អាម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន និងប្រជាកសិករដូចគ្នាផងដែរ ដោយហេតុនេះលោកក៏បានពង្រីក ផ្ទៃដីដាំដុះពី១ហិកតា ដល់ ៣ហិកតាហើយទីផ្សារក៏មានភាពល្អប្រសើរផងដែរ។
ក្រៅពីជោគជ័យទៅលើដំណាំឪឡឹកនេះកសិករសម្បុរស្រអែមរូបនេះ ក៏បានចែករំលែកបទពិសោធន៍នៃការដាំដំណាំមួយប្រភេទនេះ ទៅកាន់កសិករនៅតំបន់ផងដែរ ក៏ដូចជាប្រមូលផលិតផលឪឡឹកលឿងពីកសិករឱ្យ ដើម្បីផ្គត់ផ្គងលើទីផ្សារ។
ទៅថ្ងៃអនាគត លោកមានគម្រោងក្នុងការបង្កើតជាសហគមន៍កសិកម្មមួយដើម្បីចងក្រងកសិករ ដែលដាំដំណាំឪឡឹកលឿងឱ្យបានកាន់តែច្រើន ក្នុងគោលដៅផ្គត់ផ្គង់ផលិតផលមួយនេះឱ្យបានគ្រប់រដូវនៅលើទីផ្សារខណៈលោកតែម្នាក់ឯង មិនអាចផ្គត់ផ្គង់នៅលើទីផ្សារបានពេញមួយឆ្នាំនោះទេ។
ទន្ទឹមនឹងនេះ លោក ប៊ូ ម៉ានស្នើឲ្យកសិករទាំងអស់ត្រូវមានជំនាញមួយច្បាស់លាស់ជាពិសេសកុំបារម្ភពីទីផ្សារ ប៉ុន្តែត្រូវធ្វើយ៉ាងណា ផ្ដោតសំខាន់លើដីដែលមានជីជាតិទីតាំងមានប្រភពទឹកគ្រប់គ្រាន់ និងស្វែងរកពូជត្រឹមត្រូវ នោះផលិតផល នឹងមានគុណភាពល្អហើយនៅពេលមានការគាំទ្រ និងទទួលស្គាល់នៅក្នុងតំបន់ នោះទីផ្សារផលិតផលនឹងមានទៅតាមក្រោយ។
គួរបញ្ជាក់ថា លោក ប៊ូ ម៉ានដែលមានបទពិសោធន៍ជាង១០ឆ្នាំរូបនេះ មិនត្រឹមតែដាំដុះដំណាំឪឡឹកលឿងតែមួយមុខនោះទេប៉ុន្តែលោកបានប្រើប្រាស់ដីក្នុងការដាំដំណាំបង្វិលដែលមានដូចជា ដំណាំតាសក់ តាសក់ផ្អែមស្ពៃ និងបន្លែជាច្រើនប្រភេទទៀត ដែលមានទីតាំងស្ថិតនៅភូមិបឹងទន្សោមឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។ គេហទំព័រហ្វេសប៊ុកៈកសិកម្ម រីករាយ ឬទំនាក់ទំនងតាមលេខទូរសព្ទៈ ០៩៧ ៧៦៨ ២៥០៦/ ០៧៨ ៧២៤ ៤៨៣៕
កណ្តាលៈ កសិដ្ឋាន ២២៨ គឺជាកសិដ្ឋានមួយដែលបង្រៀនពីវីធីថែទាំ និងបង្កាត់ពូជសត្វនានាដូចជាមាន់ស្រែ មាន់នាំចូលពីក្រៅប្រទេស បក្សីលម្អជាពិសេសការចិញ្ចឹមខ្យងមាសជប៉ុនដោយឥតគិតថ្លៃ និងផ្តល់ជូននូវពូជខ្យងដល់អ្នកមានពិការភាព និងអ្នកមានជីវភាពក្រីក្រជាដើម។
លោក ប៉ិល សម្បត្តិ ម្ចាស់កសិដ្ឋាន ២២៨បានប្រាប់សារព័ត៌មានឌីជីថល SR ថា នៅក្នុងឆ្នាំ ២០២២ គ្រាដែល លោកបានទៅលេងប្រទេសថៃលោកមើលឃើញថាប្រជាជនថៃនាំគ្នាចិញ្ចឹមខ្យងមាសជប៉ុន ឬខ្យងប័រនេះច្រើនដោយសារខ្យងនេះមានតម្លៃថ្លៃ រួចលោកក៏បានទិញពូជខ្យងនេះមកបង្កាត់នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ដំបូងខ្ញុំបង្កាត់ពូជខ្យងនេះទុកគ្រាន់ទុកហូបខ្លួនឯងប៉ុណ្ណោះតែដោយសារមានសារព័ត៌មាន ក្នុងស្រុកមកថត វាក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំងពេលនោះខ្ញុំបានប្រមូលខ្យងនេះលក់នៅលើទៅផ្សារបានតម្លៃថ្លៃគួរសមដែរ ចន្លោះពី ៧០ ដល់ ១០០ដុល្លារ ហើយនៅយើងអត់សូវមានអ្នកចិញ្ចឹមខ្យងប្រភេទនេះច្រើនទេគេចិញ្ចឹមតែខ្យងក្នុងស្រុក តែបច្ចុប្បន្ននៅខ្មែរយើងគេចិញ្ចឹមច្រើនរីកសុះសាយ ហើយតម្លៃក៏ធ្លាក់ចុះច្រើនដែរ»។
ខ្យងមានជប៉ុននេះត្រូវបានប្រជាកសិករហៅឈ្មោះជាច្រើន ដោយផ្នែកទៅលើពណ៌សម្បក និងសាច់របស់វាតួយ៉ាងប្រជាកសិករខ្លះហៅថា ខ្យងប៊ឺ ដែលសំដៅដល់ខ្យងមានពណ៌លឿងស្លែតនិងខ្យងទុរេន សំដៅដល់ខ្យង មានពណ៌ដូចផ្លែទុរេនទុំ។
ទាក់ទងនឹងការចិញ្ចឹមខ្យងមាសជប៉ុននេះម្ចាស់កសិដ្ឋាន ២២៨ បានឱ្យដឹងថា ការចិញ្ចឹមខ្យងជប៉ុននេះពិតជាមានភាពងាយស្រួលនិងមិនចំណាយលើចំណីច្រើនឡើយ ជាពិសេសខ្យងនេះស៊ីមិនរើសចំណីទេពួកវាស៊ីស្លឹកផ្លែត្រឡាច ននោង ត្រកួន បន្លែផ្សេងៗហើយចំណីគោលដែលលោកបានដាក់នោះ គឺចកអាសូឡាហើយការចិញ្ចឹមខ្យងអាចធ្វើឡើងនៅក្នុងផ្ទះថ្ម ម្លប់និងអត់ពន្លឺចូលដល់ក៏បាន។
លោកបន្តថា សម្រាប់ការចិញ្ចឹមខ្យងចាប់ពីការបង្កាត់ពូជភ្ញាស់ រហូតដល់ទទួលផល លោកប្រើពេលចាបពី ៣ខែ ទៅ៣ខែកន្លះ ចំណែកការទុកឱ្យខ្យងធំៗនិងសាច់ល្អ គឺប្រើពេលប្រមាណ ៦ ខែ។ នាពេលបច្ចុប្បន្ននេះ ខ្យងមាសជប៉ុន (ខ្យងសាច់)មានតម្លៃចន្លោះពី២ម៉ឺន ដល់ ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម (តម្លៃតាមប្រភេទខ្យង) ចំណែកពូជខ្យងមាសជប៉ុនមានតម្លៃចន្លោះ១០ម៉ឺន ដល់១២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ខ្យងជប៉ុនមានរូបរាងនិងពណ៌សម្បុរស្អាតទាំងសម្បកខាងក្រៅ និងសាច់ខាងក្នុងគួរឱ្យចង់បរិភោគព្រោះខ្យងនេះស៊ីចំណីស្អាតដូចជាបន្លែ ផ្លែឈើ និងចកជាដើម មិនតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់សាច់ទន់ ផ្តល់នូវថាមពលដល់អ្នកបរិភោគ និងជួយដល់សុខភាពកុមារ ស្ត្រីនិងសុខភាពបន្តពូជជាដើម។
លើសពីការចិញ្ចឹមខ្យងលក់ នៅកសិដ្ឋាន ២២៨ក៏មានបង្រៀនអ្នកដែលចង់ចិញ្ចឹមខ្យងមាសជប៉ុនជាលក្ខណៈគ្រួសារដោយឥតគិតថ្លៃផងដែរដែលអាចមកសិក្សានៅទីតាំងផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ព្រោះម្ចាស់កសិដ្ឋានរូបនេះមានបំណងចែករំលែកចំណេះដឹងម្យ៉ាងការចិញ្ចឹមខ្យងនេះ លោកបានសិក្សាដោយខ្លួនឯង និងសួរនាំពីអ្នកដ៏ទៃដូចគ្នា។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូង យូរដែរទម្រាំតែខ្ញុំដឹងពីរបៀបបង្កាត់ខ្យងនេះខ្ញុំអត់បានទៅរៀនជ្រៅជ្រះ អីទេ ខ្ញុំរៀនរបៀបបង្កាត់តាមយូធូបនិងបានសួរនាំពីអ្នកចិញ្ចឹមនៅថៃ ព្រោះខ្ញុំចេះភាសាថៃខ្លះគេក៏បានបង្រៀន ខ្ញុំតាមហ្នឹងទៅ ហើយឥឡូវខ្ញុំបង្រៀនបង្កាត់ពូជខ្យងនេះដោយអត់យកលុយទេអាចមករៀននៅទីនេះផ្ទាល់ ឬរៀនតាមយូធូបព្រោះខ្ញុំក៏ធ្វើវិដេអូបង្ហាញវិធីសាស្ដ្រចិញ្ចឹមខ្យងនិងសត្វដទៃទៀតលើហ្នឹងដែរ ឬអាចទាក់ទងខ្ញុំ តាមតេលេក្រាមដោយផ្ទាល់ក៏បានហើយខ្ញុំក៏ចែកខ្យងជប៉ុននេះដល់អ្នកពិការ អ្នកក្រខ្សត់ពិតប្រាកដអត់យកលុយទេដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ សម្បីភ្ញៀវចូលមកទិញតិចអីក៏មិនយកលុយដែរ»។
បច្ចុប្បន្នកសិដ្ឋាន ២២៨មិនត្រឹមតែមានការចិញ្ចឹមខ្យងលក់ប៉ុណ្ណោះទេ ទីនេះក៏មានលក់នូវពូជមាន់ខ្មែរនិងមាន់ក្រៅប្រទេសល្អៗដូចជា មាន់ខ្មៅសេមានី មាន់ផេសិនដល់ពូជមាន់ជើងធំ ឬមាន់ដុងតាវជាដើម និងសត្វលម្អគ្រប់ប្រភេទដូចជា ព្រាបសារិកា និងសេកជាដើម។ បន្ថែមពីនេះកសិដ្ឋាននេះក៏មានទូរភ្ញាស់ដែលកែច្នៃពីកូនខ្មែរ និងមានបង្រៀនវីធីបង្កាត់វិធីប្រើប្រាស់ឧបករណ៍កសិកម្ម ដែលមាននៅក្នុងកសិដ្ឋានដោយមិនគិតថ្លៃផងដែរ។
ម្ចាស់កសិដ្ឋាន និងជាទាហានចូលនិវត្តន៍ លោក ប៉ិលសម្បត្តិ បានចាត់ទុកវិស័យកសិកម្មពិតជាមានសំខាន់ណាស់បើទោះបីជាប្រទេសមានសង្គ្រាម ឬមានសន្តិភាពយ៉ាងណាក៏ដោយ ក៏មនុស្សនៅតែត្រូវការអង្ករបន្លែ ត្រី សាច់ ដែលជាផលិតផលកសិកម្មមិនអាចខ្វះបាន។
គួរបញ្ជាក់ថា កសិដ្ឋាន 228 មានទីតាំងស្ថិតនៅភូមិប្រលាយ ឃុំបឹងខ្យាង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលតាមផ្លូវជាតិលេខ ២គីឡូម៉ែត្រលេខ២៩។ គេហទំព័រហ្វេសប៊ុក កសិដ្ឋាន 228 FarmsHouse ឬទំនាក់ទំនងលេខទូរសព្ទៈ០៨៨ ៨៩៨ ៩២២៨/ ០៩៥ ២២២ ៤២៨/ ០១៥ ៤៣៥ ៨៣៣៕
មណ្ឌលគិរី៖ អតីតនិស្សិតផ្នែកកសិកម្ម លោក ប៊ូ សុភក្ដិ បានផលិត «ស្រាផាសិនមណ្ឌលគិរី» និង «ស្រាស្តេចគោព្រៃ» ដែលមានច្រើនប្រភេទនិងមានរសជាតិឆ្ងាញ់ពិសេស តំណាងឱ្យខេត្តមណ្ឌលគិរី និងរួមបញ្ជូលទាំងការផ្សព្វផ្សាយវិស័យទេសចរណ៍និងកសិទេសចរណ៍ផងដែរ។
ស្ថាបនិកសហគ្រាសផាសិនមណ្ឌលគិរី លោក ប៊ូសុភក្ដិ បានប្រាប់ឱ្យសារព័ត៌មានឌីជីថល SR ដឹងថា ការជ្រើសរើសផ្លែផាសិនឬក្រូចវល្លិ៍មកផលិតស្រានេះ ដោយសារលោកមើលឃើញថា ដំណាំផាសិនមានដាំគ្រប់ទីកន្លែងសូម្បីតែផ្លែផាសិនមកពីខេត្តកំពតដែលល្បីខាងដីមានជីវជាតិល្អនោះតែបែរជាមាន រសជាតិផ្អែមសាប ខុសប្លែកពីខេត្តមណ្ឌលគិរីដែលដំណាំផាសិនមានរសជាតិផ្អែមមុត ឆ្ងាញ់ពិសារ។
ស្រាផាសិន១ដប ត្រូវបានផលិតចេញពីផ្លែផាសិនប្រមាណ៤ គីឡូក្រាម ដោយអាស្រ័យលើប្រភេទផ្លែផាសិន ឬក្រូចវល្លិ៍ដែលមានសម្បកក្រាស់ ឬសម្បកស្ដើង និងប្រើពេលក្នុងការផលិតចន្លោះពី ៣ ទៅ ៦ខែដើម្បីច្នៃចេញជាផលិតផលសម្រេចដែលអាចដាក់លក់នៅលើទីផ្សារ។
ស្ថាបនិកស្រាផាសិនបញ្ជាក់ដូច្នេះថា៖ «ផលិតផលសម្រេចយើងប្រើពេល៦ខែ បើយើងទុកកាន់តែយូរ កាន់តែល្អប្រសើរទឹកកាន់តែថ្លារសជាតិកាន់តែឆ្ងាញ់ ព្រោះផាសិនមណ្ឌលគិរីពិសេសហើយរាល់ផលិតផលទាំងអស់ យើងចម្រាញ់ចេញពីផាសិនដែលប្រមូលទិញពីកសិករដែលដាំនៅខាងប៊ូស្រា ខាងដាក់ដាំជាដើម»។
ផលិតស្រាផាសិនរបស់សហគ្រាសផាសិនមណ្ឌលគិរីចំនួន ២ ប្រភេទដូចជា ទី១ ស្រាផាសិនមណ្ឌលគិរីពណ៌ធម្មជាតិលឿង ដែលមានឈ្មោះថា «ស្នេហ៍គ្រាដំបូង» មានរសជាតិជូរផ្អែមមានកម្រិតអាល់កុល ១០,៥ ដឺក្រេ និងប្រភេទទី២ស្រាផាសិនពណ៌ក្រហម ឬ «រសជាតិជីវិត» ដោយសារមានរសជាតិ ៤ មុខចូលគ្នា គឺផ្អែម ល្វីង ជូរ និងចត់មានកម្រិតអាល់កុល ១៣,៥ ដឺក្រេដោយផលិតផលទាំង២ប្រភេទលក់ក្នុងតម្លៃ ៦ ម៉ឺនរៀលដូចគ្នា។
ជាមួយគ្នានេះ លោក ប៊ូ សុភក្ដិក៏បានកែច្នៃស្រាមួយប្រភេទទៀតគឺ «ស្រាស្តេចគោព្រៃ» ដែលផលិតចេញពីផ្លែផាសិនដូចគ្នា។«ស្រាស្តេចគោព្រៃ»មានចំនួន២ប្រភេទដូចជា ប្រភេទទី១ មានឈ្មោះថា «ស្រាស្ដេចគោព្រៃ» ពណ៌ធម្មជាតិលឿងនិងប្រភេទទី២ ពណ៌ក្រហម ដែលផលិតផលទាំង២ប្រភេទមានកម្រិតអាល់កុល ២៨ ដឺក្រេនិងលក់ក្នុងតម្លៃ ១០ ម៉ឺនរៀលដូចគ្នា។
ស្រាផាសិនមណ្ឌលគិរីគឺជាផលិតផលប្រចាំតំបន់ ដែលមានការទទួលស្គាល់ពីគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយផងដែរ ចំណែកសហគ្រាសផាសិនមណ្ឌលគិរី ត្រូវបានចុះបញ្ជីនៅមន្ទីរឧស្សាហ៍កម្មបច្ចេកវិទ្យានិងនវានុវតន៍ខេត្តមណ្ឌលគិរី។
ស្ថាបនិកស្រាផាសិនវ័យ ៣៧ ឆ្នាំរូបនេះអះអាងថា ស្រាផាសិននេះផលិតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាស្ទះទិន្នផលផ្លែផាសិនរបស់កសិករដោយសារតែការនាំចូលផ្លែផាសិនពីបរទេស ទន្ទឹមនឹងនេះលោកក៏បំផុសឱ្យប្រជាពលរដ្ឋក្នុងតំបន់ដាំផ្លែផាសិននេះផងដែរ ដោយលោកបានបង្រៀននូវបច្ចេកទេសក្នុងការដាំដុះ និងថែទាំជាដើម។
ក្រោយពីមានការទទួលស្គាល់ពីរសជាតិនិងគុណភាពនៃស្រាផាសិនមណ្ឌលគិរី បច្ចុប្បន្ននេះ លោក ប៊ូ សុភក្ដិក៏មានគម្រោងយកផលិតផលតំណាងខេត្តមណ្ឌលគិរីខេត្តនេះច្នៃជាតំបន់កសិទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅក្នុខេត្តមណ្ឌលគិរីនេះផងដែរ។
លោករៀបរាប់ថា៖ «ដោយសារដំណាំយើងរៀបចំដាំដុះមានស្តង់ដាបែបបច្ចេកទេស អ៊ីចឹងធ្វើឱ្យភ្ញៀវទេសចរអាចទៅទស្សនាចម្ការផាសិនផង និងអាចភ្លក្សស្រាផាសិនរបស់អ្នកមណ្ឌលគិរីផងដែរហើយកន្លងមានភ្ញៀវជាហូរហែរទៅលេងចម្ការពលរដ្ឋដែលខ្ញុំបង្រៀនបច្ចេកទេសដាំដុះ ហើយពេលខាងមុខខ្ញុំនឹងបង្កើតចម្ការផាសិននេះ នៅជិតទឹកជ្រោះប៊ូស្រា ដើម្បីឱ្យភ្ញៀវទេសចរកាន់តែងាយស្រួលចូល ព្រោះបានទៅលេងទឹកជ្រោះផង និងចូលមកចម្ការយើងផង»។
នាថ្ងៃអនាគតបុរសមានដើមកំណើតមកពីខេត្ដកំពង់ឆ្នាំងខាងលើនេះគ្រោងនឹងច្នៃផ្លែផាសិនទៅផលិតផលជាច្រើនដូចជា សំបកធ្វើជាដំណាប់ស្លឹកផ្កាធ្វើជាតែ និងផ្លែធ្វើជាភេសជ្ជៈផ្សេងៗ ចំណែកឆ្នាំ២០៣០លោកគ្រោងនឹងបង្កើតរោងចក្រផលិតស្រាខ្មែរផងដែរ។ គេហទំព័រហ្វេសប៊ុកៈ ស្រាផាសិន មណ្ឌលគិរី -Passion Mondulkiri Fruit Wine ឬ ទំនាក់ទំនងលេខទូរសព្ទៈ 01251 91 36 / 071 678 8887
ជាមួយការវេចខ្ចប់ និងស្លាកសញ្ញាស្ដង់ដារ ឈីស និងយ៉ាអួរស្រស់ឡា ហ្វាតតូរៀ (La Fattoria ) មិនសូវមានអ្នកដឹងថា វាជាផលិតផលក្នុងស្រុកដែលផលិតចេញពីទឹកដោះគោស្រស់ ដែលមានបរិមាណរាប់តោនក្នុង១ ខែ ដើម្បីផ្គត់ផ្គង់តម្រូវការនៅផ្សារទំនើប សណ្ឋាគារប្រណីត និងបណ្ដាភោជនីយដ្ឋាននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
អាហារបរទេសផលិតនៅខ្មែរទាំងនេះ ជាសមិទ្ធផលរបស់ លោកចាន់ វុទ្ធី ដែលជាកូនកសិករមកពីស្រុកស្អាង ខេត្តកណ្ដាល។ លោកចាប់ផ្ដើមមានក្ដីស្រមៃក្លាយជាអ្នកផលិតឈីស និងយ៉ាអួមួយរូប នៅប្រទេសកម្ពុជា ក្រោយពីឃើញតម្រូវការឈីស ជាអាហារនៅសណ្ឋាគារលំដាប់ផ្កាយ ដែលលោកបម្រើការកាលពីឆ្នាំ ១៩៨៨។
លោកសង្កេតឃើញថា ផលិតផលនេះត្រូវបាននាំចូលច្រើនសន្ធឹក តែបែរជាពុំមានសហគ្រិនណាម្នាក់ធ្វើ ឬផលិតលក់ក្នុងស្រុក។ ដូច្នេះនៅពេលដែលមានការអនុញ្ញាត ឱ្យទៅរៀនធ្វើឈីសនៅប្រទេសអ៊ីតាលីរយៈពេល ៣ ឆ្នាំ លោកបានតាំងចិត្តថា៖ «ខ្ញុំត្រូវតែមកបង្កើតការងារ ដើម្បីស្រុកទេសយើងសម្រាប់អាហារប្រជាជនខ្ញុំ ដើម្បីឱ្យបរទេសមើលមកថា ស្រុកខ្មែរយើងក៏មាន fromage (ឈីស)ដែរ មិនបាច់នាំចូលមកពីបារាំង មិនបាច់នាំចូលពីប្រទេសជឿនលឿនទេ»។
ត្រឡប់មកមាតុភូមិវិញ ក្នុងឆ្នាំ ២០០៧ លោកបានស្វែងរកទឹកដោះគោ ដែលជាវត្ថុធាតុដើមមកផលិតឈីសនៅខេត្តសៀមរាប។ លោក វុទ្ធី បានរំឭកប្រាប់ថា៖
«ការធ្វើឈីសនៅស្រុកយើងនេះ គឺវាលំបាកណាស់។ ទី១ ស្រុកទេសយើងហ្នឹង អត់ទាន់មានទឹកដោះទេ»។
លោកក៏ត្រូវបានអតីតមន្ត្រីបុគ្គលិកក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ណែនាំពីប្រភពទឹកដោះគោដែលស្ថិតនៅឃុំអរិយក្សត្រ ប៉ុន្តែក្រោយពេលផលិតរួចរាល់ លោកពុំទទួលបានរសជាតិដើមឡើយ។ លោកបានបន្តទៀតថា៖
«រយៈពេល៤-៥ ខែ ការធ្វើទឹកដោះគោក្នុងស្រុកយើងអត់ជោគជ័យ ខ្ញុំក៏ទៅវៀតណាម ប៉ុន្តែការដឹកជញ្ជូនឆ្ងាយពិបាក។ អ៊ីចឹងខ្ញុំទៅខាងថៃ នៅខេត្តស្រះកែវ និងខេត្តប៊ុរីរ៉ាម»។
ដោយសារការដឹកជញ្ជូនពីប្រទេសជិតខាងនៅតែជាឧបសគ្គ លោកបានចាប់ផ្ដើមប្រើទឹកដោះគោពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារនៅក្នុងឆ្នាំ២០១៨ តែបរិមាណក៏មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ចង្វាក់ផលិតកម្ម ទើបក្នុងឆ្នាំ២០២០ លោកក៏បានទិញវត្ថុធាតុដើម ពីកសិដ្ឋានគិរីសួគ៌ នៅភ្នំតាម៉ៅខេត្តតាកែវ។ លោក វុទ្ធី និយាយថា៖
«ខែ៤ ឆ្នាំ ២០២០ មានគោរបស់កសិដ្ឋានគិរីសួគ៌ ខេត្តតាកែវភ្នំតាម៉ៅយើងហ្នឹង ចូលមកចំនួន ៥៥០ ក្បាល តាមដែលខ្ញុំចាំហ្នឹង។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែន នៅពេលនេះអ្វីៗគឺនៅក្នុងដៃយើងហើយ គឺយើងអាចងាយចាប់ផ្ដើមធ្វើវាហើយ»។
បច្ចុប្បន្ន នៅទីតាំងក្រុងតាខ្មៅ លោកមានផលិតផលអាហារបស្ចិមប្រទេសចំនួន ១១ ប្រភេទ ដែលត្រូវបានលក់ក្រោមស្លាកឈ្មោះ La Fattoria រួមមានភីហ្សាឈីស ឈីសស្រស់ប្រភេទ Mozzarella និឈីសគ្រាប់Buraata ជាដើម។
សម្រាប់យ៉ាអួរ មានរសជាតិ ៧ ជម្រើសគឺ រសជាតិដើម វ៉ានីឡាស្វាយ ដូង ស្ត្រប៊ើរី ក្រូចវល្លិ៍ និងក្រូច។ ដោយផ្តោតទៅលើសុខភាពអ្នកទទួលទាន យ៉ាអួរនេះត្រូវបានផលិតចេញពីទឹកដោះគោស្រស់និងផ្លែឈើស្រស់ ១០០ភាគរយ ហើយមិនមានសារធាតុរក្សាទុកនោះឡើយ។
លោកនិយាយថា៖
«យើងធ្វើផលិតផលពាក់កណ្ដាលសម្រេចនៅភ្នំពេញ ហើយសម្រេច១០០ភាគរយ យើងបញ្ជូនទៅខេត្តសៀមរាបខ្លះ យើងទុកនៅភ្នំពេញខ្លះ»។
ចាប់ផ្ដើមពីការប្រឹងប្រែងកែច្នៃទឹកដោះគោត្រឹម៥លីត្រ លោកបានឱ្យដឹងថា៖
«ឥឡូវនេះវាចូលទៅក្នុងកម្រិត ១ខែ ប្រហែលជាចូល៤តោន ៥តោន ទាំងយ៉ាអួរ ទាំងឈីសតែខ្ញុំនៅតែគិតថាខ្លួនឯងអត់ទាន់អស់សមត្ថភាពនៅឡើយទេ ខ្ញុំចង់ធ្វើអ្វីបន្តទៀត»។
ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមរបស់លោកគឺតម្លៃវត្ថុធាតុដើម ការប្រកួតប្រជែងលើទីផ្សារទំនិញនាំចូល និងការវេចខ្ចប់។ លោកថា៖
«យើងទម្លាក់តម្លៃមិនបានដោយមូលហេតុត្រង់ថា វត្ថុធាតុដើមយើងនៅមានកម្រិតនៅតម្លៃខ្ពស់។ មួយទៀតអតិថិជនអត់ទាន់បានដឹងពីអ្វីដែលយើងធ្វើបាននៅមានចំនួនតិច»។
លោក វុទ្ធី ចង់ឱ្យការផលិតយ៉ាអួរ និងឈីសកាន់តែទូលំទូលាយនៅប្រទេសកម្ពុជា ហើយលោកក៏បាននឹងកំពុងបន្តចែករំលែកជំនាញធ្វើយ៉ាអួរ និងឈីសនេះ ទៅតាមអង្គការ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនានាផងដែរ។
លោកនិយាយថា៖
«អត់ចង់បានអ្វីក្រៅពីចង់ឃើញផលិតផលស្នាដៃកូនខ្មែរ ដែលបង្កើតfromage លើទឹកដីខ្មែរនេះសូមឱ្យវាស្ថិតស្ថេរជានិរន្តរ៍។ អ្វីដែលខ្ញុំចង់បាន ចង់ឱ្យវារីកស្គុសស្គាយនៅលើទីផ្សារហ្នឹងឯង»៕
ភ្នំពេញៈ បញ្ឈរម៉ូតូលើចិញ្ចើមផ្លូវក្បែររបងសាលា យុវតី២នាក់ កំពុងព្យួរវត្ថុអនុស្សាវរីយ៍ឃ្យូតៗធ្វើឡើងពីអំបោះចាក់ដោយដៃ រណេងរណោងជុំវិញម៉ូតូ អាជីវកម្មថ្មីថ្មោងបែបចល័តនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងអន្ទងចិត្តសិស្សានុសិស្ស និងអ្នកដំណើរតាមផ្លូវឱ្យចូលមកទស្សនា និងជាវយ៉ាងច្រើន។
កញ្ញា ថេង ដាលីន មានឈ្មោះហៅក្រៅថា Nom Pang បានប្រាប់សារព័ត៌មានSR Digital ឱ្យដឹងថា ផលិតផលដែលចាក់ចេញពីអំបោះនេះ ជាភាសាអង់គ្លេសឈ្មោះថា Crochet ដែលមានដូចជា កាបូប អាវ តុក្កតា ផ្កា បន្តោងសោរ និងផលិតផលជាច្រើនទៀត។
ដំណើរការអាជីវកម្មនាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ យុវតីវ័យ២៥ ឆ្នាំរូបនេះ និយាយទាំងទឹក មុខញញឹមដូច្នេះថា៖ «ពេលលក់ថ្ងៃដំបូង ទទួលបានការចាប់អារម្មណ៍ជាខ្លាំងមានអ្នកមកថតរូបទៅបង្ហោះច្រើន ហើយអីដែលឱ្យខ្ញុំរំភើបចិត្តនឹកស្មានមិនដល់នោះ គឺនៅថ្ងៃទីពីរដោយសាររូបថតដែលបង្ហោះថ្ងៃមុនលើ Facebook និងTikTok វាផ្ទុះខ្លាំងម៉ង»។
អង្គុយចាក់បណ្តើរ និយាយបណ្តើរ ម្ចាស់អាជីវកម្មបែបចល័តរូបនេះ បានរំឭកពីការរៀនចាក់អំបោះ ដោយដៃថា៖ «ថ្ងៃមួយខ្ញុំទៅលេងផ្ទះបងស្រី ពេលហ្នឹងគាត់យកអំបោះ និងម្ជុលឱ្យខ្ញុំ ហើយខ្ញុំក៏បើក យូធូប (youtube) មើល និងរៀនចាក់លេង។ ខ្ញុំចាក់ដំបូងគឺផ្កា បន្ទាប់ពីរៀនបានប្រហែលមួយអាទិត្យ ខ្ញុំទទួលកុម៉្មង់ចាក់អាវឱ្យគេបានមួយបែបនេះ ហើយបាននាំឱ្យខ្ញុំមានចិត្តចង់បើកលក់វត្ថុនេះ»។
បើទោះបីជាអាជីវកម្មថ្មីថ្មោងក៏ដោយ ប៉ុន្តែយុវតីម្ចាស់អាជីវកម្មទាំង២នាក់ ទទួលបានការគាំទ្រខ្លាំង ដោយមានទាំងការមកជាវដល់ទីតាំង និងការកុម្ម៉ង់តាមអនឡាញយ៉ាងច្រើន រហូតពេលខ្លះពួកគេ ធ្វើជូនភ្ញៀវសឹងមិនទាន់ និងពុំមានផលិតផលលក់ថែមទៀតផង។
មានទីតាំងនៅខាងមុខរបងសាលាសន្ធរម៉ុក ម៉ូតូចល័តតាំងលក់វត្ថុអនុស្សាវរីយ៍ចាក់ដោយដៃនេះ បើកលក់ចាប់ម៉ោង ២:០០ រសៀល រហូតទៅដល់ម៉ោង ៦:០០ល្ងាច។ ដាលីនរៀបរាប់ថា វត្ថុនីមួយៗត្រូវចំណាយរយៈពេលចាក់ចន្លោះពី ៣០នាទី ទៅ១ម៉ោង ទើបរួចរាល់ ចំណែកតម្លៃមានទៅតាមផលិតផលដូចជា ផ្កាតម្លៃ ៣ដុល្លារ បាច់ផ្កាតម្លៃ ៦ ដុល្លារ បណ្តោងសោ តម្លៃ២ដុល្លារ និងកាបូបតម្លៃ ៦ ដុល្លារ។
ទាក់ទងនឹងការប្រើប្រាស់ម៉ូតូសម្រាប់តាំងលក់វត្ថុអនុស្សាវរីយ៍នេះ កញ្ញា ដាលីន បានពន្យល់ពីមូល ហេតុថា ដោយមើលឃើញពីអាជីវកម្មលក់កាហ្វេអាចចល័តលក់តាមម៉ូតូបាន ដូចនេះកញ្ញាក៏មាន គំនិតលក់ផលិតផលរបស់ខ្លួននៅលើម៉ូតូដូចគ្នា ម៉្យាងវាមានលក្ខណៈងាយស្រួល ក្នុងការទុកដាក់មិនត្រូវការដាក់តុតាំងលក់ និងមិនត្រូវការទីតាំងធំ។
មុនទទួលបានភាពជោគជ័យដូចពេលនេះ ដាលីនបានបញ្ជាក់ថា៖ «មានពាក្យមិនសមរម្យជាច្រើន មកលើខ្ញុំដែរ ដូចជាពាក្យថាមិនចេះខ្មាសគេទេ ឬម៉េចបានមកលក់អីវ៉ាន់នៅតាមដងផ្លូវអ៊ីចឹង។ ប៉ុន្តែពាក្យទាំងនេះមិនបានសម្លាប់ក្តីស្រមៃរបស់ខ្ញុំឡើយ ព្រោះមានម៉ាក់ប៉ា និងបងប្អូនបានជំរុញ លើកទឹកចិត្តរហូតមក»។
ទន្ទឹមនឹងនេះ សម្រាប់អ្នកចង់បើកអាជីវកម្មថ្មីៗដាលីន លើកទឹកចិត្តថា៖ «សូមបងប្អូនទាំងអស់ ដែលមានក្ដីស្រមៃចង់បើកអាជីវកម្មឬចង់ធ្វើអ្វីមួយ សូមបងប្អូនទាំងអស់គ្នាធ្វើតាមក្ដីស្រមៃរបស់ខ្លួនចុះ កុំបោះបង់ឱ្យសោះ»។
ទៅថ្ងៃខាងមុខ ម្ចាស់អាជីវកម្មវ័យក្មេងទាំង២នាក់ ក៏មានបំណងពង្រីកអាជីវកម្មផងដែរ ដោយនឹង បើកហាងដើម្បីលក់ផលិតផលផង និងទទួលបង្រៀនសិស្សផង ត្បិតអំបោះចាក់ដោយដៃនេះ អាចផលិតបានជាសម្ភារៈជាច្រើន និងមានទីផ្សារលក់ផងដែរ៕
សៀមរាបៈ អ្នកស្រី អ៊ុន សុផារី គឺជាសហគ្រិនស្ត្រីមួយរូប ដែលបានខិតខំសិក្សាស្រាវជ្រាវដោយខ្លួនឯងរហូតអាចបំប្លែងរុក្ខជាតិទៅជាផលិតផលជាច្រើនប្រភេទ ដូចជា ប្រេងរឹត តែស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងស្រាជីនរុក្ខជាតិជាដើម។
អ្នកស្រីបានឱ្យដឹងថា តែស្លឹកគ្រៃផលិតឡើងពីស្លឹកគ្រៃ ខ្ញី រមៀត ផ្កា ដែលមាន៣ រសជាតិ ដោយប្រភេទទីមួយ សម្រាប់ជួយប្រព័ន្ធរំលាយអាហារ និងប្រភេទទី២ សម្រាប់ជួយដល់សរសៃប្រសាទ (ជំនួយដំណេក) និងទី៣ លាយផ្កាឡាវេនឌ័រពីបារាំង សម្រាប់ជួយដល់សរសៃឈាម។
ក្រៅពីតែស្លឹកគ្រៃ ក៏មានផលិតផលប្រេងលាបរឹតប្រេងម៉ាស្សា និងថ្នាំបាញ់មូស ហើយអ្នកស្រីក៏កំពុងតែផលិតប្រេងកូឡាស្លឹកគ្រៃ សម្រាប់លាបកុំឱ្យមូសខាំ និងសត្វទិចផងដែរ។
ជាមួយគ្នានេះ ផលិតផលថ្មីគឺស្រាជីន ក៏កំពុងដាក់លក់នៅលើទីផ្សារដែរ ដែល១ដបមានចំណុះកន្លះលីត្រ ផលិតឡើងពីម្រះព្រៅ រមៀត ខ្ញី ខ្ញីព្រៃ ក្រវាញ ម្រេចជាដើម និងគ្រឿងផ្សំតិចតួច ដែលការផលិតស្រដៀងទៅនឹងការបិតស្រាអង្ករ ដោយត្រូវត្រាំគ្រឿងផ្សំចំនួន២ សប្ដាហ៍ និងបិតទៅតាមមុខនីមួយៗ ទើបលាយចូលគ្នា និងបិតម្ដងទៀត។
មានដីចម្ការក្បែរជើងភ្នំគូលែន អ្នកស្រី សុផារីបញ្ជាក់ថា ដំណាំនៅក្នុងចម្ការរបស់អ្នកស្រី សុទ្ធសឹងជាដំណាំមិនប្រើសារធាតុជាតិគីមី ដូចជា ដើមស្លឹកគ្រៃ រមៀត ខ្ញីក្រូច និងម្រះព្រៅជាដើម។ មិនតែប៉ុណ្ណោះទាក់ទងនឹងដំណើរការផលិត រាប់ចាប់តាំងពីការដាំដុះ ប្រមូលផល ហាន់ រហូតដល់បិតជាផលិតផល គឺសិប្បកម្មអ្នកស្រី ធ្វើដោយដៃទាំងអស់ និងមានអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវ។
លើសពីនេះ សហគ្រិនស្ដ្រីរូបនេះ មិនត្រឹមតែជាអ្នកបង្កើតរបរអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី ក៏ជាអ្នករកទីផ្សារ និងលក់ផលិតផលដោយខ្លួនឯងផងដែរ។
ប្រេងស្លឹកគ្រៃសម្រាប់លាបរឹតមានតម្លៃ ១ លីត្រជាង ១០០ ដុល្លារ គឺមានការពេញនិយមណាស់ ជាពិសេសអតិថិជនវ័យចំណាស់ សម្រាប់បំបាត់អាការឈឺដៃឈឺជើង។ ចំពោះស្រាជីន អ្នកស្រីបោះដុំនៅក្រុងសៀមរាប និងរាជធានីភ្នំពេញដូចជា ម៉ាត ហាងស្រា និងផ្សារទំនើបអ៊ីអន។ ដូចគ្នាដែរ ផលិតផលតែវិញ ក៏ត្រូវបានអ្នកស្រីបោះដុំទៅតាមហាង ដែលពួកគេនឹងលក់រាយបន្ដសម្រាប់អ្នកនិយមផលិតផលក្នុងស្រុក។
អ្នកស្រីឱ្យដឹងថា ស្រាជីន ១ ដបកន្លះលីត្រ មានតម្លៃលក់រាយ ២២,៥០ ដុល្លារ ចំណែកតែ ៣ប្រភេទមានតម្លៃ ២ ម៉ឺនរៀល ដោយ ១កញ្ចប់មានទម្ងន់ ៥០ ក្រាម។ ទន្ទឹមនឹងនេះ អ្នកស្រី ក៏មានគម្រោងស្វាគមន៍ភ្ញៀវមកទស្សនាកសិដ្ឋានរបស់អ្នកស្រី ក៏ដូចជាសម្រាប់ដំណើរទេសចរណ៍ភ្លក្សភេសជ្ជៈ និងការស្នាក់នៅកសិដ្ឋាន រួមជាមួយនឹងសកម្មភាពដើរលេងនៅភ្នំគូលែនផងដែរ៕